លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«មើលចុះ! មនុស្សនេះហើយ!»

«មើលចុះ! មនុស្សនេះហើយ!»

ជំពូក​ទី​១២៣

«មើល​ចុះ! មនុស្ស​នេះ​ហើយ!»

លោក​ពីឡាត់​បាន​ស្ងើច​នឹង​ចរិយា​របស់​ព្រះ​យេស៊ូ ហើយ​លោក​ដឹង​ថា​ទ្រង់​គ្មាន​ទោស​ទេ លោក​ក៏​រក​វិធី​ផ្សេង​ទៀត​ដើម្បី​ដោះ​លែង​ទ្រង់​ដែរ។ លោក​ប្រាប់​ពួក​បណ្ដា​ជន​ថា៖ «អ្នក​រាល់​គ្នា​មាន​ទំលាប់​ធ្លាប់​ឲ្យ​ខ្ញុំ​លែង​ម្នាក់ ដល់​អ្នក​រាល់​គ្នា​នៅ​វេលា​បុណ្យ​រំលង»។

បារ៉ាបាស​ដែល​ជា​ឃាតករ​ដ៏​ល្បី​ម្នាក់ ក៏​បាន​ជាប់​គុក​ដែរ ដូច្នេះ​លោក​ពីឡាត់​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​លែង​ឈ្មោះ​ណា បារ៉ាបាស ឬ​យេស៊ូវ ដែល​ហៅ​ថា ព្រះ​គ្រីស្ទ?»។

ដោយ​ពួក​សង្គ្រាជ​បាន​ញុះញង់​ហើយ​បាន​បញ្ចេះ​បណ្ដា​ជន នោះ​នាំ​ឲ្យ​បណ្ដា​ជន​សូម​ដោះ​លែង​បារ៉ាបាស​វិញ តែ​ត្រូវ​ធ្វើ​គុត​ព្រះ​យេស៊ូ។ លោក​ពីឡាត់​មិន​អស់​ចិត្ត ក៏​សួរ​ម្ដង​ទៀត​ថា៖ «ក្នុង​មនុស្ស​២​នាក់​នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​អ្នក​ណា?»។

ពួក​គេ​ស្រែក​ឡើង​ថា៖ «សូម​លែង​បារ៉ាបាស​ចុះ!»។

លោក​ពីឡាត់​ស្រឡាំងកាំង​ជា​ខ្លាំង​ក៏​សួរ​ពួក​គេ​ថា៖ «ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​យេស៊ូវ ដែល​ហៅ​ជា​ព្រះ​គ្រីស្ទ​នេះ?»។

ពួក​គេ​ស្រែក​ឡើង​ទាំង​អស់​គ្នា​ថា៖ «ចូរ[ព្យួរ]វា​ទៅ!» «ចូរ[ព្យួរ]វា​ទៅ!» «ឲ្យ[ព្យួរ]វា​ទៅ!»។

លោក​ពីឡាត់​ដឹង​ថា បណ្ដា​ជន​ទាម​ទារ​ឲ្យ​សម្លាប់​បុរស​គ្មាន​ទោស​នេះ នោះ​លោក​អង្វរ​ថា៖ «តើ​មនុស្ស​នេះ​បាន​ធ្វើ​អាក្រក់​អ្វី? ខ្ញុំ​មិន​ឃើញ​ជា​មាន​ហេតុ​អ្វី​គួរ​ឲ្យ​ស្លាប់​ទេ ដូច្នេះ ខ្ញុំ​នឹង​វាយ​ប្រដៅ រួច​លែង​វា​ទៅ»។

ទោះ​ជា​លោក​ពីឡាត់​ខំ​ប្រឹង​រក​ហេតុ​ផល​យ៉ាង​ណា​ក៏​ដោយ ក៏​បណ្ដា​ជន​ដែល​ត្រូវ​ពួក​មេ​ដឹក​នាំ​សាសនា​បញ្ចេះ​នោះ នៅ​តែ​នាំ​គ្នា​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ៗ​ថា៖ «ចូរ[ព្យួរ]វា​ទៅ!»។ ពួក​សង្ឃ​បញ្ចេះ​ឲ្យ​បណ្ដា​ជន​បង្ក​ភាព​វឹកវរ ថែម​ទាំង​បណ្ដា​ជន​ក៏​ចង់​ឃើញ​ការ​បង្ហូរ​ឈាម​ដែរ។ ហើយ​បើ​គិត​មើល​ទៅ គឺ​គ្រាន់​តែ​ប្រាំ​ថ្ងៃ​មុន​នេះ ដែល​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ គឺ​ប្រហែល​ជា​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​ទទួល​ស្វាគមន៍​ព្រះ​យេស៊ូ ពេល​ទ្រង់​យាង​ចូល​ក្រុង​យេរូសាឡិម​ជា​ស្តេច! ទន្ទឹម​នឹង​នេះ ចំពោះ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ បើ​ពួក​គេ​មាន​វត្តមាន​នៅ​ទី​នោះ​ដែរ គឺ​ពួក​គេ​បាន​ត្រឹម​តែ​នៅ​ស្ងៀម និង​ខំ​បន្លំ​ខ្លួន​កុំ​ឲ្យ​គេ​ស្គាល់​ប៉ុណ្ណោះ។

កាល​លោក​ពីឡាត់​ឃើញ​ថា ការ​អង្វរករ​របស់​លោក​អត់​មាន​ប្រយោជន៍​ទេ ហើយ​ថែម​ទាំង​កើត​មាន​ចលាចល​កាន់​តែ​ខ្លាំង​ឡើង​ផង​នោះ លោក​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​មុខ​ហ្វូង​មនុស្ស ទាំង​ពោល​ថា៖ «ខ្ញុំ​គ្មាន​ទោស​នឹង​ឈាម​នៃ​អ្នក​សុចរិត​នេះ​ទេ ការ​នេះ​ស្រេច​នៅ​អ្នក​រាល់​គ្នា​ចុះ!»។ ភ្លាម​នោះ ប្រជាជន​ក៏​ឆ្លើយ​ឡើង​ថា៖ «ចូរ​ឲ្យ​ឈាម​វា​ធ្លាក់​មក​លើ​យើង​រាល់​គ្នា នឹង​កូន​ចៅ​របស់​យើង​ចុះ!»។

ជា​ជាង​ធ្វើ​អ្វី​ដែល​លោក​ដឹង​ថា​ជា​ត្រឹម​ត្រូវ​នោះ លោក​ពីឡាត់​ក៏​បំពេញ​ចិត្ត​បណ្ដា​ជន ដោយ​ដោះ​លែង​បារ៉ាបាស​តាម​ការ​ទាម​ទារ​របស់​ពួក​គេ។ លោក​ឲ្យ​គេ​យក​ព្រះ​យេស៊ូ​ទៅ​ដោះ​សំលៀក​បំពាក់​ចេញ និង​ឲ្យ​គេ​វាយ​វាត់​នឹង​ខ្សែ​តី។ នេះ​មិន​មែន​ជា​ការ​វាយ​វាត់​នឹង​ខ្សែ​តី​ធម្មតា​ទេ។ ទស្សនាវដ្ដី​មួយ​ខាង​ផ្នែក​វេជ្ជសាស្ត្រ​បាន​រៀប​រាប់ នូវ​របៀប​ដែល​ពួក​រ៉ូម​វាយ​វាត់​នឹង​ខ្សែ​តី​ថា:

«តាម​ធម្មតា​គេ​ប្រើ​ខ្សែ​តី​ខ្លី ធ្វើ​ពី​ខ្សែ​ស្បែក​សត្វ​វេញ​ជា​មួយ​នឹង​គ្រាប់​ដែក​មូល​តូច​ៗ ឬ​កំទេច​ឆ្អឹង​ចៀម​មុត​ៗ​តំរៀប​ត​ៗ​គ្នា។ . . . កាល​ពួក​ទាហាន​រ៉ូម​វាយ​ខ្នង​ជន​រង​គ្រោះ​ពេញ​ទំហឹង​ម្ដង​ហើយ​ម្ដង​ទៀត នោះ​គ្រាប់​ដែក​មូល​តូច​ៗ​ក៏​ធ្វើ​ឲ្យ​ក្រំ​ក្នុង​សាច់ ហើយ​ខ្សែ​ស្បែក​សត្វ​និង​ឆ្អឹង​ចៀម​មុត​ចូល​ទៅ​ក្នុង​ស្បែក​និង​ជាលិកា​ក្រោម​ស្បែក។ រួច​មក ពេល​គេ​វាយ​ត​ទៅ​ទៀត សាច់​ក៏​រយះ​ដល់​សាច់​ដុំ​ជាប់​ឆ្អឹង ទៅ​ជា​ចម្រៀក​ៗ​ចេញ​ឈាម​ហូរ​រហាច»។ (The Journal of the American Medical Association)

ក្រោយ​ពី​គេ​វាយ​ទ្រង់​ដោយ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​រួច​ហើយ នោះ​ពួក​គេ​នាំ​ព្រះ​យេស៊ូ​ទៅ​ក្នុង​សាលា​ជំនុំ​របស់​អភិបាល ហើយ​ពួក​ទាហាន​ទាំង​អស់​ប្រមូល​គ្នី​គ្នា​មក​ចោម​រោម​ទ្រង់។ ពួក​ទាហាន​ជេរ​ប្រមាថ​មើល​ងាយ​ទ្រង់​ថែម​ទៀត ដោយ​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះ​សិរសា​ទ្រង់។ ពួក​គេ​យក​ដើម​ត្រែង​មក​ដាក់​ក្នុង​ព្រះ​ហស្ត​ស្ដាំ​ឲ្យ​ទ្រង់​កាន់ ហើយ​យក​អាវ​ពណ៌​ស្វាយ​មក​បំពាក់​ថ្វាយ​ទ្រង់។ អាវ​បែប​នេះ​ជា​ធម្មតា​មាន​តែ​ត្រកូល​ស្តេច​ទេ​ទើប​ពាក់​បាន។ រួច​ពួក​គេ​ពោល​ចំអក​ថា៖ «ថ្វាយ​បង្គំ​ស្តេច​សាសន៍​យូដា»។ ហើយ​ពួក​គេ​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះ​ភ័ក្ដ្រ​ទ្រង់​និង​ទះ​កំផ្លៀង​ទ្រង់។ ពួក​គេ​យក​ដើម​ត្រែង​ដ៏​រឹង​នោះ​ពី​ព្រះ​ហស្ត​របស់​ទ្រង់ មក​វាយ​ព្រះ​សិរសា​ទ្រង់​ដែល​ពាក់​ដោយ​ភួង​បន្លា​គួរ​ឲ្យ​អាម៉ាស់​ខ្មាស ហើយ​ការ​វាយ​នោះ​ធ្វើ​ឲ្យ​បន្លា​ពី​ភួង​មុត​ចូល​ទៅ​ក្នុង​ស្បែក​ក្បាល​ទៀត។

ព្រះ​យេស៊ូ​សម្ដែង​នូវ​ភាព​ថ្លៃ​ថ្នូរ​និង​រឹង​មាំ​ពេល​ប្រឈម​មុខ​នឹង​ការ​ធ្វើ​បាប​នេះ ដែល​ធ្វើ​ឲ្យ​លោក​ពីឡាត់​ស្ងើច​ជា​ខ្លាំង​ណាស់ ហើយ​នេះ​បាន​ជំរុញ​ឲ្យ​លោក​ខំ​សាក​ម្ដង​ទៀត​ដើម្បី​ដោះ​លែង​ព្រះ​យេស៊ូ។ លោក​ប្រាប់​បណ្ដា​ជន​ថា៖ «មើល! ខ្ញុំ​នាំ​អ្នក​នេះ​ចេញ​មក​ឯ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​មិន​ឃើញ​ជា​គាត់​មាន​ទោស​យ៉ាង​ណា​សោះ»។ លោក​ប្រហែល​ជា​គិត​ថា បើ​បណ្ដា​ជន​ឃើញ​ព្រះ​យេស៊ូ​ដែល​កំពុង​រង​នឹង​ទារុណកម្ម​ដ៏​សាហាវ​បែប​នោះ នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​អាណិត​អាសូរ​ជា​មិន​ខាន។ កាល​ដែល​ព្រះ​យេស៊ូ​ឈរ​នៅ​ពី​មុខ​ហ្វូង​មនុស្ស​ដ៏​គ្មាន​ចិត្ត​មេត្ដា​នេះ ទាំង​ពាក់​ភួង​បន្លា និង​អាវ​ពណ៌​ស្វាយ ដែល​មាន​ឈាម​ហូរ​ស្រាក់​ៗ​យ៉ាង​ឈឺ​ចាប់​ពី​ព្រះ​ភ័ក្ដ្រ​របស់​ទ្រង់ នោះ​លោក​ពីឡាត់​ប្រកាស​ថា៖ «មើល​ចុះ! មនុស្ស​នេះ​ហើយ!»។

ទោះ​ជា​ឈឺ​ចុក​ចាប់​ដោយ​ត្រូវ​គេ​វាយ​ក៏​ដោយ បុរស​ដែល​ឈរ​នេះ គឺ​ជា​បុគ្គល​ដ៏​អស្ចារ្យ​ជាង​គេ​ក្នុង​ប្រវត្ដិ​សាស្ត្រ ដែល​ពិត​ជា​បុរស​ម្នាក់​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ! ត្រូវ​ហើយ ព្រះ​យេស៊ូ​បង្ហាញ​នូវ​សេចក្ដី​ថ្លៃ​ថ្នូរ​និង​ចិត្ត​ស្ងប់ ដែល​បញ្ជាក់​នូវ​ភាព​ឧត្តម​ដែល​សូម្បី​តែ​លោក​ពីឡាត់​ក៏​ទទួល​ស្គាល់​ដែរ ដ្បិត​ពាក្យ​របស់​លោក តាម​មើល​ទៅ​បង្កប់​ទៅ​ដោយ​សេចក្ដី​គោរព​និង​ភាព​អាណិត​អាសូរ។ យ៉ូហាន ១៨:៣៩–១៩:៥; ម៉ាថាយ ២៧:១៥​-​១៧, ២០​-​៣០; ម៉ាកុស ១៥:៦​-​១៩; លូកា ២៣:១៨​-​២៥

តើ​លោក​ពីឡាត់​ចង់​ដោះ​លែង​ព្រះ​យេស៊ូ​តាម​របៀប​ណា?

តើ​លោក​ពីឡាត់​ខំ​រក​មធ្យោបាយ​ដើម្បី​បាន​រួច​ខ្លួន​ពី​ការ​ទទួល​ខុស​ត្រូវ​យ៉ាង​ដូច​ម្ដេច?

តើ​ការ​វាយ​វាត់​នឹង​ខ្សែ​តី គឺ​ខ្លាំង​ប៉ុន​ណា?

តើ​គេ​ប្រមាថ​មើល​ងាយ​ព្រះ​យេស៊ូ​យ៉ាង​ណា ក្រោយ​ពេល​គេ​វាយ​វាត់​ទ្រង់​នឹង​ខ្សែ​តី​ហើយ​នោះ?

តើ​លោក​ពីឡាត់​ខំ​សាក​ល្បង​ដោះ​លែង​ព្រះ​យេស៊ូ​យ៉ាង​ណា​ទៀត?