លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនមួយស្តីអំពីសេចក្ដីមេត្ដាករុណា

មេរៀនមួយស្តីអំពីសេចក្ដីមេត្ដាករុណា

ជំពូក​ទី​៤០

មេ​រៀន​មួយ​ស្តី​អំពី​សេចក្ដី​មេត្ដា​ករុណា

ក្រោយ​ទ្រង់​ប្រោស​កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ឲ្យ​រស់​ឡើង​វិញ​នៅ​ក្រុង​ណាអ៊ីន ព្រះ​យេស៊ូ​ប្រហែល​ជា​គង់​នៅ​ក្នុង​ក្រុង​នោះ​នៅ​ឡើយ ឬ​ក៏​ប្រហែល​ជា​ទ្រង់​យាង​ទៅ​លេង​ទី​ក្រុង​មួយ​នៅ​ជិត​នោះ។ នោះ​មាន​បុរស​ម្នាក់​ខាង​គណៈ​ផារីស៊ី​ឈ្មោះ​ស៊ីម៉ូន​មាន​ចិត្ត​ប្រាថ្នា​ចង់​ស្គាល់​បុគ្គល​ដែល​កំពុង​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ​នេះ​ឲ្យ​បាន​ច្បាស់។ ដូច្នេះ​គាត់​ក៏​អញ្ជើញ​ព្រះ​យេស៊ូ​ឲ្យ​ទៅ​សោយ​ព្រះ​ស្ងោយ​ជា​មួយ​នឹង​គាត់។

ដោយ​ចាត់​ទុក​គ្រា​នេះ​ជា​ឱកាស​ដើម្បី​បំរើ​អស់​អ្នក​ដែល​មាន​វត្តមាន នោះ​ព្រះ​យេស៊ូ​ក៏​យល់​ព្រម​នឹង​សេចក្ដី​អញ្ជើញ​នេះ ដូច​ជា​ទ្រង់​បាន​យល់​ព្រម​នឹង​ការ​អញ្ជើញ​ទៅ​សោយ​ជា​មួយ​អ្នក​យក​ពន្ធ​ម្នាក់ និង​ពួក​អ្នក​មាន​បាប​នោះ​ដែរ។ ក៏​ប៉ុន្តែ ពេល​ដែល​ទ្រង់​យាង​ចូល​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន ព្រះ​យេស៊ូ​មិន​បាន​ត្រូវ​គេ​ទទួល​យ៉ាង​រាក់​ទាក់​ដូច​ជា​ភ្ញៀវ​ធម្មតា​នោះ​ទេ។

ដោយ​សារ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែល​មាន​ធូលី​ច្រើន ជើង​ដែល​ពាក់​ស្បែក​ជើង​សង្រែក​អាច​ទៅ​ជា​ក្ដៅ​ហើយ​ក្រខ្វក់។ តាម​ទំនៀម​ទម្លាប់​នៃ​ការ​ទទួល​រាក់​ទាក់​ភ្ញៀវ ជា​ធម្មតា​គេ​យក​ទឹក​ត្រជាក់​មក​លាង​ជើង​ជូន​ភ្ញៀវ។ ប៉ុន្តែ​ពេល​ព្រះ​យេស៊ូ​ទៅ​ដល់​ផ្ទះ​នោះ គេ​មិន​បាន​លាង​ជើង​ថ្វាយ​ទ្រង់​ទេ។ ហើយ​គេ​ក៏​មិន​បាន​ថើប​ស្វាគមន៍​ទ្រង់​ដែរ ដែល​នេះ​ជា​ការ​ប្រព្រឹត្ត​ដ៏​ធម្មតា​នោះ។ ចំណែក​ឯ​ប្រេង​តាម​ទំនៀម​ទំលាប់​នៃ​ការ​ទទួល​រាក់​ទាក់ ក៏​មិន​បាន​លាប​ព្រះ​សិរ​ទ្រង់​ឡើយ។

ក្នុង​កំឡុង​សោយ​ព្រះ​ស្ងោយ​នេះ កាល​ដែល​ពួក​ភ្ញៀវ​អង្គុយ​រួម​តុ​នោះ ស្ត្រី​ម្នាក់​ដែល​មិន​បាន​អញ្ជើញ​ក៏​បាន​ចូល​មក​ដោយ​ស្ងាត់​ៗ។ គាត់​ត្រូវ​គេ​ស្គាល់​ជា​ទូទៅ​នៅ​ក្នុង​ទី​ក្រុង​ជា​អ្នក​ដែល​ប្រកប​របរ​រក​ស៊ី​ដោយ​អំពើ​ឥត​សីលធម៌។ ប្រហែល​ជា​គាត់​បាន​ឮ​អំពី​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ ដែល​រួម​បញ្ចូល​នឹង​សេចក្ដី​អញ្ជើញ​របស់​ទ្រង់​សំរាប់‹អស់​អ្នក​ដែល​មាន​បន្ទុក​ឲ្យ​មក​ឯ​ទ្រង់​ដើម្បី​ទទួល​ការ​សំរាក›នោះ​ហើយ​មើល​ទៅ។ នេះ​បាន​ជំរុញ​ទឹក​ចិត្ត​គាត់​យ៉ាង​ខ្លាំង​ដោយ​អ្វី​ដែល​គាត់​បាន​ឃើញ​និង​ឮ និង​ឥឡូវ​គាត់​រក​ឃើញ​ព្រះ​យេស៊ូ​ហើយ។

ស្ត្រី​នេះ​មក​ពី​ក្រោយ​ព្រះ​យេស៊ូ​នៅ​ឯ​តុ ហើយ​ក្រាប​ទៀប​ព្រះ​បាទ​ទ្រង់។ គាត់​សំរក់​ទឹក​ភ្នែក​លើ​ព្រះ​បាទ​ទ្រង់ រួច​មក​គាត់​ក៏​យក​សក់​របស់​គាត់​មក​ជូត។ ហើយ​កាល​ដែល​គាត់​ថើប​ព្រះ​បាទ​ទ្រង់​ដោយ​ថ្នម​ៗ គាត់​ក៏​បាន​យក​ប្រេង​ក្រអូប​ចាក់​ពី​លើ​ដែរ។ លោក​ស៊ីម៉ូន​មើល​ដោយ​ឥត​ពេញ​ចិត្ត​ឡើយ។ គាត់​គិត​ក្នុង​ចិត្ត​ថា៖ «បើ​អ្នក​នេះ​ជា​ហោរា​មែន នោះ​នឹង​ស្គាល់​ស្ត្រី​ដែល​ពាល់​ខ្លួន​ហើយ ហើយ​ដឹង​ថា​ជា​មនុស្ស​យ៉ាង​ណា ព្រោះ​នាង​ជា​មនុស្ស​មាន​បាប»។

ដោយ​ដឹង​នូវ​គំនិត​របស់​គាត់ នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ស៊ីម៉ូន​អើយ! ខ្ញុំ​ចង់​និយាយ​នឹង​អ្នក​បន្ដិច»។

គាត់​ក៏​ឆ្លើយ​ថា៖ «សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ!»។

ព្រះ​យេស៊ូ​ចាប់​ផ្ដើម​មាន​បន្ទូល​ថា៖ «មាន​២​នាក់​ជំពាក់​អ្នក​ចង​ការ​ម្នាក់ អ្នក​១​ជំពាក់[«ប្រាក់​ឌីណារី​ប្រាំ​រយ​កាក់», ព.ថ.] អ្នក​១​ទៀត[«ប្រាក់​ឌីណារី​ហាសិប​កាក់», ព.ថ.] ដោយ​ព្រោះ​គេ​គ្មាន​អ្វី​នឹង​សង បាន​ជា​គាត់​លែង​ទារ​ពី​អ្នក​ទាំង​២​ទៅ ដូច្នេះ​ក្នុង​២​នាក់​នោះ តើ​អ្នក​ណា​ស្រឡាញ់​គាត់​ជា​ជាង?»។

ស៊ីម៉ូន​ទូល​ឆ្លើយ​ប្រហែល​ជា​ដោយ​មាន​ចិត្ត​កន្តើយ​នឹង​សំនួរ ដែល​ហាក់​ដូច​ជា​ឥត​ជាប់​ទាក់​ទង​នឹង​រឿង​នេះ​ថា៖ «ខ្ញុំ​ស្មាន​ថា​ជា​អ្នក​មួយ​ដែល​ជំពាក់​ច្រើន​ជាង​នោះ​ឯង»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «អ្នក​ស្មាន​ត្រូវ​ហើយ!»។ រួច​មក​ក៏​និយាយ​អំពី​ស្ត្រី​នេះ ដោយ​ទ្រង់​មាន​បន្ទូល​ទៅ​ស៊ីម៉ូន​ថា៖ «អ្នក​ឃើញ​ស្ត្រី​នេះ​ឬ​ទេ ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​អ្នក អ្នក​មិន​បាន​ឲ្យ​ទឹក​សំរាប់​លាង​ជើង​ខ្ញុំ​ទេ តែ​នាង​បាន​សំរក់​ទឹក​ភ្នែក​ទទឹក​ជើង​ខ្ញុំ ហើយ​យក​សក់​ជូត​ផង អ្នក​មិន​បាន​ថើប​ខ្ញុំ​សោះ តែ​តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ​ដោយ​ស្រឡាញ់ អ្នក​មិន​បាន​យក​ប្រេង​លាប​ក្បាល​ខ្ញុំ​សោះ តែ​នាង​យក​ប្រេង​ក្រអូប​មក​លាប​ជើង​ខ្ញុំ​វិញ»។

ដូច្នេះ​ហើយ ស្ត្រី​នេះ​បាន​ផ្ដល់​នូវ​ទី​សំអាង​នៃ​ការ​ប្រែ​ចិត្ត​ដ៏​ស្មោះ​ពី​ការ​ធ្វើ​អំពើ​អសីលធម៌​ដែល​មាន​ក្នុង​ជីវិត​របស់​នាង​ពី​មុន។ ដូច្នេះ​ព្រះ​យេស៊ូ​បញ្ចប់ ដោយ​មាន​បន្ទូល​ថា៖ «ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​ថា បាប​នាង​ដែល​មាន​ច្រើន​ទាំង​ម្ល៉េះ បាន​អត់​ទោស​ឲ្យ​នាង​ហើយ ដ្បិត​នាង​មាន​សេចក្ដី​ស្រឡាញ់​ជា​ច្រើន ប៉ុន្តែ អ្នក​ណា​ដែល​គេ​អត់​ទោស​ឲ្យ​តិច​នោះ​ក៏​ស្រឡាញ់​តិច»។

ព្រះ​យេស៊ូ​មិន​មែន​ដោះ​សា​ឬ​បណ្ដោយ​ឲ្យ​មាន​អំពើ​ឥត​សីលធម៌​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រឹត្ដិការណ៍​នេះ​បង្ហាញ​នូវ​ការ​អធ្យាស្រ័យ​ដ៏​មេត្ដា​របស់​ទ្រង់​ចំពោះ​មនុស្ស​ដែល​ប្រព្រឹត្ត​ខុស​ក្នុង​ជីវិត ហើយ​នេះ​ក៏​សម្ដែង​ថា​គេ​សោក​ស្ដាយ​ចំពោះ​ការ​ប្រព្រឹត្ត​កន្លង​មក​ដែល​គេ​មាន ហើយ​វិល​មក​ឯ​ព្រះ​គ្រីស្ទ​សំរាប់​ការ​សម្រាល​ទុក្ខ។ ដោយ​ផ្ដល់​នូវ​កម្លាំង​ចិត្ត​ដល់​ស្ត្រី​នេះ នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «បាប​នាង​បាន​អត់​ទោស​ឲ្យ​នាង​ហើយ។ . . . សេចក្ដី​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ អញ្ជើញ​នាង​ទៅ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ!»។ លូកា ៧:៣៦​-​៥០; ម៉ាថាយ ១១:២៨​-​៣០

តើ​តាម​របៀប​ណា​ដែល​ស៊ីម៉ូន​បាន​ទទួល​ព្រះ​យេស៊ូ?

តើ​អ្នក​ណា​ដែល​បាន​ស្វះ​ស្វែង​រក​ព្រះ​យេស៊ូ? ហើយ​តើ​គាត់​រក​ទ្រង់​ដោយ​ព្រោះ​តែ​ហេតុ​អ្វី?

តើ​រឿង​ប្រៀប​ប្រដូច​អ្វី​ដែល​ព្រះ​យេស៊ូ​ផ្ដល់​ឲ្យ? ហើយ​តើ​តាម​របៀប​ណា​ដែល​ទ្រង់​ប្រើ​រឿង​នេះ​ដើម្បី​ខំ​ឲ្យ​គេ​អនុវត្ត​តាម​នោះ?