មេរៀនមួយអំពីការអត់ឱនទោស
ជំពូកទី៦៤
មេរៀនមួយអំពីការអត់ឱនទោស
តាមមើលទៅ ព្រះយេស៊ូកំពុងតែនៅក្នុងផ្ទះជាមួយពួកសិស្សរបស់ទ្រង់ឯក្រុងកាពើណិមនៅឡើយ។ ព្រះយេស៊ូបានពិគ្រោះជាមួយពួកគាត់នូវរបៀបដោះស្រាយបញ្ហាផ្សេងៗដែលមានរវាងបងប្អូន ដូច្នេះពេត្រុសក៏ទូលសួរទ្រង់ថា៖ «ព្រះអម្ចាស់អើយ! បើបងឬប្អូនធ្វើបាបនឹងខ្ញុំ នោះត្រូវឲ្យខ្ញុំអត់ទោសឲ្យគេដល់ប៉ុន្មានដង?»។ ដោយព្រោះពួកគ្រូសាសនាយូដាធ្លាប់ឲ្យយោបល់ថាគឺឲ្យអត់ឱនទោសគ្នាបីដង នោះប្រហែលជាពេត្រុសគិតថា គឺពិតជាច្រើនណាស់ក្នុងការអត់ឱនទោស«ដល់៧ដង»នោះ។
ក៏ប៉ុន្តែ ការរាប់ចំនួនដែលបានអត់ឱនទោសបែបនេះគឺខុសហើយ។ ព្រះយេស៊ូមានបន្ទូលដោយឲ្យឱវាទពេត្រុសថា៖ «ខ្ញុំមិនថា ឲ្យអ្នកអត់ទោសត្រឹមតែ៧ដងទេ គឺដល់៧ចិតសិបដងទៅទៀត»។ ទ្រង់កំពុងតែបង្ហាញថា ពេត្រុសមិនត្រូវកំណត់ចំនួនការអត់ឱនទោសឲ្យបងប្អូនរបស់គាត់ឡើយ។
ព្រះយេស៊ូមានបន្ទូលប្រាប់ពួកសិស្សនូវរឿងប្រៀបប្រដូចមួយ ដើម្បីឲ្យពួកគាត់ចាំជាប់នូវកាតព្វកិច្ចចំពោះការអត់ឱនទោស។ នេះគឺជារឿងស្តីអំពីស្តេចមួយអង្គដែលចង់ទូទាត់បញ្ជីបំណុលជាមួយពួកអ្នកបំរើ។ គេនាំកូនបំណុលម្នាក់ដែលបានជំពាក់ប្រាក់ច្រើនសម្បើមណាស់ ពោលគឺប្រាក់ឌីណារី៦០.០០០.០០០កាក់។ បុរសនេះគ្មានសមត្ថភាពសងបំណុលនោះឡើយ។ ដូច្នេះព្រះយេស៊ូពន្យល់ថា ស្តេចនោះបានបង្គាប់ឲ្យលក់ខ្លួនគាត់ ព្រមទាំងប្រពន្ធកូនរបស់គាត់ ដើម្បីយកប្រាក់មកសងបំណុល។
ខណៈនោះអ្នកបំរើនោះបានទំលាក់ខ្លួនក្រាបទៀបព្រះបាទាស្តេចទូលអង្វរថា៖ «បពិត្រព្រះករុណា សូមទ្រង់មេត្ដាបង្អង់ឲ្យទូលបង្គំសិន ទូលបង្គំនឹងសងថ្វាយទ្រង់គ្រប់ចំនួន»។
ស្តេចជាចៅហ្វាយនេះមានព្រះហឫទ័យអាណិតអាសូរអ្នកបំរើនោះពន់ពេក ក៏លុបបំណុលដ៏សម្បើមនេះចោលទៅ។ ព្រះយេស៊ូពន្យល់ជាបន្តថា មិនយូរប៉ុន្មានក្រោយពីអ្នកបំរើនេះចេញទៅ ក៏បានជួបនឹងគូកនម្នាក់ដែលជំពាក់ខ្លួននូវប្រាក់ឌីណារី១០០កាក់ប៉ុណ្ណោះ។ បុរសនេះចាប់ច្របាច់កអ្នកនោះ ទាំងពោលថា៖ «ចូរសងប្រាក់ដែលជំពាក់អញនោះមក»។
ក៏ប៉ុន្តែ បាវជាគូកនម្នាក់នោះឥតមានប្រាក់ទេ។ អ្នកនោះក៏លុតជង្គង់អង្វរថា៖ «សូមមេត្ដាបង្អង់ឲ្យខ្ញុំសិន ខ្ញុំនឹងសងជូនអ្នក»។ អ្នកបំរើនេះឥតមានចិត្តមេត្ដាដូចស្តេចជាចៅហ្វាយគាត់នោះទេ ហើយក៏ចាប់អ្នកជំពាក់ប្រាក់ទៅដាក់គុកវិញ។
ព្រះយេស៊ូមានបន្ទូលជាបន្តថា អ្នកបំរើឯទៀតឃើញដូច្នោះ ហើយក៏ទៅប្រាប់ស្តេចជាចៅហ្វាយនោះ។ ស្តេចក៏ឲ្យគេហៅបាវនោះមក រួចមានបន្ទូលសួរថា៖ «នែ! អាបំរើអាក្រក់ អញបានលែងទារបំណុលឯងទាំងអស់ហើយតើ ពីព្រោះឯងបានអង្វរដល់អញ ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្ដាដល់គូកនឯង ដូចជាអញបានអាណិតមេត្ដាដល់ឯងដែរទេឬ?»។ ស្តេចជាចៅហ្វាយនេះមានសេចក្ដីក្រោធជាខ្លាំង ក៏បញ្ជូនអ្នកបំរើដ៏គ្មានចិត្តមេត្ដានេះទៅឯអ្នកយាមគុក ទាល់តែបានសងបំណុលនោះគ្រប់ចំនួន។
រួចមក ព្រះយេស៊ូបញ្ចប់រឿងនេះថា៖ «យ៉ាងនោះ បើអ្នករាល់គ្នាមិនអត់ទោសការរំលងរបស់បងប្អូនដោយស្ម័គ្រពីចិត្តទេ នោះព្រះវរបិតានៃខ្ញុំ ដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏នឹងប្រព្រឹត្តនឹងអ្នករាល់គ្នាដូច្នោះដែរ»។
នេះជាមេរៀនដ៏ល្អណាស់អំពីការអត់ឱនទោស! បើប្រៀបនឹងអំពើបាបដ៏ធ្ងន់ធ្ងររបស់យើងដែលព្រះបានអត់ឱនទោសឲ្យ នោះការប្រព្រឹត្តមិនល្អណាដែលបងប្អូនគ្រីស្ទានម្នាក់ ធ្វើមកលើយើងគឺពិតជារឿងតូចតាចណាស់។ ម្យ៉ាងវិញទៀត ព្រះយេហូវ៉ាបានអត់ឱនទោសឲ្យយើងរាប់ពាន់ដង ហើយជារឿយៗ យើងមិនទាំងចាប់ភ្លឹកនឹងអំពើបាបរបស់យើងចំពោះទ្រង់ទៀតផង។ ដូច្នេះ តើយើងមិនអាចអត់ឱនទោសឲ្យបងប្អូនយើងបីបួនដងទេឬ ទោះបីយើងមានមូលហេតុត្រឹមត្រូវដើម្បីប្ដឹងគេក៏ដោយ? ចូរចងចាំថា ដូចជាព្រះយេស៊ូបានបង្រៀននៅឯធម្មទាននៅលើភ្នំ នោះព្រះនឹង«អត់ទោសសេចក្ដីកំហុសរបស់យើងខ្ញុំ ដូចជាយើងខ្ញុំបានអត់ទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ»។ ម៉ាថាយ ១៨:២១-៣៥; ៦:១២; កូល៉ុស ៣:១៣
▪ តើអ្វីដែលជំរុញឲ្យពេត្រុសសួរសំនួរអំពីការអត់ឱនទោសឲ្យបងប្អូនរបស់គាត់? ហើយហេតុអ្វីបានជាគាត់ថា ការអត់ឱនទោសដល់ប្រាំពីរដងឲ្យអ្នកណាម្នាក់គឺច្រើនណាស់ទៅហើយនោះ?
▪ តើការប្រព្រឹត្តដោយសេចក្ដីមេត្ដារបស់ស្តេចចំពោះពាក្យទូលអង្វរនៃអ្នកបំរើម្នាក់ ខុសគ្នាពីការប្រព្រឹត្តរបស់អ្នកបំរើនោះចំពោះការអង្វរកររបស់គូកនគាត់តាមរបៀបណា?
▪ តើរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ ជាមេរៀនសំរាប់យើងរៀនពីអ្វី?