មេរៀនអំពីការលែងលះគ្នា និងអំពីសេចក្ដីស្រឡាញ់ចំពោះកូនក្មេង
ជំពូកទី៩៥
មេរៀនអំពីការលែងលះគ្នា និងអំពីសេចក្ដីស្រឡាញ់ចំពោះកូនក្មេង
ព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់កំពុងតែធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡិម ដើម្បីធ្វើបុណ្យរំលងនៅឆ្នាំ៣៣ ស.យ.។ ព្រះយេស៊ូនិងពួកសិស្សក៏ឆ្លងទន្លេយ័រដាន់ ហើយធ្វើដំណើរកាត់ស្រុកប៉េរ៉េ។ បីបួនសប្ដាហ៍មុននេះ ព្រះយេស៊ូបានគង់នៅស្រុកប៉េរ៉េនេះ តែក្រោយមក មានអ្នកនាំសារម្នាក់បានមកប្រាប់ទ្រង់ឲ្យទៅស្រុកយូដា ពីព្រោះមិត្តរបស់ទ្រង់ឡាសារឈឺ។ កាលនៅស្រុកប៉េរ៉េនោះ ព្រះយេស៊ូបានមានបន្ទូលនឹងពួកផារីស៊ីអំពីការលែងលះគ្នា ហើយឥឡូវនេះពួកគេលើករឿងនេះមកនិយាយម្ដងទៀត។
ពួកផារីស៊ីមានមតិផ្សេងៗគ្នាស្តីអំពីការលែងលះ។ លោកម៉ូសេបានមានប្រសាសន៍ថា អាចលែងលះស្ត្រីម្នាក់បាន បើ«ឃើញសេចក្ដីណា ដែលមិនគប្បីនៅនឹងនាង»។ អ្នកខ្លះជឿថានេះគ្រាន់តែសំដៅទៅការប្រព្រឹត្តអំពើអសីលធម៌ប៉ុណ្ណោះ។ តែអ្នកឯទៀតគិតថា«សេចក្ដីណា ដែលមិនគប្បីនៅនឹងនាង»រួមបញ្ចូលកំហុសតូចតាចផងដែរ។ ដូច្នេះ ពួកផារីស៊ីល្បងលព្រះយេស៊ូដោយទូលថា៖ «តើមនុស្សមានច្បាប់នឹងលែងប្រពន្ធ ដោយហេតុណាក៏ដោយបានឬទេ?»។ ពួកផារីស៊ីជឿជាក់ថា អ្វីដែលព្រះយេស៊ូមានបន្ទូល នឹងធ្វើឲ្យទ្រង់មានវិវាទនឹងពួកគេជាមិនខាន ព្រោះពួកគេមានទស្សនៈខុសពីទ្រង់។
ព្រះយេស៊ូឆ្លើយសំនួរនេះយ៉ាងប៉ិនប្រសប់ ដោយឥតតាមមតិរបស់មនុស្សណាទេ តែទ្រង់លើកឡើងនូវទស្សនៈរបស់បុគ្គលដែលផ្ដើមអាពាហ៍ពិពាហ៍ដំបូងវិញ។ ទ្រង់មានបន្ទូលសួរថា៖ «តើអ្នករាល់គ្នាមិនបានមើលរឿងពីព្រះ ដែលទ្រង់បង្កើតមនុស្សកាលពីដើម ថាទ្រង់បានធ្វើឲ្យមានទាំងប្រុសទាំងស្រីទេឬ? . . . រួចក៏មានបន្ទូលថា ‹ដោយហេតុនោះបានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយ ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ យ៉ាងនោះ គេមិនមែនជា២ទៀត គឺជាសាច់តែ១ទេ ដូច្នេះ កុំឲ្យអ្នកណាពង្រាត់មនុស្ស ដែលព្រះទ្រង់បានផ្សំផ្គុំគ្នាឡើយ»។
ព្រះយេស៊ូបង្ហាញថា គោលបំណងដើមរបស់ព្រះ គឺឲ្យគូអាពាហ៍ពិពាហ៍រួមរស់ជាមួយគ្នារហូត ពោលគឺមិនគួរលែងលះគ្នាទេ។ ប្រសិនបើដូច្នេះមែន នោះពួកផារីស៊ីតបទៅវិញថា៖ «ចុះហេតុដូចម្ដេចបានជាលោកម៉ូសេបង្គាប់ឲ្យធ្វើសំបុត្រលះលែង ហើយឲ្យលែងចេញដូច្នេះ?»។
ព្រះយេស៊ូមានបន្ទូលតបថា៖ «បានជាលោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធទៅ គឺដោយព្រោះតែចិត្តអ្នករាល់គ្នារឹងរបឹងប៉ុណ្ណោះ តែពីដើមមកមិនមែនដូច្នោះទេ»។ មែនហើយ ពេលដែលព្រះយេហូវ៉ាស្ថាបនាខ្នាតតម្រាដ៏ត្រឹមត្រូវចំពោះអាពាហ៍ពិពាហ៍នៅក្នុងសួនច្បារអេដែន ទ្រង់ឥតបានបង្កើតល័ក្ខខ័ណ្ឌឲ្យលែងលះគ្នាទេ។
ព្រះយេស៊ូមានបន្ទូលប្រាប់ពួកផារីស៊ីថា៖ «ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលលែងប្រពន្ធ មិនមែនដោយព្រោះនាងនោះផិត[ពាក្យក្រិចភរនៀរ] ហើយទៅយកប្រពន្ធមួយទៀត អ្នកនោះឈ្មោះថាប្រព្រឹត្តសេចក្ដីកំផិតហើយ»។ ដូច្នេះហើយ ព្រះយេស៊ូបង្ហាញថា ភរនៀរ គឺជាអំពើដ៏លាមកខាងកាម ជាមូលដ្ឋានតែមួយគត់ដែលព្រះយល់ព្រមឲ្យលែងលះគ្នា។
ដោយយល់ដឹងថាអាពាហ៍ពិពាហ៍ជាចំណងដ៏ស្ថិតស្ថេរមួយ ដែលមានល័ក្ខខ័ណ្ឌតែមួយគត់ចំពោះការលែងលះគ្នា នោះពួកសិស្សទូលសួរទ្រង់ថា៖ «បើរបៀបនៃមនុស្សដែលមានប្រពន្ធត្រូវជាយ៉ាងនេះ នោះស៊ូកុំយកគ្នាជាជាង»។ គឺច្បាស់ណាស់ដែលអស់អ្នកគិតចង់រៀបការ គួរតែគិតឲ្យបានវែងឆ្ងាយអំពីភាពស្ថិតស្ថេរនៃចំណងអាពាហ៍ពិពាហ៍មុនសិន!
ព្រះយេស៊ូក៏មានបន្ទូលអំពីភាពនៅលីវ។ ទ្រង់ពន្យល់ថា ក្មេងប្រុសខ្លះជាអ្នកកំរៀវតាំងពីកំណើត ហើយមិនអាចរៀបការបាន ពីព្រោះមិនបានលូតលាស់ខាងសរីរាង្គបន្តពូជ។ អ្នកខ្លះទៀតបានត្រូវក្រៀវ ដោយមានមនុស្សឃោរឃៅបានបង្ខូចសរីរាង្គបន្តពូជរបស់គេ។ នៅទីបំផុត អ្នកខ្លះខំទប់អារម្មណ៍ពីការចង់រៀបការ ហើយបង្ការពីការរួមភេទ ដើម្បីឲ្យពួកគេអាចចំណាយពេលច្រើនក្នុងភារកិច្ចខាងព្រះរាជាណាចក្រនៅស្ថានសួគ៌។ ព្រះយេស៊ូមានបន្ទូលថា៖ «ដូច្នេះ អ្នកណាដែលអាច[នៅលីវ]នឹងទទួលបាន ឲ្យទទួលចុះ!»។
ឥឡូវនេះ មានមនុស្សម្នាជាច្រើននាំក្មេងតូចៗមកឯព្រះយេស៊ូ។ ប៉ុន្តែ ពួកសិស្សស្តីបន្ទោសក្មេងៗនិងខំបញ្ជូនក្មេងៗទៅវិញ។ ពួកគេធ្វើដូច្នេះ ច្បាស់ជាមិនចង់ឲ្យព្រះយេស៊ូមានការពិបាកដ៏មិនចាំបាច់។ ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលថា៖ «ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ! កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្ស ដូចវារាល់គ្នាដែរ ហើយខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលនគរព្រះដូចជាកូនក្មេង១នេះ នោះមិនបានចូលទៅក្នុងនគរនោះឡើយ»។
នេះជាមេរៀនដ៏ល្អមែន ដែលព្រះយេស៊ូប្រទានមក! យើងត្រូវតែយកតម្រាប់តាមភាពរាបទាប និងការចូលចិត្តរៀនសូត្ររបស់ក្មេងៗ ដើម្បីឲ្យទទួលបានព្រះរាជាណាចក្ររបស់ព្រះ។ ក៏ប៉ុន្តែ គំរូរបស់ព្រះយេស៊ូក៏ពន្យល់នូវភារកិច្ចជាមាតាបិតា គឺពួកគាត់គួរចំណាយពេលវេលានៅជាមួយកូនៗរបស់ខ្លួនផងដែរ។ ឥឡូវនេះ ព្រះយេស៊ូបង្ហាញសេចក្ដីស្រឡាញ់ដល់ក្មេងៗ ដោយដាក់ព្រះហស្តលើក្មេងទាំងនោះ និងប្រទានពរឲ្យក្មេងៗ។ ម៉ាថាយ ១៩:១-១៥; ចោទិយកថា ២៤:១; លូកា ១៦:១៨; ម៉ាកុស ១០:១-១៦; លូកា ១៨:១៥-១៧
▪ តើពួកផារីស៊ីមានទស្សនៈផ្សេងៗគ្នាយ៉ាងណាចំពោះការលែងលះគ្នា? ហើយតើពួកគេចង់ផ្ចាញ់ផ្ចាលព្រះយេស៊ូយ៉ាងដូចម្ដេច?
▪ តើព្រះយេស៊ូដោះស្រាយយ៉ាងណា ចំពោះការខំប្រឹងផ្ចាញ់ផ្ចាលរបស់ពួកផារីស៊ីនោះ? ហើយតើទ្រង់ប្រទាននូវមូលដ្ឋានតែមួយគត់អ្វី ចំពោះការលែងលះគ្នា?
▪ ហេតុអ្វីក៏ពួកសិស្សរបស់ព្រះយេស៊ូនិយាយថា គឺមិនល្អទេដែលរៀបការនោះ? ហើយតើព្រះយេស៊ូមានយោបល់យ៉ាងណាអំពីរឿងនេះ?
▪ តើព្រះយេស៊ូបង្រៀនយើងអំពីអ្វី តាមរយៈការប្រាស្រ័យទាក់ទងរបស់ទ្រង់ជាមួយនឹងក្មេងៗនោះ?