លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនអំពីចិត្តរាបទាប

មេរៀនអំពីចិត្តរាបទាប

ជំពូក​ទី​៦២

មេ​រៀន​អំពី​ចិត្ត​រាប​ទាប

ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​ប្រោស​ក្មេង​ប្រុស​ដែល​អារក្ស​ចូល​ឲ្យ​ជា​ក្នុង​តំបន់​ជិត​ភូមិ​សេសារា​ភីលីព​មក ទ្រង់​មាន​ព្រះ​ទ័យ​ចង់​ត្រឡប់​ទៅ​ផ្ទះ​នៅ​ក្រុង​កាពើណិម​វិញ។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​មាន​ព្រះ​ទ័យ​ចង់​ធ្វើ​ដំណើរ​តែ​ជា​មួយ​ពួក​សិស្ស​ទេ ដើម្បី​ឲ្យ​ទ្រង់​អាច​បង្វឹក​បង្វឺន​ពួក​គាត់ និង​ឲ្យ​ពួក​គាត់​មើល​ខុស​ត្រូវ​ភារកិច្ច​ផ្សេង​ៗ​ដែល​ពួក​គាត់​នឹង​មាន​ក្រោយ​មក ពេល​ដែល​ទ្រង់​សោយ​ទិវង្គត​ទៅ។ ព្រះ​យេស៊ូ​ពន្យល់​ប្រាប់​ពួក​សិស្ស​ថា៖ «កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​មនុស្ស​លោក គេ​នឹង​សំឡាប់​លោក រួច​ដល់​៣​ថ្ងៃ​ក្រោយ​ដែល​គេ​សំឡាប់ នោះ​លោក​នឹង​រស់​ឡើង​វិញ»។

ពួក​សិស្ស​របស់​ទ្រង់​នៅ​តែ​មិន​យល់​អំពី​រឿង​នេះ​ទៀត ថ្វី​បើ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​រឿង​នេះ​នៅ​ពេល​មុន​ក្ដី ហើយ​សូម្បី​តែ​សាវ័ក​បី​នាក់​ធ្លាប់​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ ដែល​បាន​ពិគ្រោះ​អំពី«ការ​ចាក​ចេញ»របស់​ទ្រង់​ក៏​ដោយ។ ទោះ​ជា​គ្មាន​អ្នក​ណា​ម្នាក់​នឹង​បដិសេធ​ថា​ទ្រង់​នឹង​សោយ​ទិវង្គត ដូច​ពេត្រុស​ធ្លាប់​ធ្វើ​ពី​មុន​ក៏​ដោយ ក៏​ពួក​សិស្ស​មាន​ចិត្ត​ខ្លាច​ឥត​ហ៊ាន​ទូល​សួរ​ទ្រង់​ថែម​ទៀត​អំពី​រឿង​នេះ​ទេ។

ជា​យថាហេតុ ព្រះ​យេស៊ូ​និង​ពួក​សិស្ស​មក​ដល់​ក្រុង​កាពើណិម ដែល​ជា​ទី​ស្នាក់​អាស្រ័យ​ក្នុង​កំឡុង​កិច្ច​បំរើ​របស់​ទ្រង់។ ហើយ​ក្រុង​កាពើណិម​ក៏​ជា​ភូមិ​កំណើត​របស់​ពេត្រុស​និង​សាវ័ក​ឯ​ទៀត​ដែរ។ នៅ​ទី​នោះ ពួក​អ្នក​ដែល​ទារ​ពន្ធ​ព្រះ​វិហារ​ក៏​មក​ឯ​ពេត្រុស។ ពួក​គេ​ប្រហែល​ជា​ចង់​ឲ្យ​ព្រះ​យេស៊ូ​ប្រព្រឹត្ត​បទ​ល្មើស​ប្រឆាំង​នឹង​ទំនៀម​ទំលាប់ នោះ​ពួក​គេ​សួរ​ថា៖ «តើ​គ្រូ​អ្នក​មិន​បង់​ពន្ធ​ព្រះ​វិហារ​ទេ​ឬ?»។

ពេត្រុស​ឆ្លើយ​ថា៖ «បង់​ដែរ»។

ព្រះ​យេស៊ូ​ប្រហែល​ជា​បាន​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​បន្ដិច​ក្រោយ​មក ទ្រង់​ក៏​បាន​ជ្រាប​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដែរ។ ដូច្នេះ​មុន​នឹង​ពេត្រុស​លើក​រឿង​នេះ​មក​និយាយ នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​សួរ​គាត់​ថា៖ «នែ! ស៊ីម៉ូន អ្នក​គិត​ដូច​ម្ដេច? តើ​អស់​ទាំង​ស្តេច​នៅ​ផែនដី​ហូត​សួយរៃ ឬ​ពន្ធដារ​ពី​អ្នក​ណា ពី​កូន​ចៅ ឬ​ពី​អ្នក​ដទៃ?»។

ពេត្រុស​ទូល​ឆ្លើយ​ថា៖ «ពី​មនុស្ស​ដទៃ​ទេ!»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ដូច្នេះ កូន​ចៅ​បាន​រួច​ហើយ»។ ដោយ​ព្រោះ​ព្រះ​វរបិតា​របស់​ព្រះ​យេស៊ូ ជា​ព្រះ​មហា​ក្សត្រ​នៃ​សកល​លោក​នេះ ជា​ព្រះ​ដែល​មនុស្ស​ថ្វាយ​បង្គំ​នៅ​ព្រះ​វិហារ នោះ​គឺ​មិន​មែន​ជា​តម្រូវ​ការ​តាម​ច្បាប់​ទេ ដែល​បុត្រា​របស់​ព្រះ​គប្បី​បង់​ពន្ធ​ព្រះ​វិហារ​នោះ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ប៉ុន្តែ​ចូរ​អ្នក​ទៅ​ឯ​សមុទ្រ ហើយ​បោះ​សន្ទូច ចាប់​យក​ត្រី​ដែល​ជាប់​មុន​ដំបូង​មក​បើក​មាត់​វា នោះ​អ្នក​នឹង​ឃើញ​ប្រាក់​១​រៀល ឲ្យ​យក​ប្រាក់​នោះ​ទៅ​បង់​សំរាប់​ខ្ញុំ ហើយ​នឹង​អ្នក​ទៅ ដើម្បី​កុំ​ឲ្យ​យើង​បាន​ជា​ទី​អាក់​អន់​ចិត្ត​ដល់​គេ»។

លុះ​ពួក​សិស្ស​មក​ជួប​ជុំ​គ្នា​ក្រោយ​ពី​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​កាពើណិម​វិញ ប្រហែល​ជា​នៅ​ផ្ទះ​របស់​ពេត្រុស នោះ​ពួក​គាត់​សួរ​ថា៖ «តើ​អ្នក​ណា​ធំ​ជាង​គេ​ក្នុង​នគរ​ស្ថាន​សួគ៌?»។ ព្រះ​យេស៊ូ​ជ្រាប​នូវ​ហេតុ​អ្វី​បាន​ជា​ពួក​គាត់​សួរ​ដូច្នេះ ដ្បិត​ទ្រង់​បាន​ដឹង​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ចំណោម​ពួក​គាត់ កាល​ដែល​ពួក​គាត់​ធ្វើ​ដំណើរ​ពី​ក្រោយ​ទ្រង់ ពេល​ត្រឡប់​មក​ពី​ភូមិ​សេសារា​ភីលីព។ ដូច្នេះ​ព្រះ​យេស៊ូ​មាន​បន្ទូល​សួរ​ថា៖ «តើ​រឿង​អ្វី​ដែល​អ្នក​រាល់​គ្នា​ជជែក​គ្នា​តាម​ផ្លូវ​មក​នោះ?»។ ពួក​សិស្ស​នៅ​ស្ងៀម​ដោយ​មាន​សេចក្ដី​ខ្មាស ព្រោះ​ពួក​គាត់​បាន​ប្រកែក​គ្នា​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ អ្នក​ណា​ធំ​ជាង​គេ។

ជិត​បី​ឆ្នាំ​មក​ហើយ​ដែល​ព្រះ​យេស៊ូ​បង្រៀន​ពួក​គាត់ តើ​នេះ​ទំនង​ឲ្យ​ជឿ​បាន​ទេ​ដែល​ពួក​សិស្ស​មាន​ការ​ប្រកែក​បែប​នេះ? នេះ​គឺ​បង្ហាញ​ថា​ភាព​ឥត​គ្រប់​ល័ក្ខណ៍​មាន​អានុភាព​ដ៏​ខ្លាំង ដែល​មក​ពី​ទំនៀម​ទំលាប់​សាសនា​របស់​ពួក​គាត់​ពី​មុន​ដែរ។ សាសនា​យូដា​ដែល​ពួក​សិស្ស​ធ្លាប់​មាន​ពី​មុន​នោះ ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ទៅ​លើ​រឿង​ឋានៈ​ឬ​បុណ្យ​សក្ដិ​ចំពោះ​គ្រប់​អ្វី​ៗ​ទាំង​អស់។ ម្យ៉ាង​វិញ​ទៀត ពីព្រោះ​ព្រះ​យេស៊ូ​សន្យា​ថា​នឹង​ប្រទាន«កូន​សោ»នៃ​ព្រះ​រាជាណាចក្រ​ឲ្យ​ពេត្រុស នោះ​គាត់​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ខ្លួន​ធំ​ជាង​គេ។ យ៉ាកុប​និង​យ៉ូហាន​ក៏​ប្រហែល​ជា​មាន​គំនិត​ដូច​នេះ​ដែរ ដោយ​ព្រោះ​មាន​ឯកសិទ្ធិ​ឃើញ​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​របស់​ព្រះ​យេស៊ូ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​បង្ហាញ​នូវ​គំរូ​មួយ​ដ៏​ជំរុញ​ចិត្ត ដើម្បី​ខំ​កែ​តម្រូវ​អាកប្បកិរិយា​របស់​ពួក​គាត់។ ព្រះ​យេស៊ូ​ហៅ​ក្មេង​ម្នាក់​ឲ្យ​មក​ឈរ​នៅ​កណ្ដាល​ពួក​សិស្ស ទ្រង់​ឱប​ក្មេង​នេះ ហើយ​មាន​បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូច​ជា​កូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន​សួគ៌​ពុំ​បាន​ឡើយ ដូច្នេះ អ្នក​ណា​ដែល​បន្ទាប​ខ្លួន ឲ្យ​បាន​ដូច​កូន​តូច​នេះ អ្នក​នោះ​ឯង​ឈ្មោះ​ថា ធំ​ជាង​គេ​ក្នុង​នគរ​ស្ថាន​សួគ៌​ហើយ អ្នក​ណា​ដែល​ទទួល​កូន​តូច​ណា​មួយ​ដូច​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ខ្ញុំ​ដែរ»។

នេះ​ជា​វិធី​ដ៏​អស្ចារ្យ​មែន ដើម្បី​ប្រដៅ​ពួក​សិស្ស​របស់​ទ្រង់! ព្រះ​យេស៊ូ​មិន​មាន​ព្រះ​ទ័យ​ខ្ញាល់​នឹង​ពួក​គាត់ ឬ​ក៏​ហៅ​ពួក​គាត់​ជា​ពួក​ក្រអឺត ពួក​លោភ​លន់​ឬ​ពួក​ដែល​មាន​មហិច្ឆតា​នោះ​ឡើយ។ តែ​ព្រះ​យេស៊ូ​ពន្យល់​ដោយ​ការ​ប្រៀន​ប្រដៅ​នេះ ដោយ​ប្រើ​គំរូ​របស់​កូន​ក្មេង ដែល​ជា​ធម្មតា​មាន​លក្ខណៈ​សុភាព ហើយ​ឥត​មាន​មហិច្ឆតា​និង​មិន​ដែល​គិត​អំពី​អ្នក​ណា​ធំ​ជាង​អ្នក​ណា​នោះ​ទេ។ ហេតុ​នេះ​ហើយ ព្រះ​យេស៊ូ​រៀប​រាប់​អំពី​ក្មេង​ដ៏​រាប​ទាប​នេះ​ដើម្បី​បង្ហាញ​ថា ពួក​សិស្ស​របស់​ទ្រង់​គប្បី​បណ្ដុះ​នូវ​គុណសម្បត្ដិ​ទាំង​នេះ។ ដូច​ជា​ព្រះ​យេស៊ូ​មាន​បន្ទូល​បញ្ចប់​ថា៖ «អ្នក​ណា​ដែល​តូច​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ ជា​អ្នក​ធំ​វិញ»។ ម៉ាថាយ ១៧:២២​-​២៧; ១៨:១​-​៥; ម៉ាកុស ៩:៣០​-​៣៧; លូកា ៩:៤៣​-​៤៨

ពេល​ត្រឡប់​ទៅ​ក្រុង​កាពើណិម​វិញ តើ​ព្រះ​យេស៊ូ​បង្រៀន​អ្វី​ម្ដង​ទៀត? ហើយ​តើ​មនុស្ស​ទទួល​យក​ការ​បង្រៀន​នេះ​យ៉ាង​ណា?

ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​មិន​ចាំ​បាច់​បង់​ពន្ធ​ព្រះ​វិហារ? ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ទ្រង់​បង់​ពន្ធ​ព្រះ​វិហារ​ទៅ​វិញ?

តើ​អ្វី​ដែល​បណ្ដាល​ឲ្យ​ពួក​សិស្ស​ប្រកែក​ទាស់​ទែង​គ្នា? ហើយ​តើ​ព្រះ​យេស៊ូ​ប្រដៅ​ពួក​គាត់​យ៉ាង​ដូច​ម្ដេច?