លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យកទ្រង់ទៅលោកអាណ រួចយកទៅលោកកៃផា

យកទ្រង់ទៅលោកអាណ រួចយកទៅលោកកៃផា

ជំពូក​ទី​១១៩

យក​ទ្រង់​ទៅ​លោក​អាណ រួច​យក​ទៅ​លោក​កៃផា

ពួក​គេ​ចាប់​ចង​ព្រះ​យេស៊ូ​ដូច​ជា​ឧក្រិដ្ឋជន ហើយ​ពួក​គេ​នាំ​ទ្រង់​ទៅ​លោក​អាណ ដែល​ជា​អតីត​សម្ដេច​សង្ឃ​ម្នាក់​ដែល​មាន​អំណាច​ធំ​ដុំ។ លោក​អាណ​ជា​សម្ដេច​សង្ឃ ពេល​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្មាយុ​១២​ឆ្នាំ នៅ​ពេល​នោះ​ពួក​គ្រូ​រ៉ាប៊ី​បាន​ស្ងើច​សរសើរ​ជា​ខ្លាំង​នឹង​ប្រាជ្ញា​របស់​ទ្រង់​នៅ​ឯ​ព្រះ​វិហារ។ ក្រោយ​មក កូន​ប្រុស​បី​បួន​នាក់​របស់​លោក​អាណ ក៏​បាន​បំរើ​ជា​សម្ដេច​សង្ឃ​ដែរ ហើយ​ឥឡូវ​នេះ កូន​ប្រសា​របស់​លោក ឈ្មោះ​កៃផា​កំពុង​តែ​កាន់​តំណែង​នេះ។

ប្រហែល​ជា​មុន​ដំបូង គេ​នាំ​ព្រះ​យេស៊ូ​ទៅ​ផ្ទះ​របស់​លោក​អាណ ពីព្រោះ​លោក​ជា​សម្ដេច​សង្ឃ​ហើយ​មាន​ឋានៈ​ធំ​ដុំ​ជា​យូរ​យារ​មក​ហើយ​ក្នុង​សាសនា​យូដា​នោះ។ ការ​យក​ព្រះ​យេស៊ូ​ទៅ​ជួប​លោក​អាណ គឺ​អនុញ្ញាត​ឲ្យ​សម្ដេច​សង្ឃ​កៃផា​មាន​ពេល​ប្រមូល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ដែល​មាន​សមាជិក​៧១​រូប​មក​ជួប​ជុំ​គ្នា ព្រម​ទាំង​ប្រមូល​ពួក​សាក្សី​ក្លែង​ក្លាយ​ដែរ។

ឥឡូវ​នេះ​លោក​អាណ​សួរ​ព្រះ​យេស៊ូ​អំពី​ពួក​សិស្ស​និង​អំពី​ការ​បង្រៀន​របស់​ទ្រង់។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​លោក​ថា៖ «ខ្ញុំ​បាន​និយាយ​នឹង​បណ្ដា​មនុស្ស នៅ​កណ្ដាល​ជំនុំ ខ្ញុំ​តែង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​ក្នុង​ព្រះ​វិហារ ជា​កន្លែង​ដែល​ពួក​សាសន៍​យូដា​ប្រជុំ​គ្នា ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សំងាត់​ទេ ហេតុ​អ្វី​បាន​ជា​លោក​សួរ​ខ្ញុំ? ចូរ​សួរ​ដល់​ពួក​អ្នក​ដែល​បាន​ស្ដាប់​ខ្ញុំ ពី​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នោះ​វិញ មើល! គេ​ដឹង​សេចក្ដី​ដែល​ខ្ញុំ​និយាយ​ដែរ»។

ភ្លាម​នោះ​មាន​ពួក​អាជ្ញា​ម្នាក់​ដែល​ឈរ​នៅ​ទី​នោះ បាន​ទះ​កំផ្លៀង​ព្រះ​យេស៊ូ ទាំង​ពោល​ថា៖ «ឯង​ឆ្លើយ​ទៅ​សំ​ដេ​ច​សង្ឃ​យ៉ាង​ដូច្នេះ​ឬ?»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «បើ​ខ្ញុំ​បាន​និយាយ​អាក្រក់ នោះ​ចូរ​ធ្វើ​បន្ទាល់​ពី​សេចក្ដី​អាក្រក់​នោះ​ចុះ! តែ​បើ​ខ្ញុំ​បាន​និយាយ​ល្អ​វិញ ហេតុ​អ្វី​បាន​ជា​វាយ​ខ្ញុំ?»។ ក្រោយ​ពី​ការ​និយាយ​ឆ្លង​ឆ្លើយ​នេះ លោក​អាណ​បញ្ជូន​ព្រះ​យេស៊ូ​ទៅ​លោក​កៃផា​ទាំង​ជាប់​ចំណង។

ឥឡូវ​នេះ សម្ដេច​សង្ឃ​កៃផា​និង​ពួក​ចាស់​ទុំ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​ស្ក្រែប គឺ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល បាន​មក​ជួប​ជុំ​គ្នា​ហើយ។ ជាក់​ស្តែង​ណាស់ កន្លែង​ប្រជុំ​នេះ​គឺ​ជា​ផ្ទះ​របស់​លោក​កៃផា។ ការ​ធ្វើ​ការ​វិនិច្ឆ័យ​ទោស​ដូច​នេះ​ក្នុង​រាត្រី​នៃ​បុណ្យ​រំលង គឺ​ច្បាស់​ជា​បំពាន​លើ​ក្រិត្យ​វិន័យ​សាសន៍​យូដា​មែន។ ប៉ុន្តែ នេះ​ឥត​ធ្វើ​ឲ្យ​ពួក​អ្នក​ដឹក​នាំ​សាសនា​ញញើត​នឹង​បំណង​ដ៏​លាមក​របស់​ពួក​គេ​នោះ​ទេ។

ប៉ុន្មាន​សប្ដាហ៍​មុន​នេះ ពេល​ព្រះ​យេស៊ូ​ប្រោស​ឡាសារ​ឲ្យ​រស់​ឡើង​វិញ នោះ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នេះ​បាន​តាំង​ចិត្ត​ជា​ស្រេច​ទៅ​ហើយ​ក្នុង​ចំណោម​ពួក​គេ ថា​ទ្រង់​ត្រូវ​តែ​សោយ​ទិវង្គត។ ហើយ​នៅ​ថ្ងៃ​ពុធ​ដែល​គ្រាន់​តែ​ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ ពួក​អាជ្ញាធរ​ខាង​សាសនា​ប្រជុំ​គ្នា​រិះ​រក​កល​ល្បិច​ចាប់​ព្រះ​យេស៊ូ ដើម្បី​ធ្វើ​គុត​ទ្រង់។ សូម​គិត​ទៅ​មើល តាម​ពិត​ពួក​គេ​កាត់​ទោស​ទ្រង់​រួច​ទៅ​ហើយ មុន​នឹង​តុលាការ​វិនិច្ឆ័យ​ទោស​ទ្រង់!

ឥឡូវ​នេះ ពួក​គេ​ខំ​ប្រឹង​រក​សាក្សី​ដែល​នឹង​ផ្ដល់​ឲ្យ​ភស្តុ​តាង​ក្លែង​ក្លាយ ដើម្បី​ឲ្យ​មាន​ពាក្យ​បណ្ដឹង​ចំពោះ​ព្រះ​យេស៊ូ។ ប៉ុន្តែ ពួក​គេ​ពុំ​អាច​រក​បាន​សាក្សី​ដែល​ឯកភាព​នឹង​ភស្តុ​តាង​របស់​ពួក​គេ​ទេ។ នៅ​ទី​បំផុត មាន​មនុស្ស​ពីរ​នាក់​ដែល​អះអាង​ថា៖ «យើង​ខ្ញុំ​បាន​ឮ​វា​ថា ‹ខ្ញុំ​នឹង​បំផ្លាញ​ព្រះ​វិហារ​នេះ ដែល​បាន​ធ្វើ​ដោយ​ដៃ​មនុស្ស ហើយ​ក្នុង​រវាង​៣​ថ្ងៃ ខ្ញុំ​នឹង​សង់​១​ទៀត ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ›»។

សម្ដេច​សង្ឃ​កៃផា​សួរ​ថា៖ «តើ​ឯង​មិន​ព្រម​ឆ្លើយ​សោះ​ឬ? . . . សេចក្ដី​ដែល​គេ​ចោទ​ប្រកាន់​ឯង​ទាំង​ប៉ុន្មាន​នេះ តើ​យ៉ាង​ដូច​ម្ដេច?»។ ឯ​ព្រះ​យេស៊ូ​ទ្រង់​នៅ​តែ​ស្ងៀម។ នេះ​ជា​អ្វី​ដ៏​គួរ​ឲ្យ​អាម៉ាស់​មុខ​ដល់​ក្រុម​ប្រឹក្សា​នេះ​ណាស់ ដ្បិត​ទោះ​ជា​មាន​ការ​ចោទ​ប្រកាន់​ក្លែង​ក្លាយ​នេះ​ក៏​ដោយ ក៏​សាក្សី​ទាំង​នោះ​និយាយ​មិន​ស្រប​គ្នា​ឡើយ។ ដូច្នេះ ឥឡូវ​នេះ សម្ដេច​សង្ឃ​ក៏​សាក​ប្រើ​មធ្យោបាយ​ផ្សេង​ទៀត។

លោក​កៃផា​ដឹង​ថា ពួក​សាសន៍​យូដា​ខឹង​ណាស់ បើ​អ្នក​ណា​អះអាង​ថា​ខ្លួន​ជា​បុត្រ​របស់​ព្រះ។ ពីរ​លើក​មក​ហើយ ពួក​គេ​បាន​ចោទ​ព្រះ​យេស៊ូ​ថា ជា​អ្នក​ប្រមាថ​ព្រះ​ដែល​សម​តែ​នឹង​ស្លាប់។ ហើយ​នៅ​ពេល​មួយ​ទៀត ពួក​គេ​បាន​គិត​ខុស​ទាំង​ស្រុង​ថា ទ្រង់​បាន​អះអាង​ថា​ទ្រង់​ស្មើ​នឹង​ព្រះ។ ឥឡូវ​នេះ ដោយ​សារ​កល​ល្បិច​នោះ សម្ដេច​សង្ឃ​កៃផា​សម្លុត​សួរ​ទ្រង់​ថា៖ «ចូរ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​ចុះ! បើ​ឯង​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជបុត្រ​នៃ​ព្រះ​មែន នោះ​ចូរ​ប្រាប់​យើង​មក!»។

ទោះ​ជា​ពួក​សាសន៍​យូដា​គិត​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​គឺ​ពិត​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​មែន។ ហើយ​បើ​ទ្រង់​នៅ​ស្ងៀម នោះ​គឺ​អាច​បង្ហាញ​ថា​ទ្រង់​មិន​មែន​ជា​ព្រះ​គ្រីស្ទ​ទេ។ ដូច្នេះ ព្រះ​យេស៊ូ​មាន​បន្ទូល​យ៉ាង​ក្លាហាន​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ មួយ​ទៀត​អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស អង្គុយ​នៅ​ខាង​ស្ដាំ​នៃ​ព្រះ​ចេស្ដា ហើយ​ទាំង​មក​ក្នុង​ពពក​នៅ​លើ​មេឃ​ផង»។

ភ្លាម​នោះ លោក​កៃផា​ក៏​ហែក​អាវ​ខ្លួន ហើយ​ពោល​ថា៖ «វា​បាន​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ ដូច្នេះ តើ​យើង​ចាំ​បាច់​ត្រូវ​ការ​នឹង​ទី​បន្ទាល់​ណា​ថែម​ទៀត មើល! អ្នក​រាល់​គ្នា​ទើប​នឹង​ឮ​ពាក្យ ដែល​វា​ប្រមាថ​នោះ​ស្រាប់​ហើយ តើ​គិត​យ៉ាង​ដូច​ម្ដេច?»។

ក្រុម​ប្រឹក្សា​ទាំង​នោះ​ឆ្លើយ​ឡើង​ថា៖ «វា​គួរ​ស្លាប់​ហើយ»។ រួច​មក ពួក​គេ​ឡកឡឺយ​ឲ្យ​ទ្រង់​ទាំង​ពោល​ពាក្យ​ប្រមាថ​ជា​ច្រើន​ដាក់​ទ្រង់។ ពួក​គេ​ទះ​កំផ្លៀង​និង​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះ​ភ័ក្ដ្រ​ទ្រង់។ អ្នក​ខ្លះ​គ្រប​ព្រះ​ភ័ក្ដ្រ​របស់​ទ្រង់​ហើយ​វាយ​តប់ ថែម​ទាំង​ពោល​ពាក្យ​បញ្ឈឺ​ថា៖ «ចូរ​ទាយ​ប្រាប់​យើង​ចុះ! ព្រះ​គ្រីស្ទ​អើយ! តើ​អ្នក​ណា​បាន​វាយ​ឯង?»។ ការ​ប្រព្រឹត្ត​ដ៏​ខុស​ច្បាប់ ដែល​ប្រមាថ​មើល​ងាយ​យ៉ាង​អាក្រក់​នេះ កើត​ឡើង​ពេល​ពួក​គេ​ធ្វើ​ការ​វិនិច្ឆ័យ​ទោស​ទ្រង់​នៅ​ពេល​យប់។ ម៉ាថាយ ២៦:៥៧​-​៦៨; ២៦:៣, ៤; ម៉ាកុស ១៤:៥៣​-​៦៥; លូកា ២២:៥៤, ៦៣​-​៦៥; យ៉ូហាន ១៨:១៣​-​២៤; ១១:៤៥​-​៥៣; ១០:៣១​-​៣៩; ៥:១៦​-​១៨

តើ​ពួក​គេ​នាំ​ព្រះ​យេស៊ូ​ទៅ​កន្លែង​ណា​មុន​ដំបូង? ហើយ​មាន​អ្វី​កើត​ឡើង​ដល់​ទ្រង់​នៅ​ទី​នោះ?

បន្ទាប់​មក​តើ​ពួក​គេ​នាំ​យក​ទ្រង់​ទៅ​ទី​ណា? ហើយ​តើ​សំរាប់​បំណង​អ្វី?

តើ​តាម​របៀប​ណា​ដែល​លោក​កៃផា អាច​បង្គាប់​ឲ្យ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ប្រកាស​ថា ព្រះ​យេស៊ូ​សម​នឹង​សោយ​ទិវង្គត?

តើ​ការ​ប្រព្រឹត្ត​ដ៏​ខុស​ច្បាប់​ដែល​ប្រមាថ​មើល​ងាយ​យ៉ាង​អាក្រក់​អ្វី ដែល​កើត​ឡើង​ពេល​វិនិច្ឆ័យ​ទោស​ទ្រង់?