លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យ៉ូហានអន់ថយព្រះយេស៊ូចំរើនឡើង

យ៉ូហានអន់ថយព្រះយេស៊ូចំរើនឡើង

ជំពូក​ទី​១៨

យ៉ូហាន​អន់​ថយ​ព្រះ​យេស៊ូ​ចំរើន​ឡើង

បន្ទាប់​ពី​បុណ្យ​រំលង​នៅ​និទាឃ​រដូវ​នៅ​ក្នុង​ឆ្នាំ​៣០ ស.យ. នោះ​ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ទ្រង់​ក៏​ចាក​ចេញ​ពី​ទី​ក្រុង​យេរូសាឡិម។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​និង​ពួក​សិស្ស​មិន​បាន​ត្រឡប់​ទៅ​ភូមិ​កំណើត​នៅ​ឯ​ស្រុក​កាលីឡេ​វិញ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ធ្វើ​ដំណើរ​ទៅ​ស្រុក​យូដា ជា​កន្លែង​ដែល​ទ្រង់​និង​ពួក​សិស្ស​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស។ យ៉ូហាន​ដែល​ជា​អ្នក​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​គេ​នោះ បាន​ធ្វើ​កិច្ច​ការ​នេះ​ប្រមាណ​មួយ​ឆ្នាំ​ហើយ និង​គាត់​នៅ​តែ​មាន​ពួក​សិស្ស​នៅ​ជា​មួយ​គាត់​នៅ​ឡើយ។

តាម​ពិត ព្រះ​យេស៊ូ​ឥត​បាន​ធ្វើ​កិច្ច​ការ​ខាង​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ដោយ​អង្គ​ទ្រង់​ផ្ទាល់​ទេ។ ប៉ុន្តែ​ពួក​សិស្ស​របស់​ទ្រង់​បាន​ធ្វើ​កិច្ច​ការ​នេះ​ក្រោម​ការ​បង្គាប់​របស់​ទ្រង់។ ពិធី​ជ្រមុជ​ទឹក​នៃ​ពួក​សិស្ស​របស់​ទ្រង់​គឺ​តំណាង​ដូច​ដែល​យ៉ូហាន​ធ្វើ​នោះ​ដែរ គឺ​ជា​និមិត្តរូប​នៃ​ការ​ប្រែ​ចិត្ត​ពី​បាប ដែល​ប្រឆាំង​នឹង​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​របស់​ព្រះ។ យ៉ាង​ណា​ក៏​ដោយ ក្រោយ​ពី​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ នោះ​ព្រះ​យេស៊ូ​បាន​បង្គាប់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ដែល​ជា​តំណាង​អ្វី​ផ្សេង​ទៅ​វិញ។ ពិធី​ជ្រមុជ​ទឹក​របស់​គ្រីស្ទាន​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ជា​និមិត្តរូប​នៃ​ការ​ថ្វាយ​ខ្លួន​របស់​បុគ្គល​ម្នាក់ ដើម្បី​បំរើ​ព្រះ​យេហូវ៉ា។

ប៉ុន្តែ នៅ​ដើម​នៃ​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ ទាំង​យ៉ូហាន​និង​ទ្រង់ គឺ​កំពុង​តែ​បង្រៀន​និង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ដែល​ប្រែ​ចិត្ត ទោះ​ជា​ធ្វើ​ការ​នេះ​បែក​ពី​គ្នា​ក៏​ដោយ។ ប៉ុន្តែ ពួក​សិស្ស​របស់​យ៉ូហាន​ចាប់​ផ្ដើម​មាន​ចិត្ត​ច្រណែន ហើយ​ក៏​ត្អូញ​ដាក់​យ៉ូហាន​ស្តី​អំពី​ព្រះ​យេស៊ូ​ថា៖ «លោក​គ្រូ លោក​នោះ​ដែល​នៅ​ជា​មួយ​នឹង​លោក ខាង​នាយ​ទន្លេ​យ័រដាន់ ដែល​លោក​បាន​ធ្វើ​បន្ទាល់​ឲ្យ មើល លោក​ក៏​ធ្វើ​បុណ្យ​ជ្រមុជ​ដែរ ហើយ​បណ្ដា​មនុស្ស​ទាំង​ប៉ុន្មាន គេ​ទៅ​ឯ​លោក​វិញ»។

ជា​ជាង​មាន​ចិត្ត​ច្រណែន នោះ​យ៉ូហាន​មាន​ចិត្ត​រីករាយ​នឹង​ជោគ​ជ័យ​របស់​ព្រះ​យេស៊ូ ហើយ​ក៏​ចង់​ឲ្យ​ពួក​សិស្ស​របស់​ខ្លួន​សប្បាយ​ចិត្ត​ដែរ។ លោក​រំឭក​ពួក​សិស្ស​ថា៖ «ខ្លួន​អ្នក​រាល់​គ្នា​ជា​ទី​បន្ទាល់​ពី​ខ្ញុំ ដែល​ខ្ញុំ​ថា ខ្ញុំ​មិន​មែន​ជា​ព្រះ​គ្រីស្ទ​ទេ គឺ​គ្រាន់​តែ​ទទួល​បង្គាប់​នឹង​មក​នាំ​មុខ​ទ្រង់​ប៉ុណ្ណោះ»។ បន្ទាប់​មក លោក​បាន​ប្រើ​រឿង​ប្រៀប​ប្រដូច​ដ៏​ល្អ​មួយ​ថា៖ «អ្នក​ណា​ដែល​យក ប្រពន្ធ នោះ​ឈ្មោះ​ថា​ជា​ប្ដី​ហើយ ឯ​ពួក​មិត្រ​សំឡាញ់ ដែល​ឈរ​ស្ដាប់​គាត់ កំពុង​ដែល​រៀប​ការ នោះ​ក៏​មាន​សេចក្ដី​អំណរ​អរ​ឡើង ដោយ​សារ​សំឡេង​ប្ដី គឺ​យ៉ាង​នោះ​ឯង ដែល​សេចក្ដី​អំណរ​របស់​ខ្ញុំ​បាន​ពោរ​ពេញ​ហើយ»។

យ៉ូហាន​ជា​មិត្ត​សំឡាញ់​របស់​កូន​កំលោះ​នេះ ប្រមាណ​ប្រាំ​មួយ​ខែ​មុន លោក​មាន​ចិត្ត​រីករាយ​ណាស់ ពេល​ដែល​លោក​នាំ​ពួក​សិស្ស​របស់​លោក​ឲ្យ​ស្គាល់​ព្រះ​យេស៊ូ។ ពួក​សិស្ស​ខ្លះ​បាន​ក្លាយ​ទៅ​ជា​សមាជិក​នៃ​ក្រុម​កូន​ក្រមុំ​របស់​ព្រះ​យេស៊ូ​នៅ​ស្ថាន​សួគ៌ ដែល​រួម​ជា​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ។ យ៉ូហាន​ក៏​ចង់​ឲ្យ​ពួក​សិស្ស​របស់​លោក ដើរ​តាម​ព្រះ​យេស៊ូ​ដែរ ពីព្រោះ​គោល​បំណង​របស់​លោក គឺ​ដើម្បី​រៀបចំ​ផ្លូវ​សំរាប់​កិច្ច​បំរើ​ដ៏​ជោគ​ជ័យ​របស់​ព្រះ​យេស៊ូ។ ដូច្នេះ យ៉ូហាន​ដែល​ជា​អ្នក​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​គេ ពន្យល់​ថា៖ «ត្រូវ​ឲ្យ​ព្រះ​អង្គ​នោះ​បាន​ចំរើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​ថយ​វិញ​ចុះ!»។

សិស្ស​ថ្មី​របស់​ព្រះ​យេស៊ូ​ឈ្មោះ​យ៉ូហាន ដែល​ពី​មុន​ជា​សិស្ស​របស់​យ៉ូហាន​ដែល​ជា​អ្នក​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​គេ​នោះ គាត់​ក៏​បាន​សរសេរ​ស្តី​អំពី​ដើម​កំណើត​របស់​ព្រះ​យេស៊ូ និង​មុខ​នាទី​ដ៏​សំខាន់​របស់​ទ្រង់​ក្នុង​ការ​សង្គ្រោះ​មនុស្ស ដោយ​មាន​ប្រសាសន៍​ថា៖ «ព្រះ​អង្គ​ដែល​យាង​មក​ពី​ស្ថាន​លើ នោះ​ខ្ពស់​លើស​ទាំង​អស់ . . . ឯ​ព្រះ​វរបិតា ទ្រង់​ស្រឡាញ់​ព្រះ​រាជបុត្រា ហើយ​បាន​ប្រគល់​គ្រប់​ទាំង​អស់ មក​ក្នុង​ព្រះ​ហស្ត​ទ្រង់ ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា នោះ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ​ដល់​ព្រះ​រាជបុត្រា​វិញ នោះ​នឹង​មិន​ឃើញ​ជីវិត​សោះ​ឡើយ គឺ​សេចក្ដី​ក្រោធ​របស់​ព្រះ តែង​នៅ​ជាប់​លើ​អ្នក​នោះ​ឯង»។

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​យ៉ូហាន​ដែល​ជា​អ្នក​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​គេ បាន​ពិគ្រោះ​នូវ​ការ​អន់​ថយ​នៃ​សកម្មភាព​របស់​លោក នោះ​លោក​បាន​ត្រូវ​ស្តេច​ហេរ៉ូឌ​ចាប់​ដាក់​គុក។ ស្តេច​ហេរ៉ូឌ​បាន​យក​ហេរ៉ូឌាស​ដែល​ជា​ភរិយា​របស់​ភីលីព​អនុជ​ទ្រង់ មក​ធ្វើ​ជា​ភរិយា​ខ្លួន ហើយ​នៅ​ពេល​ដែល​យ៉ូហាន​បាន​លាត​ត្រដាង​នូវ​ការ​ប្រព្រឹត្ត​នេះ​ថា​មិន​សម​ត្រឹម​ត្រូវ នោះ​ស្តេច​ហេរ៉ូឌ​ក៏​ឲ្យ​គេ​ចាប់​គាត់​ដាក់​គុក។ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ឮ​អំពី​ការ​ចាប់​យ៉ូហាន នោះ​ទ្រង់​ក៏​យាង​ចេញ​ពី​ស្រុក​យូដា​ជា​មួយ​ពួក​សិស្ស​ទ្រង់ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលីឡេ​វិញ។ យ៉ូហាន ៣:២២–៤:៣; កិច្ច​ការ ១៩:៤; ម៉ាថាយ ២៨:១៩; កូរិនថូស​ទី​២ ១១:២; ម៉ាកុស ១:១៤; ៦:១៧​-​២០

តើ​ពិធី​ជ្រមុជ​ទឹក​ដែល​បាន​ធ្វើ​ឡើង​មុន​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ ហើយ​ក្រោម​ការ​បង្គាប់​របស់​ទ្រង់ នោះ​តំណាង​អ្វី? ហើយ​ក្រោយ​ពី​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់​នោះ តំណាង​អ្វី​វិញ?

តើ​តាម​របៀប​ណា​ដែល​យ៉ូហាន​បង្ហាញ​ថា ការ​ត្អូញត្អែរ​របស់​ពួក​សិស្ស​លោក គឺ​ឥត​ត្រឹម​ត្រូវ​នោះ?

ហេតុ​អ្វី​ក៏​គេ​ចាប់​យ៉ូហាន​ដាក់​គុក?