លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រឿងប្រៀបប្រដូចអំពីប្រាក់ម៉ាយណា

រឿងប្រៀបប្រដូចអំពីប្រាក់ម៉ាយណា

ជំពូក​ទី​១០០

រឿង​ប្រៀប​ប្រដូច​អំពី​ប្រាក់​ម៉ាយណា

ព្រះ​យេស៊ូ​ប្រហែល​ជា​បាន​សំរាក​នៅ​ផ្ទះ​របស់​សាខេ​នៅ​ឡើយ ព្រោះ​ផ្ទះ​របស់​គាត់​នៅ​តាម​ផ្លូវ​ទៅ​ទី​ក្រុង​យេរូសាឡិម។ ពួក​សិស្ស​របស់​ទ្រង់​ជឿ​ថា ពេល​ពួក​គេ​ទៅ​ដល់​ក្រុង​យេរូសាឡិម ព្រះ​យេស៊ូ​នឹង​ប្រកាស​ថា ទ្រង់​ជា​ព្រះ​មេស្ស៊ី ហើយ​ទ្រង់​នឹង​ស្ថាបនា​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​នូវ​រឿង​ប្រៀប​ប្រដូច​មួយ ដើម្បី​កែ​តម្រូវ​គំនិត​នេះ និង​បង្ហាញ​ថា​ការ​គ្រប់​គ្រង​ព្រះ​រាជាណាចក្រ​គឺ​នៅ​យូរ​ទៀត។

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «មាន​បុរស​ត្រកូល​ខ្ពស់​ម្នាក់ រៀប​នឹង​ចេញ​ទៅ​ឯ​ស្រុក​ឆ្ងាយ ដើម្បី​គ្រង​រាជ្យ រួច​ត្រឡប់​មក​វិញ»។ ព្រះ​យេស៊ូ​ជា«បុរស​ត្រកូល​ខ្ពស់​ម្នាក់» ហើយ​ស្ថាន​សួគ៌​ជា«ស្រុក​ឆ្ងាយ»។ នៅ​ពេល​ព្រះ​យេស៊ូ​ទៅ​ដល់​ទី​នោះ នោះ​ព្រះ​វរបិតា​របស់​ទ្រង់ នឹង​ប្រទាន​ឲ្យ​ព្រះ​យេស៊ូ​គ្រង​រាជ្យ។

ប៉ុន្តែ​មុន​នឹង​ចេញ​ដំណើរ​ទៅ បុរស​ត្រកូល​ខ្ពស់​នេះ ក៏​ហៅ​អ្នក​បំរើ​របស់​លោក​ដប់​នាក់ ប្រគល់​ប្រាក់​ម៉ាយណា​ឲ្យ​គេ​ម្នាក់​ៗ ដោយ​ថា៖ «ចូរ​ឯង​រាល់​គ្នា​ធ្វើ​ជំនួញ ដរាប​ដល់​អញ​ត្រឡប់​មក​វិញ»។ ក្នុង​សេចក្ដី​សម្រេច​ដំបូង នោះ​អ្នក​បំរើ​ដប់​នាក់​តំណាង​ពួក​សិស្ស​ដំបូង​របស់​ព្រះ​យេស៊ូ។ ប៉ុន្តែ​ក្នុង​ន័យ​ដ៏​ទូលំ​ទូលាយ នោះ​ពួក​គេ​តំណាង​អស់​អ្នក​ដែល​នឹង​គ្រង​មរតក​ជា​មួយ​ទ្រង់ ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។

ប្រាក់​ម៉ាយណា​គឺ​មាន​តម្លៃ​ណាស់ ដ្បិត​មួយ​ម៉ាយណា​គឺ​ស្មើ​នឹង​ប្រាក់​ឈ្នួល​បី​ខែ​ចំពោះ​កសិករ​នៅ​ស្រែ​ចំការ។ ក៏​ប៉ុន្តែ តើ​ប្រាក់​ម៉ាយណា​តំណាង​អ្វី? ហើយ​តើ​អ្នក​បំរើ​ត្រូវ​ប្រើ​ប្រាក់​ម៉ាយណា​នេះ​សំរាប់​ជំនួញ​អ្វី?

ប្រាក់​ម៉ាយណា​តំណាង​ធន​ធាន ដែល​ពួក​សិស្ស​ដែល​តែង​តាំង​ដោយ​វិញ្ញាណ អាច​យក​មក​ប្រើ​ដើម្បី​បង្កើត​ឲ្យ​មាន​អ្នក​គ្រង​មរតក​ថែម​ទៀត​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌ ទំរាំ​ព្រះ​យេស៊ូ​យាង​មក​ជា​ស្តេច​ក្នុង​ព្រះ​រាជាណាចក្រ​ដែល​បាន​សន្យា​នឹង​មក​នោះ។ ក្រោយ​ពី​ដំណើរ​រស់​ឡើង​វិញ​និង​ការ​លេច​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ នោះ​ទ្រង់​ប្រទាន​ឲ្យ​គេ​នូវ​ប្រាក់​ម៉ាយណា​និមិត្តរូប​នេះ ដើម្បី​ពួក​គេ​អាច​ធ្វើ​ឲ្យ​មាន​សិស្ស​ច្រើន ដែល​នឹង​ចូល​រួម​ក្នុង​ក្រុម​ដែល​នឹង​សោយ​រាជ្យ​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។

ព្រះ​យេស៊ូ​មាន​បន្ទូល​ទៀត​ថា៖ «ប៉ុន្តែ ពួក​អ្នក​ស្រុក​របស់​លោក គេ​ស្អប់​លោក[បុរស​ត្រកូល​ខ្ពស់]ណាស់ ក៏​ចាត់​សារ​ឲ្យ​ទៅ​តាម​ក្រោយ​លោក ទូល​ថា ‹យើង​រាល់​គ្នា​មិន​ចង់​ឲ្យ​មនុស្ស​នេះ​សោយ​រាជ្យ​លើ​យើង​ទេ›»។ ពួក​អ្នក​ស្រុក​តំណាង​ជន​ជាតិ​អ៊ីស្រាអែល​ឬ​សាសន៍​យូដា តែ​មិន​រួម​បញ្ចូល​ពួក​សិស្ស​របស់​ទ្រង់​ទេ។ ក្រោយ​ពី​ព្រះ​យេស៊ូ​យាង​ទៅ​ស្ថាន​សួគ៌ នោះ​ពួក​យូដា​ទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​ចង់​ឲ្យ​ទ្រង់​ជា​ស្តេច​របស់​ពួក​គេ​ទេ ដោយ​សារ​ពួក​គេ​បៀត​បៀន​ពួក​សិស្ស​របស់​ទ្រង់។ តាម​របៀប​នេះ ពួក​គេ​ប្រព្រឹត្ត​ដូច​ជា​ពួក​អ្នក​ស្រុក ដែល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​តាម​ក្រោយ។

តើ​អ្នក​បំរើ​ដប់​នាក់​នេះ​ប្រើ​ប្រាក់​ម៉ាយណា​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច? ព្រះ​យេស៊ូ​ពន្យល់​ថា៖ «លុះ​ត្រឡប់​មក​វិញ ក្រោយ​ដែល​បាន​គ្រង​រាជ្យ​ហើយ នោះ​ទ្រង់​បង្គាប់​ឲ្យ​ហៅ​ពួក​បាវ​ទាំង​នោះ ដែល​ទ្រង់​បាន​ប្រគល់​ប្រាក់​ដល់​គេ​ឲ្យ​មក ដើម្បី​ចង់​ដឹង ពី​អ្នក​និមួយ​ៗ ដែល​ជួញ​បាន​ចំណេញ​ប៉ុន្មាន​ម្នាក់។ អ្នក​មុន​ដំបូង​ក៏​មក​ទូល​ថា ‹ព្រះ​អម្ចាស់​អើយ! ប្រាក់[ម៉ាយណា]របស់​ទ្រង់​បាន​ចំណេញ​១០[ម៉ាយណា]ទៀត›។ រួច​ទ្រង់​មាន​បន្ទូល​ថា ‹ប្រពៃ​ហើយ​បាវ​ល្អ​អើយ!› ដោយ​ព្រោះ​ឯង​មាន​ចិត្ត​ស្មោះ​ចំពោះ ក្នុង​ការ​បន្ដិច​បន្តួច​នេះ នោះ​ចូរ​ឯង​ត្រួត​លើ​ទី​ក្រុង​១០​ចុះ!›។ អ្នក​ទី​២​ក៏​មក​ទូល​ថា ‹ព្រះ​អម្ចាស់​អើយ! ប្រាក់[ម៉ាយណា]របស់​ទ្រង់​បាន​ចំណេញ​៥[ម៉ាយណា]ទៀត›។ រួច​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នេះ​ដែរ​ថា ‹ឯ​ឯង ចូរ​ឯង​ត្រួត​លើ​ទី​ក្រុង​៥​ចុះ!›»។

អ្នក​បំរើ​ដែល​មាន​ប្រាក់​ម៉ាយណា​ដប់​តំណាង​ក្រុម​ឬ​គណៈ​សិស្ស​ដែល​មាន​តាំង​ពី​បុណ្យ​ថ្ងៃ​ទី​៥០​នៅ​ឆ្នាំ​៣៣ ស.យ.រហូត​មក​ដល់​ឥឡូវ​នេះ ដែល​រួម​បញ្ចូល​ពួក​សាវ័ក​ផង​ដែរ។ ពួក​អ្នក​បំរើ​ដែល​បាន​ចំណេញ​ប្រាក់​ម៉ាយណា​ប្រាំ ក៏​តំណាង​ក្រុម​មួយ​ទៀត​ក្នុង​កំឡុង​ពេល​ដដែល​នោះ ហើយ​យោង​ទៅ​តាម​ឱកាស​និង​សមត្ថភាព​របស់​គេ បាន​បង្កើន​ធន​ធាន​របស់​ស្តេច​នៅ​លើ​ផែនដី​នេះ។ ក្រុម​ទាំង​ពីរ​នេះ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​យ៉ាង​ខ្នះ​ខ្នែង ហើយ​ជា​លទ្ធផល មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​បាន​ក្លាយ​ទៅ​ជា​គ្រីស្ទាន។ អ្នក​បំរើ​ប្រាំ​បួន​នាក់​បាន​ធ្វើ​ជំនួញ​យ៉ាង​ជោគ​ជ័យ និង​បង្កើន​នូវ​ទ្រព្យ​របស់​គេ។

ព្រះ​យេស៊ូ​មាន​បន្ទូល​ទៀត​ថា៖ «អ្នក​១​ទៀត​មក​ទូល​ថា ‹ព្រះ​អម្ចាស់​អើយ! នេះ​នែ​ប្រាក់[ម៉ាយណា]របស់​ទ្រង់ ដែល​ទូល​បង្គំ​បាន​វេច​ទុក​ក្នុង​កន្សែង ដ្បិត​ទូល​បង្គំ​នឹក​ខ្លាច​ទ្រង់ ព្រោះ​ទ្រង់​ជា​មនុស្ស​ប្រិត​ប្រៀប ទ្រង់​លើក​យក​របស់​ដែល​ទ្រង់​មិន​បាន​ដាក់ ហើយ​ច្រូត​ចំរូត​ដែល​ទ្រង់​មិន​បាន​សាប​ព្រោះ›។ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ‹បាវ​អាក្រក់​អើយ! អញ​នឹង​ជំនុំ​ជំរះ​ឯង តាម​សំដី​ឯង ចុះ​បើ​ឯង​ដឹង​ថា អញ​ជា​មនុស្ស​ប្រិត​ប្រៀប ទាំង​លើក​យក​របស់​ដែល​អញ​មិន​បាន​ដាក់ ហើយ​ច្រូត​ចំរូត​ដែល​អញ​មិន​បាន​សាប​ព្រោះ ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​យក​ប្រាក់​អញ​នោះ ទៅ​ដាក់​នៅ​ឯ​ផ្ទះ​ចង​ការ​វិញ ដើម្បី​ដល់​អញ​ត្រឡប់​មក​វិញ នោះ​អញ​នឹង​បាន​ទាំង​ដើម​ទាំង​ការ​ផង?›។ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ពួក​អ្នក ដែល​ឈរ​នៅ​មុខ​លោក​ថា ‹ចូរ​ដក​យក​ប្រាក់​១[ម៉ាយណា]ពី​វា​ចេញ ហើយ​ឲ្យ​ដល់​អ្នក​ដែល​មាន​១០[ម៉ាយណា]វិញ›»។

ចំពោះ​អ្នក​បំរើ​អាក្រក់​នេះ ដោយ​គាត់​បាត់​បង់​នូវ​ប្រាក់​ម៉ាយណា​ដែល​ជា​និមិត្តរូប​នេះ ក៏​មាន​ន័យ​ថា​គាត់​បាត់​បង់​កន្លែង​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​ដែរ។ ត្រូវ​ហើយ គាត់​បាត់​បង់​នូវ​ឯកសិទ្ធិ​សោយ​រាជ្យ​លើ​ទី​ក្រុង​ដប់​ឬ​ទី​ក្រុង​ប្រាំ បើ​និយាយ​ជា​អត្ថបដិរូប។ ចូរ​កត់​សម្គាល់​ដែរ គេ​មិន​បាន​ប្រកាស​ថា​គាត់​ជា​អ្នក​បំរើ​អាក្រក់​ដែល​បាន​ប្រព្រឹត្ត​នូវ​អំពើ​អាក្រក់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​អាក្រក់ ដោយ​មិន​បាន​ធ្វើ​ការ ដើម្បី​បង្កើន​ទ្រព្យ​សម្បត្ដិ​នៃ​ព្រះ​រាជាណាចក្រ​របស់​ចៅហ្វាយ​គាត់។

ពេល​ប្រាក់​ម៉ាយណា​របស់​អ្នក​បំរើ​អាក្រក់​នេះ យក​ទៅ​ឲ្យ​អ្នក​បំរើ​ទី​មួយ នោះ​ពួក​គេ​ប្រកែក​ថា៖ «ព្រះ​អម្ចាស់​អើយ! អ្នក​នោះ​មាន​១០[ម៉ាយណា]ហើយ!»។ តែ​ព្រះ​យេស៊ូ​មាន​បន្ទូល​តប​ថា៖ «គេ​នឹង​ឲ្យ​ដល់​អស់​អ្នក​ណា​ដែល​មាន តែ​អ្នក​ណា​ដែល​គ្មាន នោះ​គេ​នឹង​ហូត​យក​ទាំង​របស់​ដែល​អ្នក​នោះ​មាន​ចេញ​ផង មួយ​ទៀត ឯ​ពួក​ខ្មាំង​សត្រូវ ដែល​មិន​ចង់​ឲ្យ​អញ​សោយ​រាជ្យ​លើ​គេ នោះ​ចូរ​នាំ​គេ​មក​សំឡាប់​ទាំង​អស់ នៅ​មុខ​អញ​នេះ​វិញ»។ លូកា ១៩:១១​-​២៧; ម៉ាថាយ ២៨:១៩, ២០

តើ​អ្វី​ដែល​ជំរុញ​ឲ្យ​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់ អំពី​រឿង​ប្រៀប​ប្រដូច​នៃ​ប្រាក់​ម៉ាយណា?

តើ​អ្នក​ណា​ជា​បុរស​ដែល​មាន​ត្រកូល​ខ្ពស់? ហើយ​តើ​គាត់​ទៅ​ស្រុក​ណា?

តើ​ពួក​អ្នក​បំរើ​តំណាង​អ្នក​ណា? ហើយ​តើ​ប្រាក់​ម៉ាយណា​តំណាង​អ្វី?

តើ​ពួក​អ្នក​ស្រុក​តំណាង​អ្នក​ណា? ហើយ​តើ​ពួក​គេ​បង្ហាញ​នូវ​សេចក្ដី​ស្អប់​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​ក៏​អ្នក​បំរើ​ម្នាក់​ក្លាយ​ទៅ​ជា​អាក្រក់? ហើយ​គាត់​បាត់​បង់​ប្រាក់​ម៉ាយណា​របស់​គាត់​មាន​ន័យ​យ៉ាង​ណា?