លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រឿងអំពីកូនប្រុសវង្វេងម្នាក់

រឿងអំពីកូនប្រុសវង្វេងម្នាក់

ជំពូក​ទី​៨៦

រឿង​អំពី​កូន​ប្រុស​វង្វេង​ម្នាក់

ព្រះ​យេស៊ូ​រៀប​រាប់​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត ក្រោយ​ពី​បាន​រៀប​រាប់​ប្រាប់​ពួក​ផារីស៊ី​អំពី​រឿង​ប្រៀប​ប្រដូច​អំពី​ការ​រក​ឃើញ​ចៀម​ដែល​វង្វេង​បាត់ និង​ការ​បាត់​ប្រាក់​ដ្រាកម៉ា។ រឿង​ប្រៀប​ប្រដូច​នេះ​គឺ​អំពី​បិតា​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់ និង​អំពី​ការ​ប្រព្រឹត្ត​របស់​គាត់​ទៅ​លើ​កូន​ប្រុស​គាត់​ពីរ​នាក់ ដែល​ម្នាក់​ៗ​មាន​កំហុស​ដ៏​ធ្ងន់​ដូច​គ្នា។

ជា​បឋម គឺ​មាន​កូន​ពៅ​ជា​តួ​អង្គ​សំខាន់​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ។ កូន​ពៅ​នេះ​ប្រមូល​មរតក​របស់​ខ្លួន ដែល​ឪពុក​របស់​គាត់​បាន​ចែក​ឲ្យ​គាត់​ដោយ​គ្មាន​ការ​ទើស​ទាល់។ រួច​មក កូន​នោះ​ចាក​ចេញ​ពី​ផ្ទះ​ទៅ​ប្រកប​ជីវភាព​រស់​នៅ​ដ៏​អសីលធម៌។ ប៉ុន្តែ ចូរ​ស្ដាប់​រឿង​នេះ ពេល​ព្រះ​យេស៊ូ​រៀប​រាប់​ប្រាប់ ហើយ​មើល​ថា​តើ​អ្នក​អាច​ដឹង​ថា តួ​អង្គ​ទាំង​នោះ​តំណាង​ឲ្យ​អ្នក​ណា​ខ្លះ។

ព្រះ​យេស៊ូ​ចាប់​ផ្ដើម​មាន​បន្ទូល​ថា៖ «មាន​បុរស​ម្នាក់​មាន​កូន​ប្រុស​២ កូន​ពៅ​និយាយ​ទៅ​ឪពុក​ថា៖ ‹សូម​លោក​ឪពុក​ប្រគល់​ចំណែក​មរដក ដែល​ត្រូវ​ចែក​ដល់​ខ្ញុំ​នោះ​មក› គាត់[ឪពុក​នោះ]ក៏​ចែក​ទ្រព្យ​នោះ​ដល់​កូន»។ តើ​កូន​ពៅ​នេះ​យក​មរតក​ដែល​គាត់​បាន​ទទួល​នោះ​ទៅ​ធ្វើ​អ្វី?

ព្រះ​យេស៊ូ​ពន្យល់​ថា៖ «ក្រោយ​បន្ដិច​មក កូន​ពៅ​ប្រមូល​ទាំង​អស់ ចេញ​ទៅ​ឯ​ស្រុក​ឆ្ងាយ ហើយ​ក៏​បង្ហិន​ទ្រព្យ​ទៅ ដោយ​ល្បែង​ដ៏​ហួស​ខ្នាត»។ តាម​ការ​ពិត គាត់​បង្ហិន​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ជា​មួយ​នឹង​ស្រី​ពេស្យា។ ដូច​ជា​ព្រះ​យេស៊ូ​រៀប​រាប់​ជា​បន្ត ក្រោយ​មក​មាន​គ្រា​ដ៏​ពិបាក៖

«កាល​បាន​ចាយ​អស់​រលីង​ហើយ នោះ​កើត​មាន​អំណត់​ជា​ខ្លាំង​នៅ​ស្រុក​នោះ វា​ក៏​មាន​សេចក្ដី​ទ័ល​ក្រ រួច​ទៅ​បំរើ​អ្នក​ស្រុក​នោះ​ម្នាក់ ហើយ​គេ​ប្រើ​ឲ្យ​ទៅ​ឯ​វាល​ឃ្វាល​ហ្វូង​ជ្រូក វា​មាន​ចិត្ត​ចង់​ចំអែត​ពោះ ដោយ​សំបក​ដែល​ជ្រូក​ស៊ី​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​សោះ»។

នេះ​គឺ​ជា​អ្វី​ដ៏​ថោក​ទាប​មែន ដែល​គាត់​ត្រូវ​ឃ្វាល​ហ្វូង​ជ្រូក ដ្បិត​យោង​ទៅ​តាម​ក្រិត្យ​វិន័យ​សត្វ​ទាំង​នេះ​ត្រូវ​រាប់​ជា​មិន​ស្អាត! ក៏​ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​កូន​ប្រុស​នេះ​រឹត​តែ​ឈឺ​ចាប់​ជាង​នេះ​ទៅ​ទៀត គឺ​ដោយ​សារ​គាត់​ឃ្លាន​ខ្លាំង​ណាស់ ដែល​បណ្ដាល​ឲ្យ​គាត់​មាន​ចិត្ត​ចង់​បរិភោគ​ចំណី​ដែល​គេ​ដាក់​ឲ្យ​ជ្រូក​ស៊ី។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា«វា​ភ្ញាក់​ដឹង​ខ្លួន»ពីព្រោះ​គាត់​មាន​វិប្បដិសារី​យ៉ាង​ខ្លាំង។

ព្រះ​យេស៊ូ​ពន្យល់​រឿង​នេះ​ជា​បន្ត​ថា៖ «នោះ​ក៏​គិត​ថា ‹ឪពុក​អញ​មាន​ជើង​ឈ្នួល​ប៉ុន្មាន​ៗ សុទ្ធ​តែ​មាន​អាហារ​បរិបូរ​គ្រប់​គ្នា តែ​នៅ​ទី​នេះ អញ​ជិត​ដាច់​ពោះ​ស្លាប់​ហើយ អញ​នឹង​ក្រោក​ឡើង ទៅ​និយាយ​នឹង​គាត់​ថា៖ «លោក​ឪពុក! ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​នឹង​លោក​ឪពុក​មែន ខ្ញុំ​នេះ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​ជើង​ឈ្នួល​លោក​ឪពុក​វិញ​ចុះ!»› នោះ​វា​ក៏​ក្រោក​ឡើង​ដើរ​ទៅ»។

គឺ​មាន​ចំណុច​ខ្លះ​ៗ​ដែល​យើង​ត្រូវ​យក​មក​ពិចារណា។ ប្រសិន​បើ​ឪពុក​របស់​គាត់​បាន​វាយ​ធ្វើ​បាប​ហើយ​ស្រែក​ដាក់​គាត់​ទាំង​មាន​កំហឹង ពេល​គាត់​ចាក​ចេញ​ពី​ផ្ទះ នោះ​ប្រហែល​ជា​កូន​ប្រុស​នេះ​គិត​រក​ផ្លូវ​ផ្សេង​ចំពោះ​អ្វី​ដែល​គាត់​គួរ​ធ្វើ​នោះ។ គាត់​អាច​សម្រេច​ចិត្ត​ត្រឡប់​ទៅ​រក​ការងារ​នៅ​កន្លែង​ផ្សេង​ពី​ស្រុក​កំណើត ដើម្បី​កុំ​ឲ្យ​ជួប​មុខ​ឪពុក​របស់​គាត់។ ក៏​ប៉ុន្តែ គាត់​ឥត​មាន​គំនិត​បែប​នេះ​ទេ។ គាត់​ចង់​តែ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប៉ុណ្ណោះ!

យ៉ាង​ច្បាស់​ណាស់ ឪពុក​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ​របស់​ព្រះ​យេស៊ូ តំណាង​ព្រះ​យេហូវ៉ា ជា​ព្រះ​វរបិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​មេត្ដា​ករុណា។ ហើយ​អ្នក​ក៏​ប្រហែល​ជា​កត់​សម្គាល់​ថា កូន​ដែល​វង្វេង ឬ​កូន​បង្ហិន​ទ្រព្យ​នេះ​តំណាង​ពួក​មនុស្ស​មាន​បាប​ដែល​គេ​ស្គាល់​ទូទៅ។ ពួក​ផារីស៊ី​ដែល​ព្រះ​យេស៊ូ​កំពុង​តែ​មាន​បន្ទូល​នោះ បាន​រិះ​គន់​ព្រះ​យេស៊ូ​ដោយ​ទ្រង់​សោយ​ព្រះ​ស្ងោយ​នឹង​ពួក​មនុស្ស​បែប​នេះ។ ក៏​ប៉ុន្តែ តើ​កូន​ច្បង​តំណាង​អ្នក​ណា?

នៅ​ពេល​ដែល​ឃើញ​កូន​វង្វេង​នេះ​មក​វិញ

នៅ​ពេល​កូន​វង្វេង​ឬ​កូន​បង្ហិន​ទ្រព្យ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ​របស់​ព្រះ​យេស៊ូ ត្រឡប់​មក​ផ្ទះ​របស់​ឪពុក​វិញ តើ​មាន​ពិធី​ទទួល​យ៉ាង​ណា? ចូរ​ស្ដាប់​នូវ​របៀប​ដែល​ព្រះ​យេស៊ូ​រៀប​រាប់​ប្រាប់:

«លុះ​ឪពុក​ឃើញ​ពី​ចំ​ងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្ដា ហើយ​រត់​ទៅ​ឱប​ថើប​វា»។ ឪពុក​នេះ​មាន​ចិត្ត​មេត្ដា​និង​កក់​ក្ដៅ​ណាស់ ដែល​តំណាង​យ៉ាង​ស័ក្ដិ​សម​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌!

ប្រហែល​ជា​ឪពុក​បាន​ឮ​អំពី​ការ​រស់​នៅ​ដ៏​អសីលធម៌​របស់​កូន​នេះ​រួច​ទៅ​ហើយ។ តែ​ឪពុក​ទទួល​ស្វាគមន៍​កូន ដោយ​ឥត​ចាំ​បាច់​ឲ្យ​កូន​ពន្យល់​យ៉ាង​ល្អិត​ល្អន់​នោះ​ទេ។ ព្រះ​យេស៊ូ​ក៏​មាន​ព្រះ​ទ័យ​រាក់​ទាក់​ដែរ ដោយ​ទ្រង់​យាង​ទៅ​រក​ពួក​មនុស្ស​មាន​បាប និង​ពួក​អ្នក​យក​ពន្ធ​ដែល​ក្នុង​រឿង​នេះ ពួក​គេ​ទាំង​នេះ​គឺ​តំណាង​កូន​បង្ហិន​ទ្រព្យ។

ពិត​ហើយ ឪពុក​ដែល​ចេះ​យោគ​យល់​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ ច្បាស់​ជា​ដឹង​អំពី​ការ​ប្រែ​ចិត្ត​នៃ​កូន​ប្រុស​របស់​គាត់ ដោយ​សង្កេត​ឃើញ​ទឹក​មុខ​ដ៏​ក្រៀម​ក្រំ ពេល​កូន​នោះ​ត្រឡប់​មក​វិញ។ ក៏​ប៉ុន្តែ ដោយ​សារ​ឪពុក​ផ្ដើម​ក្នុង​ការ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់ នោះ​ក៏​ធ្វើ​ឲ្យ​កូន​នេះ​ស្រួល​សារភាព​នូវ​អំពើ​បាប​ខ្លួន ដូច​ជា​ព្រះ​យេស៊ូ​រៀប​រាប់​ថា៖ «ទើប​វា​និយាយ​ថា ‹លោក​ឪពុក! ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​នឹង​លោក​ឪពុក ខ្ញុំ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​របស់​លោក​ឪពុក​ទៀត​ទេ›»។

តែ​ពាក្យ​សំដី​របស់​កូន​មិន​ទាន់​ចប់​ពី​មាត់​ផង ឪពុក​នេះ​ក៏​ចាត់​វិធានការ​ភ្លាម ដោយ​បញ្ជា​ពួក​បាវ​ថា៖ «ចូរ​យក​អាវ​ល្អ​បំផុត​ចេញ​មក​បំពាក់​ឲ្យ​វា ហើយ​យក​ចិញ្ជៀន នឹង​ស្បែក​ជើង​មក​ឲ្យ​ផង រួច​យក​កូន​គោ​ដែល​បំប៉ន​មក​សំឡាប់​ចុះ! យើង​នឹង​បរិភោគ​ឲ្យ​សប្បាយ​ចិត្ត ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ ហើយ​បាន​ឃើញ​មក​វិញ»។ រួច​មក ទាំង​ឪពុក​និង​កូន«ក៏​បរិភោគ​សប្បាយ​ទាំង​អស់​គ្នា​ទៅ»។

ក្នុង​កំឡុង​ពេល​នោះ«កូន​ច្បង​នៅ​ឯ​ចំការ»ក៏​ត្រឡប់​មក​វិញ។ សូម​មើល តើ​អ្នក​អាច​សម្គាល់​ថា​គាត់​តំណាង​អ្នក​ណា ដោយ​អាន​នូវ​សាច់​រឿង​ទាំង​មូល​នេះ។ ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​កូន​ច្បង​នេះ​ថា៖ «កាល​ត្រឡប់​មក​ជិត​ដល់​ផ្ទះ នោះ​ក៏​ឮ​សូរ​ភ្លេង​នឹង​របាំ គាត់​ហៅ​ពួក​បាវ​ម្នាក់​មក​សួរ​ថា គេ​ធ្វើ​អ្វី​ហ្នឹង? បាវ​នោះ​ជំរាប​ថា ‹ប្អូន​លោក​ត្រឡប់​មក​វិញ ហើយ​លោក​ឪពុក​បាន​សំឡាប់​កូន​គោ​ដែល​បំប៉ន ដោយ​ព្រោះ​បាន​កូន​មក​វិញ​ដោយ​សុខ​សាន្ត›។ ដូច្នេះ គាត់​ក៏​ខឹង មិន​ព្រម​ចូល​ទៅ​សោះ បាន​ជា​ឪពុក​ចេញ​មក​អង្វរ​ដល់​គាត់ តែ​គាត់​ឆ្លើយ​ថា ‹មើល! ខ្ញុំ​បាន​បំរើ​លោក​ឪពុក​ប៉ុន្មាន​ឆ្នាំ​នេះ​មក​ហើយ មិន​ដែល​ធ្វើ​ខុស​អ្វី​នឹង​បង្គាប់​សោះ តែ​លោក​ឪពុក​មិន​ដែល​ឲ្យ​កូន​ពពែ សូម្បី​តែ​១ ឲ្យ​ខ្ញុំ​បាន​អរ​សប្បាយ ជា​មួយ​នឹង​ពួក​មិត្រ​សំឡាញ់​ខ្ញុំ​ឡើយ ឯ​កូន​លោក​ឪពុក ដែល​វា​បង្ហិន​បំផ្លាញ​សម្បត្ដិ​លោក​ឪពុក​អស់ ដោយ​នូវ​ស្រី​អ្នក​លេង[«ស្រី​ពេស្យា», ព.ថ.]នេះ កាល​បាន​មក​ដល់ នោះ​លោក​ឪពុក​សំឡាប់​កូន​គោ ដែល​បំប៉ន​ឲ្យ​វា​ភ្លាម!›»។

តើ​អ្នក​ណា​ដូច​កូន​ច្បង​នេះ ដែល​បាន​រិះ​គន់​នូវ​សេចក្ដី​មេត្ដា​ករុណា​និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​មនុស្ស​មាន​បាប? អ្នក​ទាំង​នេះ​គឺ​ជា​ពួក​ស្ក្រែប​និង​ពួក​ផារីស៊ី មែន​ទេ? មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ព្រះ​យេស៊ូ​ប្រើ​រឿង​ប្រៀប​ប្រដូច​នេះ គឺ​ដោយ​សារ​ពួក​គេ​រិះ​គន់​ព្រះ​យេស៊ូ ពីព្រោះ​ទ្រង់​ទទួល​ស្វាគមន៍​ពួក​មនុស្ស​មាន​បាប។ យ៉ាង​ច្បាស់​ណាស់ កូន​ច្បង​នេះ​គឺ​តំណាង​ពួក​ស្ក្រែប​និង​ពួក​ផារីស៊ី។

ព្រះ​យេស៊ូ​បញ្ចប់​រឿង​របស់​ទ្រង់​នេះ ដោយ​ប្រាប់​អំពី​សេចក្ដី​អង្វរ​របស់​ឪពុក​ដល់​កូន​ច្បង​ថា៖ «កូន​អើយ! ឯង​បាន​នៅ​ជា​មួយ​នឹង​អញ​ជា​ដរាប ឯ​របស់​អញ​ទាំង​ប៉ុន្មាន ក៏​ជា​របស់​ឯង​ដែរ គួរ​ឲ្យ​យើង​ស៊ី​លៀង ដោយ​អរ​សប្បាយ​ទៅ ពីព្រោះ​ប្អូន​ឯង​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​បង់ តែ​បាន​ឃើញ​មក​វិញ​ហើយ»។

ដូច្នេះ​ហើយ ព្រះ​យេស៊ូ​ឥត​បាន​ប្រាប់​នូវ​អ្វី​ដែល​កូន​ច្បង​នេះ​នឹង​ធ្វើ​នៅ​ទី​បំផុត​ទេ។ ប្រាកដ​ហើយ ក្រោយ​ពី​ព្រះ​យេស៊ូ​សោយ​ទិវង្គត​ទៅ​និង​ពេល​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នោះ «ពួក​សង្ឃ ក៏​មាន​សន្ធឹក​ចុះ​ចូល​ជឿ​ដែរ» ប្រហែល​ជា​អ្នក​ខ្លះ​គឺ​រួម​បញ្ចូល​ក្រុម​របស់«កូន​ច្បង» ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ចំពោះ​ពួក​គេ​នោះ។

ក៏​ប៉ុន្តែ តើ​កូន​ទាំង​ពីរ​នេះ​តំណាង​អ្នក​ណា​នៅ​សម័យ​ទំនើប​នេះ? នេះ​ច្បាស់​ជា​តំណាង​អស់​អ្នក​ដែល​បាន​ស្គាល់​យ៉ាង​ច្បាស់​នូវ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​ចង់​ឲ្យ​ពួក​គេ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ទ្រង់​ជា​មូលដ្ឋាន​គ្រឹះ។ កូន​ច្បង​តំណាង​សមាជិក​ខ្លះ​នៃ«ហ្វូង​តូច» ឬ«ជំនុំ​ពួក​កូន​ច្បង​ដែល​កត់​ទុក​នៅ​ស្ថាន​សួគ៌»។ ពួក​អ្នក​ទាំង​នេះ​មាន​អាកប្បកិរិយា​ស្រដៀង​គ្នា​នឹង​កូន​ច្បង។ ពួក​គេ​ឥត​មាន​សេចក្ដី​ប្រាថ្នា​ទទួល​ស្វាគមន៍​ពួក​ក្រុម​ខាង​ផែនដី​ដែល​ជា«ចៀម​ឯ​ទៀត» ដ្បិត​ពួក​គេ​គិត​ថា ពួក​ចៀម​ឯ​ទៀត​នឹង​មាន​មុខ​មាត់​ធំ​ជាង​ពួក​គេ។

ផ្ទុយ​ទៅ​វិញ កូន​បង្ហិន​ទ្រព្យ តំណាង​រាស្ត្រ​ខ្លះ​របស់​ព្រះ ដែល​ចាក​ចេញ​ទៅ​សប្បាយ​រីករាយ​នឹង​អ្វី​ដែល​មាន​ក្នុង​លោកីយ៍។ ក៏​ប៉ុន្តែ នៅ​ពេល​ក្រោយ​មក ពួក​គេ​ក៏​ត្រឡប់​មក​វិញ​ទាំង​ប្រែ​ចិត្ត ហើយ​ក្លាយ​ទៅ​ជា​អ្នក​បំរើ​យ៉ាង​សកម្ម​ម្ដង​ទៀត​របស់​ព្រះ។ ប្រាកដ​ហើយ បិតា​នេះ​គឺ​មាន​ព្រះ​ទ័យ​មេត្ដា​ដល់​អស់​អ្នក​ដែល​ទទួល​ស្គាល់ ថា​ខ្លួន​ត្រូវ​តែ​សុំ​ការ​អត់​ឱន​ទោស​ពី​ព្រះ និង​ត្រឡប់​មក​រក​ទ្រង់​វិញ! លូកា ១៥:១១​-​៣២; លេវីវិន័យ ១១:៧, ៨; កិច្ច​ការ ៦:៧; លូកា ១២:៣២; ហេព្រើរ ១២:២៣; យ៉ូហាន ១០:១៦

តើ​ព្រះ​យេស៊ូ​រៀប​រាប់​ប្រាប់​រឿង​ប្រៀប​ប្រដូច​នេះ​ទៅ​អ្នក​ណា? ហើយ​ហេតុ​អ្វី?

តើ​អ្នក​ណា​ជា​តួ​អង្គ​សំខាន់​ក្នុង​រឿង​នេះ? ហើយ​តើ​មាន​អ្វី​កើត​ឡើង​ដល់​គាត់?

តើ​ឪពុក​និង​កូន​ពៅ​នេះ​តំណាង​អ្នក​ណា ក្នុង​សម័យ​របស់​ព្រះ​យេស៊ូ?

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​វរបិតា​ដ៏​មាន​មេត្ដា ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ?

តើ​កូន​ច្បង​មាន​ទស្សនៈ​យ៉ាង​ណា ចំពោះ​ការ​ទទួល​ស្វាគមន៍​ដែល​មាន​ចំពោះ​ប្អូន​របស់​គាត់? តើ​ពួក​ផារីស៊ី​កាន់​មារយាទ​ដូច​កូន​ច្បង​យ៉ាង​ដូច​ម្ដេច?

តើ​រឿង​នេះ​មាន​ទំនាក់​ទំនង​យ៉ាង​ណា​ក្នុង​សម័យ​យើង​នេះ?