លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រៀនពីការល្បួងដែលព្រះយេស៊ូធ្លាប់ពិសោធ

រៀនពីការល្បួងដែលព្រះយេស៊ូធ្លាប់ពិសោធ

ជំពូក​ទី​១៣

រៀន​ពី​ការ​ល្បួង​ដែល​ព្រះ​យេស៊ូ​ធ្លាប់​ពិសោធ

ក្រោយ​ពី​បុណ្យ​ជ្រមុជ​ទឹក​របស់​ទ្រង់​ភ្លាម នោះ​ព្រះ​យេស៊ូ​បាន​ត្រូវ​វិញ្ញាណ​របស់​ព្រះ​នាំ​ទៅ​ឯ​ទី​រហោ​ស្ថាន​នៅ​ក្នុង​ស្រុក​យូដា។ ទ្រង់​មាន​អ្វី​ជា​ច្រើន​ដើម្បី នឹង​គិត ដ្បិត​ពេល​ទ្រង់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ «មេឃ​ក៏​បើក​ឡើង» ដើម្បី​ឲ្យ​ទ្រង់​អាច​យល់​អំពី​អ្វី​នៅ​ស្ថាន​សួគ៌។ ប្រាកដ​ហើយ គឺ​មាន​អ្វី​ជា​ច្រើន​ដើម្បី​ឲ្យ​ទ្រង់​រំពឹង​គិត!

ព្រះ​យេស៊ូ​ចំណាយ​ពេល​៤០​ថ្ងៃ​និង​៤០​យប់​នៅ​ក្នុង​ទី​រហោ​ស្ថាន ហើយ​មិន​បាន​សោយ​អ្វី​សោះ​ក្នុង​កំឡុង​ពេល​នោះ។ រួច​មក នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ទ្រង់​ឃ្លាន​យ៉ាង​ខ្លាំង នោះ​អារក្ស​ក៏​ចូល​មក​ល្បួង​ទ្រង់ ដោយ​ពោល​ថា៖ «បើ​អ្នក​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​មែន ចូរ​បង្គាប់​ឲ្យ​ថ្ម​ទាំង​នេះ​ត្រឡប់​ជា​នំ​ប៉័ង​ទៅ!»។ ប៉ុន្តែ​ព្រះ​យេស៊ូ​ជ្រាប​ថា គឺ​ជា​ការ​ខុស​ក្នុង​ការ​ប្រើ​អំណាច​ធ្វើ​អព្ភូតហេតុ​ដើម្បី ផ្គាប់​តាម​សេចក្ដី​ប្រាថ្នា​ផ្ទាល់​ខ្លួន​នោះ។ ដូច្នេះ​ទ្រង់​បដិសេធ​ដោយ​មិន​ធ្វើ​តាម​ការ​បោក​បញ្ឆោត​របស់​អារក្ស​ឡើយ។

ក៏​ប៉ុន្តែ អារក្ស​មិន​ព្រម​ចុះ​ចាញ់​ទេ។ វា​ក៏​សាក​ប្រើ​ឧបាយ​កល​មួយ​ទៀត។ វា​ល្បង​ល​ឲ្យ​ព្រះ​យេស៊ូ​លោត​ទម្លាក់​ខ្លួន​ពី​កំផែង​ព្រះ​វិហារ ដើម្បី​ឲ្យ​ពួក​ទេវតា​របស់​ព្រះ​សង្គ្រោះ​ទ្រង់។ ប៉ុន្តែ ព្រះ​យេស៊ូ​មិន​ឲ្យ​វា​ល្បួង ដើម្បី​ធ្វើ​ការ​បង្ហាញ​ដ៏​អស្ចារ្យ​នោះ​ទេ។ ដោយ​ស្រង់​ឃ្លា​ពី​បទ​គម្ពីរ នោះ​ព្រះ​យេស៊ូ​បង្ហាញ​ថា គឺ​ជា​ការ​ខុស​ក្នុង​ការ​ល្បង​ល​ព្រះ​តាម​របៀប​នេះ។

នៅ​ក្នុង​ការ​ល្បួង​ទី​បី តាម​របៀប​ជា​អព្ភូតហេតុ នោះ​អារក្ស​បង្ហាញ​ព្រះ​រាជាណាចក្រ​ទាំង​ប៉ុន្មាន​ក្នុង​ពិភព​លោក​ឲ្យ​ព្រះ​យេស៊ូ​ទត ហើយ​ទូល​ថា៖ «បើ​សិន​ជា​អ្នក​ក្រាប​ថ្វាយ​បង្គំ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ឲ្យ​របស់​ទាំង​នេះ​ដល់​អ្នក»។ ក៏​ប៉ុន្តែ​ម្ដង​នេះ​ទៀត នោះ​ព្រះ​យេស៊ូ​បដិសេធ​ដោយ​មិន​បន្ទន់​ទៅ​តាម​ការ​ល្បួង​របស់​វា​ដែល​ឲ្យ​ធ្វើ​ខុស​នោះ​ឡើយ ដោយ​ទ្រង់​សម្រេច​ព្រះ​ទ័យ​នៅ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ដដែល។

យើង​អាច​រៀន​ពី​ការ​ល្បួង​ទាំង​នេះ​ដែល​ព្រះ​យេស៊ូ​បាន​ពិសោធ។ ជា​ឧទាហរណ៍ ការ​ល្បួង​ទាំង​នេះ​បង្ហាញ​ថា អារក្ស​មិន​មែន​គ្រាន់​តែ​ជា​គុណ​វិបត្ដិ​ដ៏​អាក្រក់ ដូច​មនុស្ស​ខ្លះ​តែង​តែ​អះអាង​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​បុគ្គល​ពិត​ម្នាក់ ដែល​មនុស្ស​មើល​មិន​ឃើញ។ ការ​ល្បួង​របស់​វា​ចំពោះ​ព្រះ​យេស៊ូ​ក៏​បង្ហាញ​ថា រដ្ឋាភិបាល​ទាំង​ប៉ុន្មាន​ក្នុង​ពិភព​លោក​នេះ ជា​ទ្រព្យ​របស់​ផង​អារក្ស។ ដ្បិត​តើ​តង្វាយ​របស់​អារក្ស​ដែល​ថ្វាយ​ចំពោះ​ព្រះ​យេស៊ូ អាច​ជា​ការ​ល្បួង​ពិត​យ៉ាង​ដូច​ម្ដេច​បាន បើ​របស់​ទាំង​នេះ​មិន​មែន​ជា​ទ្រព្យ​របស់​ផង​វា​នោះ?

ហើយ​ចូរ​គិត​មើល​អំពី​រឿង​នេះ៖ អារក្ស​បាន​ទូល​ថា វា​សុខ​ចិត្ត​ឲ្យ​រង្វាន់​ព្រះ​យេស៊ូ ប្រសិន​បើ​ទ្រង់​ថ្វាយ​បង្គំ​វា​តែ​ម្ដង​ប៉ុណ្ណោះ នោះ​វា​នឹង​ព្រម​ឲ្យ​ទ្រង់​នូវ​អស់​ទាំង​ព្រះ​រាជាណាចក្រ​ក្នុង​លោកីយ៍។ អារក្ស​ក៏​ប្រហែល​ជា​សាក​ល្បួង​យើង​តាម​របៀប​ស្រដៀង​គ្នា​នេះ​ដែរ ប្រហែល​ជា​វា​ឲ្យ​នូវ​ឱកាស​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត​នៅ​ពី​មុខ​យើង ដើម្បី​ទទួល​ទ្រព្យ​សម្បត្ដិ អំណាច និង​ឋានៈ​ខាង​លោកីយ៍។ ក៏​ប៉ុន្តែ​យើង​នឹង​មាន​ប្រាជ្ញា​មែន​ហ្ន៎! ក្នុង​ការ​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ ដោយ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ ទោះ​ជា​ការ​ល្បួង​នោះ​ជា​អ្វី​ក៏​ដោយ។ ម៉ាថាយ ៣:១៦; ៤:១​-​១១; ម៉ាកុស ១:១២, ១៣; លូកា ៤:១​-​១៣

តាម​មើល​ទៅ តើ​ព្រះ​យេស៊ូ​រំពឹង​គិត​ពី​អ្វី​ខ្លះ ក្នុង​កំឡុង​៤០​ថ្ងៃ​នៅ​ទី​រហោ​ស្ថាន?

តើ​តាម​របៀប​ណា​ដែល​អារក្ស​សាក​ល្បួង​ព្រះ​យេស៊ូ​នោះ?

តើ​យើង​អាច​រៀន​អ្វី​ពី​ការ​ល្បួង​ដែល​ព្រះ​យេស៊ូ​បាន​ពិសោធ​នោះ?