រៀបចំសំរាប់អនាគតដោយប្រាជ្ញាដែលមានប្រយោជន៍
ជំពូកទី៨៧
រៀបចំសំរាប់អនាគតដោយប្រាជ្ញាដែលមានប្រយោជន៍
ព្រះយេស៊ូទើបតែប្រាប់រឿងកូនបង្ហិនទ្រព្យដល់ហ្វូងមនុស្ស ដែលរួមមានពួកសិស្សរបស់ទ្រង់ ពួកអ្នកយកពន្ធឥតមានចិត្តស្មោះត្រង់ និងពួកអ្នកមានបាបឯទៀតដែលគេស្គាល់ជាទូទៅ រួមទាំងពួកស្ក្រែបនិងពួកផារីស៊ីដែរ។ ឥឡូវនេះ ទ្រង់មានបន្ទូលទៅពួកសិស្ស ដោយរៀបរាប់អំពីសេដ្ឋីម្នាក់ ដែលបានទទួលរបាយការណ៍មិនល្អអំពីអ្នកមើលខុសត្រូវលើសម្បត្ដិទ្រព្យរបស់លោក។
ព្រះយេស៊ូមានបន្ទូលថា សេដ្ឋីនេះនឹងប្រាប់អ្នកមើលខុសត្រូវនោះ ថាលោកនឹងបណ្ដេញគាត់ចោល។ អ្នកមើលខុសត្រូវនោះរិះគិតថា៖ «តើអញនឹងធ្វើអ្វី? ដ្បិតចៅហ្វាយអញគិតដកការត្រួតត្រានេះពីអញចេញហើយ អញទៅកាប់ដីមិនកើតទេ នឹងទៅសូមទាន ក៏ខ្មាសគេដែរ អញដឹងការដែលអញនឹងធ្វើហើយ ដើម្បីបើកាលណាលោកបណ្ដេញអញ ពីការត្រួតត្រាចេញ នោះនឹងមានគេទទួលអញ ឲ្យទៅនៅផ្ទះគេមិនខាន»។
តើអ្នកមើលខុសត្រូវនេះមានគម្រោងការអ្វី? គាត់ក៏ហៅពួកកូនបំណុលរបស់ចៅហ្វាយគាត់មក។ គាត់សួរអ្នកទីមួយថា៖ «តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន?»។
អ្នកនោះឆ្លើយថា៖ «ជំពាក់ប្រេង១រយប៉ោត»។
គាត់ប្រាប់កូនបំណុលថា៖ «ចូរយកសំបុត្រអ្នក ទៅអង្គុយសរសេរដាក់៥០វិញ ជាប្រញាប់ទៅ!»។
គាត់សួរម្នាក់ទៀតថា៖ «តើជំពាក់ប៉ុន្មាន?»។
អ្នកនោះឆ្លើយថា៖ «ជំពាក់ស្រូវ១រយហាប»។
«ចូរយកសំបុត្រអ្នក ទៅសរសេរដាក់៨០វិញទៅ!»។
អ្នកមើលខុសត្រូវនេះគឺមានសិទ្ធិក្នុងការកាត់បន្ថយលុយជំពាក់របស់ចៅហ្វាយ ដ្បិតគាត់នៅតែមើលទទួលខុសត្រូវខាងលុយកាក់របស់ចៅហ្វាយនៅឡើយ។ ដោយកាត់បន្ថយចំនួនជំពាក់ទាំងនោះ គាត់កំពុងតែចងមិត្តភាពជាមួយអស់អ្នក ដែលនឹងអាចសម្ដែងសេចក្ដីអនុគ្រោះមកគាត់វិញបាន ពេលគាត់លែងមានការងារធ្វើនោះ។
ពេលចៅហ្វាយឮនូវអ្វីដែលបានកើតឡើង នោះលោកមានចិត្តកោតសរសើរអ្នកមើលខុសត្រូវនោះណាស់។ តាមការពិត លោក«សរសើរអ្នកត្រួតត្រាទុច្ចរិតនោះ ពីព្រោះគាត់បានប្រព្រឹត្តដោយឆ្លៀវឆ្លាត[ឬ«ប្រាជ្ញាដែលមានប្រយោជន៍», ព.ថ.]»។ ប្រាកដហើយ ព្រះយេស៊ូមានបន្ទូលទៀតថា៖ «ដ្បិតមនុស្សរបស់ផងលោកីយនេះ គេមានប្រាជ្ញាចំពោះជំនាន់គេ ជាជាងមនុស្សរបស់ផងពន្លឺទៅទៀត»។
ព្រះយេស៊ូបង្ហាត់មេរៀននេះសំរាប់ពួកសិស្សរបស់ទ្រង់ ដោយលើកទឹកចិត្តពួកគេថា៖ «ចូរប្រើទ្រព្យសម្បត្ដិលោកីយនេះ ឲ្យបានមិត្រសំឡាញ់ដល់ខ្លួន ដើម្បីកាលណាអ្នករាល់គ្នាខាននៅ នោះនឹងមានគេទទួលអ្នករាល់គ្នា ឲ្យនៅក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ចវិញ»។
ព្រះយេស៊ូមិនសរសើរអ្នកមើលខុសត្រូវនេះចំពោះអំពើទុច្ចរិតរបស់គាត់ទេ តែសរសើរគាត់ចំពោះប្រាជ្ញាដែលមានប្រយោជន៍ ដែលគាត់បានគិតវែងឆ្ងាយ។ ជាច្រើនដង «មនុស្សរបស់ផងលោកីយនេះ» ប្រើលុយឬឋានៈរបស់ពួកគេ ដើម្បីឲ្យបានជាមិត្តនឹងអស់អ្នកដែលនឹងតបស្នងសងគុណគេវិញ។ ដូច្នេះ ពួកអ្នកបំរើរបស់ព្រះ ដែលជា«មនុស្សរបស់ផងពន្លឺ» ក៏ត្រូវប្រើធនធានរបស់ពួកគេ គឺជា«ទ្រព្យសម្បត្ដិលោកីយ៍» តាមវិធីដែលប្រកបដោយប្រាជ្ញាដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន។
ប៉ុន្តែ ដូចជាព្រះយេស៊ូមានបន្ទូល ពួកគេគប្បីយកទ្រព្យសម្បត្ដិនេះមកចងមិត្តភាពជាមួយអស់អ្នក ដែលអាចទទួលពួកគេឲ្យចូល«ក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ចវិញ»។ ចំពោះសមាជិកនៃហ្វូងតូច នោះពួកគេមានកន្លែងនៅស្ថានសួគ៌។ រីឯ«ចៀមឯទៀត»វិញ នោះពួកគេមានកន្លែងនៅផែនដីមនោរម្យ។ យើងគប្បីខំព្យាយាមបណ្ដុះបណ្ដាលមិត្តភាពជាមួយព្រះយេហូវ៉ានិងព្រះយេស៊ូ ពីព្រោះមានតែព្រះយេហូវ៉ានិងព្រះយេស៊ូទេ ដែលអាចទទួលមនុស្សឲ្យចូលកន្លែងទាំងនោះបាន។ យើងអាចធ្វើដូច្នេះដោយប្រើ«ទ្រព្យសម្បត្ដិលោកីយ៍» ដើម្បីគាំទ្រផលប្រយោជន៍ខាងព្រះរាជាណាចក្រវិញ។ រួចមក នៅពេលទ្រព្យសម្បត្ដិលែងមានប្រយោជន៍ឬរលាយសាបសូន្យទៅ ដ្បិតនេះនឹងកើតឡើងពិតមែន នោះអនាគតជារៀងរហូតរបស់យើងនឹងនៅតែភ្លឺស្វាងដដែល។
ព្រះយេស៊ូមានបន្ទូលទៀតថា មនុស្សដែលស្មោះត្រង់ក្នុងការដ៏តូចតាចទាំងនេះ ក៏នឹងស្មោះត្រង់នឹងកិច្ចការដែលមានសារៈសំខាន់ជាងនេះដែរ។ ព្រះយេស៊ូមានបន្ទូលបន្តថា៖ «ដូច្នេះ បើអ្នករាល់គ្នាមិនស្មោះត្រង់ ចំពោះទ្រព្យសម្បត្ដិរបស់លោកីយទេ តើអ្នកណាហ៊ានផ្ញើសម្បត្ដិដ៏ពិត[នោះគឺ កិច្ចការខាងវិញ្ញាណឬខាងព្រះរាជាណាចក្រ]ទុកនឹងអ្នករាល់គ្នាបាន? ហើយបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងរបស់គេទេ [កិច្ចការខាងព្រះរាជាណាចក្រដែលព្រះប្រគល់ឲ្យអ្នកបំរើរបស់ទ្រង់] តើអ្នកណានឹងហ៊ានឲ្យរបស់អ្វីដាច់ជារបស់ផង[រង្វាន់ជាជីវិតជារៀងរហូតដល់]អ្នកបាន?»។
យើងមិនអាចជាអ្នកបំរើពិតរបស់ព្រះបានឡើយ បើដំណាលគ្នានឹងនេះ យើងក៏ធ្វើជាបាវបំរើរបស់ទ្រព្យសម្បត្ដិលោកីយ៍ដែរនោះ ដ្បិតព្រះយេស៊ូបញ្ចប់ដោយមានបន្ទូលថា៖ «គ្មានបាវណាដែលបំរើចៅហ្វាយ២បានទេ ពីព្រោះបាវនោះនឹងស្អប់១ ស្រឡាញ់១ ឬនឹងកាន់ខាង១ ហើយមើលងាយ១ ដូច្នេះ អ្នករាល់គ្នាក៏បំរើព្រះផង ទ្រព្យសម្បត្ដិផងពុំបានដែរ»។ លូកា ១៥:១, ២; ១៦:១-១៣; យ៉ូហាន ១០:១៦
▪ តើតាមរបៀបណាដែលអ្នកមើលខុសត្រូវក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ ចងមិត្តភាពនឹងអស់អ្នកដែលអាចជួយគាត់នៅពេលក្រោយមក?
▪ តើ«ទ្រព្យសម្បត្ដិលោកីយ៍»ជាអ្វី? ហើយតើយើងអាចចងមិត្តភាពដោយប្រើទ្រព្យសម្បត្ដិនោះយ៉ាងដូចម្ដេច?
▪ តើអ្នកណាដែលអាចទទួលយើងចូល«ក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ច»? តើកន្លែងទាំងនេះនៅឯណាខ្លះ?