លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សម្រេចតាមទំនាយរបស់អេសាយ

សម្រេចតាមទំនាយរបស់អេសាយ

ជំពូក​ទី​៣​៣

សម្រេច​តាម​ទំនាយ​របស់​អេសាយ

ក្រោយ​ពី​ព្រះ​យេស៊ូ​ជ្រាប​ថា​ពួក​ផារីស៊ី​និង​ពួក​អ្នក​គាំទ្រ​ស្តេច​ហេរ៉ូឌ​មាន​គម្រោង​នឹង​ធ្វើ​គុត​ទ្រង់ នោះ​ទ្រង់​និង​ពួក​សិស្ស​ក៏​យាង​ថយ​ទៅ​ឯ​សមុទ្រ​កាលីឡេ។ នៅ​ទី​នេះ គឺ​មាន​ហ្វូង​មនុស្ស​កក​កុញ​ទូទាំង​ស្រុក​ប៉ាឡេស្ទីន ហើយ​មនុស្ស​ដែល​នៅ​ក្រៅ​ពី​ព្រំ​ដែន​ស្រុក​អ៊ីស្រាអែល​ក៏​នាំ​គ្នា​ទៅ​តាម​ទ្រង់​ដែរ។ ទ្រង់​បាន​ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​បាន​ជា ហើយ​ជា​លទ្ធផល អស់​អ្នក​ដែល​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ខំ​ប្រឹង​រុល​ចូល​ទៅ​ពាល់​ទ្រង់​ដែរ។

ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់​ឲ្យ​រក​ទូក​មួយ​ថ្វាយ​ទ្រង់ ពីព្រោះ​មាន​ហ្វូង​មនុស្ស​ធំ​ណាស់។ ដោយ​យាង​ចេញ​ទៅ​តាម​ឆ្នេរ​សមុទ្រ នោះ​ទ្រង់​អាច​បង្ការ​ហ្វូង​មនុស្ស​ពី​ការ​ប្រជ្រៀត​គ្នា​មក​ចោម​រោម​ទ្រង់។ ទ្រង់​អាច​បង្រៀន​ពួក​គេ​ពី​ទូក​មក ឬ​ធ្វើ​ដំណើរ​ទៅ​កន្លែង​មួយ​ទៀត​តាម​ឆ្នេរ​សមុទ្រ ដើម្បី​ជួយ​បណ្ដា​ជន​នៅ​កន្លែង​នោះ។

ម៉ាថាយ​ដែល​ជា​សិស្ស​ម្នាក់​កត់​សម្គាល់​ថា សកម្មភាព​របស់​ព្រះ​យេស៊ូ​បាន​សម្រេច«តាម​ទំនាយ ដែល​ហោរា​អេសាយ បាន​ទាយ​ទុក​មក»។ រួច​មក ម៉ាថាយ​ក៏​ដក​ស្រង់​ទំនាយ​ដែល​ព្រះ​យេស៊ូ​សម្រេច​នេះ​ថា៖

«មើល! អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ជា​អ្នក​ស្ងួន​ភ្ងា ដែល​ជា​ទី​ពេញ​ចិត្ត​អញ អញ​នឹង​ដាក់​វិញ្ញាណ​អញ ឲ្យ​សណ្ឋិត​នៅ​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​ថ្លែង​ប្រាប់ ពី​សេចក្ដី​យុត្ដិធម៌​ដល់​សាសន៍​ដទៃ ទ្រង់​នឹង​មិន​តតាំង​នឹង​គេ ឬ​ស្រែក​សំរែក​ឡើយ នឹង​គ្មាន​អ្នក​ណា​ឮ​សំឡេង​ទ្រង់​នៅ​ក្នុង​ផ្លូវ​ទេ ទ្រង់​នឹង​មិន​ផ្ដាច់​ដើម​ត្រែង​ដែល​បាក់ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ឡើយ ទាល់​តែ​បាន​នាំ​សេចក្ដី​យុត្ដិធម៌​ឲ្យ​មាន​ជ័យ​ជំនះ ហើយ​អស់​ទាំង​សាសន៍​ដទៃ នឹង​មាន​សេចក្ដី​សង្ឃឹម ដោយ​នូវ​ឈ្មោះ​ទ្រង់»។

ព្រះ​យេស៊ូ​ពិត​ជា​អ្នក​បំរើ​ដ៏​ស្ងួន​ភ្ងា​ដែល​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​មែន។ ហើយ​ព្រះ​យេស៊ូ​បាន​ពន្យល់​យ៉ាង​ច្បាស់​នូវ​អ្វី​ជា​យុត្ដិធម៌​ពិត ដែល​ទំនៀម​ទម្លាប់​នៃ​សាសនា​មិន​ពិត​កំពុង​តែ​ធ្វើ​ឲ្យ​ស្រអាប់​មើល​មិន​ឃើញ​នោះ។ ពួក​ផារីស៊ី​នឹង​មិន​ជួយ​អ្នក​ជំងឺ​នៅ​ថ្ងៃ​ឈប់​សំរាក​ទេ ព្រោះ​ការ​អនុវត្ត​បែប​នេះ​មិន​ត្រឹម​ត្រូវ​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ តែ​ព្រះ​យេស៊ូ​បាន​សម្រាល​ទុក្ខ​មនុស្ស​ពី​បន្ទុក​នៃ​ទំនៀម​ទម្លាប់​ដែល​មិន​ត្រឹម​ត្រូវ ដោយ​ធ្វើ​ឲ្យ​មនុស្ស​ឃើញ​ច្បាស់​នូវ​យុត្ដិធម៌​របស់​ព្រះ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​មេ​ដឹក​នាំ​សាសនា​ខំ​រក​មធ្យោបាយ​ធ្វើ​គុត​ទ្រង់​នោះ។

ឃ្លា​ដែល​ថា‹ទ្រង់​មិន​តតាំង​នឹង​គេ ឬ​ស្រែក​សំរែក​ឡើយ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ឮ​សំឡេង​ទ្រង់​នៅ​ក្នុង​ផ្លូវ​នោះ› តើ​មាន​ន័យ​យ៉ាង​ណា? នៅ​ពេល​ប្រោស​មនុស្ស​ឲ្យ​បាន​ជា ព្រះ​យេស៊ូ‹បាន​ហាម​បុគ្គល​នោះ​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​ឲ្យ​គេ​ស្គាល់​ទ្រង់​ឡើយ›។ ទ្រង់​មិន​ចង់​ឲ្យ​មាន​ការ​ប្រកាស​ដ៏​ក្ដែង​ៗ​ពី​ទ្រង់​នៅ​តាម​ផ្លូវ ឬ​ឲ្យ​មាន​ការ​បរិយាយ​ខុស​ដែល​ប្រាប់​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នោះ​ទេ។

ម្យ៉ាង​ទៀត ព្រះ​យេស៊ូ​នាំ​យក​សារ​ដ៏​សម្រាល​ទុក្ខ​របស់​ទ្រង់ ទៅ​ដល់​មនុស្ស​ដែល​ប្រៀប​ដូច​ជា​ដើម​ត្រែង​ដែល​គេ​ជាន់​ឈ្លី​មាន​សភាព​ទក់ ខ្ទេច​ខ្ទី។ ពួក​គេ​គឺ​ដូច​ជា​ភ្លើង​ដែល​នៅ​ហុយ ដែល​ហៀប​នឹង​រលត់​សូន្យ​សង្ខារ​ទៅ។ ព្រះ​យេស៊ូ​មិន​កាច់​ដើម​ត្រែង​ដែល​ទក់​ឬ​ពន្លត់​ភ្លើង​ដែល​ឆេះ​ភ្លឹប​ភ្លែត​ៗ​នោះ​ទេ។ ក៏​ប៉ុន្តែ​ដោយ​សេចក្ដី​ថ្នាក់​ថ្នម​និង​សេចក្ដី​ស្រឡាញ់ នោះ​ទ្រង់​បាន​លើក​ទឹក​ចិត្ត​យ៉ាង​ប៉ិន​ប្រសប់​ដល់​ពួក​អ្នក​រាប​សា។ ពិត​មែន​ហើយ ជាតិ​សាសន៍​ទាំង​អស់​អាច​សង្ឃឹម​ទៅ​លើ​ព្រះ​យេស៊ូ​បាន! ម៉ាថាយ ១២:១៥​-​២១; ម៉ាកុស ៣:៧​-​១២; អេសាយ ៤២:១​-​៤

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ធ្វើ​ឲ្យ​មនុស្សជាតិ​ឃើញ​ច្បាស់​នូវ​យុត្ដិធម៌ ដោយ​មិន​តតាំង​នឹង​គេ ឬ​ឮ​សម្រែក​ទ្រង់​នៅ​តាម​ផ្លូវ​នោះ?

តើ​នរណា​ជា​ពួក​អ្នក​ដែល​មាន​សភាព​ដូច​ដើម​ត្រែង​ដែល​ទក់ និង​ភ្លើង​ដែល​ហៀប​នឹង​រលត់? ហើយ​តើ​ព្រះ​យេស៊ូ​នឹង​ប្រព្រឹត្ត​លើ​ពួក​គេ​យ៉ាង​ដូច​ម្ដេច?