លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សារពីស្ថានសួគ៌

សារពីស្ថានសួគ៌

ជំពូក​ទី​១

សារ​ពី​ស្ថាន​សួគ៌

បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​គម្ពីរ​ទាំង​មូល​គឺ​ជា​សារ​មួយ​ពី​ស្ថាន​សួគ៌។ ព្រះ​វរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌​បាន​ប្រទាន​សារ​នោះ ដើម្បី ណែនាំ​យើង។ ប៉ុន្តែ ជាង ២.០០០ ឆ្នាំ​មក​ហើយ សារ​ពីរ​ដ៏​ពិសេស​បាន​ត្រូវ​ប្រគល់​មក​ដល់​មនុស្ស​តាម​រយៈ​ទេវតា​មួយ​រូប ដែល «ឈរ​នៅ​ចំពោះ​ព្រះ»។ ឈ្មោះ​របស់​ទេវតា​នេះ​គឺ កាព្រីយ៉ែល។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ថា​តើ​មាន​កាលៈទេសៈ​បែប​ណា ពេល​ដែល​មាន​ទស្សនកិច្ច​ពីរ​ដ៏​សំខាន់​នេះ​នៅ​លើ​ផែនដី។

នេះ​គឺ​នៅ​ឆ្នាំ​ទី​៣ មុន ស.យ.។ នៅ​ជួរ​ភ្នំ​ស្រុក​យូដា ប្រហែល​ជា​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​ក្រុង​យេរូសាឡិម​ទេ មាន​សង្ឃ​របស់​ព្រះ​យេហូវ៉ា​ម្នាក់​ឈ្មោះ សាការី។ លោក​មាន​វ័យ​ចាស់​ហើយ និង​ភរិយា​របស់​លោក​ឈ្មោះ អេលីសាបិត គាត់​ក៏​ចាស់​ហើយ​ដែរ។ ពួក​គាត់​គ្មាន​កូន​សោះ។ លោក​សាការី​កំពុង​តែ​បំពេញ​មុខ​ងារ​ជា​សង្ឃ​តាម​វេន​របស់​លោក​ក្នុង​ព្រះ​វិហារ​របស់​ព្រះ​នៅ​ឯ​ទី​ក្រុង​យេរូសាឡិម។ មួយ​រំពេច​នោះ កាព្រីយ៉ែល​ក៏​លេច​មក​ឈរ​ខាង​ស្ដាំ​នៃ​អាសនៈ​គ្រឿង​ក្រអូប​ឲ្យ​លោក​ឃើញ។

លោក​សាការី​មាន​ចិត្ត​រន្ធត់​ណាស់។ ប៉ុន្តែ កាព្រីយ៉ែល​បាន​ធ្វើ​ឲ្យ​លោក​បាត់​ភ័យ ដោយ​ពោល​ថា៖ «កុំ​ខ្លាច​អី! សាការី​អើយ! ព្រោះ​ពាក្យ​ដែល​លោក​ទូល​អង្វរ នោះ​បាន​ទទួល​ហើយ ឯ​អេលីសាបិត ប្រពន្ធ​លោក នឹង​បង្កើត​កូន​ប្រុស​១​ឲ្យ​លោក ត្រូវ​ឲ្យ​វា​មាន​ឈ្មោះ​ថា ‹យ៉ូហាន›»។ ទេវតា​កាព្រីយ៉ែល​ក៏​ប្រកាស​បន្ត​ថា យ៉ូហាន «នឹង​បាន​ជា​ធំ​នៅ​ចំពោះ[ព្រះ​យេហូវ៉ា]» ហើយ​យ៉ូហាន​នឹង «រៀបចំ​មនុស្ស​១​ពួក​ទុក​ជា​ស្រេច សំរាប់​ជា​រាស្ត្រ​របស់[ព្រះ​យេហូវ៉ា]»។

ប៉ុន្តែ​លោក​សាការី​មិន​ជឿ​រឿង​នេះ​ទេ។ ការ​ទាំង​នេះ​ហាក់​ដូច​ជា​មិន​អាច​កើត​ឡើង​បាន ដែល​លោក​និង​អេលីសាបិត​នឹង​អាច​មាន​កូន​មួយ ក្នុង​កាល​ដែល​ពួក​គាត់​មាន​វ័យ​ចំណាស់​ទៅ​ហើយ​នោះ។ ដូច្នេះ កាព្រីយ៉ែល​ប្រាប់​លោក​ថា៖ «លោក​នឹង​ត្រូវ​គ និយាយ​មិន​បាន ដរាប​ដល់​ថ្ងៃ​ដែល​ការ​ទាំង​នេះ​កើត​មក ពីព្រោះ​លោក​មិន​បាន​ជឿ​ពាក្យ​ខ្ញុំ»។

នៅ​គ្រា​ដដែល​នេះ បណ្ដា​មនុស្ស​ដែល​នៅ​ខាង​ក្រៅ​កំពុង​តែ​ងឿង​ឆ្ងល់​នូវ​មូលហេតុ ដែល​លោក​សាការី​នៅ​ក្នុង​ព្រះ​វិហារ​យូរ​ម្ល៉េះ។ នៅ​ទី​បំផុត​ពេល​លោក​ចេញ​មក នោះ​លោក​និយាយ​មិន​បាន​ទេ អាច​ធ្វើ​តែ​កាយ​វិការ​ប៉ុណ្ណោះ ហើយ​ពួក​គេ​ដឹង​ថា លោក​បាន​ឃើញ​អ្វី​មួយ​ដ៏​មហស្ចារ្យ​ហើយ។

ក្រោយ​ពី​លោក​សាការី​បញ្ចប់​វេន​កិច្ច​បំរើ​នៅ​ព្រះ​វិហារ នោះ​លោក​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ហើយ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ការ​ទាំង​នោះ​ពិត​ជា​កើត​ឡើង​មែន! គឺ​អេលីសាបិត​ចាប់​មាន​ផ្ទៃ​ពោះ។ កាល​ដែល​អេលីសាបិត​ពពោះ​ចាំ​ដល់​កូន​នោះ​សម្រាល​មក គាត់​បាន​រស់​នៅ​ក្នុង​ផ្ទះ​មួយ​ដាច់​ឆ្ងាយ​ពី​បណ្ដា​មនុស្ស​អស់​រយៈ​ពេល​ប្រាំ​ខែ។

ក្រោយ​មក ទេវតា​កាព្រីយ៉ែល​ក៏​លេច​ខ្លួន​មក​ម្ដង​ទៀត។ តើ​ទេវតា​នេះ​ពោល​ទៅ​កាន់​អ្នក​ណា? ទេវតា​នេះ​បាន​ពោល​ទៅ​កាន់​ស្រី​ក្រមុំ​ម្នាក់​ឈ្មោះ ម៉ារា ដែល​រស់​នៅ​ភូមិ​ណាសារ៉ែត។ តើ​ទេវតា​នេះ​នាំ​សារ​អ្វី​ទៀត​នៅ​គ្រា​នោះ? ចូរ​ស្ដាប់​ចុះ! កាព្រីយ៉ែល​ពោល​ទៅ​កាន់​ម៉ារា​ថា៖ «ឱ​នាង​ដែល​ប្រកប​ដោយ​ព្រះ​គុណ​អើយ! ព្រះ​អម្ចាស់​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​នាង . . . មើល! នាង​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ​នាម​ថា ‹យេស៊ូវ›»។ កាព្រីយ៉ែល​ពោល​ទៀត​ថា៖ «បុត្រ​នោះ​នឹង​បាន​ជា​ធំ​ឧត្តម ហើយ​គេ​នឹង​ហៅ​ទ្រង់ ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត . . . ទ្រង់​នឹង​សោយ​រាជ្យ​លើ​ពួក​វង្ស​របស់​យ៉ាកុប នៅ​អស់​កល្ប​រៀង​ទៅ ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ផុត​ឡើយ»។

យើង​អាច​ដឹង​ជា​ប្រាកដ​ថា កាព្រីយ៉ែល​ចាត់​ទុក​ការ​នាំ​សារ​ទាំង​នោះ​ជា​ឯកសិទ្ធិ​ដ៏​ល្អ​មែន។ ហើយ​កាល​ដែល​យើង​អាន​ថែម​ទៀត​អំពី​យ៉ូហាន​និង​ព្រះ​យេស៊ូ នោះ​យើង​នឹង​ឃើញ​យ៉ាង​ច្បាស់​លាស់​ទៀត នូវ​មូលហេតុ​ដែល​សារ​ទាំង​នេះ​ពី​ស្ថាន​សួគ៌​គឺ​ពិត​ជា​សំខាន់​មែន។ ធីម៉ូថេ​ទី​២ ៣:១៦; លូកា ១:៥​-​៣៣

តើ​អ្វី​ជា​សារ​ពីរ​ដ៏​សំខាន់​ដែល​បាន​ត្រូវ​នាំ​មក​ពី​ស្ថាន​សួគ៌​នោះ?

តើ​អ្នក​ណា​បាន​នាំ​សារ​ទាំង​នោះ​មក? ហើយ​តើ​សារ​ទាំង​នោះ​បាន​ត្រូវ​នាំ​ទៅ​ដល់​អ្នក​ណា?

ហេតុ​អ្វី​ក៏​សារ​ទាំង​នោះ​គឺ​ពិបាក​ជឿ​ម្ល៉េះ?