សាលាប្រជុំក្នុងភូមិរបស់ព្រះយេស៊ូ
ជំពូកទី២១
សាលាប្រជុំក្នុងភូមិរបស់ព្រះយេស៊ូ
ពេលព្រះយេស៊ូយាងមកដល់ភូមិណាសារ៉ែតវិញ មនុស្សនៅស្រុកនេះប្រាកដជាមានចិត្តរំភើបណាស់។ ជាងមួយឆ្នាំមុននេះ ព្រះយេស៊ូបានល្បីព្រះនាមជាជាងឈើមួយរូប មុនទ្រង់យាងទៅឲ្យយ៉ូហានធ្វើបុណ្យជ្រមុជទឹកថ្វាយទ្រង់។ ប៉ុន្តែឥឡូវនេះ ទ្រង់ល្បីព្រះនាមពាសពេញកន្លែងជាអ្នកធ្វើអព្ភូតហេតុ។ ពួកអ្នកស្រុកក៏ចង់ឃើញទ្រង់ធ្វើអព្ភូតហេតុទាំងនេះ នៅចំពោះមុខពួកគេដែរ។
ពួកគេក៏មានសេចក្ដីសង្ឃឹមខ្លាំងឡើងៗ កាលដែលព្រះយេស៊ូយាងទៅសាលាប្រជុំនៅទីនោះ តាមទម្លាប់របស់ទ្រង់។ ក្នុងកំឡុងពេលប្រជុំនេះ ទ្រង់ឈរឡើងដើម្បីអាន ហើយគេក៏យកគម្ពីររបស់ព្យាការីអេសាយថ្វាយទ្រង់។ ទ្រង់បានបើកគម្ពីរហើយរកឃើញកន្លែងដែលចែងអំពីបុគ្គលមួយអង្គ ដែលបានចាក់ប្រេងតាំងដោយវិញ្ញាណរបស់ព្រះយេហូវ៉ា ហើយសព្វថ្ងៃនេះគឺនៅក្នុងព្រះគម្ពីររបស់យើងនៅជំពូក៦១។
ក្រោយពីអានអំពីអ្នកចាក់ប្រេងតាំងនេះដែលផ្សព្វផ្សាយសេចក្ដីប្រោសលោះដល់ពួកឈ្លើយ និងធ្វើឲ្យមនុស្សខ្វាក់ភ្លឺឡើងវិញ ថែមទាំងអំពីឆ្នាំដែលព្រះយេហូវ៉ាកំណត់ទុក នោះព្រះយេស៊ូក៏ប្រគល់គម្ពីរទៅអ្នករក្សាសាលាវិញ ហើយទ្រង់ព្រះថាប់ចុះ។ មនុស្សគ្រប់ៗរូបនៅក្នុងសាលាប្រជុំ សម្លឹងមើលទ្រង់។ រួចមក ព្រះយេស៊ូប្រហែលជាមានបន្ទូលយ៉ាងវែង ដោយពន្យល់ថា៖ «នៅថ្ងៃនេះ បទគម្ពីរនេះបានសំរេចនៅត្រចៀកអ្នករាល់គ្នាហើយ»។
មនុស្សគ្រប់គ្នាក៏អស្ចារ្យក្នុងចិត្តពី «ព្រះបន្ទូលដ៏ផ្អែមពីរោះ» ហើយក៏និយាយនឹងគ្នាថា៖ «តើអ្នកនេះ មិនមែនជាកូនយ៉ូសែបទេឬ?»។ ប៉ុន្តែ ដោយជ្រាបថាពួកគេចង់ឃើញទ្រង់ធ្វើអព្ភូតហេតុ នោះព្រះយេស៊ូមានបន្ទូលទៀតថា៖ «ពិតប្រាកដជាអ្នករាល់គ្នានឹងនិយាយពាក្យប្រៀបនេះដាក់ខ្ញុំថា ‹គ្រូពេទ្យអើយ! ចូរមើលខ្លួនអ្នកឲ្យជាសិនចុះ! ការអ្វីដែលយើងបានឮថា អ្នកធ្វើនៅក្រុងកាពើណិម នោះចូរធ្វើនៅស្រុករបស់ខ្លួននេះដែរ!›»។ យ៉ាងច្បាស់ណាស់ អតីតពួកអ្នកជិតខាងរបស់ព្រះយេស៊ូមានអារម្មណ៍ថា ការប្រោសឲ្យជាគួរតែចាប់ផ្ដើមនៅឯស្រុករបស់ខ្លួនជាមុន សំរាប់ជាប្រយោជន៍ដល់ពួកអ្នកស្រុករបស់ទ្រង់។ ដូច្នេះ ពួកគេមានអារម្មណ៍តូចចិត្តនឹងព្រះយេស៊ូ។
ដោយជ្រាបដឹងអំពីគំនិតរបស់គេ ព្រះយេស៊ូបានរៀបរាប់អំពីប្រវត្ដិសាស្ត្រដែលទាក់ទងនឹងរឿងនេះ។ ទ្រង់ពន្យល់ថាមានស្ត្រីមេម៉ាយជាច្រើននៅក្នុងស្រុកអ៊ីស្រាអែលនៅសម័យលោកអេលីយ៉ា តែព្រះមិនបានបញ្ជូនលោកអេលីយ៉ាឲ្យទៅជួយស្ត្រីណាម្នាក់នៅអ៊ីស្រាអែលឡើយ។ ផ្ទុយទៅវិញ លោកបានត្រូវចាត់ឲ្យទៅជួយស្ត្រីមេម៉ាយម្នាក់ដែលមិនមែនជាជនជាតិអ៊ីស្រាអែលរស់នៅក្រុងស៊ីដូនវិញ ហើយនៅទីនោះគាត់បានធ្វើអព្ភូតហេតុមួយដែលបានសង្គ្រោះជីវិតគេ។ ហើយនៅជំនាន់អេលីសេ មានមនុស្សឃ្លង់ជាច្រើន តែលោកអេលីសេបានប្រោសឲ្យលោកណាម៉ាន់ជាជនជាតិស៊ីរីឲ្យជាសះស្បើយពីជំងឺវិញ។
មនុស្សគ្រប់គ្នាបានខឹងនឹងការប្រៀបធៀបដ៏មិនល្អនេះពីប្រវត្ដិសាស្ត្រ ដែលលាតត្រដាងនូវចិត្តកំណាញ់និងការឥតមានជំនឿរបស់គេ។ ដូច្នេះហើយពួកអ្នកនៅក្នុងសាលាប្រជុំក៏ក្រោកឡើងដេញព្រះយេស៊ូចេញពីភូមិ ដែលសង់លើកំពូលភ្នំឆ្ពោះទៅដល់មាត់ជ្រោះ ហើយពួកគេបំរុងនឹងច្រានទ្រង់ទម្លាក់ទៅក្រោម។ ក៏ប៉ុន្តែ ព្រះយេស៊ូរត់ចេញពីកណ្ដាលពួកគេ គេចចេញដោយសុវត្ថិភាព។ លូកា ៤:១៦-៣០; ពង្សាវតារក្សត្រទី១ ១៧:៨-១៦; ពង្សាវតារក្សត្រទី២ ៥:៨-១៤
▪ ហេតុអ្វីក៏មនុស្សនៅក្នុងភូមិណាសារ៉ែតរំភើបចិត្តម្ល៉េះ?
▪ តើមនុស្សគ្រប់រូបគិតយ៉ាងណាដែរអំពីអត្ថាធិប្បាយរបស់ព្រះយេស៊ូ? ប៉ុន្តែអ្វីទៅដែលធ្វើឲ្យពួកគេមានចិត្តខឹងយ៉ាងខ្លាំងនោះ?
▪ តើមនុស្សបំរុងធ្វើអ្វីចំពោះព្រះយេស៊ូ?