លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សាសន៍មួយបាត់បង់ព្រះគុណ តែមិនមែនប្រជាជាតិគ្រប់រូបទេ

សាសន៍មួយបាត់បង់ព្រះគុណ តែមិនមែនប្រជាជាតិគ្រប់រូបទេ

ជំពូក​ទី​៧៩

សាសន៍​មួយ​បាត់​បង់​ព្រះ​គុណ តែ​មិន​មែន​ប្រជាជាតិ​គ្រប់​រូប​ទេ

បន្ដិច​ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​ពិគ្រោះ​ជា​មួយ​អស់​អ្នក​ដែល​បាន​ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​ផារីស៊ី​ម្នាក់ នោះ​មាន​អ្នក​ខ្លះ​នៅ​ទី​នោះ​ទូល​ព្រះ​យេស៊ូ «ពី​រឿង​ពួក​សាសន៍​កាលីឡេ ដែល​លោក[អភិបាល​ជាតិ​រ៉ូម​ឈ្មោះ​ប៉ុនទាស]ពីឡាត់​បាន​យក​ឈាម​គេ លាយ​នឹង​យញ្ញ​បូជា ដែល​គេ​កំពុង​តែ​ថ្វាយ»។ ពួក​អ្នក​នៅ​ស្រុក​កាលីឡេ​ទាំង​នេះ ប្រហែល​ជា​បាន​ត្រូវ​ស្លាប់ ពេល​ដែល​ពួក​យូដា​រាប់​ពាន់​នាក់​ប្រឆាំង​នឹង​របៀប​ដែល​លោក​ពីឡាត់ បាន​ប្រើ​លុយ​ព្រះ​វិហារ យក​ទៅ​សង់​ប្រឡាយ​ទឹក ដើម្បី​ឲ្យ​ទឹក​ហូរ​ចូល​ទៅ​ដល់​ក្រុង​យេរូសាឡិម​តែ​ម្ដង។ ពួក​អ្នក​ដែល​រៀប​រាប់​អំពី​រឿង​នេះ​ទូល​ថ្វាយ​ព្រះ​យេស៊ូ​សណ្ដាប់ ប្រហែល​ជា​ចង់​មាន​ន័យ​ថា ពួក​អ្នក​ស្រុក​កាលីឡេ​រង​ទុក្ខ​នឹង​គ្រោះ​កម្ម​នេះ ក៏​ព្រោះ​តែ​អំពើ​អាក្រក់​របស់​ពួក​គេ។

ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​មាន​បន្ទូល​ត្រង់​ៗ​ដល់​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ពួក​កាលីឡេ​ទាំង​នោះ​មាន​បាប លើស​ជាង​សាសន៍​កាលីឡេ​ឯ​ទៀត ដោយ​ព្រោះ​គេ​បាន​រង​ទុក្ខ​លំបាក​យ៉ាង​នោះ​ឬ?»។ ព្រះ​យេស៊ូ​តប​ឆ្លើយ​ថា៖ «មិន​មែន​ទេ!»។ រួច​មក ទ្រង់​ប្រើ​ព្រឹត្ដិការណ៍​នេះ​ដើម្បី​ព្រមាន​ពួក​យូដា​ថា៖ «ប៉ុន្តែ​បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំង​អស់​គ្នា​ដូច្នោះ​ដែរ»។

ព្រះ​យេស៊ូ​មាន​បន្ទូល​រៀប​រាប់​បន្ត​អំពី​រឿង​ដ៏​ខ្លោច​ផ្សា​ក្នុង​តំបន់​នោះ ប្រហែល​ជា​មាន​ទំនាក់​ទំនង​នឹង​ការ​សាង​សង់​ប្រឡាយ​ទឹក​នោះ​ហើយ។ ទ្រង់​មាន​បន្ទូល​សួរ​ថា៖ «ឬ​ស្មាន​ថា ពួក​១៨​នាក់​ដែល​ប៉ម​ស៊ី​ឡោម​បាន​រលំ​មក​លើ​កិន​ស្លាប់​នោះ គេ​មាន​ទោស​លើស​ជាង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យេរូសាឡិម​ឬ?»។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា បុគ្គល​ទាំង​នេះ​មិន​មែន​ត្រូវ​ស្លាប់​ដោយ​សារ​អំពើ​អាក្រក់​របស់​គេ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​ជា‹គ្រា​និង​ព្រឹត្ដិការណ៍​ដ៏​មើល​មិន​ឃើញ​ជា​មុន›នោះ​ទេ ដែល​ជា​ទំនួល​ខុស​ត្រូវ​ចំពោះ​ព្រឹត្ដិការណ៍​ដ៏​ខ្លោច​ផ្សា​បែប​នេះ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​ប្រើ​គ្រា​នេះ​ម្ដង​ទៀត ដើម្បី​ព្រមាន​ថា៖ «ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំង​អស់​គ្នា​ដូច្នោះ​ដែរ»។

រួច​មក ព្រះ​យេស៊ូ​ក៏​ប្រទាន​នូវ​រឿង​ប្រៀប​ប្រដូច​មួយ​ដែល​សម​ត្រឹម​ត្រូវ​ថា៖ «មាន​បុរស​ម្នាក់ មាន​ដើម​ល្វា​ដុះ​ក្នុង​ចំការ​ខ្លួន​គាត់​បាន​មក​រក​ផល​ផ្លែ​ពី​ដើម​នោះ តែ​គ្មាន​សោះ ក៏​និយាយ​ទៅ​អ្នក​រក្សា​ចំការ​ថា‹មើល! ៣​ឆ្នាំ​មក​ហើយ ខ្ញុំ​មក​រក​ផល​ផ្លែ​ពី​ដើម​ល្វា​នេះ មិន​ដែល​បាន​សោះ ដូច្នេះ ចូរ​កាប់​ចោល​ទៅ ទុក​ឲ្យ​នៅ​បង្ខាត​ដី​ធ្វើ​អី?›។ តែ​អ្នក​នោះ​ឆ្លើយ​ថា ‹សូម​លោក​ទុក​នៅ​១​ឆ្នាំ​ទៀត​សិន ចាំ​ខ្ញុំ​ជ្រួយ​ដី ហើយ​ដាក់​ជី ល​មើល ក្រែង​កើត​មាន​ផល​ផ្លែ​ឡើង បើ​គ្មាន​ទេ នោះ​សូម​កាប់​ចោល​ទៅ​ចុះ!›»។

ព្រះ​យេស៊ូ​បាន​ខំ​អស់​ជាង​បី​ឆ្នាំ​ហើយ ដើម្បី​បណ្ដុះ​បណ្ដាល​ជំនឿ​ទៅ​ក្នុង​ចិត្ត​របស់​សាសន៍​យូដា។ ប៉ុន្តែ មាន​តែ​ពួក​សិស្ស​បី​បួន​រយ​នាក់​ប៉ុណ្ណោះ ដែល​អាច​រាប់​ជា​ផល​ផ្លែ​នៃ​ការ​ខំ​ប្រឹង​របស់​ទ្រង់។ ឥឡូវ​នេះ ក្នុង​កំឡុង​ឆ្នាំ​ទី​បួន​នៃ​កិច្ច​បំរើ​ផ្សាយ​របស់​ព្រះ​យេស៊ូ នោះ​ទ្រង់​កំពុង​តែ​បង្កើន​ការ​ខំ​ប្រឹង​របស់​ទ្រង់ ដែល​ជា​តំណាង​នៃ​ការ​ជ្រួយ​ដី​និង​ដាក់​ជី​នៅ​ជុំ​វិញ​ដើម​ល្វា​សាសន៍​យូដា ដោយ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​យ៉ាង​ឧស្សាហ៍​នៅ​ស្រុក​យូដា​និង​ស្រុក​ប៉េរ៉េ។ តែ​ឥត​បាន​ជោគ​ជ័យ​ទេ! សាសន៍​នេះ​មិន​ព្រម​ប្រែ​ចិត្ត​សោះ ដូច្នេះ​ពួក​គេ​សម​នឹង​ទទួល​សេចក្ដី​ហិន​វិនាស។ មាន​តែ​មនុស្ស​មួយ​ចំនួន​តូច​ក្នុង​សាសន៍​នេះ​ដែល​បាន​ធ្វើ​តាម។

បន្ដិច​ក្រោយ​មក ព្រះ​យេស៊ូ​ក៏​ទៅ​បង្រៀន​ឯ​សាលា​ប្រជុំ​នៅ​ថ្ងៃ​ឈប់​សំរាក។ នៅ​ទី​នោះ មាន​ស្ត្រី​ម្នាក់​ត្រូវ​អារក្ស​ធ្វើ​បាប​ឲ្យ​កោង​ខ្នង​ងើប​ត្រង់​ពុំ​បាន​អស់​១៨​ឆ្នាំ​ហើយ។ ដោយ​ចិត្ត​មេត្ដា នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ! នាង​បាន​រួច​ពី​ជរា​ពិការ​ហើយ»។ រួច​ទ្រង់​ដាក់​ព្រះ​ហស្ត​លើ​គាត់ ស្ត្រី​នោះ​ក៏​ងើប​ត្រង់​ឡើង​មួយ​រំពេច ហើយ​ចាប់​ផ្ដើម​សរសើរ​តម្កើង​ដល់​ព្រះ។

ប៉ុន្តែ មេ​សាលា​ប្រជុំ​គាត់​មិន​ពេញ​ចិត្ត​ទេ។ គាត់​ជំទាស់​ថា៖ «មាន​តែ​៦​ថ្ងៃ​ទេ ដែល​គួរ​ធ្វើ​ការ​បាន ដូច្នេះ ចូរ​មក​ក្នុង​រវាង​ថ្ងៃ​ទាំង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ជា​ចុះ! កុំ​ឲ្យ​មក​ក្នុង​ថ្ងៃ​ឈប់​សំរាក​ឡើយ»។ មេ​សាលា​ប្រជុំ​នេះ​ទទួល​ស្គាល់​នូវ​ព្រះ​ចេស្ដា​របស់​ព្រះ​យេស៊ូ​ប្រោស​ឲ្យ​មនុស្ស​បាន​ជា តែ​គាត់​ផ្ដន្ទា​ទោស​ពួក​បណ្ដា​ជន​ដែល​មក​រក​ការ​ព្យាបាល​នៅ​ថ្ងៃ​ឈប់​សំរាក​នោះ!

ព្រះ​យេស៊ូ​មាន​បន្ទូល​តប​ថា៖ «មនុស្ស​មាន​ពុត​អើយ! តើ​អ្នក​រាល់​គ្នា​មិន​ស្រាយ​គោ ស្រាយ​លា​ពី​ចំណង ដឹក​ទៅ​ឲ្យ​ផឹក​ទឹក នៅ​ថ្ងៃ​ឈប់​សំរាក​ទេ​ឬ? . . . ឯ​ស្ត្រី​នេះ ជា​ពូជ​លោក​អ័ប្រាហាំ ដែល​អារក្ស​សាតាំង​បាន​ចង​គាត់​១៨​ឆ្នាំ​មក​ហើយ ដូច្នេះ តើ​មិន​គួរ​នឹង​ស្រាយ​ឲ្យ​រួច​ពី​ចំណង​នេះ នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ​ទេ​ឬ?»។

ពេល​ឮ​ពាក្យ​ទាំង​នេះ នោះ​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ​យេស៊ូ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។ ប៉ុន្តែ បណ្ដា​ជន​មាន​ចិត្ត​សប្បាយ​នឹង​ទង្វើ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេស៊ូ​ណាស់។ ព្រះ​យេស៊ូ​មាន​បន្ទូល​តប​ទៅ​ពួក​គេ​ម្ដង​ទៀត ដោយ​ប្រាប់​ម្ដង​ទៀត​នូវ​រឿង​ប្រៀប​ប្រដូច​ពីរ​ដែល​ជា​បទ​ទំនាយ​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ ដែល​ទ្រង់​ធ្លាប់​មាន​បន្ទូល​ប្រាប់​បណ្ដា​ជន​ពេល​ទ្រង់​គង់​ក្នុង​ទូក​នៅ​សមុទ្រ​កាលីឡេ ប្រមាណ​មួយ​ឆ្នាំ​មុន​នេះ។ លូកា ១៣:១​-​២១; សាស្ដា ៩:១១; ម៉ាថាយ ១៣:៣១​-​៣៣

តើ​ព្រឹត្ដិការណ៍​ដ៏​ខ្លោច​ផ្សា​អ្វី​ដែល​រៀប​រាប់​នៅ​ទី​នេះ? ហើយ​តើ​ព្រះ​យេស៊ូ​លើក​ឡើង​មេ​រៀន​អ្វី​ពី​ព្រឹត្ដិការណ៍​ទាំង​នោះ?

ដើម​ល្វា​ដែល​ឥត​មាន​ផល​ផ្លែ និង​ការ​ខំ​ធ្វើ​ឲ្យ​ដើម​មាន​ផល​ផ្លែ​នោះ​អាច​ប្រៀប​ប្រដូច​ទៅ​នឹង​អ្វី?

តើ​តាម​របៀប​ណា​ដែល​មេ​សាលា​ប្រជុំ​ទទួល​ស្គាល់​ព្រះ​ចេស្ដា​របស់​ព្រះ​យេស៊ូ? ប៉ុន្តែ តើ​ព្រះ​យេស៊ូ​លាត​ត្រដាង​នូវ​ការ​លាក់​ពុត​របស់​គាត់​យ៉ាង​ណា?