សិស្សដំបូងរបស់ព្រះយេស៊ូ
ជំពូកទី១៤
សិស្សដំបូងរបស់ព្រះយេស៊ូ
ក្រោយពី៤០ថ្ងៃនៅក្នុងទីរហោស្ថាន ព្រះយេស៊ូក៏ត្រឡប់ទៅរកយ៉ូហាន ដែលបានធ្វើបុណ្យជ្រមុជទឹកថ្វាយទ្រង់នោះ។ តាមមើលទៅ កាលដែលទ្រង់យាងមកឯគាត់ នោះយ៉ូហានកំពុងតែចង្អុលទៅរកទ្រង់ ហើយពោលប្រាប់អស់អ្នកដែលមានវត្តមាននៅទីនោះថា៖ «នុ៎ះន៏! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក គឺពីព្រះអង្គនេះហើយ! ដែលខ្ញុំប្រាប់ថា ក្រោយខ្ញុំមានព្រះ១អង្គយាងមក ដែលបានត្រឡប់ជាមុនខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ»។ ថ្វីបើយ៉ូហានមានអាយុចាស់ជាងព្រះយេស៊ូហើយជាប្អូនជីដូនមួយរបស់គាត់ក៏ដោយ តែយ៉ូហានដឹងថា ព្រះយេស៊ូមានអត្ថិភាពជាបុគ្គលវិញ្ញាណនៅស្ថានសួគ៌ជាយូរយារណាស់មកហើយ។
ក៏ប៉ុន្តែ ប៉ុន្មានសប្ដាហ៍មុននេះ នៅពេលដែលព្រះយេស៊ូបានយាងទៅទទួលបុណ្យជ្រមុជទឹក នោះតាមមើលទៅ យ៉ូហានឥតបានដឹងយ៉ាងពិតប្រាកដថា ព្រះយេស៊ូនឹងទៅជាព្រះមេស្ស៊ីនោះទេ។ យ៉ូហានទទួលស្គាល់ថា៖ «ខ្ញុំមិនបានស្គាល់ទ្រង់ទេ តែខ្ញុំមកធ្វើបុណ្យជ្រមុជនេះ គឺដើម្បី នឹងសំដែង ឲ្យសាសន៍អ៊ីស្រាអែលបានស្គាល់ទ្រង់ប៉ុណ្ណោះ»។
យ៉ូហានក៏ពន្យល់ដល់ពួកអ្នកស្ដាប់គាត់នូវអ្វីដែលបានកើតឡើង ពេលដែលគាត់បានធ្វើបុណ្យជ្រមុជទឹកឲ្យព្រះយេស៊ូថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីលើមេឃ មានរូបដូចជាព្រាប មកសណ្ឋិតលើទ្រង់ ខ្ញុំមិនបានស្គាល់ទ្រង់ទេ ប៉ុន្តែព្រះដែលចាត់ឲ្យខ្ញុំមកធ្វើបុណ្យជ្រមុជដោយទឹក ទ្រង់មានបន្ទូលមកខ្ញុំថា៖ ‹ដែលឯងឃើញព្រះវិញ្ញាណ យាងចុះមក សណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធ› ខ្ញុំបានឃើញមែន ហើយក៏ធ្វើបន្ទាល់ពីព្រះអង្គនោះថា ទ្រង់ជាព្រះរាជបុត្រានៃព្រះពិតមែន»។
ថ្ងៃបន្ទាប់មកទៀត យ៉ូហានកំពុងឈរជាមួយនឹងសិស្សពីរនាក់របស់គាត់។ ម្ដងនេះទៀត កាលដែលព្រះយេស៊ូយាងមកជិត នោះគាត់ក៏ពោលថា៖ «នុ៎ះន៏! កូនចៀមនៃព្រះ»។ ពេលនោះសិស្សពីរនាក់របស់យ៉ូហានជាអ្នកដែលធ្វើបុណ្យជ្រមុជទឹក ក៏ដើរតាមព្រះយេស៊ូទៅ។ សិស្សម្នាក់ឈ្មោះអនទ្រេ ហើយសិស្សម្នាក់ទៀតតាមមើលទៅ គឺជាបុគ្គលដែលកត់សរសេរសេចក្ដីទាំងនេះ គាត់ក៏ឈ្មោះយ៉ូហានដែរ។ យ៉ូហានម្នាក់នេះ យោងទៅតាមភស្តុតាង ក៏បញ្ជាក់ថាជាបងប្អូនជីដូនមួយរបស់ព្រះយេស៊ូដែរ តាមមើលទៅជាកូនរបស់សាឡូមេៗត្រូវជាប្អូនស្រីរបស់ម៉ារា។
ពេលទ្រង់ងាកមកក្រោយហើយឃើញអនទ្រេនិងយ៉ូហានកំពុងតែដើរតាមទ្រង់ នោះព្រះយេស៊ូសួរថា៖ «អ្នកមករកអី?»។
ពួកគេទូលសួរថា៖ «រ៉ាប៊ី . . . តើលោកនៅឯណា?»។
ព្រះយេស៊ូតបឆ្លើយថា៖ «ចូរតាមខ្ញុំទៅមើល!»។
ពេលនោះប្រហែលជាម៉ោងបួនរសៀល អនទ្រេនិងយ៉ូហានស្នាក់នៅជាមួយព្រះយេស៊ូពេញមួយថ្ងៃ។ ក្រោយមក អនទ្រេមានចិត្តរំភើបដល់ម្ល៉េះ ដែលគាត់ប្រញាប់ទៅរកបងរបស់គាត់ ឈ្មោះពេត្រុស។ អនទ្រេប្រាប់គាត់ថា៖ «យើងបានឃើញព្រះមែស៊ីហើយ»។ រួចគាត់នាំពេត្រុសទៅឯព្រះយេស៊ូ។ នៅពេលដំណាលគ្នានេះប្រហែលជាយ៉ូហាន ក៏ទៅរកបងរបស់គាត់ឈ្មោះយ៉ាកុប ហើយក៏នាំគាត់មកឯព្រះយេស៊ូដែរ។ ក៏ប៉ុន្តែ ចំពោះយ៉ូហានខ្លួនគាត់វិញ គាត់មិនបានសរសេរដោយបញ្ចូលពត៌មានផ្ទាល់ខ្លួននៅក្នុងសៀវភៅដំណឹងល្អរបស់គាត់ទេ។
លុះដល់ស្អែកឡើង ព្រះយេស៊ូរកភីលីព ដែលរស់នៅក្រុងបេតសៃដាជាទីក្រុងដែលអនទ្រេនិងពេត្រុសធ្លាប់រស់នៅ។ ទ្រង់ក៏អញ្ជើញគាត់ថា៖ «ចូរតាមខ្ញុំមក!»។
រួចមក ភីលីពក៏ទៅរកណាថាណែល ដែលគាត់មានឈ្មោះមួយទៀតហៅថាបារថូល៉ូមេ ហើយភីលីពមានប្រសាសន៍ថា៖ «យើងបានឃើញព្រះអង្គនោះហើយ គឺជាព្រះដែលលោកម៉ូសេបានចែងទុកពីទ្រង់ នៅក្នុងក្រិត្យវិន័យ ហើយពួកហោរាក៏បានទាយពីទ្រង់ផង ទ្រង់ព្រះនាមជា យេស៊ូវ ជាបុត្រយ៉ូសែប នៅភូមិណាសារ៉ែត»។ ណាថាណែលមានចិត្តសង្ស័យ គាត់ក៏សួរថា៖ «តើមានអ្វីដ៏ល្អ អាចចេញពីណាសារ៉ែតមកបានឬទេ?»។
ភីលីពដាស់តឿនថា៖ «ចូរតាមខ្ញុំទៅមើលចុះ!»។ នៅពេលដែលពួកគេកំពុងតែមកឯព្រះយេស៊ូ នោះព្រះយេស៊ូមានបន្ទូលអំពីណាថាណែលថា៖ «នុ៎ះន៏! ជាសាសន៍អ៊ីស្រាអែលពិតមែនដែលឥតមានចិត្តឧបាយ»។
ណាថាណែលទូលសួរថា៖ «លោកស្គាល់ខ្ញុំពីណាមក?»។
ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «មុនដែលភីលីពហៅមក កាលអ្នកនៅក្រោមដើមល្វានៅឡើយ នោះខ្ញុំបានឃើញហើយ»។
ណាថាណែលអស្ចារ្យក្នុងចិត្តណាស់។ គាត់ទូលថា៖ «លោកគ្រូ លោកជាព្រះរាជបុត្រានៃព្រះ លោកប្រាកដជាស្តេចនៃសាសន៍អ៊ីស្រាអែលមែន!»។
ព្រះយេស៊ូមានបន្ទូលសួរថា៖ «ដោយព្រោះតែខ្ញុំបាននិយាយប្រាប់អ្នកថា ខ្ញុំឃើញអ្នកនៅក្រោមដើមល្វានោះ បានជាអ្នកជឿឬអី? អ្នកនឹងឃើញការដ៏ធំវិសេស លើសជាងនេះទៅទៀត»។ រួចមក ទ្រង់សន្យាថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នករាល់គ្នានឹងឃើញមេឃបើកចំហ នឹងពួកទេវតានៃព្រះហោះឡើងហោះចុះលើកូនមនុស្ស»។
មិនយូរប៉ុន្មានក្រោយពីនេះ ព្រះយេស៊ូរួមនឹងពួកសិស្សថ្មីៗរបស់ទ្រង់ ក៏ធ្វើដំណើរចេញពីដងទន្លេយ័រដាន់ទៅស្រុកកាលីឡេ។ យ៉ូហាន ១:២៩-៥១
▪ តើសិស្សដំបូងរបស់ព្រះយេស៊ូគឺអ្នកណាខ្លះ?
▪ តើតាមរបៀបណាដែលពេត្រុសនិងយ៉ាកុប បានត្រូវនាំមកជួបព្រះយេស៊ូនោះ?
▪ តើអ្វីដែលធ្វើឲ្យណាថាណែលជឿយ៉ាងស៊ប់ថា ព្រះយេស៊ូជាបុត្ររបស់ព្រះមែននោះ?