លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីបង្រៀនដ៏ល្បីបំផុត ដែលធ្លាប់មាន

សេចក្ដីបង្រៀនដ៏ល្បីបំផុត ដែលធ្លាប់មាន

ជំពូក​ទី​៣​៥

សេចក្ដី​បង្រៀន​ដ៏​ល្បី​បំផុត ដែល​ធ្លាប់​មាន

នេះ​គឺ​ជា​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​ចង​ចាំ​ជាង​គេ​ក្នុង​ប្រវត្ដិ​សាស្ត្រ​ព្រះ​គម្ពីរ​ដែល​មាន៖ ព្រះ​យេស៊ូ​គង់​នៅ​លើ​ភ្នំ កំពុង​តែ​ប្រទាន​ធម្មទាន​ដ៏​ល្បី​របស់​ទ្រង់។ កន្លែង​នោះ​គឺ​នៅ​ជិត​សមុទ្រ​កាលីឡេ ប្រហែល​ជា​នៅ​ជិត​ក្រុង​កាពើណិម។ ក្រោយ​ពី​ចំណាយ​ពេល​អធិស្ឋាន​ពេញ​មួយ​យប់ នោះ​ព្រះ​យេស៊ូ​បាន​ជ្រើស​រើស​សិស្ស​១២​នាក់​របស់​ទ្រង់​ឲ្យ​ធ្វើ​ជា​ពួក​សាវ័ក។ រួច​មក ទ្រង់​ក៏​យាង​ចុះ​មក​កន្លែង​ដ៏​រាប​ស្មើ​នៅ​ចង្កេះ​ភ្នំ​ជា​មួយ​នឹង​អ្នក​ទាំង​នោះ។

មក​ដល់​ពេល​នេះ អ្នក​នឹង​គិត​ថា ព្រះ​យេស៊ូ​ច្បាស់​ជា​អស់​ព្រះ​កាយ​ពល​ខ្លាំង​ណាស់ ហើយ​ទ្រង់​ចង់​ផ្ទំ​បន្ដិច​ផង។ ក៏​ប៉ុន្តែ​ហ្វូង​មនុស្ស​ដ៏​ធំ​បាន​មក​ដល់ អ្នក​ខ្លះ​មក​ពី​ស្រុក​យូដា​និង​ពី​ក្រុង​យេរូសាឡិម ដែល​មាន​ចម្ងាយ​ប្រហែល​ជា​៩៦​ទៅ​១១២​គីឡូ​ម៉ែត្រ។ អ្នក​ខ្លះ​ទៀត​មក​ពី​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន​ដែល​នៅ​តាម​មាត់​សមុទ្រ​នៅ​ទិស​ខាង​ជើង។ ពួក​គេ​មក​ស្ដាប់​ព្រះ​យេស៊ូ ហើយ​ឲ្យ​ទ្រង់​ប្រោស​ពួក​គេ​ឲ្យ​ជា​ពី​ជំងឺ។ ហើយ​សូម្បី​តែ​មនុស្ស​ដែល​មាន​ពួក​បិសាច​ធ្វើ​បាប​ក៏​បាន​មក​ផង​ដែរ។ បិសាច​ទាំង​នោះ​គឺ​ជា​ទេវតា​អាក្រក់​របស់​សាតាំង។

កាល​ដែល​ព្រះ​យេស៊ូ​យាង​ចុះ​មក នោះ​ពួក​មនុស្ស​ឈឺ​ក៏​ចូល​មក​ជិត​ដើម្បី​ពាល់​ទ្រង់ ហើយ​ទ្រង់​ប្រោស​ពួក​គេ​ទាំង​អស់​ឲ្យ​បាន​ជា។ តាម​មើល​ទៅ ក្រោយ​មក​ព្រះ​យេស៊ូ​បាន​យាង​ឡើង​ទៅ​កន្លែង​ខ្ពស់​ជាង​ទី​នោះ​ទៅ​ទៀត។ ព្រះ​យេស៊ូ​គង់​នៅ​កន្លែង​នោះ ហើយ​ចាប់​ផ្ដើម​បង្រៀន​ហ្វូង​មនុស្ស​ដែល​អង្គុយ​កន្លែង​រាប​ស្មើ​នៅ​ពី​មុខ​ទ្រង់។ ហើយ​សូម​គិត​អំពី​រឿង​នេះ​ទៅ​មើល! ឥឡូវ​នេះ នៅ​ក្នុង​ចំណោម​ពួក​អ្នក​ស្ដាប់​ទាំង​ឡាយ គឺ​គ្មាន​បុគ្គល​ណា​ម្នាក់​ដែល​រង​ទុក្ខ​ដោយ​ជំងឺ​ដ៏​ធ្ងន់​ធ្ងរ​នោះ​ឡើយ!

ពួក​បណ្ដា​ជន​មាន​ចិត្ត​ខ្នះ​ខ្នែង​ចង់​ស្ដាប់​លោក​គ្រូ ដែល​អាច​ធ្វើ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ទាំង​នេះ។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​ថ្លែង​ធម្មទាន​របស់​ទ្រង់ ច្រើន​តែ​សំរាប់​ប្រយោជន៍​ដល់​ពួក​សិស្ស​របស់​ទ្រង់ ដែល​ប្រហែល​ជា​មក​អង្គុយ​ជុំ​វិញ​ទ្រង់។ យ៉ាង​ណា​ក៏​ដោយ ម៉ាថាយ​និង​លូកា​បាន​កត់​ទុក​នូវ​សេចក្ដី​បង្រៀន​នេះ ដើម្បី​ឲ្យ​យើង​ទទួល​ប្រយោជន៍​ដែរ។

ដំណើរ​រឿង​របស់​ម៉ាថាយ​អំពី​ធម្មទាន​នេះ គឺ​មាន​ប្រវែង​វែង​ជាង​ដំណើរ​រឿង​របស់​លូកា​ប្រមាណ​បួន​ដង។ ម្យ៉ាង​ទៀត ចំណែក​អ្វី​ដែល​ម៉ាថាយ​បាន​កត់​ទុក នោះ​លូកា​បាន​រៀប​រាប់​ថា​នោះ​ជា​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​នៅ​គ្រា​ផ្សេង​ដូច​ជា​ក្នុង​កំឡុង​កិច្ច​បំរើ​របស់​ទ្រង់ ហើយ​នេះ​អាច​កត់​សម្គាល់​បាន​ដោយ​ប្រៀប​ធៀប​នឹង​ម៉ាថាយ ៦:៩​-​១៣​ជា​មួយ​នឹង​លូកា ១១:១​-​៤ និង​ម៉ាថាយ ៦:២៥​-​៣៤ ជា​មួយ​នឹង​លូកា ១២:២២​-​៣១។ ក៏​ប៉ុន្តែ យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ឡើយ។ យ៉ាង​ច្បាស់​ណាស់ សេចក្ដី​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​គឺ​មាន​ដូច​គ្នា​ច្រើន​ជាង​មួយ​ដង ហើយ​លូកា​បាន​សម្រេច​ចិត្ត​កត់​ទុក​ការ​បង្រៀន​ខ្លះ​ៗ​តាម​កាលៈទេសៈ​ផ្សេង។

អ្វី​ដែល​ធ្វើ​ឲ្យ​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​មាន​តម្លៃ​ណាស់​នោះ គឺ​មិន​មែន​ដោយ​សារ​តែ​ជម្រៅ​នៃ​ចំណេះ​ខាង​វិញ្ញាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​របៀប​ដែល​ទ្រង់​មាន​បន្ទូល​ប្រាប់​សេចក្ដី​ពិត​ទាំង​នេះ តាម​វិធី​ដ៏​ស្រួល​យល់​និង​ច្បាស់​លាស់​ទៀត​ផង។ ព្រះ​យេស៊ូ​បាន​រើស​យក​បទ​ពិសោធន៍​ធម្មតា ហើយ​ប្រើ​របស់​ដែល​មនុស្ស​ស្គាល់ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ជីវិត​ដ៏​ប្រសើរ​នៅ​ក្នុង​ផ្លូវ​របស់​ព្រះ​នោះ អាច​ស្រួល​យល់​នូវ​គំនិត​របស់​ទ្រង់​បាន។

តើ​អ្នក​ណា​ដែល​ពិត​ជា​មាន​សុភមង្គល?

មនុស្ស​គ្រប់​គ្នា​ចង់​បាន​សុភមង្គល។ ដោយ​ជ្រាប​អំពី​រឿង​នេះ នោះ​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​សេចក្ដី​បង្រៀន​របស់​ទ្រង់​នៅ​លើ​ភ្នំ ដោយ​រៀប​រាប់​ប្រាប់​អំពី​អ្នក​ដែល​ពិត​ជា​មាន​សុភមង្គល។ បើ​យើង​គិត​ទៅ នេះ​បាន​ទាក់​ទាញ​អារម្មណ៍​ពួក​អ្នក​ស្ដាប់​ជា​ច្រើន​របស់​ទ្រង់​ភ្លាម។ ក៏​ប៉ុន្តែ ចំពោះ​មនុស្ស​ជា​ច្រើន នោះ​ពាក្យ​ផ្ដើម​របស់​ទ្រង់ ហាក់​ដូច​ជា​ធ្វើ​ឲ្យ​គេ​យល់​ផ្ទុយ​ពី​បន្ទូល​របស់​ទ្រង់​ទៅ​វិញ។

ពាក្យ​របស់​ព្រះ​យេស៊ូ​ចង់​សំដៅ​ទៅ​លើ​ពួក​សាវ័ក ដោយ​ចាប់​ផ្ដើម​មាន​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដែល​ជា​ជន​ក្រ​ខ្សត់​អើយ! អ្នក​មាន​សុភមង្គល​ហើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ​រាជ្យ​របស់​ព្រះ​ជា​ម្ចាស់។ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​អើយ! អ្នក​មាន​សុភមង្គល​ហើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត។ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​យំ​សោក​អើយ! អ្នក​មាន​សុភមង្គល​ហើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ត្រេក​អរ។ ប្រសិន​បើ​មាន​គេ​ស្អប់​លែង​រាប់​រក​អ្នក​រាល់​គ្នា . . . អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ។ នៅ​គ្រា​នោះ ចូរ​មាន​អំណរ​សប្បាយ​ឡើង ដ្បិត​អ្នក​រាល់​គ្នា​ទទួល​រង្វាន់​យ៉ាង​ធំ នៅ​ស្ថាន​បរមសុខ[«ស្ថាន​សួគ៌», ព.ថ.]»។

នេះ​ជា​ពាក្យ​ផ្ដើម​នៃ​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​តាម​កំណត់​ហេតុ​របស់​លូកា។ ក៏​ប៉ុន្តែ យោង​ទៅ​តាម​កំណត់​ហេតុ​របស់​ម៉ាថាយ​វិញ នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​ពួក​អ្នក​ដែល​ស្លូត​ត្រង់ ពួក​អ្នក​ដែល​មាន​ចិត្ត​មេត្ដា​ករុណា ពួក​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ហើយ​ពួក​អ្នក​ដែល​ចង់​មាន​សន្ដិភាព នោះ​គឺ​ជា​ពួក​អ្នក​ដែល​មាន​សុភមង្គល។ ព្រះ​យេស៊ូ​កត់​សម្គាល់​ថា ពួក​គេ​ទាំង​នេះ​គឺ​មាន​សុភមង្គល ពីព្រោះ​ពួក​គេ​នឹង​ទទួល​បាន​ផែនដី​ជា​មរតក។ ព្រះ​នឹង​មាន​សេចក្ដី​មេត្ដា​ករុណា​ដល់​ពួក​គេ ពួក​គេ​នឹង​ឃើញ​ព្រះ ហើយ​ពួក​គេ​នឹង​បាន​ត្រូវ​ហៅ​ជា​បុត្រ​របស់​ព្រះ។

ប៉ុន្តែ អ្វី​ដែល​ព្រះ​យេស៊ូ​ចង់​មាន​ន័យ​អំពី​សុភមង្គល នោះ​គឺ​មិន​គ្រាន់​តែ​ជា​ការ​សប្បាយ​ឬ​ចេះ​តែ​សើច ដូច​នៅ​ពេល​ដែល​ខ្លួន​លេង​សើច​នោះ​ទេ។ សុភមង្គល​ពិត​គឺ​មាន​ជំរៅ​ជ្រៅ​ជាង ដែល​ទាក់​ទង​ភាព​ស្រួល​ក្នុង​ចិត្ត សេចក្ដី​ស្កប់​ស្កល់​និង​សេចក្ដី​ពេញ​ចិត្ត​នៅ​ក្នុង​ជីវិត។

ដូច្នេះ​ព្រះ​យេស៊ូ​បង្ហាញ​ថា អស់​អ្នក​ដែល​ពិត​ជា​មាន​សុភមង្គល គឺ​ជា​មនុស្ស​ដែល​ទទួល​ស្គាល់​នូវ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​គេ ហើយ​មាន​ចិត្ត​សោក​ស្ដាយ​នឹង​ស្ថានភាព​ដ៏​មាន​បាប​របស់​គេ ហើយ​បាន​មក​ស្គាល់​និង​បំរើ​ព្រះ។ រួច​មក ទោះ​ជា​មាន​គេ​ស្អប់ ឬ​បៀត​បៀន​ដោយ​ព្រោះ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ក៏​ដោយ ពួក​គេ​មាន​សុភមង្គល​ពីព្រោះ​ពួក​គេ​ដឹង​ថា ពួក​គេ​កំពុង​តែ​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ ហើយ​និង​ទទួល​រង្វាន់​របស់​ទ្រង់​គឺ​ជីវិត​ជា​រៀង​រហូត។

ក៏​ប៉ុន្តែ ពួក​អ្នក​ស្ដាប់​ជា​ច្រើន​របស់​ព្រះ​យេស៊ូ ដូច​មនុស្ស​ខ្លះ​សព្វ​ថ្ងៃ​នេះ​ដែរ ជឿ​ថា​ការ​រីក​ចំរើន​និង​ការ​កំសាន្ត​រីករាយ គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​មាន​សុភមង្គល​វិញ។ តែ​ព្រះ​យេស៊ូ​ជ្រាប​ថា​មិន​មែន​ដូច្នេះ​ឡើយ។ ព្រះ​យេស៊ូ​ធ្វើ​ការ​ប្រៀប​ធៀប ដែល​ច្បាស់​ជា​ធ្វើ​ឲ្យ​ពួក​អ្នក​ស្ដាប់​ទ្រង់​ជា​ច្រើន​ភ្ញាក់​ផ្អើល ដោយ​មាន​បន្ទូល​ថា៖

«វេទនា​ដល់​អ្នក​រាល់​គ្នា ជា​អ្នក​មាន ដ្បិត​អ្នក​រាល់​គ្នា​កំពុង​តែ​មាន​សេចក្ដី​កំសាន្ត​ចិត្ត​ក្នុង​សម័យ​នេះ វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​ឆ្អែត ដ្បិត​នឹង​ត្រូវ​ឃ្លាន​វិញ វេទនា​ដល់​អ្នក​រាល់​គ្នា ដែល​សើច​ក្នុង​ជាន់​ឥឡូវ​នេះ ដ្បិត​នឹង​កើត​ទុក្ខ​ព្រួយ ហើយ​យំ​សោក​វិញ វេទនា​ដល់​អ្នក​រាល់​គ្នា កាល​ណា​មនុស្ស​ទាំង​អស់​និយាយ​ល្អ​ពី​អ្នក​រាល់​គ្នា ពីព្រោះ​កាល​ពី​ដើម ពួក​ឰយុកោ​បាន​ប្រព្រឹត្ត​នឹង​ពួក​ហោរា​ក្លែង​ក្លាយ​យ៉ាង​ដូច្នោះ​ដែរ»។

តើ​ព្រះ​យេស៊ូ​ចង់​មាន​ន័យ​យ៉ាង​ណា? ហេតុ​អ្វី​ការ​មាន​ទ្រព្យ​សម្បត្ដិ ការ​ឆ្កួត​នឹង​ការ​កំសាន្ត ហើយ​ការ​សរសើរ​ពី​មនុស្ស នាំ​ឲ្យ​មាន​សេចក្ដី​វេទនា​ទៅ​វិញ? នេះ​គឺ​ពីព្រោះ​នៅ​ពេល​ដែល​បុគ្គល​ម្នាក់​មាន គាត់​ស្រឡាញ់​របស់​ទាំង​នេះ​ជា​ខ្លាំង ដូច្នេះ​ការ​បំរើ​ព្រះ​ដែល​នាំ​ឲ្យ​មាន​សុភមង្គល នោះ​ឥត​មាន​ក្នុង​ជីវិត​របស់​គាត់​ទេ។ ទន្ទឹម​គ្នា​នឹង​នេះ ព្រះ​យេស៊ូ​មិន​ចង់​បាន​សេចក្ដី​ថា ការ​ក្រ ការ​ស្រេក​ឃ្លាន និង​ទុក្ខ​សោក​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​មាន​សុភមង្គល​នោះ​ឡើយ។ ប៉ុន្តែ មនុស្ស​ក្រ​ខ្សត់​បែប​នេះ អាច​ព្រម​ស្ដាប់​នឹង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ ដោយ​ហេតុ​នោះ​ហើយ​គេ​នឹង​ទទួល​ពរ​ជា​សុភមង្គល​ពិត។

បន្ទាប់​មក ព្រះ​យេស៊ូ​មាន​បន្ទូល​សំដៅ​ទៅ​ពួក​សិស្ស​របស់​ទ្រង់​ថា៖ «អ្នក​រាល់​គ្នា​ជា​អំបិល​នៃ​ផែនដី»។ ប្រាកដ​ហើយ ទ្រង់​មិន​ចង់​មាន​ន័យ​ថា ពួក​គេ​ជា​អំបិល​មែន​ទែន​ឡើយ។ ផ្ទុយ​ទៅ​វិញ អំបិល​គឺ​ជា​អ្វី​ដែល​បង្ការ​កុំ​ឲ្យ​ខូច។ នៅ​ជិត​អាសនៈ​ឯ​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា នោះ​មាន​អំបិល​ជា​ច្រើន ដែល​ពួក​សង្ឃ​បំរើ​នៅ​ទី​នោះ បាន​ប្រើ​អំបិល​នេះ​ដើម្បី​នឹង​ប្រឡាក់​តង្វាយ។

ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​គឺ​ជា«អំបិល​នៃ​ផែនដី» ក្នុង​ន័យ​ថា ពួក​គាត់​មាន​អានុភាព​ដែល​អាច​ការ​ពារ​និង​ថែ​រក្សា​មនុស្ស។ ប្រាកដ​ហើយ សារ​ដែល​ពួក​គាត់​ផ្សាយ អាច​ការ​ពារ​ជីវិត​របស់​មនុស្ស​ទាំង​អស់ ដែល​ព្រម​ស្ដាប់​សារ​នោះ! បុគ្គល​បែប​នេះ​ដែល​ព្រម​ស្ដាប់​នឹង​បណ្ដុះ​ឲ្យ​គេ​មាន​គុណសម្បត្ដិ ដូច​ជា​ភាព​ប្រាកដ​ប្រជា ភក្ដី​ភាព សេចក្ដី​ស្មោះ​ត្រង់ ដែល​បង្ការ​ភាព​អន់​ថយ​ខាង​វិញ្ញាណ​និង​ខាង​សីលធម៌។

ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា៖ «អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកីយ»។ គេ​មិន​យក​ធុង​គ្រប​លើ​ចង្កៀង​នោះ​ទេ ក៏​ប៉ុន្តែ​ដាក់​នៅ​លើ​ជើង​ចង្កៀង​វិញ។ ដូច្នេះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ»។ ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​ធ្វើ​ដូច្នេះ ដោយ​ការ​ធ្វើ​បន្ទាល់​សាធារណៈ ព្រម​ទាំង​ដោយ​បំរើ​ជា​គំរូ​ដ៏​អស្ចារ្យ​តាម​ចរិយា​ប្រព្រឹត្ត​ដែល​ស្រប​តាម​គោល​ការណ៍​ព្រះ​គម្ពីរ។

ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​មួយ​សំរាប់​ពួក​អ្នក​កាន់​តាម​ទ្រង់

ពួក​មេ​ដឹក​នាំ​សាសនា​ចាត់​ទុក​ព្រះ​យេស៊ូ ជា​អ្នក​ដែល​រំលង​ក្រិត្យ​វិន័យ​របស់​ព្រះ ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ បាន​គ្រោង​រក​ធ្វើ​គុត​ដល់​ទ្រង់។ ដូច្នេះ​កាល​ដែល​ព្រះ​យេស៊ូ​បន្ត​ថ្លែង​សេចក្ដី​បង្រៀន​របស់​ទ្រង់​នៅ​លើ​ភ្នំ នោះ​ទ្រង់​ពន្យល់​ថា៖ «កុំ​ឲ្យ​គិត​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​នឹង​លើក​ក្រិត្យ​វិន័យ​ឬ​ទំនាយ​ពួក​ហោរា​ចោល​ឡើយ ខ្ញុំ​មិន​មែន​មក​នឹង​លើក​ចោល​ទេ គឺ​មក​នឹង​ធ្វើ​ឲ្យ​សំរេច​វិញ»។

ព្រះ​យេស៊ូ​មាន​សេចក្ដី​គោរព​ជា​ទី​បំផុត​ចំពោះ​ក្រិត្យ​វិន័យ​របស់​ព្រះ ហើយ​ទ្រង់​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ឲ្យ​មាន​សេចក្ដី​គោរព​ដូច្នេះ​ដែរ។ តាម​ការ​ពិត ទ្រង់​មាន​បន្ទូល​ថា៖«ដូច្នេះ អ្នក​ណា​ដែល​នឹង​រំលង​បទ​ណា​មួយ សូម្បី​យ៉ាង​តូច​បំផុត ក្នុង​បញ្ញត្ត​ទាំង​នេះ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ នោះ​នឹង​ត្រូវ​ហៅ​ជា​អ្នក​តូច​បំផុត​ក្នុង​នគរ​ស្ថាន​សួគ៌»។ នេះ​បាន​ន័យ​ថា បុគ្គល​បែប​នេះ​នឹង​មិន​អាច​ចូល​ក្នុង​ព្រះ​រាជាណាចក្រ​ព្រះ​បាន​ឡើយ។

ក្រៅ​ពី​ការ​ឥត​គោរព​ក្រិត្យ​វិន័យ​របស់​ព្រះ ព្រះ​យេស៊ូ​ផ្ដន្ទា​ទោស​នឹង​អាកប្បកិរិយា ដែល​បណ្ដាល​ឲ្យ​បុគ្គល​ម្នាក់​ប្រព្រឹត្ត​ខុស​គន្លង​នោះ​ដែរ។ ក្រោយ​ពី​កត់​សម្គាល់​អំពី​ក្រិត្យ​វិន័យ​ដែល​ចែង​ថា «កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ»នោះ ព្រះ​យេស៊ូ​មាន​បន្ទូល​ត​ទៅ​ទៀត​ថា៖ «សូម្បី​តែ​អ្នក​ណា​ដែល​ខឹង​នឹង​បង​ប្អូន នោះ​ក្រែង​ត្រូវ​ជំនុំ​ជំរះ​ដែរ»។

គឺ​ជា​អ្វី​ដ៏​ធ្ងន់​ធ្ងរ​មែន​បើ​គាត់​នៅ​តែ​បន្ត​ខឹង​ពួក​ម៉ាក​របស់​គាត់​នោះ នេះ​ប្រហែល​ជា​អាច​នាំ​ឲ្យ​គាត់​ទៅ​សម្លាប់​គេ​បាន ដូច្នេះ​ហើយ​ព្រះ​យេស៊ូ​បាន​ពន្យល់​នូវ​កំរិត​ដែល​បុគ្គល​ម្នាក់​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​ទទួល​បាន​សន្ដិភាព​ក្នុង​ចំណោម​គ្នា​និង​គ្នា។ ទ្រង់​បង្គាប់​ថា៖ «ដូច្នេះ បើ​កាល​ណា​អ្នក​នាំ​យក​ដង្វាយ​មក​ដល់​អាសនា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា បង​ប្អូន​ណា​មាន​ហេតុ​អ្វី​ទាស់​នឹង​អ្នក នោះ​ត្រូវ​ទុក​ដង្វាយ​របស់​អ្នក​នៅ​មុខ​អាសនា ហើយ​ទៅ​រក​ជា​នឹង​បង​ប្អូន​ជា​មុន​សិន រួច​សឹម​ថ្វាយ​ដង្វាយ​អ្នក​ចុះ»។

ព្រះ​យេស៊ូ​សំដៅ​ទៅ​ក្រិត្យ​វិន័យ​ទី​ប្រាំ​ពីរ​ក្នុង​ក្រិត្យ​វិន័យ​ដប់​ប្រការ ដោយ​មាន​បន្ទូល​បន្ត​ថា៖ «អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​សំដែង​ពី​ដើម​ថា‹កុំ​ផិត​ឲ្យ​សោះ›»។ ក៏​ប៉ុន្តែ​ព្រះ​យេស៊ូ​ផ្ដន្ទា​ទោស​នូវ​ទង្វើ​ណា​ដែល​ទន់​ទោរ​ទៅ​រក​ការ​ផិត​នោះ។ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​អ្នក​ណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ»។

នៅ​ទី​នេះ ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​មាន​បន្ទូល​អំពី​គំនិត​ដ៏​អសីលធម៌​នោះ​ទេ ក៏​ប៉ុន្តែ​អំពី‹ការ​ខំ​ក្រឡេក​មើល›។ ការ​ក្រឡេក​មើល​ជា​បន្ត​នេះ​ធ្វើ​ឲ្យ​មាន​ការ​ស្រើប​ស្រាល​ខាង​តណ្ហា ហើយ​នេះ​ជា​ឱកាស​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផិត​គ្នា។ តើ​បុគ្គល​ម្នាក់​អាច​បង្ការ​កុំ​ឲ្យ​រឿង​នេះ​កើត​ឡើង​បាន​ដោយ​ដូច​ម្ដេច? ព្រះ​យេស៊ូ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​ដែល​មាន​ជា​ចាំ​បាច់ ដោយ​មាន​បន្ទូល​ថា៖ «បើ​ភ្នែក​ស្ដាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​ខ្វែះ​ចេញ​បោះ​ចោល​ទៅ! . . . ហើយ​បើ​ដៃ​ស្ដាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​កាត់​ចេញ​បោះ​ចោល​ទៅ!»។

មនុស្ស​ជា​ច្រើន​តែង​សុខ​ចិត្ត​លះ​បង់​អវយវៈ​ដែល​មាន​រោគ ដើម្បី​សង្គ្រោះ​ជីវិត​របស់​គេ។ ក៏​ប៉ុន្តែ​យោង​ទៅ​តាម​ទស្សនៈ​ព្រះ​យេស៊ូ នេះ​គឺ​សំខាន់​ជាង​ការ​គ្រាន់​តែ‹បោះ​ចោល›អ្វី​ៗ ដែល​មាន​តម្លៃ​ដូច​ជា​ភ្នែក​ឬ​ដៃ​មួយ​នោះ​ទៅ​ទៀត ប៉ុន្តែ​នេះ​គឺ​សំដៅ​ទៅ​លើ​ការ​ជៀស​វាង​ពី​គំនិត​និង​ការ​ប្រព្រឹត្ត​អំពើ​ឥត​សីលធម៌​នោះ​តែ​ម្ដង។ បើ​មិន​ដូច្នេះ​ទេ នោះ​ព្រះ​យេស៊ូ​ពន្យល់​ថា បុគ្គល​បែប​នេះ​នឹង​ត្រូវ​បោះ​ចូល​ទៅ​ក្នុង​ហ្គេហេណា (គំនរ​សំរាម​ដែល​ដុត​ជិត​ក្រុង​យេរូសាឡិម) ដែល​តំណាង​សេចក្ដី​ហិន​វិនាស​ជា​អនន្ត។

ព្រះ​យេស៊ូ​ក៏​ពិគ្រោះ​នូវ​របៀប​ប្រឈម​មុខ​ដោះ​ស្រាយ នឹង​មនុស្ស​ដែល​បង្ក​ឲ្យ​មាន​របួស​និង​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ដែរ។ ឱវាទ​របស់​ទ្រង់​គឺ​មាន​ដូច​នេះ​ថា៖ «កុំ​ឲ្យ​តតាំង​នឹង​អំពើ​អាក្រក់​ឡើយ បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្ដាំ​នៃ​អ្នក នោះ​ត្រូវ​តែ​បែរ​កំផ្លៀង​ម្ខាង​ទៅ​ឲ្យ​ទៀត»។ ព្រះ​យេស៊ូ​មាន​បន្ទូល​នេះ​មិន​បាន​សេចក្ដី​ថា បុគ្គល​ម្នាក់​មិន​គួរ​ការ​ពារ​ខ្លួន​ឬ​គ្រួសារ​របស់​គាត់ ប្រសិន​បើ​មាន​ការ​វាយ​តប់​នោះ​ឡើយ។ ការ​ទះ​មិន​មាន​បំណង​ដើម្បី​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខាង​រូប​កាយ​ទេ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គេ​ធ្វើ​ឡើង​ដើម្បី​មើល​ងាយ។ ដូច្នេះ អ្វី​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​នោះ​គឺ​ថា ប្រសិន​បើ​អ្នក​ណា​ម្នាក់​ខំ​បង្ក​រឿង​ឬ​ឈ្លោះ​ប្រកែក មិន​ថា​ទះ​មែន​ទែន​ឬ​ដោយ​ពាក្យ​ប្រមាថ​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​ក៏​ដោយ បើ​យើង​សង​សឹក​នឹង​គេ​វិញ នោះ​គឺ​ខុស​ហើយ។

ក្រោយ​ពី​បាន​សំដៅ​ទៅ​ក្រិត្យ​វិន័យ​របស់​ព្រះ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ខ្លួន នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖«ប៉ុន្តែ​ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ . . . ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​អ្នក​រាល់​គ្នា​វិញ»។ ព្រះ​យេស៊ូ​ប្រទាន​នូវ​មូលហេតុ​ដ៏​មុត​មាំ​ចំពោះ​ការ​ធ្វើ​ដូច្នេះ ដោយ​មាន​បន្ទូល​ទៀត​ថា៖ «ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​របស់​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​សួគ៌ ព្រោះ​ទ្រង់​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ទ្រង់​រះ​ឡើង បំភ្លឺ​ទាំង​មនុស្ស​អាក្រក់​នឹង​មនុស្ស​ល្អ»។

ព្រះ​យេស៊ូ​បញ្ចប់​ផ្នែក​នៃ​សេចក្ដី​បង្រៀន​ទាំង​នេះ​របស់​ទ្រង់ ដោយ​ដាស់​តឿន​ថា៖ «ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ជា​ព្រះ​វរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ»។ ព្រះ​យេស៊ូ​មិន​មែន​ចង់​បាន​ន័យ​ថា មនុស្ស​អាច​ធ្វើ​បាន​គ្រប់​ល័ក្ខណ៍​ក្នុង​ន័យ​មែន​ទែន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ដោយ​យក​តម្រាប់​តាម​ព្រះ នោះ​ពួក​គេ​អាច​ពង្រីក​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​ព្រះ និង​ចំពោះ​ពួក​សត្រូវ​របស់​ពួក​គេ​ផង​ដែរ។ កំណត់​ហេតុ​របស់​លូកា​ក៏​មាន​បន្ទូល​របស់​ព្រះ​យេស៊ូ​នេះ​ដែរ ដែល​ថា៖ «ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​មេត្ដា​ករុណា ដូច​ជា​ព្រះ​វរបិតា​នៃ​អ្នក ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា​ដែរ»។

សេចក្ដី​អធិស្ឋាន និង​ទំនុក​ចិត្ត​លើ​ព្រះ

កាល​ដែល​ព្រះ​យេស៊ូ​បន្ត​បង្រៀន នោះ​ទ្រង់​ផ្ដន្ទា​ទោស​នូវ​ការ​លាក់​ពុត​របស់​មនុស្ស​ដែល​អួតអាង​ថា គេ​គោរព​ព្រះ។ ទ្រង់​មាន​បន្ទូល​ថា៖ «កាល​ណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ផ្លុំ​ត្រែ​នៅ​មុខ​អ្នក ដូច​ពួក​មាន​ពុត»ឡើយ។

ព្រះ​យេស៊ូ​មាន​បន្ទូល​ទៀត​ថា៖ «កាល​ណា​អ្នក​អធិស្ឋាន កុំ​ឲ្យ​ធ្វើ​ដូច​មនុស្ស​មាន​ពុត ដែល​ចូល​ចិត្ត​ឈរ​អធិស្ឋាន​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ជ្រុង​ផ្លូវ ឲ្យ​មនុស្ស​លោក​ឃើញ​នោះ​ឡើយ»។ ផ្ទុយ​ទៅ​វិញ ទ្រង់​បង្គាប់​ថា៖ «តែ​ឯ​អ្នក កាល​ណា​អធិស្ឋាន នោះ​ត្រូវ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ហើយ​បិទ​ទ្វារ រួច​អធិស្ឋាន​ដល់​ព្រះ​វរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ទី​លាក់​កំបាំង​ចុះ»។ ព្រះ​យេស៊ូ​ទ្រង់​ផ្ទាល់​ក៏​ធ្លាប់​បាន​អធិស្ឋាន​នៅ​កន្លែង​សាធារណៈ​ដែរ ដូច្នេះ​ហើយ​ទ្រង់​មិន​ផ្ដន្ទា​ទោស​នឹង​រឿង​នេះ​ទេ។ អ្វី​ដែល​ទ្រង់​បដិសេធ​មិន​ទទួល​នោះ គឺ​ជា​សេចក្ដី​អធិស្ឋាន​ដែល​សូត្រ​ឡើង ធ្វើ​ឲ្យ​ពួក​អ្នក​ស្ដាប់​កោត​ស្ងើច ហើយ​ដើម្បី​ទទួល​ការ​សរសើរ​ពី​ពួក​គេ​នោះ។

ព្រះ​យេស៊ូ​ប្រទាន​ឱវាទ​ទៀត​ថា៖ «ហើយ​កាល​ណា​អធិស្ឋាន នោះ​កុំ​ឲ្យ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួន​ៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ»។ ព្រះ​យេស៊ូ​មិន​ចង់​មាន​ន័យ​ថា ការ​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត គឺ​ខុស​នោះ​ទេ។ នៅ​ពេល​មួយ ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ទ្រង់ ទ្រង់​បាន​ប្រើ«ពាក្យ​ផ្ទួន​ៗ»ជា​ញឹក​ញាប់។ ក៏​ប៉ុន្តែ​អ្វី​ដែល​ទ្រង់​មិន​សព្វ​ព្រះ​ទ័យ​នោះ គឺ​ការ​និយាយ​ឃ្លា​ដែល​បាន​ទន្ទេញ«ផ្ទួន​ៗ» ដោយ​ការ​សូត្រ​រាប់​គ្រាប់​អង្កាំ នោះ​គេ​សូត្រ​ធម៌​របស់​គេ​ដដែល​ៗ។

ដើម្បី​ជួយ​ពួក​អ្នក​ស្ដាប់​របស់​ព្រះ​យេស៊ូ​ឲ្យ​ចេះ​អធិស្ឋាន នោះ​ទ្រង់​បាន​ប្រទាន​នូវ​សេចក្ដី​អធិស្ឋាន​គំរូ ដែល​រួម​បញ្ចូល​សេចក្ដី​ស្នើ​សុំ​ប្រាំ​ពីរ​យ៉ាង។ សេចក្ដី​ស្នើ​សុំ​បី​ដំបូង​គឺ​ការ​ទទួល​ស្គាល់​យ៉ាង​ត្រឹម​ត្រូវ​នូវ​អធិបតេយ្យ​របស់​ព្រះ និង​គោល​បំណង​របស់​ទ្រង់។ នេះ​គឺ​ជា​សេចក្ដី​ស្នើ​សុំ​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ ឲ្យ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​បាន​មក​ដល់ ហើយ​ឲ្យ​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់​បាន​សម្រេច។ សេចក្ដី​ស្នើ​សុំ​បួន​ក្រោយ​ទៀត​គឺ​សំណូម​ផ្ទាល់​ខ្លួន ដូច​ជា​ការ​សុំ​អាហារ​ប្រចាំ​ថ្ងៃ ការ​សុំ​ឲ្យ​អត់​ឱន​ទោស​ពី​បាប ការ​សុំ​កុំ​ឲ្យ​មាន​សេចក្ដី​ល្បួង​ដែល​លើស​ហួស​ពី​ការ​ស៊ូ​ទ្រាំ​របស់​យើង និង​ការ​ជួយ​រំដោះ​ពី​អា​កំណាច។

ព្រះ​យេស៊ូ​មាន​បន្ទូល​ជា​បន្ត​អំពី​អន្ទាក់​នៃ​ការ​ផ្ដោត​អារម្មណ៍​ហួស​ហេតុ​ទៅ​លើ​ការ​ប្រមូល​វត្ថុ​ទ្រព្យ។ ទ្រង់​ដាស់​តឿន​ថា៖ «កុំ​ឲ្យ​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​សំរាប់​ខ្លួន​នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត នឹង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំ​លុះ​ប្លន់​នោះ​ឡើយ»។ ទ្រព្យ​សម្បត្ដិ​បែប​នេះ​មិន​គ្រាន់​តែ​អាច​បាត់​សូន្យ​ទៅ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ព្រះ​មិន​ចាត់​ទុក​របស់​ទាំង​នោះ​មាន​គុណប្រយោជន៍​ឡើយ។

ដូច្នេះ​ហើយ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្ដិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថាន​សួគ៌​វិញ»។ នេះ​គឺ​សម្រេច​បាន​ដោយ​ទុក​កិច្ច​បំរើ​របស់​ព្រះ​ជា​អាទិភាព​ក្នុង​ជីវិត​របស់​អ្នក។ គ្មាន​អ្នក​ណា​អាច​យក​ចេញ​នូវ​ការ​សរសើរ ដែល​អ្នក​បាន​ថ្វាយ​ចំពោះ​ព្រះ​ឡើយ នោះ​ជា​រង្វាន់​ដ៏​មាន​តម្លៃ​មិន​អាច​គណនា​បាន។ រួច​មក ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ថែម​ថា៖ «ពីព្រោះ​សម្បត្ដិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ»។

ព្រះ​យេស៊ូ​ប្រទាន​ឲ្យ​នូវ​រឿង​ប្រៀប​ប្រដូច​មួយ ដែល​បញ្ជាក់​ថែម​ទៀត​នូវ​អន្ទាក់​នៃ​វត្ថុ​និយម ដោយ​មាន​បន្ទូល​ថា៖ «ឯ​ចង្កៀង​របស់​រូប​កាយ គឺ​ជា​ភ្នែក ដូច្នេះ បើ​ភ្នែក​អ្នក​ល្អ នោះ​រូប​កាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ តែ​បើ​ភ្នែក​អ្នក​អាក្រក់​វិញ នោះ​រូប​កាយ​អ្នក​ទាំង​មូល នឹង​ត្រូវ​ងងឹត​សូន្យ»។ ភ្នែក​ដែល​ភ្លឺ​ល្អ គឺ​ដូច​ជា​ចង្កៀង​មួយ​របស់​រូប​កាយ ដែល​បាន​ភ្លឺ​នៅ​កន្លែង​ងងឹត​សូន្យ​សុង។ ក៏​ប៉ុន្តែ​ដើម្បី​ឲ្យ​ឃើញ​ត្រឹម​ត្រូវ នោះ​ភ្នែក​ត្រូវ​តែ​ល្អ គឺ​ថា​ភ្នែក​នោះ​ត្រូវ​តែ​តម្រង់​ទៅ​របស់​តែ​មួយ​ប៉ុណ្ណោះ។ ភ្នែក​ដែល​ស្រវាំង​គឺ​នាំ​ឲ្យ​ស្មាន​ខុស ដោយ​ចាត់​ទុក​ការ​ស្វះ​ស្វែង​រក​ទ្រព្យ​សម្បត្ដិ​សំខាន់​ជាង​ការ​បំរើ​ព្រះ ជា​លទ្ធផល​នោះ«រូប​កាយ​អ្នក​ទាំង​មូល»នឹង​ទៅ​ជា​ងងឹត​សូន្យ​សុង។

ព្រះ​យេស៊ូ​បញ្ជាក់​ពាក្យ​បន្ទូល​នេះ​យ៉ាង​ម៉ឺង​ម៉ាត់​ដោយ​ប្រាប់​រឿង​ប្រៀប​ប្រដូច​ដ៏​មាន​អានុភាព​នេះ​ថា៖ «គ្មាន​អ្នក​ណា​អាច​នឹង​បំរើ​ចៅហ្វាយ​២​នាក់​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​១ ហើយ​ស្រឡាញ់​១ ឬ​ស្មោះ​ត្រង់​នឹង​១ ហើយ​មើល​ងាយ​១ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ដល់​ព្រះ នឹង​ទ្រព្យ​សម្បត្ដិ​ផង​បាន​ទេ»។

ក្រោយ​ពី​ប្រទាន​ឲ្យ​នូវ​ឱវាទ​នេះ ព្រះ​យេស៊ូ​ធានា​រ៉ាប់​រង​ពួក​អ្នក​ស្ដាប់​របស់​ទ្រង់​ថា បើ​គេ​ទុក​កិច្ច​បំរើ​របស់​ព្រះ​ជា​អាទិភាព​នោះ ពួក​គេ​មិន​ចាំ​បាច់​ព្រួយ​នឹង​សេចក្ដី​ត្រូវ​ការ​ខាង​សម្ភារៈ​ឡើយ។ ទ្រង់​មាន​បន្ទូល​ថា៖ «ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាប​ព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះ​វរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​ចិញ្ចឹម​វា»។ រួច​មក ទ្រង់​មាន​បន្ទូល​សួរ​ថា៖ «ឯ​អ្នក​រាល់​គ្នា តើ​គ្មាន​ដំឡៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ?»។

បន្ទាប់​មក ព្រះ​យេស៊ូ​ចង្អុល​ទៅ​ផ្កា​ឈូក​នៅ​ក្នុង​បឹង ហើយ​ទ្រង់​បញ្ជាក់​ថា«សូម្បី​តែ​ហ្លួង​សាឡូម៉ូន​ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្ដី​រុង​រឿង​របស់​ទ្រង់ នោះ​ទ្រង់​មិន​បាន​តែង​អង្គ ដូច​ជា​ផ្កា​១​នោះ​ផង»។ ទ្រង់​មាន​បន្ទូល​ទៀត​ថា៖ «បើ​ព្រះ​ទ្រង់​តុបតែង​ស្មៅ​យ៉ាង​ដូច្នោះ នោះ​ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ! តើ​ទ្រង់​មិន​តុបតែង​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​ទៅ​ទៀត​ទេ​ឬ?»។ ដូច្នេះ​ព្រះ​យេស៊ូ​បញ្ចប់​ដោយ​មាន​បន្ទូល​ថា៖ «ដូច្នេះ កុំ​ឲ្យ​ខ្វល់​ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី ឬ​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ . . . ឯ​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ។ ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង»។

ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត

ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត គឺ​ការ​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ។ ក៏​ប៉ុន្តែ នេះ​គឺ​មិន​ស្រួល​ធ្វើ​នោះ​ទេ។ ជា​ឧទាហរណ៍ ពួក​ផារីស៊ី​ទំនង​ជា​វិនិច្ឆ័យ​ដោយ​គ្មាន​ចិត្ត​ត្រា​ប្រណី​ដល់​អ្នក​ដទៃ ហើយ​ប្រហែល​ជា​មនុស្ស​ជា​ច្រើន​ធ្វើ​តាម​តម្រាប់​ពួក​គេ​ផង​ដែរ។ ដូច្នេះ​កាល​ដែល​ព្រះ​យេស៊ូ​បង្រៀន​បន្ត​នៅ​លើ​ភ្នំ នោះ​ទ្រង់​ប្រទាន​ឲ្យ​ការ​ដាស់​តឿន​នេះ​ថា៖ «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ»។

ការ​ធ្វើ​តាម​ពួក​ផារីស៊ី​ដែល​មាន​ចិត្ត​រិះ​គន់​ដ៏​ហួស​ហេតុ គឺ​អាច​មាន​គ្រោះ​ថ្នាក់។ យោង​ទៅ​តាម​ដំណើរ​រឿង​របស់​លូកា នោះ​ព្រះ​យេស៊ូ​បាន​បង្ហាញ​នូវ​គ្រោះ​ថ្នាក់​នេះ ដោយ​មាន​បន្ទូល​ថា៖ «តើ​មនុស្ស​ខ្វាក់​អាច​នឹង​ដឹក​មនុស្ស​ខ្វាក់​បាន​ឬ​ទេ? តើ​មិន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ទាំង​២​នាក់​ទេ​ឬ?»។

ដោយ​មាន​ចិត្ត​រិះ​គន់​យ៉ាង​ខ្លាំង​ដល់​អ្នក​ដទៃ ពន្លើស​កំហុស​របស់​គេ និង​រក​រឿង​ឈ្លោះ​ប្រកែក​គេ​នោះ គឺ​ជា​ទោស​ដ៏​ធ្ងន់​ធ្ងរ​មួយ។ ដូច្នេះ​ព្រះ​យេស៊ូ​មាន​បន្ទូល​សួរ​ថា៖ «ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​និយាយ​នឹង​បង​ប្អូន​ថា ‹ចូរ​ឲ្យ​អញ​យក​កំទេច​ពី​ភ្នែក​ឯង​ចេញ› តែ​មើល! មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​ខ្លួន​អ្នក​វិញ អ្នក​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ពី​ភ្នែក​របស់​ខ្លួន​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កំទេច​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន​ដែរ»។

នេះ​មិន​មែន​មាន​ន័យ​ថា​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ មិន​បាន​ប្រើ​ការ​វែក​ញែក​យ៉ាង​ល្អិត​ល្អន់​ក្នុង​ការ​មើល​មនុស្ស​ឯ​ទៀត​នោះ​ទេ ដ្បិត​ទ្រង់​មាន​បន្ទូល​ថា៖ «កុំ​ឲ្យ​របស់​បរិសុទ្ធ​ដល់​ឆ្កែ ឬ​បោះ​កែវ​មុក្ដា​របស់​ខ្លួន​នៅ​មុខ​ជ្រូក​ឡើយ»។ សេចក្ដី​ពិត​ពី​ព្រះ​បន្ទូល​របស់​ព្រះ​គឺ​បរិសុទ្ធ។ ព្រះ​បន្ទូល​របស់​ព្រះ​គឺ​ប្រៀប​ដូច​ជា​កែវ​មុក្ដា។ ក៏​ប៉ុន្តែ​ប្រសិន​បើ​បុគ្គល​ខ្លះ ដែល​មាន​សភាព​ដូច​ជា​ឆ្កែ​និង​ជ្រូក ដែល​ឥត​បង្ហាញ​នូវ​ការ​អបអរ​ដល់​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ នោះ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​គួរ​តែ​ចេញ​ពី​មនុស្ស​ទាំង​នោះ ហើយ​ទៅ​រក​ពួក​មនុស្ស​ដែល​ចង់​ស្ដាប់​វិញ។

ព្រះ​យេស៊ូ​បាន​ពិគ្រោះ​អំពី​សេចក្ដី​អធិស្ឋាន​ពី​មុន ក្នុង​សេចក្ដី​បង្រៀន​នៅ​លើ​ភ្នំ ឥឡូវ​នេះ​ទ្រង់​បញ្ជាក់​នូវ​តម្រូវ​ការ​ឲ្យ​ត​ស៊ូ​អធិស្ឋាន។ ទ្រង់​ដាស់​តឿន​ថា៖ «ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក»។ ដើម្បី​ពន្យល់​នូវ​ការ​ប្រុង​ប្រៀប​របស់​ព្រះ​ដើម្បី​នឹង​តប​ឆ្លើយ​ដល់​សេចក្ដី​អធិស្ឋាន នោះ​ព្រះ​យេស៊ូ​សួរ​ថា៖ «ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​កូន​សូម​នំ​ប៉័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ដល់​វា? . . . ចុះ​បើ​អ្នក​រាល់​គ្នា​ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង់​បើ​ព្រះ​វរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាលម៉ាន​ទៅ​ទៀត?»។

បន្ទាប់​មក ព្រះ​យេស៊ូ​ប្រទាន​នូវ​អ្វី​ដែល​បាន​ក្លាយ​ទៅ​ជា​វិន័យ​ដ៏​ល្បី​មួយ​ស្តី​អំពី​ចរិយា​ប្រព្រឹត្ត។ ទ្រង់​មាន​បន្ទូល​ថា៖ «ដូច្នេះ អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ»។ ការ​រស់​នៅ​តាម​វិន័យ​នេះ​ទាក់​ទង​នឹង​ការ​ប្រព្រឹត្ត​ដ៏​ល្អ ដូច​ជា​ការ​ធ្វើ​ល្អ​ដល់​អ្នក​ដទៃ ដោយ​ប្រព្រឹត្ត​ទៅ​លើ​គេ ដូច​អ្នក​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​មក​លើ​ខ្លួន​ដែរ។

ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត​គឺ​មិន​ស្រួល​ដើរ​តាម​ទេ ដ្បិត​សេចក្ដី​បង្គាប់​របស់​ព្រះ​យេស៊ូ​បង្ហាញ​ប្រាប់​ថា៖«ចូរ​ឲ្យ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​ហិន​វិនាស នោះ​ធំ ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​តាម​ទ្វារ​នោះ តែ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ»។

គ្រោះ​ថ្នាក់​នៃ​ការ​ត្រូវ​បំភាន់​គឺ​មាន​ខ្លាំង​ណាស់ ដូច្នេះ​ព្រះ​យេស៊ូ​ក៏​ព្រមាន​ថា៖ «ចូរ​ប្រយ័ត​នឹង​ពួក​គ្រូ​ក្លែង​ក្លាយ ដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែ​ចចក​ដែល​ឆ្មក់​ស៊ី​វិញ»។ សូម្បី​តែ​ដើម​ឈើ​ល្អ​និង​ដើម​អាក្រក់​អាច​ស្គាល់​បាន​ដោយ​ផ្លែ​របស់​វា នោះ​ព្រះ​យេស៊ូ​កត់​សម្គាល់​ថា ព្យាការី​ក្លែង​ក្លាយ​អាច​ស្គាល់​បាន​ដោយ​ចរិយា​ប្រព្រឹត្ត​និង​ការ​បង្រៀន​របស់​គេ។

ព្រះ​យេស៊ូ​ពន្យល់​ជា​បន្ត​ថា គឺ​មិន​មែន​គ្រាន់​តែ​សម្គាល់​ទៅ​លើ​អ្វី​ដែល​បុគ្គល​ម្នាក់​និយាយ​ទេ ដែល​ធ្វើ​ឲ្យ​គាត់​ជា​សិស្ស​របស់​ទ្រង់​នោះ ក៏​ប៉ុន្តែ​ជា​អ្វី​ដែល​គាត់​ប្រព្រឹត្ត​ទៅ​វិញ​ទេ។ មនុស្ស​ខ្លះ​អួតអាង​ថា​ព្រះ​យេស៊ូ​ជា​ព្រះ​អម្ចាស់​របស់​គេ ក៏​ប៉ុន្តែ​បើ​គេ​មិន​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា​ទ្រង់ នោះ​ទ្រង់​មាន​បន្ទូល​ថា៖ «នោះ​ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ថា៖ ‹អញ​មិន​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ! ពួក​ទទឹង​ច្បាប់​អើយ! ចូរ​ថយ​ចេញ​ពី​អញ​ទៅ»។

នៅ​ទី​បំផុត ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ដោយ​ពាក្យ​បញ្ចប់​ដ៏​គួរ​ឲ្យ​ចង​ចាំ​ដែល​បំភ្លេច​មិន​បាន​ចំពោះ​សេចក្ដី​បង្រៀន​របស់​ទ្រង់​ដោយ​ថា៖ «ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នក​នោះ​ដូច​ជា​មនុស្ស​ប៉ិន​ប្រយ័ត ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ តែ​មិន​បាន​រលំ​ទេ ពីព្រោះ​បាន​សង់​នៅ​លើ​ថ្ម»។

ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​ប្រកាស​ថា៖ «ឯ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ត្រូវ​ធៀប​ដូច​ជា​មនុស្ស​ល្ងង់ ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ខ្សាច់​វិញ រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ទៅ ហើយ​មាន​ការ​ខូច​ខាត​ជា​ធំ»។

នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បញ្ចប់​សេចក្ដី​បង្រៀន​របស់​ទ្រង់ នោះ​ហ្វូង​មនុស្ស​បាន​មាន​ចិត្ត​អស្ចារ្យ​នូវ​របៀប​ដែល​ទ្រង់​បង្រៀន ដ្បិត​ទ្រង់​បង្រៀន​ពួក​គេ​ដូច​ជា​បុគ្គល​ម្នាក់​ដែល​មាន​អានុភាព មិន​មែន​ដូច​ពួក​មេ​ដឹក​នាំ​សាសនា​របស់​ពួក​គេ​នោះ​ទេ។ លូកា ៦:១២​-​២៣, ខ.ស.; ម៉ាថាយ ៥:១​-​១២; លូកា ៦:២៤​-​២៦; ម៉ាថាយ ៥:១៣​-​៤៨; ៦:១​-​៣៤; ២៦:៣៦​-​៤៥; ៧:១​-​២៩; លូកា ៦:២៧​-​៤៩

តើ​ព្រះ​យេស៊ូ​នៅ​ឯ​ណា​ពេល​ដែល​ទ្រង់​ប្រទាន​នូវ​សេចក្ដី​បង្រៀន​ដែល​គួរ​ឲ្យ​ចង​ចាំ​នោះ? តើ​នរណា​ខ្លះ​មាន​វត្តមាន​នៅ​ទី​នោះ? ហើយ​តើ​អ្វី​បាន​កើត​ឡើង​មុន​នឹង​ទ្រង់​ប្រទាន​នូវ​សេចក្ដី​បង្រៀន​របស់​ទ្រង់?

ហេតុ​អ្វី​ក៏​មិន​ជា​ការ​ចម្លែក​ដែល​លូកា បាន​កត់​ទុក​អំពី​សេចក្ដី​បង្រៀន​ខ្លះ​តាម​កាលៈទេសៈ​ផ្សេង​នោះ?

តើ​អ្វី​ដែល​ធ្វើ​ឲ្យ​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​មាន​តម្លៃ​ម្ល៉េះ?

តើ​អ្នក​ណា​ដែល​ពិត​ជា​មាន​សុភមង្គល ហើយ​ហេតុ​អ្វី?

តើ​អ្នក​ណា​ទទួល​សេចក្ដី​វេទនា ហើយ​ហេតុ​អ្វី?

តើ​តាម​របៀប​ណា​ដែល​សិស្ស​របស់​ព្រះ​យេស៊ូ​ជា«អំបិល​នៃ​ផែនដី» ហើយ​ជា«ពន្លឺ​នៃ​លោកីយ»?

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បង្ហាញ​នូវ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​ដល់​ក្រិត្យ​វិន័យ​របស់​ព្រះ?

តើ​សេចក្ដី​បង្គាប់​អ្វី​ដែល​ព្រះ​យេស៊ូ​ផ្ដល់​ឲ្យ ដើម្បី​បំបាត់​ចោល​នូវ​ដើម​ហេតុ​ដែល​នាំ​ឲ្យ​សម្លាប់​គេ​និង​ការ​ផិត​គ្នា​នោះ?

តើ​ព្រះ​យេស៊ូ​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​ដែល​ទ្រង់​មាន​បន្ទូល​អំពី​ការ​បែរ​ម្ខាង​ទៀត​ឲ្យ​គេ​ទះ​កំផ្លៀង?

តើ​តាម​របៀប​ណា​ដែល​យើង​អាច​គ្រប់​ល័ក្ខណ៍ ដូច​ជា​ព្រះ​គ្រប់​ល័ក្ខណ៍​ដែរ​នោះ?

តើ​សេចក្ដី​បង្គាប់​អ្វី​ស្តី​អំពី​សេចក្ដី​អធិស្ឋាន ដែល​ព្រះ​យេស៊ូ​ប្រទាន​ឲ្យ​នោះ?

ហេតុ​អ្វី​ក៏​ទ្រព្យ​សម្បត្ដិ​នៅ​ស្ថាន​សួគ៌​គឺ​ប្រសើរ​ជាង? ហើយ​តើ​អាច​ទទួល​ទ្រព្យ​សម្បត្ដិ​នោះ​បាន​ដោយ​ដូច​ម្ដេច?

តើ​រឿង​ប្រៀប​ប្រដូច​អ្វី​ដែល​បាន​ផ្ដល់​មក ដើម្បី​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ជៀស​វាង​ពី​វត្ថុ​និយម​នោះ?

ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា គឺ​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ទេ?

តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​យ៉ាង​ណា​អំពី​ការ​វិនិច្ឆ័យ​ទោស​អ្នក​ដទៃ? ក៏​ប៉ុន្តែ​ទ្រង់​បង្ហាញ​ពួក​សិស្ស​របស់​ទ្រង់​ថា គេ​ត្រូវ​ការ​ប្រើ​ការ​វែក​ញែក​យ៉ាង​ល្អិត​ល្អន់​ក្នុង​ការ​មើល​មនុស្ស តើ​តាម​របៀប​ណា?

តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថែម​ទៀត​យ៉ាង​ណា​អំពី​សេចក្ដី​អធិស្ឋាន? ហើយ​តើ​ខ្នាត​តម្រា​នៃ​ចរិយា​ប្រព្រឹត្ត​អ្វី​ដែល​ទ្រង់​ប្រទាន​មក​នោះ?

ព្រះ​យេស៊ូ​បង្ហាញ​ថា​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត គឺ​មិន​មែន​ស្រួល​ដើរ​តាម​ទេ ហើយ​ថា​នឹង​មាន​គ្រោះ​ថ្នាក់​ពី​ការ​បំភាន់​ថែម​ទៀត​ផង តើ​តាម​របៀប​ណា?

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បញ្ចប់​សេចក្ដី​បង្រៀន​របស់​ទ្រង់? ហើយ​តើ​មាន​ឥទ្ធិពល​យ៉ាង​ណា?