សេចក្ដីមេត្ដាចំពោះមនុស្សឃ្លង់ម្នាក់
ជំពូកទី២៥
សេចក្ដីមេត្ដាចំពោះមនុស្សឃ្លង់ម្នាក់
ពេលព្រះយេស៊ូនិងសិស្សបួននាក់របស់ទ្រង់ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងទាំងឡាយនៅស្រុកកាលីឡេ នោះដំណឹងអំពីអ្វីដ៏អស្ចារ្យដែលទ្រង់កំពុងតែធ្វើ បានឮសុសសាយទូទៅពេញស្រុក។ ដំណឹងអំពីការប្រព្រឹត្តរបស់ទ្រង់គឺសុសសាយរហូតដល់ទីក្រុងមួយដែលនៅទីនោះមានមនុស្សឃ្លង់ម្នាក់រស់នៅ។ លូកាដែលជាគ្រូពេទ្យម្នាក់រៀបរាប់ថាគាត់ «កើតឃ្លង់ពេញទាំងខ្លួន»។ ពេលជំងឺនេះកាន់តែធ្ងន់ទៅៗ នោះវានឹងស៊ីអវយវៈនៃរូបរាងកាយរបស់អ្នកជំងឺបន្ដិចម្ដងៗ។ ដូច្នេះមនុស្សឃ្លង់ម្នាក់នេះគឺស្ថិតនៅក្នុងស្ថានភាពដ៏កំសត់ណាស់។
នៅពេលដែលព្រះយេស៊ូមកដល់ទីក្រុង មនុស្សឃ្លង់ម្នាក់នេះចូលមករកទ្រង់។ យោងទៅតាមច្បាប់របស់ព្រះ មនុស្សឃ្លង់នេះត្រូវស្រែកថា៖ «ខ្ញុំស្មោកគ្រោកៗ!» ដើម្បីការពារអ្នកដទៃពីការទៅជិតគាត់ខ្លាចក្រែងឆ្លងជំងឺនេះ។ ឥឡូវមនុស្សឃ្លង់ម្នាក់នេះលុតជង្គង់ ទូលអង្វរព្រះយេស៊ូថា៖ «បើទ្រង់សព្វព្រះហឫទ័យ នោះទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន»។
បុរសនេះមានជំនឿយ៉ាងខ្លាំងលើព្រះយេស៊ូមែនហ្ន៎! ប៉ុន្តែ ជំងឺដែលគាត់មាន មើលទៅគួរឲ្យអាណិតណាស់! តើព្រះយេស៊ូនឹងធ្វើយ៉ាងណា? តើអ្នកនឹងធ្វើយ៉ាងណា? ដោយមានចិត្តមេត្ដា នោះព្រះយេស៊ូលូកព្រះហស្តទៅពាល់បុរសនេះ ដោយមានបន្ទូលថា៖ «ខ្ញុំចង់ដែរ ឲ្យជាស្អាតចុះ!»។ ហើយស្រាប់តែរោគឃ្លង់នោះជាបាត់ទៅមួយរំពេច។
តើអ្នកចង់បានបុគ្គលណាម្នាក់ដែលមានចិត្តមេត្ដាដូចនេះ ធ្វើជាស្តេចរបស់អ្នកឬទេ? របៀបដែលព្រះយេស៊ូប្រព្រឹត្តលើមនុស្សឃ្លង់ម្នាក់នេះ ធ្វើឲ្យយើងទុកចិត្តថា ក្នុងកំឡុងទ្រង់សោយរាជ្យក្នុងព្រះរាជាណាចក្រ ទំនាយរបស់ព្រះគម្ពីរនឹងត្រូវសម្រេចដែលថា៖ «ទ្រង់នឹងមានសេចក្ដីអាណិតមេត្ដា ដល់មនុស្សរហេមរហាមនឹងមនុស្សទុគ៌ត ក៏នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រផង»។ ត្រូវហើយ នៅពេលនោះ ព្រះយេស៊ូនឹងបំពេញសេចក្ដីប្រាថ្នារបស់មនុស្ស ដោយទ្រង់មានព្រះទ័យជួយមនុស្សដែលរងទុក្ខវេទនាទាំងអស់។
សូម្បី តែមុននឹងប្រោសមនុស្សឃ្លង់ម្នាក់នេះឲ្យជា នោះកិច្ចបំរើរបស់ព្រះយេស៊ូបានធ្វើឲ្យមានការរំភើបចិត្តជាខ្លាំងក្នុងចំណោមពួកបណ្ដាជន។ ក្នុងការសម្រេចនូវទំនាយរបស់អេសាយ នោះឥឡូវព្រះយេស៊ូបញ្ជាបុរសនេះថា៖ «ចូរប្រយ័ត! កុំប្រាប់អ្វីដល់អ្នកឯណាឲ្យសោះ!»។ រួចមក ទ្រង់បង្គាប់គាត់ថា៖ «តែត្រូវទៅបង្ហាញខ្លួនឲ្យពួកសង្ឃឃើញវិញ ហើយថ្វាយយញ្ញបូជា ដោយព្រោះការដែលខ្លួនបានស្អាត តាមដែលលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់លោកទាំងនោះ»។
ក៏ប៉ុន្តែបុរសនេះមានចិត្តសប្បាយណាស់ ដែលគាត់មិនអាចលាក់ទុកអព្ភូតហេតុនេះនឹងខ្លួនបាននោះឡើយ។ គាត់បានចេញទៅប្រកាសរឿងនេះនៅគ្រប់កន្លែង តាមមើលទៅធ្វើឲ្យមនុស្សមានការចាប់អារម្មណ៍និងងឿងឆ្ងល់ ហេតុនេះហើយព្រះយេស៊ូមិនអាចចូលទៅក្នុងក្រុងដោយបន្លំខ្លួនបានឡើយ។ ដូច្នេះ ព្រះយេស៊ូគង់នៅកន្លែងស្ងាត់ដែលគ្មានអ្នកណានៅ ហើយមនុស្សពីគ្រប់ទិសទីនាំគ្នាមកស្ដាប់ទ្រង់ ហើយឲ្យទ្រង់ប្រោសឲ្យគេជាពីជំងឺ។ លូកា ៥:១២-១៦; ម៉ាកុស ១:៤០-៤៥; ម៉ាថាយ ៨:២-៤; លេវីវិន័យ ១៣:៤៥; ១៤:១០-១៣; ទំនុកដំកើង ៧២:១៣; អេសាយ ៤២:១, ២
▪ តើជំងឺឃ្លង់បង្កបញ្ហាអ្វីខ្លះដល់រាងកាយមនុស្ស? ហើយតើមនុស្សឃ្លង់ម្នាក់ត្រូវស្រែកប្រាប់ឲ្យគេដឹងជាមុនយ៉ាងណា?
▪ តើមនុស្សឃ្លង់នេះអង្វរព្រះយេស៊ូយ៉ាងណា? ហើយតើយើងអាចរៀនអ្វីពីការតបឆ្លើយរបស់ព្រះយេស៊ូ?
▪ តើបុរសដែលបានប្រោសឲ្យជានេះមិនបានស្ដាប់តាមព្រះយេស៊ូក្នុងរឿងអ្វី? ហើយតើមានលទ្ធផលយ៉ាងណាដែរ?