លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីមេត្ដាចំពោះអ្នករងទុក្ខវេទនា

សេចក្ដីមេត្ដាចំពោះអ្នករងទុក្ខវេទនា

ជំពូក​ទី​៥៧

សេចក្ដី​មេត្ដា​ចំពោះ​អ្នក​រង​ទុក្ខ​វេទនា

ក្រោយ​ពី​ការ​ស្តី​បន្ទោស​ពួក​ផារីស៊ី​ចំពោះ​ទំនៀម​ទម្លាប់​ដែល​ផ្ដល់​ប្រយោជន៍​ចំពោះ​ពួក​គេ នោះ​ព្រះ​យេស៊ូ​ក៏​យាង​ចេញ​ទៅ​ជា​មួយ​សិស្ស​ទ្រង់។ មិន​យូរ​មុន​នេះ អ្នក​អាច​នៅ​ចាំ​ថា ព្រះ​យេស៊ូ​ជា​មួយ​សិស្ស​ទ្រង់​ខំ​ទៅ​រក​កន្លែង​សំរាក តែ​បាន​ត្រូវ​រំខាន​ពេល​ដែល​ហ្វូង​មនុស្ស​រក​ទ្រង់​ឃើញ។ ឥឡូវ​នេះ ទ្រង់​យាង​ចេញ​ទៅ​ជា​មួយ​សិស្ស​របស់​ទ្រង់​ឆ្ពោះ​ទៅ​តំបន់​នៃ​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន ដែល​មាន​ចម្ងាយ​យ៉ាង​ឆ្ងាយ​នៅ​ទិស​ខាង​ជើង។ តាម​ពិត​នេះ​ជា​ការ​ធ្វើ​ដំណើរ​តែ​មួយ​ដង​គត់ ដែល​ព្រះ​យេស៊ូ​បាន​យាង​ទៅ​ជា​មួយ​សិស្ស ហួស​ពី​ព្រំ​ដែន​នៃ​ប្រទេស​អ៊ីស្រាអែល​នោះ។

ក្រោយ​ពី​រក​បាន​ផ្ទះ​ស្នាក់​នៅ​ហើយ នោះ​ព្រះ​យេស៊ូ​ពុំ​ចង់​ឲ្យ​នរណា​ដឹង​ថា​ទ្រង់​គង់​នៅ​ទី​នោះ​ឡើយ។ ក៏​ប៉ុន្តែ ថ្វី​បើ​នៅ​ក្នុង​តំបន់​ដែល​មិន​មែន​ជា​ប្រទេស​អ៊ីស្រាអែល​ក្ដី ក៏​ទ្រង់​នៅ​តែ​ពុំ​អាច​កំបាំង​ពី​គេ​បាន​ដែរ។ នោះ​មាន​ស្ត្រី​សាសន៍​ក្រិច​ម្នាក់​មាន​កំណើត​នៅ​ភេនីស​ក្នុង​ស្រុក​ស៊ីរី គាត់​រក​ព្រះ​យេស៊ូ​ឃើញ​ហើយ​ក៏​ចាប់​ផ្ដើម​ស្រែក​ទូល​ទ្រង់​ថា៖ «ឱ​ព្រះ​អម្ចាស់ ជា​ពូជ​ហ្លួង​ដាវីឌ​អើយ! សូម​មេត្ដា​ប្រោស​ខ្ញុំ​ម្ចាស់​ផង ដ្បិត​កូន​ស្រី​របស់​ខ្ញុំ​ម្ចាស់ មាន​អារក្ស​ចូល ធ្វើ​ទុក្ខ​ជា​ខ្លាំង​ណាស់»។ តែ​ព្រះ​យេស៊ូ​ឥត​មាន​បន្ទូល​ឆ្លើយ​តប​ឡើយ។

នៅ​ទី​បំផុត សិស្ស​របស់​ទ្រង់​ទូល​ប្រាប់​ព្រះ​យេស៊ូ​ថា៖ «សូម​ឲ្យ​ស្ត្រី​នេះ​ទៅ​វិញ​ទៅ ដ្បិត​គេ​ចេះ​តែ​ស្រែក​តាម​យើង​ខ្ញុំ»។ ព្រះ​យេស៊ូ​ពន្យល់​នូវ​មូលហេតុ​ដែល​ទ្រង់​ឥត​អើពើ​នឹង​ស្ត្រី​នេះ ដោយ​មាន​បន្ទូល​ថា៖ «ខ្ញុំ​បាន​ទទួល​បង្គាប់​នឹង​មក​ឯ​ពួក​កូន​ចៀម ដែល​បាត់​បង់​របស់​ពូជ​ពង្ស​សាសន៍​អ៊ីស្រាអែល​តែ​ប៉ុណ្ណោះ​ទេ»។

យ៉ាង​ណា​ក៏​ដោយ ស្ត្រី​នេះ​មិន​ព្រម​ចុះ​ចាញ់​ទេ។ នាង​ចូល​មក​ក្រាប​ទៀប​ព្រះ​បាទា​របស់​ទ្រង់ ហើយ​ទូល​អង្វរ​ថា៖ «ឱ​ព្រះ​អម្ចាស់​អើយ! សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។

ព្រះ​យេស៊ូ​ច្បាស់​ជា​សង្វេគ​ដោយ​បាន​ឮ​ការ​អង្វរករ​របស់​ស្ត្រី​នោះ​ហើយ! តែ​ម្ដង​នេះ​ទៀត ព្រះ​យេស៊ូ​បែរ​ជា​បញ្ជាក់​ប្រាប់​នូវ​ភារកិច្ច​ដ៏​ចំបង​របស់​ទ្រង់ ជា​ការ​បំរើ​រាស្ត្រ​របស់​ព្រះ​ជា​សាសន៍​អ៊ីស្រាអែល​ទៅ​វិញ។ នៅ​ពេល​ដដែល​នេះ ទ្រង់​លើក​ទស្សនៈ​ដ៏​ប្រកាន់​ពូជ​សាសន៍​របស់​ពួក​យូដា​ចំពោះ​អស់​អ្នក​សាសន៍​ដទៃ ដែល​តាម​ពិត​ទ្រង់​ចង់​សាក​ល្បង​ជំនឿ​របស់​នាង​ទេ ដោយ​ទ្រង់​មាន​បន្ទូល​ថា៖ «ដែល​យក​នំ​ប៉័ង​របស់​កូន​ក្មេង​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ នោះ​មិន​ល្អ​ទេ!»។

ព្រះ​យេស៊ូ​ពិត​ជា​បាន​បង្ហាញ​នូវ​ព្រះ​ទ័យ​ថ្នាក់​ថ្នម​របស់​ទ្រង់​ចំពោះ​ពួក​សាសន៍​ដទៃ ដោយ​សារ​សម្លេង​ដ៏​មេត្ដា​និង​ដោយ​ព្រះ​ភ័ក្ដ្រ​របស់​ទ្រង់។ ទ្រង់​ប្រើ​ការ​ប្រៀប​ធៀប​នេះ​មិន​មែន​មើល​ងាយ​ពួក​សាសន៍​ដទៃ​ទៅ​នឹង​ឆ្កែ​នោះ​ទេ តែ​ហៅ​ថា«កូន​ឆ្កែ»ទៅ​វិញ។ ជា​ជាង​តូច​ចិត្ត​នឹង​ការ​ប្រៀប​ធៀប​នេះ ស្ត្រី​នេះ​បាន​និយាយ​សំដៅ​ទៅ​ការ​ប្រកាន់​ពូជ​សាសន៍​របស់​ពួក​យូដា និង​ដោយ​មាន​ចិត្ត​រាប​ទាប​បាន​ធ្វើ​ការ​ស​និ​ដ្ឋា​ន​នេះ​ដោយ​ស្រដី​ថា៖ «មែន​ហើយ​ព្រះ​អម្ចាស់! ប៉ុន្តែ​កូន​ឆ្កែ​វា​ស៊ី​កំទេច​ដែល​ធ្លាក់​ចុះ​ពី​តុ​ម្ចាស់​វា​មក​ដែរ»។

នោះ​ព្រះ​យេស៊ូ​ទ្រង់​មាន​បន្ទូល​តប​ថា៖ «នាង . . . អើយ! នាង​មាន​សេចក្ដី​ជំនឿ​ជា​ខ្លាំង​មែន ចូរ​ឲ្យ​នាង​បាន​ដូច​សេចក្ដី​ប្រាថ្នា​ចុះ!»។ នោះ​បាន​សម្រេច​តាម​ចិត្ត​គាត់​ប្រាថ្នា​មែន! នៅ​ពេល​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ នោះ​ឃើញ​កូន​ស្រី​បាន​ជា​សះ​ស្បើយ​មែន។

ពី​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ក្រុង​ស៊ីដូន នោះ​ព្រះ​យេស៊ូ​និង​សិស្ស​ទ្រង់​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​ក្បាល​ទឹក​នៃ​ទន្លេ​យ័រដាន់។ តាម​ពិត ព្រះ​យេស៊ូ​និង​សិស្ស​របស់​ទ្រង់​ឆ្លង​ទន្លេ​យ័រដាន់​ខាង​ជើង​សមុទ្រ​កាលីឡេ ហើយ​ចូល​ក្នុង​ស្រុក​ដេកាប៉ូល​ដែល​នៅ​ទិស​ខាង​កើត​នៃ​សមុទ្រ​នោះ។ ព្រះ​យេស៊ូ​និង​សិស្ស​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ តែ​មាន​មហា​ជន​ជា​ច្រើន​ឃើញ​ទ្រង់ ហើយ​ក៏​នាំ​ទាំង​មនុស្ស​ខ្វិន មនុស្ស​ពិការ​ជើង មនុស្ស​ខ្វាក់ មនុស្ស​គ​ថ្លង់ និង​អ្នក​មាន​ជំងឺ​ឬ​អ្នក​កាយ​វិកល។ ពួក​គេ​ដាក់​មនុស្ស​ទាំង​នោះ​នៅ​ទៀប​ព្រះ​បាទ​ទ្រង់ ហើយ​ទ្រង់​ប្រោស​គេ​ឲ្យ​បាន​ជា​ទៅ។ មហា​ជន​កោត​ស្ញប់​ស្ញែង​មែន ពេល​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ខ្វាក់​មើល​ឃើញ ហើយ​ពួក​គេ​ក៏​សរសើរ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល។

ព្រះ​យេស៊ូ​យក​ព្រះ​ទ័យ​ទុក​ដាក់​ជា​ពិសេស​នឹង​បុរស​ថ្លង់​ម្នាក់ ដែល​ថែម​ទាំង​និយាយ​មិន​រួច​ទៀត​ផង។ មនុស្ស​ថ្លង់​តែង​មាន​ចិត្ត​ខ្មាស​ណាស់ ជា​ពិសេស​នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស។ ព្រះ​យេស៊ូ​អាច​ទត​ឃើញ​ថា​បុគ្គល​នេះ​មាន​ការ​ភិត​ភ័យ​មែន។ ដូច្នេះ ដោយ​ព្រះ​ទ័យ​ដ៏​មេត្ដា ព្រះ​យេស៊ូ​ក៏​នាំ​គាត់​ចេញ​ទៅ​ដោយ​ឡែក​ពី​បណ្ដា​ជន។ ពេល​នៅ​ដាច់​ពី​បណ្ដា​ជន នោះ​ព្រះ​យេស៊ូ​ក៏​បញ្ជាក់​នូវ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ​ឲ្យ​គាត់។ ទ្រង់​ដាក់​ព្រះ​អង្គុលី​ក្នុង​ត្រចៀក​បុរស​នេះ ហើយ​ស្ដោះ​ទឹក​ព្រះ​ឱស្ឋ រួច​មក​ទ្រង់​ក៏​យក​ព្រះ​អង្គុលី​ទៅ​ផ្ដិត​លើ​អណ្ដាត​គាត់។ រួច​មក ទ្រង់​បាន​ងើប​ទត​ទៅ​លើ​មេឃ ដក​ដង្ហើម​ធំ ហើយ​មាន​បន្ទូល​ថា៖ «ឲ្យ​បើក​ឡើង»។ រំពេច​នោះ ត្រចៀក​របស់​បុរស​នេះ​អាច​ស្ដាប់​ឮ ហើយ​គាត់​ក៏​និយាយ​បាន​ច្បាស់។

បណ្ដា​ជន​បាន​អបអរសាទរ ពេល​ព្រះ​យេស៊ូ​បាន​ធ្វើ​ការ​ប្រោស​ឲ្យ​ជា​ទាំង​នេះ។ ពួក​គេ​និយាយ​ថា៖ «លោក​បាន​ធ្វើ​ការ​ទាំង​អស់​សុទ្ធ​តែ​ល្អ គឺ​បាន​ប្រោស​ទាំង​មនុស្ស​ថ្លង់​ឲ្យ​ស្ដាប់​ឮ ហើយ​មនុស្ស​គ​ឲ្យ​និយាយ​បាន»។ ម៉ាថាយ ១៥:២១​-​៣១; ម៉ាកុស ៧:២៤​-​៣៧

ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​មិន​ប្រោស​កូន​របស់​ស្ត្រី​សាសន៍​ក្រិច​ឲ្យ​ជា​ភ្លាម​ៗ?

ក្រោយ​មក តើ​ព្រះ​យេស៊ូ​នាំ​សិស្ស​របស់​ទ្រង់​ទៅ​ឯ​ណា?

ដោយ​មាន​ព្រះ​ទ័យ​ថ្នាក់​ថ្នម តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ព្យាបាល​បុរស​ថ្លង់​ម្នាក់ ដែល​និយាយ​មិន​រួច​នោះ?