លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីសង្ឃឹមចំពោះដំណើររស់ឡើងវិញ

សេចក្ដីសង្ឃឹមចំពោះដំណើររស់ឡើងវិញ

ជំពូក​ទី​៩០

សេចក្ដី​សង្ឃឹម​ចំពោះ​ដំណើរ​រស់​ឡើង​វិញ

នៅ​ទី​បំផុត ព្រះ​យេស៊ូ​យាង​មក​ដល់​ជាយ​ភូមិ​បេថានី ជា​ភូមិ​មួយ​ដែល​មាន​ចម្ងាយ​បី​គីឡូ​ម៉ែត្រ​ពី​ក្រុង​យេរូសាឡិម។ មរណភាព​និង​ការ​បញ្ចុះ​សព​របស់​ឡាសារ​គឺ​កន្លង​ទៅ​បី​បួន​ថ្ងៃ​ទៅ​ហើយ។ ម៉ាថា​និង​ម៉ារា​ជា​បង​ស្រី​របស់​គាត់ កំពុង​តែ​កាន់​ទុក្ខ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​មក​ជួយ​រំលែក​ទុក្ខ​នៅ​ផ្ទះ​របស់​ពួក​គាត់។

កាល​ដែល​ម៉ាថា​និង​ម៉ារា​កំពុង​តែ​កាន់​ទុក្ខ នោះ​មាន​មនុស្ស​ប្រាប់​ម៉ាថា​ថា ព្រះ​យេស៊ូ​កំពុង​តែ​យាង​មក។ នោះ​នាង​ក៏​ចេញ​ទៅ​ទទួល​ព្រះ​យេស៊ូ​ទាំង​ប្រញាប់ ហើយ​តាម​មើល​ទៅ​ឥត​ប្រាប់​ប្អូន​ស្រី​របស់​នាង​ទេ។ ពេល​មក​ជួប​ព្រះ​យេស៊ូ នោះ​នាង​ម៉ាថា​ទូល​ទ្រង់​នូវ​អ្វី​ដែល​នាង​និង​ប្អូន​ស្រី​នាង បាន​និយាយ​ច្រើន​ដង​ក្នុង​កំឡុង​ពេល​បួន​ថ្ងៃ​កន្លង​ទៅ​នេះ ដោយ​ទូល​ថា៖ «ព្រះ​អម្ចាស់​អើយ! បើ​សិន​ជា​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ»។

ប៉ុន្តែ ម៉ាថា​សម្ដែង​នូវ​សេចក្ដី​សង្ឃឹម ដោយ​បង្ហើប​ថា​ព្រះ​យេស៊ូ​អាច​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​ប្អូន​ប្រុស​របស់​នាង។ នាង​ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ដឹង​ថា . . . នោះ​ការ​អ្វី​ដែល​ទ្រង់​នឹង​សូម​ពី​ព្រះ គង់​តែ​ព្រះ​នឹង​ប្រទាន​មក​ទ្រង់​ជា​មិន​ខាន»។

ព្រះ​យេស៊ូ​មាន​បន្ទូល​សន្យា​ដល់​នាង​ថា៖ «ប្អូន​នាង​នឹង​រស់​ឡើង​វិញ»។

ម៉ាថា​យល់​ថា​ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​ដំណើរ​រស់​ឡើង​វិញ​នា​អនាគតកាល ដែល​នឹង​មាន​ឡើង​នៅ​លើ​ផែនដី​នេះ ជា​សេចក្ដី​សង្ឃឹម​ដែល​លោក​អ័ប្រាហាំ​និង​អ្នក​បំរើ​ឯ​ទៀត​ទន្ទឹង​ចាំ​នោះ។ ម៉ាថា​ទូល​ទ្រង់​ថា៖ «ខ្ញុំ​ដឹង​ថា នៅ​ថ្ងៃ​ចុង​បំផុត កាល​ណា​មនុស្ស​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​នឹង​រស់​ឡើង​ដែរ»។

ប៉ុន្តែ ព្រះ​យេស៊ូ​ប្រទាន​នូវ​សេចក្ដី​សង្ឃឹម​ចំពោះ​ការ​សម្រាល​ទុក្ខ​ភ្លាម ដោយ​មាន​បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត»។ ព្រះ​យេស៊ូ​រំឭក​នាង​ម៉ាថា​ថា ព្រះ​វរបិតា​របស់​ទ្រង់​បាន​ប្រទាន​ឲ្យ​ទ្រង់​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ ដោយ​មាន​បន្ទូល​ថា៖ «អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ។ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ»។

ព្រះ​យេស៊ូ​មិន​មែន​ចង់​ប្រាប់​ម៉ាថា​ថា អស់​អ្នក​ស្មោះ​ត្រង់​ដែល​រស់​នៅ​គ្រា​នោះ​នឹង​មិន​ស្លាប់​នោះ​ទេ។ ប៉ុន្តែ ព្រះ​យេស៊ូ​ចង់​មាន​ន័យ​ថា អស់​អ្នក​ដែល​មាន​ជំនឿ​លើ​ទ្រង់​អាច​ទទួល​ជីវិត​ជា​រៀង​រហូត។ មនុស្ស​ភាគ​ច្រើន​នឹង​ទទួល​បាន​ជីវិត​បែប​នេះ ពីព្រោះ​ពួក​គេ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​បំផុត។ ប៉ុន្តែ អ្នក​ស្មោះ​ត្រង់​ឯ​ទៀត​នឹង​រួច​រស់​ជីវិត​ពី​ចុង​បញ្ចប់​នៃ​របប​លោកីយ៍​នេះ ហើយ​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​នឹង​សំដៅ​ទៅ​លើ​ពួក​អ្នក​ទាំង​នេះ​តាម​ន័យ​ចំ​ៗ​តែ​ម្ដង។ ពួក​គេ​នឹង​មិន​ត្រូវ​ស្លាប់​ឡើយ! ក្រោយ​ពី​មាន​បន្ទូល​អំពី​ការ​សន្យា​យ៉ាង​អស្ចារ្យ នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​សួរ​ម៉ាថា​ថា៖ «នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ?»។

នាង​ទូល​ឆ្លើយ​ថា៖ «ព្រះ​ពរ​ព្រះ​អម្ចាស់ ខ្ញុំ​ម្ចាស់​ជឿ​ហើយ​ថា ទ្រង់​ជា​ព្រះ​គ្រីស្ទ គឺ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ ដែល​ត្រូវ​យាង​មក​ក្នុង​លោកីយ​មែន»។

រួច​មក ម៉ាថា​ក៏​ចេញ​ទៅ​ហៅ​ប្អូន​ស្រី​ទាំង​ប្រញាប់ ហើយ​ប្រាប់​នាង​ដោយ​ស្ងាត់​ៗ​ថា៖ «លោក​គ្រូ​អញ្ជើញ​មក​ដល់​ហើយ! លោក​ហៅ​រក​ឯង»។ ម៉ារា​ក៏​ចេញ​ពី​ផ្ទះ​ទៅ​រក​ទ្រង់​ភ្លាម។ ពេល​អ្នក​ឯ​ទៀត​ឃើញ​នាង​ចេញ​ទៅ នោះ​ពួក​គេ​ក៏​នាំ​គ្នា​ទៅ​តាម ដ្បិត​ពួក​គេ​ស្មាន​ថា​នាង​ទៅ​ឯ​ផ្នូរ។

ពេល​នាង​ម៉ារា​ទៅ​ដល់​កន្លែង​ដែល​ព្រះ​យេស៊ូ​គង់​នៅ នោះ​នាង​ក្រាប​នៅ​ទៀប​ព្រះ​បាទា​ទូល​ថា៖ «ព្រះ​អម្ចាស់​អើយ! បើ​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ»។ ព្រះ​យេស៊ូ​មាន​សេចក្ដី​រំជួល​ព្រះ​ទ័យ កាល​ដែល​ទ្រង់​ឃើញ​ម៉ារា​យំ ព្រម​ទាំង​ហ្វូង​មនុស្ស​ដែល​ដើរ​តាម​នឹង​នាង​ផង។ ព្រះ​យេស៊ូ​មាន​បន្ទូល​សួរ​ថា៖ «អ្នក​រាល់​គ្នា​បាន​យក​រូប​បុគ្គល​ទៅ​ទុក​ឯ​ណា?»។

ពួក​គេ​ទូល​ឆ្លើយ​ថា៖ «ព្រះ​អម្ចាស់! សូម​យាង​ទៅ​ទត​មើល!»។

ព្រះ​យេស៊ូ​ក៏​ព្រះ​កន្សែង​ដែរ ដូច្នេះ​ពួក​សាសន៍​យូដា​និយាយ​ថា៖ «មើល! លោក​ស្រឡាញ់​គាត់​ណាស់​ហ្ន៎!»។

មនុស្ស​ខ្លះ​នឹក​ចាំ​កាល​ពី​បី​បួន​ខែ​មុន​នេះ​នៅ​ឯ​បុណ្យ​រោង​ឧបោសថ ព្រះ​យេស៊ូ​បាន​ប្រោស​បុរស​ខ្វាក់​ពី​កំណើត​ឲ្យ​មើល​ឃើញ​វិញ ហើយ​ពួក​គេ​ខ្លះ​សួរ​ថា៖ «លោក​នេះ​ដែល​បាន​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​ភ្លឺ តើ​ពុំ​អាច​នឹង​ឃាត់​មិន​ឲ្យ​មនុស្ស​នេះ​ស្លាប់​បាន​ដែរ​ឬ?»។ យ៉ូហាន ៥:២១; ៦:៤០; ៩:១​-​៧; ១១:១៧​-​៣៧

នៅ​ទី​បំផុត តើ​ព្រះ​យេស៊ូ​យាង​មក​ដល់​ភូមិ​បេថានី​នៅ​ពេល​ណា? តើ​មាន​ស្ថានការណ៍​យ៉ាង​ណា​នៅ​ទី​នោះ?

តើ​នាង​ម៉ាថា​ជឿ​លើ​ដំណើរ​រស់​ឡើង​វិញ ដោយ​មាន​មូលដ្ឋាន​ទៅ​លើ​អ្វី?

តើ​មរណភាព​របស់​ឡាសារ​មាន​អានុភាព​យ៉ាង​ណា​លើ​ព្រះ​យេស៊ូ?