លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំនួរអំពីការចែកមរតក

សំនួរអំពីការចែកមរតក

ជំពូក​ទី​៧៧

សំនួរ​អំពី​ការ​ចែក​មរតក

យ៉ាង​ជាក់​ស្តែង​ណាស់ ពួក​បណ្ដា​ជន​បាន​ដឹង​ថា ព្រះ​យេស៊ូ​បាន​យាង​ទៅ​ចូល​រួម​សោយ​ព្រះ​ស្ងោយ​នៅ​ផ្ទះ​របស់​ផារីស៊ី​ម្នាក់ ហេតុ​នេះ​ហើយ​បាន​ជា​មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​មក​ជួប​ជុំ​គ្នា​រង់​ចាំ​ទ្រង់​យាង​ចេញ​ពី​ផ្ទះ​ផារីស៊ី​នោះ។ ពួក​បណ្ដា​ជន​ទាំង​នោះ​គេ​មាន​ចិត្ត​អំណរ ចង់​ស្ដាប់​នូវ​បន្ទូល​របស់​ព្រះ​យេស៊ូ មិន​ដូច​ពួក​ផារីស៊ី​ដែល​ប្រឆាំង​ទ្រង់​បាន​ខិត​ខំ​រក​វិធី​ដើម្បី​ធ្វើ​ឲ្យ​ទ្រង់​ធ្លោយ​មាន​បន្ទូល​ខុស​ពី​អ្វី​មួយ​នោះ​ទេ។

ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ជា​មុន​ដំបូង​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​នឹង​ដំបែ​ពួក​ផារិស៊ី ដែល​ជា​សេចក្ដី​កំពុត»។ ដូច​ដែល​បាន​បង្ហាញ​ក្នុង​ពេល​ទទួល​ទាន​អាហារ​នោះ ប្រព័ន្ធ​សាសនា​ទាំង​មូល​របស់​ពួក​ផារីស៊ី​គឺ​មាន​ពេញ​ដោយ​ភាព​លាក់​ពុត​ទាំង​ស្រុង។ ប៉ុន្តែ ទោះ​ជា​អំពើ​អាក្រក់​របស់​ពួក​ផារីស៊ី​អាច​ត្រូវ​គ្រប​បាំង​ដោយ​ការ​ថ្វាយ​បង្គំ​ព្រះ​ក៏​ដោយ តែ​នៅ​ទី​បំផុត​នឹង​ត្រូវ​លាត​ត្រដាង​ឲ្យ​គេ​ឃើញ​ដដែល។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បើក​ឲ្យ​ឃើញ ឬ​អ្វី​លាក់​លៀម ដែល​មិន​ត្រូវ​បើក​ឲ្យ​ស្គាល់​នោះ​ឡើយ»។

ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​១២​នាក់​ម្ដង​ទៀត ពេល​ទ្រង់​ចាត់​ឲ្យ​ពួក​គេ​ទៅ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ក្នុង​ស្រុក​កាលីឡេ។ ទ្រង់​មាន​បន្ទូល​ថា៖ «កុំ​ឲ្យ​ខ្លាច​អ្នក​ណា​ដែល​សំឡាប់​បាន​តែ​រូប​កាយ រួច​ក្រោយ​មក ពុំ​អាច​ធ្វើ​អ្វី​ទៀត​បាន​នោះ​ឡើយ»។ ព្រះ​យេស៊ូ​បាន​ផ្ដល់​ទំនុក​ចិត្ត​ដល់​ពួក​សិស្ស​ថា ព្រះ​នឹង​មិន​ភ្លេច​ពួក​គេ​ទេ ដ្បិត​សូម្បី​តែ​សត្វ​ចាប​មួយ​ក៏​ព្រះ​មិន​ភ្លេច​ផង។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ ‹កាល​ណា​គេ​បណ្ដើរ​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ពួក​ជំនុំ​គេ ឬ​ចំពោះ​ចៅ​ក្រម ឬ​ពួក​នាម៉ឺន ដ្បិត​គឺ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នឹង​បង្រៀន​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​វេលា​នោះ​ឯង›។

មនុស្ស​ម្នាក់​ក្នុង​ហ្វូង​មនុស្ស​ទូល​ទ្រង់​ថា៖ «លោក​គ្រូ! សូម​លោក​ប្រាប់​បង​ខ្ញុំ ឲ្យ​គាត់​ចែក​មរដក​មក​ខ្ញុំ​ផង»។ ក្រិត្យ​វិន័យ​លោក​ម៉ូសេ​មាន​ល័ក្ខខ័ណ្ឌ​ថា កូន​ប្រុស​ច្បង​នឹង​ទទួល​ពីរ​ភាគ​នៃ​មរតក ដូច្នេះ​គឺ​គ្មាន​មូលហេតុ​ឲ្យ​ពួក​គេ​ឈ្លោះ​ប្រកែក​គ្នា​នោះ​ទេ។ ប៉ុន្តែ តាម​មើល​ទៅ បុរស​នេះ​ចង់​បាន​ច្រើន​ទៀត មិន​ត្រឹម​តែ​មរកត​ដែល​គាត់​ទទួល​ស្រប​តាម​ច្បាប់​នោះ​ទេ។

ព្រះ​យេស៊ូ​មិន​ព្រម​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ទេ ទ្រង់​មាន​បន្ទូល​សួរ​ថា៖ «ឱ​អ្នក​អើយ! តើ​អ្នក​ណា​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ចៅ​ក្រម សំរាប់​ចែក​របស់​ទ្រព្យ​ដល់​អ្នក​រាល់​គ្នា?»។ រួច​មក ព្រះ​យេស៊ូ​ប្រទាន​នូវ​សេចក្ដី​ដាស់​តឿន​ដល់​ហ្វូង​មនុស្ស​ថា៖ «ចូរ​ប្រយ័ត! ហើយ​ខំ​ចៀស​ពី​សេចក្ដី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្ដិ​ជា​បរិបូរ​ទេ»។ ទោះ​ជា​បុរស​ម្នាក់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ពេល​គាត់​ស្លាប់​ទៅ ទ្រព្យ​សម្បត្ដិ​របស់​គាត់​នឹង​ត្រូវ​ទុក​ចោល​ជា​មិន​ខាន។ ព្រះ​យេស៊ូ​ប្រើ​រឿង​ប្រៀប​ប្រដូច​មួយ ដើម្បី​បញ្ជាក់​នូវ​ហេតុ​ការណ៍​នេះ ព្រម​ទាំង​បង្ហាញ​នូវ​កំហុស​នៃ​ការ​មិន​បង្កើត​ឲ្យ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ចំពោះ​ព្រះ។ ព្រះ​យេស៊ូ​ពន្យល់​ថា៖

«មាន​ស្រែ​ចំការ​របស់​អ្នក​មាន​ម្នាក់ បាន​កើត​ផល​ចំរើន​ជា​បរិបូរ ហើយ​អ្នក​នោះ​រិះ​គិត​ក្នុង​ចិត្ត​ថា តើ​ត្រូវ​ឲ្យ​អញ​ធ្វើ​ដូច​ម្ដេច ដ្បិត​អញ​គ្មាន​កន្លែង​ណា​នឹង​ដាក់​ផល​របស់​អញ​ទាំង​នេះ​ទេ ទើប​យល់​ថា អញ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​អញ​នឹង​រុះ​ជង្រុក​អញ ពង្រីក​ឲ្យ​ធំ​ជាង​ទៅ​ទៀត រួច​ប្រមូល​ផល នឹង​ទ្រព្យ​សម្បត្ដិ​ទៅ​ផ្ទុក​នៅ​ទី​នោះ នោះ​អញ​នឹង​ប្រាប់​ដល់​ចិត្ត​ថា ចិត្ត​អើយ! ឯង​មាន​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន ល្មម​ទុក​សំរាប់​ជា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​ហើយ ចូរ​ឯង​ឈប់​សំរាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ! ប៉ុន្តែ​ព្រះ​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ឱ​មនុស្ស​ល្ងី​ល្ងើ​អើយ! នៅ​វេលា​យប់​នេះ​ឯង អញ​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្ដិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ?»។

នៅ​ចុង​បញ្ចប់ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្ដិ ទុក​បំរុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ»។ ទោះ​ជា​ពួក​សិស្ស​ប្រហែល​ជា​ឥត​ជាប់​អន្ទាក់​ក្នុង​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ​ក៏​ដោយ តែ​ការ​ខ្វល់​ខ្វាយ​នឹង​ជីវិត​ប្រចាំ​ថ្ងៃ អាច​រំខាន​ស្មារតី​របស់​ពួក​គេ​ពី​ការ​បំរើ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត។ ដូច្នេះ ព្រះ​យេស៊ូ​ប្រើ​គ្រា​នេះ ដើម្បី​ប្រាប់​ម្ដង​ទៀត​នូវ​ឱវាទ​ដែល​ទ្រង់​បាន​ប្រទាន​កាល​ពី​មួយ​ឆ្នាំ​កន្លះ​មុន​នេះ​ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ទ្រង់​ថា៖

«ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់​ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូប​កាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ . . . ចូរ​ពិចារណា​ពី​ក្អែក ដ្បិត​វា​មិន​ដែល​សាប​ព្រោះ ឬ​ច្រូត​កាត់​ឡើយ ក៏​គ្មាន​ឃ្លាំង​គ្មាន​ជង្រុក​អ្វី​ផង តែ​ព្រះ​ទ្រង់​ចិញ្ចឹម​វា។ . . . ចូរ​ពិចារណា​ពី​ផ្កា​ឈូក​ដែរ ដែល​វា​ដុះ តើ​មាន​សភាព​ដូច​ម្ដេច វា​មិន​ដែល​នឿយ​ធ្វើ​ការងារ ឬ​ស្រាវ​រវៃ​ទេ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ហ្លួង​សាឡូម៉ូន ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្ដី​រុង​រឿង​របស់​ទ្រង់ នោះ​មិន​បាន​តែង​អង្គ​ដូច​ជា​ផ្កា​១​នោះ​ផង . . . »។

«កុំ​ឲ្យ​ស្វែង​រក​តែ​គ្រឿង​សំរាប់​បរិភោគ ហើយ​កុំ​ថប់​បារម្ភ​ឡើយ ដ្បិត​អស់​ទាំង​សាសន៍​ដទៃ នៅ​លោកីយ​នេះ តែង​ស្វែង​រក​របស់​ទាំង​នោះ ឯ​អ្នក​រាល់​គ្នា​វិញ នោះ​ព្រះ​វរបិតា​នៃ​អ្នក​ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ ចូរ​ខំ​ស្វែង​រក​នគរ​ព្រះ​វិញ នោះ​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ផង»។

យើង​គួរ​ពិនិត្យ​ពិច័យ​នូវ​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ ជា​ពិសេស​ក្នុង​កំឡុង​ពេល​មាន​ភាព​ក្រី​ក្រ។ មនុស្ស​ដែល​ខ្វល់​ខ្វាយ​ហួស​ហេតុ​អំពី​សម្ភារៈ​ខាង​សាច់​ឈាម និង​ចាប់​ផ្ដើម​មាន​ភាព​ខ្ជី​ខ្ជា​ខាង​ការ​ស្វែង​រក​ទ្រព្យ​សម្បត្ដិ​ខាង​វិញ្ញាណ តាម​ការ​ពិត នេះ​សម្ដែង​នូវ​ការ​ខ្វះ​ជំនឿ​ចំពោះ​សមត្ថភាព​របស់​ព្រះ ក្នុង​ការ​មើល​ថែ​រក្សា​ពួក​អ្នក​បំរើ​របស់​ទ្រង់។ លូកា ១២:១​-​៣១; ចោទិយកថា ២១:១៧

ហេតុ​អ្វី​បាន​ជា​បុរស​ម្នាក់​សួរ​អំពី​ការ​ចែក​មរតក? តើ​ព្រះ​យេស៊ូ​ប្រទាន​នូវ​សេចក្ដី​ដាស់​តឿន​យ៉ាង​ដូច​ម្ដេច?

តើ​រឿង​ប្រៀប​ប្រដូច​អ្វី​ដែល​ព្រះ​យេស៊ូ​ប្រើ? តើ​ក្នុង​គោល​បំណង​អ្វី?

តើ​ឱវាទ​អ្វី​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ម្ដង​ទៀត​នោះ? ហើយ​ហេតុ​អ្វី​ដែល​នេះ​សម​ហេតុ​ផល?