លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុដែលនាំឲ្យកើតវិវាទ

ហេតុដែលនាំឲ្យកើតវិវាទ

ជំពូក​ទី​៤១

ហេតុ​ដែល​នាំ​ឲ្យ​កើត​វិវាទ

បន្ដិច​ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​នៅ​ឯ​ផ្ទះ​របស់​ស៊ីម៉ូន នោះ​ទ្រង់​ក៏​ចាប់​ផ្ដើម​ធ្វើ​ទស្សនកិច្ច​ផ្សព្វ​ផ្សាយ​លើក​ទី​ពីរ​នៅ​ស្រុក​កាលីឡេ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្សព្វ​ផ្សាយ​ពី​មុន​របស់​ទ្រង់​ក្នុង​តំបន់​នេះ នោះ​ពួក​សិស្ស​ដំបូង​របស់​ទ្រង់​បាន​មក​ជា​មួយ​ដែរ គឺ​ពេត្រុស អនទ្រេ យ៉ាកុប និង​យ៉ូហាន។ ប៉ុន្តែ​ឥឡូវ​នេះ សាវ័ក​ទាំង​១២​នាក់ ព្រម​ទាំង​ស្ត្រី​ខ្លះ​ៗ​ក៏​នៅ​ជា​មួយ​ទ្រង់​ដែរ។ ស្ត្រី​ទាំង​នេះ​គឺ​រួម​បញ្ចូល​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់ដាឡា ស៊ូសាន និង​យ៉ូអាន់ ដែល​ស្វាមី​របស់​គាត់​ជា​មហាតលិក​ស្តេច​ហេរ៉ូឌ។

កាល​ដែល​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ​មាន​ល្បឿន​កាន់​តែ​ខ្លាំង​ឡើង នោះ​ជំលោះ​ដែល​មាន​ក្នុង​សកម្មភាព​របស់​ទ្រង់​ក៏​មាន​កាន់​តែ​ច្រើន​ឡើង​ដែរ។ នោះ​គេ​នាំ​មនុស្ស​ម្នាក់​ដែល​មាន​អារក្ស​ចូល​ដែល​ខ្វាក់​ហើយ​គ មក​ឯ​ព្រះ​យេស៊ូ។ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ប្រោស​ឲ្យ​គាត់​ជា រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អារក្ស ដែល​អាច​និយាយ​និង​មើល​ឃើញ​ផង នោះ​ហ្វូង​មនុស្ស​មាន​សេចក្ដី​អស្ចារ្យ​នឹង​រឿង​នេះ​ណាស់។ ពួក​គេ​ចាប់​ផ្ដើម​និយាយ​ថា៖ «តើ​មិន​មែន​ជា​ព្រះ​វង្ស​ហ្លួង​ដាវីឌ​នោះ​ទេ​ឬ?»។

ហ្វូង​មនុស្ស​បាន​មក​ចោម​រោម​ជុំ​វិញ​ផ្ទះ​ដែល​ទ្រង់​គង់​នៅ​នោះ​ច្រើន​ដល់​ម្ល៉េះ បាន​ជា​ព្រះ​យេស៊ូ​និង​សិស្ស​របស់​ទ្រង់​មិន​ទាំង​អាច​ទទួល​ទាន​អាហារ​បាន​ឡើយ។ បន្ថែម​ពី​លើ​អស់​អ្នក​ដែល​គិត​ថា ទ្រង់​ប្រហែល​ជា«ព្រះ​វង្ស​ហ្លួង​ដាវីឌ»ដែល​បាន​សន្យា​មក ក៏​មាន​ពួក​ស្ក្រែប​និង​ពួក​ផារីស៊ី​ដែល​មក​ពី​ក្រុង​យេរូសាឡិម​ដែរ ពួក​គេ​មក​ដើម្បី​បង្ខូច​កិត្ដិនាម​របស់​ទ្រង់។ នៅ​ពេល​ដែល​សាច់​ញាតិ​របស់​ព្រះ​យេស៊ូ​បាន​ឮ​អំពី​រឿង​នេះ​ដែល​ទាក់​ទង​នឹង​ព្រះ​យេស៊ូ នោះ​ពួក​គេ​ក៏​មក​រក​ចាប់​ទ្រង់​ដែរ។ តើ​ដោយ​មូលហេតុ​អ្វី?

សូម្បី​តែ​ប្អូន​ៗ​របស់​ព្រះ​យេស៊ូ​ក៏​មិន​ទាន់​ជឿ​ថា ទ្រង់​ជា​បុត្រា​របស់​ព្រះ​នោះ​ទេ។ ម្យ៉ាង​ទៀត ការ​វឹកវរ​និង​ជំលោះ​ដែល​ទ្រង់​មាន​ជា​មួយ​មនុស្ស គឺ​ធ្វើ​ឲ្យ​ទ្រង់​មិន​ដូច​ជា​ព្រះ​យេស៊ូ​ដែល​គេ​ធ្លាប់​ស្គាល់ កាល​ដែល​ទ្រង់​បាន​ធំ​ឡើង​នៅ​ភូមិ​ណាសារ៉ែត​នោះ​ទេ។ ដូច្នេះ ពួក​គេ​ជឿ​ថា ព្រះ​យេស៊ូ​មាន​សតិ​មិន​ល្អ​ទេ។ ប្អូន​ៗ​របស់​ទ្រង់​សន្និដ្ឋាន​ថា៖ «ទ្រង់​វង្វេង​ស្មារតី​ហើយ» ហើយ​ពួក​គេ​ចង់​មក​យក​ទ្រង់​ទៅ​វិញ។

ក៏​ប៉ុន្តែ​គឺ​ឃើញ​ទី​សំអាង​ច្បាស់​ថា ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​បុរស​ដែល​មាន​អារក្ស​ចូល​នោះ​បាន​ជា​វិញ។ ពួក​ស្ក្រែប​និង​ពួក​ផារីស៊ី​ដឹង​ថា ពួក​គេ​មិន​អាច​បដិសេធ​នូវ​ហេតុ​ការណ៍​ពិត​នេះ​បាន​ឡើយ។ ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​ខូច​កិត្ដិនាម​របស់​ព្រះ​យេស៊ូ ពួក​គេ​ប្រាប់​ហ្វូង​មនុស្ស​ថា៖ «មនុស្ស​នេះ​ដេញ​អារក្ស​បាន ដោយ​សារ​តែ​បេលសេប៊ូល ជា​មេ​អារក្ស​ទេ»។

ដោយ​ជ្រាប​អំពី​គំនិត​របស់​ពួក​គេ នោះ​ព្រះ​យេស៊ូ​បាន​ហៅ​ពួក​ស្ក្រែប​និង​ពួក​ផារីស៊ី ហើយ​មាន​បន្ទូល​ថា៖ «អស់​ទាំង​នគរ​ណា​ដែល​បែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​ត្រូវ​វិនាស​ទៅ ហើយ​អស់​ទាំង​ក្រុង​ណា ឬ​ផ្ទះ​ណា​ដែល​បែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​នៅ​ស្ថិត​ស្ថេរ​ពុំ​បាន​ទេ ដូច្នេះ បើ​អារក្ស​ដេញ​អារក្ស នោះ​មុខ​ជា​វា​បែក​ទាស់​គ្នា​វា​ហើយ យ៉ាង​នោះ ធ្វើ​ដូច​ម្ដេច​ឲ្យ​រាជ្យ​វា​ស្ថិត​ស្ថេរ​នៅ​បាន?»។

ការ​វែក​ញែក​នេះ​គឺ​សម​ហេតុ​ផល​ណាស់​ហ្ន៎! ដែល​អាច​រា​រាំង​ការ​អះអាង​របស់​ពួក​គេ​បាន។ ដោយ​ពួក​ផារីស៊ី​អះអាង​ថា​ពួក​មនុស្ស​ដែល​មក​ពី​គណៈ​របស់​ពួក​គេ ក៏​អាច​ដេញ​អារក្ស​ចេញ​បាន​ដែរ ព្រះ​យេស៊ូ​ក៏​បាន​សួរ​ដែរ​ថា៖ «បើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​អាង​បេលសេប៊ូល​ពិត នោះ​តើ​កូន​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស ដោយ​សារ​អ្វី​វិញ?»។ បើ​និយាយ​ឲ្យ​ចំ​ទៅ ការ​ចោទ​របស់​ពួក​គេ​ប្រឆាំង​នឹង​ព្រះ​យេស៊ូ នេះ​ក៏​ជាប់​ទាក់​ទង​នឹង​ពួក​គេ​ដូច​គ្នា​ដែរ។ រួច​មក​ព្រះ​យេស៊ូ​ព្រមាន​ថា៖ «ប៉ុន្តែ បើ​សិន​ជា​ខ្ញុំ​ដេញ​អារក្ស ដោយ​សារ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​វិញ នោះ​ឈ្មោះ​ថា នគរ​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ»។

ដើម្បី​បង្ហាញ​ថា​ការ​បណ្ដេញ​អារក្ស ជា​ទី​សំអាង​នៃ​ព្រះ​ចេស្ដា​របស់​ព្រះ​ឈ្នះ​លើ​សាតាំង នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ឬ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​ណា​ចូល​ទៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​ខ្លាំង​ពូកែ នឹង​ប្លន់​យក​ទ្រព្យ​សម្បត្ដិ​របស់​គេ​បាន វៀរ​តែ​ចង​អ្នក​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន នោះ​ទើប​នឹង​ប្លន់​ផ្ទះ​របស់​គេ​បាន អ្នក​ណា​ដែល​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​ទាស់​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​មក​ខាង​ខ្ញុំ អ្នក​នោះ​ជា​អ្នក​កំចាត់​កំចាយ​វិញ»។ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ណាស់ ថា​ពួក​ផារីស៊ី​គឺ​ប្រឆាំង​នឹង​ព្រះ​យេស៊ូ ដែល​សម្ដែង​ថា​ខ្លួន​គេ​ជា​ភ្នាក់ងារ​របស់​សាតាំង។ ពួក​គេ​ធ្វើ​ឲ្យ​ពួក​អ៊ីស្រាអែល​ខ្ចាត់​ខ្ចាយ​ពី​ទ្រង់។

ហេតុ​ដូច្នេះ​ហើយ ព្រះ​យេស៊ូ​ព្រមាន​ពួក​អ្នក​ប្រឆាំង​ទាំង​នេះ​របស់​សាតាំង​ថា «ពាក្យ​ប្រមាថ​ដល់​ព្រះ​វិញ្ញាណ​វិញ នោះ​មិន​ដែល​បាន​អត់​ទោស ដល់​មនុស្ស​ឡើយ»។ ទ្រង់​ពន្យល់​ថា៖ «អ្នក​ណា​ដែល​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស នោះ​នឹង​អត់​ទោស​ឲ្យ​បាន តែ​អ្នក​ណា​ដែល​ពោល​ទាស់​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​នឹង​អត់​ទោស​ឲ្យ​ពុំ​បាន​ឡើយ ទោះ​នៅ​នា​លោកីយ​នេះ ឬ​នៅ​បរលោក​នាយ​ក្ដី»។ ពួក​ស្ក្រែប​និង​ពួក​ផារីស៊ី​ទាំង​នោះ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែល​មិន​អាច​អត់​ឱន​ទោស​ឲ្យ​បាន​ទេ ហើយ​ពួក​គេ​មាន​ចិត្ត​ព្យាបាទ​ដោយ​ផ្ដល់​កិត្ដិយស​ឲ្យ​សាតាំង​ទៅ​វិញ ចំពោះ​អព្ភូតហេតុ​ទាំង​នេះ​ដែល​កើត​ឡើង​ដោយ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​នោះ។ ម៉ាថាយ ១២:២២​-​៣២; ម៉ាកុស ៣:១៩​-​៣០; លូកា ៨:១​-​៣; យ៉ូហាន ៧:៥

តើ​ទស្សនកិច្ច​ផ្សព្វ​ផ្សាយ​លើក​ទី​ពីរ​របស់​ព្រះ​យេស៊ូ​នៅ​ស្រុក​កាលីឡេ ខុស​គ្នា​ពី​ទស្សនកិច្ច​ផ្សព្វ​ផ្សាយ​លើក​ទី​មួយ​យ៉ាង​ណា?

ហេតុ​អ្វី​ក៏​សាច់​ញាតិ​របស់​ព្រះ​យេស៊ូ​ប៉ុន​ប៉ង​ចាប់​ទ្រង់​ដូច្នេះ?

តើ​តាម​របៀប​ណា​ដែល​ពួក​ផារីស៊ី​ខំ​ប្រឹង​ធ្វើ​ឲ្យ​ខូច​កិត្ដិយស​ដល់​អព្ភូតហេតុ​របស់​ព្រះ​យេស៊ូ? ហើយ​តើ​ព្រះ​យេស៊ូ​ឆ្លើយ​បដិសេធ​នឹង​ពួក​គេ​យ៉ាង​ណា?

តើ​ពួក​ផារីស៊ី​ទាំង​នោះ​មាន​ទោស​ដល់​ថ្នាក់​ណា? ហើយ​ហេតុ​អ្វី?