លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អព្ភូតហេតុជាច្រើនទៀតនៅក្នុងក្រុងកាពើណិម

អព្ភូតហេតុជាច្រើនទៀតនៅក្នុងក្រុងកាពើណិម

ជំពូក​ទី​២៣

អព្ភូតហេតុ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ក្រុង​កាពើណិម

នៅ​ថ្ងៃ​ឈប់​សំរាក​ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​អញ្ជើញ​ពួក​សិស្ស​បួន​នាក់​ដំបូង ដែល​មាន​ឈ្មោះ​ពេត្រុស អនទ្រេ យ៉ាកុប និង​យ៉ូហាន​ឲ្យ​មក​ជា​មួយ​ទ្រង់​នោះ ទ្រង់​និង​ពួក​សិស្ស​ទាំង​អស់​គ្នា​ក៏​ទៅ​ឯ​សាលា​ប្រជុំ​នៅ​តំបន់​នោះ​ក្នុង​ក្រុង​កាពើណិម។ នៅ​ទី​នោះ ព្រះ​យេស៊ូ​ចាប់​ផ្ដើម​បង្រៀន ហើយ​ពួក​បណ្ដា​ជន​បាន​មាន​ចិត្ត​អស្ចារ្យ ពីព្រោះ​ទ្រង់​បង្រៀន​ពួក​គេ ប្រៀប​ដូច​ជា​បុគ្គល​ដែល​ប្រកប​ដោយ​អំណាច​មិន​ដូច​ពួក​អាចារ្យ​នោះ​ទេ។

នៅ​ក្នុង​ថ្ងៃ​ឈប់​សំរាក​នេះ នោះ​បុរស​ម្នាក់​ដែល​អារក្ស​ចូល​ក៏​មាន​វត្តមាន​នៅ​ទី​នោះ​ដែរ។ មួយ​សន្ទុះ​ក្រោយ​មក គាត់​ក៏​ស្រែក​ឡើង​ថា៖ «ហ៊ឹះ! តើ​យើង​នឹង​ទ្រង់​មាន​ហេតុ​អ្វី​នឹង​គ្នា? នែ! ព្រះ​យេស៊ូ​ពី​ភូមិ​ណាសារ៉ែត​អើយ! តើ​ទ្រង់​មក​បំផ្លាញ​យើង​ឬ​អី? ខ្ញុំ​ស្គាល់​ជាក់​ហើយ ថា​ទ្រង់​ជា​ព្រះ​អង្គ​បរិសុទ្ធ​នៃ​ព្រះ»។

បិសាច​ដែល​មាន​អំណាច​លើ​បុរស​នេះ គឺ​ពិត​ជា​ទេវតា​មួយ​រូប​ដែល​តាម​សាតាំង​ហើយ។ ព្រះ​យេស៊ូ​បន្ទោស​បិសាច​នេះ ដោយ​មាន​បន្ទូល​ថា៖ «ចូរ​ស្ងៀម​ទៅ! ហើយ​ថយ​ពី​មនុស្ស​នេះ​ចេញ!»។

បិសាច​នេះ​ក៏​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់​ប្រកិន ហើយ​ស្រែក​យ៉ាង​ខ្លាំង។ ក៏​ប៉ុន្តែ​វា​ចេញ​ពី​បុរស​នេះ ដោយ​ឥត​ធ្វើ​បាប​ដល់​គាត់​ឡើយ។ មនុស្ស​ម្នា​ទាំង​អស់​មាន​ចិត្ត​ស្ងើច​ខ្លាំង​ណាស់! ពួក​គេ​សួរ​ថា៖ «នេះ​ជា​អ្វី . . . បាន​ជា​លោក​បង្គាប់​ដល់​អារក្ស​អសោចិ៍ ដោយ​អំណាច​ហើយ​វា​ក៏​ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។ ដំណឹង​អំពី​រឿង​នេះ​បាន​ឮ​សុស​សាយ​ទូទាំង​តំបន់​ទាំង​មូល។

កាល​បាន​ចេញ​ពី​សាលា​ប្រជុំ នោះ​ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ទ្រង់ ក៏​ទៅ​ឯ​ផ្ទះ​របស់​ស៊ីម៉ូន​ហៅ​ពេត្រុស។ នៅ​ទី​នោះ ម្ដាយ​ក្មេក​របស់​ពេត្រុស​កំពុង​តែ​គ្រុន​ក្ដៅ​ខ្លាំង​ណាស់។ ពួក​គេ​អង្វរ​ថា៖ ‹សូម​ជួយ​គាត់​ផង!›។ ដូច្នេះ​ព្រះ​យេស៊ូ​យាង​ចូល​ទៅ​ចាប់​ដៃ​គាត់​លើក​ឡើង។ ស្រាប់​តែ​គាត់​បាន​ជា ហើយ​ចាប់​ផ្ដើម​រៀបចំ​អាហារ​ជូន​ដល់​ទាំង​អស់​គ្នា!

ក្រោយ​មក លុះ​ដល់​ពេល​ថ្ងៃ​លិច នោះ​ពួក​បណ្ដា​ជន​ពី​កន្លែង​ផ្សេង​ៗ ក៏​ចាប់​ផ្ដើម​យក​ពួក​អ្នក​ជំងឺ​មក​ឯ​ផ្ទះ​របស់​ពេត្រុស។ ភ្លាម​ៗ​នោះ ពួក​អ្នក​ក្រុង​ទាំង​អស់​បាន​ផ្ដុំ​គ្នា​មក​មើល​នៅ​ឯ​មាត់​ទ្វារ! ហើយ​ព្រះ​យេស៊ូ​ប្រោស​មនុស្ស​ដែល​មាន​ជំងឺ​ឲ្យ​បាន​ជា ទោះ​ជា​ពួក​គេ​មាន​ជំងឺ​អ្វី​ក៏​ដោយ។ ទ្រង់​ព្រម​ទាំង​ដេញ​អារក្ស​ជា​ច្រើន​ដែរ។ កាល​ដែល​ពួក​វា​ចេញ នោះ​ពួក​បិសាច​ដែល​ទ្រង់​បណ្ដេញ​ក៏​ស្រែក​ថា៖ «ទ្រង់​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ»។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​បន្ទោស​ពួក​វា​ហាម​មិន​ឲ្យ​និយាយ​សោះ ពីព្រោះ​ពួក​វា​ដឹង​ថា​ទ្រង់​ពិត​ជា​ព្រះ​គ្រីស្ទ។ ម៉ាកុស ១:២១​-​៣៤; លូកា ៤:៣១​-​៤១; ម៉ាថាយ ៨:១៤​-​១៧

តើ​មាន​អ្វី​កើត​ឡើង​នៅ​ក្នុង​សាលា​ប្រជុំ ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​អញ្ជើញ​ពួក​សិស្ស​បួន​រូប​ដំបូង​ឲ្យ​មក​តាម​ទ្រង់​នោះ?

តើ​ព្រះ​យេស៊ូ​យាង​ទៅ​កន្លែង​ណា ពេល​ទ្រង់​យាង​ចេញ​ពី​សាលា​ប្រជុំ? ហើយ​តើ​អព្ភូតហេតុ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​នៅ​ទី​នោះ?

តើ​មាន​អ្វី​កើត​ឡើង​ក្រោយ​មក​នៅ​វេលា​ល្ងាច​ដដែល​នេះ?