អព្ភូតហេតុទីមួយរបស់ព្រះយេស៊ូ
ជំពូកទី១៥
អព្ភូតហេតុទីមួយរបស់ព្រះយេស៊ូ
គឺទើបតែបានមួយថ្ងៃឬពីរថ្ងៃប៉ុណ្ណោះ តាំងពីអនទ្រេ ពេត្រុស យ៉ូហាន ភីលីព ណាថាណែល ហើយប្រហែលជាយ៉ាកុបផងដែរ បានក្លាយទៅជាពួកសិស្សដំបូងរបស់ព្រះយេស៊ូនោះ។ ឥឡូវពួកគាត់គឺកំពុងតែធ្វើដំណើរត្រឡប់ទៅផ្ទះរបស់ពួកគាត់វិញក្នុងតំបន់កាលីឡេ ជាកន្លែងដែលពួកគាត់ទាំងអស់គ្នាធ្លាប់រស់នៅទីនោះ។ ទីកន្លែងដែលពួកគាត់ធ្វើដំណើរសំដៅទៅនោះគឺជាភូមិកាណា ជាភូមិកំណើតរបស់ណាថាណែល ដែលស្ថិតនៅតាមតំបន់ភ្នំ ហើយមិនឆ្ងាយប៉ុន្មានពីភូមិណាសារ៉ែត ជាភូមិដែលព្រះយេស៊ូមានព្រះជន្មធំឡើងនោះទេ។ ពួកគាត់បានត្រូវគេអញ្ជើញឲ្យទៅចូលរួមពិធីមង្គលការនៅភូមិកាណា។
មាតារបស់ព្រះយេស៊ូក៏បានមកចូលរួមពិធីមង្គលការនេះដែរ។ ដោយសារជាញាតិមិត្តគ្រួសារនៃអ្នកដែលរៀបការនោះ ម៉ារាក៏ប្រហែលជាអ្នកមើលចាត់ចែងបំរើភ្ញៀវជាច្រើន។ ដូច្នេះគាត់ងាយស្រួលឃើញការខ្វះខាតរបស់ភ្ញៀវ ហើយគាត់បានប្រាប់ព្រះយេស៊ូថា៖ «គេអស់ស្រាទំពាំងបាយជូរហើយ»។
ដូច្នេះ នៅពេលម៉ារាចង់ជូនយោបល់ថា ព្រះយេស៊ូគួរតែធ្វើអ្វីមួយចំពោះការអស់ស្រានេះ មុនដំបូង ទ្រង់មានព្រះទ័យស្ទាក់ស្ទើរ។ ទ្រង់មានបន្ទូលសួរថា៖ «មាតាអើយ! តើការនោះអំពល់អ្វីដល់យើង?»។ ជាស្តេចដែលបានតែងតាំងដោយព្រះ នោះទ្រង់មិនត្រូវទទួលការបង្គាប់ពីគ្រួសារឬញាតិមិត្តនោះទេ។ ដូច្នេះប្រកបដោយប្រាជ្ញា នោះម៉ារាទុករឿងនេះឲ្យបុត្រមើលការខុសត្រូវ ដោយគ្រាន់តែប្រាប់ពួកបាវថា៖ «ការអ្វីដែលលោកប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ!»។
នៅទីនោះគឺមានពាងថ្មប្រាំមួយធំៗ ហើយពាងនិមួយៗមានចំណុះជាង៤០លីត្រ។ ព្រះយេស៊ូបង្គាប់ពួកអ្នកបំរើថា៖ «ចូរចាក់ទឹកឲ្យពេញពាងទាំងនេះទៅ!»។ ហើយអ្នកបំរើក៏ចាក់ទឹកពេញដល់មាត់ពាង។ រួចមក ព្រះយេស៊ូមានបន្ទូលថា៖ «ចូរដងយកទៅជូនដល់លោកជាមង្គលការចុះ!»។
អ្នកមង្គលការនេះបានស្ងើចនឹងគុណភាពដ៏ល្អនៃស្រានេះ ដោយឥតដឹងថា ស្រានេះបានត្រូវធ្វើឡើងដោយអព្ភូតហេតុនោះឡើយ។ គាត់ហៅកូនកំលោះមកនិយាយថា៖ «មនុស្សទាំងឡាយ គេតែងតែលើកស្រាទំពាំងបាយជូរល្អមកជាមុន លុះកាលបានផឹកជាច្រើនហើយ នោះទើបលើកស្រាទំពាំងបាយជូរ ដែលមិនសូវល្អមកជាក្រោយ តែនេះ អ្នកទុកស្រាទំពាំងបាយជូរយ៉ាងល្អ ដរាបដល់ឥឡូវនេះវិញ»។
នេះជាអព្ភូតហេតុទីមួយរបស់ព្រះយេស៊ូ ហើយពេលគេឃើញអព្ភូតហេតុនេះ នោះសេចក្ដីជំនឿនៃសិស្សថ្មីរបស់ទ្រង់ក៏បានត្រូវពង្រឹងដែរ។ បន្ទាប់មក ទ្រង់យាងទៅឯក្រុងកាពើណិមជិតសមុទ្រកាលីឡេជាមួយមាតា និងប្អូនៗរបស់ទ្រង់ទៅជាមួយដែរ។ យ៉ូហាន ២:១-១២
▪ តើនៅពេលណាក្នុងកំឡុងពេលធ្វើកិច្ចបំរើរបស់ព្រះយេស៊ូ ដែលមានពិធីរៀបការនៅភូមិកាណានោះ?
▪ ហេតុអ្វីក៏ព្រះយេស៊ូបដិសេធនឹងយោបល់របស់មាតាទ្រង់នោះ?
▪ តើព្រះយេស៊ូធ្វើអព្ភូតហេតុអ្វី? ហើយតើនេះមានឥទ្ធិពលយ៉ាងណាលើអ្នកឯទៀត?