លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អាហារពេលល្ងាចដែលជាពិធីបុណ្យរំឭក

អាហារពេលល្ងាចដែលជាពិធីបុណ្យរំឭក

ជំពូក​ទី​១១៤

អាហារ​ពេល​ល្ងាច​ដែល​ជា​ពិធី​បុណ្យ​រំឭក

ក្រោយ​ពី​ព្រះ​យេស៊ូ​លាង​ជើង​ឲ្យ​ពួក​សាវ័ក​រួច​រាល់​ហើយ នោះ​ទ្រង់​បាន​សម្រង់​បទ​គម្ពីរ​ពី​ទំនុក​ដំកើង ៤១:៩ ដោយ​មាន​បន្ទូល​ថា៖ «អ្នក​ដែល​បរិភោគ​នំ​ប៉័ង ជា​មួយ​នឹង​ទូល​បង្គំ​នោះ​បាន​លើក​កែង​ជើង ទាស់​នឹង​ទូល​បង្គំ​វិញ»។ រួច​មក ព្រះ​យេស៊ូ​មាន​ព្រះ​ហឫទ័យ​តប់​ប្រមល់​ជា​ខ្លាំង ទ្រង់​ពន្យល់​ថា៖ «មាន​ពួក​អ្នក​រាល់​គ្នា​ម្នាក់​នឹង[ក្បត់]ខ្ញុំ»។

ពួក​សាវ័ក​ក៏​ចាប់​ផ្ដើម​មាន​ចិត្ត​ព្រួយ ហើយ​ម្នាក់​ៗ​ទូល​ព្រះ​យេស៊ូ​ថា៖ «តើ​ទូល​បង្គំ​ឬ?»។ សូម្បី​តែ​យូដាស​អ៊ីស្ការីយ៉ុត​ក៏​ទូល​សួរ​ដែរ។ យ៉ូហាន​ដែល​អង្គុយ​ជិត​ព្រះ​យេស៊ូ ក៏​ទម្រេត​លើ​ព្រះ​ឱរា​ព្រះ​យេស៊ូ ហើយ​ទូល​ថា៖ «ព្រះ​អម្ចាស់​អើយ! តើ​អ្នក​ណា?»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «គឺ​ជា​ម្នាក់​ក្នុង​ពួក​១២ ដែល​លូក​ដៃ​ក្នុង​ចាន​ជា​មួយ​នឹង​ខ្ញុំ។ កូន​មនុស្ស​ត្រូវ​ទៅ​ពិត ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​ពី​លោក​ស្រាប់ តែ​វេទនា​ដល់​មនុស្ស​នោះ ដែល​នឹង​បញ្ជូន​កូន​មនុស្ស​ទៅ បើ​វា​មិន​បាន​កើត​មក នោះ​ល្អ​ដល់​វា​ជា​ជាង»។ ក្រោយ​មក អារក្ស​សាតាំង​ក៏​ចូល​យូដាស ដោយ​ឆ្លៀត​យក​ប្រយោជន៍​ពី​ចិត្ត​គំនិត​របស់​គាត់ ដែល​កំពុង​តែ​អាក្រក់​ឡើង​ៗ​នោះ។ ក្រោយ​មក​ក្នុង​រាត្រី​នោះ ព្រះ​យេស៊ូ​ហៅ​យូដាស​យ៉ាង​ស័ក្ដិ​សម​ថា‹ជា​កូន​នៃ​សេចក្ដី​ហិន​វិនាស›។

ឥឡូវ​នេះ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​យូដាស​ថា៖ «ការ​អ្វី​ដែល​អ្នក​គិត​ធ្វើ នោះ​ចូរ​ធ្វើ​ជា​ប្រញាប់​ទៅ​ចុះ!»។ គ្មាន​សាវ័ក​ណា​ម្នាក់​យល់​ពី​អ្វី​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​នោះ​ទេ។ អ្នក​ខ្លះ​ស្មាន​ថា ដោយ​ព្រោះ​យូដាស​កាន់​ថង់​ប្រាក់ បាន​ជា​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​គាត់​ថា៖ «ទៅ​ទិញ​អីវ៉ាន់​អ្វី​និមួយ ដែល​ត្រូវ​ការ​សំរាប់​បុណ្យ​នោះ» ឬ​ឲ្យ​គាត់​ចែក​ទាន​ដល់​ពួក​អ្នក​ក្រី​ក្រ។

ក្រោយ​ពី​យូដាស​ចាក​ចេញ​ទៅ នោះ​ព្រះ​យេស៊ូ​ក៏​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​ថ្មី​មួយ ឬ​ក៏​ពិធី​បុណ្យ​រំឭក​ជា​មួយ​នឹង​ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់។ ទ្រង់​យក​នំ​ប៉័ង​មក​អរ​ព្រះ​គុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​បន្ទូល​ថា៖ «ចូរ​យក​បរិភោគ​ចុះ!»។ ទ្រង់​ពន្យល់​ថា៖ «នេះ​ហើយ​ជា​រូប​កាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ!»។

នៅ​ពេល​ដែល​ម្នាក់​ៗ​បាន​បរិភោគ​នំ​ប៉័ង​ហើយ នោះ​ព្រះ​យេស៊ូ​ក៏​ប្រទាន​ស្រា​មួយ​ពែង​ទៀត មុខ​ជា​ពែង​ទី​បួន ដែល​បាន​ប្រើ​សំរាប់​បុណ្យ​រំលង​នេះ​ហើយ។ ទ្រង់​ក៏​បាន​អរ​ព្រះ​គុណ​តាម​រយៈ​សេចក្ដី​អធិស្ឋាន ហុច​ប្រទាន​ទៅ​គេ អញ្ជើញ​ឲ្យ​គេ​ផឹក ហើយ​មាន​បន្ទូល​ថា៖ «ពែង​នេះ​ជា​សញ្ញា​ថ្មី ដែល​តាំង​ដោយ​នូវ​ឈាម​ខ្ញុំ គឺ​ជា​ឈាម ដែល​ត្រូវ​ច្រួច​ចេញ​សំរាប់​អ្នក​រាល់​គ្នា»។

ដូច្នេះ​តាម​ការ​ពិត នេះ​ជា​ពិធី​បុណ្យ​រំឭក​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ។ ដូច​ជា​ព្រះ​យេស៊ូ​មាន​បន្ទូល​មក ក្នុង​ការ​រំឭក​ពី​ទ្រង់​គឺ​ត្រូវ​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន។ នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​ធ្វើ​បុណ្យ​នេះ​នឹក​ចាំ​នូវ​អ្វី​ដែល​ព្រះ​យេស៊ូ​និង​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌​បាន​ធ្វើ ដើម្បី​ផ្ដល់​នូវ​ការ​រំដោះ​មនុស្សជាតិ​ពី​ការ​ផ្ដន្ទា​ទោស​ពី​សេចក្ដី​ស្លាប់។ ចំពោះ​ពួក​យូដា​ដែល​ក្លាយ​ទៅ​ជា​ពួក​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ នោះ​ពិធី​បុណ្យ​នេះ​នឹង​ផ្លាស់​ជំនួស​បុណ្យ​រំលង។

កិច្ច​ព្រម​ព្រៀង​ថ្មី​នឹង​ផ្លាស់​ជំនួស​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​ចាស់ ហើយ​កិច្ច​ព្រម​ព្រៀង​ថ្មី​នឹង​មាន​សុពលភាព ដោយ​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូ។ ព្រះ​យេស៊ូ​គ្រីស្ទ​ធ្វើ​ជា​អ្នក​សង្រួប​សង្រួម​រវាង​ភាគី​ទាំង​ពីរ គឺ​ព្រះ​យេហូវ៉ា និង​ពួក​១៤៤.០០០​នាក់ ជា​ពួក​គ្រីស្ទាន​ដែល​បាន​នាំ​ដោយ​វិញ្ញាណ។ ក្រៅ​ពី​ផ្ដល់​នូវ​ការ​អត់​ឱន​ទោស​បាប នោះ​កិច្ច​ព្រម​ព្រៀង​នេះ បាន​បង្កើត​ឲ្យ​មាន​សាសន៍​មួយ​ដែល​ជា​ស្តេច​និង​ពួក​សង្ឃ​នៅ​ស្ថាន​សួគ៌។ ម៉ាថាយ ២៦:២១​-​២៩; ម៉ាកុស ១៤:១៨​-​២៥; លូកា ២២:១៩​-​២៣; យ៉ូហាន ១៣:១៨​-​៣០; ១៧:១២; កូរិនថូស​ទី​១ ៥:៧

តើ​ព្រះ​យេស៊ូ​សម្រង់​ទំនាយ​មួយ​ណា​ដែល​ស្តី​អំពី​គូកន​ម្នាក់? ហើយ​តើ​ទ្រង់​បាន​បក​ស្រាយ​ទំនាយ​នេះ​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​ក៏​ពួក​សាវ័ក​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង? ហើយ​តើ​ពួក​គេ​ម្នាក់​ៗ​សួរ​អ្វី?

តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​យូដាស​ឲ្យ​ធ្វើ​អ្វី? ហើយ​តើ​ពួក​សាវ័ក​ឯ​ទៀត​បាន​យល់​នឹង​បង្គាប់​នេះ​យ៉ាង​ដូច​ម្ដេច?

តើ​ពិធី​បុណ្យ​អ្វី​ដែល​ព្រះ​យេស៊ូ​ផ្ដើម​ធ្វើ​ក្រោយ​ពី​យូដាស​ចេញ​ទៅ? ហើយ​តើ​នេះ​មាន​គោល​បំណង​យ៉ាង​ណា?

តើ​ភាគី​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​អ្នក​ណា​ខ្លះ? ហើយ​តើ​កិច្ច​ព្រម​ព្រៀង​នេះ​សម្រេច​អ្វី​ខ្លះ?