លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី១៦

តើជំនួយការខាងកិច្ចបម្រើមានតួនាទីអ្វីខ្លះ?

តើជំនួយការខាងកិច្ចបម្រើមានតួនាទីអ្វីខ្លះ?

មីយ៉ាន់ម៉ា

សុន្ទរកថា

ប្រជុំផ្សព្វផ្សាយ

សម្អាតសាលប្រជុំ

គម្ពីរបានរៀបរាប់អំពីបុរសគ្រិស្ដសាសនិកពីរក្រុមដែលមានភារកិច្ចក្នុងក្រុមជំនុំ គឺ«អ្នកត្រួតពិនិត្យនិងពួកជំនួយការខាងកិច្ចបម្រើ»។ (ភីលីព ១:១) តាមធម្មតា ក្រុមជំនុំនីមួយមានពួកអ្នកចាស់ទុំនិងពួកជំនួយការខាងកិច្ចបម្រើច្រើននាក់។ តើពួកជំនួយការខាងកិច្ចបម្រើធ្វើកិច្ចការអ្វីខ្លះដើម្បីជាប្រយោជន៍សម្រាប់យើង?

ពួកគាត់ជួយក្រុមអ្នកចាស់ទុំ។ ជំនួយការខាងកិច្ចបម្រើជាបុរសវ័យក្មេងវ័យចាស់ដែលមានចំណងមិត្ដភាពរឹងមាំជាមួយនឹងព្រះយេហូវ៉ា ហើយគួរជាទីទុកចិត្ដ និងបំពេញភារកិច្ចដោយយកចិត្ដទុកដាក់។ ពួកគាត់មានកិច្ចការដ៏សំខាន់ដែលត្រូវធ្វើជាទៀងទាត់ក្នុងក្រុមជំនុំ។ ភារកិច្ចនោះតម្រូវឲ្យពួកគាត់ធ្វើការងារធ្ងន់ស្រាលផ្សេងសម្រាប់ក្រុមជំនុំ។ ដោយមានជំនួយពីពួកគាត់ ពួកអ្នកចាស់ទុំអាចផ្ចង់អារម្មណ៍ទៅលើភារកិច្ចក្នុងការបង្រៀននិងពង្រឹងជំនឿបងប្អូន។

ពួកគាត់ជួយយើង។ ជំនួយការខាងកិច្ចបម្រើខ្លះបានត្រូវតែងតាំងឲ្យទទួលស្វាគមន៍អ្នកដែលមកចូលរួមកិច្ចប្រជុំ។ ខ្លះទៀតប្រហែលជាមានភារកិច្ចផ្នែកប្រព័ន្ធសំឡេង ផ្នែកចែកសៀវភៅ ផ្នែកគណនីរបស់ក្រុមជំនុំ និងផ្នែកចែកតំបន់ផ្សាយដល់បងប្អូនក្នុងក្រុមជំនុំ។ ពួកគាត់ក៏ជួយសម្អាតនិងថែទាំសាលប្រជុំដែរ។ ពួកអ្នកចាស់ទុំប្រហែលជាសុំពួកគាត់ឲ្យជួយបងប្អូនវ័យចាស់។ ដោយសារពួកជំនួយការខាងកិច្ចបម្រើស្ម័គ្រចិត្ដធ្វើកិច្ចការទាំងអស់ដែលពួកគាត់ទទួល នោះបងប្អូនក្នុងក្រុមជំនុំគួរគោរពនិងឲ្យតម្លៃចំពោះកិច្ចការដ៏នឿយហត់និងចិត្ដគំនិតលះបង់ប្រយោជន៍ខ្លួនរបស់ពួកគាត់។—ធីម៉ូថេទី១ ៣:១៣

ពួកគាត់ទុកគំរូល្អក្នុងនាមជាគ្រិស្ដសាសនិកម្នាក់។ ពួកគាត់បានត្រូវតែងតាំងជាជំនួយការខាងកិច្ចបម្រើ ដោយសារពួកគាត់មានគុណសម្បត្ដិដ៏ល្អជាគ្រិស្ដសាសនិក។ ពេលពួកគាត់ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ នោះជួយពង្រឹងជំនឿរបស់យើង។ គំរូដ៏ល្អរបស់ពួកគាត់ក្នុងកិច្ចផ្សព្វផ្សាយជួយយើងឲ្យមានចិត្ដខ្នះខ្នែងថែមទៀត។ ដោយសារពួកគាត់សហការយ៉ាងល្អជាមួយពួកអ្នកចាស់ទុំ នេះធ្វើឲ្យមានអំណរនិងសាមគ្គីភាព។ (អេភេសូរ ៤:១៦) ក្រោយមក ពួកគាត់ក៏អាចមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកចាស់ទុំដែរ។

  • តើជំនួយការខាងកិច្ចបម្រើជាមនុស្សប្រភេទណា?

  • តើជំនួយការខាងកិច្ចបម្រើជួយធ្វើឲ្យក្រុមជំនុំមានដំណើរការល្អយ៉ាងដូចម្ដេច?