លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការ​ស្វែង​រក​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍

ការ​ស្វែង​រក​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍

ធារ៉ា​សង្កេត​ឃើញ​ថា​ឫទ្ធី​និង​និមល​ដែល​ជា​អ្នក​ជិត​ខាង មើល​ទៅ​ដូច​ជា​សប្បាយ​និង​មាន​សេចក្ដី​សុខ​ជា​និច្ច។ នាង​ប្រាប់​សុវណ្ណ​ថា នាង​នឹង​ទៅ​សួរ​និមល​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សុខ​ដូច្នេះ។ ម៉្លោះ​ហើយ នៅ​ពេល​នាង​ឃើញ​និមល នាង​ក៏​ទៅ​សួរ​អំពី​រឿង​នោះ។

និមល​និយាយ​ថា​៖ ​«​តាម​ពិត​យើង​ក៏​មាន​បញ្ហា​ហើយ​កង្វល់​ដូច​ធារ៉ា​និង​សុវណ្ណ​ដែរ។ ប៉ុន្ដែ​មិន​យូរ​មុន​នេះ ខ្ញុំ​បាន​រក​ឃើញ​សៀវភៅ​មួយ​ដែល​មាន​ការ​ណែនាំ​ដ៏​មាន​ប្រយោជន៍​សម្រាប់​ខ្ញុំ​និង​ក្រុម​គ្រួសារ។ សៀវភៅ​នោះ​បង្ហាញ​ឲ្យ​យើង​ឃើញ​ផ្លូវ​ដែល​ឆ្ពោះ​ទៅ​រក​សុភមង្គល​និង​សេចក្ដី​សុខ​សាន្ដ ព្រម​ទាំង​ជួយ​យើង​ឲ្យ​មាន​ចិត្ដ​សប្បាយ ទោះ​ជា​មាន​ការ​ពិបាក​និង​កង្វល់​ផ្សេង​ៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ក៏​ដោយ​»។

ពេល​ឮ​ដូច្នេះ ធារ៉ា​ក៏​ចាប់​អារម្មណ៍​ទៅ​លើ​សៀវភៅ​នោះ។ និមល​ពន្យល់​ត​ទៅ​ទៀត​ថា​៖ ​«​សៀវភៅ​នោះ​បាន​ត្រូវ​សរសេរ​នា​សម័យ​បុរាណ នៅ​ប្រទេស​អ៊ីស្រាអែល​និង​នៅ​ប្រទេស​ជិត​ខាង​នោះ។ ប៉ុន្ដែ​សៀវភៅ​នោះ​គឺ​សម្រាប់​មនុស្ស​ទាំង​អស់ ពី​ព្រោះ​មិន​មែន​ខាង​និកាយ​សាសនា​ណា​មួយ​ឡើយ។ ម្យ៉ាង​ទៀត សៀវភៅ​នោះ​បាន​ត្រូវ​បក​ប្រែ​ជា​រាប់​រយ​ភាសា ដើម្បី​ឲ្យ​មនុស្ស​សឹង​តែ​ទាំង​អស់​អាច​អាន​បាន​»។ និមល​ក៏​បាន​បន្ថែម​ថា អ្នក​ជំនាញ​ខាង​ការ​អប់រំ​ធ្លាប់​ដក​ស្រង់​ព័ត៌មាន​ពី​សៀវភៅ​នោះ​ជា​ច្រើន​ដង ហើយ​ការ​ណែនាំ​ក្នុង​សៀវភៅ​នោះ​ក៏​បាន​ត្រូវ​យក​ទៅ​ប្រើ​ជា​មូលដ្ឋាន​នៃ​ច្បាប់​របស់​ប្រទេស​ជា​ច្រើន​ដែរ។

ធារ៉ា​ចាប់​អារម្មណ៍​ចង់​មើល​សៀវភៅ​នោះ​ខ្លាំង​ណាស់។ នៅ​ពេល​រសៀល​នោះ ធារ៉ា​បាន​ទៅ​ផ្ទះ​និមល។ ពេល​ទៅ​ដល់​ហើយ និមល​បាន​បង្ហាញ​ឲ្យ​ធារ៉ា​មើល​ការ​ណែនាំ​ក្នុង​សៀវភៅ​នោះ ដែល​មាន​ប្រយោជន៍​ក្នុង​រឿង​ផ្សេង​ៗ​ដូច​ត​ទៅ​នេះ:

ការ​អប់រំ​កូន

  • ​«​ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ដ​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ដ នោះ​វា​នឹង​មិន​លះ​បង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់​»។

  • ​«​ឪ​ពុក កុំ​ធ្វើ​ឲ្យ​កូន​ខឹង​»។

ការ​ងារ​និង​របៀប​គ្រប់​គ្រង​លុយ​កាក់

  • ​«​អ្នក​ដែល​លួច​ត្រូវ​ឈប់​លួច​ត​ទៅ​ទៀត តែ​ត្រូវ​ឲ្យ​អ្នក​នោះ​ធ្វើ​ការ​ទៀង​ត្រង់​យ៉ាង​នឿយ​ហត់​ដោយ​ដៃ​ខ្លួន​ឯង ដើម្បី​ឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះ​ខាត​»។

  • ​«​ប្រសិន​បើ​មាន​អ្នក​ណា​ដែល​មិន​ចង់​ធ្វើ​ការ អ្នក​នោះ​មិន​ត្រូវ​បរិភោគ​ឡើយ​»។

ស្រា​និង​គ្រឿង​ញៀន

  • ​«​ចូរ​យើង​សម្អាត​ចិត្ដ​និង​កាយ​របស់​យើង​ឲ្យ​ស្អាត​ពី​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ស្មោក​គ្រោក​»។

  • ​«​ស្រា​ទំ​ពាំ​បាយ​ជូរ ជា​របស់​បញ្ឆោត​មើល​ងាយ ហើយ​គ្រឿង​ស្រវឹង​បង្កើត​ការ​ឡូឡា អ្នក​ណា​ដែល​វង្វេង​ដោយ​គ្រឿង​ទាំង​២​នោះ ឈ្មោះ​ថា​គ្មាន​ប្រាជ្ញា​»។

គោល​ការណ៍​សីលធម៌

  • ​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​គ្នា​ចាត់​ទុក​អាពាហ៍​ពិពាហ៍​ជា​អ្វី​ដែល​មាន​តម្លៃ ហើយ​ឲ្យ​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ​ត្រូវ​ឥត​សៅហ្មង​»។

  • ​«​[​ចូរ​]​ជៀស​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។

  • ​«​អ្នក​ណា​ដែល​សម្លឹង​មើល​ស្រី​រហូត​ដល់​កើត​មាន​ចិត្ដ​ស្រើប​ស្រាល អ្នក​នោះ​បាន​ផិត​ក្បត់​ជា​មួយ​នឹង​នាង​នៅ​ក្នុង​ចិត្ដ​រួច​ហើយ​»។

ការ​គោរព​គ្នា​ក្នុង​ក្រុម​គ្រួសារ

  • ​«​ចូរ​គោរព​ឪ​ពុក​និង​ម្ដាយ​របស់​អ្នក​»។

  • ​«​ចូរ​ស្តាប់​តាម​ឪ​ពុក​ដែល​បង្កើត​ឯង​មក ហើយ​កុំ​ឲ្យ​មើល​ងាយ​ម្ដាយ​ឯង​ក្នុង​កាល​ដែល​គាត់​ចាស់​ឡើយ​»។

  • ​«​ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​អ្នក ឯ​ប្រពន្ធ​ត្រូវ​គោរព​ប្ដី​យ៉ាង​ជ្រាល​ជ្រៅ​»។