លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការ​ស្គាល់​អ្នក​ដែល​បាន​ផ្ដើម​បង្កើត​អ្វីៗទាំង​អស់

ការ​ស្គាល់​អ្នក​ដែល​បាន​ផ្ដើម​បង្កើត​អ្វីៗទាំង​អស់

សុវណ្ណ​សប្បាយ​ចិត្ដ​ណាស់ ពេល​ដែល​រៀន​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា។ ប៉ុន្ដែ​គាត់​ឆ្ងល់​ថា តើ​អ្នក​ណា​មាន​ឫទ្ធា​នុភាព​ដើម្បី​អាច​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ទាំង​នេះ​ទៅ​ជា​ការ​ពិត​បាន? ឫទ្ធី​បាន​ប្រាប់​ថា បើ​សុវណ្ណ​ចង់​យល់​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ដើម្បី​ធ្វើ​តាម​ការ​សន្យា​ទាំង​ឡាយ​របស់​លោក នោះ​គាត់​អាច​គិត​អំពី​ចំណុច​មួយ​ដែល​មនុស្ស​ទាំង​អស់​នឹង​យល់​ស្រប​តាម គឺ​ចំណុច​ថា​បើ​មាន​ផល​ត្រូវ​តែ​មាន​បុព្វហេតុ។

ឫទ្ធី​ពន្យល់​ថា​គម្ពីរ​ក៏​បញ្ជាក់​ចំណុច​នេះ​ដែរ។ បន្ទាប់​មក​គាត់​បង្ហាញ​ដល់​សុវណ្ណ​នូវ​បទ​គម្ពីរ​ដូច​ត​ទៅ​នេះ:

​«​នោះ​សម​ហេតុ​សម​ផល​មែន ពី​ព្រោះ​ផ្ទះ​មិន​អាច​កកើត​ឡើង​ដោយ​គ្មាន​អ្នក​សង់​ទេ​»​ សុវណ្ណ​ឆ្លើយ។

ឫទ្ធី​បន្ថែម​ថា​៖ ​«​យើង​ក៏​អាច​លើក​ឧទាហរណ៍​មួយ​ទៀត​ដែរ គឺ​បើ​គ្មាន​អ្នក​ចម្អិន នោះ​ក៏​មិន​មាន​ម្ហូប​អាហារ​ដែរ​»។

ក្រោយ​មក ឫទ្ធី​រំលឹក​សុវណ្ណ​អំពី​ចំណុច​ថា នៅ​ជុំ​វិញ​ពួក​គាត់​មាន​របស់​ជា​ច្រើន​ដែល​អស្ចារ្យ​ជាង​និង​ស្មុគ​ស្មាញ​ជាង​ផ្ទះ​មួយ​ទៅ​ទៀត។ ឫទ្ធី​និយាយ​៖ ​«​សូម​មើល​ជុំ​វិញ​ខ្លួន​យើង មាន​ផ្កា​ស្អាត​ៗ ភ្នំ​ស្កឹមស្កៃ សមុទ្រ​ធំ​ធេង និង​សកល​លោក​នេះ​ដែល​ធំ​ឥត​ដែន​កំណត់។ បើ​ផ្ទះ​មួយ​ត្រូវ​ការ​អ្នក​សង់ ហើយ​ម្ហូប​អាហារ​ត្រូវ​ការ​អ្នក​ចម្អិន ចុះ​យ៉ាង​ណា​ចំពោះ​អ្វី​ៗ​ដ៏​អស្ចារ្យ​ក្នុង​សកល​លោក​នេះ? នោះ​ក៏​ត្រូវ​ការ​អ្នក​ផ្ដើម​បង្កើត​ដែរ មែន​ទេ?​»។

សុវណ្ណ​យល់​ស្រប​តាម​អ្វី​ដែល​ឫទ្ធី​ពន្យល់។

ឫទ្ធី​ក៏​ពន្យល់​ត​ទៅ​ទៀត​៖ ​«​គម្ពីរ​បញ្ជាក់​ថា​ពិត​ជា​មាន​អ្នក​ផ្ដើម​បង្កើត​អ្វី​ៗ​ទាំង​អស់​មែន។ ដើម្បី​ធ្វើ​ដូច្នោះ បុគ្គល​នោះ​ត្រូវ​មាន​ឫទ្ធា​នុភាព​ខ្លាំង​ក្លា។ នេះ​ជា​មូលហេតុ​ដែល​គម្ពីរ​ហៅ​បុគ្គល​នោះ​ថា​ព្រះ។ ក្នុង​គម្ពីរ​ភាសា​ដើម ពាក្យ​ថា​ព្រះ មាន​ន័យ​ថា​‹អ្នក​ខ្លាំង​ពូកែ›​ឬ​‹អ្នក​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា›។ សព្វ​ថ្ងៃ​នេះ មាន​បុគ្គល​ផ្សេង​ៗ​ដែល​មនុស្ស​ហៅ​ថា​‹ព្រះ› ប៉ុន្ដែ​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ គឺ​ជា​ការ​ត្រឹម​ត្រូវ​ដែល​លោក​បាន​ត្រូវ​ហៅ​ថា ព្រះ​ដែល​មាន​ឫទ្ធា​នុភាព​ខ្លាំង​ក្លា​បំផុត​»។

អ្វី​ៗ​ទាំង​អស់​ត្រូវ​មាន​អ្នក​ផ្ដើម​បង្កើត

សុវណ្ណ​បាន​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ថា​គម្ពីរ​រៀប​រាប់​អំពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា។ ឫទ្ធី​បាន​បង្ហាញ​ឧទាហរណ៍​ខ្លះ​ៗ​ដូច​ត​ទៅ​នេះ​ដល់​សុវណ្ណ:

  • ​«​កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែន​ដី​»។—លោកុប្បត្ដិ ១:១

  • ​«​ត្រូវ​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ គឺ​ទ្រង់​ដែល​បាន​បង្កើត​យើង​ខ្ញុំ​»។—ទំនុក​តម្កើង ១០០:៣

  • ​«​ផ្ទៃ​មេឃ​សំ​ដែង​ពី​សិរី​ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការ ដែល​ព្រះ​ហស្ដ​ទ្រង់​ធ្វើ​»។—ទំនុក​តម្កើង ១៩:១

  • ​«​ឯ​ព្រះ​ដែល​បាន​សាង​អស់​ទាំង​ស្ថាន​ដ៏​ខ្ពស់​របស់​ទ្រង់ នៅ​លើ​ស្ថាន​សួគ៌ ហើយ​តាំង​ជីវិត​ទាំង​ឡាយ ឲ្យ​នៅ​ផែន​ដី ក៏​តែង​តែ​បង្គាប់​ទឹក​សមុទ្រ​ឲ្យ​ឡើង​ទៅ​លើ រួច​ចាក់​មក​លើ​ផែន​ដី​វិញ ទ្រង់​ព្រះ​នាម​ជា​‹ព្រះ​យេហូវ៉ា›​»។—អេម៉ុស ៩:៦

ដូច្នេះ ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់។ លោក​មិន​គ្រាន់​តែ​បង្កើត​របស់​ទាំង​អស់​នោះ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជា​អ្នក​ផ្ដល់​ជីវិត​ដល់​ភាវរស់​ទាំង​ឡាយ​ដែរ។ គម្ពីរ​បញ្ជាក់​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​ព្រះ​អង្គជា​ប្រភព​នៃ​ជីវិត​»។ (​ទំនុក​តម្កើង ៣៦:១០, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ [​៣៦:៩​]​) ដូច្នេះ លោក​ជា​អ្នក​បង្កើត​ជីវិត។ ជីវិត​មក​ពី​ព្រះ​យេហូវ៉ា ហេតុ​នេះ​ហើយ​លោក​ជា​បិតា​ដ៏​ពិត​របស់​យើង។ នេះ​ជា​មូលហេតុ​ដែល​គម្ពីរ​ចែង​ថា​៖ ​«​យើង​ទាំង​អស់​គ្នា តើ​មិន​មាន​ឪ​ពុក​តែ​១​ទេ​ឬ? តើ​មិន​មែន​ជា​ព្រះ​តែ​១ ដែល​បង្កើត​យើង​រាល់​គ្នា​មក​ទេ​ឬ​អី?​»។—ម៉ាឡាគី ២:១០

ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​ជីវិត

ឮ​ដូច្នេះ សុវណ្ណ​ឧទាន​ថា​៖ ​«​សម​ហេតុ​សម​ផល​មែន! ពេល​ដែល​មើល​អ្វី​ៗ​ដែល​មាន​នៅ​ជុំ​វិញ​យើង​និង​ពិចារណា​អំពី​របស់​ទាំង​នោះ មិន​ពិបាក​ឲ្យ​យើង​សម្គាល់​ទេ​ថា ត្រូវ​តែ​មាន​អ្នក​ផ្ដើម​បង្កើត អ្នក​គ្រោង និង​អ្នក​ផ្ដល់​ជីវិត ពោល​គឺ​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់​»។

ធារ៉ា​និយាយ​ដោយ​មាន​ចិត្ដ​រំភើប​ថា​៖ ​«​បើ​លោក​មាន​ឫទ្ធា​នុភាព​ដើម្បី​បង្កើត​អ្វី​ៗ​ទាំង​អស់​នេះ លោក​ច្បាស់​ជា​មាន​ឫទ្ធា​នុភាព​ដើម្បី​ធ្វើ​តាម​សេចក្ដី​សន្យា​ទាំង​អស់​របស់​លោក​ដែល​មាន​ក្នុង​គម្ពីរ​ដែរ!​»។

ចំពោះ​សុវណ្ណ​និង​ធារ៉ា អ្វី​ៗ​ដែល​ពួក​គាត់​បាន​ឮ​នៅ​ថ្ងៃ​នោះ​សុទ្ធតែ​សម​ហេតុ​សម​ផល ប៉ុន្ដែ​ពួក​គាត់​បាន​ឆ្ងល់​ថា​បុគ្គល​ដ៏​ខ្លាំង​ក្លា​ដែល​បាន​ផ្ដើម​បង្កើត​អ្វី​ៗ​ទាំង​អស់​នោះ ជា​បុគ្គល​បែប​ណា។