លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដី​សន្យា​ដែល​យើង​អាច​ទុក​ចិត្ដ

សេចក្ដី​សន្យា​ដែល​យើង​អាច​ទុក​ចិត្ដ

សុវណ្ណ​បាន​គិត​ច្រើន​អំពី​អ្វី​ដែល​ឫទ្ធី​បាន​ប្រាប់​គាត់។ ពិត​មែន​តែ​សុវណ្ណ​ធ្លាប់​ឮ​អំពី​គម្ពីរ​ពី​មុន ហើយ​គាត់​ក៏​បាន​ដឹង​ថា​គម្ពីរ​ជា​សៀវភៅ​បរិសុទ្ធ​ដែរ ប៉ុន្ដែ​ឥឡូវ​គាត់​ចាប់​ផ្ដើម​គិត​ថា បើ​គម្ពីរ​មាន​ទំនាយ​ដ៏​ត្រឹម​ត្រូវ ប្រហែល​ជា​គម្ពីរ​មិន​ត្រឹម​តែ​ជា​សៀវភៅ​បរិសុទ្ធ​ពី​សម័យ​បុរាណ​ប៉ុណ្ណោះ​ទេ។ ម្យ៉ាង​ទៀត សុវណ្ណ​ឆ្ងល់​ថា​តើ​បុរស​ទាំង​ប៉ុន្មាន​ដែល​បាន​សរសេរ​គម្ពីរ​បាន​ដឹង​អំពី​រឿង​វិទ្យា​សាស្ដ្រ​និង​ព្រឹត្ដិការណ៍​សំខាន់​ៗ​យូរ​ទុក​ជា​មុន​ដោយ​ដូច​ម្ដេច? តើ​ចំណេះ​របស់​ពួក​គេ​បាន​មក​ពី​ណា?

ស្អែក​ឡើង​សុវណ្ណ​និង​ធារ៉ា​បាន​ទៅ​ផ្ទះ​របស់​ឫទ្ធី​និង​និមល។ ពេល​ទៅ​ដល់​ហើយ សុវណ្ណ​បាន​សួរ​ឫទ្ធី​ថា​៖ ​«​តើ​អ្នក​ដែល​សរសេរ​គម្ពីរ​អាច​ដឹង​ព័ត៌មាន​ទាំង​អស់​នោះ​យូរ​ទុក​ជា​មុន​ដោយ​ដូច​ម្ដេច?​»។

ព្រះ​បាន​ដឹក​នាំ​មនុស្ស​ឲ្យ​សរសេរ​សេចក្ដី​សន្យា​របស់​លោក​ទុក​ជា​ប្រយោជន៍​សម្រាប់​យើង

ឫទ្ធី​ពន្យល់​ថា​៖ ​«​បុរស​ទាំង​ប៉ុន្មាន​នោះ​មិន​បាន​សរសេរ​គំនិត​របស់​ខ្លួន​ក្នុង​គម្ពីរ​ទេ។ ពួក​គេ​គឺ​ដូច​លេខាធិការ​ដែល​សរសេរ​ព័ត៌មាន​ជូន​អ្នក​ផ្សេង​ទៀត។ តាម​ការ​ពិត ព័ត៌មាន​ដែល​ពួក​គេ​បាន​សរសេរ គឺ​មក​ពី​បិតា​របស់​មនុស្ស​ជាតិ​ទាំង​ឡាយ​»។

សុវណ្ណ​សួរ​ដោយ​ឆ្ងល់​ថា​៖ ​«​តើ​បិតា​របស់​មនុស្ស​ជាតិ​ទាំង​ឡាយ​ជា​អ្នក​ណា?​»។

ឫទ្ធី​ពន្យល់​ថា​៖ ​«​លោក​ជា​អ្នក​ដែល​បាន​បង្កើត​ជីវិត​មនុស្ស​ដំបូង។ ដូច​ជា​ឪ​ពុក​យើង​មាន​ឈ្មោះ លោក​ក៏​មាន​ឈ្មោះ​ដែរ​»។ លុះ​ពន្យល់​ហើយ ឫទ្ធី​ក៏​បើក​គម្ពីរ​អាន​ទំនុក​តម្កើង ៨៣:១៨​ឲ្យ​សុវណ្ណ​ស្តាប់:

  • ​«​ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា គឺ​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែន​ដី​ទាំង​មូល​»។

ឫទ្ធី​បាន​បង្ហាញ​សុវណ្ណ​ខ​គម្ពីរ​មួយ​ទៀត​ដែរ។ ខ​នោះ​ចែង​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​តាំង​តែ​ពី​ដើម​ដំបូង [​លោក​]​រមែង​សំ​ដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​មក​ខាង​ចុង​បំផុត ហើយ​តាំង​ពី​ចាស់​បុរាណ​ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ​»។ (​អេសាយ ៤៦:១០​) ដើម្បី​ពន្យល់​ខ​នោះ ឫទ្ធី​និយាយ​ថា​៖ ​«​ឪ​ពុក​បង្កើត​របស់​យើង​មាន​ការ​ពិសោធន៍​ច្រើន​ជាង​យើង ហើយ​ធម្មតា​គាត់​ក៏​មាន​ចំណេះ​ច្រើន​ជាង​យើង​ដែរ។ ដូច​គ្នា​ដែរ ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​ដំបូង​របស់​យើង មាន​ចំណេះ​និង​ប្រាជ្ញា​ច្រើន​ជាង​យើង​ទាំង​អស់​គ្នា ហើយ​លោក​អាច​ទាំង​ប្រាប់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​អនាគត​ផង​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​អាច​ឲ្យ​អ្នក​ដែល​សរសេរ​គម្ពីរ​ដឹង​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​សរសេរ​អំពី​អនាគត​»។

​«​តើ​ព្រះ​យេហូវ៉ា​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ខ្ញុំ​និង​ធារ៉ា​នៅ​អនាគត​ទេ?​»​ សុវណ្ណ​សួរ​ដោយ​ឆ្ងល់។

ឫទ្ធី​ពន្យល់​ថា​៖ ​«​ព្រះ​យេហូវ៉ា​មិន​កំណត់​ទុក​ជា​មុន​ថា ជីវិត​របស់​យើង​ម្នាក់​ៗ​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្ដែ លោក​ដឹង​អំពី​បញ្ហា​របស់​យើង ហើយ​ចង់​ជួយ​យើង ដូច​ឪ​ពុក​ចង់​ជួយ​កូន​ដូច្នេះ​ដែរ​»។

ឫទ្ធី​ប្រាប់​សុវណ្ណ​ថា បើ​អាន​គម្ពីរ ពួក​គាត់​អាច​ដឹង​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ដើម្បី​ជួយ​ពួក​គាត់​ឲ្យ​មាន​សុភមង្គល​និង​សេចក្ដី​សុខ​សាន្ដ​ក្នុង​ជីវិត ហើយ​ក៏​អាច​រៀន​ថា​ការ​សម្រេច​ចិត្ដ​របស់​ពួក​គាត់​គឺ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ជីវិត​របស់​ពួក​គាត់​នៅ​ពេល​ឥឡូវ​នេះ​និង​ពេល​អនាគត​ផង​ដែរ។

សុវណ្ណ​គិត​ថា​ចំណុច​ទាំង​អស់​នេះ​គឺ​សម​ហេតុ​សម​ផល ពី​ព្រោះ​រូប​គាត់​ក៏​ជា​ឪ​ពុក​ម្នាក់​ដែរ ហើយ​គាត់​ខំ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​កូន​ឲ្យ​មាន​អនាគត​ដ៏​ល្អ។ ឫទ្ធី​សប្បាយ​ចិត្ដ​បង្ហាញ​សុវណ្ណ​និង​ធារ៉ា​នូវ​សេចក្ដី​សន្យា​ខ្លះ​ៗ​ដែល​មាន​ក្នុង​គម្ពីរ។ គាត់​បង្ហាញ​ចំណុច​ដូច​ត​ទៅ​នេះ:

  • ​«​ទ្រង់​បណ្ដាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំ​ងាប់ រហូត​ដល់​ចុង​ផែន​ដី​»។—ទំនុក​តម្កើង ៤៦:៩

  • ​«​គ្រា​នោះ មនុស្ស​នឹង​សង់​ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ​ផង ក៏​នឹង​ដាំ​ចំ​ការ​ទំពាំង​បាយ​ជូរ ហើយ​នឹង​បរិភោគ​ផល​ដែរ។ គេ​នឹង​មិន​សង់ រួច​មាន​ម្នាក់​ទៀត​អាស្រ័យ​នៅ ឬ​ដាំ រួច​មាន​ម្នាក់​ទៀត​បរិភោគ​ផល​នោះ​ឡើយ ដ្បិត​អាយុ​របស់​រាស្ដ្រ​អញ​នឹង​បាន​វែង​ដូច​ជា​អាយុ​នៃ​ដើម​ឈើ​»។—អេសាយ ៦៥:២១, ២២

  • ​«​នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក រហូត​ដល់​កំពូល​ភ្នំ ឯ​គួរ​ស្រូវ នោះ​នឹង​ទ្រេត​ចុះ​ឡើង​»។—ទំនុក​តម្កើង ៧២:១៦

  • ​«​លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ​»។—ការ​បើក​បង្ហាញ ២១:៤

គម្ពីរ​ចែង​អំពី​អនាគត​ដ៏​អស្ចារ្យ​ដែល​យើង​អាច​មាន

សេចក្ដី​សន្យា​អស្ចារ្យ​ទាំង​អស់​នេះ​បាន​ធ្វើ​ឲ្យ​សុវណ្ណ​ពេញ​ចិត្ដ​ណាស់ ជា​ពិសេស​សេចក្ដី​សន្យា​អំពី​ពិភព​លោក​ដែល​មាន​ភាព​យុត្ដិធម៌​សម្រាប់​មនុស្ស​ទាំង​អស់ គ្មាន​ជំងឺ​និង​សេចក្ដី​ស្លាប់ ហើយ​មាន​អាហារ​បរិបូរ​សម្រាប់​មនុស្ស​គ្រប់​រូប។ ធារ៉ា​ក៏​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ដែរ ប៉ុន្ដែ​នាង​គិត​ថា​អ្វី​ៗ​ទាំង​នោះ​ពុំ​អាច​កើត​ឡើង​បាន​ទេ។

ឫទ្ធី​និយាយ​ថា​៖ ​«​ខ្ញុំ​យល់​មូលហេតុ​ដែល​ធារ៉ា​មាន​អារម្មណ៍​ដូច​នេះ។ ប៉ុន្ដែ​សូម​គិត​ទៅ​មើល ទំនាយ​ជា​ច្រើន​ឯ​ទៀត​ក្នុង​គម្ពីរ​បាន​សម្រេច​យ៉ាង​ត្រឹម​ត្រូវ ដូច​យើង​បាន​ឃើញ​រួច​មក​ហើយ។ នេះ​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា​សេចក្ដី​សន្យា​ទាំង​នេះ​ក៏​នឹង​ទៅ​ជា​ការ​ពិត​ដែរ មែន​ទេ? តាម​ការ​ពិត ព្រះ​ដែល​ជា​អ្នក​ផ្ដល់​ព័ត៌មាន​ក្នុង​គម្ពីរ ពង្រឹង​ទំនុក​ចិត្ដ​របស់​យើង​ទៅ​លើ​សេចក្ដី​សន្យា​របស់​លោក​ដោយ​ពាក្យ​ថា​៖‹ចូរ​សរសេរ ពី​ព្រោះ​ពាក្យ​ទាំង​នេះ​គួរ​ឲ្យ​ទុក​ចិត្ដ ហើយ​ក៏​ពិត​ត្រង់›​»។—ការ​បើក​បង្ហាញ ២១:៥