បញ្ហាទាំងឡាយនឹងលែងមានទៀត
ព័ត៌មានទាំងអស់ដែលឫទ្ធីបានប្រាប់សុវណ្ណអំពីព្រះយេហូវ៉ាបានធ្វើឲ្យគាត់កោតស្ងើចណាស់ ប៉ុន្ដែនៅតែមានចំណុចមួយដែលធ្វើឲ្យសុវណ្ណខ្វល់ចិត្ដ។ គាត់សួរឫទ្ធីថា៖ «បើព្រះយេហូវ៉ាមានឫទ្ធានុភាពខ្លាំងក្លានិងសេចក្ដីស្រឡាញ់ ហើយបានបង្កើតអ្វីៗទាំងអស់ ហេតុអ្វីនៅផែនដីមានទុក្ខលំបាកច្រើនដូច្នេះ? ហើយហេតុអ្វីយើងមានបញ្ហាច្រើនម៉្លេះ?»។
ឫទ្ធីឆ្លើយប្រាប់សុវណ្ណថា៖ «នេះជាសំណួរល្អណាស់ ហើយមនុស្សជាច្រើនក៏ធ្លាប់ឆ្ងល់អំពីរឿងនេះដែរ។ ពេលយើងពិចារណាអំពីគុណសម្បត្ដិរបស់ព្រះយេហូវ៉ា នោះគួរជួយយើងឲ្យយល់ច្បាស់ថា លោកមិនចង់ឲ្យកូនៗរបស់លោកនៅផែនដីនេះ រស់នៅក្នុងស្ថានភាពអាក្រក់ដូចមាននៅសព្វថ្ងៃនេះទេ។ ហេតុនេះហើយ បើយើងចង់យល់អំពីមូលហេតុមានស្ថានភាពបែបនេះនៅផែនដី នោះយើងត្រូវយល់អំពីគោលបំណងដើមរបស់ព្រះសម្រាប់ផែនដី និងអ្វីៗដែលបានកើតឡើងដល់គោលបំណងនោះសិន»។
រួចមកឫទ្ធីបានពន្យល់សុវណ្ណឲ្យយល់អំពីអារម្មណ៍របស់ព្រះយេហូវ៉ា ក្រោយពេលដែលលោកបានបង្កើតអ្វីៗទាំងអស់នៅផែនដីចប់សព្វគ្រប់ហើយ។ នេះជាខគម្ពីរដែលឫទ្ធីអានឲ្យសុវណ្ណស្តាប់:
-
«ព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ»។—លោកុប្បត្ដិ ១:៣១
អ្វីដ៏អស្ចារ្យបំផុតដែលព្រះយេហូវ៉ាបានបង្កើតគឺជាមនុស្សប្រុសស្រីដំបូង។ ពួកគាត់ឈ្មោះអាដាមនិងអេវ៉ា។ ព្រះបានបង្កើតពួកគាត់ឲ្យល្អឥតខ្ចោះ ដូចអ្វីៗឯទៀតដែលលោកបានបង្កើត ដើម្បីឲ្យពួកគាត់អាចរស់ជារៀងរហូតនៅផែនដីបាន។ ព្រះបានដាក់ពួកគាត់ក្នុងឧទ្យានដ៏ស្អាតមួយហៅថា សួនអេដែន។ នៅទីនោះ ព្រះផ្គត់ផ្គង់ពួកគាត់ឲ្យមានអ្វីៗទាំងអស់ដែលត្រូវការដើម្បីមានជីវិតសប្បាយ។ ពួកគាត់មិនខ្វះអ្វីសោះ។ (លោកុប្បត្ដិ ២:៨, ៩) ម្យ៉ាងទៀត ព្រះយេហូវ៉ាប្រាប់ពួកគាត់ឲ្យបង្កើតកូនច្រើនរហូតដល់ពេញផែនដី ក៏ប្រាប់ឲ្យថែរក្សាផែនដីផងដែរ។ (លោកុប្បត្ដិ ១:២៨) នេះមានន័យថា នៅទីបំផុតផែនដីទាំងមូលនឹងទៅជាសួនឧទ្យានដ៏ធំមួយ ពេញទៅដោយមនុស្សល្អឥតខ្ចោះដែលជាក្រុមគ្រួសារមួយដ៏សប្បាយ។ ពួកគាត់អាចមានអនាគតដ៏ល្អណាស់!
តើមានអ្វីកើតឡើងបានជាគោលបំណងនោះមិនទាន់សម្រេច? ឫទ្ធីបង្ហាញសុវណ្ណនូវការបកស្រាយដ៏ស្រួលយល់ក្នុងគម្ពីរ:
-
«ភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង ដូច្នេះ សេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់ ពីព្រោះពួកគេទាំងអស់គ្នាជាអ្នកធ្វើខុស»។—រ៉ូម ៥:១២
ដោយសារព្រះយេហូវ៉ាជាបិតាដែលមានសេចក្ដីស្រឡាញ់នោះ លោកឲ្យច្បាប់ឬខ្នាតតម្រាខ្លះដែលផ្ដល់លទ្ធភាពឲ្យអាដាមនិងអេវ៉ារស់ជារៀងរហូតហើយថែរក្សាសួនឧទ្យាននោះ។ (លោកុប្បត្ដិ ២:១៥-១៧) ម្យ៉ាងទៀត ដោយសារព្រះយេហូវ៉ាជាបិតាដែលមានប្រាជ្ញា លោកមិនបានបង្ខំអាដាមនិងអេវ៉ាឲ្យស្តាប់តាមលោកទេ តែលោកចង់ឲ្យពួកគាត់បង្ហាញថាពួកគាត់ស្រឡាញ់លោក ដោយសម្រេចចិត្ដស្តាប់បង្គាប់ក្នុងនាមជាកូនរបស់លោកវិញ។ អាដាមនិងអេវ៉ាមានចិត្ដសេរីដូចយើងដែរ។ តើពួកគាត់បានសម្រេចចិត្ដធ្វើយ៉ាងណា?
គួរឲ្យស្តាយណាស់ អាដាមនិងអេវ៉ាបានសម្រេចចិត្ដមិនធ្វើតាមការណែនាំរបស់អ្នកបង្កើតទេ ហើយបានធ្វើតាមចិត្ដខ្លួនវិញ។ ដោយធ្វើដូច្នេះ ពួកគាត់ចាប់ផ្ដើមមានភាពខុសឆ្គង គឺមានន័យថាពួកគាត់លែងមានភាពល្អឥតខ្ចោះទៀត។ មិនយូរក្រោយពីនោះ អាដាមនិងអេវ៉ាចាប់ផ្ដើមចាស់ទៅៗហើយស្លាប់។ នោះជាអ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍ថានឹងកើតឡើង បើពួកគាត់មិនគោរពតាមខ្នាតតម្រារបស់លោក។—លោកុប្បត្ដិ ២:១៧
ដោយសារយើងទាំងអស់គ្នាជាកូនចៅរបស់អាដាមនិងអេវ៉ា នោះយើងឆ្លងភាពខុសឆ្គងនេះពីពួកគាត់។ នេះជាមូលហេតុដែលយើងចាស់ទៅៗហើយស្លាប់។ ក៏ប៉ុន្ដែ ឫទ្ធីបានពង្រឹងទំនុកចិត្ដរបស់សុវណ្ណដោយបញ្ជាក់ថា គោលបំណងរបស់ព្រះយេហូវ៉ាសម្រាប់មនុស្សជាតិមិនបានផ្លាស់ប្ដូរទេ។ ដោយសារលោកជាបិតាដែលមានសេចក្ដីស្រឡាញ់
នោះព្រះយេហូវ៉ានៅតែចង់ឲ្យមនុស្សជាតិរស់ដោយមានសុភមង្គលនៅផែនដីដែលជាសួនឧទ្យាន។ ឫទ្ធីបានបង្ហាញសុវណ្ណនិងធារ៉ានូវបទគម្ពីរនេះ:-
«ព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលទ្រង់សូនធ្វើហើយប្រតិស្ឋានផែនដី ក៏តាំងឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ»។—អេសាយ ៤៥:១៨
ឫទ្ធីរំលឹកសុវណ្ណនិងធារ៉ាអំពីសេចក្ដីសន្យាដ៏អស្ចារ្យទាំងប៉ុន្មានដែលមានក្នុងគម្ពីរ។ ជំងឺ ការឈឺចាប់ ហើយទុក្ខលំបាកនឹងលែងមានទៀត។ មនុស្សទាំងអស់នឹងមានអាហារបរិបូរហើយមានកន្លែងរស់នៅល្អ។ សេចក្ដីស្លាប់ក៏នឹងលែងមានទៀតដែរ។ ប្រយោជន៍ទាំងអស់នេះជាគោលបំណងដើមរបស់ព្រះសម្រាប់មនុស្សជាតិ ហើយគោលបំណងនោះមិនបានផ្លាស់ប្ដូរទេ ពោលគឺជីវិតដែលគ្មានទីបញ្ចប់នៅលើផែនដីដែលជាសួនឧទ្យាន។ ឫទ្ធីបង្ហាញសុវណ្ណនូវសេចក្ដីសន្យានេះ:
-
«ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុកតម្កើង ៣៧:២៩
នេះជាអ្វីដែលព្រះយេហូវ៉ាបានសន្យា ហើយនោះនឹងក្លាយជាការពិតជាក់ជាមិនខាន។