ព្រះដែលប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់និងយុត្ដិធម៌
ឫទ្ធីនិយាយ៖ «ខ្ញុំសូមសួរសុវណ្ណនិងធារ៉ាថា ពេលដែលអ្នកទាំងពីរមើលទៅកូនក្មេងម្នាក់ តើឃើញថាកូនក្មេងនោះច្រើនតែមានលក្ខណៈដូចឪពុកម្ដាយឬទេ?»។
សុវណ្ណតបថា៖«ឃើញ! ខ្ញុំធ្លាប់និយាយច្រើនដងថា កូនស្រីរបស់យើងកាត់តាមធារ៉ាណាស់។ ហើយនាងក៏ប្រព្រឹត្ដដូចធារ៉ាដែរ»។
ឫទ្ធីនិយាយ៖ «ត្រូវហើយ នាងកាត់តាមម្ដាយមែន។ យើងក៏អាចនិយាយដូច្នេះអំពីអ្នកដែលបានបង្កើតយើង ដែលជាបិតារបស់យើងដែរ។ ពេលដែលយើងពិចារណាអំពីលក្ខណៈរបស់យើងនិងអំពីអ្វីៗដែលព្រះយេហូវ៉ាបានបង្កើតនោះ យើងអាចយល់អំពីគុណសម្បត្ដិរបស់លោក ហើយដឹងថាលោកជាបុគ្គលបែបណា»។
«ចំណុចនោះគួរឲ្យចាប់អារម្មណ៍មែន។ ខ្ញុំមិនធ្លាប់គិតអំពីរឿងនេះសោះ» សុវណ្ណនិយាយ។
ឫទ្ធីពន្យល់ថា៖ «តាមការពិត គម្ពីរបានបញ្ជាក់អំពីចំណុចនោះដែរ។ សូមមើលអ្វីដែលគម្ពីរចែងនៅរ៉ូម ១:២០ថា៖ ‹គុណសម្បត្ដិរបស់លោក ដែលមនុស្សមើលមិនឃើញ ពោលគឺឫទ្ធានុភាពដែលស្ថិតស្ថេរជារៀងរហូត និងឋានៈរបស់លោកជាព្រះ នោះបានសឲ្យឃើញច្បាស់តាំងពីពេលដែលលោកបង្កើតពិភពលោកមក ពេលដែលពិចារណាអ្វីៗដែលលោកបានបង្កើត›»។ សុវណ្ណសួរអំពីអត្ថន័យនៃខនោះ។
«សូមសុវណ្ណគិតអំពីសេចក្ដីស្រឡាញ់ដែលឪពុកមានចំពោះកូន។ ឪពុកដ៏ល្អតែងតែយកចិត្ដទុកដាក់នឹងកូនខ្លួន ដូចសុវណ្ណតែងយកចិត្ដទុកដាក់នឹងកូនដែរ។ ជួនកាលកូនមិនស្តាប់បង្គាប់ឬគោរពឪពុកទេ ប៉ុន្ដែឪពុកនៅតែស្រឡាញ់និងផ្ដល់ការផ្គត់ផ្គង់ឲ្យកូន។ ហេតុអ្វីឪពុកធ្វើដូច្នេះ? ពីព្រោះព្រះយេហូវ៉ាបានបង្កើតឪពុកម្ដាយឲ្យមាន
សេចក្ដីស្រឡាញ់និងមនោសញ្ចេតនាចំពោះកូន។ ដូច្នេះហើយ សេចក្ដីស្រឡាញ់នេះបង្ហាញឲ្យឃើញពីសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាមានចំពោះយើង»។ឫទ្ធីបន្ថែមថា៖ «ទោះជាយើងមិនស្គាល់ព្រះយេហូវ៉ាក៏ដោយ ក៏លោកនៅតែផ្គត់ផ្គង់អ្វីដែលយើងត្រូវការតាមរយៈអ្វីៗដែលលោកបានបង្កើត។ គម្ពីរចែងដូច្នេះនៅម៉ាថាយ ៥:៤៥ថា៖ ‹[ចូរ]បង្ហាញថាអ្នកជាកូននៃបិតារបស់អ្នកដែលនៅស្ថានសួគ៌ ពីព្រោះលោកធ្វើឲ្យថ្ងៃរះលើមនុស្សអាក្រក់និងមនុស្សល្អ ថែមទាំងបង្អុរភ្លៀងលើមនុស្សសុចរិតនិងមនុស្សទុច្ចរិត›។ យើងពិតជាទទួលប្រយោជន៍ពីទឹកភ្លៀងនិងពន្លឺថ្ងៃ មែនទេ? អ្វីៗទាំងនេះជួយទ្រទ្រង់ជីវិតយើង ហើយជួយយើងឲ្យអាចដាំដុះបានផលដើម្បីធ្វើជាអាហារ។ ម្យ៉ាងទៀត ព្រះយេហូវ៉ាផ្គត់ផ្គង់អ្វីៗទាំងនេះដល់យើង ទោះជាយើងដឹងគុណលោកឬមិនដឹងគុណក្ដី។ នេះជាភ័ស្ដុតាងដែលបញ្ជាក់ពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា មែនទេ? តាមពិត គម្ពីរចែងថាសេចក្ដីស្រឡាញ់ជាគុណសម្បត្ដិសំខាន់ចម្បងរបស់ព្រះយេហូវ៉ា ហើយជាគុណសម្បត្ដិដែលជំរុញលោកឲ្យធ្វើអ្វីៗទាំងអស់។ យ៉ូហានទី១ ៤:៨ ចែងថា‹ព្រះគឺជាសេចក្ដីស្រឡាញ់›»។
បន្ទាប់មក ឫទ្ធីសុំឲ្យសុវណ្ណគិតអំពីគុណសម្បត្ដិមួយទៀត គឺយុត្ដិធម៌។ «ដោយសារសុវណ្ណជាឪពុកល្អ សុវណ្ណស្រឡាញ់និងថែរក្សាកូនដោយយុត្ដិធម៌ហើយដោយមិនលម្អៀង មែនទេ? មិនតែប៉ុណ្ណោះ សុវណ្ណក៏បង្រៀនកូនឲ្យចេះគោរពអ្នកឯទៀត ហើយធ្វើអំពើដែលសុវណ្ណគិតថានឹងជួយកូនឲ្យធំឡើងក្លាយទៅជាមនុស្សដែលចេះទទួលខុសត្រូវ។ យើងអាចឃើញច្បាស់ថាមនុស្សចង់បានយ៉ាងខ្លាំងនូវយុត្ដិធម៌សម្រាប់ខ្លួននិងសម្រាប់ក្រុមគ្រួសារផងដែរ។ យើងចង់ឲ្យមនុស្សប្រព្រឹត្ដមកលើយើងដោយយុត្ដិធម៌។ ហេតុអ្វី? នោះដោយសារយើងមានគុណសម្បត្ដិដូចអ្នកដែលបានបង្កើតយើង»។
រួចមក ឫទ្ធីបង្ហាញបទគម្ពីរខ្លះៗអំពីព្រះយេហូវ៉ាដល់សុវណ្ណនិងធារ៉ា:
- «អស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្ដិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ»។—
-
«ទ្រង់ស្រឡាញ់សេចក្ដីសុចរិត នឹងសេចក្ដីយុត្ដិធម៌»។—ទំនុកតម្កើង ៣៣:៥
យើងស្រឡាញ់យុត្ដិធម៌ពីព្រោះព្រះយេហូវ៉ាដែលជាអ្នកបង្កើតយើង លោកក៏ស្រឡាញ់យុត្ដិធម៌ដែរ ហើយយើងបានត្រូវបង្កើតឲ្យមានភាពដូចលោក គឺថាយើងមានគុណសម្បត្ដិជាច្រើនដូចលោក ហើយយើងក៏អាចបង្ហាញគុណសម្បត្ដិទាំងនោះបានមួយកម្រិតក្នុងជីវិតយើងដែរ។ (លោកុប្បត្ដិ ១:២៧) ប៉ុន្ដែព្រះយេហូវ៉ាមិនទុកឲ្យយើងសម្រេចចិត្ដដោយខ្លួនឯងថាអ្វីដែលជាយុត្ដិធម៌និងអ្វីដែលអយុត្ដិធម៌នោះទេ។ លោកបានបង្កើតខ្នាតតម្រានិងច្បាប់ផ្សេងៗ ហើយលោកចង់ឲ្យមនុស្សដែលជាកូនលោករស់នៅឲ្យសមស្របតាមច្បាប់និងខ្នាតតម្រាទាំងនោះ។ ពេលណាមានអ្នកបំពានច្បាប់របស់ព្រះ ពេលនោះមានភាពអយុត្ដិធម៌។
ឫទ្ធីបន្ដនិយាយ៖ «មានចំណុចមួយទៀតដ៏អស្ចារ្យដែលខ្ញុំចង់ឲ្យសុវណ្ណនិងធារ៉ាពិចារណា។ តើអ្នកទាំងពីរបានដឹងថា ច្បាប់របស់ប្រទេសភាគច្រើនគឺស្រដៀងនឹងច្បាប់ដែលបានត្រូវសរសេរក្នុងគម្ពីររាប់ពាន់ឆ្នាំមុនឬទេ?»។ សុវណ្ណនិងធារ៉ាបានភ្ញាក់ផ្អើល។
ឫទ្ធីនិយាយតទៅទៀត៖ «ជាឧទាហរណ៍ ច្បាប់របស់ប្រទេសជាច្រើនចែងថាឃាតកម្ម ការលួច និងការផិតក្បត់ជាការខុស។ ច្បាប់ទាំងនោះបានត្រូវសរសេរក្នុងគម្ពីរជាង៣.៥០០ឆ្នាំមុន។ ពេលដែលយើងរស់នៅឲ្យសមស្របតាមច្បាប់របស់ព្រះយេហូវ៉ាដែលផ្អែកលើយុត្ដិធម៌ នោះយើងបង្ហាញឲ្យឃើញពីយុត្ដិធម៌របស់ព្រះ ហើយយើងនឹងអាចមានសុភមង្គលនិងសេចក្ដីសុខច្រើនជាងក្នុងជីវិត»។
ក្រោយពីសុវណ្ណនិងធារ៉ាបានស្តាប់អ្វីដែលឫទ្ធីបាននិយាយរួចហើយ ពួកគាត់ចាប់ផ្ដើមយល់ថា ព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់ហើយតែងប្រព្រឹត្ដដោយយុត្ដិធម៌។ ពួកគាត់តែងគិតថាសេចក្ដីស្រឡាញ់និងយុត្ដិធម៌ជាគុណសម្បត្ដិសំខាន់បំផុតដែលមនុស្សត្រូវបង្ហាញចំពោះអ្នកឯទៀត។ សុវណ្ណនិងធារ៉ាតែងតែខំប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់និងយុត្ដិធម៌ចំពោះកូន។ ឥឡូវពួកគាត់យល់ថា ពួកគាត់មានទឹកចិត្ដចង់បង្ហាញគុណសម្បត្ដិទាំងនេះ ដោយសារព្រះយេហូវ៉ាដែលជាអ្នកបង្កើតអ្វីៗទាំងអស់ក៏មានទឹកចិត្ដដូច្នេះដែរ។
សុវណ្ណរំភើបចិត្ដយ៉ាងខ្លាំងដោយបានស្គាល់គុណសម្បត្ដិរបស់ព្រះយេហូវ៉ា។ នោះធ្វើឲ្យគាត់យល់ថាព្រះយេហូវ៉ាជាបុគ្គលមួយដ៏ពិតប្រាកដ រហូតដល់ចាប់ផ្ដើមគិតថាគាត់គួរព្យាយាមបង្ហាញសេចក្ដីស្រឡាញ់ច្រើនជាង ចំពោះប្រពន្ធនិងកូនរបស់គាត់។ គាត់ក៏គិតដែរថា ជាការល្អបើគាត់ធ្វើតាមគំរូរបស់ព្រះយេហូវ៉ា ដោយបង្ហាញសេចក្ដីស្រឡាញ់និងប្រព្រឹត្ដដោយយុត្ដិធម៌ហើយមិនលម្អៀងចំពោះមនុស្សទាំងអស់។
ឮដូច្នេះ ឫទ្ធីក៏សប្បាយចិត្ដហើយនិយាយថា៖ «ល្អណាស់សុវណ្ណ! សុវណ្ណគិតដូច្នេះ គឺសមស្របតាមអ្វីដែលគម្ពីរណែនាំឲ្យយើងធ្វើ។ តាមការពិត មានខគម្ពីរដ៏ល្បីមួយដែលខ្ញុំចង់បង្ហាញដល់សុវណ្ណ»។ ឫទ្ធីបើកគម្ពីរហើយអានឲ្យសុវណ្ណស្តាប់ដូចតទៅនេះ:
-
«ម៉្លោះហើយ អ្នកចង់ឲ្យមនុស្សប្រព្រឹត្ដយ៉ាងណាចំពោះអ្នក អ្នកក៏ត្រូវប្រព្រឹត្ដយ៉ាងនោះចំពោះពួកគេដែរ»។—ម៉ាថាយ ៧:១២
ឫទ្ធីប្រាប់ថា ព្រះយេហូវ៉ាមានគុណសម្បត្ដិល្អៗជាច្រើនទៀត ក្រៅពីសេចក្ដីស្រឡាញ់និងយុត្ដិធម៌។ សុវណ្ណនិងធារ៉ាចង់ឲ្យឫទ្ធីបង្ហាញពួកគាត់ថែមទៀតអំពីគុណសម្បត្ដិល្អប្រសើររបស់ព្រះយេហូវ៉ា។