លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះ​ដែល​ពេញ​ដោយ​ប្រាជ្ញា​និង​មាន​ឫទ្ធា​នុភាព​ខ្លាំង​ក្លា

ព្រះ​ដែល​ពេញ​ដោយ​ប្រាជ្ញា​និង​មាន​ឫទ្ធា​នុភាព​ខ្លាំង​ក្លា

ឫទ្ធី​ពន្យល់​ថា​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​បង្ហាញ​ឲ្យ​ឃើញ គុណ​សម្បត្ដិ​ខ្លះ​ៗ​ទៀត​របស់​លោក​ផង​ដែរ។ គាត់​អាន​ខ​គម្ពីរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ឲ្យ​សុវណ្ណ​និង​ធារ៉ា​ស្តាប់​ដូច​ត​ទៅ​នេះ:

  • ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! អស់​ទាំង​ស្នា​ដៃ​របស់​ទ្រង់​មាន​ច្រើន​ប្រការ​ណាស់​ហ្ន៎! ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា ផែន​ដី​បាន​ពេញ​ដោយ​របស់​ដែល​ទ្រង់​បង្កើត​»។—ទំនុក​តម្កើង ១០៤:២៤

ឫទ្ធី​និយាយ​ថា​៖ ​«​សូម្បី​តែ​សត្វ​ល្អិត​ដែល​តូច​បំផុត​ក៏​ជួយ​យើង​ឲ្យ​យល់​បាន​ខ្លះ​អំពី​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ដែរ។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​អំពី​ប្រាជ្ញា​របស់​សត្វ​ស្រមោច​»។

ឫទ្ធី​បាន​រំលឹក​សុវណ្ណ​ថា ពួក​គាត់​ធ្លាប់​ឃើញ​សត្វ​ស្រមោច​ជាប់​រវល់​កាត់​ស្លឹក​ឈើ​ដើម្បី​យក​ទៅ​សម្បុក​របស់​វា។ ហេតុ​អ្វី​វា​ចេះ​ធ្វើ​ដូច្នេះ? អ្នក​សរសេរ​គម្ពីរ​ម្នាក់​បាន​ពន្យល់​ថា សត្វ​ស្រមោច​«​មាន​ប្រាជ្ញា​»។ ប៉ុន្ដែ​តើ​អ្នក​ណា​បាន​ផ្ដល់​ប្រាជ្ញា​ឲ្យ​សត្វ​ស្រមោច? គម្ពីរ​ឆ្លើយ​ថា គឺ​ព្រះ​យេហូវ៉ា ជា​អ្នក​បង្កើត​មេឃ​និង​ផែន​ដី។—សុភាសិត ៣០:២៤, ២៥

ប្រាជ្ញា​ដែល​សត្វ​មាន​ពី​កំណើត​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ

សុវណ្ណ​និយាយ​៖ ​«​ខ្ញុំ​យល់​ស្រប​ថា សត្វ​ដែល​មាន​ប្រាជ្ញា​ដូច្នេះ ច្បាស់​ជា​មាន​អ្នក​ផ្ដើម​បង្កើត​វា​»។

រួច​មក ឫទ្ធី​បាន​និយាយ​អ្វី​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​សុវណ្ណ​និង​ធារ៉ា​៖ ​«​តើ​សុវណ្ណ​និង​ធារ៉ា​ដឹង​ទេ យើង​រស់​រាន​មាន​ជីវិត​គឺ​ដោយ​សារ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា?​»។ សុវណ្ណ​និង​ធារ៉ា​ឆ្ងល់​អំពី​មូលហេតុ​ដែល​ឫទ្ធី​និយាយ​ដូច្នេះ។

រង្វិល​ខ្ញាល់​របស់​ផែន​ដី​ជុំ​វិញ​អ័ក្ស​វា​ទ្រ​ទ្រង់​ជីវិត​ទាំង​ឡាយ

ឫទ្ធី​ពន្យល់​ថា គាត់​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ខ្លាំង​ណាស់​ដោយ​ឃើញ​ថា ផែន​ដី​មាន​លក្ខណៈ​ល្អ​ឥត​ខ្ចោះ​ដើម្បី​ទ្រ​ទ្រង់​ជីវិត​គ្រប់​ប្រភេទ។ ល្បឿន​នៃ​រង្វិល​ខ្ញាល់​របស់​ផែន​ដី​ជុំ​វិញ​អ័ក្ស​វា និង​រង្វិល​ជុំ​របស់​ផែន​ដី​ជុំ​វិញ​ព្រះ​អាទិត្យ ធ្វើ​ឲ្យ​ផ្ទៃ​ផែន​ដី​ទាំង​មូល​អាច​ទទួល​ថាមពល​ពី​ព្រះ​អាទិត្យ​តាម​របៀប​ល្អ​បំផុត។ ផែន​ដី​មាន​បរិយាកាស​ជា​ស្រទាប់​ឧស្ម័ន​លាយ ហើយ​ឧស្ម័ន​ទាំង​នេះ​មាន​ចំនួន​និង​បរិមាណ​ចំ​នឹង​អ្វី​ដែល​ចាំ​បាច់​ដើម្បី​ទ្រ​ទ្រង់​ជីវិត។ ទំនាញ​ផែន​ដី​ទាញ​ហើយ​ទប់​កុំ​ឲ្យ​បរិយាកាស​នេះ​អណ្ដែត​ទៅ​ផុត​ពី​ផែន​ដី។ ក៏​ប៉ុន្ដែ ទំនាញ​នោះ​មិន​ខ្លាំង​រហូត​ដល់​យើង​ពុំ​អាច​កម្រើក​បាន​ដោយ​ស្រួល​នោះ​ទេ។ ផែន​ដី​ក៏​មាន​ទឹក​ច្រើន​ដែរ ហើយ​នេះ​គឺ​ចាំ​បាច់​សម្រាប់​ជីវិត​ទាំង​ឡាយ។ សូម្បី​តែ​ដី​ក៏​ពោរ​ពេញ​ទៅ​ដោយ​ជី​ជាតិ​ដែល​អាច​ចូល​គ្នា​ជា​មួយ​នឹង​ទឹក​យ៉ាង​ងាយ​ដើម្បី​ឲ្យ​រុក្ខជាតិ​អាច​ស្រូប​យក​បាន។

ឫទ្ធី​និយាយ​ថា​៖​«​ខ្ញុំ​មិន​ជឿ​សោះ​ថា អ្វី​ៗ​ទាំង​នេះ​បាន​កើត​ឡើង​ដោយ​ចៃដន្យ គ្មាន​អ្នក​ណា​គិត​គ្រោង​នោះ​ទេ។ ខ្ញុំ​ជឿ​ជាក់​ថា​អ្វី​ៗ​ទាំង​អស់​ដែល​ចាំ​បាច់​ដើម្បី​ទ្រ​ទ្រង់​ជីវិត​សុទ្ធតែ​មក​ពី​ព្រះ​យេហូវ៉ា ដែល​មាន​ប្រាជ្ញា​ច្រើន​កំណត់​ពុំ​បាន​ឡើយ​»។

សុវណ្ណ​និង​ធារ៉ា​បាន​ងក់​ក្បាល​បង្ហាញ​ការ​យល់​ស្រប។

ឫទ្ធី​ក៏​បាន​និយាយ​អំពី​គុណ​សម្បត្ដិ​មួយ​ទៀត​របស់​ព្រះ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​កោត​ស្ងើច គឺ​ឫទ្ធា​នុភាព​របស់​ព្រះ។ សុវណ្ណ​ចង់​ដឹង​ថា​គម្ពីរ​ចែង​អ្វី​ខ្លះ​អំពី​ឫទ្ធា​នុភាព​របស់​ព្រះ​យេហូវ៉ា។ ឫទ្ធី​បើក​ខ​គម្ពីរ​ហើយ​អាន​ឲ្យ​សុវណ្ណ​ស្តាប់​ដូច​ត​ទៅ:

  • ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! មើល! ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែន​ដី ដោយ​សារ​ព្រះ​ចេស្តា​ដ៏​ធំ​របស់​ទ្រង់ នឹង​ព្រះ​ពាហុ​ដ៏​លើក​សំ​រេច​»។—យេរេមា ៣២:១៧

ឫទ្ធី​និយាយ​ថា​៖ ​«​យើង​អាច​យល់​ខ្លះ​ៗ​អំពី​ឫទ្ធា​នុភាព​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា ដោយ​គិត​អំពី​ថាមពល​នៃ​ព្រះ​អាទិត្យ។ បើ​សុវណ្ណ​ឈរ​នៅ​ខាង​ក្រៅ​ពេល​ថ្ងៃ ព្រះ​អាទិត្យ​ជះ​កម្ដៅ​មក​លើ​ស្បែក​សុវណ្ណ មែន​ទេ? តើ​សុវណ្ណ​ដឹង​ថា​ព្រះ​អាទិត្យ​មាន​ថាមពល​ខ្លាំង​ប៉ុណ្ណា​ទេ?​»។

សុវណ្ណ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​មុន​រដូវ​ភ្លៀង​មាន​អាកាសធាតុ​ក្ដៅ​ណាស់​»។ ធារ៉ា​យល់​ស្រប​នឹង​សុវណ្ណ។

បុគ្គល​ដែល​បាន​បង្កើត​ព្រះ​អាទិត្យ​ច្បាស់​ជា​មាន​ឫទ្ធា​នុភាព​ខ្លាំង​ក្លា​ណាស់!

ឫទ្ធី​ប្រាប់​អំពី​អ្វី​ដែល​គាត់​ធ្លាប់​អាន​អំពី​ព្រះ​អាទិត្យ​ថា ក្នុង​ស្នូល​ព្រះ​អាទិត្យ មាន​កម្ដៅ​ដល់​ទៅ​១៥​លាន​អង្សា។ បើ​អ្នក​អាច​ខួង​ស្នូល​ព្រះ​អាទិត្យ​ដោយ​ដក​យក​មួយ​គ្រាប់​មាន​ទំហំ​ប៉ុន​ក្បាល​រុយ រួច​ដាក់​គ្រាប់​តូច​នោះ​នៅ​លើ​ផែន​ដី​យើង​នេះ អ្នក​នឹង​ត្រូវ​ឈរ​ចម្ងាយ​យ៉ាង​ហោច​ណាស់​១៥០​គីឡូ​ម៉ែត្រ​ពី​គ្រាប់​តូច​នោះ​ដើម្បី​មាន​សុវត្ថិភាព! រាល់​វិនាទី ព្រះ​អាទិត្យ​បញ្ចេញ​ថាមពល​ស្មើ​នឹង​ការ​ផ្ទុះ​គ្រាប់​បែក​នុយក្លេអ៊ែរ​រាប់​រយ​លាន​គ្រាប់។

ឫទ្ធី​សួរ​ថា​៖ ​«​បើ​ព្រះ​អាទិត្យ​មាន​ថាមពល​ខ្លាំង​ក្លា​ដូច្នេះ ចុះ​យ៉ាង​ណា​បុគ្គល​ដែល​បាន​បង្កើត​ព្រះ​អាទិត្យ​នោះ​វិញ? លោក​ច្បាស់​ជា​មាន​ឫទ្ធា​នុភាព​ខ្លាំង​លើស​លប់​មែន។ យើង​ស្មាន​មិន​ដល់​អំពី​កម្លាំង​នៃ​ឫទ្ធា​នុភាព​របស់​លោក​ទេ។ ពេល​ដែល​យើង​ឃើញ​ព្រះ​អាទិត្យ នោះ​បង្ហើប​ឲ្យ​យល់​បន្ដិច​បន្ដួច​អំពី​ឫទ្ធា​នុភាព​ដ៏​ខ្លាំង​ក្លា​គ្មាន​កម្រិត​របស់​ព្រះ​យេហូវ៉ា​ថា ជា​អ្នក​ដែល​បាន​បង្កើត​ព្រះ​អាទិត្យ​មែន​»។

សុវណ្ណ​និង​ធារ៉ា​យល់​ស្រប​តាម​អ្វី​ដែល​ឫទ្ធី​ប្រាប់​ថា​អ្វី​ៗ​ដ៏​អស្ចារ្យ​ទាំង​អស់​នេះ​មិន​អាច​កើត​ឡើង​ដោយ​ចៃដន្យ​ទេ។ ត្រូវ​តែ​មាន​អ្នក​បង្កើត​អ្វី​ៗ​ទាំង​នេះ។ ពួក​គាត់​ចាប់​ផ្ដើម​យល់​ថា ទោះ​ជា​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត គឺ​ជា​បុគ្គល​វិញ្ញាណ​ដែល​យើង​មើល​មិន​ឃើញ​ក៏​ដោយ ក៏​លោក​ជា​បុគ្គល​ដ៏​ពិត​ប្រាកដ​មួយ​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់ យុត្ដិធម៌ ប្រាជ្ញា និង​ឫទ្ធា​នុភាព​ដ៏​ល្អ​ឥត​ខ្ចោះ​តាម​រយៈ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្កើត។