លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មិន​យូរ​ទៀត​នឹង​មាន​សុភមង្គល ហើយ​សេចក្ដី​សុខ​សាន្ដ!

មិន​យូរ​ទៀត​នឹង​មាន​សុភមង្គល ហើយ​សេចក្ដី​សុខ​សាន្ដ!

សុវណ្ណ​និង​ធារ៉ា​រំភើប​ចិត្ដ​ណាស់​ពេល​បាន​ដឹង​ថា​នៅ​ថ្ងៃ​មួយ​ផែន​ដី​ទាំង​មូល​នឹង​ពេញ​ទៅ​ដោយ​មនុស្ស​ល្អ​ហើយ​ទៀង​ត្រង់ ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ពួក​គាត់​ក៏​បាន​គិត​ថា​ជា​ការ​ប្រសើរ​ណាស់​បើ​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​គ្មាន​ការ​អត់​ឃ្លាន ជំងឺ ឬ​សេចក្ដី​ស្លាប់ ហើយ​មនុស្ស​រស់​នៅ​ដោយ​មាន​សុភមង្គល​និង​សេចក្ដី​សុខ​សាន្ដ​គ្រប់​ៗ​គ្នា។ សុវណ្ណ​និង​ធារ៉ា​ចង់​ឲ្យ​អ្វី​ៗ​ទាំង​អស់​នេះ​កើត​ឡើង​ភ្លាម​ៗ​!

សុវណ្ណ​សួរ​ថា​៖ ​«​តើ​អ្វី​ៗ​ទាំង​អស់​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា?​»។

ឫទ្ធី​ប្រាប់​សុវណ្ណ​ថា​៖ ​«​សំណួរ​របស់​សុវណ្ណ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់។ តើ​សុវណ្ណ​ធ្លាប់​ឮ​អំពី​លោក​យេស៊ូ​ឬ​ទេ?​»។

សុវណ្ណ​ឆ្លើយ​៖ ​«​បាទ ខ្ញុំ​ធ្លាប់​ឮ​ដែរ។ ខ្ញុំ​ដឹង​ថា​លោក​មាន​ប្រាជ្ញា​ហើយ​សេចក្ដី​បង្រៀន​របស់​លោក​ក៏​ល្អ​ដែរ។ ប៉ុន្ដែ​តើ​នោះ​ជាប់​ទាក់​ទង​នឹង​សំណួរ​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច?​»។

ឫទ្ធី​ពន្យល់​ថា​៖ ​«​ប្រហែល​២.០០០​ឆ្នាំ​មុន អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​សួរ​សំណួរ​ដូច​សំណួរ​របស់​សុវណ្ណ​ដែរ។ លោក​យេស៊ូ​បាន​ឆ្លើយ​ដោយ​ប្រាប់​អំពី​‹សញ្ញា​សម្គាល់›​មួយ ដែល​រួម​បញ្ចូល​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ជា​ច្រើន។ លោក​មាន​ប្រសាសន៍​ថា កាល​ណា​ព្រឹត្ដិការណ៍​ទាំង​អស់​នៃ​សញ្ញា​សម្គាល់​នោះ​កើត​ឡើង​នៅ​ព្រម​ពេល​គ្នា យើង​នឹង​ដឹង​ថា​ពេល​នោះ​ហើយ ជា​គ្រា​ដែល​ពិភព​លោក​ជិត​នឹង​ក្លាយ​ទៅ​ជា​ល្អ​ឡើង​វិញ​តាម​សេចក្ដី​សន្យា​របស់​ព្រះ​»។—ម៉ាថាយ ២៤:៣

លក្ខណៈ​ផ្សេង​ៗ​នៃ​«​សញ្ញា​សម្គាល់​»​បង្ហាញ​ថា​មិន​យូរ​ទៀត ពិភព​លោក​នេះ​នឹង​បាន​ល្អ​ឡើង​វិញ។ តើ​លោក​អ្នក​ឃើញ​សញ្ញា​សម្គាល់​នេះ​ទេ?

​«​សញ្ញា​សម្គាល់?​»​ សុវណ្ណ​សួរ​ដោយ​ឆ្ងល់។ ​«​ស្តាប់​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍ សូម​ពន្យល់​យើង​អំពី​សញ្ញា​សម្គាល់​នោះ​បាន​ទេ?​»។

ឫទ្ធី​ប្រាប់​សុវណ្ណ​ថា​៖ ​«​លក្ខណៈ​ផ្សេង​ៗ​ទាំង​អស់​នៃ​សញ្ញា​សម្គាល់​នោះ​បាន​ត្រូវ​សរសេរ​ក្នុង​គម្ពីរ​»។ រួច​មក ឫទ្ធី​បើក​គម្ពីរ​ហើយ​និយាយ​ថា​៖ ​«​នេះ​ជា​លក្ខណៈ​ខ្លះ​ៗ​នៃ​សញ្ញា​សម្គាល់​នោះ​»។

  • ​«​ប្រជា​ជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ​»។—ម៉ាថាយ ២៤:៧

  • ​«​ការ​អត់​ឃ្លាន​»។—ម៉ាថាយ ២៤:៧

  • ​«​ការ​ប្រឆាំង​ច្បាប់​នឹង​មាន​កាន់​តែ​ច្រើន​ឡើង​»។—ម៉ាថាយ ២៤:១២

  • ​«​រញ្ជួយ​ដី​ជា​ខ្លាំង​»។—លូកា ២១:១១

  • ‹រោគ​រាត​ត្បាត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ›។—លូកា ២១:១១

ភ្លាម​ៗ​នោះ សុវណ្ណ​និង​ធារ៉ា​និយាយ​ថា តាម​មើល​ទៅ​អ្វី​ៗ​ទាំង​នេះ​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ។ តាម​ពិត នោះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ខ្វល់​ខ្វាយ​ហើយ​ព្រួយ​បារម្ភ​អំពី​អនាគត។

ឫទ្ធី​និយាយ​ថា​៖ ​«​ដោយ​សារ​សញ្ញា​សម្គាល់​នេះ​កំពុង​តែ​កើត​ឡើង នោះ​មាន​ន័យ​ថា​មិន​យូរ​ទៀត​យើង​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ការ​គ្រប់​គ្រង់​របស់​ព្រះ​យេហូវ៉ា​មក​លើ​ផែន​ដី។ គម្ពីរ​ហៅ​ការ​គ្រប់​គ្រង​ឬ​រដ្ឋាភិបាល​ថ្មី​នោះ​ថា រាជាណាចក្រ​របស់​ព្រះ​»។ បន្ទាប់​មក ឫទ្ធី​អាន​ខ​គម្ពីរ​មួយ​ដែល​បញ្ជាក់​អំពី​អ្វី​ដែល​រាជាណាចក្រ​នោះ​នឹង​ធ្វើ​នៅ​ពេល​បន្ដិច​ទៀត:

  • ​«​នៅ​គ្រា​នៃ​ស្ដេច​ទាំង​នោះ ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច​»។—ដានីយ៉ែល ២:៤៤

ឫទ្ធី​ពន្យល់​បន្ដ​ថា​៖ ​«​ពេល​ដែល​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​មក​លើ​ផែន​ដី នោះ​អំពើ​ទុច្ចរិត អំពើ​អយុត្ដិធម៌ និង​អំពើ​ពុក​រលួយ​នឹង​លែង​មាន​ជា​រៀង​រហូត។ កាល​ដែល​យើង​គិត​អំពី​ពេល​នោះ ពិត​ជា​ធ្វើ​ឲ្យ​យើង​សប្បាយ​ណាស់!​»។

ចំណុច​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​សុវណ្ណ​និង​ធារ៉ា​រំភើប​ចិត្ដ​ណាស់ ហើយ​ពួក​គាត់​ពិត​ជា​ចង់​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​ដែល​មាន​សេចក្ដី​សុខ​សាន្ដ​នោះ។

សុវណ្ណ​សួរ​ថា​៖ ​«​ដើម្បី​អាច​មាន​អនាគត​ដ៏​ល្អ​ប្រសើរ​នោះ តើ​មាន​អ្វី​ដែល​ខ្ញុំ​និង​ធារ៉ា​ត្រូវ​ធ្វើ​ទេ?​»។

ឫទ្ធី​ឆ្លើយ​ថា​៖ ​«​សុវណ្ណ​និង​ធារ៉ា​ដឹង​ហើយ​ថា បើ​យើង​ចង់​ទទួល​អ្វី​ដែល​មាន​ប្រយោជន៍ យើង​ត្រូវ​ធ្វើ​អ្វី​មួយ​ជា​ចាំ​បាច់។ សូម​គិត​អំពី​អាដាម អេវ៉ា និង​អ្វី​ដែល​ពួក​គាត់​បាន​បាត់​បង់។ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ដោយ​គិត​អំពី​អ្វី​ដែល​ពួក​គាត់​បាន​ធ្វើ​នោះ?​»។

សុវណ្ណ​និយាយ​ថា​៖ ​«​អាដាម​និង​អេវ៉ា​បាន​បាត់​បង់​ជីវិត​ល្អ​ឥត​ខ្ចោះ​ក្នុង​សួន​ឧទ្យាន ពី​ព្រោះ​ពួក​គាត់​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​ព្រះ​តម្រូវ​នោះ​ទេ​»។

ឫទ្ធី​ពន្យល់​ថា​៖ ​«​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ក៏​មាន​តម្រូវ​ការ​ដែរ។ មិន​យូរ​ទៀត​លោក​នឹង​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​ឧទ្យាន​មួយ បើ​យើង​ចង់​រស់​នៅ​ទី​នោះ យើង​ត្រូវ​រៀន​អំពី​លោក​និង​អំពី​តម្រូវ​ការ​របស់​លោក ហើយ​ព្យាយាម​រស់​នៅ​ស្រប​តាម​តម្រូវ​ការ​នោះ​»។

សុវណ្ណ​យល់​ស្រប​ថា នេះ​គឺ​សម​ហេតុ​សម​ផល ប៉ុន្ដែ​គាត់​ឆ្ងល់​ថា​តើ​គាត់​និង​ធារ៉ា​អាច​ធ្វើ​តាម​តម្រូវ​ការ​ទាំង​នោះ​បាន​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ឲ្យ​ដើរ​តាម​ផ្លូវ​ដែល​ឆ្ពោះ​ទៅ​រក​សុភមង្គល​និង​សេចក្ដី​សុខ​សាន្ដ

ដើម្បី​ពង្រឹង​ទំនុក​ចិត្ដ​របស់​សុវណ្ណ ឫទ្ធី​និយាយ​ថា​៖ ​«​ការ​ធ្វើ​តាម​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ ពី​ព្រោះ​លោក​ជា​បិតា​ដែល​ស្រឡាញ់​យើង ហើយ​លោក​សុំ​យើង​ឲ្យ​ធ្វើ​តែ​អ្វី​ដែល​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​ច្រើន​បំផុត។ លោក​មិន​ត្រឹម​តែ​បង្ហាញ​យើង​នូវ​ផ្លូវ​ដែល​ឆ្ពោះ​ទៅ​រក​ជីវិត​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុខ​សាន្ដ​ប៉ុណ្ណោះ​ទេ តែ​ក៏​សុំ​ធ្វើ​ជា​អ្នក​នាំ​ផ្លូវ​យើង​ដែរ។ សូម​មើល​អ្វី​ដែល​លោក​អញ្ជើញ​ឲ្យ​យើង​ធ្វើ​ក្នុង​គម្ពីរ ដែល​បង្ហាញ​ថា​លោក​ស្រឡាញ់​យើង​»។

  • ​«​ព្រះ​យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ។ ឱ​បើ​ឯង​បាន​ស្តាប់​តាម​បញ្ញត្ដ​ទាំង​ប៉ុន្មាន​របស់​អញ​ទៅ​អេះ! នោះ​សេចក្ដី​សុខ​របស់​ឯង​នឹង​បាន​ដូច​ជា​ទន្លេ សេចក្ដី​សុចរិត​របស់​ឯង នឹង​បាន​ដូច​ជា​រលក​នៃ​សមុទ្រ​ហើយ។ ឯ​ពូជ​ពង្ស​ឯង​ក៏​នឹង​បាន​ច្រើន​ដូច​ជា​ខ្សាច់ ហើយ​ផល​ដែល​កើត​ពី​ឯង​មក នោះ​នឹង​បាន​ដូច​ជា​គ្រាប់​ខ្សាច់​ទាំង​ប៉ុន្មាន ឯ​ឈ្មោះ​គេ​ក៏​មិន​ត្រូវ​កាត់​ចេញ ឬ​បំផ្លាញ​ពី​មុខ​អញ​ឡើយ​»។—អេសាយ ៤៨:១៧​-​១៩

ពាក្យ​ពីរោះ​ស្តាប់​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​សុវណ្ណ​និង​ធារ៉ា​មាន​អារម្មណ៍​កក់​ក្ដៅ​ក្នុង​ចិត្ដ​ណាស់។ ពួក​គាត់​ចង់​បាន​យ៉ាង​ខ្លាំង​នូវ​របៀប​រស់​នៅ​ដែល​ផ្ដល់​ប្រយោជន៍​ដល់​ពួក​គាត់​និង​ក្រុម​គ្រួសារ។ តាម​ពិត សុវណ្ណ​និង​ធារ៉ា​គិត​ថា​គ្មាន​អ្វី​ប្រសើរ​ជាង​ការ​រស់​នៅ​ជា​មួយ​នឹង​កូន​ៗ​ក្នុង​ពិភព​លោក​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ដ​និង​សេចក្ដី​សុចរិត​នោះ​ទេ។

ឫទ្ធី​ប្រាប់​ពួក​គាត់​ថា​៖ ​«​សុវណ្ណ​និង​ធារ៉ា​អាច​ទទួល​ប្រយោជន៍​ដ៏​អស្ចារ្យ​ទាំង​អស់​នេះ​បាន បើ​រៀន​អ្វី​ដែល​ព្រះ​យេហូវ៉ា​កំពុង​បង្រៀន​យើង​ហើយ​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​អ្វី​ៗ​ទាំង​នេះ​»។

សុវណ្ណ​សួរ​ដោយ​រំភើប​ចិត្ដ​ថា​៖ ​«​តើ​យើង​អាច​រៀន​អ្វី​ៗ​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច? តើ​ឫទ្ធី​និង​និមល​អាច​ជួយ​យើង​បាន​ទេ?​»។

​«​យើង​សប្បាយ​ចិត្ដ​ជួយ​សុវណ្ណ​និង​ធារ៉ា។ តាម​ការ​ពិត យើង​មាន​អ្វី​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ការ​ដើម្បី​ជួយ​ឲ្យ​រក​ឃើញ​និង​ដើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​រក​សុភមង្គល​និង​សេចក្ដី​សុខ​សាន្ដ!​»។