លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​នូវ​ការ​ណែនាំ

យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​នូវ​ការ​ណែនាំ

សុវណ្ណ​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ណាស់។ តាំង​ពី​យូរ​ហើយ គាត់​ខំ​រក​ការ​ងារ​ដែល​ជាប់​លាប់ ដើម្បី​ចិញ្ចឹម​ក្រុម​គ្រួសារ។ ម្យ៉ាង​ទៀត គាត់​ចង់​ឲ្យ​កូន​ទទួល​ការ​អប់រំ​ល្អ ហើយ​មាន​អនាគត​ភ្លឺ​ស្វាង។ ប៉ុន្ដែ​តាម​មើល​ទៅ គាត់​គ្មាន​លទ្ធភាព​ទទួល​បាន​អ្វី​ៗ​ទាំង​នេះ​ទេ។ សុវណ្ណ​មាន​សង្ឃឹម​តែ​ម្យ៉ាង គឺ​អាច​មាន​សុខភាព​ល្អ​ដើម្បី​បន្ដ​ធ្វើ​ការ ទទួល​ប្រាក់​ខែ​ល្មម​នឹង​ទិញ​អាហារ​សម្រាប់​ក្រុម​គ្រួសារ​ហើយ​បង់​ថ្លៃ​ជួល​ផ្ទះ។ ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​បារម្ភ​បំផុត​គឺ​ថា បើ​មាន​អ្វី​កើត​ឡើង​ចំពោះ​គាត់ តើ​មាន​នរណា​ជួយ​ចិញ្ចឹម​ក្រុម​គ្រួសារ?

ធារ៉ា ប្រពន្ធ​របស់​សុវណ្ណ​ក៏​បារម្ភ​ដែរ។ ថ្មី​ៗ​នេះ ពួក​គាត់​មិន​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្នា​ទេ។ ពេល​សុវណ្ណ​មក​ពី​ធ្វើ​ការ​វិញ គាត់​តែង​តែ​អស់​កម្លាំង។ ធារ៉ា​ចង់​ឲ្យ​សុវណ្ណ​ជួយ​អប់រំ​កូន​ឲ្យ​មាន​សុជីវធម៌ ចេះ​គោរព​ចាស់​ទុំ ប៉ុន្ដែ​សុវណ្ណ​តែង​តែ​រវល់​ពេក គ្មាន​ពេល​ជួប​ជុំ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​ទេ។ ធារ៉ា​ពិបាក​ចិត្ដ​ដោយ​សារ​នាង​និង​ប្ដី​ឈ្លោះ​ទាស់​ទែង​គ្នា​ជា​ញឹក​ញាប់ ហើយ​នោះ​មិន​គួរ​ឲ្យ​កូន​ឃើញ​ទេ។ ម្យ៉ាង​ទៀត ចុះ​បើ​កូន​ម្នាក់​ឈឺ? តើ​ពួក​គាត់​នឹង​បាន​លុយ​មក​ពី​ណា​ដើម្បី​ទិញ​ថ្នាំ​និង​បង់​ថ្លៃ​ព្យាបាល? គ្រាន់​តែ​គិត​អំពី​រឿង​នេះ ធ្វើ​ឲ្យ​ធារ៉ា​ខ្លោច​ចិត្ដ​តែ​ម្ដង!

បញ្ហា​មួយ​ទៀត គឺ​សុវណ្ណ​និង​ធារ៉ា​បាន​សង្កេត​ឃើញ​ថា​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​ក្នុង​សង្គម។ មនុស្ស​មិន​សូវ​មាន​ពេល​សំណេះសំណាល​គ្នា​ដូច​ពី​មុន​ទេ។ សុវណ្ណ​និង​ធារ៉ា​ស្រណោះ​ស្ថានភាព​កាល​ពី​មុន ពី​ព្រោះ​មនុស្ស​ធ្លាប់​ជួយ​យក​អាសា​គ្នា តែ​ឥឡូវ​មិន​សូវ​ធ្វើ​ដូច្នោះ​ទេ។ ពួក​គាត់​បាន​ឃើញ​ថា បង​ប្អូន​ញាតិ​មិត្ដ​របស់​ពួក​គាត់​ក៏​មាន​បញ្ហា​ដូច​នោះ​ដែរ ព្រម​ទាំង​ព្រួយ​បារម្ភ​ថា​ជីវិត​របស់​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ថ្ងៃ​មុខ។ តាម​មើល​ទៅ គ្មាន​អ្នក​ណា​មាន​សេចក្ដី​សុខ​ដ៏​ពិត​ប្រាកដ​ទៀត​ទេ។ ធារ៉ា​ធ្លាប់​គិត​ថា​បើ​អាច​រក​ឃើញ​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ទាំង​នេះ ហើយ​មាន​សេចក្ដី​សុខ​សាន្ដ នោះ​ពិត​ជា​ល្អ​ណាស់។ ទោះ​ជា​សុវណ្ណ​និង​ធារ៉ា​ខំ​ប្រឹង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មើល​ទៅ​ដូច​ជា​ពួក​គាត់​ពុំ​អាច​ទទួល​បាន​នូវ​អ្វី​ៗ​ដែល​ចិត្ដ​ចង់​បាន​នោះ​ដែរ។

នៅ​ថ្ងៃ​មួយ សុវណ្ណ​និង​ធារ៉ា​បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​របស់​ពួក​គាត់។

សុវណ្ណ​សួរ​ថា​៖ ​«​បើ​យើង​អាច​រក​ឃើញ​ផ្លូវ​ឆ្ពោះ​ទៅ​រក​សុភមង្គល​និង​សេចក្ដី​សុខ​សាន្ដ នោះ​ពិត​ជា​ល្អ​ណាស់ មែន​ទេ?​»។

​«​ចាស៎ បង!​»​ ធារ៉ា​ឆ្លើយ។ នាង​បន្ថែម​ថា​៖ ​«​អូន​ក៏​បាន​គិត​អំពី​រឿង​នោះ​ដែរ។ បើ​យើង​អាច​រក​ឃើញ​មែន យើង​លែង​មាន​បញ្ហា​ហើយ​»។

សុវណ្ណ​និយាយ​ត​ទៅ​ទៀត​៖ ​«​ប៉ុន្ដែ មាន​សាសនា​និង​ទ្រឹស្ដី​ផ្សេង​ៗ​ច្រើន​ណាស់ តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ផ្លូវ​មួយ​ណា​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​សុភមង្គល? យើង​មិន​អាច​ពិសោធ​មើល​សាសនា​និង​ទ្រឹស្ដី​ទាំង​អស់​នោះ​បាន​ទេ! ម្យ៉ាង​ទៀត សាសនា​និង​ទ្រឹស្ដី​សឹង​តែ​ទាំង​អស់​និយាយ​ថា​ពួក​គេ​ដឹង​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា​ដែល​យើង​ជួប​ប្រទះ​ក្នុង​ជីវិត ប៉ុន្ដែ​បើ​និយាយ​ឲ្យ​ត្រង់​ទៅ ពួក​គេ​មិន​សូវ​បាន​ជួយ​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ទៅ​ជា​ប្រសើរ​ឡើង​ទេ។ តាម​មើល​ទៅ ទោះ​ជា​ខំ​រក​ក៏​ឥត​ប្រយោជន៍​ដែរ​»។

ទោះ​ជា​ធារ៉ា​មាន​គំនិត​ដូច​សុវណ្ណ​ក៏​ដោយ ក៏​ក្នុង​ចិត្ដ​នាង​នៅ​តែ​ចង់​រក​ជំនួយ​សម្រាប់​ក្រុម​គ្រួសារ​ដែរ។ នាង​គិត​ថា​ត្រូវ​តែ​មាន​វិធី​មួយ​ដើម្បី​រក​ផ្លូវ​នោះ​ឃើញ។

ប្រហែល​ជា​លោក​អ្នក​ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​ខ្លះ​ៗ​ដែល​សុវណ្ណ​និង​ធារ៉ា​បាន​ប្រឈម​មុខ​ដែរ។ បញ្ហា​ទាំង​នោះ​មាន​នៅ​ទូ​ទាំង​ពិភព​លោក។ មនុស្ស​នៅ​គ្រប់​ប្រទេស​ចង់​មាន​សុខភាព​ល្អ សេចក្ដី​សុខ​សាន្ដ និង​សុភមង្គល​ក្នុង​ជីវិត​គ្រួសារ។ ប៉ុន្ដែ​តាម​មើល​ទៅ​អ្វី​ៗ​ទាំង​នោះ​ពិបាក​រក​បាន​ណាស់។ តើ​មាន​ហេតុ​ឲ្យ​សង្ឃឹម​ថា​លោក​អ្នក​អាច​រក​ឃើញ​ផ្លូវ​ដែល​ឆ្ពោះ​ទៅ​រក​សុភមង្គល​និង​សេចក្ដី​សុខ​សាន្ដ​ទេ?