លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សៀវភៅ​មួយ​ដ៏​ល្អ​ឯក

សៀវភៅ​មួយ​ដ៏​ល្អ​ឯក

នៅ​ល្ងាច​នោះ ក្រោយ​សុវណ្ណ​មក​ពី​ធ្វើ​ការ​វិញ ធារ៉ា​បាន​ប្រាប់​គាត់​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​និមល​បាន​បង្ហាញ​ដល់​នាង។ សុវណ្ណ​គិត​ថា​នោះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន ប៉ុន្ដែ​គាត់​មាន​ការ​សង្ស័យ​បន្ដិច ពី​ព្រោះ​គាត់​ធ្លាប់​ឮ​មនុស្ស​និយាយ​អំពី​ផ្លូវ​ផ្សេង​ទៀត​ដែល​ឆ្ពោះ​ទៅ​រក​សុភមង្គល​និង​សេចក្ដី​សុខ​សាន្ដ តែ​នៅ​ទី​បំផុត មិន​បាន​ផ្ដល់​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ដែល​គាត់​មាន​ក្នុង​ជីវិត​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ សុវណ្ណ​សម្រេច​ចិត្ដ​និយាយ​ជា​មួយ​នឹង​ឫទ្ធី​អំពី​រឿង​នេះ។ នៅ​ថ្ងៃ​សៅរ៍​គាត់​ក៏​បាន​ទៅ​ផ្ទះ​ឫទ្ធី​មែន។

ឫទ្ធី​ប្រាប់​សុវណ្ណ​ថា​៖ ​«​សៀវភៅ​នេះ​ហៅ​ថា​គម្ពីរ​បរិសុទ្ធ។ ខ្ញុំ​បាន​អាន​ហើយ​ជឿ​ជាក់​ថា ព័ត៌មាន​ក្នុង​គម្ពីរ​គឺ​ត្រឹម​ត្រូវ​និង​គួរ​ឲ្យ​ទុក​ចិត្ដ​»។

សុវណ្ណ​ប្រាប់​ឫទ្ធី​អំពី​ការ​សង្ស័យ​របស់​គាត់ ដោយ​ពន្យល់​ថា​៖ ​«​យើង​ទាំង​អស់​គ្នា​អាច​ឃើញ​ថា​គ្មាន​វិធី​បំបាត់​ភាព​ក្រី​ក្រ​និង​ទុក្ខ​លំបាក​ដែល​មាន​នៅ​ជុំ​វិញ​យើង​ទេ ហើយ​មនុស្ស​គ្រប់​សាសន៍​សុទ្ធតែ​មាន​បញ្ហា​ទាំង​នោះ។ ម្យ៉ាង​ទៀត មាន​សាសនា​និង​ទ្រឹស្ដី​ច្រើន​ណាស់ ហើយ​ពួក​គេ​និយាយ​គ្រប់​គ្នា​ថា​សាសនា​ឬ​ទ្រឹស្ដី​របស់​ពួក​គេ​ជា​ផ្លូវ​ត្រឹម​ត្រូវ ក៏​ប៉ុន្ដែ​គ្មាន​ពួក​គេ​ណា​ម្នាក់​អាច​បំបាត់​សង្គ្រាម ការ​គ្រប់​គ្រង​មិន​ល្អ ការ​ប្រកាន់​ពូជ​សាសន៍ និង​ភាព​ក្រី​ក្រ​បាន​ឡើយ។ ហេតុ​អ្វី​បង​គិត​ថា​ព័ត៌មាន​ក្នុង​សៀវភៅ​នេះ​គឺ​ខុស​ប្លែក​ពី​សាសនា​និង​ទ្រឹស្ដី​ឯ​ទៀត​ទាំង​អស់​នោះ?​»។

ឫទ្ធី​បង្ហាញ​សុវណ្ណ​អ្វី​មួយ​ក្នុង​គម្ពីរ​ដែល​ធ្វើ​ឲ្យ​សុវណ្ណ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ឫទ្ធី​បង្ហាញ​សុវណ្ណ​នូវ​ខ​គម្ពីរ​ដែល​ចែង​ថា​៖ ​«​មនុស្ស​ម្នាក់ មាន​អំណាច​លើ​ម្នាក់​ទៀត ឲ្យ​គេ​ត្រូវ​វេទនា​»​ ហើយ​ការ​«​ដំ​រង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ​»។ សុវណ្ណ​បាន​យល់​ស្រប​ថា ពាក្យ​នោះ​គឺ​ពិត​ណាស់ គ្មាន​អ្នក​ណា​អាច​ប្រកែក​បាន​ទេ។ ពាក្យ​នោះ​បញ្ជាក់​អំពី​ជីវិត​ជាក់​ស្ដែង​នៅ​ប្រទេស​គាត់​និង​នៅ​បរទេស​ផង​ដែរ។

ឫទ្ធី​ក៏​បាន​ពន្យល់​មូលហេតុ​ជា​ច្រើន​ទៀត​ដែល​សុវណ្ណ​អាច​ទុក​ចិត្ដ​គម្ពីរ​ដែរ។ គាត់​និយាយ​ថា​៖ ​«​គម្ពីរ​មាន​ការ​ណែនាំ​ល្អ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ ដូច​និមល​បាន​បង្ហាញ​ដល់​ធារ៉ា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ តែ​គម្ពីរ​ក៏​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ដើម​ហេតុ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាតិ​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​អស់​នេះ​»។ ឫទ្ធី​ក៏​បាន​បន្ថែម​ថា​៖ ​«​តើ​សុវណ្ណ​ដឹង​ទេ? គម្ពីរ​ក៏​មាន​ព័ត៌មាន​ត្រឹម​ត្រូវ​អំពី​រឿង​វិទ្យា​សាស្ដ្រ​ដែរ​»។

សុវណ្ណ​នៅ​តែ​សង្ស័យ។ គាត់​សួរ​ថា​៖ ​«​តើ​គម្ពីរ​បុរាណ​នេះ​អាច​មាន​ការ​ណែនាំ​ដែល​ទាក់​ទង​នឹង​បញ្ហា​នៅ​សម័យ​យើង ហើយ​មាន​ព័ត៌មាន​ត្រឹម​ត្រូវ​អំពី​រឿង​វិទ្យា​សាស្ដ្រ​យ៉ាង​ដូច​ម្ដេច​បាន?​»។ សុវណ្ណ​ក៏​ចង់​ដឹង​ដែរ​ថា គម្ពីរ​បាន​ត្រូវ​សរសេរ​ដោយ​អ្នក​ណា។

ឫទ្ធី​ពន្យល់​ថា​៖​«​គម្ពីរ​បរិសុទ្ធ​មិន​មែន​សរសេរ​ដោយ​មនុស្ស​តែ​ម្នាក់​ទេ។ តាម​ពិត គម្ពីរ​ជា​សៀវភៅ​តូច​ៗ​៦៦​ក្បាល​ផ្គុំ​ចូល​គ្នា ហើយ​បាន​ត្រូវ​សរសេរ​ដោយ​បុរស​ជាង​៤០​នាក់ ក្នុង​រយៈ​ពេល​ជិត​១.៦០០​ឆ្នាំ។ ពួក​គេ​បាន​សរសេរ​គម្ពីរ​ចប់​ប្រហែល​១.៩០០​ឆ្នាំ​មុន។ ទោះ​ជា​អ្នក​ដែល​បាន​សរសេរ​គម្ពីរ​មិន​សូវ​មាន​ចំណេះ​ច្រើន​អំពី​រឿង​វិទ្យា​សាស្ដ្រ​ក៏​ដោយ ក៏​ពួក​គេ​បាន​សរសេរ​ព័ត៌មាន​ត្រឹម​ត្រូវ​ដែល​មនុស្ស​ឯ​ទៀត​មិន​បាន​ដឹង​រហូត​ដល់​រាប់​ពាន់​ឆ្នាំ​ក្រោយ​មក។ ជា​ឧទាហរណ៍ បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​សរសេរ​គម្ពីរ​បាន​សរសេរ​ថា ផែន​ដី​បាន​ត្រូវ​‹ព្យួរ​នៅ​ទទេ​ធេង› ហើយ​ម្នាក់​ទៀត​បាន​បញ្ជាក់​ថា​ផែន​ដី​មាន​រាង​ជា​រង្វង់​មូល។ បើ​និយាយ​ជា​ទូ​ទៅ គ្មាន​អ្នក​ណា​ដឹង​អំពី​ហេតុ​ការណ៍​ទាំង​នេះ​នៅ​សម័យ​ដែល​ពួក​គេ​បាន​សរសេរ​គម្ពីរ​ទេ ប៉ុន្ដែ​គ្រាន់​តែ​ប៉ុន្មាន​រយ​ឆ្នាំ​មុន​ប៉ុណ្ណោះ​ដែល​អ្នក​វិទ្យា​សាស្ដ្រ​បាន​រក​ឃើញ​ភ័ស្ដុតាង​ដែល​បញ្ជាក់​ថា​ចំណុច​ទាំង​នោះ​ជា​ការ​ពិត​មែន​»។

​«​ពិត​ជា​អស្ចារ្យ​មែន!​»​ សុវណ្ណ​និយាយ។ ឫទ្ធី​ចង់​បង្ហាញ​សុវណ្ណ​នូវ​ចំណុច​មួយ​ទៀត​ដែល​អស្ចារ្យ​ដូច​នោះ​ដែរ។

ឫទ្ធី​ពន្យល់​ថា​៖​«​គម្ពីរ​បាន​ទាយ​ប្រហែល​២០០​ឆ្នាំ​ទុក​ជា​មុន​អំពី​ការ​រលំ​នៃ​មហា​អំណាច​មួយ​នៅ​សម័យ​បុរាណ​ហៅ​ថា បាប៊ីឡូន។ គម្ពីរ​បាន​រៀប​រាប់​អំពី​របៀប​ដែល​ទ័ព​សត្រូវ​នឹង​ដណ្ដើម​យក​បាប៊ីឡូន ហើយ​អ្វី​ដែល​អស្ចារ្យ​ជាង​នោះ​ទៅ​ទៀត​គឺ​ថា គម្ពីរ​ទាយ​ប្រាប់​ឈ្មោះ​របស់​ស្ដេច​ដែល​នឹង​វាយ​ឈ្នះ​បាប៊ីឡូន ជា​យូរ​ឆ្នាំ​មុន​ស្ដេច​នោះ​បាន​កើត​មក​ទៅ​ទៀត! តាម​ការ​ពិត មាន​ទំនាយ​រាប់​រយ​ទៀត​ដែល​មាន​ក្នុង​គម្ពីរ​»។

កាល​ដែល​សុវណ្ណ​កំពុង​ពិចារណា​អំពី​ចំណុច​ទាំង​អស់​នេះ ឫទ្ធី​បាន​និយាយ​អ្វី​មួយ​ដែល​សុវណ្ណ​គិត​ថា​អស្ចារ្យ​ជាង​ចំណុច​មុន​ៗ​ទៅ​ទៀត។ ឫទ្ធី​ប្រាប់​ថា​៖ ​«​តើ​សុវណ្ណ​ដឹង​ទេ? គម្ពីរ​បាន​ទាយ​១.៩០០​ឆ្នាំ​មុន​អំពី​ការ​ពិបាក ដែល​យើង​និង​អ្នក​ឯ​ទៀត​កំពុង​ជួប​ប្រទះ​នៅ​សព្វ​ថ្ងៃ​នេះ​»។ រួច​មក ឫទ្ធី​បាន​អាន​ខ​គម្ពីរ​ឲ្យ​សុវណ្ណ​ស្តាប់​ដូច​ត​ទៅ​នេះ:

  • គម្ពីរ​បាន​ទាយ​ទុក​ជា​មុន​អំពី​បញ្ហា​ជា​ច្រើន​ដែល​យើង​ជួប​ប្រទះ​នៅ​សព្វ​ថ្ងៃ​នេះ

    ​«​ចូរ​ដឹង​ថា គ្រា​ចុង​ក្រោយ​បង្អស់​នឹង​លំបាក​ណាស់។ ព្រោះ​មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ អួត​បំប៉ោង ក្រអឺត​ក្រទម ជា​អ្នក​ជេរ​ប្រមាថ មិន​ស្តាប់​បង្គាប់​ឪ​ពុក​ម្ដាយ រមិល​គុណ មិន​ស្មោះ​ត្រង់ គ្មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស មិន​ព្រម​ស្រុះ​ស្រួល​គ្នា ជា​អ្នក​បង្កាច់​បង្ខូច មិន​ចេះ​ទប់​ចិត្ដ កាច​សាហាវ មិន​ស្រឡាញ់​គុណធម៌ ជា​អ្នក​ក្បត់ ធ្វើ​តាម​ទំនើង​ចិត្ដ មាន​មោទនភាព​ហួស​ហេតុ​ពេក ស្រឡាញ់​ការ​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះ ធ្វើ​ឫកពា​ជា​មនុស្ស​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ ប៉ុន្ដែ​ពួក​គេ​មិន​ព្រម​ទទួល​ឥទ្ធិពល​ពី​ភក្ដី​ភាព​នោះ​ទេ​»។

ឫទ្ធី​ក៏​បាន​ប្រាប់​សុវណ្ណ​ថា ផ្នែក​ផ្សេង​ៗ​ទៀត​ក្នុង​គម្ពីរ​បាន​ទាយ​ថា​នឹង​មាន​បញ្ហា​នៅ​ទូ​ទាំង​ពិភព​លោក ដូច​ជា​សង្គ្រាម ជំងឺ ការ​ខ្វះ​ស្បៀងអាហារ ការ​រញ្ជួយ​ដី និង​ការ​ប្រឆាំង​ច្បាប់​ជា​ដើម។

សុវណ្ណ​បាន​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ថា​គម្ពីរ​បាន​ទាយ​យ៉ាង​ត្រឹម​ត្រូវ​តាំង​ពី​យូរ​មក​ហើយ អំពី​បញ្ហា​ជា​ច្រើន​ដែល​គាត់​និង​ធារ៉ា​កំពុង​ជួប​ប្រទះ។

សុវណ្ណ​ឧទាន​ថា​៖ ​«​អស្ចារ្យ​ណាស់!​»។