លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ម៉ាថាយ ជំពូកទី៥ដល់ទី៧

ម៉ាថាយ ជំពូកទី៥ដល់ទី៧

ពេល​លោក​ឃើញ​បណ្ដា​ជន លោក​ក៏​ឡើងលើភ្នំ ហើយ​អង្គុយ​ចុះ។ រួច​ពួក​អ្នក​កាន់​តាម​បាន​មកឯ​លោក។ បន្ទាប់​មក លោក​ចាប់​ផ្ដើម​មានប្រសាសន៍ ហើយ​បង្រៀន​ពួក​គេ​ថា​៖

​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។

​«​អស់​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​អ្នក​ទាំង​នោះ​នឹង​ទទួល​ការ​សម្រាល​ទុក្ខ។

​«​អស់​អ្នក​ដែល​មាន​ចិត្ត​ស្លូត​បូត a នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​អ្នក​ទាំង​នោះ​នឹង​ទទួល​ផែនដី​ជា​មត៌ក។

​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​សុចរិត នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត​ស្កប់​ស្កល់។

​«​អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ករុណា នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​អ្នក​ទាំង​នោះ​ក៏​នឹង​ទទួល​សេចក្ដី​មេត្តា​ករុណា​ដែរ។

​«​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​អ្នក​ទាំង​នោះ​នឹង​ឃើញ​ព្រះ។

​«​អស់​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​អ្នក​ទាំង​នោះ​នឹង​ត្រូវ​ហៅ​ថា​កូន​ព្រះ។

១០ ​«​អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន​ដោយ​សារ​សេចក្ដី​សុចរិត នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។

១១ ​«​នៅ​ពេល​ដែល​មនុស្ស​តិះ​ដៀល បៀតបៀន និង​និយាយ​រឿង​អាក្រក់​គ្រប់​បែប​យ៉ាង​ដើម្បី​បង្កាច់​បង្ខូច​អ្នក​រាល់​គ្នា ដោយ​សារ​អ្នក​រាល់​គ្នា​កាន់​តាម​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ! ១២ ពីព្រោះ​ពួក​អ្នក​ប្រកាស​ទំនាយ​នៅ​សម័យ​មុន ក៏​ធ្លាប់​ត្រូវ​គេ​បៀតបៀន​ដូច​អ្នក​រាល់​គ្នា​ដែរ។ ហេតុ​នេះ ចូរ​សប្បាយ ហើយ​ត្រេក​អរ​ចុះ! ពីព្រោះ​អ្នក​រាល់​គ្នា​មាន​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​សួគ៌។

១៣ ​«​អ្នក​រាល់​គ្នា​ជា​អំបិល​នៃ​ផែនដី។ ប៉ុន្តែ ប្រសិន​បើ​អំបិល​បាត់​បង់​ជាតិ​ប្រៃ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​មាន​ជាតិ​ប្រៃ​ឡើង​វិញ​បាន? អំបិល​នោះ​នឹង​គ្មាន​ប្រយោជន៍​អ្វី​សោះ គឺ​សម​តែ​បោះ​ចោល​ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។

១៤ ​«​អ្នក​រាល់​គ្នា​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក។ ក្រុង​មួយ​ដែល​ស្ថិត​នៅ​លើ​ភ្នំ គឺ​មិន​កំបាំង​ពី​ភ្នែក​មនុស្ស​ឡើយ។ ១៥ មនុស្ស​មិន​ដែល​អុជ​ចង្កៀង រួច​ដាក់​ក្រោម​កញ្ឆេ​ឡើយ តែ​ពួក​គេ​ដាក់​លើ​ជើង​ចង្កៀង​វិញ ដើម្បី​បំភ្លឺ​ផ្ទះ​ទាំង​មូល។ ១៦ ដូច​គ្នា​ដែរ ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​អ្នក​រាល់​គ្នា។ យ៉ាង​នោះ ពួក​គេ​នឹង​សរសើរ​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​នៅ​ស្ថាន​សួគ៌ ពេល​ឃើញ​ការ​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។

១៧ ​«​កុំ​គិត​ស្មាន​ថា ខ្ញុំ​បាន​មក​ដើម្បី​បំផ្លាញ​ច្បាប់ ឬ​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ឡើយ។ ខ្ញុំ​មិន​បាន​មក​ដើម្បី​បំផ្លាញ​នោះ​ទេ តែ​ខ្ញុំ​មក​ដើម្បី​ធ្វើ​ឲ្យ​ច្បាប់ និង​សេចក្ដី​បង្រៀន​ទាំង​នោះ​បាន​សម្រេច​វិញ។ ១៨ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ទោះ​ជា​មេឃ​និង​ផែនដី​បាត់​សូន្យ​ទៅ​ក៏​ដោយ ក៏​សញ្ញា​បន្តក់​មួយ​ក្នុង​ច្បាប់​នឹង​មិន​បាត់​សូន្យ​ឡើយ ទាល់​តែ​ច្បាប់​ទាំង​មូល​បាន​ត្រូវ​សម្រេច​គ្រប់​ជំពូក។ ១៩ ហេតុ​នេះ សូម្បី​តែ​បញ្ញត្ដិ​ដែល​មនុស្ស​ចាត់​ទុក​ថា​មិន​សូវ​សំខាន់ តែ​បើ​អ្នក​ណា​ល្មើស​បញ្ញត្ដិ​នោះ ហើយ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នោះ អ្នក​នោះ​មិន​សម​នឹង​ចូល​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​ទាំង​នោះ ហើយ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ប្រព្រឹត្ត​តាម​ដែរ អ្នក​នោះ​សម​នឹង​ចូល​រាជាណាចក្រ​ស្ថាន​សួគ៌។ ២០ ពីព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ប្រសិន​បើ​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា​មិន​សុចរិត​ជាង​ពួក​ផារិស៊ី និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បាន​ចូល​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ។

  ២១ ​«​អ្នក​រាល់​គ្នា​ធ្លាប់​ឮ​អ្វី​ដែល​គេ​ប្រាប់​ដល់​មនុស្ស​នៅ​សម័យ​បុរាណ​ថា​៖ ‹កុំ​ធ្វើ​ឃាតកម្ម​ឲ្យ​សោះ តែ​អ្នក​ណា​ដែល​ធ្វើ​ឃាតកម្ម អ្នក​នោះ​នឹង​ត្រូវ​តុលាការ​វិនិច្ឆ័យ›។ ២២ ក៏​ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​ខឹង​ងំនឹង​បង​ប្អូន​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​តុលាការ​វិនិច្ឆ័យ។ តែ​អ្នក​ណា​ដែល​និយាយ​ទៅ​កាន់​បង​ប្អូន​ដោយ​ប្រើ​ពាក្យ​ប្រមាថ​មើល​ងាយ​មិន​គួរ​ឲ្យ​ពោល អ្នក​នោះ​នឹង​ត្រូវ​វិនិច្ឆ័យ​ដោយ​តុលាការ​កំពូល។ រីឯ​អ្នក​ដែល​ប្រើ​ពាក្យ​ថា​៖ ‹អា​គម្រក់!› នឹង​ត្រូវ​ទទួល​ទោស​ក្នុង​ភ្លើង​កេហេណា។ b

២៣ ​«​ដូច្នេះ ប្រសិន​បើ​អ្នក​កំពុង​យក​គ្រឿង​បូជា​មក​ទី​បូជា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា​មាន​បង​ប្អូន​ណា​ម្នាក់​កំពុង​ប្រកាន់​ទោស​អ្នក ២៤ ចូរ​ទុក​គ្រឿង​បូជា​របស់​អ្នក​នៅ​មុខ​ទី​បូជា រួច​ទៅ​រក​ជា​នឹង​បង​ប្អូន​របស់​អ្នក​សិន។ បន្ទាប់​មក ចូរ​ត្រឡប់​មក​បូជា​អ្វី​ទាំង​នោះ​ចុះ។

២៥ ​«​កាល​ដែល​ធ្វើ​ដំណើរ​ទៅ​តុលាការ​ជា​មួយ​នឹង​អ្នក​ដែល​រក​ប្ដឹង​អ្នក ចូរ​ឆាប់​ដោះ​ស្រាយ​ជា​មួយ​នឹង​គាត់។ បើ​មិន​ដូច្នោះ​ទេ គាត់​អាច​បញ្ជូន​អ្នក​ទៅ​ចៅ​ក្រម រួច​ចៅ​ក្រម​ប្រគល់​អ្នក​ទៅ​មន្ត្រី​ជំនួយ​តុលាការ ហើយ​អ្នក​ត្រូវ​ជាប់​គុក។ ២៦ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា គេ​ប្រាកដ​ជា​មិន​ដោះ​លែង​អ្នក​ពី​គុក​ទេ ទាល់​តែ​អ្នក​បាន​សង​បំណុល​ឲ្យ​អស់​ឥត​ខ្វះ​មួយ​សេន។

២៧ ​«​អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា​៖ ‹អ្នក​មិន​ត្រូវ​ផិត​ក្បត់​ឡើយ›។ ២៨ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​សម្លឹង​មើល​ស្រី​រហូត​ដល់​កើត​មាន​ចិត្ត​ស្រើប​ស្រាល អ្នក​នោះ​បាន​ផិត​ក្បត់​ជា​មួយ​នឹង​នាង​នៅ​ក្នុង​ចិត្ត​រួច​ហើយ។ ២៩ ដូច្នេះ ប្រសិន​បើ​ភ្នែក​ស្ដាំ​របស់​អ្នក បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ទៅ ពីព្រោះ​បើ​អ្នក​បាត់​បង់​ភ្នែក​ម្ខាង គឺ​ប្រសើរ​ជាង​រូប​កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​កេហេណា។ c ៣០ បន្ថែម​ទៅ​ទៀត ប្រសិន​បើ​ដៃ​ស្ដាំ​របស់​អ្នក បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​វា​ចេញ ហើយ​បោះ​ចោល​ទៅ ពីព្រោះ​បើ​អ្នក​បាត់​បង់​ដៃ​ម្ខាង គឺ​ប្រសើរ​ជាង​រូប​កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​កេហេណា។ d

៣១ ​«​ម្យ៉ាង​វិញ​ទៀត អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា​៖ ‹អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ អ្នក​នោះ​ត្រូវ​ឲ្យ​លិខិត​លែង​លះ​ទៅ​នាង›។ ៣២ ក៏​ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ​ដែល​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អ្នក​នោះ​ធ្វើ​ឲ្យ​នាង​អាច​ធ្លាក់​ខ្លួន​ទៅ​ជា​អ្នក​ផិត​ក្បត់។ រីឯ​អ្នក​ណា​ដែល​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ដែល​ប្ដី​លែង អ្នក​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ។

៣៣ ​«​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ឮ​អ្វី​ដែល​គេ​ប្រាប់​ដល់​មនុស្ស​នៅ​សម័យ​បុរាណ​ថា​៖ ‹អ្នក​មិន​ត្រូវ​ស្បថ​បំពាន​ឡើយ តែ​អ្នក​ត្រូវ​ធ្វើ​តាម​ពាក្យ​សម្បថ​ចំពោះ​ព្រះ​យេហូវ៉ា​កុំ​ខាន›។ ៣៤ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ។ អ្នក​មិន​ត្រូវ​ស្បថ​ដោយ​យក​ស្ថាន​សួគ៌​ជា​សាក្សី​ឡើយ ពីព្រោះ​នោះ​ជា​បល្ល័ង្ក​របស់​ព្រះ ៣៥ ក៏​មិន​ត្រូវ​ស្បថ​ដោយ​យក​ផែនដី​ជា​សាក្សី​ដែរ ពីព្រោះ​នោះ​ជា​ទី​កំណល់​ជើង​របស់​លោក។ កុំ​ស្បថ​ដោយ​យក​ក្រុង​យេរូសាឡិម​ជា​សាក្សី​ឡើយ ពីព្រោះ​នោះ​ជា​ក្រុង​របស់​ស្ដេច​ដ៏​ឧត្ដុង្គ​ឧត្ដម ៣៦ ហើយ​អ្នក​មិន​ត្រូវ​យក​ជីវិត​ខ្លួន​មក​ស្បថ​ទេ ពីព្រោះ​សូម្បី​តែ​សក់​មួយ​សរសៃ ក៏​អ្នក​មិន​អាច​ធ្វើ​ឲ្យ​ប្រែ​ទៅ​ជា​ស​ឬ​ខ្មៅ​បាន​ដែរ។ ៣៧ អ្នក​គ្រាន់​តែ​រក្សា​សម្ដី​ប៉ុណ្ណោះ បើ​ថា​‹មែន› គឺ​មែន បើ​ថា​‹ទេ› គឺ​ទេ ពីព្រោះ​សម្ដី​ណា​ដែល​លើស​ពី​នេះ គឺ​មក​ពី​មេ​កំណាច។

៣៨ ​«​អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា​៖ ‹បើ​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​របួស​ភ្នែក អ្នក​ត្រូវ​ទទួល​ទោស​ឲ្យ​របួស​ភ្នែក​ដែរ ហើយ​បើ​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​បាក់​ធ្មេញ អ្នក​ត្រូវ​ទទួល​ទោស​ឲ្យ​បាក់​ធ្មេញ​ដែរ›។ ៣៩ ក៏​ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​សង​សឹក​មនុស្ស​ទុច្ចរិត​ឡើយ តែ​បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ចុះ ៤០ ហើយ​ប្រសិន​បើ​មាន​អ្នក​ណា​ចង់​ប្ដឹង​អ្នក​ទៅ​តុលាការ ដើម្បី​ទារ​យក​សម្លៀក​បំពាក់​ក្នុង​របស់​អ្នក នោះ​ចូរ​ឲ្យ​អ្នក​នោះ​យក​ទាំង​សម្លៀក​បំពាក់​ក្រៅ​របស់​អ្នក​ផង។ ៤១ បន្ថែម​ទៅ​ទៀត បើ​អ្នក​ដែល​មាន​អំណាច​ប្រើ​អ្នក​ឲ្យ​ធ្វើ​ការ ដោយ​បញ្ជា​ឲ្យ​ទៅ​តាម​គាត់​មួយ​គីឡូ​ម៉ែត្រ ចូរ​ទៅ​ជា​មួយ​នឹង​គាត់​ពីរ​គីឡូ​ម៉ែត្រ​ចុះ។ ៤២ ពេល​មាន​អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឲ្យ​ទៅ​អ្នក​នោះ​ចុះ ហើយ​កុំ​បែរ​ចេញ​ពី​អ្នក​ណា​ដែល​ចង់​ខ្ចី eអ្វី​ពី​អ្នក​ឡើយ។

៤៣ ​«​អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា​៖ ‹អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង តែ​ត្រូវ​ស្អប់​សត្រូវ›។ ៤៤ ក៏​ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​បន្ត​ស្រឡាញ់​សត្រូវ​របស់​អ្នក ហើយ​អធិដ្ឋាន​ឲ្យ​អ្នក​ដែល​បៀតបៀន​អ្នក។ ៤៥ យ៉ាង​នេះ អ្នក​អាច​បង្ហាញ​ថា​អ្នក​ជា​កូន​នៃ​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌ ពីព្រោះ​លោក​ធ្វើ​ឲ្យ​ថ្ងៃ​រះ​លើ​មនុស្ស​ល្អ​និង​មនុស្ស​អាក្រក់ ថែម​ទាំង​បង្អុរ​ភ្លៀង​លើ​មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត។ ៤៦ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អ្នក​ណា​ដែល​ស្រឡាញ់​អ្នក តើ​នោះ​មាន​ប្រយោជន៍​អ្វី? ពួក​អ្នក​យក​ពន្ធ​ក៏​ធ្វើ​ដូច្នោះ​ដែរ មែន​ទេ? ៤៧ ហើយ​បើ​អ្នក​រាល់​គ្នា​សួរ​សុខ​ទុក្ខ​តែ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ តើ​មាន​អ្វី​អស្ចារ្យ​ទៅ? ពីព្រោះ​ជន​ជាតិ​ដទៃ​ក៏​ធ្វើ​ដូច្នោះ​ដែរ មែន​ទេ? ៤៨ ហេតុ​នេះ អ្នក​រាល់​គ្នា​ត្រូវ​មាន​គុណ​សម្បត្តិ​សព្វ​គ្រប់ ដូច​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​ក៏​មាន​គុណ​សម្បត្តិ​សព្វ​គ្រប់​ដែរ។

​«​ចូរ​ប្រយ័ត្ន កុំ​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​មុខ​មនុស្ស​ដើម្បី​ឲ្យ​គេ​ឃើញ​ឡើយ ពីព្រោះ​បើ​ប្រព្រឹត្ត​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មិន​បាន​ទទួល​រង្វាន់​ពី​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ទេ។ ម្ល៉ោះ​ហើយ ពេល​ដែល​អ្នក​ធ្វើ​ទាន កុំ​ផ្លុំ​ត្រែ​មុន​ឡើយ ព្រោះ​នោះ​ជា​អ្វី​ដែល​មនុស្ស​លាក់​ពុត​ធ្វើ​នៅ​សាលា​ប្រជុំ និង​នៅ​តាម​ផ្លូវ ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​កោត​សរសើរ​ពួក​គេ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ពួក​គេ​បាន​ទទួល​រង្វាន់​សព្វ​គ្រប់​ហើយ។ ប៉ុន្តែ​អ្នក​វិញ កាល​ណា​អ្នក​ធ្វើ​ទាន កុំ​ឲ្យ​ដៃ​ឆ្វេង​របស់​អ្នក​ដឹង​អំពី​អ្វី​ដែល​ដៃ​ស្ដាំ​កំពុង​ធ្វើ​ឡើយ ដើម្បី​ឲ្យ​អ្នក​អាច​ធ្វើ​ទាន​ដោយ​ស្ងាត់​កំបាំង រួច​បិតា​របស់​អ្នក​ដែល​កំពុង​មើល​ពី​ទី​ស្ងាត់​កំបាំង នឹង​ផ្ដល់​រង្វាន់​ឲ្យ​អ្នក។

ម្យ៉ាង​ទៀត ពេល​ដែល​អ្នក​រាល់​គ្នា​អធិដ្ឋាន អ្នក​មិន​ត្រូវ​ធ្វើ​ដូច​មនុស្ស​លាក់​ពុត​ទេ ពីព្រោះ​ពួក​គេ​ចូល​ចិត្ត​ឈរ​អធិដ្ឋាន​ក្នុង​សាលា​ប្រជុំ និង​នៅ​កាច់​ជ្រុង​ផ្លូវ​ធំ​ៗ ដើម្បី​ឲ្យ​មនុស្ស​ឃើញ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ពួក​គេ​បាន​ទទួល​រង្វាន់​សព្វ​គ្រប់​ហើយ។ ក៏​ប៉ុន្តែ ពេល​ដែល​អ្នក​ចង់​អធិដ្ឋាន ចូរ​ចូល​ទៅ​ក្នុង​បន្ទប់​ផ្ទាល់​ខ្លួន ហើយ​បិទ​ទ្វារ រួច​អធិដ្ឋាន​ជម្រាប​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ទី​ស្ងាត់​កំបាំង។ នោះ​បិតា​របស់​អ្នក​ដែល​មើល​ពី​ទី​ស្ងាត់​កំបាំង នឹង​ផ្ដល់​រង្វាន់​ឲ្យ​អ្នក។ ប៉ុន្តែ ពេល​អធិដ្ឋាន កុំ​ពោល​ពាក្យ​ដដែល​ៗ​ដូច​ជន​ជាតិ​ដទៃ​ឡើយ ព្រោះ​ពួក​គេ​នឹក​ស្មាន​ថា ព្រះ​នឹង​ស្ដាប់​ពួក​គេ​ដោយ​សារបាន​ពោល​ពាក្យ​ជា​ច្រើន។ ម្ល៉ោះ​ហើយ កុំ​ធ្វើ​តាម​ពួក​គេ​ឡើយ ព្រោះ​ព្រះ​ដែល​ជា​បិតា​របស់​អ្នក​រាល់​គ្នា​ជ្រាប​ពី​អ្វី​ដែល​អ្នក​ត្រូវ​ការ មុន​ដែល​អ្នក​សុំ​ទៅ​ទៀត។

​«​ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​អធិដ្ឋាន​តាម​របៀប​នេះ​វិញ​៖

​«​‹ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​អើយ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។ f ១០ សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ។ ១១ សូម​ផ្ដល់​អាហារ​ដែល​យើង​ត្រូវ​ការ​សម្រាប់​ថ្ងៃ​នេះ។ ១២ សូម​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង ដូច​យើង​បាន​អភ័យ​ទោស​ឲ្យ​អ្នក​ដែល​បាន​ធ្វើ​ខុស​នឹង​យើង​ដែរ។ ១៣ សូម​កុំ​ឲ្យ​យើង​ចាញ់​សេចក្ដី​ល្បួង​ឡើយ តែ​សូម​សង្គ្រោះ gយើង​ឲ្យ​រួច​ពី​មេ​កំណាច​វិញ›។

១៤ ​«​ពីព្រោះ​បើ​អ្នក​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ឯ​ទៀត នោះ​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​ក៏​នឹង​អភ័យ​ទោស​ឲ្យ​អ្នក​ដែរ។ ១៥ ក៏​ប៉ុន្តែ បើ​អ្នក​មិន​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ឯ​ទៀត​ទេ នោះ​បិតា​របស់​អ្នក​ក៏​មិន​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ដែរ។

១៦ កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ ឈប់​ធ្វើ​មុខ​ស្រងូត​ដូច​មនុស្ស​លាក់​ពុត ពីព្រោះ​ពួក​គេ​ធ្វើ​ឲ្យ​មុខ​មិន​ស្អាត ដើម្បី​ឲ្យ​មនុស្ស​ឃើញ​ថា​ពួក​គេ​កំពុង​តម​អាហារ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ពួក​គេ​បាន​ទទួល​រង្វាន់​សព្វ​គ្រប់​ហើយ។ ១៧ ប៉ុន្តែ​អ្នក​រាល់​គ្នា​វិញ កាល​ណា​តម​អាហារ ចូរ​លាប​ប្រេង​លើ​ក្បាល ហើយ​លុប​មុខ​ផង ១៨ ដើម្បី​កុំ​ឲ្យ​មនុស្ស​ឃើញ​ថា​អ្នក​រាល់​គ្នា​កំពុង​តម​អាហារ​ឡើយ តែ​ដើម្បី​ឲ្យ​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​នៅ​ទី​ស្ងាត់​កំបាំង​ឃើញ​វិញ។ នោះ​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​មើល​ពី​ទី​ស្ងាត់​កំបាំង នឹង​ផ្ដល់​រង្វាន់​ឲ្យ​អ្នក​រាល់​គ្នា។

១៩ ​«​ឈប់​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ផែនដី ជា​កន្លែង​ដែល​សត្វ​ល្អិត​និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ជា​កន្លែង​ដែល​ចោរ​ចូល​លួច។ ២០ ប៉ុន្តែ ចូរ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ឯ​ស្ថាន​សួគ៌​វិញ ជា​កន្លែង​ដែល​គ្មាន​សត្វ​ល្អិត​និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​គ្មាន​ចោរ​ចូល​លួច​ឡើយ។ ២១ ព្រោះ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ។

២២ ​«​ភ្នែក​ជា​ចង្កៀង​នៃ​រូប​កាយ។ ប្រសិន​បើ​ភ្នែក​របស់​អ្នក​សម្លឹង​មើល​របស់​តែ​មួយ នោះ​រូប​កាយ​ទាំង​មូល​របស់​អ្នក​នឹង​បាន​ភ្លឺ។ ២៣ ប៉ុន្តែ បើ​ភ្នែក​របស់​អ្នក​សម្លឹង​មើល​ដោយ​ចិត្ត​ច្រណែន h នោះ​រូប​កាយ​ទាំង​មូល​របស់​អ្នក​នឹង​ងងឹត​វិញ។ ប្រសិន​បើ​ពន្លឺ​ដែល​នៅ​ក្នុង​អ្នក​ជា​ភាព​ងងឹត​វិញ នោះ​អ្នក​នឹង​ងងឹត​ក្រៃ​លែង!

២៤ ​«​គ្មាន​អ្នក​ណា​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ម្ចាស់​ពីរ​បាន​ឡើយ ព្រោះ​អ្នក​នោះ​នឹង​ស្រឡាញ់​ម្ចាស់​មួយ ហើយ​ស្អប់​ម្ចាស់​មួយ ឬ​ក៏​ស្មោះ​ត្រង់​នឹង​ម្ចាស់​មួយ ហើយ​មើល​ងាយ​ម្ចាស់​មួយ។ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ។

២៥ ​«​ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ឈប់​ខ្វល់​ខ្វាយ​អំពី​ជីវិត​ខ្លួន​ថា នឹង​បាន​អ្វី​បរិភោគ​ឬ​ផឹក ហើយ​ឈប់​ខ្វល់​ខ្វាយ​អំពី​រូប​កាយ​ថា នឹង​បាន​អ្វី​ស្លៀក​ពាក់​ឡើយ។ ជីវិត​មាន​តម្លៃ​ជាង​អាហារ ហើយ​រូប​កាយ​មាន​តម្លៃ​ជាង​សម្លៀក​បំពាក់ មែន​ទេ? ២៦ ចូរ​សង្កេត​មើល​សត្វ​ស្លាប​នៅ​លើ​មេឃ ព្រោះ​វា​មិន​សាប​ព្រោះ ច្រូត​កាត់ ឬ​ប្រមូល​ផល​ទុក​ក្នុង​ជង្រុក​ឡើយ តែ​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ផ្ដល់​ចំណី​ឲ្យ​វា។ តើ​អ្នក​រាល់​គ្នា​មិន​មាន​តម្លៃ​ជាង​សត្វ​ស្លាប​ទាំង​នោះ​ទេ​ឬ? ២៧ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ខ្វល់​ខ្វាយ តើ​អ្នក​អាច​ធ្វើ​ឲ្យ​អាយុ​ជីវិត​របស់​ខ្លួន​វែង​ជាង សូម្បី​តែ​បន្តិច​បាន​ទេ? ២៨ ម្យ៉ាង​ទៀត ហេតុ​អ្វី​អ្នក​ខ្វល់​ខ្វាយ​អំពី​សម្លៀក​បំពាក់? ចូរ​ទាញ​យក​មេ​រៀន​ពី​របៀប​ដែល​ផ្កា​នៅ​ឯ​វាល​ដុះ​ឡើង។ វា​មិន​ធ្វើ​ការ​នឿយ​ហត់​ទេ ក៏​មិន​ត្បាញ​រវៃ​ដែរ។ ២៩ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​សាឡូម៉ូន​កាល​ដែល​តែង​ខ្លួន​ល្អ​ប្រណីត​បំផុត ក៏​មិន​ស្មើ​នឹង​ផ្កា​មួយ​ទង​បែប​នោះ​ផង។ ៣០ អ្នក​មាន​ជំនឿ​តិច​អើយ បើ​ព្រះ​តុបតែង​រុក្ខជាតិ​ដែល​ដុះ​នៅ​ឯ​វាល​នៅ​ថ្ងៃ​នេះ ហើយ​ត្រូវ​បោះ​ទៅ​ក្នុង​ឡ​នៅ​ថ្ងៃ​ស្អែក តើ​ព្រះ​នឹង​មិន​ផ្ដល់​សម្លៀក​បំពាក់​លើស​ជាង​នោះ​ទៅ​ទៀត​ឲ្យ​អ្នក​រាល់​គ្នា​ទេ​ឬ? ៣១ ដូច្នេះ កុំ​ខ្វល់​ខ្វាយ​ឲ្យ​សោះ​ថា​៖ ‹តើ​យើង​នឹង​បាន​អ្វី​បរិភោគ?› ឬ​‹តើ​យើង​នឹង​បាន​អ្វី​ផឹក?› ឬ​‹តើ​យើង​នឹង​បាន​អ្វី​ស្លៀក​ពាក់?› ៣២ ព្រោះ​របស់​ទាំង​អស់​នេះ​ជា​អ្វី​ដែល​ជន​ជាតិ​ដទៃ​កំពុង​ស្វះ​ស្វែង​រក។ បិតា​របស់​អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ការ​របស់​ទាំង​នេះ។

៣៣ ​«​ដូច្នេះ ចូរ​បន្ត​ស្វែង​រក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន ហើយ​លោក​នឹង​ផ្ដល់​របស់​ទាំង​នេះ​ឲ្យ​អ្នក។ ៣៤ ម្ល៉ោះ​ហើយ កុំ​ខ្វល់​ខ្វាយ​អំពី​ថ្ងៃ​ស្អែក​ឲ្យ​សោះ ពីព្រោះ​ថ្ងៃ​ស្អែក​នឹង​មាន​កង្វល់​សម្រាប់​ថ្ងៃ​ស្អែក។ ទុក្ខ​លំបាក​នៅ​ថ្ងៃ​នីមួយ​ៗ គឺ​ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ។

​«​ឈប់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត ដើម្បី​កុំ​ឲ្យ​អ្នក​ទទួល​ការ​វិនិច្ឆ័យ ព្រោះ​អ្នក​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​យ៉ាង​ណា អ្នក​នឹង​ទទួល​ការ​វិនិច្ឆ័យ​យ៉ាង​នោះ​ដែរ ហើយ​អ្នក​វាល់​ឲ្យ​គេ​ប៉ុន​ណា គេ​ក៏​នឹង​វាល់​ឲ្យ​អ្នក​ប៉ុណ្ណឹង​ដែរ។ បើ​ដូច្នេះ ហេតុ​អ្វី​អ្នក​មើល​ឃើញ​កម្ទេច​ក្នុង​ភ្នែក​របស់​បង​ប្អូន​អ្នក តែ​មើល​មិន​ឃើញ​ធ្នឹម​ដែល​នៅ​ក្នុង​ភ្នែក​របស់​អ្នក? ហើយ​តើ​អ្នក​អាច​ប្រាប់​បង​ប្អូន​បាន​យ៉ាង​ដូច​ម្ដេច​ថា​៖ ‹សូម​ឲ្យ​ខ្ញុំ​យក​កម្ទេច​ចេញ​ពី​ភ្នែក​របស់​បង› ពេល​ដែល​អ្នក​មាន​ធ្នឹម​ក្នុង​ភ្នែក​ខ្លួន​ដូច្នេះ? មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​របស់​អ្នក​ជា​មុន​សិន ទើប​អ្នក​អាច​មើល​ឃើញ​ច្បាស់ ហើយ​អ្នក​អាច​យក​កម្ទេច​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន។

​«​កុំ​ឲ្យ​អ្វី​ដែល​បរិសុទ្ធ​ដល់​ឆ្កែ ហើយ​កុំ​បោះ​គជ់​ខ្យង​របស់​អ្នក​នៅ​មុខ​សត្វ​ជ្រូក​ឡើយ ក្រែង​វា​ជញ្ជ្រំ​គជ់​ទាំង​នោះ រួច​បែរ​មក​ខ្វេះ​អ្នក​វិញ។

​«​ចូរ​សុំ​ឥត​ឈប់ នោះ​អ្នក​នឹង​ទទួល ចូរ​រក​ឥត​ឈប់ នោះ​អ្នក​នឹង​រក​ឃើញ ចូរ​គោះ​ទ្វារ​ឥត​ឈប់ នោះ​ទ្វារ​នឹង​ត្រូវ​បើក​ឲ្យ។ ពីព្រោះ​អស់​អ្នក​ដែល​សុំ នឹង​ទទួល ហើយ​អស់​អ្នក​ដែល​រក នឹង​រក​ឃើញ ហើយ​ចំពោះ​អស់​អ្នក​ដែល​គោះ ទ្វារ​នឹង​ត្រូវ​បើក​ឲ្យ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សុំ​នំ​ប៉័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ដុំ​ថ្ម​ទៅ​កូន? ១០ ចុះ​បើ​កូន​សុំ​ត្រី តើ​មាន​អ្នក​ណា​នឹង​ឲ្យ​សត្វ​ពស់​ទៅ​កូន? ១១ ដូច្នេះ សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​ទុច្ចរិត ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន ទម្រាំ​តែ​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ លោក​ប្រាកដ​ជា​នឹង​ផ្ដល់​អ្វី​ល្អ​ៗ​ដល់​អ្នក​ដែល​សុំ​ពី​លោក​ច្រើន​ជាង​នោះ​ទៅ​ទៀត!

១២ ​«​ម្ល៉ោះ​ហើយ អ្នក​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក អ្នក​ក៏​ត្រូវ​ប្រព្រឹត្ត​យ៉ាង​នោះ​ចំពោះ​ពួក​គេ​ដែរ។ តាម​ពិត នេះ​ជា​ខ្លឹម​សារ​នៃ​សេចក្ដី​បង្រៀន​នៅ​ក្នុង​ច្បាប់ និង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ។

១៣ ចូរ​ចូល​តាម​ខ្លោង​ទ្វារ​តូច ពីព្រោះ​ផ្លូវ​និង​ខ្លោង​ទ្វារ​ដែល​នាំ​ទៅ​ដល់​ការ​វិនាស​ជីវិត គឺ​ធំ​ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ច្រើន​ចូល​តាម​ផ្លូវ​នោះ។ ១៤ រីឯ​ផ្លូវ​ដែល​ទៅ​ឯ​ជីវិត នោះ​ចង្អៀត ក៏​មាន​ខ្លោង​ទ្វារ​តូច​ផង ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ។

១៥ ​«​ចូរ​ប្រយ័ត្ន​ចំពោះ​ពួក​អ្នក​ប្រកាស​ទំនាយ​មិន​ពិត ដែល​មក​ឯ​អ្នក​រាល់​គ្នា​ដោយ​ក្លែង​ខ្លួន​ជា​សត្វ​ចៀម។ ប៉ុន្តែ​តាម​ពិត ពួក​គេ​ជា​ឆ្កែ​ចចក​ដែល​ស្រេក​ឃ្លាន​ជា​ខ្លាំង។ ១៦ អ្នក​រាល់​គ្នា​នឹង​ស្គាល់​ពួក​គេ​ដោយ​ផល​ផ្លែ​របស់​ពួក​គេ។ មិន​ដែល​មាន​អ្នក​ណា​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ​ឬ​ល្វា​តូច​ពី​ដើម​បន្លា​ទេ មែន​ទេ? ១៧ ស្រដៀង​គ្នា​ដែរ ដើម​ឈើ​ល្អ បង្កើត​ផល​ល្អ។ ប៉ុន្តែ ដើម​ឈើ​មិន​ល្អ បង្កើត​ផល​មិន​ល្អ។ ១៨ ដើម​ឈើ​ល្អ​មិន​អាច​បង្កើត​ផល​មិន​ល្អ​បាន​ទេ។ ឯ​ដើម​ឈើ​មិន​ល្អ​ក៏​មិន​អាច​បង្កើត​ផល​ល្អ​បាន​ដែរ។ ១៩ ដើម​ឈើ​ណា​ដែល​មិន​បង្កើត​ផល​ល្អ ត្រូវ​កាប់​ចោល ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។ ២០ ដូច្នេះ អ្នក​រាល់​គ្នា​ពិត​ជា​នឹង​ស្គាល់​មនុស្ស​ទាំង​នោះ ដោយ​ផល​ផ្លែ​របស់​ពួក​គេ។

២១ ​«​មិន​មែន​អស់​អ្នក​ដែល​និយាយ​មក​ខ្ញុំ​ថា​៖ ‹លោក​ម្ចាស់! លោក​ម្ចាស់!› នឹង​ចូល​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ គឺ​មាន​តែ​អ្នក​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​នៃ​បិតា​របស់ខ្ញុំ​ដែល​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ដែល​នឹង​ចូល​បាន។ ២២ នៅ​ថ្ងៃ​នោះ មនុស្ស​ជា​ច្រើន​នឹង​និយាយ​មក​ខ្ញុំ​ថា​៖ ‹លោក​ម្ចាស់! លោក​ម្ចាស់! តើ​យើង​មិន​បាន​ប្រកាស​ទំនាយ​តាង​នាម​លោក ហើយ​បណ្ដេញ​វិញ្ញាណ​កំណាច​តាង​នាម​លោក ថែម​ទាំង​ធ្វើ​ការ​ជា​ច្រើន​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​តាង​នាម​លោក​ទេ​ឬ?›។ ២៣ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពួក​គេ​ជា​សាធារណៈ​ថា​៖ ‹នែ! មនុស្ស​ប្រព្រឹត្ត​ប្រឆាំង​ច្បាប់! ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់​គ្នា​ទេ! ចូរ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!›។

២៤ ​«​ដូច្នេះ អស់​អ្នក​ដែល​ឮ​សម្ដី​របស់​ខ្ញុំ​ហើយ​ធ្វើ​តាម អ្នក​ទាំង​នោះ​ប្រៀប​ដូច​ជា​មនុស្ស​ចេះ​ពិចារណា ដែល​សង់​ផ្ទះ​នៅ​លើ​ថ្ម។ ២៥ រួច​មក ពេល​ភ្លៀង​ធ្លាក់​ខ្លាំង ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​បោក​វាយ​សន្ធាប់​មក​លើ​ផ្ទះ​នោះ តែ​ផ្ទះ​នោះ​មិន​បាន​បាក់​ស្រុត​ទេ ពីព្រោះ​បាន​ត្រូវ​សង់​នៅ​លើ​ថ្ម។ ២៦ ម្យ៉ាង​ទៀត អស់​អ្នក​ណា​ដែល​ឮ​សម្ដី​របស់​ខ្ញុំ​តែ​មិន​ធ្វើ​តាម អ្នក​ទាំង​នោះ​ប្រៀប​ដូច​ជា​មនុស្ស​ល្ងង់​ខ្លៅ ដែល​សង់​ផ្ទះ​នៅ​លើ​ខ្សាច់។ ២៧ បន្ទាប់​មក ពេល​ភ្លៀង​ធ្លាក់​ខ្លាំង ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​បោក​វាយ​សន្ធាប់​មក​លើ​ផ្ទះ​នោះ រួច​ក៏​បាក់​ស្រុត​ខូច​អស់​»។

២៨ ពេល​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ចប់​ហើយ នោះ​បណ្ដា​ជន​បាន​កោត​ស្ងើច​ក្រៃ​លែង​អំពី​វិធី​បង្រៀន​របស់​លោក ២៩ ពីព្រោះ​លោក​មិន​មែន​បង្រៀន​ដូច​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ទេ តែ​លោក​បង្រៀន​ក្នុង​នាម​ជា​អ្នក​ដែល​មាន​អំណាច​ពី​ព្រះ។

a ឬ​«​មាន​ចិត្ត​សុភាព​»​

b កន្លែង​ដុត​សំរាម​នៅ​ខាង​ក្រៅ​ក្រុង​យេរូសាឡិម។ ជា​ឈ្មោះ​ភាសា​ក្រិច​សម្រាប់​ជ្រលង​ហ៊ីណំ ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិច​នៃ​ក្រុង​យេរូសាឡិម​សម័យ​បុរាណ។ ទំនាយ​បញ្ជាក់​ថា​នឹង​មាន​សាក​សព​ជា​ច្រើន​នៅ​ទី​នោះ។ គ្មាន​ទី​សំអាង​ដែល​បង្ហាញ​ថា​គេ​បោះ​សត្វ ឬ​មនុស្ស​ទៅ​ក្នុង​កេហេណា​ដើម្បី​ឲ្យ​ភ្លើង​ឆេះ​ទាំង​រស់​ឬ​ឲ្យ​ទទួល​ទារុណកម្ម​ទេ។ ដូច្នេះ នោះ​មិន​អាច​ជា​តំណាង​កន្លែង​មួយ​ដែល​មនុស្ស​មើល​មិន​ឃើញ និង​ជា​កន្លែង​ដែល​ព្រលឹង​មនុស្ស​ត្រូវ​ទទួល​ទារុណកម្ម​ជា​រៀង​រហូត​ក្នុង​ភ្លើង​មែន​ទែន​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​បាន​ប្រើ​ពាក្យ​កេហេណា​ជា​តំណាង​ការ​បំផ្លាញ​ចោល​ដើម្បី​កុំ​ឲ្យ​មាន​ជា​រៀង​រហូត។

c មើល​កំណត់​សម្គាល់​ម៉ាថ  ៥:២២

d មើល​កំណត់​សម្គាល់​ម៉ាថ  ៥:២២

e នេះ​សំដៅ​លើ​ការ​ខ្ចី​ដោយ​មិន​យក​ការ

f ឬ​«​បាន​ត្រូវ​លើក​តម្កើង​»​

g ឬ​«​រំដោះ​»​

h ន័យ​ត្រង់​«​ភ្នែក​របស់​អ្នក​គឺ​ទុច្ចរិត​»​