លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទីដប់ប្រាំពីរ

ចូរចូលទៅជិតព្រះតាមរយៈការអធិស្ឋាន

ចូរចូលទៅជិតព្រះតាមរយៈការអធិស្ឋាន
  • ហេតុអ្វីយើងគួរអធិស្ឋានទូលព្រះ?

  • ដើម្បីឲ្យព្រះសណ្ដាប់សេចក្ដីអធិស្ឋានរបស់យើង តើយើងត្រូវធ្វើអ្វី?

  • តើព្រះតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់យើងតាមវិធីណាខ្លះ?

«ព្រះដែលបានបង្កើតផ្ទៃមេឃនឹងផែនដី»សព្វព្រះហឫទ័យសណ្ដាប់សេចក្ដីអធិស្ឋានរបស់យើង

១, ២. ហេតុអ្វីយើងគួរចាត់ទុកសេចក្ដីអធិស្ឋានជាឯកសិទ្ធិដ៏ខ្ពង់ខ្ពស់ណាស់សំរាប់យើង? ហេតុអ្វីយើងត្រូវដឹងអ្វីដែលព្រះគម្ពីរបង្រៀនអំពីសេចក្ដីអធិស្ឋាន?

បើប្រៀបទំហំផែនដីទៅនឹងទំហំសកលលោកទាំងមូលនោះ ផែនដីគឺតូចជាងឆ្ងាយណាស់។ តាមពិត ចំពោះព្រះយេហូវ៉ាជា«ព្រះដែលបានបង្កើតផ្ទៃមេឃនឹងផែនដី» អស់ទាំងសាសន៍ប្រៀបដូចជាទឹកមួយដំណក់នៅក្នុងថាំង។ (ទំនុកដំកើង ១១៥:១៥; អេសាយ ៤០:១៥) យ៉ាងណាក៏ដោយ ព្រះគម្ពីរប្រាប់ថា«ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នកដែលអំពាវនាវដល់ទ្រង់ គឺអស់អ្នកដែលអំពាវនាដល់ទ្រង់ដោយពិតត្រង់ ទ្រង់នឹងបំពេញបំណងចិត្ដនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ក៏នឹងពាក្យអំពាវនាវរបស់គេ ព្រមទាំងជួយសង្គ្រោះគេផង»។ (ទំនុកដំកើង ១៤៥:១៨, ១៩) សូមគិតពីអត្ថន័យនេះ! អ្នកបង្កើតដែលមានគ្រប់ព្រះចេស្ដា ទ្រង់គង់នៅជិតនឹងយើងហើយក៏សណ្ដាប់យើងទៀតផង បើយើង«អំពាវនាវដល់ទ្រង់ដោយពិតត្រង់!»។ ការអធិស្ឋានទូលព្រះយេហូវ៉ាពិតជាឯកសិទ្ធិដ៏ខ្ពង់ខ្ពស់ណាស់សំរាប់យើង!

ក៏ប៉ុន្ដែ ប្រសិនបើយើងចង់ឲ្យព្រះយេហូវ៉ាសណ្ដាប់សេចក្ដីអធិស្ឋានរបស់យើង នោះយើងត្រូវតែអធិស្ឋានតាមរបៀបដែលទ្រង់សព្វព្រះហឫទ័យ។ នេះមានន័យថាយើងត្រូវតែយល់អ្វីដែលព្រះគម្ពីរបង្រៀនអំពីសេចក្ដីអធិស្ឋាន មែនទេ? គឺជាការសំខាន់ណាស់ដែលយើងដឹងអ្វីដែលព្រះគម្ពីរបង្រៀនអំពីសេចក្ដីអធិស្ឋាន ដ្បិតសេចក្ដីអធិស្ឋានជួយឲ្យយើងចូលទៅជិតព្រះយេហូវ៉ាជាង។

ហេតុអ្វីគួរអធិស្ឋានទូលព្រះយេហូវ៉ា?

. តើអ្វីជាហេតុដ៏សំខាន់មួយដែលយើងគួរអធិស្ឋានទូលព្រះយេហូវ៉ា?

ហេតុដ៏សំខាន់មួយដែលយើងគួរអធិស្ឋានទូលព្រះយេហូវ៉ា គឺដោយសារទ្រង់អញ្ជើញយើងឲ្យអធិស្ឋាន។ ព្រះបន្ទូលរបស់ទ្រង់លើកទឹកចិត្ដយើងថា«កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន នឹងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះសេចក្ដីសុខសាន្ដរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ដ ហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូ»។ (ភីលីព ៤:៦, ៧) យើងប្រាកដជាមិនចង់ជាមនុស្សដែលមិនអើពើចំពោះការរៀបចំនេះ ដែលអ្នកគ្រប់គ្រងខ្ពង់ខ្ពស់បំផុតលើសកលលោកទាំងមូល បានរៀបចំដោយសេចក្ដីសប្បុរសនោះ!

. តើការអធិស្ឋានទូលព្រះយេហូវ៉ាជារឿយពង្រឹងចំណងមិត្ដភាពរបស់យើងជាមួយនឹងទ្រង់យ៉ាងដូចម្ដេច?

ហេតុមួយទៀតដែលគួរអធិស្ឋានគឺពីព្រោះការអធិស្ឋានទូលព្រះយេហូវ៉ាជារឿយៗ ជាវិធីមួយដែលយើងពង្រឹងចំណងមិត្ដភាពជាមួយទ្រង់។ មិត្ដសំឡាញ់ពិតមិនទាក់ទងគ្នាត្រឹមតែពេលដែលត្រូវការអ្វីមួយពីមិត្ដរបស់គេនោះទេ។ ផ្ទុយទៅវិញ មិត្ដជិតស្និទ្ធចាប់អារម្មណ៍នឹងសុខទុក្ខរបស់មិត្ដខ្លួន ហើយមិត្ដភាពរបស់ពួកគេគឺកាន់តែស្អិតល្មួត ពេលដែលពួកគេរៀបរាប់ប្រាប់អស់ពីចិត្ដអស់ពីគំនិត ការព្រួយបារម្ភ និងអារម្មណ៍របស់ខ្លួន។ មិត្ដភាពរវាងយើងនឹងព្រះយេហូវ៉ាគឺស្រដៀងគ្នានេះដែរ។ ដោយជំនួយពីសៀវភៅនេះ អ្នកបានរៀនជាច្រើនអំពីអ្វីដែលព្រះគម្ពីរបង្រៀនអំពីព្រះយេហូវ៉ា បុគ្គលិកលក្ខណៈរបស់ទ្រង់ និងគោលបំណងរបស់ទ្រង់។ អ្នកបានរៀនថា ព្រះយេហូវ៉ាជាបុគ្គលពិតមួយអង្គ។ សេចក្ដីអធិស្ឋានផ្ដល់ឱកាសឲ្យទូលប្រាប់ព្រះវរបិតារបស់អ្នកនៅស្ថានសួគ៌អំពីគំនិតនិងអារម្មណ៍ដែលកប់យ៉ាងជ្រៅក្នុងចិត្ដអ្នក។ ពេលដែលធ្វើដូច្នេះ អ្នកនឹងចូលទៅជិតព្រះយេហូវ៉ាជាង។—យ៉ាកុប ៤:៨

តើយើងត្រូវបំពេញតម្រូវការអ្វីខ្លះ?

. តើអ្វីបង្ហាញឲ្យដឹងថាព្រះយេហូវ៉ាមិនសណ្ដាប់សេចក្ដីអធិស្ឋានទាំងអស់?

តើព្រះយេហូវ៉ាសណ្ដាប់សេចក្ដីអធិស្ឋានទាំងអស់ទេ? សូមពិចារណាអ្វីដែលទ្រង់មានបន្ទូលទៅកាន់ជនជាតិអ៊ីស្រាអែល ដែលមិនស្ដាប់បង្គាប់ទ្រង់នៅសម័យព្យាការីអេសាយ។ ទ្រង់មានបន្ទូលថា«កាលណាឯងអធិស្ឋានជាច្រើន នោះអញនឹងមិនស្ដាប់ឡើយ ដ្បិតដៃឯងរាល់គ្នាប្រឡាក់ពេញដោយឈាម»។ (អេសាយ ១:១៥) ដូច្នេះ ការប្រព្រឹត្ដខ្លះរបស់យើងនាំឲ្យព្រះយេហូវ៉ាមិនសណ្ដាប់សេចក្ដីអធិស្ឋានយើង។ ហេតុនេះហើយ ដើម្បីឲ្យព្រះសព្វព្រះហឫទ័យសណ្ដាប់សេចក្ដីអធិស្ឋានរបស់យើងនោះ យើងត្រូវតែបំពេញតម្រូវការបឋមខ្លះៗ។

. តើអ្វីជាតម្រូវការមួយដែលត្រូវបំពេញជាចាំបាច់ដើម្បីឲ្យព្រះសណ្ដាប់សេចក្ដីអធិស្ឋានរបស់យើង? តើយើងអាចបំពេញតម្រូវការនោះយ៉ាងដូចម្ដេច?

តម្រូវការមួយដែលត្រូវបំពេញជាចាំបាច់គឺ យើងត្រូវមានជំនឿ។ (ម៉ាកុស ១១:២៤) សាវ័កប៉ុលបានសរសេរថា«បើឥតមានសេចក្ដីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថាទ្រង់ប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់»។ (ហេព្រើរ ១១:៦) ការមានជំនឿពិតមិនត្រឹមតែជាការដឹងថាមានព្រះមួយអង្គ ហើយដឹងថាទ្រង់សណ្ដាប់ព្រមទាំងតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់យើងប៉ុណ្ណោះទេ។ ជំនឿរបស់យើងគឺឲ្យឃើញដោយការប្រព្រឹត្ដ។ ដោយរបៀបរស់នៅរបស់យើង យើងត្រូវតែបង្ហាញភស្ដុតាងជាក់ច្បាស់ថាយើងមានជំនឿ។—យ៉ាកុប ២:២៦

. () ហេតុអ្វីយើងគួរបង្ហាញការគោរពពេលដែលអធិស្ឋានទូលព្រះយេហូវ៉ា? () នៅពេលដែលអធិស្ឋានទូលព្រះ តើយើងអាចបង្ហាញចិត្ដរាបទាបនិងចិត្ដស្មោះយ៉ាងដូចម្ដេច?

ព្រះយេហូវ៉ាក៏តម្រូវឲ្យអ្នកដែលអធិស្ឋានទូលទ្រង់ ទូលដោយចិត្ដរាបទាបនិងចិត្ដស្មោះ។ យើងមានហេតុជាច្រើនដែលយើងត្រូវមានចិត្ដរាបទាប ពេលដែលទូលព្រះយេហូវ៉ា មែនទេ? ធម្មតានៅពេលដែលមនុស្សមានឱកាសគាល់ស្ដេច ឬនិយាយជាមួយនឹងប្រធានាធិបតី ពួកគេនិយាយដោយគោរពនិងដោយទទួលស្គាល់ឋានៈរបស់អ្នកគ្រប់គ្រងនោះ។ ដូច្នេះពេលដែលទូលព្រះយេហូវ៉ា យើងគួរបង្ហាញការគោរពច្រើនជាងនោះទៅទៀត! (ទំនុកដំកើង ១៣៨:៦) យ៉ាងណាមិញ ទ្រង់ជា«ព្រះដ៏មានគ្រប់ព្រះចេស្ដា»។ (លោកុប្បត្ដិ ១៧:១) នៅពេលដែលយើងអធិស្ឋានទូលព្រះ របៀបយើងទូលទ្រង់គួរបញ្ជាក់ថាយើងមានចិត្ដរាបទាប និងទទួលស្គាល់ឋានៈរបស់ទ្រង់។ ចិត្ដរាបទាបក៏នឹងជំរុញយើងឲ្យទូលទ្រង់ចេញពីចិត្ដស្មោះ មិនមែនជាការចាំរត់មាត់ដោយពោលពាក្យដដែលនោះឡើយ។—ម៉ាថាយ ៦:៧, ៨

. តើយើងអាចប្រព្រឹត្ដតាមសេចក្ដីអធិស្ឋានរបស់យើងយ៉ាងដូចម្ដេច?

តម្រូវការមួយទៀតដើម្បីឲ្យព្រះសណ្ដាប់សេចក្ដីអធិស្ឋានរបស់យើង គឺយើងត្រូវប្រព្រឹត្ដឲ្យសមស្របតាមសេចក្ដីអធិស្ឋានរបស់យើង។ ព្រះយេហូវ៉ាតម្រូវឲ្យយើងខំអស់ពីសមត្ថភាពដើម្បីប្រព្រឹត្ដសមស្របតាមអ្វីដែលយើងបានអធិស្ឋាននោះ។ ជាឧទាហរណ៍ ប្រសិនបើយើងអធិស្ឋានថា«សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ» នោះយើងត្រូវខំប្រឹងធ្វើការងារណាដែលយើងអាចរកបាន។ (ម៉ាថាយ ៦:១១; ថែស្សាឡូនីចទី២ ៣:១០) បើយើងអធិស្ឋានសុំជំនួយដើម្បីយកឈ្នះភាពទន់ខ្សោយណាមួយ យើងត្រូវតែយកចិត្ដទុកដាក់ចៀសចេញពីកាលៈទេសៈណាដែលអាចនាំឲ្យជួបនឹងការល្បួង។ (កូល៉ុស ៣:៥) បន្ថែមនឹងតម្រូវការបឋមទាំងនេះ ក៏មានសំនួរខ្លះអំពីសេចក្ដីអធិស្ឋានដែលយើងត្រូវឆ្លើយដែរ។

ចម្លើយចំពោះសំនួរខ្លះអំពីសេចក្ដីអធិស្ឋាន

. () តើយើងគួរអធិស្ឋានទូលអ្នកណា? តើគួរអធិស្ឋានដោយនូវព្រះនាមរបស់អ្នកណា? () តើការអធិស្ឋានដោយនូវព្រះនាមព្រះយេស៊ូមានន័យដូចម្ដេច?

តើយើងគួរអធិស្ឋានទូលអ្នកណា? ព្រះយេស៊ូបានបង្រៀនអ្នកកាន់តាមទ្រង់ឲ្យអធិស្ឋានទូល«ព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌»។ (ម៉ាថាយ ៦:) ដូច្នេះយើងត្រូវតែអធិស្ឋានទូលព្រះយេហូវ៉ាតែមួយអង្គប៉ុណ្ណោះ។ ក៏ប៉ុន្ដែ ព្រះយេហូវ៉ាតម្រូវឲ្យយើងទទួលស្គាល់ព្រះនាមឋានៈរបស់ព្រះយេស៊ូគ្រីស្ទដែលជាព្រះរាជបុត្រាតែមួយរបស់ទ្រង់។ ដូចយើងបានរៀននៅជំពូកទីនោះ ព្រះយេស៊ូត្រូវបានចាត់ឲ្យមកផែនដីដើម្បីផ្ដល់តម្លៃលោះសំរាប់រំដោះយើងឲ្យរួចពីអំណាចបាបនិងសេចក្ដីស្លាប់។ (យ៉ូហាន ៣:១៦; រ៉ូម ៥:១២) ព្រះយេស៊ូបានត្រូវតែងតាំងជាសម្ដេចសង្ឃនិងជាចៅក្រម។ (យ៉ូហាន ៥:២២; ហេព្រើរ ៦:២០) ហេតុនេះ បទគម្ពីរបង្គាប់យើងឲ្យអធិស្ឋានទូលព្រះតាមព្រះយេស៊ូ។ ព្រះយេស៊ូអង្គទ្រង់ក៏បានមានបន្ទូលថា«ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាអាចទៅព្រះវរបិតាបានឡើយ»។ (យ៉ូហាន ១៤:៦) ដើម្បីឲ្យព្រះសណ្ដាប់សេចក្ដីអធិស្ឋានរបស់យើង យើងត្រូវតែអធិស្ឋានទូលព្រះយេហូវ៉ាតែមួយអង្គប៉ុណ្ណោះតាមដោយនូវព្រះនាមរបស់ព្រះរាជបុត្រទ្រង់។

១០. ហេតុអ្វីមិនចាំបាច់មានឥរិយាបថពិសេសណាមួយពេលដែលយើងអធិស្ឋាន?

១០ ពេលដែលអធិស្ឋាន តើយើងត្រូវមានឥរិយាបថពិសេសទេ? អត់ទេ! ព្រះយេហូវ៉ាមិនតម្រូវឲ្យមានឥរិយាបថពិសេសណាមួយឡើយ។ ព្រះគម្ពីរបង្រៀនថាមានឥរិយាបថជាច្រើនផ្សេងដែលសមរម្យពេលអធិស្ឋាន។ នេះរួមបញ្ចូលការអង្គុយ ឱនក្បាល លុតជង្គង់ ឬឈរ។ (នេហេមា ៨:៦; ដានីយ៉ែល ៦:១០; ម៉ាកុស ១១:២៥) អ្វីដែលសំខាន់មិនមែនជាឥរិយាបថពិសេសណាមួយដែលមនុស្សទៀតអាចមើលឃើញនោះទេ តែគឺជាចិត្ដគំនិតត្រឹមត្រូវ។ តាមពិតក្នុងកំលុងថ្ងៃនីមួយពេលយើងមានរឿងអាសន្ន យើងអាចអធិស្ឋានក្នុងចិត្ដដោយស្ងាត់មិនថាយើងនៅកន្លែងណាក៏ដោយ។ ព្រះយេហូវ៉ាព្រះសណ្ដាប់សេចក្ដីអធិស្ឋានបែបនេះ ទោះជាអ្នកទៀតមិនបានដឹងថាយើងកំពុងតែអធិស្ឋានក៏ដោយ។—នេហេមា ២:១-

១១. តើមានរឿងផ្ទាល់ខ្លួនអ្វីខ្លះដែលសមរម្យសំរាប់អធិស្ឋាន?

១១ តើយើងអាចអធិស្ឋានអំពីរឿងអ្វីខ្លះ? ព្រះគម្ពីរពន្យល់ថា«បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់[ព្រះយេហូវ៉ា]នឹងទទួលព្រម»។ (យ៉ូហានទី១ ៥:១៤) ដូច្នេះយើងអាចអធិស្ឋានសុំអ្វីក៏ដោយដែលសមស្របតាមព្រះហឫទ័យរបស់ព្រះ។ តើទ្រង់មានព្រះហឫទ័យចង់ឲ្យយើងអធិស្ឋានអំពីបញ្ហាផ្ទាល់ខ្លួនទេ? ប្រាកដជាចង់ឲ្យយើងអធិស្ឋានអំពីរឿងនោះមែន! ការអធិស្ឋានទូលព្រះយេហូវ៉ាគឺស្រដៀងនឹងការនិយាយជាមួយនឹងមិត្ដភក្ដិជិតស្និទ្ធ។ យើងអាច«ប្លុងចិត្ដ[«ទូលអស់ពីចិត្ដ», ព.ថ.]»ចំពោះព្រះ។ (ទំនុកដំកើង ៦២:៨) ជាការសមរម្យបើយើងអធិស្ឋានសុំវិញ្ញាណបរិសុទ្ធ ដ្បិតនោះនឹងជួយឲ្យយើងធ្វើអ្វីដែលត្រឹមត្រូវ។ (លូកា ១១:១៣) យើងក៏អាចសុំការណែនាំដើម្បីធ្វើការសម្រេចចិត្ដដ៏ល្អ ហើយអាចទូលសុំកម្លាំងពីទ្រង់ដើម្បីស៊ូទ្រាំនឹងការលំបាក។ (យ៉ាកុប ១:៥) ពេលដែលយើងធ្វើអំពើបាប យើងគួរសុំការអត់ឱនទោសដោយផ្អែកលើយញ្ញបូជាលោះរបស់ព្រះគ្រីស្ទ។ (អេភេសូរ ១:៣, ៧) ពិតមែនថាយើងមិនគួរអធិស្ឋានអំពីរឿងផ្ទាល់ខ្លួនប៉ុណ្ណោះឡើយ។ យើងក៏គួរអធិស្ឋានអំពីអ្នកទៀតដែរ ដូចជាសមាជិកក្រុមគ្រួសារនិងអ្នកថ្វាយបង្គំគ្នីគ្នា។—កិច្ចការ ១២:៥; កូល៉ុស ៤:១២

១២. តើយើងអាចឲ្យរឿងដែលទាក់ទងនឹងព្រះវរបិតារបស់យើងនៅស្ថានសួគ៌មានអាទិភាពក្នុងសេចក្ដីអធិស្ឋានរបស់យើងយ៉ាងដូចម្ដេច?

១២ រឿងដែលទាក់ទងនឹងព្រះយេហូវ៉ាគួរមានអាទិភាពទីមួយក្នុងសេចក្ដីអធិស្ឋានរបស់យើង។ យើងប្រាកដជាមានហេតុសរសើរទ្រង់ចេញពីដួងចិត្ដ ហើយអរព្រះគុណទ្រង់សំរាប់សេចក្ដីសប្បុរសរបស់ទ្រង់។ (របាក្សត្រទី១ ២៩:១០-១៣) ព្រះយេស៊ូបានទុកសេចក្ដីអធិស្ឋានមួយជាគំរូនៅម៉ាថាយ ៦:៩-១៣ ហើយក្នុងនោះទ្រង់បង្រៀនយើងថាត្រូវអធិស្ឋានសូមឲ្យព្រះនាមព្រះបានបរិសុទ្ធ។ នេះមានន័យថាយើងចង់ឲ្យព្រះនាមព្រះបានចាត់ទុកជាអ្វីដ៏ពិសិដ្ឋ។ បន្ទាប់ពីនោះទ្រង់បង្រៀនឲ្យអធិស្ឋានសូមឲ្យព្រះរាជាណាចក្ររបស់ព្រះមកដល់ ហើយឲ្យព្រះហឫទ័យរបស់ព្រះបានសម្រេចនៅផែនដីដូចនៅស្ថានសួគ៌ដែរ។ ក្រោយបានលើករឿងសំខាន់ទាំងនេះដែលទាក់ទងនឹងព្រះយេហូវ៉ា ទើបព្រះយេស៊ូលើកឡើងអំពីរឿងផ្ទាល់ខ្លួន។ ដូចគ្នាដែរ ពេលដែលយើងទុករឿងដែលទាក់ទងនឹងព្រះជាអាទិភាពទីមួយក្នុងសេចក្ដីអធិស្ឋានរបស់យើង នោះយើងបង្ហាញថាយើងមិនត្រឹមតែចាប់អារម្មណ៍នឹងប្រយោជន៍ខ្លួនប៉ុណ្ណោះឡើយ។

១៣. តើបទគម្ពីរបញ្ជាក់យ៉ាងណាអំពីប្រវែងសេចក្ដីអធិស្ឋានដែលព្រះសព្វព្រះហឫទ័យនោះ?

១៣ តើសេចក្ដីអធិស្ឋានរបស់យើងត្រូវវែងប៉ុនណា? ព្រះគម្ពីរមិនបានដាក់កំហិតថាសេចក្ដីអធិស្ឋានអំពីរឿងផ្ទាល់ខ្លួនការអធិស្ឋានតាងនាមមនុស្សមួយក្រុមត្រូវមានប្រវែងប៉ុនណានោះឡើយ។ ប្រវែងមានតាំងពីសេចក្ដីអធិស្ឋានខ្លីមួយមុនដែលបរិភោគ រហូតដល់សេចក្ដីអធិស្ឋានវែងមួយពេលដែលយើងទូលព្រះយេហូវ៉ាអស់ពីចិត្ដអំពីរឿងផ្ទាល់ខ្លួន។ (សាំយូអែលទី១ ១:១២, ១៥) ក៏ប៉ុន្ដែព្រះយេស៊ូបានផ្ដន្ទាទោសបុគ្គលដែលខំបង្ហាញភាពសុចរិតរបស់ខ្លួនដោយអធិស្ឋានវែងដើម្បីបង្អួតអ្នកទៀត។ (លូកា ២០:៤៦, ៤៧) សេចក្ដីអធិស្ឋានបែបនេះមិនធ្វើឲ្យព្រះយេហូវ៉ាសរសើរពួកគេសោះឡើយ។ អ្វីដែលសំខាន់គឺយើងអធិស្ឋានចេញពីចិត្ដ។ ដូច្នេះប្រវែងសេចក្ដីអធិស្ឋានដែលព្រះសព្វព្រះហឫទ័យប្រហែលជាខុសគ្នាតាមសេចក្ដីត្រូវការនិងកាលៈទេសៈ។

ទ្រង់អាចសណ្ដាប់សេចក្ដីអធិស្ឋានរបស់អ្នកគ្រប់ពេលវេលា

១៤. ពេលដែលព្រះគម្ពីរដាស់តឿនយើងឲ្យ«អធិស្ឋានជានិច្ច» តើនេះមានន័យដូចម្ដេច? ហេតុអ្វីនេះធ្វើឲ្យយើងសប្បាយ?

១៤ តើយើងគួរអធិស្ឋានច្រើនប៉ុនណា? ព្រះគម្ពីរជំរុញយើងឲ្យ«អធិស្ឋានជានិច្ច ឥតរសាយចិត្ដឡើយ»«ខ្ជាប់ខ្ជួនក្នុងសេចក្ដីអធិស្ឋាន» ហើយ«អធិស្ឋានឥតឈប់ឈរ»។ (លូកា ១៨:១; រ៉ូម ១២:១២; ថែស្សាឡូនីចទី១ ៥:១៧) នេះមិនមានន័យថា យើងត្រូវតែអធិស្ឋានទូលព្រះយេហូវ៉ាពីព្រលឹមទាល់ព្រលប់នោះទេ តែព្រះគម្ពីរកំពុងជំរុញយើងឲ្យអធិស្ឋានជារឿយ ដោយអរព្រះគុណព្រះយេហូវ៉ាជានិច្ចសំរាប់ព្រះទ័យល្អដែលទ្រង់សម្ដែងចំពោះយើង ហើយទូលសុំការណែនាំ ការសម្រាលទុក្ខ និងកម្លាំងពីទ្រង់។ ការដឹងថាព្រះយេហូវ៉ាមិនដាក់កំហិតទៅលើសេចក្ដីអធិស្ឋានដោយឲ្យយើងទូលទ្រង់ប៉ុន្មានដងអស់ប៉ុន្មាននាទីនោះ ពិតជាធ្វើឲ្យយើងសប្បាយចិត្ដណាស់ មែនទេ? បើយើងពិតជាឲ្យតម្លៃខ្ពស់ទៅលើឯកសិទ្ធិនៃការអធិស្ឋាននោះ យើងនឹងរកឱកាសជាច្រើនដើម្បីអធិស្ឋានទូលព្រះវរបិតារបស់យើងនៅស្ថានសួគ៌។

១៥. ហេតុអ្វីយើងគួរនិយាយ«អាម៉ែន» ពេលដែលយើងអ្នកទៀតអធិស្ឋានចប់នោះ?

១៥ ហេតុអ្វីយើងគួរឆ្លើយថា«អាម៉ែន» ពេលអធិស្ឋានចប់ហើយនោះ? ពាក្យថា«អាម៉ែន»មានន័យថា«ប្រាកដហើយ»«សូមឲ្យបានសម្រេចដូចបំណង»។ ឧទាហរណ៍ជាច្រើនក្នុងបទគម្ពីរបង្ហាញថា ការពោលថា«អាម៉ែន»ពេលដែលចប់សេចក្ដីអធិស្ឋានរបស់ខ្លួនសំរាប់មនុស្សមួយក្រុមជាការសមរម្យ។ (របាក្សត្រទី១ ១៦:៣៦; ទំនុកដំកើង ៤១:១៣) ដោយពោលថា«អាម៉ែន»ពេលយើងអធិស្ឋានចប់នោះ យើងបញ្ជាក់ថាអ្វីដែលយើងអធិស្ឋានគឺស្មោះពីចិត្ដ។ នៅពេលដែលយើងពោលថា«អាម៉ែន»ដោយសម្លេងក្នុងចិត្ដពេលដែលអ្នកទៀតអធិស្ឋានចប់នោះ យើងបង្ហាញថាយើងយល់ស្របនឹងអ្វីដែលបានត្រូវទូល។—កូរិនថូសទី១ ១៤:១៦

វិធីដែលព្រះតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់យើង

១៦. ស្ដីអំពីសេចក្ដីអធិស្ឋាន តើមានមូលដ្ឋានរឹងមាំសំរាប់ឲ្យជឿអ្វី?

១៦ តើព្រះយេហូវ៉ាពិតជាតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់យើងទេ? ទ្រង់ពិតជាតបឆ្លើយមែន! យើងមានមូលដ្ឋានរឹងមាំសំរាប់ជឿជាក់ថា «ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»តបឆ្លើយនឹងសេចក្ដីអធិស្ឋានដ៏ស្មោះរបស់មនុស្សរាប់លាននាក់។ (ទំនុកដំកើង ៦៥:២) ការតបឆ្លើយរបស់ព្រះយេហូវ៉ាចំពោះសេចក្ដីអធិស្ឋានរបស់យើងមកតាមវិធីផ្សេងៗ។

១៧. ហេតុអ្វីយើងអាចនិយាយថាព្រះប្រើទេវតានិងអ្នកបំរើនៅផែនដីដើម្បីតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់យើង?

១៧ ព្រះយេហូវ៉ាប្រើទេវតារបស់ទ្រង់និងអ្នកបំរើនៅផែនដីដើម្បីតបឆ្លើយចំពោះសេចក្ដីអធិស្ឋានរបស់យើង។ (ហេព្រើរ ១:១៣, ១៤) មានបទពិសោធន៍ជាច្រើនអំពីបុគ្គលដែលបានអធិស្ឋានសុំព្រះជួយពួកគេឲ្យយល់ព្រះគម្ពីរ ហើយមិនយូរក្រោយនោះមានអ្នកបំរើម្នាក់របស់ព្រះយេហូវ៉ាទៅជួបពួកគេ។ បទពិសោធន៍បែបនេះបង្ហាញជាភស្ដុតាងថាទេវតាក៏ជួយដឹកនាំកិច្ចការផ្សាយព្រះរាជាណាចក្រដែរ។ (វិវរណៈ ១៤:៦) ដើម្បីតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់យើងពេលមានអាសន្ន ព្រះយេហូវ៉ាប្រហែលជាជំរុញចិត្ដគ្រីស្ទានម្នាក់ឲ្យមកជួយយើង។សុភាសិត ១២:២៥; យ៉ាកុប ២:១៦

ដើម្បីតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់យើង ព្រះយេហូវ៉ាអាចជំរុញគ្រីស្ទានម្នាក់ឲ្យជួយយើង

១៨. តើព្រះយេហូវ៉ាប្រើវិញ្ញាណបរិសុទ្ធនិងព្រះបន្ទូលរបស់ទ្រង់យ៉ាងដូចម្ដេចដើម្បីតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់អ្នកបំរើទ្រង់?

១៨ ព្រះយេហូវ៉ាក៏ប្រើវិញ្ញាណបរិសុទ្ធនិងព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ទ្រង់ ដើម្បីតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់អ្នកបំរើទ្រង់ដែរ។ ទ្រង់ប្រហែលជាតបឆ្លើយនឹងការទូលអង្វរសុំជំនួយដើម្បីស៊ូទ្រាំនឹងការលំបាក ដោយផ្ដល់កម្លាំងនិងការណែនាំតាមរយៈវិញ្ញាណបរិសុទ្ធ។ (កូរិនថូសទី២ ៤:៧) ជារឿយៗ ការតបឆ្លើយចំពោះសេចក្ដីអធិស្ឋានរបស់យើងមកពីព្រះគម្ពីរ ដែលក្នុងនោះព្រះយេហូវ៉ាជួយយើងឲ្យធ្វើការសម្រេចចិត្ដដ៏ល្អ។ ពេលដែលយើងសិក្សាដោយខ្លួនឯងនិងអានសៀវភៅគ្រីស្ទានដូចជាសៀវភៅនេះជាដើម យើងប្រហែលជានឹងរកឃើញបទគម្ពីរដែលជួយយើង។ ចំណុចពីបទគម្ពីរដែលយើងត្រូវតែពិចារណា ប្រហែលជានឹងត្រូវលើកឡើងនៅកិច្ចប្រជុំតាមរយៈសំដីរបស់អ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំដែលយកចិត្ដទុកដាក់នឹងយើង។—កាឡាទី ៦:១

១៩. តើយើងគួរចាំអ្វីបើមើលទៅហាក់ដូចជាសេចក្ដីអធិស្ឋានរបស់យើងមិនបានទទួលនូវការតបឆ្លើយនោះ?

១៩ បើមើលទៅដូចជាព្រះយេហូវ៉ាមិនតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់យើងភ្លាម នេះមិនមែនដោយសារទ្រង់មិនអាចតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់យើងនោះទេ។ ផ្ទុយទៅវិញយើងត្រូវតែចាំថា ព្រះយេហូវ៉ាតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់យើងសមស្របតាមព្រះហឫទ័យរបស់ទ្រង់ និងនៅពេលកំណត់របស់ទ្រង់។ ទ្រង់ជ្រាបអំពីសេចក្ដីត្រូវការរបស់យើងនិងរបៀបបំពេញសេចក្ដីត្រូវការរបស់យើងច្បាស់ជាងយើងឆ្ងាយណាស់។ ជារឿយទ្រង់ឲ្យយើង‹[បន្ដ]សូម រក និងគោះ›។ (លូកា ១១:៥-១០) ការព្យាយាមបែបនេះបង្ហាញឲ្យព្រះឃើញថា យើងពិតជាប្រាថ្នាចង់បានអ្វីដែលយើងបានអធិស្ឋានសុំនោះ ហើយក៏មានជំនឿពិតប្រាកដដែរ។ ម្យ៉ាងទៀត ព្រះយេហូវ៉ាមិនតែងតែតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់យើងតាមរបៀបមួយដែលយើងអាចឃើញជាក់ស្ដែងនោះឡើយ។ ជាឧទាហរណ៍ បើយើងអធិស្ឋានអំពីការលំបាកមួយ ទ្រង់ប្រហែលជាតបឆ្លើយចំពោះសេចក្ដីអធិស្ឋានរបស់យើងដោយផ្ដល់កម្លាំងឲ្យស៊ូទ្រាំ ជាជាងបំបាត់ចោលការលំបាកនោះតែម្ដង។—ភីលីព ៤:១៣

២០. ហេតុអ្វីយើងគួរប្រើឯកសិទ្ធិនៃការអធិស្ឋានដ៏វិសេសនេះជារឿយ?

២០ យើងគួរមានកតញ្ញូធម៌ជ្រាលជ្រៅណាស់ ដែលអ្នកបង្កើតសកលលោកទាំងមូលគង់នៅជិតអ្នកដែលទូលទ្រង់តាមរបៀបត្រឹមត្រូវ! (ទំនុកដំកើង ១៤៥:១៨) ចូរឲ្យយើងប្រើឯកសិទ្ធិនៃការអធិស្ឋានដ៏វិសេសនេះជារឿយៗ។ បើយើងធ្វើដូច្នេះ យើងនឹងមានលទ្ធភាពចូលកាន់តែជិតព្រះយេហូវ៉ា ជាព្រះដែលសណ្ដាប់សេចក្ដីអធិស្ឋាន។