លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទីដប់ប្រាំបួន

ចូរនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះ

ចូរនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះ
  • តើត្រូវធ្វើអ្វីដើម្បីបង្ហាញថាយើងស្រឡាញ់ព្រះ?

  • តើយើងអាចនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះយ៉ាងដូចម្ដេច?

  • តើព្រះយេហូវ៉ានឹងប្រទានរង្វាន់អ្វីដល់អ្នកដែលនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់?

តើអ្នកនឹងយកព្រះយេហូវ៉ាជាទីពឹងទេក្នុងគ្រាច្របូកច្របល់នេះ ដូចពេលជ្រកព្យុះភ្លៀងនោះ?

១, ២. សព្វថ្ងៃនេះ តើយើងអាចយកអ្នកណាជាទីពឹងពំនាក់?

ឧបមាថានៅថ្ងៃមួយអ្នកកំពុងដើរតាមផ្លូវ ស្រាប់តែឃើញពពកឡើងខ្មៅ ឃើញផ្លេកបន្ទោរភ្លែតៗ ឮផ្គរលាន់រំពង ហើយចាប់ផ្ដើមភ្លៀងយ៉ាងខ្លាំងដូចជាគេហែកមេឃ។ អ្នករត់ត្របាញ់ជើងខំរកកន្លែងជ្រកភ្លៀង។ ខណៈនោះអ្នកឃើញជម្រកមួយដែលមាំ មានដំបូលឥតលិចទឹក ហើយមើលទៅគួរឲ្យចង់ចូលជ្រក។ អ្នកច្បាស់ជាអរណាស់!

យើងកំពុងតែរស់នៅគ្រាមួយដែលជ្រួលច្របល់ណាស់ប្រៀបដូចថ្ងៃដែលមានព្យុះភ្លៀង។ ស្ថានភាពពិភពលោកគឺកាន់តែអាក្រក់ទៅៗ។ ប៉ុន្ដែមានជម្រកមួយដែលមាំណាស់ ជាទីពឹងពំនាក់ដែលអាចផ្ដល់សុវត្ថិភាពនិងការពារយើងកុំឲ្យអ្វីកើតឡើងដែលអាចធ្វើឲ្យរងទុក្ខជារៀងរហូត។ តើជម្រកនោះជាអ្វី? សូមកត់សម្គាល់អ្វីដែលព្រះគម្ពីរបង្រៀន«ទូលបង្គំនឹងពោលពីព្រះយេហូវ៉ាថា ‹ទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំ គឺជាព្រះនៃទូលបង្គំហើយ ទូលបង្គំទុកចិត្ដនឹងទ្រង់› »។—ទំនុកដំកើង ៩១:២

. តើយើងអាចយកព្រះយេហូវ៉ាជាទីពឹងពំនាក់របស់យើងយ៉ាងដូចម្ដេច?

សូមគិតទៅមើល! ព្រះយេហូវ៉ាដែលជាអ្នកបង្កើតសកលលោកទាំងមូល ទ្រង់អាចជាទីពឹងពំនាក់របស់យើង។ ទ្រង់អាចការពារយើង ដ្បិតទ្រង់ខ្លាំងជាងអ្នកណាទាំងអស់អ្វីក៏ដោយដែលអាចធ្វើទុក្ខទោសយើង។ ទោះបើយើងរងទុក្ខក៏ដោយ ក៏ព្រះយេហូវ៉ាអាចលុបបំបាត់នូវស្លាកស្នាមនិងផលវិបាកពីទុក្ខលំបាកនោះបាន។ តើយើងអាចយកព្រះយេហូវ៉ាជាទីពឹងពំនាក់របស់យើងយ៉ាងដូចម្ដេច? យើងត្រូវតែទុកចិត្ដទ្រង់។ ម្យ៉ាងទៀតព្រះគម្ពីរជំរុញឲ្យយើង«រក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះ»។ (យូដាស ២០) ដូច្នេះ យើងត្រូវតែនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះ ដោយរក្សាសេចក្ដីស្រឡាញ់ជាមួយនឹងព្រះវរបិតារបស់យើងនៅស្ថានសួគ៌ឲ្យបានស្ថិតស្ថេរ។ ពេលនោះយើងអាចដឹងប្រាកដថាទ្រង់ជាទីពឹងពំនាក់របស់យើង។ ប៉ុន្ដែ តើយើងអាចបង្កើតឲ្យមានសេចក្ដីស្រឡាញ់បែបនេះយ៉ាងដូចម្ដេច?

ចូរទទួលស្គាល់ហើយប្រព្រឹត្ដតបនឹងសេចក្ដីស្រឡាញ់របស់ព្រះ

៤, ៥. តើព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើងតាមរបៀបណាខ្លះ?

ដើម្បីនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះ យើងត្រូវតែយល់នូវវិធីផ្សេងៗ ដែលព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើង។ សូមគិតអំពីសេចក្ដីបង្រៀនខ្លះក្នុងព្រះគម្ពីរដែលអ្នកបានរៀនតាមរយៈសៀវភៅនេះ។ ព្រះយេហូវ៉ាជាអ្នកបង្កើតរបស់សព្វសារពើ ហើយបានប្រទានផែនដីជាលំនៅដែលយើងពេញចិត្ដ។ ទ្រង់បានធ្វើឲ្យផែនដីបរិបូរណ៍ដោយអាហារ ទឹក ធនធានធម្មជាតិ សត្វដ៏គួរឲ្យចាប់អារម្មណ៍ និងទេសភាពល្អស្រស់ស្អាត។ ព្រះក៏បាននិពន្ធព្រះគម្ពីរ ហើយតាមរយៈព្រះគម្ពីរទ្រង់ឲ្យយើងស្គាល់ព្រះនាមនិងគុណសម្បត្ដិរបស់ទ្រង់។ ម្យ៉ាងទៀត ព្រះបន្ទូលរបស់ព្រះឲ្យយើងដឹងថា ទ្រង់បានចាត់ព្រះយេស៊ូជាព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់ឲ្យមកផែនដីដើម្បីរងទុក្ខនិងសោយទិវង្គតជំនួសយើង។ (យ៉ូហាន ៣:១៦) តើអំណោយនេះផ្ដល់ប្រយោជន៍អ្វីដល់យើង? នោះផ្ដល់សេចក្ដីសង្ឃឹមឲ្យយើងមានអនាគតភ្លឺស្វាង។

សេចក្ដីសង្ឃឹមរបស់យើងចំពោះពេលអនាគតក៏មានមូលដ្ឋានទៅលើអ្វីមួយទៀតដែលព្រះបានធ្វើ។ ព្រះយេហូវ៉ាបានស្ថាបនារដ្ឋាភិបាលមួយនៅស្ថានសួគ៌ គឺជាព្រះរាជាណាចក្រនៃព្រះមេស្ស៊ី។ មិនយូរប៉ុន្មានទៀត ព្រះរាជាណាចក្រនោះនឹងបំបាត់ចោលការឈឺចាប់ឲ្យអស់ ហើយធ្វើឲ្យផែនដីទៅជាសួនមនោរម្យ។ សូមគិតទៅមើល! យើងអាចរស់នៅក្នុងសួនមនោរម្យដោយមានសេចក្ដីសុខនិងសុភមង្គលជារៀងរហូត។ (ទំនុកដំកើង ៣៧:២៩) ប៉ុន្ដែនៅបច្ចុប្បន្ននេះវិញ ព្រះប្រទានការណែនាំអំពីរបៀបរស់នៅដ៏ល្អបំផុតសំរាប់គ្រាឥឡូវនេះ។ ទ្រង់ក៏បានប្រទានអំណោយមួយទៀតមកយើង គឺជាសេចក្ដីអធិស្ឋានដើម្បីយើងអាចទាក់ទងទ្រង់ដោយសេរី។ នេះជារបៀបខ្លះដែលព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិហើយសំរាប់រូបអ្នកផ្ទាល់។

. តើអ្នកប្រហែលជាតបនឹងសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?

សំនួរសំខាន់មួយដែលអ្នកត្រូវពិចារណាគឺ តើខ្ញុំនឹងប្រព្រឹត្ដតបនឹងសេចក្ដីស្រឡាញ់របស់ព្រះយ៉ាងដូចម្ដេច? មនុស្សជាច្រើននឹងឆ្លើយថា«ខ្ញុំត្រូវតែស្រឡាញ់ព្រះយេហូវ៉ាវិញ»។ តើអ្នកមានអារម្មណ៍ដូចនេះដែរទេ? ព្រះយេស៊ូមានបន្ទូលថាបញ្ញត្ដិសំខាន់បំផុតគឺ«ត្រូវឲ្យស្រឡាញ់[ព្រះយេហូវ៉ា] ជាព្រះនៃឯងឲ្យអស់អំពីចិត្ដ អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង»។ (ម៉ាថាយ ២២:៣៧) អ្នកប្រាកដជាមានហេតុជាច្រើនដែលជំរុញឲ្យស្រឡាញ់ព្រះយេហូវ៉ា។ ប៉ុន្ដែ តើការស្រឡាញ់ព្រះយេហូវ៉ាអស់ពីចិត្ដ អស់ពីព្រលឹងនិងគំនិតត្រឹមតែជាការមានអារម្មណ៍ថាអ្នកស្រឡាញ់ព្រះយេហូវ៉ាប៉ុណ្ណោះឬ?

. តើការស្រឡាញ់ព្រះគ្រាន់តែជាការមានអារម្មណ៍ថាស្រឡាញ់ទ្រង់ប៉ុណ្ណោះឬ? សូមពន្យល់។

ដូចព្រះគម្ពីរបានពណ៌នានោះ សេចក្ដីស្រឡាញ់ចំពោះព្រះមិនគ្រាន់តែជាអារម្មណ៍មួយប៉ុណ្ណោះទេ។ ពិតមែន យើងត្រូវមានអារម្មណ៍ថាយើងស្រឡាញ់ព្រះយេហូវ៉ា។ ប៉ុន្ដែអារម្មណ៍នោះគ្រាន់តែជាទីចាប់ផ្ដើមនៃការមានសេចក្ដីស្រឡាញ់ដ៏ពិតចំពោះទ្រង់ប៉ុណ្ណោះ។ ជាឧទាហរណ៍ ដើម្បីមានដើមផ្លែប៉ោមមួយ ត្រូវតែមានគ្រាប់ផ្លែប៉ោមជាមុន។ ក៏ប៉ុន្ដែ បើអ្នកចង់បានផ្លែប៉ោមមួយ ហើយគេហុចតែគ្រាប់ផ្លែប៉ោមមួយមកឲ្យនោះ តើអ្នកនឹងស្កប់ចិត្ដទេ? ប្រាកដជាមិនស្កប់ចិត្ដទេ! ស្រដៀងគ្នាដែរ ការមានអារម្មណ៍ថាស្រឡាញ់ព្រះយេហូវ៉ាគ្រាន់តែជាទីចាប់ផ្ដើម។ ព្រះគម្ពីរបង្រៀនថា«នេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្ដរបស់ទ្រង់ ឯបញ្ញត្ដទ្រង់នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ»។ (យ៉ូហានទី១ ៥:៣) សេចក្ដីស្រឡាញ់ចំពោះព្រះត្រូវបង្កើតផលល្អ ទើបចាត់ទុកជាសេចក្ដីស្រឡាញ់ដ៏ស្មោះពិត។ សេចក្ដីស្រឡាញ់នោះត្រូវសម្ដែងដោយការប្រព្រឹត្ដ។—ម៉ាថាយ ៧:១៦-២០

៨, ៩. តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់និងកតញ្ញូធម៌ចំពោះព្រះយ៉ាងដូចម្ដេច?

យើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះពេលដែលធ្វើតាមបញ្ញត្ដិទ្រង់ និងអនុវត្ដតាមគោលការណ៍របស់ទ្រង់ ហើយទង្វើនេះមិនពិបាកពេកនោះទេ។ ច្បាប់របស់ព្រះយេហូវ៉ាមិនមែនជាបន្ទុកធ្ងន់នោះទេ តែផ្ទុយទៅវិញច្បាប់ទាំងនោះ គឺដើម្បីជួយឲ្យយើងមានជីវិតសប្បាយ គាប់ចិត្ដ និងល្អផងដែរ។ (អេសាយ ៤៨:១៧, ១៨) បើយើងរស់នៅសមស្របតាមការណែនាំរបស់ព្រះយេហូវ៉ា យើងបង្ហាញព្រះវរបិតារបស់យើងនៅស្ថានសួគ៌ថា យើងពិតជាមនុស្សកតញ្ញូដោយសារអ្វីទាំងអស់ដែលទ្រង់បានប្រព្រឹត្ដដើម្បីយើង។ គួរឲ្យស្ដាយណាស់ សព្វថ្ងៃនេះកម្រមានមនុស្សកតញ្ញូ។ យើងមិនចង់ជាមនុស្សរមិលគុណដូចមនុស្សខ្លះដែលធ្លាប់រស់នៅសម័យព្រះយេស៊ូ។ ព្រះយេស៊ូបានប្រោសមនុស្សឃ្លង់ដប់នាក់ឲ្យជា ប៉ុន្ដែមានមនុស្សតែម្នាក់គត់ដែលបានវិលមកអរព្រះគុណទ្រង់វិញ។ (លូកា ១៧:១២-១៧) យើងច្បាស់ជាចង់ធ្វើដូចអ្នកនោះដែលចេះដឹងគុណ មិនមែនដូចមនុស្សប្រាំបួននាក់ដែលរមិលគុណនោះទេ!

តើបញ្ញត្ដិរបស់ព្រះយេហូវ៉ាដែលយើងត្រូវកាន់តាមមានអ្វីខ្លះ? យើងបានរៀនបញ្ញត្ដិមួយចំនួនរួចហើយក្នុងសៀវភៅនេះ ប៉ុន្ដែឥឡូវយើងនឹងបញ្ជាក់បញ្ញត្ដិខ្លះឡើងវិញ។ ការធ្វើតាមបញ្ញត្ដិរបស់ព្រះនឹងជួយឲ្យយើងនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះ។

ចូរចូលកាន់តែជិតព្រះយេហូវ៉ាជានិច្ច

១០. សូមពន្យល់មូលហេតុដែលការបន្ដក្រេបជញ្ជក់យកចំណេះអំពីព្រះយេហូវ៉ាគឺសំខាន់។

១០ ការរៀនអំពីព្រះយេហូវ៉ាជាជំហានដ៏ចាំបាច់មួយក្នុងការចូលទៅជិតទ្រង់។ ការរៀនអំពីព្រះជាទង្វើដែលគួរបន្ដធ្វើជានិច្ច។ ប្រសិនបើអ្នកកំពុងតែឈរអាំងភ្លើង នៅពេលយប់ដែលមានធាតុអាកាសរងាខ្លាំងនោះ តើអ្នកនឹងឲ្យភ្នក់ភ្លើងនោះរលត់ទេ? អ្នកនឹងមិនឲ្យវារលត់ទេ។ អ្នកនឹងដាក់ឧសថែមទៀតដើម្បីឲ្យភ្លើងឆេះកាន់តែខ្លាំង។ ពុំនោះអ្នកអាចស្លាប់ដោយសាររងាពេក! ការ«ស្គាល់ដល់ព្រះ»ការទទួលចំណេះអំពីព្រះទៅទៀត ក៏ជួយរក្សាឲ្យសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាខ្លាំងជានិច្ច ដូចជាថែមឧសក្នុងភ្នក់ភ្លើងនោះឲ្យឆេះខ្លាំងជានិច្ច។—សុភាសិត ២:១-

យើងត្រូវរក្សាឲ្យសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ានៅតែខ្លាំងនិងកក់ក្ដៅជានិច្ច ដូចជាថែមឧសក្នុងភក់ភ្លើងឲ្យឆេះខ្លាំងជានិច្ច

១១. តើការបង្រៀនរបស់ព្រះយេស៊ូមានឥទ្ធិពលយ៉ាងណាទៅលើអ្នកកាន់តាមទ្រង់?

១១ ព្រះយេស៊ូចង់ឲ្យអ្នកកាន់តាមទ្រង់ រក្សាសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះយេហូវ៉ានិងព្រះបន្ទូលថ្លៃវិសេសរបស់ទ្រង់ឲ្យខ្លាំងនិងកក់ក្ដៅប្រៀបដូចជាភ្នក់ភ្លើងដែលឆេះខ្លាំងជានិច្ច។ ក្រោយព្រះយេស៊ូត្រូវប្រោសឲ្យរស់ឡើងវិញ ទ្រង់បង្រៀនសិស្សពីរនាក់អំពីទំនាយខ្លះក្នុងបទគម្ពីរហេព្រើរដែលទ្រង់បានធ្វើឲ្យសម្រេចនោះ។ តើការបង្រៀនមានឥទ្ធិពលយ៉ាងណាទៅលើសិស្សនោះ? ពួកគេបាននិយាយក្រោយមកថា«តើយើងមិនមាន[«អារម្មណ៍រំភើបនិងកក់ក្ដៅយ៉ាងខ្លាំង», ព.ថ.]នៅក្នុងចិត្ដ ក្នុងពេលដែលទ្រង់កំពុងតែមានបន្ទូលនឹងយើង ហើយសំដែងពីគម្ពីរតាមផ្លូវនោះទេអី?»។—លូកា ២៤:៣២

១២, ១៣. () សព្វថ្ងៃនេះ តើសេចក្ដីស្រឡាញ់របស់មនុស្សភាគច្រើនចំពោះព្រះនិងព្រះគម្ពីរទៅជាយ៉ាងណា? () តើយើងអាចធ្វើយ៉ាងណាដើម្បីកុំឲ្យសេចក្ដីស្រឡាញ់របស់យើងរសាយទៅ?

១២ នៅដើមដំបូងពេលរៀនដឹងនូវអ្វីដែលព្រះគម្ពីរពិតជាបង្រៀននោះ តើអ្នកមានអារម្មណ៍រំភើបនិងកក់ក្ដៅយ៉ាងខ្លាំង ថែមទាំងមានចិត្ដពោរពេញទៅដោយអំណរនិងសេចក្ដីស្រឡាញ់ចំពោះព្រះទេ? អ្នកប្រាកដជាមានអារម្មណ៍ដូចនេះមែន។ មនុស្សជាច្រើនធ្លាប់មានអារម្មណ៍ដូចអ្នកដែរ។ ឥឡូវអ្វីដែលពិបាកគឺត្រូវរក្សាសេចក្ដីស្រឡាញ់នោះឲ្យនៅតែខ្លាំងជានិច្ច ហើយត្រូវជួយធ្វើឲ្យសេចក្ដីស្រឡាញ់នោះកាន់តែជ្រាលជ្រៅថែមទៀត។ យើងមិនចង់ធ្វើតាមគំរូមនុស្សលោកីយ៍ទេ។ ព្រះយេស៊ូបានទាយថា«សេចក្ដីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ»។ (ម៉ាថាយ ២៤:១២) តើអ្នកអាចធ្វើអ្វីដើម្បីកុំឲ្យសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ានិងសេចក្ដីពិតពីព្រះគម្ពីររសាយទៅនោះ?

១៣ ចូរបន្ដក្រេបជញ្ជក់យកចំណេះអំពីព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ។ (យ៉ូហាន ១៧:៣) ចូររំពឹងគិតគិតឲ្យបានជ្រៅជ្រះអំពីអ្វីដែលអ្នកបានរៀនពីព្រះបន្ទូលរបស់ព្រះ ដោយសួរខ្លួនឯងថា៖ ‹តើនេះបង្រៀនខ្ញុំអ្វីអំពីព្រះយេហូវ៉ា? តើនេះផ្ដល់មូលហេតុថែមទៀតដែលគួរជំរុញឲ្យខ្ញុំស្រឡាញ់ទ្រង់អស់ពីចិត្ដ គំនិត និងព្រលឹងទេ?›។ (ទំនុកដំកើង ៧៧:១២) ការរំពឹងគិតយ៉ាងនេះនឹងជួយឲ្យសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ានៅតែខ្លាំងនិងកក់ក្ដៅជានិច្ច។

១៤. តើការអធិស្ឋានអាចជួយឲ្យយើងរក្សាសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាឲ្យនៅតែខ្លាំងនិងកក់ក្ដៅយ៉ាងដូចម្ដេច?

១៤ វិធីមួយទៀតដែលអ្នកអាចរក្សាសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ាឲ្យខ្លាំងជានិច្ចគឺដោយអធិស្ឋានជារឿយៗ។ (ថែស្សាឡូនីចទី១ ៥:១៧) នៅជំពូកទី១៧ក្នុងសៀវភៅនេះ យើងបានរៀនថាសេចក្ដីអធិស្ឋានជាអំណោយវិសេសមួយពីព្រះ។ ចំណងមិត្ដភាពរវាងមនុស្សពីរនាក់គឺកាន់តែរឹងមាំទៅប្រសិនបើពួកគេប្រស្រ័យទាក់ទងគ្នាជារឿយៗ។ ដូចគ្នាដែរចំណងមិត្ដភាពរបស់យើងជាមួយព្រះយេហូវ៉ានឹងមានភាពកក់ក្ដៅហើយរឹងមាំជានិច្ច ប្រសិនបើយើងអធិស្ឋានជារឿយៗ។ យើងមិនត្រូវឲ្យសេចក្ដីអធិស្ឋានរបស់យើងទៅជាការសូត្ររត់មាត់ពោលពាក្យដដែលដោយគ្មានអារម្មណ៍អត្ថន័យនោះឡើយ។ យើងត្រូវតែទូលព្រះយេហូវ៉ាដូចជាកូននិយាយជាមួយនឹងបិតាជាទីស្រឡាញ់។ ពិតមែនយើងត្រូវទូលដោយគោរព ប៉ុន្ដែក៏ត្រូវទូលដោយស្មោះអស់ពីចិត្ដដែរ។ (ទំនុកដំកើង ៦២:៨) ការសិក្សាព្រះគម្ពីរដោយខ្លួនឯង ហើយការអធិស្ឋានស្មោះអស់ពីចិត្ដ ជាផ្នែកសំខាន់នៃការថ្វាយបង្គំរបស់យើង ហើយនោះក៏ជួយឲ្យយើងនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះ។

ការទទួលអំណរពីការថ្វាយបង្គំ

១៥, ១៦. ហេតុអ្វីគឺសមរម្យដែលយើងចាត់ទុកកិច្ចផ្សព្វផ្សាយព្រះរាជាណាចក្រជាឯកសិទ្ធិមួយ ហើយជាអ្វីដែលមានតម្លៃស្មើទ្រព្យសម្បត្ដិ?

១៥ ការសិក្សាព្រះគម្ពីរដោយខ្លួនឯងនិងការអធិស្ឋានជាផ្នែកនៃការថ្វាយបង្គំ ដែលយើងប្រហែលជាមិនធ្វើនៅមុខអ្នកទៀតឡើយ។ ប៉ុន្ដែ ឥឡូវយើងនឹងពិចារណាផ្នែកមួយនៃការថ្វាយបង្គំរបស់យើង ដែលយើងធ្វើនៅមុខអ្នកទៀត គឺយើងនិយាយប្រាប់អ្នកទៀតអំពីជំនឿរបស់យើង។ តើអ្នកធ្លាប់ប្រាប់អ្នកទៀតអំពីសេចក្ដីពិតខ្លះពីព្រះគម្ពីរទេ? បើបានធ្វើដូច្នេះមែន អ្នកមានឯកសិទ្ធិដ៏អស្ចារ្យណាស់។ នៅពេលដែលយើងប្រាប់សេចក្ដីពិតដែលយើងបានរៀនពីព្រះយេហូវ៉ា យើងកំពុងតែបំពេញភារកិច្ចមួយសំខាន់ណាស់ដែលត្រូវតម្រូវឲ្យគ្រីស្ទានពិតទាំងឡាយធ្វើ គឺជាការផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០

១៦ សាវ័កប៉ុលបានចាត់ទុកកិច្ចបំរើរបស់គាត់ជាអ្វីដែលមានតម្លៃវិសេស ហើយបានប្រដូចកិច្ចបំរើនោះទៅនឹងទ្រព្យសម្បត្ដិ។ (កូរិនថូសទី២ ៤:៧) ការនិយាយប្រាប់មនុស្សអំពីព្រះនិងគោលបំណងរបស់ទ្រង់ជាកិច្ចការល្អបំផុតដែលអ្នកអាចធ្វើបាន ដ្បិតនោះជាកិច្ចបំរើថ្វាយចំពោះចៅហ្វាយដ៏ល្អបំផុត ហើយក៏នាំឲ្យយើងទទួលប្រយោជន៍ច្រើនបំផុត។ ដោយចូលរួមធ្វើកិច្ចការនេះ អ្នកកំពុងតែជួយមនុស្សដែលមានចិត្ដស្មោះឲ្យចូលទៅជិតព្រះវរបិតារបស់យើងនៅស្ថានសួគ៌ ហើយចាប់ផ្ដើមដើរតាមផ្លូវដែលនាំទៅជីវិតជារៀងរហូត! ច្បាស់ជាគ្មានកិច្ចការណាដែលអាចធ្វើឲ្យយើងពេញចិត្ដជាងនេះទេ មែនទេ? ម្យ៉ាងទៀត ការផ្សព្វផ្សាយអំពីព្រះយេហូវ៉ានិងព្រះបន្ទូលរបស់ទ្រង់ជួយបង្កើននូវជំនឿនិងសេចក្ដីស្រឡាញ់របស់អ្នកចំពោះទ្រង់។ ហើយព្រះយេហូវ៉ាឲ្យតម្លៃខ្ពស់ទៅលើការព្យាយាមរបស់អ្នក។ (ហេព្រើរ ៦:១០) បើខ្នះខ្នែងធ្វើកិច្ចការនេះជានិច្ច នោះនឹងជួយឲ្យយើងនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះជានិច្ច។—កូរិនថូសទី១ ១៥:៥៨

១៧. ហេតុអ្វីបានជាកិច្ចផ្សព្វផ្សាយត្រូវធ្វើឡើងដោយមិនបង្អែបង្អង់?

១៧ គឺជាការសំខាន់ដែរបើអ្នកចាំថា កិច្ចផ្សព្វផ្សាយព្រះរាជាណាចក្រជាកិច្ចការមួយដែលត្រូវធ្វើដោយមិនបង្អែបង្អង់ឡើយ។ ព្រះគម្ពីរចែងថា«ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ! ហើយទទូចជំរុញផង»។ (ធីម៉ូថេទី២ ៤:២) ហេតុអ្វីពេលគឺបន្ទាន់ហើយសំរាប់ធ្វើកិច្ចការនេះ? ព្រះបន្ទូលរបស់ព្រះចែងថា«ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់ គឺបានមកជិតហើយ ក៏ប្រញឹកណាស់ដែរ»។ (សេផានា ១:១៤) ដូច្នេះគឺជិតដល់ពេលដែលព្រះយេហូវ៉ានឹងបំផ្លាញលោកីយ៍ទាំងមូលនេះចោល។ មនុស្សត្រូវទទួលការព្រមាន! ពួកគេត្រូវដឹងថាឥឡូវនេះជាពេលសំរាប់ជ្រើសរើសព្រះយេហូវ៉ាជាអ្នកគ្រប់គ្រង។ ទីបញ្ចប់នឹងមក«ឥតរារង់ឡើយ»។—ហាបាគុក ២:៣

១៨. ហេតុអ្វីយើងគួរចូលរួមជាមួយគ្រីស្ទានពិតទៀតហើយថ្វាយបង្គំព្រះយេហូវ៉ាជាសាធារណៈ?

១៨ ព្រះយេហូវ៉ាមានព្រះទ័យចង់ឲ្យយើងចូលរួមជាមួយគ្រីស្ទានពិតទៀតហើយថ្វាយបង្គំទ្រង់។ នេះជាមូលហេតុដែលព្រះបន្ទូលរបស់ទ្រង់ចែងថា«ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្ដការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយត្រូវឲ្យកំឡាចិត្ដគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ»។ (ហេព្រើរ ១០:២៤, ២៥) នៅពេលដែលយើងជួបជុំគ្នានៅកិច្ចប្រជុំគ្រីស្ទាន យើងមានឱកាសល្អដើម្បីសរសើរនិងថ្វាយបង្គំព្រះជាទីស្រឡាញ់របស់យើង។ យើងក៏លើកទឹកចិត្ដគ្នាទៅវិញទៅមកដែរ។

១៩. តើយើងអាចជួយពង្រឹងសេចក្ដីស្រឡាញ់ក្នុងក្រុមជំនុំយ៉ាងដូចម្ដេច?

១៩ ពេលដែលយើងចូលរួមជាមួយអ្នកទៀតដែលថ្វាយបង្គំព្រះយេហូវ៉ា នោះយើងពង្រឹងសេចក្ដីស្រឡាញ់និងមិត្ដភាពក្នុងក្រុមជំនុំ។ គឺជាការសំខាន់ដែលយើងរិះរកលក្ខណៈល្អរបស់អ្នកជឿគ្នីគ្នា ដូចព្រះយេហូវ៉ារិះរកលក្ខណៈល្អរបស់យើងដែរ។ កុំសង្ឃឹមថាអ្នកជឿគ្នីគ្នាជាមនុស្សគ្រប់ល័ក្ខណ៍នោះឡើយ។ សូមចាំថាអ្នកជឿគ្នីគ្នាស្ថិតនៅដំណាក់កាលខុសគ្នាចំពោះការរីកចំរើនខាងវិញ្ញាណ ហើយយើងទាំងអស់គ្នាភ្លាត់ធ្វើខុសម្ដងម្កាល។ (កូល៉ុស ៣:១៣) ចូរព្យាយាមបង្កើតឲ្យមានមិត្ដភាពជិតស្និទ្ធជាមួយអ្នកដែលស្រឡាញ់ព្រះយេហូវ៉ាយ៉ាងខ្លាំង ហើយអ្នកនឹងឃើញថាអ្នកនឹងរីកចំរើនខាងវិញ្ញាណដែរ។ ពិតមែនថាការថ្វាយបង្គំព្រះយេហូវ៉ាជាមួយបងប្អូនខាងវិញ្ញាណនឹងជួយឲ្យអ្នកនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះ។ តើព្រះយេហូវ៉ាប្រទានរង្វាន់អ្វីដល់អ្នកដែលថ្វាយបង្គំទ្រង់យ៉ាងស្មោះភក្ដីហើយនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ទ្រង់នោះ?

ចូរខំឲ្យបាន«ជីវិតដ៏ពិតប្រាកដ»

២០, ២១. តើ«ជីវិតដ៏ពិតប្រាកដ»ជាអ្វី? ហេតុអ្វីនោះជាសេចក្ដីសង្ឃឹមដ៏អស្ចារ្យ?

២០ ព្រះយេហូវ៉ាប្រទានជីវិតជារង្វាន់ចំពោះអ្នកបំរើស្មោះភក្ដីរបស់ទ្រង់។ ក៏ប៉ុន្ដែតើជីវិតនោះជាជីវិតបែបណា? ដើម្បីឆ្លើយសំនួរនោះ សូមគិតអំពីសំនួរនេះវិញ។ តើអ្នកពិតជាមានជីវិតរស់នៅឥឡូវនេះទេ? យើងភាគច្រើននឹងឆ្លើយថាយើងមានជីវិតរស់នៅមែន។ យ៉ាងណាមិញ យើងដកដង្ហើម បរិភោគ ហើយហូបទឹក។ ដូច្នេះយើងច្បាស់ជាមានជីវិតរស់នៅ។ ហើយនៅគ្រាដែលយើងមានក្ដីរីករាយយ៉ាងខ្លាំងនោះ យើងប្រហែលជាគិតថា‹នេះពិតជាជីវិតសប្បាយបំផុត!›។ ក៏ប៉ុន្ដែព្រះគម្ពីរបានឲ្យយើងដឹងថា គ្មានមនុស្សណាម្នាក់សព្វថ្ងៃនេះដែលពិតជាមានជីវិតពិតប្រាកដនោះទេ។

ព្រះយេហូវ៉ាចង់ឲ្យអ្នករីករាយនឹង«ជីវិតដ៏ពិតប្រាកដ» តើរូបអ្នកនឹងបាន«ជីវិតដ៏ពិតប្រាកដ»ទេ?

២១ ព្រះបន្ទូលរបស់ព្រះជំរុញយើងឲ្យ«ចាប់បានជីវិតអស់កល្បជានិច្ច[«ជីវិតដ៏ពិតប្រាកដ», ខ.ស.]»។ (ធីម៉ូថេទី១ ៦:១៩) បន្ទូលនោះប្រាប់ឲ្យដឹងថា«ជីវិតដ៏ពិតប្រាកដ»ជាអ្វីមួយដែលយើងសង្ឃឹមនឹងទទួលនៅអនាគតកាល។ ពេលដែលយើងជាមនុស្សគ្រប់ល័ក្ខណ៍ហើយនោះ យើងនឹងមានជីវិតរស់នៅពិតប្រាកដ ដ្បិតយើងនឹងមានជីវិតរស់នៅដូចព្រះរាជបំណងដើមរបស់ព្រះ។ នៅពេលដែលយើងកំពុងតែរស់នៅលើផែនដីមនោរម្យដោយមានសុខភាព សេចក្ដីសុខសាន្ដ និងសុភមង្គលយ៉ាងពេញលេញនោះ យើងនឹងមាន«ជីវិតដ៏ពិតប្រាកដ» ពោលគឺជីវិតជារៀងរហូត។ (ធីម៉ូថេទី១ ៦:១២) នេះពិតជាសេចក្ដីសង្ឃឹមដ៏អស្ចារ្យណាស់ មែនទេ?

២២. តើយើងអាចចាប់បាន«ជីវិតដ៏ពិតប្រាកដ»យ៉ាងដូចម្ដេច?

២២ តើយើងអាចចាប់បាន«ជីវិតដ៏ពិតប្រាកដ»យ៉ាងដូចម្ដេច? ក្នុងជំពូកដដែលនោះ ប៉ុលបានដាស់តឿនគ្រីស្ទានទាំងឡាយឲ្យ«ធ្វើគុណ»និង«ការល្អជាបរិបូរ»។ (ធីម៉ូថេទី១ ៦:១៨) នេះបញ្ជាក់ថាការចាប់បាន«ជីវិតដ៏ពិតប្រាកដ» អាស្រ័យទៅលើយើងអនុវត្ដតាមសេចក្ដីពិតដែលបានរៀនពីព្រះគម្ពីរ។ ប៉ុន្ដែ តើប៉ុលចង់និយាយថាយើងនឹងមានសិទ្ធិទទួល«ជីវិតដ៏ពិតប្រាកដ» ដោយសារបានធ្វើការល្អឬ? មិនមែនទេ! ដ្បិតលទ្ធភាពទទួល«ជីវិតដ៏ពិតប្រាកដ»អាស្រ័យទៅលើការទទួលនូវ«ព្រះគុណ»ពីព្រះ។ (រ៉ូម ៥:១៥) ក៏ប៉ុន្ដែ ព្រះយេហូវ៉ាសព្វព្រះហឫទ័យប្រទានរង្វាន់ដល់អ្នកដែលថ្វាយបង្គំទ្រង់យ៉ាងស្មោះភក្ដី។ ទ្រង់ចង់ឲ្យអ្នកមាន«ជីវិតដ៏ពិតប្រាកដ»។ ជីវិតជារៀងរហូតដែលមានភាពសុខសប្បាយជាអ្វីដែលអស់អ្នកដែលនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះនឹងទទួលនៅថ្ងៃមុខ។

២៣. ហេតុអ្វីបានជាការនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះជាការសំខាន់?

២៣ យកល្អយើងម្នាក់សួរខ្លួនឯងថា៖ ‹តើខ្ញុំកំពុងតែថ្វាយបង្គំព្រះតាមរបៀបដែលទ្រង់បានណែនាំក្នុងព្រះគម្ពីរទេ?›។ ប្រសិនបើយើងគិតពិចារណាអំពីខ្លួនឯងជារៀងរាល់ថ្ងៃដើម្បីប្រាកដថាយើងកំពុងតែធ្វើដូច្នោះមែន នោះយើងកំពុងតែដើរក្នុងផ្លូវត្រឹមត្រូវហើយ។ យើងអាចជឿជាក់ថាព្រះយេហូវ៉ាជាទីពឹងពំនាក់របស់យើង។ ទ្រង់នឹងការពាររាស្ដ្រស្មោះភក្ដីរបស់ទ្រង់ឲ្យមានសុវត្ថិភាពនៅជាន់ក្រោយបង្អស់នៃរបបលោកីយ៍ដែលជ្រួលច្របល់នេះ។ ព្រះយេហូវ៉ាក៏នឹងនាំយើងចូលក្នុងពិភពលោកថ្មីដ៏រុងរឿងរបស់ទ្រង់ដែលជិតដល់ហើយនោះដោយសុវត្ថិភាព។ យើងពិតជានឹងរំភើបចិត្ដណាស់នៅគ្រានោះ! ហើយយើងនឹងសប្បាយណាស់ដែលយើងបានធ្វើការសម្រេចចិត្ដដ៏ត្រឹមត្រូវនៅជាន់ក្រោយបង្អស់នេះ! ប្រសិនបើអ្នកធ្វើការសម្រេចចិត្ដដ៏ត្រឹមត្រូវនៅឥឡូវនេះ នោះអ្នកនឹងមាន«ជីវិតដ៏ពិតប្រាកដ»ជារៀងរហូត គឺជីវិតដូចព្រះរាជបំណងដើមរបស់ព្រះយេហូវ៉ា!