លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទីប្រាំ

តម្លៃលោះរបស់ព្រះយេស៊ូជាអំណោយវិសេសបំផុតរបស់ព្រះ

តម្លៃលោះរបស់ព្រះយេស៊ូជាអំណោយវិសេសបំផុតរបស់ព្រះ
  • តើតម្លៃលោះរបស់ព្រះយេស៊ូជាអ្វី?

  • តើតម្លៃលោះនោះបានត្រូវផ្ដល់ឲ្យតាមវិធីណា?

  • តើតម្លៃលោះនោះអាចផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់អ្នក?

  • តើអ្នកអាចបង្ហាញថាអ្នកជាមនុស្សកតញ្ញូយ៉ាងដូចម្ដេច?

១, ២. () តើអំណោយមួយមានតម្លៃវិសេសចំពោះអ្នកនៅពេលណា? () ហេតុអ្វីអាចនិយាយថា តម្លៃលោះជាអំណោយវិសេសបំផុត?

តើអ្វីជាអំណោយវិសេសបំផុតដែលអ្នកធ្លាប់ទទួល? អំណោយមួយអាចមានតម្លៃ ទោះជាវាមិនសូវថ្លៃប៉ុន្មានក៏ដោយ។ យ៉ាងណាមិញ តម្លៃពិតប្រាកដនៃអំណោយមួយ មិនអាស្រ័យទៅលើតម្លៃដែលគេទិញនោះទេ។ ផ្ទុយទៅវិញ អំណោយនោះមានតម្លៃវិសេសចំពោះអ្នក ពេលដែលវានាំឲ្យអ្នកសប្បាយក៏បំពេញនូវសេចក្ដីត្រូវការណាមួយរបស់អ្នក។

ក្នុងចំណោមអំណោយទាំងអស់ដែលអ្នកអាចទទួលបាននោះ មានអំណោយមួយដែលល្អបំផុត។ នោះជាអំណោយមួយដែលព្រះបានប្រទានដល់មនុស្សជាតិ។ ព្រះយេហូវ៉ាបានប្រទានអ្វីជាច្រើនដល់យើង ប៉ុន្ដែអំណោយវិសេសបំផុតដែលទ្រង់បានប្រទាន គឺជាយញ្ញបូជាលោះរបស់ព្រះយេស៊ូគ្រីស្ទ ព្រះរាជបុត្រារបស់ទ្រង់។ (ម៉ាថាយ ២០:២៨) យើងនឹងរៀនក្នុងជំពូកនេះថា តម្លៃលោះជាអំណោយដ៏វិសេសបំផុត ដ្បិតនោះអាចនាំឲ្យមានសុភមង្គលដែលរកថ្លែងពុំបាន ហើយក៏អាចបំពេញនូវសេចក្ដីត្រូវការសំខាន់បំផុតរបស់អ្នកទៀតផង។ តម្លៃលោះរបស់ព្រះយេស៊ូពិតជាវិធីដែលព្រះយេហូវ៉ាបានបង្ហាញនូវសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះយើង។

តើតម្លៃលោះរបស់ព្រះយេស៊ូជាអ្វី?

. តើតម្លៃលោះរបស់ព្រះយេស៊ូជាអ្វី? ដើម្បីយល់នូវតម្លៃវិសេសនៃអំណោយនេះ តើយើងត្រូវយល់អ្វីជាមុនសិន?

បើនិយាយឲ្យចំទៅ តម្លៃលោះរបស់ព្រះយេស៊ូជាវិធីដែលព្រះយេហូវ៉ាលោះសង្គ្រោះមនុស្សជាតិឲ្យរួចពីបាបនិងសេចក្ដីស្លាប់។ (អេភេសូរ ១:៧) ដើម្បីយល់នូវអ្វីដែលព្រះគម្ពីរបង្រៀនអំពីរឿងនេះ យើងត្រូវនឹកចាំពីអ្វីដែលបានកើតឡើងនៅសួនច្បារអេដែន។ យើងត្រូវយល់នូវអ្វីដែលអ័ដាមបានបាត់បង់នៅពេលដែលគាត់ធ្វើបាប ទើបអាចយល់នូវមូលហេតុដែលតម្លៃលោះរបស់ព្រះយេស៊ូត្រូវជាអំណោយថ្លៃវិសេសចំពោះយើង។

. ដោយសារអ័ដាមមានជីវិតគ្រប់ល័ក្ខណ៍ តើគាត់ទទួលផលប្រយោជន៍អ្វី?

នៅពេលដែលព្រះយេហូវ៉ាបង្កើតអ័ដាម ទ្រង់ប្រទានអ្វីមួយដែលមានតម្លៃវិសេសពិតប្រាកដមែន នោះគឺជីវិតគ្រប់ល័ក្ខណ៍។ សូមពិចារណានូវផលប្រយោជន៍ដែលអ័ដាមបានទទួលពីជីវិតគ្រប់ល័ក្ខណ៍នោះ។ ដោយសារអ័ដាមមានរូបកាយនិងចិត្ដគំនិតគ្រប់ល័ក្ខណ៍ គាត់នឹងមិនទៅជាឈឺ ចាស់ ហើយក៏មិនស្លាប់ដែរ។ ដោយសារគាត់ជាមនុស្សគ្រប់ល័ក្ខណ៍ អ័ដាមមានចំណងមិត្ដភាពដ៏ពិសេសជាមួយនឹងព្រះយេហូវ៉ា។ ព្រះគម្ពីរប្រាប់ថា អ័ដាមជា«កូនព្រះ»។ (លូកា ៣:៣៨) ដូច្នេះ អ័ដាមមានភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ដូចកូនប្រុសមានភាពជិតស្និទ្ធជាមួយនឹងឪពុកដែលស្រឡាញ់កូន។ ព្រះយេហូវ៉ាធ្លាប់មានបន្ទូលនឹងអ័ដាមជាកូនទ្រង់ ដោយប្រាប់នូវកិច្ចការគួរឲ្យពេញចិត្ដដែលអ័ដាមត្រូវធ្វើ ហើយអ្វីដែលទ្រង់តម្រូវពីគាត់។—លោកុប្បត្ដិ ១:២៨-៣០; ២:១៦, ១៧

. ពេលដែលព្រះគម្ពីរប្រាប់ថា អ័ដាមត្រូវបានបង្កើត‹ឲ្យចំនឹងរូបអង្គព្រះ› តើនោះមានន័យដូចម្ដេច?

អ័ដាមត្រូវបានបង្កើត‹ឲ្យចំនឹងរូបអង្គព្រះ›។ (លោកុប្បត្ដិ ១:២៧) នេះមិនមានន័យថាអ័ដាមមានរូបសម្បត្ដិដូចព្រះទេ។ ដូចដែលយើងបានរៀននៅជំពូកទី១នៃសៀវភៅនេះ ព្រះយេហូវ៉ាជាវិញ្ញាណ យើងមើលទ្រង់ពុំឃើញឡើយ។ (យ៉ូហាន ៤:២៤) ដូច្នេះ ព្រះយេហូវ៉ាគ្មានរូបកាយជាសាច់ឈាមនោះទេ។ អ័ដាមត្រូវបានបង្កើតឲ្យចំនឹងរូបអង្គព្រះក្នុងន័យថា អ័ដាមមានគុណសម្បត្ដិដូចព្រះ រួមទាំងសេចក្ដីស្រឡាញ់ ប្រាជ្ញា យុត្ដិធម៌ និងអំណាច។ អ័ដាមគឺដូចព្រះវរបិតារបស់គាត់ក្នុងន័យមួយទៀតដ៏សំខាន់ គឺអ័ដាមមានចិត្ដសេរី។ ហេតុនេះ អ័ដាមមិនមែនដូចជាម៉ាស៊ីនដែលពុំអាចធ្វើអ្វីបើគ្មានការបញ្ជានោះឡើយ។ ផ្ទុយទៅវិញ គាត់អាចធ្វើការសម្រេចចិត្ដដោយខ្លួនឯង ហើយគាត់អាចសម្រេចចិត្ដធ្វើល្អក៏ធ្វើអាក្រក់។ បើគាត់សម្រេចចិត្ដស្ដាប់បង្គាប់ព្រះ គាត់នឹងបានរស់ជារៀងរហូតក្នុងសួនមនោរម្យនៅផែនដី។

. នៅពេលដែលអ័ដាមមិនស្ដាប់បង្គាប់ព្រះ តើគាត់បាត់បង់អ្វី? តើនោះប៉ះពាល់ដល់កូនចៅរបស់គាត់យ៉ាងដូចម្ដេច?

ដូច្នេះ យើងយល់ច្បាស់ហើយថា នៅពេលដែលអ័ដាមមិនស្ដាប់បង្គាប់ព្រះហើយបានទទួលការកាត់ទោសឲ្យត្រូវស្លាប់នោះ គាត់បានបាត់បង់អ្វីដែលមានតម្លៃក្រៃលែង។ អំពើបាបរបស់អ័ដាមនាំឲ្យបាត់បង់ជីវិតគ្រប់ល័ក្ខណ៍ព្រមទាំងផលប្រយោជន៍ទាំងប៉ុន្មានដែលគាត់បានទទួលដែរ។ (លោកុប្បត្ដិ ៣:១៧-១៩) គួរឲ្យស្ដាយណាស់ អ័ដាមមិនត្រឹមតែបាត់បង់នូវជីវិតគ្រប់ល័ក្ខណ៍ជាអំណោយដ៏វិសេសនោះទេ តែកូនចៅរបស់គាត់ដែលកើតក្រោយមកក៏នឹងគ្មានជីវិតគ្រប់ល័ក្ខណ៍ដែរ។ ព្រះបន្ទូលរបស់ព្រះប្រាប់ថា«បាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់[អ័ដាម] ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»។ (រ៉ូម ៥:១២) ពិតមែន យើងទាំងអស់គ្នាមានបាបដោយសារបានឆ្លងពីអ័ដាម។ ហេតុនេះព្រះគម្ពីរប្រាប់ថាអ័ដាមបាន«លក់»ខ្លួនឯងនិងកូនចៅទៅជាទាសករនៅក្រោមអំណាចរបស់បាបនិងសេចក្ដីស្លាប់។ (រ៉ូម ៧:១៤) អ័ដាមនិងអេវ៉ាមិនអាចទទួលសេចក្ដីសង្គ្រោះបានឡើយ ពីព្រោះពួកគេបានសម្រេចចិត្ដមិនស្ដាប់បង្គាប់ព្រះដោយចេតនា។ ប៉ុន្ដែចុះយ៉ាងណាវិញកូនចៅរបស់ពួកគាត់ ដែលរួមមានយើងទាំងអស់គ្នាដែរ?

៧, ៨. ពាក្យថាតម្លៃលោះរួមបញ្ចូលអ្វីពីរយ៉ាង តើនោះជាអ្វី?

ព្រះយេហូវ៉ាបានសង្គ្រោះមនុស្សតាមរយៈតម្លៃលោះរបស់ព្រះយេស៊ូ។ តើពាក្យថាតម្លៃលោះសំដៅលើអ្វី? ជាបឋមតម្លៃលោះរួមបញ្ចូលអ្វីពីរយ៉ាង។ ទីមួយ តម្លៃលោះជាថ្លៃដែលត្រូវចេញដើម្បីលោះអ្នកណាម្នាក់ទិញអ្វីមួយមកវិញ។ គឺដូចថ្លៃដែលត្រូវបង់ដើម្បីលោះឈ្លើយសឹក។ ទីពីរ តម្លៃលោះជាថ្លៃ ដែលត្រូវបង់ដើម្បីសងថ្លៃនៃអ្វីមួយ។ គឺស្រដៀងនឹងថ្លៃដែលត្រូវចេញជាការទូទាត់សងជំងឺចិត្ដ ពេលដែលនាំឲ្យជនណាផ្សេងទៀតមានការខូចបង់រងរបួស។ ជាឧទាហរណ៍ បើអ្នកណាម្នាក់បណ្ដាលឲ្យមានគ្រោះថ្នាក់នោះ គាត់ត្រូវសងតម្លៃឲ្យស្មើនឹងរបស់អ្វីដែលបានខូចបង់នោះ។

តើអាចទូទាត់សងនូវការខាតបង់ដ៏ធំក្រៃលែងដែលអ័ដាមនាំឲ្យយើងគ្រប់រូបមាននោះយ៉ាងដូចម្ដេច? តើនឹងអាចលោះយើងពីអំណាចបាបនិងសេចក្ដីស្លាប់បានយ៉ាងដូចម្ដេច? សូមពិចារណាតម្លៃលោះរបស់ព្រះយេស៊ូដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យ ថែមទាំងផលប្រយោជន៍ដែលអ្នកអាចទទួលពីតម្លៃលោះនោះ។

វិធីដែលព្រះយេហូវ៉ាបានផ្ដល់តម្លៃលោះ

. តើត្រូវការតម្លៃលោះបែបណា?

ដោយព្រោះបានបាត់បង់នូវជីវិតរបស់មនុស្សគ្រប់ល័ក្ខណ៍ម្នាក់ នោះគ្មានមនុស្សឥតគ្រប់ល័ក្ខណ៍ណាម្នាក់អាចចេញថ្លៃទិញនោះមកវិញបានឡើយ។ (ទំនុកដំកើង ៤៩:៧, ៨) អ្វីដែលត្រូវការគឺថ្លៃលោះដែលស្មើនឹងតម្លៃនៃអ្វីដែលបានបាត់បង់។ នេះសមស្របតាមគោលការណ៍យុត្ដិធម៌គ្រប់ល័ក្ខណ៍ដែលនៅក្នុងបន្ទូលរបស់ព្រះគឺ«ត្រូវធ្វើឲ្យជីវិតធួននឹងជីវិត»។ (ចោទិយកថា ១៩:២១) ដូច្នេះ តើអ្វីអាចទូទាត់សងថ្លៃជីវិតគ្រប់ល័ក្ខណ៍ដែលអ័ដាមបានបាត់បង់? ជីវិតរបស់មនុស្សគ្រប់ល័ក្ខណ៍ម្នាក់ទៀតគឺចាំបាច់ដើម្បីជាថ្លៃលោះដែលស្មើនឹងអ្វីដែលបានបាត់បង់នោះ។ធីម៉ូថេទី១ ២:៦

១០. តើព្រះយេហូវ៉ាបានផ្ដល់តម្លៃលោះយ៉ាងដូចម្ដេច?

១០ តើព្រះយេហូវ៉ាបានផ្ដល់តម្លៃលោះនោះយ៉ាងដូចម្ដេច? ទ្រង់បានចាត់បុត្រជាវិញ្ញាណគ្រប់ល័ក្ខណ៍មួយអង្គរបស់ទ្រង់ឲ្យមកផែនដី។ ប៉ុន្ដែព្រះយេហូវ៉ាមិនបានបិទព្រះនេត្ររើសបុគ្គលវិញ្ញាណមួយហើយចាត់ឲ្យមកនោះទេ។ ទ្រង់បានចាត់បុគ្គលវិញ្ញាណជាទីស្រឡាញ់បំផុតរបស់ទ្រង់ នេះគឺព្រះរាជបុត្រាទ្រង់តែមួយ។ (យ៉ូហានទី១ ៤:៩, ១០) ព្រះរាជបុត្រាសុខចិត្ដចេញពីស្ថានសួគ៌ជាលំនៅទ្រង់។ (ភីលីព ២:៧) ដូចដែលយើងបានរៀនក្នុងជំពូកមុននៃសៀវភៅនេះ ព្រះយេហូវ៉ាបានធ្វើអព្ភូតហេតុផ្ទេរព្រះជន្មរបស់ព្រះរាជបុត្រារបស់ទ្រង់ទៅក្នុងផ្ទៃរបស់នាងម៉ារា។ តាមរយៈវិញ្ញាណបរិសុទ្ធរបស់ព្រះ ព្រះយេស៊ូបានប្រសូតមកជាមនុស្សគ្រប់ល័ក្ខណ៍ដោយមិនជាប់ទោសជាអ្នកមានបាបឡើយ។—លូកា ១:៣៥

ព្រះយេហូវ៉ាបានឲ្យរាជបុត្រាលោកតែមួយជាថ្លៃលោះយើង

១១. តើមនុស្សម្នាក់អាចលោះមនុស្សរាប់លាននាក់បានយ៉ាងដូចម្ដេច?

១១ តើបុរសម្នាក់អាចលោះមនុស្សរាប់លាននាក់បានយ៉ាងដូចម្ដេច? ចុះតើមនុស្សរាប់លាននាក់បានទៅជាអ្នកមានបាបយ៉ាងដូចម្ដេច? សូមចាំថា ពេលដែលអ័ដាមធ្វើបាប នោះគាត់បាត់បង់អំណោយដ៏វិសេសមួយ គឺជីវិតគ្រប់ល័ក្ខណ៍។ ហេតុនេះ កូនចៅរបស់អ័ដាមមិនអាចទទួលបានជីវិតគ្រប់ល័ក្ខណ៍ពីគាត់បានឡើយ។ ផ្ទុយទៅវិញ កូនចៅរបស់គាត់អាចឆ្លងតែបាបនិងសេចក្ដីស្លាប់ប៉ុណ្ណោះ។ ព្រះយេស៊ូដែលព្រះគម្ពីរហៅ«លោកអ័ដាមក្រោយបង្អស់» ទ្រង់មានព្រះជន្មគ្រប់ល័ក្ខណ៍ ហើយទ្រង់មិនដែលធ្វើបាបឡើយ។ (កូរិនថូសទី១ ១៥:៤៥) យើងអាចនិយាយថាព្រះយេស៊ូបានមកជំនួសអ័ដាម ដើម្បីអាចសង្គ្រោះយើង។ ពេលដែលព្រះយេស៊ូបូជាលះបង់ព្រះជន្មគ្រប់ល័ក្ខណ៍របស់ទ្រង់ដោយស្ដាប់បង្គាប់ព្រះយ៉ាងល្អឥតខ្ចោះនោះ ទ្រង់បានទូទាត់សងថ្លៃនៃការខូចខាតដែលមកពីបាបរបស់អ័ដាម។ យ៉ាងនេះព្រះយេស៊ូបានបង្កើតឲ្យមានសេចក្ដីសង្ឃឹមសំរាប់កូនចៅរបស់អ័ដាម។—រ៉ូម ៥:១៩; កូរិនថូសទី១ ១៥:២១, ២២

១២. តើការឈឺចាប់របស់ព្រះយេស៊ូបានបង្ហាញអ្វី?

១២ ព្រះគម្ពីរពណ៌នាយ៉ាងល្អិតល្អន់អំពីទុក្ខវេទនាដែលព្រះយេស៊ូបានស៊ូទ្រាំមុនទ្រង់សោយទិវង្គត។ ទ្រង់ត្រូវគេវាយនឹងខ្សែតីយ៉ាងសាហាវព្រៃផ្សៃ ត្រូវគេបោះដែកគោលព្យួរនឹងបង្គោលឈើដោយគ្មានក្ដីមេត្ដា ហើយទ្រង់ក៏បានសោយទិវង្គតយ៉ាងឈឺចាប់វេទនាលើបង្គោលឈើទារុណកម្មនោះ។ (យ៉ូហាន ១៩:១, ១៦-១៨, ៣០; ការពន្យល់បន្ថែមនៅទំព័រ២៣៥-២៣៦) ហេតុអ្វីព្រះយេស៊ូត្រូវរងការឈឺចាប់ដូច្នេះ? ក្នុងជំពូកក្រោយយើងនឹងឃើញថា សាតាំងបាននាំឲ្យមានការសង្ស័យថា ព្រះយេហូវ៉ាគ្មានអ្នកបំរើណាម្នាក់នៅផែនដីដែលនឹងរក្សាភាពស្មោះត្រង់នៅចំពោះមុខការល្បងទុក្ខលំបាកទេ។ ក៏ប៉ុន្ដែដោយសារព្រះយេស៊ូបានរក្សាភាពស្មោះត្រង់ ទោះជាត្រូវរងទុក្ខវេទនាយ៉ាងខ្លាំងណាស់ក៏ដោយ ទ្រង់បានផ្ដល់ចម្លើយល្អបំផុតចំពោះការចោទប្រកាន់របស់សាតាំង។ ព្រះយេស៊ូបានបង្ហាញថា មនុស្សគ្រប់ល័ក្ខណ៍ម្នាក់ដែលមានចិត្ដសេរីអាចរក្សាចិត្ដស្មោះគ្រប់ល័ក្ខណ៍ចំពោះព្រះបាន មិនថាអារក្សធ្វើអ្វីក៏ដោយចំពោះគាត់។ ព្រះយេហូវ៉ាច្បាស់ជាបានរីករាយណាស់ដោយទតឃើញភាពស្មោះត្រង់របស់ព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់!សុភាសិត ២៧:១១

១៣. តើតម្លៃលោះនោះត្រូវបានបង់យ៉ាងដូចម្ដេច?

១៣ តើតម្លៃលោះនោះត្រូវបានបង់យ៉ាងដូចម្ដេច? នៅឆ្នាំ៣៣គ.ស. នាថ្ងៃទី១៤ នៃខែណែសាន ជាខែរបស់សាសន៍យូដា ព្រះបានអនុញ្ញាតឲ្យមនុស្សប្រហារព្រះជន្មព្រះរាជបុត្រារបស់ទ្រង់ដែលគ្រប់ល័ក្ខណ៍គ្មានបាបនោះ។ យ៉ាងនេះ ព្រះយេស៊ូបូជាព្រះជន្មរបស់ទ្រង់ជាមនុស្សគ្រប់ល័ក្ខណ៍«ដងជាសំរេច»។ (ហេព្រើរ ១០:១០) បីថ្ងៃក្រោយព្រះយេស៊ូសោយទិវង្គតនោះ ព្រះយេហូវ៉ាប្រោសទ្រង់ឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណ។ នៅស្ថានសួគ៌ ព្រះយេស៊ូបានយកតម្លៃនៃព្រះជន្មគ្រប់ល័ក្ខណ៍របស់ទ្រង់ថ្វាយព្រះជាថ្លៃលោះកូនចៅរបស់អ័ដាម។ (ហេព្រើរ ៩:២៤) ព្រះយេហូវ៉ាបានព្រមទទួលនូវតម្លៃនៃយញ្ញបូជាលោះរបស់ព្រះយេស៊ូ ជាថ្លៃដែលត្រូវការដើម្បីលោះមនុស្សជាតិឲ្យរួចពីអំណាចរបស់បាបនិងសេចក្ដីស្លាប់។—រ៉ូម ៣:២៣, ២៤

តើតម្លៃលោះមានប្រយោជន៍អ្វីសំរាប់អ្នក?

១៤, ១៥. ដើម្បីទទួលនូវការលើកលែងទោសឲ្យរួចពីបាប តើយើងត្រូវធ្វើអ្វី?

១៤ ទោះជាយើងនៅមានបាបក៏ដោយ យើងអាចទទួលបានផលប្រយោជន៍ដែលគ្មានអ្វីប្រៀបផ្ទឹមបាន តាមរយៈតម្លៃលោះរបស់ព្រះយេស៊ូ។ សូមពិចារណាប្រយោជន៍ខ្លះដែលអាចទទួលនៅឥឡូវនេះនិងនៅអនាគតដោយសារអំណោយវិសេសបំផុតនេះពីព្រះ។

១៥ ការលើកលែងទោសបាប: ដោយសារភាពឥតគ្រប់ល័ក្ខណ៍ដែលយើងបានឆ្លងពីអ័ដាមមក នោះយើងត្រូវខំប្រឹងទាំងលំបាកទើបអាចធ្វើអ្វីដែលត្រឹមត្រូវបាន។ យើងទាំងអស់គ្នាធ្វើបាបក្នុងពាក្យសំដីការប្រព្រឹត្ដ។ ប៉ុន្ដែតាមរយៈតម្លៃលោះរបស់ព្រះយេស៊ូ យើងអាចទទួល«សេចក្ដីផ្ដាច់បាប»ការលើកលែងទោសឲ្យរួចពីបាប។ (កូល៉ុស ១:១៣, ១៤) ក៏ប៉ុន្ដែដើម្បីទទួលការលើកលែងទោសនោះ យើងត្រូវតែប្រែចិត្ដយ៉ាងស្មោះ។ យើងក៏ត្រូវមានចិត្ដរាបទាបហើយអំពាវនាវរកព្រះយេហូវ៉ា សុំទ្រង់លើកលែងទោសឲ្យដោយសារជំនឿរបស់យើងលើតម្លៃលោះរបស់ព្រះយេស៊ូ។—យ៉ូហានទី១ ១:៨, ៩

១៦. ហេតុអ្វីយើងអាចថ្វាយបង្គំព្រះដោយមានអារម្មណ៍ថាទ្រង់សព្វព្រះហឫទ័យនឹងយើង មិនមែនផ្ដន្ទាទោសយើងនោះ? តើចំណងមិត្ដភាពរឹងមាំជាមួយនឹងព្រះមានប្រយោជន៍អ្វីខ្លះ?

១៦ ការមានអារម្មណ៍ថាព្រះសព្វព្រះហឫទ័យនឹងយើង មិនមែនផ្ដន្ទាទោសយើង: បើមានអារម្មណ៍ថាព្រះផ្ដន្ទាទោសយើង នោះធ្វើឲ្យយើងអស់សង្ឃឹមនិងធ្វើឲ្យមានអារម្មណ៍ថាខ្លួនយើងគ្មានតម្លៃទេ។ ក៏ប៉ុន្ដែព្រះយេហូវ៉ាអត់ឱនទោសយើងដោយផ្អែកលើតម្លៃលោះរបស់ព្រះយេស៊ូ ហើយការធ្វើដូច្នេះក៏បញ្ជាក់ថាទ្រង់បានបង្ហាញសេចក្ដីសប្បុរសដោយផ្ដល់លទ្ធភាពឲ្យថ្វាយបង្គំទ្រង់ ដោយមានអារម្មណ៍ថាទ្រង់សព្វព្រះហឫទ័យនឹងយើង ទោះជាយើងឥតគ្រប់ល័ក្ខណ៍ក៏ដោយ។ (ហេព្រើរ ៩:១៣, ១៤) ហេតុនេះហើយយើងអាចទូលព្រះយេហូវ៉ាដោយសេរី។ ដូច្នេះ យើងអាចអធិស្ឋានទូលថ្វាយទ្រង់ដោយក្លាហាន។ (ហេព្រើរ ៤:១៤-១៦) ការរក្សាចំណងមិត្ដភាពរឹងមាំជាមួយនឹងព្រះយេហូវ៉ាដូច្នេះ ធ្វើឲ្យយើងមានសេចក្ដីសុខក្នុងចិត្ដ ធ្វើឲ្យមានអារម្មណ៍ថាខ្លួនមានតម្លៃ និងក៏ធ្វើឲ្យមានសុភមង្គលទៀតផង។

១៧. តើយើងអាចទទួលសេចក្ដីល្អអ្វីដោយសារព្រះយេស៊ូបានសោយទិវង្គតដើម្បីយើង?

១៧ សេចក្ដីសង្ឃឹមទទួលបានជីវិតជារៀងរហូតក្នុងផែនដីមនោរម្យ: រ៉ូម ៦:២៣ ប្រាប់ថា«ឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់»។ ប៉ុន្ដែនោះក៏ប្រាប់ដែរថា«អំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ នៅជំពូកទី៣នៃសៀវភៅនេះ យើងបានពិភាក្សាអំពីអ្វីល្អដែលយើងនឹងទទួលក្នុងផែនដីមនោរម្យ។ (វិវរណៈ ២១:៣, ៤) សេចក្ដីល្អទាំងអស់នោះដែលយើងអាចទទួលនៅអនាគត រួមទាំងជីវិតជារៀងរហូតដោយមានសុខភាពគ្រប់ល័ក្ខណ៍ គឺបានដោយសារព្រះយេស៊ូបានសោយទិវង្គតដើម្បីយើង។ ដើម្បីទទួលសេចក្ដីល្អនោះ យើងត្រូវតែបង្ហាញថា យើងជាមនុស្សកតញ្ញូដោយសារបានទទួលតម្លៃលោះជាអំណោយទាន។

តើអ្នកអាចបង្ហាញថាអ្នកជាមនុស្សកតញ្ញូយ៉ាងដូចម្ដេច?

១៨. ហេតុអ្វីបានជាយើងគួរមានអំណរគុណចំពោះព្រះយេហូវ៉ាដោយសារទ្រង់ផ្ដល់តម្លៃលោះ?

១៨ ហេតុអ្វីយើងគួរមានកតញ្ញូធម៌ជ្រាលជ្រៅដោយសារព្រះយេហូវ៉ាបានផ្ដល់តម្លៃលោះ? អំណោយមួយមានតម្លៃវិសេសចំពោះយើងពេលអ្នកដែលឲ្យបានចំណាយពេល កម្លាំង ឬធនធានរបស់ខ្លួន។ យើងរំជួលចិត្ដពេលដែលឃើញថាអំណោយដែលបានទទួលបញ្ជាក់នូវជំរៅចិត្ដស្រឡាញ់ដ៏ស្មោះរបស់អ្នកជូន។ តម្លៃលោះគឺជាអំណោយវិសេសបំផុត ដ្បិតព្រះបានធ្វើពលិកម្មធំបំផុតដើម្បីផ្ដល់តម្លៃលោះនោះ។ យ៉ូហាន ៣:១៦ ប្រាប់ថា«ព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ»។ តម្លៃលោះជាភស្ដុតាងអស្ចារ្យបំផុតដែលបង្ហាញថាព្រះយេហូវ៉ាស្រឡាញ់យើង។ តម្លៃលោះក៏ជាភស្ដុតាងបញ្ជាក់នូវសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូ ដ្បិតទ្រង់បានសព្វព្រះហឫទ័យបូជាព្រះជន្មទ្រង់ដើម្បីយើង។ (យ៉ូហាន ១៥:១៣) ដូច្នេះ អំណោយជាតម្លៃលោះគួរធ្វើឲ្យយើងជឿជាក់ថា ព្រះយេហូវ៉ានិងព្រះរាជបុត្រារបស់ទ្រង់ស្រឡាញ់យើងម្នាក់ៗ។កាឡាទី ២:២០

ការរៀនថែមទៀតអំពីព្រះយេហូវ៉ាជាវិធីមួយដែលអ្នកអាចបង្ហាញថា អ្នកជាមនុស្សកតញ្ញូដោយសារបានទទួលថ្លៃលោះជាអំណោយទាន

១៩, ២០. តើអ្នកអាចបង្ហាញយ៉ាងដូចម្ដេចថា អ្នកជាមនុស្សកតញ្ញូដោយសារបានទទួលតម្លៃលោះជាអំណោយពីព្រះ?

១៩ ដូច្នេះ តើអ្នកអាចបង្ហាញយ៉ាងដូចម្ដេចថា អ្នកជាមនុស្សកតញ្ញូដោយសារបានទទួលតម្លៃលោះជាអំណោយនោះ? ជាបឋម ចូររៀនឲ្យបានច្រើនថែមទៀតអំពីព្រះយេហូវ៉ាដែលជាអ្នកប្រទានអំណោយនេះ: (យ៉ូហាន ១៧:៣) ការសិក្សាព្រះគម្ពីរតាមរយៈសៀវភៅនេះនឹងជួយអ្នករៀនអំពីទ្រង់។ ពេលដែលអ្នកបានចំណេះកាន់តែច្រើនអំពីព្រះយេហូវ៉ា នោះសេចក្ដីស្រឡាញ់របស់អ្នកចំពោះទ្រង់នឹងកាន់តែជ្រាលជ្រៅទៅៗ។ ជាលទ្ធផល សេចក្ដីស្រឡាញ់នោះនឹងជំរុញឲ្យអ្នកចង់ធ្វើអ្វីដែលទ្រង់សព្វព្រះហឫទ័យ។—យ៉ូហានទី១ ៥:៣

២០ ចូរបង្ហាញថាអ្នកមានជំនឿលើតម្លៃលោះរបស់ព្រះយេស៊ូ: ព្រះយេស៊ូមានបន្ទូលថា«អ្នកណាដែលជឿដល់ព្រះរាជបុត្រា នោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយ»។ (យ៉ូហាន ៣:៣៦) តើយើងអាចបង្ហាញថាយើងជឿលើព្រះយេស៊ូយ៉ាងដូចម្ដេច? ជំនឿបែបនេះមិនត្រូវបញ្ជាក់ដោយពាក្យសំដីប៉ុណ្ណោះទេ។ យ៉ាកុប ២:២៦ប្រាប់ថា«សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្ដតាម នោះឈ្មោះថាស្លាប់ហើយ»។ ប្រាកដហើយ ជំនឿពិតត្រូវបញ្ជាក់ដោយ«ការប្រព្រឹត្ដ» គឺអ្វីដែលយើងធ្វើ។ វិធីមួយដែលយើងបង្ហាញថាយើងជឿលើព្រះយេស៊ូ គឺយើងខំអស់ពីសមត្ថភាពដើម្បីយកតម្រាប់តាមទ្រង់ មិនត្រឹមតែដោយនិយាយតាមទ្រង់ប៉ុណ្ណោះ តែដោយប្រព្រឹត្ដតាមទ្រង់ទៀតផង។—យ៉ូហាន ១៣:១៥

២១, ២២. () ហេតុអ្វីបានជាយើងគួរមានវត្ដមាននៅពិធីអាហារល្ងាចរបស់ព្រះអម្ចាស់ជារៀងរាល់ឆ្នាំ? () តើអ្វីនឹងត្រូវពន្យល់ក្នុងជំពូកទីនិង៧?

២១ ចូរមានវត្ដមាននៅពិធីអាហារល្ងាចរបស់ព្រះអម្ចាស់ជារៀងរាល់ឆ្នាំ: នៅយប់ថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣គ.ស. ព្រះយេស៊ូបានប្រារព្ធធ្វើជាលើកដំបូងនូវពិធីពិសេស ដែលព្រះគម្ពីរហៅថា«លៀងបរិសុទ្ធនៃព្រះអម្ចាស់»អាហារល្ងាចរបស់ព្រះអម្ចាស់។ (កូរិនថូសទី១ ១១:២០; ម៉ាថាយ ២៦:២៦-២៨) ពិធីនេះក៏ត្រូវហៅថាបុណ្យរំឭកការសោយទិវង្គតរបស់គ្រីស្ទ។ ព្រះយេស៊ូបានផ្ដើមពិធីនេះ ដើម្បីជួយសាវ័ករបស់ទ្រង់និងអស់អ្នកណាដែលក្លាយជាគ្រីស្ទានពិតក្រោយមកទៀត ឲ្យចាំថាទ្រង់បានបូជាព្រះជន្មទ្រង់ជាតម្លៃលោះ ពេលដែលសោយទិវង្គតជាមនុស្សគ្រប់ល័ក្ខណ៍នោះ។ ស្ដីអំពីពិធីនេះ ព្រះយេស៊ូបង្គាប់ថា«ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ!»។ (លូកា ២២:១៩) ការមានវត្ដមាននៅបុណ្យរំឭកនេះជួយយើងចាំនូវសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលព្រះយេហូវ៉ានិងព្រះយេស៊ូបានបង្ហាញដោយផ្ដល់តម្លៃលោះ ហើយយើងអាចបង្ហាញថាយើងជាមនុស្សកតញ្ញូដោយមានវត្ដមាននៅពិធីបុណ្យរំឭកការសោយទិវង្គតរបស់ព្រះយេស៊ូជារៀងរាល់ឆ្នាំ។ *

២២ តម្លៃលោះដែលព្រះយេហូវ៉ាបានផ្ដល់នោះ ពិតជាអំណោយវិសេសដែលកាត់ថ្លៃពុំបានឡើយ។ (កូរិនថូសទី២ ៩:១៤, ១៥) អំណោយនេះក៏អាចផ្ដល់ផលប្រយោជន៍ដល់អ្នកដែលបានស្លាប់ទៅហើយទៀតផង។ ជំពូកទីនិងនឹងពន្យល់នូវមូលហេតុ។

^ វគ្គ 21 ដើម្បីបានព័ត៌មានថែមទៀតអំពីអត្ថន័យនៃអាហារល្ងាចរបស់ព្រះអម្ចាស់ សូមមើលការពន្យល់បន្ថែមនៅទំព័រ២៣៦-២៣៨