លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទីដប់

តើបុគ្គលវិញ្ញាណមានអានុភាពលើជីវិតយើងយ៉ាងដូចម្ដេច?

តើបុគ្គលវិញ្ញាណមានអានុភាពលើជីវិតយើងយ៉ាងដូចម្ដេច?
  • តើទេវតាជួយមនុស្សទេ?

  • តើពួកវិញ្ញាណអាក្រក់បញ្ចេញឥទ្ធិពលទៅលើមនុស្សយ៉ាងដូចម្ដេចខ្លះ?

  • តើយើងត្រូវខ្លាចពួកវិញ្ញាណអាក្រក់ទេ?

. ហេតុអ្វីយើងគួររៀនអំពីទេវតា?

បើអ្នកចង់ស្គាល់មនុស្សណាម្នាក់ឲ្យបានច្បាស់នោះ អ្នកក៏ត្រូវស្គាល់ក្រុមគ្រួសាររបស់គាត់ដែរ។ ស្រដៀងគ្នាដែរ បើចង់ស្គាល់ព្រះយេហូវ៉ា យើងក៏ត្រូវស្គាល់បណ្ដាទេវតាដែរ ដ្បិតទេវតាត្រូវចាត់ទុកជាក្រុមគ្រួសាររបស់ទ្រង់នៅស្ថានសួគ៌។ ក្នុងព្រះគម្ពីរ ទេវតាត្រូវហៅថា «កូនព្រះ»។ (យ៉ូប ៣៨:៧) តើទេវតាមានមុខនាទីអ្វីក្នុងការសម្រេចនូវគោលបំណងរបស់ព្រះ? នៅអតីតកាល តើទេវតាធ្លាប់ធ្វើអន្ដរាគមន៍ក្នុងព្រឹត្ដិការណ៍នានាដែលកើតឡើងនៅផែនដីទេ? តើទេវតាមានអានុភាពលើជីវិតរបស់អ្នកទេ? បើមានមែន តើមានអានុភាពយ៉ាងដូចម្ដេចខ្លះ?

. តើទេវតាបានកើតមកពីណា? តើមានទេវតាប៉ុន្មានរូប?

ព្រះគម្ពីរចែងអំពីទេវតារាប់រយដង។ សូមពិចារណាបទគម្ពីរខ្លះដើម្បីរៀនថែមទៀតអំពីទេវតា។ តើទេវតាបានកើតមកពីណា? កូល៉ុស ១:១៦ចែងថា«គ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ នឹងនៅផែនដី . . . សុទ្ធតែកើតមកដោយសារទ្រង់[ព្រះយេស៊ូគ្រីស្ទ]»។ ដូច្នេះដោយប្រើព្រះយេស៊ូ នោះព្រះយេហូវ៉ាបានបង្កើតបុគ្គលវិញ្ញាណមួយរូបដែលហៅថាទេវតា។ តើមានទេវតាប៉ុន្មានរូប? ព្រះគម្ពីរចែងឲ្យដឹងថាទេវតារាប់សែនលានបានត្រូវបង្កើត ហើយទេវតាមួយរូបគឺខ្លាំងក្លាណាស់។—ទំនុកដំកើង ១០៣:២០ *

. តើយ៉ូប ៣៨:៤- ប្រាប់អ្វីខ្លះអំពីទេវតា?

ព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះចែងថា«អស់ទាំងកូនព្រះបានស្រែកអរសាទរ»នៅពេលដែលផែនដីត្រូវបង្កើត។ (យ៉ូប ៣៨:៤-) នេះមានន័យថា ទេវតាធ្លាប់រស់នៅយូរមុនដែលមនុស្សត្រូវបង្កើត ហើយមុនដែលផែនដីបានត្រូវបង្កើតទៀតផង។ ខគម្ពីរនេះក៏ឲ្យយើងដឹងថា ទេវតាមានអារម្មណ៍ដែរ ពីព្រោះនោះចែងថាទេវតាបាន«ស្រែកអរសាទរ»។ សូមកត់សម្គាល់ថា«អស់ទាំងកូនព្រះ»បានអរសប្បាយជាមួយគ្នា។ នៅពេលនោះ ទេវតាទាំងឡាយរួមជាក្រុមគ្រួសារមួយដែលបំរើព្រះយេហូវ៉ាដោយសាមគ្គីភាព។

ការការពារនិងជំនួយពីទេវតា

. តើព្រះគម្ពីរបង្ហាញយ៉ាងដូចម្ដេចថា ទេវតាស្មោះត្រង់ចាប់អារម្មណ៍នឹងសកម្មភាពរបស់មនុស្សជាតិ?

តាំងពីពេលដែលឃើញព្រះបង្កើតមនុស្សពីរនាក់ដំបូងនោះ បុគ្គលវិញ្ញាណស្មោះត្រង់បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើមនុស្សជាតិ ហើយការសម្រេចនៃគោលបំណងរបស់ព្រះ។ (សុភាសិត ៨:៣០, ៣១; ពេត្រុសទី១ ១:១១, ១២) ក៏ប៉ុន្ដែ កាលដែលពេលវេលាចេះតែកន្លងទៅទេវតាសង្កេតឃើញថាមនុស្សភាគច្រើនឈប់បំរើព្រះជាអ្នកបង្កើតពួកគេដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។ នេះច្បាស់ជាបានធ្វើឲ្យទេវតាស្មោះត្រង់ពិបាកចិត្ដណាស់។ ប៉ុន្ដែ កាលណាមនុស្សម្នាក់បែរត្រឡប់មកបំរើព្រះយេហូវ៉ាវិញ នោះ«មានសេចក្ដីអំណរ នៅមុខពួកទេវតា»។ (លូកា ១៥:១០) បណ្ដាទេវតាយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់អ្នកដែលបំរើព្រះ ហេតុនេះគ្មានអ្វីចម្លែកឡើយ ដែលព្រះយេហូវ៉ាធ្លាប់ប្រើទេវតាជាច្រើនដងដើម្បីការពារនិងផ្ដល់កម្លាំងចិត្ដឲ្យអ្នកបំរើស្មោះភក្ដីរបស់ទ្រង់នៅផែនដី។ (ហេព្រើរ ១:៧, ១៤) សូមពិចារណាឧទាហរណ៍ខ្លះៗ។

«ព្រះនៃទូលបង្គំលោកបានចាត់ទេវតារបស់លោក ឲ្យមកបិទមាត់សិង្ហទាំងអស់»។—ដានីយ៉ែល ៦:២២

. ក្នុងព្រះគម្ពីរ តើមានឧទាហរណ៍អ្វីខ្លះស្ដីអំពីជំនួយពីទេវតា?

ទេវតាពីររូបបានជួយឡុត ដែលជាបុរសសុចរិតម្នាក់និងកូនស្រីពីរនាក់របស់គាត់ឲ្យរួចពីការបំផ្លាញទីក្រុងសូដុំមនិងកូម៉ូរ៉ា ដោយនាំពួកគាត់ចេញពីទីក្រុងនោះ។ (លោកុប្បត្ដិ ១៩:១៥, ១៦) រាប់រយឆ្នាំក្រោយមក ព្យាការីដានីយ៉ែលបានត្រូវគេបោះទៅក្នុងរូងសិង្ហ តែគាត់មិនជួបគ្រោះថ្នាក់ទេ។ ដានីយ៉ែលប្រាប់ថា«ព្រះនៃទូលបង្គំទ្រង់បានចាត់ទេវតារបស់ទ្រង់ ឲ្យមកបិទមាត់សិង្ហទាំងអស់»។ (ដានីយ៉ែល ៦:២២) នៅសតវត្សរ៍ទីមួយ ទេវតាមួយរូបបានដោះលែងសាវ័កពេត្រុសឲ្យចេញពីគុក។ (កិច្ចការ ១២:៦-១១) ម្យ៉ាងទៀត ទេវតាបានផ្ដល់កម្លាំងចិត្ដឲ្យព្រះយេស៊ូពេលដែលទ្រង់ចាប់ផ្ដើមបំពេញកិច្ចការដែលព្រះប្រគល់ឲ្យនៅផែនដី។ (ម៉ាកុស ១:១៣) ហើយមិនយូរមុនដែលព្រះយេស៊ូសោយទិវង្គតនោះ ទេវតាមួយរូបបានលេចមក«ចំរើនកំឡាំងថ្វាយ»ទ្រង់។ (លូកា ២២:៤៣) នៅគ្រាសំខាន់ទាំងនោះ ជំនួយពីទេវតាច្បាស់ជាបានលើកទឹកចិត្ដព្រះយេស៊ូណាស់!

. () សព្វថ្ងៃនេះ តើទេវតាការពាររាស្ដ្ររបស់ព្រះយ៉ាងដូចម្ដេច? () តើយើងនឹងពិចារណាសំនួរអ្វីខ្លះ?

សព្វថ្ងៃនេះនៅផែនដី ទេវតាមិនលេចមកឲ្យរាស្ដ្ររបស់ព្រះឃើញទៀតឡើយ។ ទោះជាមនុស្សមើលមិនឃើញទេវតាក៏ពិតមែន តែទេវតាខ្លាំងក្លារបស់ព្រះនៅតែការពាររាស្ដ្ររបស់ទ្រង់ ជាពិសេសពីអ្វីដែលអាចនាំឲ្យពួកគេជួបគ្រោះថ្នាក់ខាងវិញ្ញាណ។ ព្រះគម្ពីរចែងថា«ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច»។ (ទំនុកដំកើង ៣៤:៧) ហេតុអ្វីបានជានោះគួរលើកទឹកចិត្ដយើង? គឺពីព្រោះមានពួកវិញ្ញាណកំណាចដែលចង់សំឡាប់យើង! តើពួកវាជាអ្នកណា? តើពួកវាមកពីណា? តើពួកវាខំព្យាយាមធ្វើអាក្រក់ចំពោះយើងយ៉ាងដូចម្ដេចខ្លះ? ដើម្បីដឹងសូមពិចារណាយ៉ាងខ្លីនូវអ្វីដែលបានកើតឡើងក្រោយមនុស្សដំបូងបានត្រូវបង្កើត។

បុគ្គលវិញ្ញាណដែលជាសត្រូវរបស់យើង

. តើសាតាំងបានទទួលជោគជ័យប៉ុនណាក្នុងការនាំឲ្យមនុស្សឈប់បំរើព្រះ?

ដូចដែលយើងបានរៀននៅជំពូកទី៣ក្នុងសៀវភៅនេះ ទេវតាមួយរូបបានកើតមានចិត្ដប្រាថ្នាចង់គ្រប់គ្រងលើអ្នកទៀត ហើយបែរជាប្រឆាំងនឹងព្រះវិញ។ ក្រោយមក ទេវតានេះបានហៅថាអារក្សសាតាំង។ (វិវរណៈ ១២:៩) ក្នុងកំលុងប្រមាណ១.៦០០ឆ្នាំបន្ទាប់ពីវាបានបញ្ឆោតអេវ៉ានោះ សាតាំងបាននាំមនុស្សជាតិស្ទើរតែទាំងអស់ឲ្យឈប់បំរើព្រះ លើកលែងតែមនុស្សស្មោះត្រង់ពីរបីនាក់ដូចជាអេបិល ហេណុក និងណូអេ។—ហេព្រើរ ១១:៤, ៥, ៧

. () តើទេវតាខ្លះបានក្លាយទៅជាបិសាចយ៉ាងដូចម្ដេច? () ដើម្បីរួចរស់ពីទឹកជំនន់នៅសម័យណូអេ តើពួកបិសាចបានធ្វើអ្វី?

នៅសម័យណូអេ ទេវតាទៀតបានបះបោរនឹងព្រះយេហូវ៉ាដែរ។ ពួកវាបានចេញពីក្រុមគ្រួសាររបស់ព្រះនៅស្ថានសួគ៌ រួចចុះមកផែនដីហើយប្រែក្រឡាជាមនុស្ស។ ហេតុអ្វី? លោកុប្បត្ដិ ៦:២ ប្រាប់ថា«ពួកកូនប្រុសរបស់ព្រះគេឃើញកូនស្រីរបស់មនុស្សថាជាស្រស់ល្អ ក៏យកធ្វើជាប្រពន្ធតាមតែចិត្ដគេទៅ»។ ប៉ុន្ដែ ព្រះយេហូវ៉ាមិនបានបណ្ដោយឲ្យពួកទេវតាទាំងនេះនិងអំពើអាក្រក់របស់មនុស្សនៅក្រោមអានុភាពរបស់ពួកវាបន្ដជានិច្ចនោះទេ។ ទ្រង់បានធ្វើឲ្យមានទឹកជំនន់ពាសពេញពិភពលោក ដែលបានត្របាក់លេបជីវិតមនុស្សទុច្ចរិតទាំងអស់ ហើយទ្រង់បានសង្គ្រោះតែមនុស្សស្មោះភក្ដីដែលបំរើទ្រង់។ (លោកុប្បត្ដិ ៧:១៧, ២៣) យ៉ាងនេះ ទេវតាអាក្រក់ក៏ពួកបិសាច ត្រូវបានបង្ខំឲ្យប្រែក្រឡាជាបុគ្គលវិញ្ញាណហើយត្រឡប់ទៅស្ថានសួគ៌វិញ។ ពួកវាបានចូលខាងអារក្ស ហើយយ៉ាងនេះអារក្សបានទៅជា«មេអារក្ស»អ្នកគ្រប់គ្រងលើពួកបិសាច។—ម៉ាថាយ ៩:៣៤

. () តើអ្វីបានកើតឡើងដល់ពួកបិសាចពេលដែលត្រឡប់ទៅស្ថានសួគ៌វិញ? () តើយើងនឹងពិចារណាអ្វីស្ដីអំពីពួកបិសាច?

ពេលដែលទេវតាអាក្រក់ទាំងនោះបានត្រឡប់ទៅស្ថានសួគ៌វិញ ពួកវាមិនបានត្រូវអនុញ្ញាតឲ្យធ្វើជាសមាជិកនៃក្រុមគ្រួសាររបស់ព្រះយេហូវ៉ាទៀតឡើយ តែបានត្រូវកាត់កាល់វិញ ដូចសាតាំងដែលជាអ្នកគ្រប់គ្រងពួកវា។ (ពេត្រុសទី២ ២:៤) ទោះជាឥឡូវនេះទេវតាអាក្រក់មិនអាចប្រែក្រឡាជាមនុស្សក៏ពិតមែន តែពួកវានៅតែបញ្ចេញឥទ្ធិពលអាក្រក់ណាស់ទៅលើមនុស្ស។ តាមការពិត សាតាំងបាន«នាំលោកីទាំងមូលឲ្យវង្វេងចេញ»ដោយមានជំនួយពីពួកបិសាចទាំងនេះ។ (វិវរណៈ ១២:៩; យ៉ូហានទី១ ៥:១៩) តើពួកវានាំឲ្យមនុស្សវង្វេងយ៉ាងដូចម្ដេច? វិធីសំខាន់បំផុតរបស់ពួកវា គឺជាការបោកបញ្ឆោតមនុស្ស។ (កូរិនថូសទី២ ២:១១) ឥឡូវយើងនឹងពិចារណាវិធីខ្លះៗ។

វិធីដែលពួកបិសាចនាំមនុស្សឲ្យវង្វេង

១០. តើមន្ដអាគមជាអ្វី?

១០ ពួកបិសាចបោកបញ្ឆោតមនុស្សតាមរយៈមន្ដអាគម។ មន្ដអាគមគឺជាការទាក់ទងនឹងពួកបិសាចដោយផ្ទាល់តាមរយៈគ្រូ។ ព្រះគម្ពីរប្រាប់ថាមន្ដអាគមគឺជាអំពើអាក្រក់ ហើយព្រមានយើងឲ្យចៀសពីអ្វីសព្វបែបយ៉ាងដែលទាក់ទងនឹងមន្ដអាគម។ (កាឡាទី ៥:១៩-២១) មន្ដអាគមអាចប្រៀបដូចជានុយរបស់អ្នកនេសាទ។ អ្នកនេសាទប្រើនុយផ្សេងអាស្រ័យទៅលើប្រភេទត្រីដែលពួកគេចង់នេសាទ។ ស្រដៀងគ្នាដែរ ពួកវិញ្ញាណអាក្រក់ប្រើមន្ដអាគមផ្សេងដើម្បីបញ្ចេញឥទ្ធិពលទៅលើមនុស្សសព្វបែបយ៉ាង។

១១. តើអ្វីជាមន្ដអាគមម្យ៉ាងដែលពួកបិសាចប្រើជានុយ? ហេតុអ្វីយើងគួរចៀសវាង?

១១ នុយម្យ៉ាងរបស់ពួកបិសាចគឺដោយប្រើមន្ដអាគមដើម្បីខំស្វែងយល់ពីអនាគតរឿងអាថ៌កំបាំង។ នេះរួមបញ្ចូលហោរាសាស្ដ្រ ការទាយថ្ងៃខែ ទាយសន្លឹកបៀ ទាយបាតដៃ ហើយការគន់មើលប្រផ្នូល។ ទោះជាមនុស្សជាច្រើនគិតថាអ្វីទាំងនេះគ្មានគ្រោះថ្នាក់ក៏ពិតមែន តែព្រះគម្ពីរបង្ហាញថាគ្រូទាយកំពុងតែរួមដៃជាមួយនឹងពួកវិញ្ញាណអាក្រក់។ ជាឧទាហរណ៍ កិច្ចការ ១៦:១៦-១៨ប្រាប់អំពី«អារក្ស»បិសាចមួយរូបដែលបានផ្ដល់សមត្ថភាពឲ្យក្មេងស្រីម្នាក់ចេះ«ទាយ»។ ក៏ប៉ុន្ដែ ពេលដែលបិសាចនោះត្រូវបណ្ដេញចេញពីនាង នាងក៏លែងមានសមត្ថភាពទាយទៀត។

ពួកវិញ្ញាណកំណាចប្រើវិធីផ្សេងដើម្បីនាំឲ្យមនុស្សវង្វេង

១២. ហេតុអ្វីបានជាការខំទាក់ទងមនុស្សស្លាប់ប្រកបដោយគ្រោះថ្នាក់?

១២ វិធីមួយទៀតដែលពួកបិសាចនាំឲ្យមនុស្សវង្វេង គឺដោយទាក់ទាញពួកគេឲ្យទាក់ទងជាមួយមនុស្សស្លាប់។ មនុស្សដែលកើតទុក្ខដោយសារបានបាត់បង់មនុស្សជាទីស្រឡាញ់នោះ ច្រើនតែមានការភាន់ច្រឡំស្ដីអំពីមនុស្សស្លាប់។ គ្រូខាបប្រហែលជាប្រាប់ព័ត៌មានពិសេសនិយាយដោយមានសំឡេងដែលស្ដាប់ទៅដូចជាសំឡេងរបស់អ្នកដែលបានស្លាប់នោះ។ ហេតុនេះហើយ មនុស្សជាច្រើនចាប់ផ្ដើមជឿថាតាមពិតមនុស្សស្លាប់នៅរស់ ហើយការទាក់ទងមនុស្សស្លាប់នឹងជួយឲ្យអ្នកដែលនៅរស់ទ្រាំនឹងសេចក្ដីទុក្ខសោករបស់ខ្លួន។ ក៏ប៉ុន្ដែ ការសម្រាលទុក្ខបែបនេះគឺក្លែងក្លាយហើយក៏ប្រកបដោយគ្រោះថ្នាក់ទៀតផង។ ហេតុអ្វី? ពីព្រោះពួកបិសាចអាចធ្វើសំឡេងដូចជាអ្នកដែលស្លាប់ ហើយក៏អាចប្រាប់ព័ត៌មានដល់គ្រូខាបអំពីអ្នកដែលបានស្លាប់នោះផងដែរ។ (សាំយូអែលទី១ ២៨:៣-១៩) ម្យ៉ាងទៀត ដូចដែលយើងបានរៀននៅជំពូកទី មនុស្សស្លាប់បានសូន្យទៅ។ (ទំនុកដំកើង ១១៥:១៧) ដូច្នេះ អ្នកដែលទៅរក«គ្រូអន្ទងខ្មោច»បានចាញ់បោកពួកវិញ្ញាណអាក្រក់ ហើយកំពុងតែធ្វើអ្វីដែលខុសពីព្រះហឫទ័យរបស់ព្រះ។ (ចោទិយកថា ១៨:១០, ១១; អេសាយ ៨:១៩) ហេតុនេះ ចូរបដិសេធនុយប្រកបដោយគ្រោះថ្នាក់របស់ពួកបិសាចជាដាច់ខាត។

១៣. តើមនុស្សជាច្រើនដែលធ្លាប់ខ្លាចពួកបិសាច ឥឡូវមានអារម្មណ៍យ៉ាងណា?

១៣ ពួកវិញ្ញាណអាក្រក់មិនត្រឹមតែនាំឲ្យមនុស្សវង្វេងប៉ុណ្ណោះទេ តែពួកវាក៏ធ្វើឲ្យមនុស្សខ្លាចផងដែរ។ សព្វថ្ងៃនេះ សាតាំងនិងពួកបិសាចរបស់វាដឹងថា ពួកវាមាន‹ពេលវេលាខ្លីណាស់›មុនដែលត្រូវឃុំមិនឲ្យមានសកម្មភាពទៀត ហើយឥឡូវនេះពួកវាកាចសាហាវជាងមុនទៅទៀត។ (វិវរណៈ ១២:១២, ១៧) យ៉ាងណាក៏ដោយ មនុស្សរាប់ពាន់នាក់ដែលធ្លាប់ខ្លាចពួកវិញ្ញាណអាក្រក់ ឥឡូវលែងខ្លាចហើយ។ តើពួកគេបានធ្វើអ្វីដើម្បីកុំឲ្យលែងខ្លាចទៀត? តើមនុស្សអាចធ្វើយ៉ាងណាបើពួកគេជាប់ទាក់ទងនឹងមន្ដអាគមហើយនោះ?

វិធីតយុទ្ធនឹងពួកវិញ្ញាណអាក្រក់

១៤. តាមគំរូរបស់គ្រីស្ទាននាសតវត្សរ៍ទីមួយនៅទីក្រុងអេភេសូរនោះ តើយើងអាចផ្ដាច់ទំនាក់ទំនងជាមួយពួកវិញ្ញាណអាក្រក់យ៉ាងដូចម្ដេច?

១៤ ព្រះគម្ពីរប្រាប់យើងវិធីតយុទ្ធនឹងពួកវិញ្ញាណអាក្រក់ ហើយវិធីផ្ដាច់ទំនាក់ទំនងជាមួយនឹងពួកវាដែរ។ សូមពិចារណាគំរូរបស់គ្រីស្ទាននៅទីក្រុងអេភេសូរនាសតវត្សរ៍ទីមួយ។ មុនដែលក្លាយជាគ្រីស្ទាន ពួកគេខ្លះធ្លាប់ធ្វើមន្ដអាគម។ នៅពេលដែលសម្រេចចិត្ដលះចោលមន្ដអាគមនោះ តើពួកគេបានធ្វើយ៉ាងណា? ព្រះគម្ពីរប្រាប់ថា«មនុស្សដែលប្រព្រឹត្ដវិជ្ជាប្លែក នោះក៏មានច្រើននាក់ បានយកក្បួនដំរារបស់ខ្លួន មកដុតចោលនៅចំពោះមុខមនុស្សទាំងអស់គ្នា»។ (កិច្ចការ ១៩:១៩) ដោយបំផ្លាញសៀវភៅដែលមានក្បួនតម្រាមន្ដអាគមរបស់ពួកគេនោះ គ្រីស្ទានថ្មីទាំងនេះបានទុកគំរូសំរាប់សព្វថ្ងៃនេះចំពោះអស់អ្នកណាដែលចង់តយុទ្ធនឹងពួកវិញ្ញាណអាក្រក់។ មនុស្សដែលចង់បំរើព្រះយេហូវ៉ាមិនត្រូវមានរបស់ណាក៏ដោយដែលទាក់ទងនឹងមន្ដអាគម។ នេះរួមបញ្ចូលសៀវភៅ ទស្សនាវដ្ដី រូបភាព និងបទចំរៀងដែលខំទាក់ទាញយើងឲ្យធ្វើមន្ដអាគមហើយនាំឲ្យគិតថាមន្ដអាគមជាអ្វីដែលសប្បាយនិងគួរឲ្យចាប់អារម្មណ៍។ នេះក៏រួមបញ្ចូលខ្សែគាថារបស់ទៀតដែលមនុស្សពាក់ជាគ្រឿងការពាររារាំងសត្រូវគ្រោះអន្ដរាយផ្សេងៗ។—កូរិនថូសទី១ ១០:២១

១៥. ដើម្បីតយុទ្ធនឹងពួកវិញ្ញាណអាក្រក់ តើយើងត្រូវធ្វើអ្វី?

១៥ រាប់ឆ្នាំក្រោយគ្រីស្ទាននៅទីក្រុងអេភេសូរបានបំផ្លាញសៀវភៅដែលមានក្បួនតម្រាមន្ដអាគមរបស់ពួកគេនោះ សាវ័កប៉ុលបានសរសេរថា៖ ‹យើងរាល់គ្នា[«កំពុងតែ»]តយុទ្ធនឹងអំណាចអាក្រក់ខាងវិញ្ញាណ›។ (អេភេសូរ ៦:១២; ព.ថ.) នេះមានន័យថាពួកបិសាចមិនទាន់ចុះចាញ់នោះទេ។ ពួកវានៅតែខំយកឈ្នះ។ ដូច្នេះ តើគ្រីស្ទាននៅសម័យនោះត្រូវធ្វើអ្វីទៀត? ប៉ុលប្រាប់ថា«ថែមទាំងយកសេចក្ដីជំនឿទុកជាខែលផង ដែលអ្នករាល់គ្នានឹងអាចរំលត់ អស់ទាំងព្រួញឆេះរបស់មេកំណាច[សាតាំង] ដោយសារខែលនោះបាន»។ (អេភេសូរ ៦:១៦) បើយើងពង្រឹងជំនឿរបស់យើងឲ្យកាន់តែរឹងមាំ នោះយើងអាចតយុទ្ធនឹងពួកវិញ្ញាណអាក្រក់បានកាន់តែខ្លាំង។—ម៉ាថាយ ១៧:២០

១៦. តើយើងអាចពង្រឹងជំនឿរបស់យើងយ៉ាងដូចម្ដេច?

១៦ បើដូច្នេះ តើយើងអាចពង្រឹងជំនឿរបស់យើងយ៉ាងដូចម្ដេច? គឺដោយសិក្សាព្រះគម្ពីរ។ កំពែងមួយនឹងមាំបើសង់ពីលើគ្រឹះរឹងមាំ។ ដូចគ្នាដែរ ជំនឿរបស់យើងនឹងរឹងមាំបើមានមូលដ្ឋានលើចំណេះពិតពីព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះ។ បើយើងអាននិងសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ នោះជំនឿរបស់យើងនឹងរឹងមាំ។ ជំនឿនោះនឹងការពារយើងពីឥទ្ធិពលនៃពួកវិញ្ញាណអាក្រក់ដូចជាកំពែងដ៏រឹងមាំ។—យ៉ូហានទី១ ៥:៥

១៧. តើត្រូវការអ្វីទៀតដើម្បីតយុទ្ធនឹងពួកវិញ្ញាណអាក្រក់?

១៧ តើគ្រីស្ទាននៅអេភេសូរបានធ្វើអ្វីទៀត? ពួកគេត្រូវការនូវការការពារថែមទៀត ពីព្រោះពួកគេរស់នៅក្នុងទីក្រុងមួយដែលពោរពេញទៅដោយមន្ដអាគម។ ដូច្នេះ ប៉ុលប្រាប់ពួកគេថា«ប្រើសេចក្ដីអធិស្ឋាន នឹងសេចក្ដីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋាន ដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា»។ (អេភេសូរ ៦:១៨) ដោយសារយើងក៏រស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយមន្ដអាគមដែរ ការអធិស្ឋានទូលព្រះយេហូវ៉ាអស់ពីចិត្ដសុំទ្រង់ការពារយើង គឺជាអ្វីដែលចាំបាច់ណាស់ដើម្បីតយុទ្ធនឹងពួកវិញ្ញាណអាក្រក់។ យើងត្រូវប្រើព្រះនាមរបស់ព្រះយេហូវ៉ាក្នុងសេចក្ដីអធិស្ឋានរបស់យើង។ (សុភាសិត ១៨:១០) យើងគួរបន្ដអធិស្ឋានសូមព្រះ«ប្រោសឲ្យយើងខ្ញុំរួចពីសេចក្ដីអាក្រក់[«មារកំណាច», ខ.ស.]» គឺអារក្សសាតាំង។ (ម៉ាថាយ ៦:១៣) ព្រះយេហូវ៉ានឹងតបឆ្លើយចំពោះសេចក្ដីអធិស្ឋានដ៏ស្មោះអស់ពីចិត្ដដូចនេះ។—ទំនុកដំកើង ១៤៥:១៩

១៨, ១៩. () ហេតុអ្វីបានជាយើងដឹងថាយើងអាចទទួលបានជ័យជំនះក្នុងការតយុទ្ធនឹងពួកវិញ្ញាណអាក្រក់? () តើសំនួរអ្វីនឹងត្រូវឆ្លើយក្នុងជំពូកបន្ទាប់?

១៨ ពួកវិញ្ញាណកំណាចទាំងនេះអាចធ្វើអាក្រក់ចំពោះយើងមែន ប៉ុន្ដែយើងមិនចាំបាច់ខ្លាចពួកវាទេបើយើងតស៊ូនឹងអារក្សហើយចូលទៅជិតព្រះដោយធ្វើតាមព្រះហឫទ័យទ្រង់។ (យ៉ាកុប ៤:៧, ៨) អំណាចរបស់ពួកវិញ្ញាណអាក្រក់មានកំរិត។ ពួកវាបានទទួលទោសនៅសម័យណូអេ ហើយពួកវានឹងត្រូវកាត់ទោសជាលើកចុងក្រោយនៅថ្ងៃខាងមុខ។ (យូដាស ៦) សូមចាំដែរថា ទេវតាខ្លាំងក្លារបស់ព្រះយេហូវ៉ាការពារយើង។ (ពង្សាវតារក្សត្រទី២ ៦:១៥-១៧) ទេវតាទាំងនោះពិតជាចង់ឲ្យយើងទទួលបានជោគជ័យក្នុងការតយុទ្ធនឹងពួកវិញ្ញាណអាក្រក់។ នេះគឺហាក់ដូចជាទេវតាសុចរិតទាំងនេះកំពុងតែស្រែកអបអរលើកទឹកចិត្ដយើង។ ដូច្នេះ ចូរយើងនៅជិតព្រះយេហូវ៉ានិងបុគ្គលវិញ្ញាណដ៏ស្មោះត្រង់ដែលជាក្រុមគ្រួសាររបស់ទ្រង់។ ចូរយើងចៀសចេញពីមន្ដអាគមគ្រប់ប្រភេទ ហើយធ្វើតាមដំបូន្មានក្នុងព្រះបន្ទូលរបស់ព្រះ។ (ពេត្រុសទី១ ៥:៦, ៧; ពេត្រុសទី២ ២:៩) យ៉ាងនេះយើងនឹងបានជ័យជំនះជាមិនខានក្នុងការតយុទ្ធនឹងពួកវិញ្ញាណអាក្រក់។

១៩ ក៏ប៉ុន្ដែ ហេតុអ្វីបានជាព្រះប្រណីនឹងពួកវិញ្ញាណអាក្រក់និងអំពើទុច្ចរិតដែលជាហេតុនាំឲ្យមនុស្សរងការឈឺចាប់ខ្លាំងម៉្លេះ? សំនួរនោះនឹងត្រូវឆ្លើយក្នុងជំពូកបន្ទាប់។

^ វគ្គ 2 វិវរណៈ ៥:១១ចែងអំពីទេវតាសុចរិតថា«ចំនួននៃទេវតានោះ មានទាំងម៉ឺនទាំងសែន ហើយទាំងពាន់រាប់ជាពាន់»។ ដូច្នេះព្រះគម្ពីរចែងឲ្យយើងដឹងថា ទេវតារាប់សែនលានរូបបានត្រូវបង្កើត។