លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការពន្យល់បន្ថែម

តើយើងគួរធ្វើបុណ្យទេ?

តើយើងគួរធ្វើបុណ្យទេ?

បុណ្យប្រពៃណី ឬបុណ្យជាតិដែលមនុស្សធ្វើនៅប្រទេសផ្សេងសព្វថ្ងៃនេះមិនមកពីព្រះគម្ពីរទេ។ បើដូច្នេះ តើបុណ្យទាំងនេះមានដើមកំណើតមកពីណា? ប្រសិនបើអ្នកទៅបណ្ណាល័យស្រាវជ្រាវមើលសៀវភៅ អ្នកច្បាស់ជានឹងចាប់អារម្មណ៍លើអ្វីដែលសៀវភៅទាំងនោះប្រាប់អំពីដើមកំណើតនៃបុណ្យផ្សេងនៅប្រទេសរបស់អ្នក។ សូមមើលឧទាហរណ៍ខ្លះដូចទៅនេះ។

បុណ្យអ៊ីស្ទើរ៍ (Easter): សព្វវចនាធិប្បាយមួយប្រាប់ថា«ក្នុងសញ្ញាថ្មីគ្មានអ្វីសោះដែលបង្ហាញថាធ្លាប់មានគេធ្វើបុណ្យអ៊ីស្ទើរ៍នោះ»។ (The Encyclopædia Britannica) តើបុណ្យអ៊ីស្ទើរ៍មកពីណា? បុណ្យនោះមានដើមកំណើតមកពីសាសនាមិនពិត។ ទោះជាមានគេអះអាងថាបុណ្យនេះរំឭកថ្ងៃដែលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញក៏ដោយ តែទំនៀមទម្លាប់ទាំងប៉ុន្មានដែលជាប់ទាក់ទងនឹងបុណ្យអ៊ីស្ទើរ៍មិនមែនមកពីគ្រីស្ទសាសនាឡើយ។ ជាឧទាហរណ៍ ស្ដីអំពី«ទន្សាយអ៊ីស្ទើរ៍» សព្វវចនាធិប្បាយមួយប្រាប់ថា«ទន្សាយជានិមិត្ដរូបមួយដែលមកពីសាសនារបស់អ្នកមិនជឿព្រះគ្រីស្ទ ហើយតាំងពីដំបូងមកវាតំណាងសមត្ថភាពបង្កើតកូន»។—The Catholic Encyclopedia

បុណ្យចូលឆ្នាំ : ថ្ងៃខែនិងទំនៀមទម្លាប់បុណ្យចូលឆ្នាំគឺខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ ស្ដីអំពីដើមកំណើតនៃបុណ្យចូលឆ្នាំសកល សព្វវចនាធិប្បាយមួយចែងថា«នៅឆ្នាំ៤៦មុនគ.ស. ស្ដេចជូលសេសា អ្នកគ្រប់គ្រងទីក្រុងរ៉ូមបានកំណត់ថ្ងៃទី១ ខែមករាជាថ្ងៃចូលឆ្នាំ។ ជនជាតិរ៉ូមបានធ្វើបុណ្យនេះថ្វាយព្រះយ៉ានុស[Janus]ដែលជាព្រះនៃរបង ទ្វារ និងការចាប់ផ្ដើម។ ឈ្មោះខែមករា[January]ជាឈ្មោះក្លាយមកពីព្រះនាមព្រះយ៉ានុស ដែលជាព្រះមួយអង្គមានព្រះភក្ត្រពីរ មួយទតទៅមុខ មួយទតទៅក្រោយ»។ (The World Book Encyclopedia) ស្ដីអំពីបុណ្យចូលឆ្នាំខ្មែរ សៀវភៅភាសាខ្មែរ ថ្នាក់ទី៦ បោះពុម្ពដោយនាយកដ្ឋានស្រាវជ្រាវគរុកោសល្យ រៀបរាប់ថា«បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរប្រារព្ធឡើងរយៈពេលបីថ្ងៃ . . . ប្រជាជនតែងតែត្រៀមរៀបចំតុបតែងលំនៅស្ថាន និងទីកន្លែងជុំវិញផ្ទះសំបែងអោយបានស្អាតបាតដើម្បីទទួលទេវតាឆ្នាំថ្មី។ នៅមុខផ្ទះនីមួយមានកន្លែងទទួលទេវតាដោយមានរៀបរណ្ដាប់សំខាន់ដូចជាផ្កាស្រស់ . . . ទឹកអប់ . . . ម្លូស្លា បារី . . . ផ្លែឈើផ្សេងៗ . . . ព្រមទាំងនំនែយ៉ាងច្រើន រួមនឹងភេសជ្ជៈខ្លះៗ . . . ប្រជាពលរដ្ឋយើងទាំងក្មេងចាស់ប្រុសស្រីនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងនិមន្ដព្រះសង្ឃបង្សុកូលឧទ្ទិសកុសលជូនបុព្វការីជនទាំងឡាយដែលបានចែកឋានទៅ»។ ដូច្នេះបុណ្យចូលឆ្នាំផ្សេងមានមូលដ្ឋានលើទំនៀមទម្លាប់សាសនាមិនពិត។

បុណ្យភ្ជុំបិណ្ឌ: សៀវភៅពិធីប្រចាំដប់ពីរខែបោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ រៀបរាប់អំពីបុណ្យកាន់បិណ្ឌថា«ជាពិធី . . . ដើម្បីឧទ្ទិសផលានិសង្សដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក។ . . . នៅខែភទ្របទ . . . រនោចព្រះច័ន្ទដែលបញ្ចេញរស្មីនៅវេលាយប់ ក៏កាន់តែហោចទៅៗ ធ្វើឲ្យវេលាយប់កាន់តែងងឹតបន្ដិចម្ដងៗ។ នៅពេលនោះហើយដែលយមរាជ‹ស្ដេចមច្ចុរាជ›ដោះលែងពួកសត្វនរកទាំងឡាយក្នុង[មួយ]ឆ្នាំម្ដង ឲ្យឡើងទៅរកបងប្អូន-កូនចៅ ដើម្បីនឹងទទួលកុសលផលបុណ្យដែលគេធ្វើឧទ្ទិសឲ្យ។ . . . អ្នកខ្លះនិយាយថា: តែដល់រដូវហើយ សត្វនរកដែលគេដោះលែងមកខំដើររកបងប្អូនកូនចៅគ្រប់វត្ដ បើមិនឃើញអ្នកណាធ្វើបុណ្យឧទ្ទិសបញ្ជូនឲ្យទេ នោះនឹងកើតក្ដីស្រេកឃ្លានហើយនឹងប្រទេចផ្ដាសាដល់ញាតិមិត្ដមិនលែងឡើយ»។

បុណ្យទៀត: យើងមិនអាចរៀបរាប់អំពីបុណ្យទាំងអស់ដែលមនុស្សធ្វើនៅប្រទេសផ្សេងបានឡើយ។ ក៏ប៉ុន្ដែព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យនឹងបុណ្យណាដែលលើកតម្កើងមនុស្សអង្គការមនុស្សណាមួយឡើយ។ (យេរេមា ១៧:៥-៧; កិច្ចការ ១០:២៥, ២៦) សូមចាំដែរថា ព្រះសព្វព្រះហឫទ័យមិនសព្វព្រះហឫទ័យនឹងបុណ្យសាសនាណាមួយអាស្រ័យលើដើមកំណើតនៃបុណ្យនោះ។ (អេសាយ ៥២:១១; វិវរណៈ ១៨:៤) គោលការណ៍ព្រះគម្ពីរដែលមានក្នុងជំពូកទី១៦នៃសៀវភៅនេះនឹងជួយឲ្យអ្នកដឹងថាព្រះមានទស្សនៈយ៉ាងណាចំពោះការចូលរួមធ្វើបុណ្យផ្សេងដែលមិនមែនជាបុណ្យសាសនានោះ។