លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទីដប់ប្រាំបី

ពិធីបុណ្យជ្រមុជទឹកនិងចំណងមិត្ដភាពរបស់អ្នកជាមួយព្រះ

ពិធីបុណ្យជ្រមុជទឹកនិងចំណងមិត្ដភាពរបស់អ្នកជាមួយព្រះ
  • តើគ្រីស្ទានធ្វើបុណ្យជ្រមុជទឹកយ៉ាងដូចម្ដេច?

  • តើអ្នកត្រូវធ្វើតាមជំហានអ្វីខ្លះទើបមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបុណ្យជ្រមុជទឹក?

  • តើមនុស្សម្នាក់ថ្វាយខ្លួនចំពោះព្រះយ៉ាងដូចម្ដេច?

  • តើអ្វីជាមូលហេតុពិសេសដែលយើងទទួលបុណ្យជ្រមុជទឹក?

. ហេតុអ្វីបានជាមន្ដ្រីជនជាតិអេចូពីម្នាក់សុំទទួលបុណ្យជ្រមុជទឹក?

«មើល! នុ៎ះន៏ទឹក តើមានអ្វីឃាត់មិនឲ្យខ្ញុំទទួលបុណ្យជ្រមុជទឹកបាន?»។ នេះជាសំនួររបស់មន្ដ្រីជនជាតិអេចូពីម្នាក់នៅសតវត្សរ៍ទីមួយ។ គ្រីស្ទានម្នាក់ឈ្មោះភីលីពបានបង្ហាញភស្ដុតាងឲ្យគាត់យល់ថា ព្រះយេស៊ូជាព្រះមេស្ស៊ីដែលបានត្រូវសន្យា។ អ្វីដែលបុរសជនជាតិអេចូពីនោះរៀនពីបទគម្ពីរបានមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចិត្ដគាត់ ហេតុនេះជំរុញឲ្យគាត់ប្រព្រឹត្ដតាមអ្វីដែលបានរៀន គឺគាត់ប្រាប់ថាចង់ទទួលបុណ្យជ្រមុជទឹក!—កិច្ចការ ៨:២៦-៣៦

. ហេតុអ្វីអ្នកគួរគិតឲ្យបានជ្រៅជ្រះអំពីការទទួលបុណ្យជ្រមុជទឹក?

បើអ្នកបានសិក្សាដោយយកចិត្ដទុកដាក់នូវជំពូកមុនក្នុងសៀវភៅនេះជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា អ្នកក៏ប្រហែលជាចង់ប្រាប់ដែរថា«តើមានអ្វីឃាត់មិនឲ្យខ្ញុំទទួលបុណ្យជ្រមុជទឹក?»។ មកដល់ត្រឹមនេះ អ្នកបានរៀនអំពីសេចក្ដីសន្យាទាំងប៉ុន្មានក្នុងព្រះគម្ពីរស្ដីអំពីជីវិតជារៀងរហូតនៅសួនមនោរម្យ។ (លូកា ២៣:៤៣; វិវរណៈ ២១:៣, ៤) អ្នកក៏បានរៀនអំពីស្ថានភាពពិតនៃមនុស្សស្លាប់ ហើយសេចក្ដីសង្ឃឹមទទួលការប្រោសឲ្យរស់ឡើងវិញ។ (សាស្ដា ៩:៥; យ៉ូហាន ៥:២៨, ២៩) អ្នកប្រហែលជាបានចូលរួមជាមួយស្មរបន្ទាល់ព្រះយេហូវ៉ានៅកិច្ចប្រជុំរបស់ពួកគេ ហើយបានឃើញដោយផ្ទាល់ភ្នែកនូវរបៀបដែលពួកគេកាន់តាមការថ្វាយបង្គំពិត។ (យ៉ូហាន ១៣:៣៥) សំខាន់បំផុត អ្នកទំនងជាបានចាប់ផ្ដើមមានចំណងមិត្ដភាពជាមួយនឹងព្រះយេហូវ៉ាដោយខ្លួនឯង។

. () តើព្រះយេស៊ូបានបង្គាប់អ្នកកាន់តាមទ្រង់ឲ្យធ្វើអ្វី? () តើគ្រីស្ទានធ្វើបុណ្យជ្រមុជទឹកយ៉ាងដូចម្ដេច?

តើអ្នកអាចបង្ហាញយ៉ាងដូចម្ដេចថាអ្នកចង់បំរើព្រះ? ព្រះយេស៊ូបានបង្គាប់អ្នកកាន់តាមទ្រង់ថា«ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ»។ (ម៉ាថាយ ២៨:១៩, កំណែជាអក្សរទ្រេត) ព្រះយេស៊ូផ្ទាល់ក៏បានទទួលបុណ្យជ្រមុជទឹកទុកជាគំរូដែរ។ ទ្រង់មិនត្រូវគេប្រោះទឹកចាក់ទឹកលើក្បាលព្រះសិរទ្រង់ឡើយ។ (ម៉ាថាយ ៣:១៦) ឃ្លាថា«ធ្វើបុណ្យជ្រមុជទឹកឲ្យ»មកពីពាក្យភាសាក្រិចដែលមានន័យថា«ពន្លិច»។ ដូច្នេះការទទួលបុណ្យជ្រមុជទឹកជាគ្រីស្ទានមានន័យថាត្រូវពន្លិចទៅក្នុងទឹក។

. តើការទទួលបុណ្យជ្រមុជទឹកបង្ហាញពីអ្វី?

បុណ្យជ្រមុជទឹកជាតម្រូវការមួយសំរាប់អស់អ្នកដែលចង់មានចំណងមិត្ដភាពជាមួយព្រះយេហូវ៉ា។ ការទទួលបុណ្យជ្រមុជទឹកបង្ហាញជាសាធារណៈថាអ្នកចង់បំរើព្រះ។ នោះក៏បង្ហាញដែរថាអ្នកត្រេកអរនឹងធ្វើតាមព្រះហឫទ័យព្រះយេហូវ៉ា។ (ទំនុកដំកើង ៤០:៧, ៨) ក៏ប៉ុន្ដែដើម្បីមានលក្ខណៈគ្រប់គ្រាន់សំរាប់ទទួលបុណ្យជ្រមុជទឹកនោះ មានជំហានជាក់លាក់មួយចំនួនដែលអ្នកត្រូវធ្វើ។

ត្រូវមានចំណេះនិងជំនឿ

. () តើអ្វីជាជំហានទីមួយដើម្បីមានលក្ខណៈគ្រប់គ្រាន់សំរាប់ទទួលបុណ្យជ្រមុជទឹក? () ហេតុអ្វីបានជាកិច្ចប្រជុំរបស់ក្រុមជំនុំគឺសំខាន់?

អ្នកបានចាប់ផ្ដើមធ្វើតាមជំហានទីមួយរួចហើយ។ តើនោះជាអ្វី? ជំហានទីមួយគឺជាការក្រេបជញ្ជក់ចំណេះពិតអំពីព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ។ អ្នកប្រហែលជាបានទទួលចំណេះនេះដោយសិក្សាព្រះគម្ពីរ។ (យ៉ូហាន ១៧:៣) ប៉ុន្ដែមានអ្វីជាច្រើនថែមទៀតដែលអ្នកត្រូវរៀនដែរ។ គ្រីស្ទានទាំងឡាយចង់«ស្គាល់ព្រះហឫទ័យ[ព្រះ]សព្វគ្រប់»។ (កូល៉ុស ១:៩) ការចូលរួមកិច្ចប្រជុំរបស់ស្មរបន្ទាល់ព្រះយេហូវ៉ានឹងជួយអ្នកយ៉ាងច្រើនក្នុងរឿងនេះ។ ការចូលរួមកិច្ចប្រជុំទាំងនេះជាការសំខាន់ណាស់។ (ហេព្រើរ ១០:២៤, ២៥) ការចូលរួមកិច្ចប្រជុំជាទៀងទាត់នឹងជួយឲ្យអ្នករីកចំរើនខាងចំណេះអំពីព្រះ។

ការក្រេបជញ្ជក់យកចំណេះពិតពីបណ្ដាំរបស់ព្រះជាជំហានដ៏សំខាន់មួយដើម្បីមានលក្ខណៈគ្រប់គ្រាន់សំរាប់ទទួលការជ្រមុជទឹក

. តើអ្នកត្រូវការចំណេះអំពីព្រះគម្ពីរច្រើនប៉ុនណាទើបមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបុណ្យជ្រមុជទឹក?

អ្នកមិនចាំបាច់ស្គាល់អ្វីទាំងអស់ក្នុងព្រះគម្ពីរទើបមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបុណ្យជ្រមុជទឹកនោះទេ។ មន្ដ្រីជនជាតិអេចូពីនោះមានចំណេះខ្លះប៉ុន្ដែគាត់ត្រូវការជំនួយដើម្បីយល់បទគម្ពីរខ្លះទៀត។ (កិច្ចការ ៨:៣០, ៣១) ស្រដៀងគ្នាដែរអ្នកនៅមានអ្វីជាច្រើនដែលត្រូវរៀន។ តាមពិតការរៀនអំពីព្រះគ្មានទីបញ្ចប់ឡើយ។ (សាស្ដា ៣:១១) ក៏ប៉ុន្ដែមុនដែលអ្នកអាចទទួលបុណ្យជ្រមុជទឹកបាននោះ យ៉ាងហោចណាស់អ្នកត្រូវតែស្គាល់ហើយជឿសេចក្ដីបង្រៀនបឋមក្នុងព្រះគម្ពីរ។ (ហេព្រើរ ៥:១២) សេចក្ដីបង្រៀនទាំងនោះរួមបញ្ចូលសេចក្ដីពិតអំពីស្ថានភាពមនុស្សស្លាប់ ហើយសារៈសំខាន់នៃព្រះនាមរបស់ព្រះនិងព្រះរាជាណាចក្ររបស់ទ្រង់។

. តើការសិក្សាព្រះគម្ពីរគួរមានឥទ្ធិពលយ៉ាងណាទៅលើអ្នក?

ប៉ុន្ដែ បើមានតែចំណេះប៉ុណ្ណោះ នោះគឺមិនគ្រប់គ្រាន់ឡើយ ដ្បិត«បើឥតមានសេចក្ដីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ»។ (ហេព្រើរ ១១:៦) ព្រះគម្ពីរប្រាប់ថា មនុស្សខ្លះនៅទីក្រុងកូរិនថូសនាសម័យបុរាណបាន‹ជឿ ទាំងទទួលបុណ្យជ្រមុជទឹកផង› ពេលដែលពួកគេសារដែលជនគ្រីស្ទានផ្សព្វផ្សាយ។ (កិច្ចការ ១៨:៨) ស្រដៀងគ្នាដែរ ការសិក្សាព្រះគម្ពីរគួរធ្វើឲ្យអ្នកមានជំនឿជឿជាក់ថាព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះដែលទ្រង់បានបណ្ដាលឲ្យសរសេរ។ ការសិក្សាព្រះគម្ពីរគួរជួយឲ្យអ្នកមានជំនឿទៅលើសេចក្ដីសន្យាទាំងប៉ុន្មានរបស់ព្រះ ហើយជឿថាយញ្ញបូជាលោះរបស់ព្រះយេស៊ូមានអំណាចអាចសង្គ្រោះអ្នកបាន។—យ៉ូស្វេ ២៣:១៤; កិច្ចការ ៤:១២; ធីម៉ូថេទី២ ៣:១៦, ១៧

ការប្រាប់អ្នកទៀតនូវសេចក្ដីពិតពីព្រះគម្ពីរ

. តើអ្វីនឹងជំរុញអ្នកឲ្យប្រាប់អ្នកទៀតអំពីអ្វីដែលបានរៀន?

កាលដែលមានជំនឿកាន់តែច្រើនក្នុងចិត្ដ អ្នកនឹងមិនអាចទប់ចិត្ដមិនប្រាប់អ្នកទៀតអំពីអ្វីដែលអ្នកបានរៀននោះឡើយ។ (យេរេមា ២០:៩) ជំនឿនោះនឹងជំរុញអ្នកយ៉ាងខ្លាំងឲ្យនិយាយប្រាប់អ្នកទៀតអំពីព្រះនិងគោលបំណងរបស់ទ្រង់។—កូរិនថូសទី២ ៤:១៣

ជំនឿគួរជំរុញអ្នកឲ្យប្រាប់មនុស្សទៀតអំពីអ្វីដែលអ្នកបានរៀន

៩, ១០. () នៅដើមដំបូង តើអ្នកអាចប្រាប់អ្នកណាខ្លះអំពីសេចក្ដីពិតពីព្រះគម្ពីរ? () តើអ្នកគួរធ្វើយ៉ាងណា បើចង់ចូលរួមក្នុងកិច្ចផ្សព្វផ្សាយដែលរៀបចំដោយស្មរបន្ទាល់ព្រះយេហូវ៉ា?

នៅដើមដំបូងអ្នកអាចប្រើសំដីដែលមិនធ្វើឲ្យអាក់អន់ចិត្ដហើយប្រាប់បងប្អូន ញាតិសន្ដាន មិត្ដភក្ដិ អ្នកជិតខាង និងអ្នកធ្វើការជាមួយអំពីសេចក្ដីពិតពីព្រះគម្ពីរ។ ក្រោយមកអ្នកនឹងចង់ចូលរួមក្នុងកិច្ចផ្សព្វផ្សាយដែលរៀបចំដោយស្មរបន្ទាល់ព្រះយេហូវ៉ា។ ពេលដែលអ្នកចង់ចាប់ផ្ដើមចូលរួមកិច្ចផ្សព្វផ្សាយ សូមអញ្ជើញពិភាក្សាអំពីរឿងនេះជាមួយស្មរបន្ទាល់ដែលកំពុងតែបង្រៀនអ្នកអំពីព្រះគម្ពីរ។ ប្រសិនបើគាត់ឃើញថាអ្នកមានលក្ខណៈគ្រប់គ្រាន់ដើម្បីចូលរួមក្នុងកិច្ចបំរើផ្សាយនោះ អ្នកចាស់ទុំក្រុមជំនុំពីរនាក់នឹងរៀបចំជួបជាមួយអ្នកហើយអ្នកដែលបង្រៀនព្រះគម្ពីរ។

១០ នេះនឹងផ្ដល់ឱកាសឲ្យអ្នកស្គាល់អ្នកចាស់ទុំខ្លះឲ្យបានច្បាស់ជាង ដែលពួកគេជាអ្នកគង្វាលចៀមរបស់ព្រះ។ (កិច្ចការ ២០:២៨; ពេត្រុសទី១ ៥:២, ៣) ប្រសិនបើអ្នកចាស់ទុំទាំងនេះឃើញថាអ្នកយល់និងជឿសេចក្ដីបង្រៀនបឋមក្នុងព្រះគម្ពីរ ហើយមានរបៀបរស់នៅសមស្របតាមគោលការណ៍របស់ព្រះ ថែមទាំងពិតជាចង់ទៅជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ នោះពួកគាត់នឹងប្រាប់ថាអ្នកមានលក្ខណៈគ្រប់គ្រាន់ ដើម្បីចូលរួមកិច្ចបំរើផ្សាយជាអ្នកផ្សាយដែលមិនទាន់ទទួលបុណ្យជ្រមុជទឹក។

១១. មុននឹងមានលក្ខណៈគ្រប់គ្រាន់ដើម្បីចូលរួមក្នុងកិច្ចផ្សព្វផ្សាយជាមួយក្រុមជំនុំ តើមនុស្សខ្លះត្រូវកែប្រែអ្វីខ្លះ?

១១ ផ្ទុយទៅវិញ អ្នកប្រហែលជាត្រូវធ្វើការកែប្រែខ្លះក្នុងរបៀបរស់នៅនិងទម្លាប់របស់អ្នកដើម្បីមានលក្ខណៈគ្រប់គ្រាន់សំរាប់ចូលរួមក្នុងកិច្ចបំរើផ្សាយ។ នេះប្រហែលជារួមបញ្ចូលការលះចោលការប្រព្រឹត្ដខ្លះដែលអ្នកធ្លាប់ធ្វើដោយលួចលាក់។ ហេតុនេះ មុននឹងអ្នកសុំធ្វើជាអ្នកផ្សាយដែលមិនទាន់ជ្រមុជទឹកនោះ អ្នកត្រូវតែលះចោលឲ្យជ្រះស្រឡះនូវអំពើបាបធ្ងន់ធ្ងរ ដូចជាអំពើអសីលធម៌ខាងកាម ការប្រមឹកស្រា និងការប្រើថ្នាំញៀនជាដើម។—កូរិនថូសទី១ ៦:៩, ១០; កាឡាទី ៥:១៩-២១

ការប្រែចិត្ដនិងការលះបង់គន្លងចាស់

១២. ហេតុអ្វីត្រូវតែប្រែចិត្ដ?

១២ មានជំហានទៀតដែលត្រូវធ្វើមុននឹងមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបុណ្យជ្រមុជទឹក។ សាវ័កពេត្រុសបានសរសេរថា«ចូរប្រែចិត្ដ ហើយវិលមកចុះ! ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ»។ (កិច្ចការ ៣:១៩) ការប្រែចិត្ដមានន័យថាសោកស្ដាយយ៉ាងស្មោះនូវការប្រព្រឹត្ដរបស់ខ្លួន។ ការប្រែចិត្ដគឺសមរម្យបើអ្នកណាធ្លាប់ប្រព្រឹត្ដអំពើអសីលធម៌។ ក៏ប៉ុន្ដែអ្នកដែលមិនធ្លាប់ប្រព្រឹត្ដអំពើអសីលធម៌ក៏ត្រូវប្រែចិត្ដដែរ។ ហេតុអ្វី? ពីព្រោះមនុស្សទាំងអស់ជាអ្នកធ្វើអំពើបាបហើយត្រូវការនូវការអត់ឱនទោសពីព្រះ។ (រ៉ូម ៣:២៣; ៥:១២) មុនដែលរៀនព្រះគម្ពីរ អ្នកមិនបានដឹងថាព្រះហឫទ័យរបស់ព្រះជាអ្វីនោះទេ។ ដូច្នេះដោយសារគ្មានចំណេះអំពីព្រះហឫទ័យរបស់ព្រះ អ្នកមិនបានរស់នៅសមស្របតាមព្រះហឫទ័យរបស់ទ្រង់ទាំងស្រុងនោះទេ មែនទេ? ហេតុនេះត្រូវតែប្រែចិត្ដ។

១៣. តើការលះបង់គន្លងចាស់មានន័យដូចម្ដេច?

១៣ ក្រោយបានប្រែចិត្ដរួចហើយ អ្នកក៏ត្រូវលះបង់គន្លងចាស់«វិលមក»។ អ្នកត្រូវធ្វើអ្វីច្រើនជាង មិនគ្រាន់តែមានអារម្មណ៍សោកស្ដាយប៉ុណ្ណោះនោះទេ។ អ្នកត្រូវតែលះចោលឲ្យជ្រះស្រឡះនូវរបៀបរស់នៅរបស់អ្នកពីមុនមក ហើយតាំងចិត្ដរឹងមាំឲ្យធ្វើអ្វីដែលត្រឹមត្រូវចាប់ពីពេលនេះទៅមុខ។ ការប្រែចិត្ដនិងលះបង់គន្លងចាស់ជាជំហានដែលអ្នកត្រូវធ្វើមុននឹងទទួលបុណ្យជ្រមុជទឹក។

ការថ្វាយខ្លួន

១៤. តើអ្នកត្រូវធ្វើតាមជំហានដ៏សំខាន់អ្វីមុននឹងទទួលបុណ្យជ្រមុជទឹក?

១៤ អ្នកត្រូវធ្វើតាមជំហានមួយទៀតដ៏សំខាន់មុននឹងទទួលបុណ្យជ្រមុជទឹក។ អ្នកត្រូវតែថ្វាយខ្លួនចំពោះព្រះយេហូវ៉ា។

តើអ្នកបានប្រគល់ខ្លួនចំពោះព្រះតាមរយៈសេចក្ដីអធិដ្ឋានហើយនៅ?

១៥, ១៦. តើការថ្វាយខ្លួនចំពោះព្រះមានន័យដូចម្ដេច? តើអ្វីជំរុញយើងឲ្យធ្វើដូច្នេះ?

១៥ ពេលដែលអ្នកអធិស្ឋានស្មោះអស់ពីចិត្ដដើម្បីថ្វាយខ្លួនចំពោះព្រះយេហូវ៉ានោះ អ្នកសន្យាថាអ្នកនឹងមានភក្ដីភាពចំពោះទ្រង់តែមួយអង្គជារៀងរហូត។ (ចោទិយកថា ៦:១៥) ប៉ុន្ដែ ហេតុអ្វីចង់ធ្វើជាអ្នកបំរើព្រះដូច្នេះ? ដើម្បីឆ្លើយសំនួរនោះ សូមគិតអំពីឧទាហរណ៍នេះ។ ឧបមាថាបុរសម្នាក់ចាប់ចិត្ដស្រឡាញ់ស្រីម្នាក់។ កាលដែលគាត់ស្គាល់នាងកាន់តែច្បាស់ហើយឃើញថានាងមានលក្ខណៈល្អប្រសើរ នោះគាត់កាន់តែស្រឡាញ់នាងថែមទៀត។ ក្រោយមក ជាការធម្មតាដែលគាត់នឹងសុំនាងរៀបការជាមួយគាត់។ ពិតមែនថាការរៀបអាពាហ៍ពិពាហ៍នាំឲ្យមានភារកិច្ចថែមទៀត។ ប៉ុន្ដែសេចក្ដីស្រឡាញ់ជំរុញឲ្យគាត់ធ្វើតាមជំហានដ៏សំខាន់នោះ។

១៦ នៅពេលដែលអ្នកស្គាល់ហើយស្រឡាញ់ព្រះយេហូវ៉ា នោះជំរុញឲ្យអ្នកចង់បំរើទ្រង់អស់ពីសមត្ថភាពដោយមិនដាក់កំរិតទៅលើការថ្វាយបង្គំទ្រង់នោះទេ។ អ្នកណាដែលចង់ដើរតាមព្រះយេស៊ូគ្រីស្ទដែលជារាជបុត្រារបស់ព្រះត្រូវតែ«លះកាត់ចិត្ដខ្លួន»។ (ម៉ាកុស ៨:៣៤) យើងលះកាត់ចិត្ដខ្លួនដោយមិនអនុញ្ញាតឲ្យសេចក្ដីប៉ងប្រាថ្នានិងគោលដៅរបស់ខ្លួនរារាំងយើងក្នុងការស្ដាប់បង្គាប់ព្រះទាំងស្រុងនោះ។ ដូច្នេះមុននឹងអ្នកអាចទទួលបុណ្យជ្រមុជទឹក ការធ្វើតាមព្រះហឫទ័យរបស់ព្រះយេហូវ៉ាត្រូវជាគោលបំណងសំខាន់បំផុតក្នុងជីវិតរបស់អ្នក។—ពេត្រុសទី១ ៤:២

របៀបយកឈ្នះអារម្មណ៍ខ្លាចថាខ្លួនមិនអាចបំពេញតាមការថ្វាយខ្លួន

១៧. ហេតុអ្វីមនុស្សខ្លះស្ទាក់ស្ទើរមិនចង់ថ្វាយខ្លួនចំពោះព្រះយេហូវ៉ា?

១៧ អ្នកខ្លះស្ទាក់ស្ទើរមិនចង់ថ្វាយខ្លួនចំពោះព្រះយេហូវ៉ាទេដោយសារខ្លាចធ្វើតាមជំហានដ៏សំខាន់នេះ។ ពួកគេប្រហែលជាខ្លាចទទួលខុសត្រូវនៅចំពោះព្រះយេហូវ៉ាក្នុងនាមជាគ្រីស្ទានម្នាក់ដែលបានថ្វាយខ្លួនរួចហើយ។ ដោយសារពួកគេខ្លាចថាខ្លួននឹងធ្វើខុសហើយនាំឲ្យព្រះយេហូវ៉ាខកព្រះទ័យនោះ ពួកគេគិតថាគឺល្អជាងបើមិនថ្វាយខ្លួន។

១៨. តើអ្វីអាចជំរុញឲ្យអ្នកថ្វាយខ្លួនចំពោះព្រះយេហូវ៉ា?

១៨ ពេលដែលអ្នកចាប់ផ្ដើមស្រឡាញ់ព្រះយេហូវ៉ា នោះនឹងជំរុញចិត្ដអ្នកឲ្យចង់ថ្វាយខ្លួនចំពោះទ្រង់ ហើយខំអស់ពីសមត្ថភាពដើម្បីធ្វើតាមការថ្វាយខ្លួននោះ។ (សាស្ដា ៥:៤) ក្រោយអ្នកបានថ្វាយខ្លួននោះ អ្នកទំនងជាចង់«គាប់ព្រះហឫទ័យព្រះអង្គ ក្នុងគ្រប់វិស័យទាំងអស់»។ (កូឡូស[កូល៉ុស] ១:១០, ខ.ស.) ដោយសារអ្នកស្រឡាញ់ព្រះ អ្នកនឹងមិនគិតថាការធ្វើតាមព្រះហឫទ័យរបស់ទ្រង់ គឺពិបាកពេកនោះទេ។ អ្នកច្បាស់ជានឹងយល់ស្របជាមួយសាវ័កយ៉ូហានដែលបានសរសេរថា«នេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្ដរបស់ទ្រង់ ឯបញ្ញត្ដទ្រង់នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ»។—យ៉ូហានទី១ ៥:៣

១៩. ហេតុអ្វីអ្នកមិនចាំបាច់ខ្លាចក្នុងការថ្វាយខ្លួនចំពោះព្រះ?

១៩ អ្នកមិនចាំបាច់ជាមនុស្សគ្រប់ល័ក្ខណ៍ដើម្បីថ្វាយខ្លួនចំពោះព្រះនោះឡើយ។ ព្រះយេហូវ៉ាជ្រាបពីកំរិតសមត្ថភាពរបស់អ្នក ហើយមិនដែលតម្រូវឲ្យអ្នកធ្វើអ្វីដែលហួសពីសមត្ថភាពអ្នកឡើយ។ (ទំនុកដំកើង ១០៣:១៤) ទ្រង់ចង់ឲ្យអ្នកបំពេញតាមការថ្វាយខ្លួនដោយជោគជ័យ ហើយទ្រង់នឹងគាំទ្រព្រមទាំងជួយអ្នក។ (អេសាយ ៤១:១០) អ្នកអាចជឿជាក់ថា បើអ្នកទុកចិត្ដព្រះយេហូវ៉ាអស់ពីចិត្ដ ទ្រង់នឹង‹ដំរង់អស់ទាំងផ្លូវច្រករបស់អ្នក›។—សុភាសិត ៣:៥, ៦

ការបង្ហាញពីការថ្វាយខ្លួនដោយទទួលបុណ្យជ្រមុជទឹក

២០. ហេតុអ្វីការថ្វាយខ្លួនចំពោះព្រះយេហូវ៉ាមិនអាចទុកជារឿងសម្ងាត់បានឡើយ?

២០ ការគិតអំពីអ្វីដែលយើងទើបតែពិចារណានោះ ប្រហែលជានឹងជួយឲ្យអ្នកថ្វាយខ្លួនចំពោះព្រះយេហូវ៉ាតាមរយៈការអធិស្ឋាន។ អស់អ្នកណាដែលពិតជាស្រឡាញ់ព្រះក៏ត្រូវ«ថ្លែងប្រាប់»ពីជំនឿរបស់ខ្លួនដើម្បី«បានសង្គ្រោះ»។ (រ៉ូម ១០:១០) តើអ្នកធ្វើដូច្នេះយ៉ាងដូចម្ដេច?

បុណ្យជ្រមុជទឹកមានន័យថាអ្នកបានស្លាប់ចំពោះគន្លងជីវិតពីមុនរបស់អ្នកហើយរស់ឡើងវិញដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ

២១, ២២. តើអ្នកអាច«ថ្លែងប្រាប់»ពីជំនឿរបស់អ្នកយ៉ាងដូចម្ដេច?

២១ ចូរប្រាប់អ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំក្រុមជំនុំរបស់អ្នកថាអ្នកចង់ទទួលបុណ្យជ្រមុជទឹក។ គាត់នឹងរៀបចំឲ្យអ្នកចាស់ទុំខ្លះពិភាក្សាជាមួយអ្នកអំពីសំនួរមួយចំនួន ដែលទាក់ទងនឹងសេចក្ដីបង្រៀនបឋមក្នុងព្រះគម្ពីរ។ បើអ្នកចាស់ទុំទាំងនេះយល់ស្របគ្នាថាអ្នកមានលក្ខណៈគ្រប់គ្រាន់នោះ ពួកគេនឹងប្រាប់អ្នកថាអ្នកអាចទទួលបុណ្យជ្រមុជទឹកនៅលើកក្រោយពេលដែលមានពិធីបុណ្យជ្រមុជទឹក។ * ធម្មតានៅគ្រាដែលមានពិធីបុណ្យជ្រមុជទឹក គឺមានសុន្ទរកថាអំពីអត្ថន័យនៃការទទួលបុណ្យជ្រមុជទឹក។ រួចមកអ្នកថ្លែងសុន្ទរកថាអញ្ជើញអ្នកដែលនឹងទទួលបុណ្យជ្រមុជទឹកឲ្យឆ្លើយសំនួរស្រួលពីរយ៉ាង ដែលនេះជាវិធីមួយដែលអ្នកទទួលបុណ្យជ្រមុជទឹកអាច«ថ្លែងប្រាប់»អំពីជំនឿរបស់ពួកគេបាន។

២២ ពេលទទួលបុណ្យជ្រមុជទឹកនោះបង្ហាញឲ្យឃើញជាសាធារណៈថា អ្នកបានថ្វាយខ្លួនចំពោះព្រះ ហើយឥឡូវជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់។ អ្នកដែលទទួលបុណ្យជ្រមុជទឹកត្រូវពន្លិចទៅក្នុងទឹកដើម្បីបង្ហាញជាសាធារណៈថាពួកគេបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ា។

អត្ថន័យនៃពិធីបុណ្យជ្រមុជទឹករបស់អ្នក

២៣. តើការទទួលបុណ្យជ្រមុជទឹក«ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ»មានន័យអ្វី?

២៣ ព្រះយេស៊ូបានមានបន្ទូលថាសិស្សរបស់ទ្រង់នឹងទទួលបុណ្យជ្រមុជទឹក«ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ»។ (ម៉ាថាយ ២៨:១៩) នេះមានន័យថាអ្នកដែលទទួលបុណ្យជ្រមុជទឹកទទួលស្គាល់អំណាចរបស់ព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ។ (ទំនុកដំកើង ៨៣:១៨; ម៉ាថាយ ២៨:១៨) គាត់ក៏ទទួលស្គាល់តួនាទីនិងសកម្មភាពនៃវិញ្ញាណបរិសុទ្ធសកម្មពលរបស់ព្រះ។—កាឡាទី ៥:២២, ២៣; ពេត្រុសទី២ ១:២១

២៤, ២៥. () តើបុណ្យជ្រមុជទឹកតំណាងអ្វី? () តើនឹងត្រូវឆ្លើយសំនួរអ្វី?

២៤ ក៏ប៉ុន្ដែ បុណ្យជ្រមុជទឹកមិនមែនជាការងូតទឹកនោះទេ។ បុណ្យជ្រមុជទឹកតំណាងអ្វីដ៏សំខាន់។ ពេលដែលអ្នកត្រូវពន្លិចទៅក្នុងទឹក នេះតំណាងថាអ្នកបានស្លាប់ចំពោះគន្លងជីវិតពីមុនរបស់អ្នក។ ពេលដែលអ្នកងើបចេញពីទឹកមក នោះតំណាងឲ្យការមានជីវិតជាថ្មីដើម្បីធ្វើតាមបំណងព្រះហឫទ័យនៃព្រះ។ សូមចាំដែរថា អ្នកបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ាផ្ទាល់ មិនមែនចំពោះកិច្ចការណាមួយ បុព្វហេតុណាមួយ មនុស្សណាម្នាក់ ឬអង្គការណាមួយឡើយ។ ការថ្វាយខ្លួននិងបុណ្យជ្រមុជទឹកជាទីចាប់ផ្ដើមនៃការមានចំណងមិត្ដភាពស្និទ្ធស្នាជាមួយនឹងព្រះ។—ទំនុកដំកើង ២៥:១៤

២៥ បុណ្យជ្រមុជទឹកមិនធានាថាអ្នកនឹងទទួលសេចក្ដីសង្គ្រោះឡើយ។ សាវ័កប៉ុលបានសរសេរថា«ចូរបង្ហើយសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាចហើយញាប់ញ័រចុះ!»។ (ភីលីព ២:១២) បុណ្យជ្រមុជទឹកគ្រាន់តែជាទីចាប់ផ្ដើម។ សំនួរសំខាន់គឺ តើអ្នកអាចរក្សាខ្លួនឲ្យនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជានិច្ចយ៉ាងដូចម្ដេច? ជំពូកចុងក្រោយនឹងផ្ដល់ចម្លើយ។

^ វគ្គ 21 បុណ្យជ្រមុជទឹកជាផ្នែកមួយនៃកម្មវិធីសន្និបាតនិងមហាសន្និបាតប្រចាំឆ្នាំរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។