លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការពន្យល់បន្ថែម

អាហារល្ងាចរបស់ព្រះអម្ចាស់ជាពិធីមួយដែលលើកកិត្ដិយសថ្វាយព្រះ

អាហារល្ងាចរបស់ព្រះអម្ចាស់ជាពិធីមួយដែលលើកកិត្ដិយសថ្វាយព្រះ

គ្រីស្ទានទាំងឡាយត្រូវបង្គាប់ឲ្យធ្វើពិធីរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទ។ ពិធីនេះក៏ត្រូវហៅថា«លៀងបរិសុទ្ធនៃព្រះអម្ចាស់[«អាហារល្ងាចរបស់ព្រះអម្ចាស់», ព.ថ.]»។ (កូរិនថូសទី១ ១១:២០) ហេតុអ្វីបានជាពិធីនេះគឺសំខាន់ម៉្លេះ? តើគួរធ្វើពិធីនោះនៅពេលណា? តើគួរធ្វើពិធីនោះយ៉ាងដូចម្ដេច?

ព្រះយេស៊ូគ្រីស្ទបានផ្ដើមពិធីនេះនៅឆ្នាំ៣៣គ.ស. នៅយប់ដែលជនជាតិយូដាធ្វើបុណ្យរំលង។ ជនជាតិយូដាធ្វើបុណ្យរំលងមួយឆ្នាំម្ដងនៅថ្ងៃទី១៤ ខែណែសាន ដែលជាខែរបស់សាសន៍យូដា។ តាមមើលទៅ ដើម្បីដឹងថាថ្ងៃណាជាថ្ងៃទី១៤ ខែណែសាននោះ ជនជាតិយូដាធ្លាប់រង់ចាំថ្ងៃដែលមានយប់១២ម៉ោងហើយថ្ងៃ១២ម៉ោង។ បន្ទាប់ពីនោះពួកគេចាំទាល់តែឃើញព្រះចន្ទដើមខ្នើត។ ថ្ងៃទី១ ខែណែសាន ចាប់ផ្ដើមពេលដែលពួកគេឃើញព្រះចន្ទដើមខ្នើត។ ១៣ថ្ងៃក្រោយនោះ បន្ទាប់ពីថ្ងៃលិច ពួកគេធ្វើបុណ្យរំលង។

ព្រះយេស៊ូបានធ្វើបុណ្យរំលងជាមួយនឹងសាវ័ករបស់ទ្រង់ ហើយក្រោយនោះបានឲ្យយូដាសចេញទៅ។ ពេលដែល យូដាស អ៊ីស្ការីយ៉ុត ចេញទៅបាត់ហើយ ទ្រង់បានផ្ដើមពិធីអាហារល្ងាចរបស់ព្រះអម្ចាស់។ ពិធីនេះបានជំនួសបុណ្យរំលង។ ហេតុនេះហើយ ពិធីអាហារល្ងាចរបស់ព្រះអម្ចាស់ត្រូវធ្វើតែមួយឆ្នាំម្ដងប៉ុណ្ណោះ។

សៀវភៅដំណឹងល្អរបស់ម៉ាថាយរៀបរាប់ថា«ព្រះយេស៊ូទ្រង់យកនំប៉័ង ហើយកាលទ្រង់បានប្រទានពរ នោះក៏កាច់ប្រទានទៅពួកសិស្ស ដោយបន្ទូលថា ‹ចូរយកបរិភោគចុះ! នេះហើយជារូបកាយខ្ញុំ› រួចទ្រង់យកពែងមកប្រទានពរ ក៏ហុចទៅឲ្យគេ ដោយបន្ទូលថា ‹ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ! ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្ដាច់បាប›»។—ម៉ាថាយ ២៦:២៦-២៨

មនុស្សខ្លះជឿថាព្រះយេស៊ូបានធ្វើឲ្យនំប៉័ងនោះទៅជាសាច់របស់ទ្រង់ ហើយធ្វើឲ្យស្រានោះទៅជាព្រះលោហិតឈាមរបស់ទ្រង់។ ក៏ប៉ុន្ដែ សាច់របស់ព្រះយេស៊ូនៅជាប់នឹងព្រះកាយទ្រង់ដដែលពេលដែលបានប្រទាននំប៉័ងឲ្យសាវ័ក។ តើសាវ័ករបស់ព្រះយេស៊ូពិតជាកំពុងតែបរិភោគសាច់និងផឹកព្រះលោហិតរបស់ទ្រង់ទេ? មិនមែនទេ ដ្បិតនេះជាការស៊ីសាច់មនុស្ស ហើយជាការបំពានច្បាប់របស់ព្រះទាំងស្រុង។ (លោកុប្បត្ដិ ៩:៣, ៤; លេវីវិន័យ ១៧:១០) យោងទៅតាមលូកា ២២:២០ ព្រះយេស៊ូមានបន្ទូលថា«ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយនូវឈាមខ្ញុំ គឺជាឈាម ដែលត្រូវច្រួចចេញសំរាប់អ្នករាល់គ្នា»។ តើពែងនោះពិតជាបានក្លាយទៅជា«សញ្ញាថ្មី»មួយពិតមែនឬ? មិនអាចដូច្នោះទេ ដ្បិតពាក្យសញ្ញាសំដៅលើកិច្ចព្រមព្រៀងមួយ មិនមែនជាវត្ថុធាតុនោះទេ។

ហេតុនេះ ទាំងនំប៉័ងទាំងស្រាទំពាំងបាយជូរជានិមិត្ដរូប។ នំប៉័ងតំណាងព្រះកាយគ្រប់ល័ក្ខណ៍របស់ព្រះគ្រីស្ទ។ ព្រះយេស៊ូបានប្រើនំប៉័ងមួយដុំដែលនៅសល់ក្រោយពីធ្វើបុណ្យរំលងចប់។ នំប៉័ងនោះគ្មានមេដំបែឡើយ។ (និក្ខមនំ ១២:៨) ច្រើនដង ព្រះគម្ពីរប្រើដំបែជានិមិត្ដរូបបាបភាពមានខ្ចោះ។ ហេតុដូច្នេះ នំប៉័ងជានិមិត្ដរូបព្រះកាយគ្រប់ល័ក្ខណ៍របស់ព្រះយេស៊ូដែលបានត្រូវបូជា។ ព្រះកាយទ្រង់គ្មានបាបឡើយ។—ម៉ាថាយ ១៦:១១, ១២; កូរិនថូសទី១ ៥:៦, ៧; ពេត្រុសទី១ ២:២២; យ៉ូហានទី១ ២:១, ២

ស្រាក្រហមនោះជានិមិត្ដរូបព្រះលោហិតរបស់ព្រះយេស៊ូ។ ព្រះលោហិតនោះធ្វើឲ្យកិច្ចព្រមព្រៀងថ្មីមានសុពលភាព។ ព្រះយេស៊ូមានបន្ទូលថាព្រះលោហិតរបស់ទ្រង់បានត្រូវ«ច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្ដាច់បាប»ឲ្យទទួលការឥតឱនទោសបាប។ ហេតុដូច្នេះហើយ មនុស្សអាចត្រូវចាត់ទុកថាស្អាតពីបាបនៅចំពោះព្រះ ហើយអាចទៅជាភាគីនៃកិច្ចព្រមព្រៀងថ្មីជាមួយនឹងព្រះយេហូវ៉ា។ (ហេព្រើរ ៩:១៤; ១០:១៦, ១៧) កិច្ចព្រមព្រៀងកិច្ចសន្យានេះផ្ដល់លទ្ធភាពឲ្យគ្រីស្ទានស្មោះភក្ដី១៤៤.០០០នាក់ឡើងទៅស្ថានសួគ៌។ ទីនោះពួកគេនឹងគ្រប់គ្រងជាស្ដេចហើយជាសង្ឃដើម្បីប្រទានពរមនុស្សជាតិទាំងឡាយ។—លោកុប្បត្ដិ ២២:១៨; យេរេមា ៣១:៣១-៣៣; ពេត្រុសទី១ ២:៩; វិវរណៈ ៥:៩, ១០; ១៤:១-

តើអ្នកណាគួរពិសាវត្ថុតំណាងនៅពិធីបុណ្យរំឭកនោះ? គឺសមហេតុសមផលដែលឆ្លើយថា មានតែអ្នកដែលជាភាគីក្នុងកិច្ចព្រមព្រៀងថ្មី ពោលគឺអ្នកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ដែលគួរពិសានំប៉័ងនិងស្រាទំពាំងបាយជូរ។ វិញ្ញាណបរិសុទ្ធរបស់ព្រះធ្វើឲ្យអ្នកទាំងនោះយល់យ៉ាងជាក់ថា ពួកគេបានត្រូវជ្រើសរើសឲ្យឡើងទៅស្ថានសួគ៌ដើម្បីគ្រប់គ្រងជាស្ដេច។ (រ៉ូម ៨:១៦) ពួកគេក៏ជាភាគីក្នុងកិច្ចព្រមព្រៀងព្រះរាជាណាចក្រជាមួយនឹងព្រះយេស៊ូដែរ។—លូកា ២២:២៩

ចុះអ្នកដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដី? ពួកគេស្ដាប់តាមបង្គាប់ព្រះយេស៊ូឲ្យទៅពិធីអាហារល្ងាចរបស់ព្រះអម្ចាស់ ប៉ុន្ដែពួកគេទៅដើម្បីមើលដោយការគោរព មិនមែនដើម្បីពិសាវត្ថុតំណាងឡើយ។ មួយឆ្នាំម្ដង ក្រោយថ្ងៃលិចនៅថ្ងៃទី១៤ ខែណែសាន ស្មរបន្ទាល់ព្រះយេហូវ៉ាធ្វើពិធីអាហារល្ងាចរបស់ព្រះអម្ចាស់។ ទោះជាមានតែមនុស្សប៉ុន្មានពាន់នាក់ទូទាំងផែនដីដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌នោះ ក៏ពិធីនេះមានតម្លៃណាស់ចំពោះគ្រីស្ទានទាំងឡាយ។ ពិធីនោះជាគ្រាដែលគ្រីស្ទានទាំងអស់គ្នាអាចគិតអំពីសេចក្ដីស្រឡាញ់ជ្រាលជ្រៅបំផុតដែលព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទបានសម្ដែង។—យ៉ូហាន ៣:១៦