លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទំនាយទាំងឡាយដែលបានត្រូវសម្រេច

ទំនាយទាំងឡាយដែលបានត្រូវសម្រេច

ជំពូក​ទី​៩

ទំនាយ​ទាំង​ឡាយ​ដែល​បាន​ត្រូវ​សម្រេច

មនុស្ស​មិន​អាច​ទាយ​អំពី​អនាគត​ឲ្យ​បាន​ត្រូវ​ច្បាស់​លាស់​ទេ។ ជា​ច្រើន​ដង ការ​ខិត​ខំ​ទាយ​របស់​គេ​ឥត​បាន​ត្រូវ​សម្រេច​ទាល់​តែ​សោះ។ ដូច្នេះ សៀវភៅ​មួយ​អំពី​ទំនាយ​ដែល​បាន​ត្រូវ​សម្រេច គួរ​តែ​ទាក់​ទាញ​ស្មារតី​របស់​យើង​ណាស់។ ព្រះ​គម្ពីរ​គឺ​ជា​សៀវភៅ​ដូច​នេះ​ឯង។

១. (​រួម​បុព្វយោគ​) តើ​អ្វី​ដែល​បាន​ស​ឲ្យ​ឃើញ ថា​ព្រះ​គម្ពីរ​កត់​ទុក​ទំនាយ​ដែល​បាន​ត្រូវ​សម្រេច?

 ទំនាយ​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ បាន​ត្រូវ​សម្រេច​យ៉ាង​ល្អិត​ល្អន់​ណាស់ បាន​ជា​អ្នក​ធ្វើ​វិវេចនា​អះអាង​ថា ទំនាយ​ទាំង​នេះ​បាន​ត្រូវ​សរសេរ​ក្រោយ​ពេល​ព្រឹត្ដិការណ៍​បាន​កើត​ឡើង​ហើយ។ ប៉ុន្តែ​ការ​អះអាង​នេះ​មិន​ត្រូវ​ទេ។ ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត ទ្រង់​មាន​សមត្ថភាព​ពេញ​លេញ​ដើម្បី​ទាយ​ប្រាប់។ (​អេសាយ ៤១:២១​-​២៦; ៤២:៨, ៩; ៤៦:៨​-​១០​) ទំនាយ​ក្នុង​ព្រះ​គម្ពីរ​ដែល​បាន​ត្រូវ​សម្រេច​គឺ​ជា​ទី​សំអាង ដែល​ថា​ទំនាយ​គឺ​បណ្ដាល​មក​ពី​ព្រះ មិន​មែន​ជា​ការ​និពន្ធ​តាម​ក្រោយ​នោះ​ទេ។ ឥឡូវ យើង​នឹង​ពិនិត្យ​មើល​ទំនាយ​ដ៏​ល្អ​អស្ចារ្យ​ខ្លះ ដែល​បាន​ត្រូវ​សម្រេច—ដែល​ផ្ដល់​ភស្តុ​តាង​ថែម​ទៀត​ថា ព្រះ​គម្ពីរ​គឺ​បន្ទូល​នៃ​ព្រះ មិន​មែន​ពាក្យ​សំដី​នៃ​មនុស្ស​ទេ។

រស់​នៅ​ជា​ឈ្លើយ​នៅ​បាប៊ីឡូន

២, ៣. តើ​អ្វី​កើត​ឡើង​ដែល​បណ្ដាល​ឲ្យ​ស្តេច​ហេសេគា​បង្ហាញ​អស់​ទាំង​រាជទ្រព្យ ក្នុង​រាជវាំង​និង​នៅ​ក្រោម​អំណាច​ទ្រង់ ដល់​ពួក​អ្នក​តំណាង​ពី​បាប៊ីឡូន?

ហេសេគា​ជា​ស្តេច​នៅ​យេរូសាឡិម អស់​រយ:ប្រហែល​៣០​ឆ្នាំ។ នៅ​ឆ្នាំ​៧៤០​ម.​ស.យ. ទ្រង់​ទត​ឃើញ​ការ​វិនាស​ដល់​អ៊ីស្រាអែល ជា​សាសន៍​ជិតខាង​ដែល​ស្ថិត​នៅ​ទិស​ខាង​ជើង ដោយ​ដៃ​សាសន៍​អាសស៊ើរ។ នៅ​ឆ្នាំ​៧៣២​ម.​ស.យ. ទ្រង់​បាន​ពិសោធ​នឹង​ឥទ្ធិឫទ្ធិ​នៃ​ព្រះ ដែល​ជួយ​សង្គ្រោះ ពេល​ដែល​សាសន៍​អាសស៊ើរ​ខិត​ខំ​វាយ​យក​ក្រុង​យេរូសាឡិម តែ​មិន​បាន​សម្រេច ទៅ​ជា​ត្រូវ​បរាជ័យ​យ៉ាង​ខ្លាំង​វិញ។—អេសាយ ៣៧:៣៣​-​៣៨

ឥឡូវ ហេសេគា​កំពុង​ទទួល​គណៈ​ប្រតិភូ​ពី​ម្រដាក់​-​បាឡាដាន ជា​ស្តេច​បាប៊ីឡូន។ មើល​ពី​ក្រៅ ពួក​រាជទូត​គឺ​ដូច​មក​សរសើរ​ហេសេគា ដ្បិត​ទ្រង់​បាន​ជា​ឡើង​វិញ​ពី​ជម្ងឺ​ធ្ងន់។ ប៉ុន្តែ ម្រដាក់​-​បាឡាដាន​ទំនង​ជា​ឃើញ​ថា ហេសេគា​អាច​ធ្វើ​ជា​បក្ស​សម្ព័ន្ធ ដើម្បី​ប្រឆាំង​នឹង​មហា​អំណាច​ពិភព​លោក គឺ​សាសន៍​អាសស៊ើរ។ ហេសេគា​មិន​ជំទាស់​នឹង​គំនិត​នេះ​ទេ ពេល​ទ្រង់​បង្ហាញ​អស់​ទាំង​រាជទ្រព្យ ក្នុង​រាជវាំង​និង​នៅ​ក្រោម​អំណាច​ទ្រង់ ដល់​ពួក​ភ្ញៀវ​ពី​បាប៊ីឡូន។ ប្រហែល​ជា​ទ្រង់​ចង់​មាន​បក្ស​សម្ព័ន្ធ​ដែរ ដើម្បី​ប្រឆាំង​ពួក​អាសស៊ើរ​ដែល​អាច​ត្រឡប់​មក​វិញ។—អេសាយ ៣៩:១, ២

៤. តើ​អេសាយ​ទាយ​អំពី​លទ្ធផល​ដ៏​ខ្លោច​ផ្សា​អ្វី នៃ​ការ​ធ្វើ​ខុស​របស់​ហេសេគា?

អេសាយ​គឺ​ជា​ព្យាការី​ដ៏​ពូកែ​នា​ជំនាន់​នោះ ហើយ​លោក​ក៏​ដឹង​យល់​ភ្លាម​ថា ស្តេច​ហេសេគា​ឥត​ប្រុង​ប្រយ័ត្ន​ទេ។ លោក​ដឹង​ថា គឺ​ជា​ព្រះ​យេហូវ៉ា មិន​មែន​បាប៊ីឡូន​ទេ ដែល​ការ​ពារ​ហេសេគា​ដ៏​ប្រាកដ​នោះ ហើយ​ទូល​ប្រាប់​ទ្រង់​ថា ដែល​ទ្រង់​បង្ហាញ​រាជទ្រព្យ​របស់​ទ្រង់​ដល់​ពួក​បាប៊ីឡូន នោះ​នឹង​នាំ​ឲ្យ​មាន​ការ​ខ្លោច​ផ្សា​ធំ​ហើយ។ អេសាយ​និយាយ​ថា​៖ ​«​នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​មក​យក​អស់​ទាំង​របស់​ទ្រព្យ​នៅ​ក្នុង​ព្រះ​រាជវាំង នឹង​របស់​ទាំង​ប៉ុន្មាន​ដែល​ពួក​ឰយុកោ​ទ្រង់​បាន​សន្សំ​ទុក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នាំ​ទៅ​ឯ​ក្រុង​បាប៊ីឡូន​»។ ព្រះ​យេហូវ៉ា​ទ្រង់​បញ្ចេញ​ក្រិត្យ​ថា​៖ ​«​ឥត​ទុក​ឲ្យ​មាន​សល់​អ្វី​ឡើយ​»។—អេសាយ ៣៩:៥, ៦

៥, ៦. (​ក​) តើ​យេរេមា​និយាយ​អ្វី​ដែល​បញ្ជាក់​អំពី​ទំនាយ​របស់​អេសាយ? (​ខ​) តើ​របៀប​ណា​ដែល​ទំនាយ​របស់​អេសាយ​និង​យេរេមា​បាន​ត្រូវ​សម្រេច?

កាល​នៅ​សតវត្ស​ទី​ប្រាំ​បី​ម.​ស.យ. ទំនាយ​នោះ​ហាក់​ដូច​ជា​មិន​ត្រូវ​សម្រេច​ឡើយ។ ប៉ុន្តែ មួយ​រយ​ឆ្នាំ​ក្រោយ​មក ស្ថានការណ៍​បាន​ប្រែ​ប្រួល។ បាប៊ីឡូន​បាន​ទៅ​ជា​មហា​អំណាច​ពិភព​លោក​ដ៏​ខ្លាំង​លើស​លុប ជំនួស​អាសស៊ើរ​វិញ ហើយ​ឯ​យូដា​បាន​ទៅ​ជា​អន់​ថយ​យ៉ាង​ខ្លាំង បើ​យល់​តាម​សាសនា បាន​ជា​ព្រះ​លែង​ប្រទាន​ពរ​ឲ្យ​គេ​ទៀត។ ឥឡូវ យេរេមា ជា​ព្យាការី​ម្នាក់​ទៀត​ដែល​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​ប្រកាស​ប្រាប់​សេចក្ដី​ព្រមាន​នៃ​អេសាយ​ម្ដង​ទៀត​ថា​៖ ​«​អញ​នឹង​នាំ[​ពួក​សាសន៍​បាប៊ីឡូន​]មក​ទាស់​នឹង​ស្រុក​នេះ នឹង​ពួក​អ្នក​នៅ​ក្នុង​ស្រុក . . . ដូច្នេះ ស្រុក​នេះ​ទាំង​មូល​នឹង​ទៅ​ជា​ស្ងាត់​ជ្រងំ ហើយ​ជា​ទី​ស្រឡាំងកាំង​ផង សាសន៍​ទាំង​នេះ​នឹង​ត្រូវ​បំរើ​ស្តេច​បាប៊ីឡូន​អស់​៧០​ឆ្នាំ​»។—យេរេមា ២៥:៩, ១១

ប្រហែល​ជា​បួន​ឆ្នាំ​ក្រោយ​ពេល​យេរេមា​ថ្លែង​ប្រាប់​ទំនាយ​នោះ ពួក​បាប៊ីឡូន​បាន​យក​ស្រុក​យូដា​ធ្វើ​ជា​ចំណែក​នៃ​ចក្រភព​របស់​គេ។ បី​ឆ្នាំ​បន្ទាប់​មក​ទៀត ពួក​គេ​ក៏​ចាប់​យក​សាសន៍​យូដា​ខ្លះ ព្រម​ទាំង​យក​រាជទ្រព្យ​ខ្លះ​នៃ​ព្រះ​វិហារ​នៅ​យេរូសាឡិម ទៅ​ឯ​បាប៊ីឡូន។ ប្រាំ​បី​ឆ្នាំ​ក្រោយ​មក យូដា​ក៏​បះ​បោរ ហើយ​បាន​ត្រូវ​វាយលុក​ចូល​ម្ដង​ទៀត​ដោយ​ស្តេច​បាប៊ីឡូន ឈ្មោះ​នេប៊ូក្នេសា។ លើក​នេះ ទី​ក្រុង​និង​ព្រះ​វិហារ​ក្នុង​ក្រុង​បាន​ត្រូវ​កំទេច​ចោល។ អស់​ទាំង​រាជទ្រព្យ​និង​សាសន៍​យូដា​ផង បាន​ត្រូវ​គេ​យក​ទៅបាប៊ីឡូន​ដ៏​ឆ្ងាយ ដូច​អេសាយ​និង​យេរេមា​បាន​ទាយ​ប្រាប់​អញ្ចឹង។—របាក្សត្រ​ទី​២ ៣៦:៦, ៧, ១២, ១៣, ១៧​-​២១

៧. តើ​តាម​របៀប​ណា​ដែល​បុរាណ​វត្ថុ​វិទ្យា​ថ្លែង​បញ្ជាក់ អំពី​ការ​ត្រូវ​សម្រេច​នៃ​ទំនាយ​របស់​អេសាយ​និង​យេរេមា​អំពី​យេរូសាឡិម?

សព្វវចនាធិប្បាយ​បុរាណ​វត្ថុ​វិទ្យា​នៃ​ស្រុក​បរិសុទ្ធ សម្គាល់​ថា​ពេល​ដែល​សាសន៍​បាប៊ីឡូន​បាន​វាយលុក​រួច​ហើយ នោះ​«​ការ​វិនាស​នៃ​ក្រុង[​យេរូសាឡិម​] គឺ​ត្រូវ​វិនាស​ហិនហោច​អស់​»។1 បុរាណ​វត្ថុ​វិទូ លោក អាលប្រាយ្ដ ថ្លែង​ថា​៖ ​«​ការ​ជីក​ស្រាវ​ជ្រាវ​និង​ការ​រុក​រក​នៅ​ផ្ទៃ​លើ​នៅ​ស្រុក​យូដា បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុង​នៃ​យូដា​មិន​គ្រាន់​តែ​បាន​ត្រូវ​បំផ្លាញ​គ្មាន​សល់ ដោយ​ពួក​ខាល់ដេ​ដែល​វាយលុក​ពីរ​លើក​នោះ​ទេ ប៉ុន្តែ​ក៏​លែង​មាន​គេ​រស់​នៅ​ទៀត​អស់​រយ: ជា​ច្រើន​តំណ—គឺ​លែង​មាន​គេ​នៅ​ទៀត ក្នុង​ប្រវត្ដិសាស្ត្រ​»។2 ដូច្នេះ បុរាណ​វត្ថុ​វិទ្យា​ក៏​បញ្ជាក់​អំពី​ការ​ត្រូវ​សម្រេច​ដ៏​អស្ចារ្យ​នៃ​ទំនាយ​នេះ​ដែរ។

រឿង​កើត​ឡើង​ដល់​ទីរ៉ុស

៨, ៩. តើ​ទំនាយ​អ្វី​ដែល​អេសេគាល​ថ្លែង​ប្រកាស​ប្រឆាំង​នឹង​ក្រុង​ទីរ៉ុស?

អេសេគាល​គឺ​ជា​អ្នក​សរសេរ​បុរាណ​ម្នាក់​ទៀត ដែល​កត់​ទុក​ទំនាយ​ដែល​មក​ពី​ព្រះ។ លោក​បាន​ទាយ​ពី​ចុង​សតវត្ស​ទី​ប្រាំ​ពីរ​ម.​ស.យ. រហូត​ចូល​ដល់​ទី​ប្រាំ​មួយ—គឺ​ក្នុង​ឆ្នាំ​រហូត​ដល់​ក្រុង​យេរូសាឡិម​ត្រូវ​វិនាស ហើយ​បន្ទាប់​មក​ក្នុង​ទសវត្ស​ដំបូង​ដែល​សាសន៍​យូដា​បាន​រស់​នៅ​ជា​ឈ្លើយ​នៅ​បាប៊ីឡូន។ សូម្បី​អ្នក​ធ្វើ​វិវេចនា​សម័យ​ថ្មី​ក៏​យល់​ស្រប​ថា សៀវភៅ​នោះ​គឺ​បាន​ត្រូវ​សរសេរ​ប្រហាក់​ប្រហែល​នៅ​គ្រា​នោះ​ដែរ។

អេសេគាល​កត់​ទុក​ទំនាយ​ដ៏​អស្ចារ្យ​មួយ អំពី​ការ​វិនាស​ដល់​ក្រុង​ជិត​ខាង​មួយ នៅ​ខាង​ជើង​អ៊ីស្រាអែល គឺ​ក្រុង​ទីរ៉ុស ដែល​ធ្លាប់​បាន​ធ្វើ​ជា​មិត្ត​សំឡាញ់​នឹង​រាស្ត្រ​របស់​ព្រះ តែ​បាន​ប្រែ​ទៅ​ជា​សត្រូវ​វិញ។ (​ពង្សាវតារ​ក្សត្រ​ទី​១ ៥:១​-​៩; ទំនុក​ដំកើង ៨៣:២​-​៨​) លោក​សរសេរ​ថា​៖ ​«​ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ‹ម្នាល​ទីរ៉ុស​អើយ អញ​ទាស់​នឹង​ឯង អញ​នឹង​បណ្ដាល​ឲ្យ​សាសន៍​ជា​ច្រើន​ឡើង​មក​ទាស់​នឹង​ឯង ដូច​ជាសមុទ្រ​កំរើក​រលក​ឡើង​ដែរ គេ​នឹង​បំផ្លាញ​កំផែង​នៃ​ក្រុង​ទីរ៉ុស ហើយ​នឹង​រំលំ​ប៉ម​ទាំង​ប៉ុន្មាន​ផង អញ​នឹង​គាស់​យក​ទាំង​ធូលី​ដី​ចេញ​ទៅ ឲ្យ​ទី​ក្រុង​នោះ​នៅ​ជា​ថ្ម​ដារ​លីង . . . គេ​នឹង​ចាក់​អស់​ទាំង​ថ្ម នឹង​ឈើ ហើយ​ធូលី​ដី​របស់​ឯង​ទៅ​ក្នុង​ទឹក›​»។—អេសេគាល ២៦:៣, ៤, ១២

១០​-​១២. តើ​ពេល​ណា​ដែល​ទំនាយ​របស់​អេសេគាល​បាន​ត្រូវ​សម្រេច ហើយ​តាម​របៀប​ណា?

១០ តើ​រឿង​នេះ​បាន​កើត​ឡើង​មែន​ឬ​ទេ? ពីរ​បី​ឆ្នាំ​ក្រោយ​ពេល​អេសេគាល​បាន ប្រកាស​ទំនាយ​នេះ ស្តេច​បាប៊ីឡូន នេប៊ូក្នេសា បាន​វាយ​ឡោម​ព័ទ្ធ​ក្រុង​ទីរ៉ុស។ (​អេសេគាល ២៩:១៧, ១៨​) ប៉ុន្តែ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ ក្រុង​ទីរ៉ុស​មួយ​ចំណែក​គឺ​ស្ថិត​នៅ​លើ​ដី​ទ្វីប (​ជា​ចំណែក​ដែល​ហៅ​ថា​ក្រុង​ទីរ៉ុស​ចាស់​)។ ប៉ុន្តែ​មួយ​ចំណែក​នៃ​ក្រុង​នោះ​គឺ​ស្ថិត​នៅ​លើ​កោះ ចម្ងាយ​ប្រហែល​៨០០​ម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ។ នេប៊ូក្នេសា​បាន​វាយ​ឡោម​ព័ទ្ធ​កោះ​នេះ​អស់​រយ:១៣​ឆ្នាំ មុន​នឹង​វា​ព្រម​ចុះ​ចាញ់​ដល់​ទ្រង់។

១១ ប៉ុន្តែ គឺ​នៅ​ឆ្នាំ​៣៣២​ម.​ស.យ. ដែល​ទំនាយ​របស់​អេសេគាល​បាន​ត្រូវ​សម្រេច​យ៉ាង​ល្អិត​ល្អន់។ នៅ​គ្រា​នោះ អ័លេក្សានត្រុស​ដ៏​ជា​ធំ ដែល​ជា​អ្នក​ច្បាំង​ដណ្ដើម​ពី​ស្រុក​ម៉ាសេដូន កំពុង​វាយលុក​អាស៊ី។ ក្រុង​ទីរ៉ុស​ដែល​បាន​សុខ​នៅ​លើ​កោះ មិន​ព្រម​ចុះ​ចាញ់​ដល់​លោក​ទេ។ អ័លេក្សានត្រុស​មិន​ចង់​ឲ្យ​មាន​សល់​សត្រូវ​នៅ​ពី​ក្រោយ​លោក ប៉ុន្តែ​ក៏​មិន​ចង់​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​ឡោម​ព័ទ្ធ​ក្រុង​ទីរ៉ុស ដូច​ស្តេច​នេប៊ូក្នេសា​ដែរ។

១២ តើ​តាម​របៀប​ណា​ដែល​លោក​ដោះ​ស្រាយ​បញ្ហា​ខាង​ចំបាំង​នេះ? លោក​ធ្វើ​ផ្លូវ​ដី​ឬ​ទំនប់​មួយ ឆ្លង​ឆ្ពោះ​ទៅ​កោះ​នោះ ដើម្បី​ឲ្យ​ទ័ព​លោក​អាច​ដើរ​ឆ្លង​ទៅ​វាយលុក​ក្រុង​លើ​កោះ​នោះ​បាន។ ប៉ុន្តែ ចូរ​សម្គាល់​មើល​អ្វី​ដែល​លោក​យក​មក​លើក​ទំនប់​នោះ។ សព្វវចនាធិប្បាយ​អាមេរិកាណា ប្រកាស​ថា​៖ ​«​លោក​លើក​ទំនប់​យ៉ាង​ធំ​មួយ​នៅ​ឆ្នាំ​៣៣២ ដើម្បី​ភ្ជាប់​កោះ​និង​ដី​ទ្វីប ដោយ​ប្រើ​របស់​កំទេច​កំទី​ពី​ចំណែក​នៃ​ក្រុង​លើ​ដី​ទ្វីប ដែល​លោក​បាន​កំទេច​ចោល​»។ ក្រោយ​ពី​បាន​ឡោម​ព័ទ្ធ​អស់​រយ:ពេល​ដ៏​ខ្លី ក្រុង​លើ​កោះ​នោះ​ក៏​បាន​ត្រូវ​វិនាស​ទៅ។ ថែម​ទៅ​ទៀត ទំនាយ​របស់​អេសេគាល​ក៏​បាន​ត្រូវ​សម្រេច គ្រប់​សេចក្ដី​ល្អិត​ល្អន់។ សូម្បី​តែ‹ថ្ម​នឹង​ឈើ​ហើយ​ធូលី​ដី› នៃ​ក្រុង​ទីរ៉ុស​ចាស់ ក៏​បាន​ត្រូវ‹គេ​ចាក់​ទៅ​ក្នុង​ទឹក›។

១៣. តើ​អ្នក​ដំណើរ​សតវត្ស​ទី​១៩​ម្នាក់ រៀប​រាប់​ទី​កន្លែង​នៃ​ក្រុង​ទីរ៉ុស​បុរាណ​យ៉ាង​ដូច​ម្ដេច?

១៣ អ្នក​ដំណើរ​សតវត្ស​ទី​១៩​ម្នាក់ ឲ្យ​យោបល់​អំពី​របស់​សេស​សល់ នៅ​ក្រុង​ទីរ៉ុស​បុរាណកាល​នៅ​ជំនាន់​គាត់​ថា​៖ ​«​ចំពោះ​ក្រុង​ទីរ៉ុស​ដើម ដែល​ស្តេច​សាឡូម៉ូន​ព្រម​ទាំង​ពួក​ព្យាការី​នៃ​អ៊ីស្រាអែល បាន​ស្គាល់​នោះ គ្មាន​ដំណែល​មួយ​នៅ​សល់​ទេ គឺ​មាន​សល់​តែ​លើ​ស្តូប​ថ្ម​ឆ្លាក់​នៅ​ចំហៀង​ភ្នំ និង​លើ​ជើង​កំផែង​តែ​ប៉ុណ្ណោះ . . . សូម្បី​នៅ​លើ​កោះ ដែល​អ័លេក្សានត្រុស​ដ៏​ជា​ធំ បាន​ធ្វើ​ឲ្យ​ទៅ​ជា​ជ្រោយ ដោយ​ចាក់​បំពេញ​លើ​ទឹក​ចន្លោះ​កោះ​និង​ដី​ទ្វីប កាល​លោក​ឡោម​ព័ទ្ធ​ក្រុង​នោះ ក៏​ឥត​មាន​វត្ថុ​បុរាណ​ដ៏​សម្គាល់​បាន ពី​ជំនាន់​ដើម មុន​ជំនាន់​សង្គ្រាម​សាសនា​ទេ។ ក្រុង​សម័យ​មួយ​ដ៏​ថ្មី​គួរ​សម គឺ​ស្ថិត​នៅ​មួយ​កំណាត់​ខាង​ជើង នៃ​កន្លែង​ដែល​ពី​មុន​គឺ​ជា​កោះ តែ​សឹង​អស់​ទាំង​ផ្ទៃ​ដី​ឯ​ទៀត គឺ​ពេញ​ទៅ​ដោយ​សំណង់​បាក់​បែក​ដ៏​សម្គាល់​មិន​បាន​»។3

ដល់​វេន​បាប៊ីឡូន

១៤, ១៥. តើ​ទំនាយ​អ្វី​ដែល​អេសាយ​និង​យេរេមា​បាន​កត់​ទុក ដែល​ប្រឆាំង​នឹង​បាប៊ីឡូន?

១៤ កាល​នៅ​សតវត្ស​ទី​ប្រាំ​បី​ម.​ស.យ. អេសាយ ជា​ព្យាការី​ដែល​ព្រមាន​សាសន៍​យូដា ថា​គេ​នឹង​ត្រូវ​នៅ​ក្រោម​អំណាច​បាប៊ីឡូន ក៏​បាន​ទាយ​រឿង​ដ៏​អស្ចារ្យ​មួយ​ដែរ គឺ​៖ ការ​វិនាស​សាប​សូន្យ​ដល់​បាប៊ីឡូន។ លោក​ទាយ​យ៉ាងច្បាស់​លាស់​និង​ល្អិត​ល្អន់​ថា​៖ ​«​មើល អញ​នឹង​ញុះញង់​សាសន៍​មេឌី​ឲ្យ​ទាស់​នឹង​គេ . . . នោះ​ក្រុង​បាប៊ីឡូន​ដែល​ជា​សិរី​ល្អ​នៃ​អស់​ទាំង​នគរ ហើយ​ជា​ទី​លំអ​នៃ​សេចក្ដី​អំនួត​របស់​សាសន៍​ខាល់ដេ នឹង​ត្រូវ​ដូច​ជា​កាល​ព្រះ​បាន​រំលាង​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា​បង់ ក្រុង​នោះ​នឹង​គ្មាន​អ្នក​ណា​នៅ​ត​ទៅ​ទៀត​ឡើយ ក៏​មិន​ដែល​មាន​អ្នក​ណា​អាស្រ័យ​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ​»។—អេសាយ ១៣:១៧​-​២០

១៥ ព្យាការី​យេរេមា ក៏​ទាយ​អំពី​ការ​រលំ​នៃ​បាប៊ីឡូន​ដែរ ដែល​នឹង​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក។ ហើយ​លោក​ប្រាប់​សេចក្ដី​ល្អិត​ល្អន់​មួយ​ដ៏​ចាប់​អារម្មណ៍​ថា​៖ ​«​មាន​រដូវ​រាំង​រឹះ​មក​លើ​ទី​ទឹក​របស់​គេ ហើយ​ទឹក​ទាំង​នោះ​នឹង​រីង​ស្ងួត​ទៅ។ . . . ពួក​ខ្លាំង​ពូកែ​របស់​ក្រុង​បាប៊ីឡូន គេ​បាន​អាក់​ខាន​ត​ស៊ូ គេ​នៅ​តែ​ក្នុង​ទី​មាំ​មួន​របស់​គេ កំឡាំង​គេ​ស្បើយ​ហើយ​»។—យេរេមា ៥០:៣៨; ៥១:៣០

១៦. តើ​ពេល​ណា​ដែល​បាប៊ីឡូន​បាន​ត្រូវ​គេ​វាយ​យក ហើយ​ដោយ​អ្នក​ណា?

១៦ នៅ​ឆ្នាំ​៥៣៩ ម.​ស.យ. ការ​គ្រប់​គ្រង​នៃ​បាប៊ីឡូន​ជា​មហា​អំណាច​ដ៏​ឧត្តម​បំផុត​នៃ​ពិភព​លោក ក៏​បាន​ត្រូវ​ដល់​ទី​បញ្ចប់ ពេល​ដែល​ស៊ីរូស អ្នក​គ្រប់​គ្រង​ដ៏​ខ្លាំង​ក្លា​នៃ​សាសន៍​ពើស៊ី​រួម​នឹង​ទ័ព​មេឌី ចូល​វាយ​ប្រឆាំង​នឹង​ទី​ក្រុង​នោះ។ ប៉ុន្តែ អ្វី​ដែល​ស៊ីរូស​បាន​ឃើញ​នោះ គឺ​គួរ​ឲ្យ​ស្ញែង​ណាស់។ បាប៊ីឡូន​មានកំផែង​ដ៏​ធំ​ព័ទ្ធ​ជុំ​វិញ ហើយ​ហាក់​ដូច​ជា​មិន​អាច​ចូល​ទៅ​បាន​ទេ។ អ៊ើប្រាត​ជា​ទន្លេ​ដ៏​ធំ ហូរ​កាត់​ចូល​ទៅ​ក្នុង​ក្រុង ហើយ​ជួយ​ការ​ពារ​ដល់​ក្រុង​នោះ​ផង។

១៧, ១៨. (​ក​) តើ​តាម​របៀប​ណា​ដែល​«​មាន​រដូវ​រាំង​រឹះ​មក​លើ​ទី​ទឹក[​របស់​បាប៊ីឡូន​]​»​? (​ខ​) ហេតុ​អ្វី​ក៏‹ពួក​ខ្លាំង​ពូកែ​របស់​ក្រុង​បាប៊ីឡូន គេ​បាន​អាក់​ខាន​ត​ស៊ូ›?

១៧ ហេរ៉ូដូតឺស អ្នក​ប្រវត្ដិសាស្ត្រ​ក្រិក​រៀប​រាប់​របៀប​ដែល​ស៊ីរូស​ដោះ​ស្រាយ​បញ្ហា​នេះ​ថា​៖ ​«​ទ្រង់​ដាក់​ពួក​ទ័ព​ទ្រង់​មួយ​ចំណែក​នៅ​កន្លែង​ដែល​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ក្រុង ហើយ​មួយ​ក្រុម​ទៀត​នៅ​ខាង​ក្រោយ​កន្លែង​ដែល​ទឹក​ហូរ​ចេញ​មក ទាំង​ដាក់​បញ្ជា​ឲ្យ​គេ​ចូល​ទៅ​ក្រុង​តាម​បាត​ទន្លេ ពេល​ទឹក​ស្រក​រាក់​ល្មម . . . ទ្រង់​បង្ហូរ​ទឹក​ទន្លេ​អ៊ើប្រាត​តាម​ប្រឡាយ​មួយ​ឲ្យ​ចូល​ទៅ​ក្នុង​ស្រះ [​ជា​បឹង​មួយ​ជីក​ដោយ​អ្នក​គ្រប់​គ្រង​មុន​បាប៊ីឡូន​] ដែល​ពេល​នោះ​គឺ​ជា​វាល​ភក់ ទាល់​តែ​ទឹក​ទន្លេ​ស្រក​ចុះ​ទៅ​ជា​រាក់ ដើរ​លុយ​បាន​តាម​បាត​ទន្លេ។ បន្ទាប់​មក សាសន៍​ពើស៊ី​ដែល​ត្រូវ​ចាំ​នៅ​បាប៊ីឡូន​នៅ​ក្បែរ​ទន្លេ ក៏​ចូល​ទៅ​ក្នុង​ទន្លេ ដែល​ឥឡូវ​បាន​ទៅ​ជា​រាក់ ប្រហែល​ពាក់​កណ្ដាល​ភ្លៅ ហើយ​ដូច្នេះ​ក៏​ចូល​ទៅ​ក្នុង​ក្រុង​បាន​»។4

១៨ គឺ​របៀប​នេះ​ហើយ ដែល​ក្រុង​បាប៊ីឡូន​បាន​រលំ ដូច​យេរេមា​និង​អេសាយ​បាន​ព្រមាន។ ប៉ុន្តែ​សូម​សម្គាល់​ការ​ត្រូវ​សម្រេច​យ៉ាង​ល្អិត​ល្អន់​នៃ​ទំនាយ​នេះ។ មាន‹រដូវ​រាំង​រឹះ​មក​លើ​ទី​ទឹក​របស់​គេ ហើយ​ទឹក​ទាំង​នោះ​នឹង​រីង​ស្ងួត​ទៅ›មែន។ គឺ​ទឹក​ទន្លេ​អ៊ើប្រាត​បាន​ត្រូវ​ស្រក​ទៅ​ជា​រាក់ បាន​ជា​ស៊ីរូស​អាច​ចូល​ទៅ​ក្រុង​នោះ​បាន។ តើ‹ពួក​ខ្លាំង​ពូកែ​របស់​ក្រុង​បាប៊ីឡូន គេ​បាន​អាក់​ខាន​ត​ស៊ូ› ដូច​យេរេមា​បាន​ព្រមាន​ឬ? ព្រះ​គម្ពីរ—ព្រម​ទាំង​អ្នក​ប្រវត្ដិសាស្ត្រ​ក្រិក ហេរ៉ូដូតឺស និង​ស៊ីណូផន—កត់​ទុក​ថា​ពួក​បាប៊ីឡូន​កំពុង​តែ​ស៊ី​លៀង ពេល​ដែល​សាសន៍​ពើស៊ី​វាយលុក។5 ពង្សាវតារ​ណែបូណែដុស ជា​អក្សរ​ចារឹក​រាង​ជ្រុង​ៗ ខាង​ផ្លូវ​ការ​ចែង​ថា ទ័ព​ស៊ីរូស​ចូល​ក្រុង​បាប៊ីឡូន​ដោយ​«​ឥត​មាន​ការ​ប្រយុទ្ធ​»​សោះ ទំនង​ជា​បាន​សេចក្ដី​ថា ឥត​មាន​ការ​ប្រយុទ្ធ​ដ៏​ធំ​ដុំ​ឡើយ។6 ជា​ប្រាកដ ពួក​ខ្លាំង​ពូកែ​របស់​បាប៊ីឡូន​មិន​បាន​ប្រឹង​ត​ស៊ូ​ការ​ពារ​ក្រុង​ខ្លួន​ទេ។

១៩. តើ​ទំនាយ​ដែល​ថា​បាប៊ីឡូន​នឹង​«​គ្មាន​អ្នក​ណា​នៅ​ត​ទៅ​ទៀត​»​បាន​ត្រូវ​សម្រេច​ឬ​ទេ? សូម​ពន្យល់។

១៩ ចុះ​ចំពោះ​ទំនាយ​ដែល​ថា បាប៊ីឡូន​នឹង​«​គ្មាន​អ្នក​ណា​នៅ​ត​ទៅ​ទៀត​»​ នោះ​ជា​យ៉ាង​ណា? ទំនាយ​នោះ​មិន​បាន​សម្រេច​នៅ​ឆ្នាំ​៥៣៩​ម.​ស.យ.ទេ។ ប៉ុន្តែ វា​ក៏​ត្រូវ​សម្រេច​ឥត​ខុស​ឡើយ។ ក្រោយ​ពេល​បាន​រលំ បាប៊ីឡូន​គឺ​កន្លែង​ដែល​មាន​ការ​បះ​បោរ​មួយ​ចំនួន​កើត​ឡើង រហូត​ដល់​ឆ្នាំ​៤៧៨​ម.​ស.យ. ពេល​ដែល​ក្រុង​នេះ​បាន​ត្រូវ​កំទេច​ចោល ដោយ​ស្តេច​ស៊ើកសេស។ នៅ​ចុង​សតវត្ស​ទី​បួន អ័លេក្សានត្រុស​ដ៏​ជា​ធំ មាន​បំណង​កសាង​ក្រុង​នេះ​ឡើង​វិញ ប៉ុន្តែ​លោក​បាន​ស្លាប់​មុន​កិច្ច​ការ​កសាង​នេះ​បាន​ចម្រើន​ឡើង។ ចាប់​ពី​ពេល​នោះ​មក ក្រុង​នេះ​ទៅ​ជា​អន់​ថយ​ឡើង​ជា​លំដាប់។ នៅ​មាន​មនុស្ស​រស់​នៅ​ទី​នោះ នៅ​សតវត្ស​ទី​មួយ​នៃ​សករាជ​យើង ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ ក្រុង​បាប៊ីឡូន​បុរាណ​នៅ​មាន​សល់​តែ​គំនរ​សំណង់​បាក់​បែក នៅ​ប្រទេស​អ៊ីរ៉ាក់។ សូម្បី​តែ​សំណង់​បាក់​បែក​ខ្លះ​ត្រូវ​កសាង​ឡើង​វិញ​ក៏​ដោយ បាប៊ីឡូន​នឹង​គ្រាន់​តែ​ជា​ទី​សម្រាប់​អ្នក​ទេសចរ​ទស្សនា​មើល​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ក្រុង​ដ៏​មាន​មនុស្ស​រស់​នៅ​យ៉ាង​អ៊ូអរ​នោះ​ទេ។ ក្រុង​ដ៏​សោះ​កក្រោះ​គ្មាន​គេ​រស់​នៅ​នេះ គឺ​ជា​ភស្តុ​តាង​នៃ​ការ​ត្រូវ​សម្រេច​ចុង​ក្រោយ​នៃ​ទំនាយ​ដែល​មក​ពី​ព្រះ ប្រឆាំង​នឹង​វា។

ដំណើរ​ទៅ​មុខ​នៃ​ពួក​មហា​អំណាច​ពិភព​លោក

២០, ២១. តើ​ទំនាយ​អ្វី​ដែល​ដានីយ៉ែល​បាន​ឃើញ​អំពី​ដំណើរ​ទៅ​មុខ​នៃ​ពួក​មហា​អំណាច​ពិភព​លោក ហើយ​នេះ​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច?

២០ នៅ​សតវត្ស​ទី​ប្រាំ​មួយ​ម.​ស.យ. ពេល​ដែល​សាសន៍​យូដា​រស់​នៅ​ជា​ឈ្លើយ នៅ​បាប៊ីឡូន ដានីយ៉ែល ជា​ព្យាការី​ម្នាក់​ទៀត ដែល​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​កត់​ទុក​ចក្ខុនិមិត្ត​ខ្លះ​ដ៏​អស្ចារ្យ ដែល​ទាយ​អំពី​ព្រឹត្ដិការណ៍​អនាគត​នៃ​ពិភព​លោក។ ក្នុង​ចក្ខុនិមិត្ត​មួយ​នោះ ដានីយ៉ែល​រៀប​រាប់​សត្វ​ជា​សញ្ញា​មួយ​ចំនួន ដែល​យក​កន្លែង​គ្នា​ទៅ​វិញ​ទៅ​មក លើ​ឆាក​ពិភព​លោក។ ទេវតា​មួយ​អង្គ​ពន្យល់​ប្រាប់​ថា សត្វ​ទាំង​នេះ​ជា​សញ្ញា​ដែល​ប្រាប់​ជា​មុន​អំពី​ការ​ប្រជែង​គ្នា​នៃ​ពួក​មហា​អំណាច​ពិភព​លោក តាំង​ពី​គ្រា​នោះ​រហូត​មក។ ទ្រង់​ប្រាប់​អំពី​សត្វ​សាហាវ​ចុង​ក្រោយ​ពីរ​ថា​៖ ​«​ឯ​ចៀម​ឈ្មោល​មាន​ស្នែង​២ ដែល​ឯង​បាន​ឃើញ នោះ​គឺ​ជា​ស្តេច​សាសន៍​មេឌី នឹង​ស្តេច​សាសន៍​ពើស៊ី ហើយ​ពពែ​ឈ្មោល​រោម​ស្រមូវ​នោះ គឺ​ជា​ស្តេច​សាសន៍​ក្រិក​វិញ ចំណែក​ស្នែង​១​ធំ​ដែល​នៅ​ជា​កណ្ដាល​ភ្នែក​ទាំង​២​នោះ គឺ​ជា​ស្តេច​ដើម​ដំបូង ឯ​ដំណើរ​ដែល​ស្នែង​នោះ​ត្រូវ​បាក់ ហើយ​មាន​ស្នែង​៤​ដុះ​ឡើង​ជំនួស នោះ​គឺ​ជា​នគរ​៤ ដែល​នឹង​កើត​ឡើង ពី​សាសន៍​នោះ តែ​មិន​មែន​មាន​អំណាច​ដូច​ស្តេច​ដើម​នោះ​ទេ​»។—ដានីយ៉ែល ៨:២០​-​២២

២១ សេចក្ដី​ទាយ​ទុក​ជា​មុន​នេះ ត្រូវ​សម្រេច​យ៉ាង​ត្រង់​ៗ។ ចក្រភព​បាប៊ីឡូន​បាន​ត្រូវ​រំលំ​ដោយ​សាសន៍​មេឌី​-​ពើស៊ី ដែល​២០០​ឆ្នាំ​ក្រោយ​មក បាន​បើក​ជំហរ​ឲ្យ​សាសន៍​ក្រិក​ឡើង​ធ្វើ​ជា មហា​អំណាច​ពិភព​លោក។ ចក្រភព​ក្រិក​បាន​ត្រូវ​ដឹក​នាំ​ដោយ អ័លេក្សានត្រុស​ដ៏​ជា​ធំ គឺ​ជា​«​ស្នែង​១​ធំ​»​នោះ។ ប៉ុន្តែ ក្រោយ​ពេល​អ័លេក្សានត្រុស​ស្លាប់​ទៅ មេ​ទ័ព​លោក​ក៏​ច្បាំង​ក្នុង​ចំណោម​គ្នា​គេ ដើម្បី​យក​អំណាច ហើយ​ដល់​ទី​បំផុត ចក្រភព​ដ៏​ធំ​នេះ​ក៏​បែក​ទៅ​ជា​ចក្រភព​បួន​តូច​ៗ គឺ​ជា​«​នគរ​៤​»។

២២. តើ​មហា​អំណាច​ពិភព​លោក​ណា​ទៀត​ដែល​បាន​ត្រូវ​ទាយ ក្នុង​ទំនាយ​ដែល​ទាក់​ទង​នឹង​ដំណើរ​ទៅ​មុខ​នៃ​ពួក​មហា​អំណាច?

២២ នៅ​ដានីយ៉ែល ជំពូក​ទី​៧ ចក្ខុនិមិត្ត​ស្រដៀង​គ្នា​មួយ​ក៏​ប្រាប់​អំពី​អនាគត​ដែរ។ មហា​អំណាច​បាប៊ីឡូន​គឺ​តំណាង​ដោយ​សត្វ​សិង្ហ ពើស៊ី​ដោយ​សត្វ​ខ្លា​ឃ្មុំ ហើយ​ឯ​ក្រិក​ដោយ​សត្វ​ខ្លា​រខិន ដែល​មាន​ស្លាប​បួន​លើ​ខ្នង​វា ហើយ​ក៏​មាន​ក្បាល​បួន​ដែរ។ បន្ទាប់​មក ដានីយ៉ែល​ឃើញ​សត្វ​សាហាវ​មួយ​ទៀត​ដ៏​«​គួរ​ស្បើម គួរ​ស្ញែង​ខ្លាច ហើយ​មាន​កំឡាំង​យ៉ាង​ក្រៃ​លែង . . . ក៏​មាន​ស្នែង​១០​»​ផង។ (​ដានីយ៉ែល ៧:២​-​៧​) សត្វ​សាហាវ​ទី​បួន​នេះ​បង្ហាញ​ប្រាប់​ជា​មុន​នូវ​ចក្រភព​រ៉ូម​ដ៏​មាន​អំណាច ដែល​ចាប់​ផ្ដើម​កើត​ឡើង ប្រហែល​បី​សតវត្ស ក្រោយ​ពេល​ដានីយ៉ែល​កត់​ទុក​ទំនាយ​នេះ។

២៣. តើ​ក្នុង​របៀប​ណា​ដែល​សត្វ​សាហាវ​ទី​បួន ក្នុង​ទំនាយ​របស់​ដានីយ៉ែល គឺ​«​ជា​ផ្សេង​ពី​អស់​ទាំង​នគរ​»​ឯ​ទៀត?

២៣ ទេវតា​ទាយ​ប្រាប់​អំពី​រ៉ូម​ថា​៖ ​«​សត្វ​ទី​៤​នោះ គឺ​ជា​នគរ​ទី​៤​នៅ​លើ​ផែនដី ដែល​នឹង​ត្រូវ​ជា​ផ្សេង​ពី​អស់​ទាំង​នគរ ហើយ​នឹង​ត្របាក់​លេប​ផែនដី​ទាំង​មូល ក៏​នឹង​ជាន់​ពង្រាប​ដោយ​ជើង ព្រម​ទាំង​លំអិត​កំទេច​ផង​»។ (​ដានីយ៉ែល ៧:២៣​)។ លោក វ៉ែល្ស មាន​ប្រសាសន៍​ក្នុង​សៀវភៅ​របស់​លោក ប្រវត្ដិសាស្ត្រ​តូច​នៃ​ពិភព​លោក ថា​៖ ​«​អំណាច​រ៉ូម​ថ្មី​នេះ​ដែល​កើត​ឡើង​មក​កាន់​កាប់​បស្ចិម​ប្រទេស ក្នុង​សតវត្ស​ទី​ពីរ​និង​ទី​មួយ ម.​ស.យ. គឺ​មាន​លក្ខណៈ​ជា​ច្រើន​យ៉ាង​ដែល​ខុស​ពី​ចក្រភព​ដ៏​ធំ​ឯ​ទៀត ដែល​គង់​នៅ​រហូត​ដល់​គ្រា​នេះ ក្នុង​ពិភព​លោក​ដ៏​មាន​អារ្យធម៌​ខ្ពង់​ខ្ពស់​»។7 វា​ចាប់​ផ្ដើម​ឡើងជា​សាធារណៈ​រដ្ឋ​មួយ ហើយ​ក៏​នៅ​ត​ទៅ​ជា​រាជាធិបតេយ្យ។ ខុស​ពី​ចក្រភព​ពី​មុន​ៗ ចក្រភព​រ៉ូម​មិន​មែន​បង្កើត​ឡើង​ដោយ​អ្នក​ច្បាំង​ដណ្ដើម​ម្នាក់​ណា​ទេ ប៉ុន្តែ​លូត​លាស់​ឡើង​យ៉ាង​រ៉ឹង​ប៊ឹង​អស់​ជា​ច្រើន​សតវត្ស ទាំង​នៅ​ជាប់​បាន​យូរ​ជាង ហើយ​កាន់​កាប់​ដី​ច្រើន​ជាង​អស់​ទាំង​ចក្រភព​មុន​ៗ​ផង។

២៤, ២៥. (​ក​) តាម​របៀប​ណា​ដែល​ស្នែង​ដប់​នៃ​សត្វ​សាហាវ​បាន​លេច​ឡើង​មក? (​ខ​) តើ​ដានីយ៉ែល​ទាយ​អំពី​ការ​ប្រយុទ្ធ​យ៉ាង​ដូច​ម្ដេច រវាង​ស្នែង​នៃ​សត្វ​សាហាវ?

២៤ ចុះ​ចំពោះ​ស្នែង​ដប់​នៃ​សត្វ​សាហាវ​ដ៏​ធំ​នេះ? ទេវតា​មាន​បន្ទូល​ថា​៖ ​«​ឯ​ស្នែង​ទាំង​១០​នោះ គឺ​នឹង​មាន​ស្តេច​១០​អង្គ​កើត​ឡើង​ពី​នគរ​នោះ ហើយ​ក្រោយ​មក នឹង​មាន​១​ទៀត​កើត​ឡើង ដែល​នឹង​ប្លែក​ពី​ស្តេច​មុន​ៗ ក៏​នឹង​ទំលាក់​ស្តេច​៣​អង្គ​នោះ​ចុះ​»។ (​ដានីយ៉ែល ៧:២៤​) តើ​រឿង​នេះ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?

២៥ ពេល​ចក្រភព​រ៉ូម​ចាប់​តាំង​ទៅ​ជា​អន់​ខ្សោយ​ទៅ នៅ​សតវត្ស​ទី​ប្រាំ​ស.យ. វា​មិន​បាន​ត្រូវ​មហា​អំណាច​ពិភព​លោក​ផ្សេង​មក​ជំនួស​ភ្លាម​ទេ តែ​បាន​ត្រូវ​បែក​ចេញ​ជា​នគរ​មួយ​ចំនួន គឺ​ជា​«​ស្តេច​១០​អង្គ​»​វិញ។ ក្រោយ​មក​ចក្រភព​អង់គ្លេស​វាយ​ឈ្នះ​លើ​ចក្រភព​ដ៏​ប្រកួត​បី គឺ​អេស្បាញ បារាំង និង​ណេថឺឡែនដ៍ ហើយ​ក៏​ក្លាយ​ជា​មហា​អំណាច​ពិភព​លោក​ដ៏​សំខាន់​មួយ។ គឺ​ដូច្នេះ​ហើយ​ដែល‹ស្នែង›មក​ថ្មី បាន​ទម្លាក់​«​ស្តេច​៣​អង្គ​នោះ​ចុះ​»។

ទំនាយ​របស់​ដានីយ៉ែល ក្រោយ​ពេល​ការណ៍​ពិត​បាន​កើត​ឡើង​ឬ?

២៦. តើ​អ្នក​ធ្វើ​វិវេចនា​អះអាង​ថា សៀវភៅ​ដានីយ៉ែល​បាន​ត្រូវ​សរសេរ​នៅ​ពេល​ណា ហើយ​មក​ពី​ហេតុ​អ្វី?

២៦ ព្រះ​គម្ពីរ​ប្រាប់​ថា សៀវភៅ​ដានីយ៉ែល​បាន​ត្រូវ​សរសេរ​នៅ​សតវត្ស​ទី​ប្រាំ​មួយ ម.​ស.យ.។ ប៉ុន្តែ ទំនាយ​ក្នុង​សៀវភៅ​ត្រូវ​សម្រេច​ត្រង់​ៗ​ណាស់ បាន​ជា​អ្នក​ធ្វើ​វិវេចនា​អះអាង​ថា វា​បាន​ត្រូវ​សរសេរ​ប្រហែល​នៅ​ឆ្នាំ​១៦៥​ម.​ស.យ. ពេល​ដែល​ទំនាយ​មួយ​ចំនួន​បាន​ត្រូវ​សម្រេច​រួច​ទៅ​ហើយ។8 ថ្វី​បើ​ហេតុ​ដ៏​មែន​ទែន​សម្រាប់​ធ្វើ​ការ​អះអាង​នេះ គឺ​ពីព្រោះ​ទំនាយ​ដានីយ៉ែល​បាន​ត្រូវ​សម្រេច គេ​នៅ​តែ​ចាត់​ទុក​ជា​ការណ៍​ពិត​ដ៏​ជាក់​ហើយ ក្នុងឯកសារ​យោង​ជា​ច្រើន ថា​សៀវភៅ​ដានីយ៉ែល​បាន​ត្រូវ​សរសេរ​នៅ​ពេល​វេលា​ក្រោយ​ៗ​នេះ។

២៧, ២៨. តើ​ការណ៍​ពិត​អ្វី​ខ្លះ ដែល​បញ្ជាក់​ថា សៀវភៅ​ដានីយ៉ែល​មិន​មែន​សរសេរ​នៅ​ឆ្នាំ​១៦៥ ម.​ស.យ.?

២៧ ប៉ុន្តែ យើង​ត្រូវ​តែ​គិត​ថ្លឹង​ការណ៍​ពិត​ខាង​ក្រោម ទល់​នឹង​ទ្រឹស្តី​បែប​នេះ។ ទី​មួយ សៀវភៅ​នេះ​មាន​គេ​ថ្លែង​បញ្ឆៀង​ក្នុង​សៀវភៅ​យូដា ដែល​គេ​សរសេរ​ក្នុង​សតវត្ស​ទី​ពីរ​ម.​ស.យ. ដូច​ជា​សៀវភៅ​ទី​មួយ​នៃ​ម៉ាក​កា​ប៊ី។ ហើយ​វា​ក៏​មាន​រួម​បញ្ចូល​ក្នុង សេបទូជីន​ភាសា​ក្រិក ដែល​គេ​បាន​បក​ប្រែ​ចាប់​ផ្ដើម​ក្នុង​សតវត្ស​ទី​បី​ម.​ស.យ.។9 ទី​បី ចំណែក​នៃ​ឯកសារ​ចម្លង​ពី​សៀវភៅ​ដានីយ៉ែល គឺ​តែង​តែ​ឃើញ​ច្រើន​ក្នុង​ការ​សរសេរ​ក្នុង​ក្រាំង​សមុទ្រ​ស្លាប់—ហើយ​គេ​ជឿ​ថា​ចំណែក​ទាំង​នេះ​មាន​ចុះ​ថ្ងៃ​កំណត់​ប្រហែល​នៅ​ឆ្នាំ​១០០ ម.​ស.យ.។10 ជា​ប្រាកដ មិន​យូរ​ក្រោយ​ពេល​សៀវភៅ​ដានីយ៉ែល​បាន​ត្រូវ​សរសេរ​ចប់ វា​ក៏​បាន​ត្រូវ​ល្បី​ពាស​ពេញ ហើយ​មាន​គេ​ជឿ​តាម​៖ ជា​ទី​សំអាង​ដ៏​ខ្លាំង​ដែល​បង្ហាញ​ថា វា​បាន​ត្រូវ​សរសេរ​ជា​យូរ មុន​ពេល​វេលា​ដែល​អះអាង​ដោយ​អ្នក​ធ្វើ​វិវេចនា​ទៅ​ទៀត។

២៨ ម្យ៉ាង​ទៀត ដានីយ៉ែល​មាន​ប្រវត្ដិសាស្ត្រ​ដ៏​ល្អិត​ល្អន់ ដែល​មិន​ដែល​បាន​ដឹង​ដោយ​អ្នក​សរសេរ​នៃ​សតវត្ស​ទី​ពីរ​ឡើយ។ សេចក្ដី​ដ៏​អស្ចារ្យ​មួយ គឺ​អំពី ស្តេច​បេលសាសារ ជា​អ្នក​គ្រប់​គ្រង​បាប៊ីឡូន ដែល​បាន​ត្រូវ​គេ​ធ្វើ​គុត​ពេល​បាប៊ីឡូន​រលំ​នៅ​ឆ្នាំ​៥៣៩​ម.​ស.យ.។ ប្រភព​ដ៏​សំខាន់​ខាង​ក្រៅ​ព្រះ​គម្ពីរ ដែល​ប្រាប់​យើង​អំពី​ការ​រលំ​នៃ​បាប៊ីឡូន​គឺ ហេរូដូតឺស(​សតវត្ស​ទី​ប្រាំ​) ស៊ីណូផន(​សតវត្ស​ទី​ប្រាំ​និង​ទី​បួន​) និង​បេរូសឺស(​សតវត្ស​ទី​បី​)។ ពួក​គេ​ទាំង​នេះ​ឥត​ដឹង​អំពី​បេលសាសារ​ទេ។11 គឺ​មិន​ទំនង​សោះ ដែល​អ្នក​សរសេរ​នៃ​សតវត្ស​ទី​ពីរ នឹង​មាន​ពត៌មាន​ដែល​មិន​មាន​ដល់​អ្នក​និពន្ធ​ពី​មុន​ៗ​នោះ! សេចក្ដី​កត់​ទុក​អំពី​បេលសាសារ ក្នុង​ដានីយ៉ែល ជំពូក​ទី ៥ គឺ​ជាការ​អះអាង​យ៉ាង​ខ្លាំង​ថា ដានីយ៉ែល​បាន​សរសេរ​សៀវភៅ​របស់​លោក មុន​អ្នក​ទាំង​នេះ​សរសេរ​សៀវភៅ​របស់​គេ​ទៅ​ទៀត។ a

២៩. ហេតុ​អ្វី​ក៏​សៀវភៅ​ដានីយ៉ែល​មិន​អាច​ត្រូវ​សរសេរ ក្រោយ​ពេល​ទំនាយ​ដែល​ចែង​ក្នុង​នោះ​បាន​ត្រូវ​សម្រេច?

២៩ ក្រោយ​បង្អស់ មាន​ទំនាយ​មួយ​ចំនួន​ក្នុង​ដានីយ៉ែល ដែល​បាន​ត្រូវ​សម្រេច ជា​យូរ​ក្រោយ​ឆ្នាំ​១៦៥​ម.​ស.យ.។ ទំនាយ​មួយ​គឺ​អំពី​ចក្រភព​រ៉ូម ដែល​មាន​និយាយ​ពី​មុន​នេះ។ ទំនាយ​មួយ​ទៀត​គឺ​ទំនាយ​ដ៏​អស្ចារ្យ ដែល​ទាយ​អំពី​ការ​យាង​មក នៃ​ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី។

ការ​យាង​មក​នៃ​មួយ​អង្គ​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តាំង

៣០, ៣១. (​ក​) តើ​ទំនាយ​អ្វី​របស់​ដានីយ៉ែល ដែល​ទាយ​ប្រាប់​ពេល​ដែល​ព្រះ​មេស្ស៊ី​ត្រូវ​លេច​មក? (​ខ​) ដោយ​សំអាង​លើ​ទំនាយ​ដានីយ៉ែល តើ​តាម​របៀប​ណា​ដែល​យើង​អាច​គិត​រក​ឆ្នាំ ដែល​ព្រះ​មេស្ស៊ី​ត្រូវ​លេច​មក?

៣០ ទំនាយ​នេះ​មាន​កត់​ទុក​ក្នុង​ដានីយ៉ែល ជំពូក​ទី​៩ ដូច​នេះ​ថា​៖ ​«​គ្រប់​៧០​អាទិត្យ [​នៃ​ឆ្នាំ​ឬ​៤៩០​ឆ្នាំ​]បាន​កំណត់​ដល់​សាសន៍​ឯង នឹង​ដល់​ទី​ក្រុង​បរិសុទ្ធ​របស់​ឯង​»។ b (​ដានីយ៉ែល ៩:២៤​) តើ​អ្វី​នឹង​ត្រូវ​កើត​ឡើង ក្នុង​រយ: ៤៩០​ឆ្នាំ​នេះ? យើង​អាន​ថា​៖ ​«​ចាប់​តាំង​ពី​ចេញ​បង្គាប់​ឲ្យ​តាំង​ក្រុង​យេរូសាឡិម ហើយ​សង់​ឡើង​វិញ ដរាប​ដល់​គ្រា[​ការ​យាង​មក​នៃ​]អ្នក​ដែល​ចាក់​ប្រេង​តាំង​នោះ គឺ​ជា​អ្នក​ដែល​ជា​កំពូល​បណ្ដាច់ នោះ​ត្រូវ​ជា​ចំនួន​៧​អាទិត្យ[​នៃ​ឆ្នាំ​] នឹង​៦២​អាទិត្យ[​នៃ​ឆ្នាំ​]​»។ (​ដានីយ៉ែល ៩:២៥​) ដូច្នេះ នេះ​គឺ​ទំនាយ​អំពី​ពេល​ដែល​ព្រះ​មេស្ស៊ី ជា​«​អ្នក​ដែល​បាន​ចាក់​ប្រេង​តាំង​»​ ត្រូវ​យាង​មក។ តើ​នេះ​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច?

៣១ បញ្ជា​ឲ្យ​តាំង​ក្រុង​យេរូសាឡិម ហើយ​សង់​ឡើង​វិញ គឺ‹ត្រូវ​ប្រាប់› ក្នុង​«​ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​របស់​ស្តេច​អើថាស៊ើកសេស​»​នៃ​សាសន៍​ពើស៊ី គឺ​ក្នុង​ឆ្នាំ​៤៥៥​ម.​ស.យ.។ (​នេហេមា ២:១​-​៩​) ដល់​ចុង​៤៩​ឆ្នាំ(​៧​អាទិត្យ​នៃ​ឆ្នាំ​)ភាព​រុង​រឿង​ជា​ច្រើន​នៃ​ក្រុង​យេរូសាឡិម បាន​ត្រូវ​តាំង​ឡើង​វិញ។ ហើយ​បន្ទាប់​មក ដោយ​រាប់​បង្គ្រប់​៤៨៣​ឆ្នាំ (​៧​អាទិត្យ​បូក​នឹង​៦២​អាទិត្យ​នៃ​ឆ្នាំ​) ពី​ឆ្នាំ​៤៥៥​ម.​ស.យ. នោះ​យើង​នឹង​រាប់​ដល់​ឆ្នាំ​២៩​ស.យ.។ តាម​ពិត នេះ​គឺ​«​ឆ្នាំ​ទី​១៥ ក្នុង​រាជ្យ​សេសារ​-​ទី​ប៊ើ​រ​»​ជា​ឆ្នាំ​ដែល​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ពី​យ៉ូហាន​-​បាទីស្ទ។ (​លូកា ៣:១​) នៅ​ពេល​នោះ ព្រះ​យេស៊ូ​បាន​ត្រូវ​សម្គាល់​ចំពោះ​មុខ​សាធារណៈ ថា​ជា​រាជបុត្រា​នៃ​ព្រះ ហើយ​ទ្រង់​ក៏​ចាប់​ផ្ដើម​កិច្ច​បំរើ​ទ្រង់ ខាង​ការ​ប្រកាស​ដំណឹង​ល្អ​ដល់​សាសន៍​យូដា។ (​ម៉ាថាយ ៣:១៣​-​១៧; ៤:២៣​) ទ្រង់​ក៏​ក្លាយ​ថា​ជា​«​អ្នក​ដែល​បាន​ចាក់​ប្រេង​តាំង​»​ឬ​ព្រះ​មេស្ស៊ី។

៣២. ស្រប​តាម​ទំនាយ​ដានីយ៉ែល កិច្ច​បំរើ​នៃ​ព្រះ​យេស៊ូ​លើ​ផែនដី គឺ​មាន​រយៈ​ពេល​យូរ​ប៉ុន្មាន ហើយ​អ្វី​ត្រូវ​កើត​ឡើង​ក្រោយ​ពេល​កិច្ច​បំរើ​នេះ?

៣២ ទំនាយ​ទាយ​ថែម​ទៀត​ថា​៖ ​«​លុះ​ក្រោយ​ពី​៦២​អាទិត្យ[​នៃ​ឆ្នាំ​]នោះ​ទៅ នោះ​អ្នក​ដែល​បាន​ចាក់​ប្រេង​តាំង​ឡើង នឹង​ត្រូវ​ផ្ដាច់​ចេញ​វិញ​»។ ហើយ​ក៏​ទាយ​ប្រាប់​ទៀត​ថា​៖ ​«​ចៅហ្វាយ​នោះ​នឹង​តាំង​សញ្ញា​យ៉ាង​ម៉ឺង​ម៉ាត់​នឹង​មនុស្ស​ជា​ច្រើន​នៅ​រវាង​១​អាទិត្យ[​ប្រាំ​ពីរ​ឆ្នាំ​] តែ​ដល់​ពាក់​កណ្ដាល​អាទិត្យ​នោះ នឹង​ធ្វើ​ឲ្យ​ការ​ថ្វាយ​យញ្ញ​បូជា នឹង​ដង្វាយ​ឈប់​ទៅ​»។ (​ដានីយ៉ែល ៩:២៦, ២៧​) ស្រប​នឹង​ទំនាយ​នេះ ព្រះ​យេស៊ូ​យាង​មក​ប្រកាស​ប្រាប់​តែ​ពួក​សាសន៍​យូដា ជា​«​មនុស្ស​ជា​ច្រើន​»​នោះ។ ជួន​កាល ទ្រង់​ក៏​ប្រកាស​ដល់​ពួក​សាម៉ារី​ដែល​ជឿ​បទ​គម្ពីរ​ខ្លះ ប៉ុន្តែ​ពួក​គេ​បាន​បង្កើត​និកាយ​មួយ​ផ្សេង​ពី​សាសនា​យូដា​ទូទៅ។ បន្ទាប់​មក ​«​ដល់​ពាក់​កណ្ដាល​អាទិត្យ​»​ ក្រោយ​ពេល​បាន​ប្រកាស​អស់​រយៈ​បី​ឆ្នាំ​កន្លះ ទ្រង់​ប្រទាន​ជីវិត​ទ្រង់​សម្រាប់​ជា​យញ្ញ​បូជា ហើយ​ដូច្នេះ​ក៏​«​ត្រូវ​ផ្ដាច់​ចេញ​»។ នេះ​ក៏​ផ្ដាច់​ក្រិត្យ​វិន័យ​លោក​ម៉ូសេ ទាំង​ការ​ថ្វាយ​យញ្ញ​បូជា​និង​តង្វាយ។ (​កាឡាទី ៣:១៣, ២៤, ២៥​) ម្ល៉ោះ​ហើយ ដោយ​ថ្វាយ​ជីវិត​ទ្រង់ ព្រះ​យេស៊ូ​ក៏​ធ្វើ​ឲ្យ​«​ការ​ថ្វាយ​យញ្ញ​បូជា​នឹង​ដង្វាយ​ឈប់​ទៅ​»។

៣៣. តើ​ព្រះ​យេហូវ៉ា​ទាក់​ទង​តែ​នឹង​សាសន៍​យូដា​យូរ​ប៉ុន្មាន ហើយ​ព្រឹត្ដិការណ៍​អ្វី​ដែល​កត់​សម្គាល់​ទី​បញ្ចប់​នៃ​រយៈ​ពេល​នេះ?

៣៣ ប៉ុន្តែ អស់​រយ:បី​ឆ្នាំ​កន្លះ​ថែម​ទៀត ក្រុម​ជំនុំ​គ្រីស្ទាន​ទើប​កើត​ថ្មី​នេះ ធ្វើ​ទី​បន្ទាល់​ដល់​សាសន៍​យូដា​តែ​ប៉ុណ្ណោះ ហើយ​ក្រោយ​មក ក៏​ដល់​សាសន៍​សាម៉ារី​ដែល​ជា​ញាតិ​សន្ដាន​ដែរ។ ប៉ុន្តែ នៅ​ឆ្នាំ​៣៦​ស.យ. នៅ​ចុង​៧០​អាទិត្យ​នៃ​ឆ្នាំ សាវ័ក​ពេត្រុស​បាន​ត្រូវ​ណែនាំ​ឲ្យ​ប្រកាស​ប្រាប់​ដល់​សាសន៍​ដទៃ​ម្នាក់ ឈ្មោះ​កូនេលាស។ (​កិច្ច​ការ ១០:១​-​៤៨​) ឥឡូវ​«​សញ្ញា . . . នឹង​មនុស្ស​ជា​ច្រើន​»​ក៏​មិន​សម្រាប់​តែ​សាសន៍​យូដា​តែ​ប៉ុណ្ណោះ​ទេ។ សេចក្ដី​សង្គ្រោះ​ក៏​ត្រូវ​ប្រកាស​ប្រាប់ ដល់​សាសន៍​ដទៃ​ឯ​ទៀត ដែល​ឥត​កាត់​ស្បែក។

៣៤. ស្រប​និង​ទំនាយ​ដានីយ៉ែល តើ​អ្វី​កើត​ឡើង​ដល់​សាសន៍​អ៊ីស្រាអែល ដោយ​ព្រោះ​គេ​មិន​ទទួល​ព្រះ​មេស្ស៊ី?

៣៤ ពីព្រោះ​សាសន៍​អ៊ីស្រាអែល​មិន​ទទួល​ព្រះ​យេស៊ូ ហើយ​រក​គំនិត​ឲ្យ​គេ​ធ្វើ​គុត​ទ្រង់ ព្រះ​យេហូវ៉ា​មិន​ការ​ពារ​គេ​ទេ ពេល​ពួក​រ៉ូម​មក​កំទេច​ក្រុង​យេរូសាឡិម​ចោល នៅ​ឆ្នាំ​៧០​ស.យ.។ ដូច្នេះ​ពាក្យ​ថែម​ទៀត​របស់​ដានីយ៉ែល ក៏​ត្រូវ​សម្រេច​ថា​៖ ​«​រួច​បណ្ដា​ទ័ព​របស់​ចៅហ្វាយ​១​ដែល​នឹង​មក គេ​នឹង​បំផ្លាញ​ទី​ក្រុង នឹង​ទី​បរិសុទ្ធ​បង់ ឯ​ចុង​បំផុត​នៃ​ការ​នោះ​នឹង​បាន​ដូច​ជា​ជំនន់​ទឹក ក៏​នឹង​មាន​ចំបាំង​ដរាប​ដល់​ចុង​»។ (​ដានីយ៉ែល ៩:២៦​ខ​) ​«​ចៅហ្វាយ​»​ទី​ពីរ​នេះ​គឺ ទីតុស ជា​មេ​ទ័ព​រ៉ូម​ដែល​កំទេច​ក្រុង​យេរូសាឡិម នៅ​ឆ្នាំ​៧០​ស.យ.។

ទំនាយ​ដែល​មក​ពី​ព្រះ

៣៥. តើ​ទំនាយ​អ្វី​ផ្សេង​ទៀត​អំពី​ព្រះ​យេស៊ូ​ដែល​បាន​ត្រូវ​សម្រេច?

៣៥ គឺ​របៀប​នេះ​ហើយ​ដែល​ទំនាយ​ដានីយ៉ែល​អំពី​៧០​អាទិត្យ បាន​គឺ​ត្រូវសម្រេច​ដ៏​ចំ​ៗ​បំផុត។ ជា​ប្រាកដ ទំនាយ​ជា​ច្រើន​ដែល​កត់​ទុក​ក្នុង​បទ​គម្ពីរ​ហេព្រើរ បាន​ត្រូវ​សម្រេច​ក្នុង​សតវត្ស​ទី​មួយ ហើយ​ទំនាយ​មួយ​ចំនួន​នេះ​គឺ​អំពី​ព្រះ​យេស៊ូ។ ស្រុក​កំណើត​ព្រះ​យេស៊ូ ការ​ខ្នះ​ខ្នែង​របស់​ទ្រង់​ចំពោះ​ព្រះ​វិហារ​នៃ​ព្រះ កិច្ច​ការ​ប្រកាស​របស់​ទ្រង់ ការ​ក្បត់​ដល់​ទ្រង់​ដើម្បី​ប្រាក់​៣០​ដុំ របៀប​ដែល​ទ្រង់​ត្រូវ​សោយ​ទិវង្គត ការ​ធ្វើ​ឆ្នោត​ចាប់​ចែក​ព្រះ​ពស្ត្រ​ទ្រង់—សេចក្ដី​ល្អិត​ល្អន់​ទាំង​អស់​នេះ​បាន​ត្រូវ​ទាយ​ទុក​ក្នុង​បទ​គម្ពីរ​ហេព្រើរ។ ការ​ត្រូវ​សម្រេច នេះ​បញ្ជាក់​ដោយ​ឥត​សង្ស័យ​ឡើយ​ថា ព្រះ​យេស៊ូ​គឺ​ជា​ព្រះ​មេស្ស៊ី ហើយ​បង្ហាញ​ឲ្យ​ឃើញ​ម្ដង​ទៀត ថា​ទំនាយ​គឺ​មក​ពី​ព្រះ។—មីកា ៥:២; លូកា ២:១​-​៧; សាការី ១១:១២; ១២:១០; ម៉ាថាយ ២៦:១៥; ២៧:៣៥; ទំនុក​ដំកើង ២២:១៨; ៣៤:២០; យ៉ូហាន ១៩:៣៣​-​៣៧

៣៦, ៣៧. តើ​យើង​ជ្រាប​អ្វី​ពី​ការ​ដែល​ទំនាយ​ក្នុង​ព្រះ​គម្ពីរ​បាន​ត្រូវ​សម្រេច ហើយ​ការ​ដឹង​នេះ​ផ្ដល់​ការ​ទុក​ចិត្ត​អ្វី​ដល់​យើង?

៣៦ តាម​ពិត អស់​ទាំង​ទំនាយ​របស់​ព្រះ​គម្ពីរ​ដែល​កំណត់​ថា​នឹង​ត្រូវ​សម្រេច គឺ​បាន​ត្រូវ​សម្រេច​មែន។ ព្រឹត្ដិការណ៍​បាន​កើត​ឡើង​ចំ ​ៗ​ដូច​ព្រះ​គម្ពីរ​ទាយ​ប្រាប់​អញ្ចឹង។ នេះ​គឺ​ជា​ទី​សំអាង​ដ៏​ខ្លាំង ដែល​ថា​ព្រះ​គម្ពីរ​គឺ​បន្ទូល​នៃ​ព្រះ។ គឺ​ត្រូវ​តែ​មាន​ប្រាជ្ញា​ដ៏​ខ្ពង់​ខ្ពស់​ជាង​ប្រាជ្ញា​មនុស្ស ដែល​អាច​ថ្លែង​ប្រាប់​ទំនាយ​ដ៏​ឆុត​ដូច​នេះ។

៣៧ ប៉ុន្តែ​មាន​ទំនាយ​ឯ​ទៀត​ក្នុង​ព្រះ​គម្ពីរ ដែល​មិន​ទាន់​បាន​ត្រូវ​សម្រេច​នៅ​ជំនាន់​នោះ។ ហេតុ​អ្វី? ពីព្រោះ​នេះ​បាន​កំណត់​ថា​នឹង​ត្រូវ​សម្រេច​នៅ​ជំនាន់​យើង ហើយ​នៅ​ពេល​អនាគត​យើង​ផង។ ទំនាយ​ពី​បុរាណ​ដ៏​គួរ​ជឿ​បាន ទាំង​នេះ ធ្វើ​ឲ្យ​យើង​ទុក​ចិត្ត​ថា ទំនាយ​ឯ​ទៀត​នេះ​នឹង​ត្រូវ​សម្រេច​ជា​មិន​ខាន។ នេះ​គឺ​ពិត​ជា​ដូច្នេះ​មែន ដូច​យើង​នឹង​ឃើញ​នៅ​ជំពូក​បន្ទាប់​នេះ។

[​កំណត់​សម្គាល់​]

a សូម​មើល​ក្នុង​ជំពូក​ទី​៤ ​«​តើ​គួរ​ជឿ‹សញ្ញា​ចាស់›បាន​ទេ​»​? វគ្គ​១៦​និង​១៧។

b នៅ​ក្នុង​ការ​បក​ប្រែ​នេះ ពាក្យ​នៅ​ក្នុង​វង់​ដង្កៀប​គឺ​បន្ថែម​ដោយ​អ្នក​បក​ប្រែ ដើម្បី​និង​បញ្ជាក់​សេចក្ដី។

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៣៣​]

អស់​ទាំង​ទំនាយ​ដែល​កំណត់​ថា​នឹង​ត្រូវ​សម្រេច គឺ​បាន​ត្រូវ​សម្រេច​មែន។ ព្រឹត្ដិការណ៍​បាន​កើត​ឡើង​ចំ​ៗ ដូច​ព្រះ​គម្ពីរ​ទាយ​ប្រាប់​អញ្ចឹង

[​រូប​ភាព​នៅ​ទំព័រ​១១៨​]

បុរាណ​វត្ថុ​វិទូ​បាន​រក​ឃើញ​ថា​ក្រុង​យេរូសាឡិម​បាន​ត្រូវ​វិនាស​ទាំង​ស្រុង ដោយ​សារ​ស្តេច​នេប៊ូក្នេសា

[​រូប​ភាព​នៅ​ទំព័រ​១២១​]

រូប​នៃ​ក្រុង​ទីរ៉ុស​សម័យ​ថ្មី។ សឹង​តែ​គ្មាន​ដំណែល​សល់​ឡើយ ពី​ក្រុង​ទីរ៉ុស​មុន​ដែល​ពួក​ព្យាការី​អ៊ីស្រាអែល​ធ្លាប់​បាន​ស្គាល់

[​រូប​ភាព​នៅ​ទំព័រ​១២៣​]

ពួក​ទេសចរ​ដែល​ទៅ​មើល​កន្លែង​ក្រុង​បាប៊ីឡូន​ពី​បុរាណ គឺ​ជា​សាក្សី​ចំពោះ​ការ​ត្រូវ​សម្រេច​នៃ​ទំនាយ ដែល​ប្រឆាំង​នឹង​ទី​ក្រុង​នោះ

[​រូប​ភាព​នៅ​ទំព័រ​១២៦​]

ទំនាយ​ដានីយ៉ែល​អំពី​ដំណើរ​ទៅ​មុខ​នៃ​ពួក​មហា​អំណាច​ពិភព​លោក គឺ​ត្រូវ​ឆុត​ណាស់ បាន​ជា​អ្នក​ធ្វើ​វិវេចនា​សម័យ​ថ្មី​គិត​ថា ទំនាយ​ទាំង​នេះ​គឺ​សរសេរ​ក្រោយ​ពេល​ព្រឹត្ដិការណ៍​បាន​កើត​ឡើង​ហើយ

ស្រុក​បាប៊ីឡូន

ស្រុក​ពើស៊ី

ស្រុក​ក្រិក

ស្រុក​រ៉ូម

ស្រុក​អង់គ្លេស

[​រូប​ភាព​នៅ​ទំព័រ​១៣០​]

ដានីយ៉ែល​បាន​ទាយ​យ៉ាង​ឆុត​អំពី​វេលា​ដែល​ព្រះ​មេស្ស៊ី​ត្រូវ​លេច​មក​នៅ​អ៊ីស្រាអែល