ព្រះគម្ពីរខំប្រឹងពុះពារដើម្បីឲ្យបាននៅគង់វង់
ជំពូកទី២
ព្រះគម្ពីរខំប្រឹងពុះពារដើម្បីឲ្យបាននៅគង់វង់
មានទីសំអាងជាច្រើនដែលបង្ហាញថា ព្រះគម្ពីរគឺពិតជាបន្ទូលនៃព្រះ។ ទីសំអាងនិមួយៗគឺមានសភាពមាំមួន តែនៅពេលដែលបញ្ចូលគ្នាទៅ នោះនឹងមិនអាចបំបាក់បំបែកបានឡើយ។ ក្នុងជំពូកនេះនិងជំពូកមួយទៀតជាបន្ទាប់ យើងនឹងពិគ្រោះអំពីទីសំអាងមួយគឺ៖ ប្រវត្ដិសាស្ត្រនៃសៀវភៅព្រះគម្ពីរ។ គឺពិតជាអព្ភូតហេតុមែន ដែលសៀវភៅព្រះគម្ពីរដ៏អស្ចារ្យនេះ អាចនៅគង់វង់រហូតមកដល់សព្វថ្ងៃនេះ។ សូមអ្នកពិចារណាមើលការណ៍ពិតទាំងនេះដោយខ្លួនឯងចុះ។
១. តើមានការរៀបរាប់យ៉ាងល្អិតល្អន់អ្វីខ្លះអំពីព្រះគម្ពីរ?
ព្រះគម្ពីរមិនមែនគ្រាន់តែជាសៀវភៅមួយក្បាលប៉ុណ្ណោះទេ ប៉ុន្តែជាសៀវភៅ៦៦ក្បាលដ៏មានតម្លៃដែលរួមបញ្ចូលគ្នា មានខ្លះខ្លីហើយខ្លះវែង ព្រមទាំងមានច្បាប់ ទំនាយ ប្រវត្ដិសាស្ត្រ កំណាព្យ សេចក្ដីអប់រំ និងរបស់ជាច្រើនទៀត។ ជាច្រើនសតវត្សមុនកំណើតព្រះគ្រីស្ទ សៀវភៅ៣៩ក្បាលមុនដំបូងបានត្រូវ—សរសេរមកក្នុងភាសាហេព្រើរជាភាគច្រើន—ដោយពួកសាសន៍យូដាឬអ៊ីស្រាអែលដែលស្មោះត្រង់។ គេតែងតែហៅចំណែកនេះជា សញ្ញាចាស់។ សៀវភៅ២៧ក្បាលក្រោយបង្អស់បានត្រូវសរសេរជាភាសាក្រិក ដោយពួកគ្រីស្ទាន ហើយក៏ល្បីទូទៅជាសញ្ញាថ្មី។ យោងទៅតាមទីសំអាងក្នុងសៀវភៅទាំងនេះ និងប្រពៃណីដ៏បុរាណបំផុត សៀវភៅទាំង៦៦ក្បាលនេះបានត្រូវសរសេរក្នុងកំឡុងពេលប្រហែល១.៦០០ ឆ្នាំ ចាប់តាំងពីពេលដែលប្រទេសអេស៊ីបជាមហាអំណាច រហូតដល់ពេលដែលប្រទេសរ៉ូមជាមហាអំណាចលើពិភពលោក។
មានតែព្រះគម្ពីរទេដែលបាននៅគង់វង់
២. (ក) តើសាសន៍អ៊ីស្រាអែលមានស្ថានការណ៍យ៉ាងណា ពេលព្រះគម្ពីរបានត្រូវចាប់ផ្ដើមសរសេរ? (ខ) នៅពេលដំណាលគ្នានោះ តើសេចក្ដីសរសេរអ្វីខ្លះទៀតដែលបានត្រូវបង្កើតឡើង?
២ នៅពេលការសរសេរព្រះគម្ពីរបានចាប់ផ្ដើមឡើងជាង៣.០០០ឆ្នាំមុននោះ អ៊ីស្រាអែលជាសាសន៍តូចមួយក្នុងចំណោមសាសន៍ជាច្រើននៅមជ្ឈិមបូព៌ាប្រទេស។ ព្រះយេហូវ៉ាជាព្រះរបស់គេ ឯសាសន៍នៅជុំវិញនោះ មានព្រះនិងទេពធីតាដ៏ស្មុគស្មាញជាច្រើនយ៉ាង។ នៅជំនាន់នោះ មិនមែនតែពួកសាសន៍អ៊ីស្រាអែលប៉ុណ្ណោះទេ ដែលផលិតអក្សរសាស្ត្រខាងសាសនានោះ។ សាសន៍ឯទៀតក៏បានសរសេរកត់ទុកសេចក្ដី ដែលសម្ដែងអំពីសាសនានិងគុណសម្បត្ដិនៃសាសន៍គេដែរ។ ជាឧទាហរណ៍ រឿងព្រេងសាសន៍អាកាឌ អំពីគាលកាមែសពីប្រទេស មេសូប៉ូតាមា និងវីរកថានៃរ៉ាសហ្សាំរ៉ា បានត្រូវសរសេរជាភាសាយូហ៊្គារិកដែលគេនិយមប្រើជាប្រាកដ(ភាសាដែលគេនិយាយនៅតំបន់មួយ ដែលសព្វថ្ងៃជាប្រទេសស៊ីរីខាងជើង)។ អក្សរសាស្ត្រជាច្រើននៃជំនាន់នោះ ក៏មានរួមសេចក្ដីសរសេរដូចជា ការព្រមានដាស់តឿននៃអ៊ីពូ-វើរ និងទំនាយនៃណេហ្វើ-រ៉ូហ៊ូ ជាភាសាអេស៊ីប និងបទចម្រៀងថ្វាយព្រះផ្សេងៗ ជាភាសាស៊ូមេរី និងពាក្យទំនាយជាភាសាអាកាឌ។
៣. តើអ្វីដែលធ្វើឲ្យព្រះគម្ពីរខុសពីអក្សរសាស្ត្រខាងសាសនាឯទៀត ដែលបានត្រូវបង្កើតនៅមជ្ឈិមបូព៌ា ក្នុងពេលដំណាលគ្នានោះ?
៣ ប៉ុន្តែ អក្សរសាស្ត្រនៃមជ្ឈិមបូព៌ាប្រទេសទាំងអស់នេះ នៅទីបំផុតបានទទួលលទ្ធផលដូចៗគ្នា។ របស់ទាំងនោះបានត្រូវគេបំភ្លេចចោលអស់ ហើយសូម្បីតែភាសាប្រើក្នុងការសរសេរនោះ ក៏បានក្លាយជាសាបសូន្យអស់ដែរ។ ទើបតែនៅក្នុងឆ្នាំថ្មីៗនេះទេ ដែលអ្នកវិទ្យាសាស្ត្រខាងវត្ថុបុរាណ និងខាងភាសាសាស្ត្របានដឹងនូវអក្សរសាស្ត្រទាំងនោះ ហើយបានរកឃើញរបៀបអានអក្សរនោះ។ ប៉ុន្តែផ្ទុយទៅវិញ សៀវភៅដែលបានសរសេរដំបូងនៃព្រះគម្ពីរជាភាសាហេព្រើរ នោះបាននៅគង់វង់រហូតដល់សម័យយើងនេះ ហើយក៏នៅតែមានគេអានជាទូទៅទៀតផង។ ជួនកាលពួកអ្នកប្រាជ្ញអះអាងថា សៀវភៅព្រះគម្ពីរភាសាហេព្រើរគឺស្រង់ពីអក្សរសាស្ត្របុរាណទាំងនេះ តាមវិធីផ្សេងៗណាមួយ។ ប៉ុន្តែ ការណ៍ពិតដែលថាអក្សរសាស្ត្រជាច្រើនទាំងនេះបានត្រូវគេបំភ្លេចចោល តែព្រះគម្ពីរភាសាហេព្រើរបាននៅគង់វង់នោះ បញ្ជាក់ថាព្រះគម្ពីរគឺមានលក្ខណៈខុសប្លែកពីអក្សរសាស្ត្រទាំងនោះខ្លាំងណាស់។
ពួកអ្នកការពារព្រះបន្ទូល
៤. តើដោយសារបញ្ហាធ្ងន់ធ្ងរអ្វីនៃពួកសាសន៍អ៊ីស្រាអែល ដែលព្រះគម្ពីរហាក់ដូចជាមិនអាចនៅគង់វង់បាន?
៤ ជាប្រាកដ តាមទស្សនៈនៃមនុស្ស ការនៅគង់វង់នៃព្រះគម្ពីរមិនមែនជាលទ្ធផល ដែលបានត្រូវគ្រោងទុកជាមុននោះទេ។ សហគមន៍ដែលបង្កើតព្រះគម្ពីរ បានត្រូវរងទុក្ខបញ្ហាដ៏ធ្ងន់ធ្ងរនិងការជិះជាន់យ៉ាងជូរចត់។ ម្ល៉ោះហើយបានជាអស្ចារ្យមែន ដែលព្រះគម្ពីរបាននៅគង់វង់រហូតដល់សម័យយើងនេះ។ នៅជំនាន់មុនព្រះគ្រីស្ទ ពួកយូដាដែលបង្កើតបទគម្ពីរភាសាហេព្រើរ («សញ្ញាចាស់»)គឺជាសាសន៍ដ៏តូចមួយ។ ពួកគេរស់នៅដោយគ្មានសន្ដិសុខ ក្នុងចំណោមរដ្ឋខាងនយោបាយដ៏ខ្លាំងក្លា ដែលទង្គិចប្រឆាំងគ្នាដើម្បីដណ្ដើមកាន់អំណាចខ្ពស់។ សាសន៍អ៊ីស្រាអែលបានខំប្រឹងប្រែងពុះពារដើម្បីឲ្យបានគង់វង់ ដោយទប់ទល់នឹងសាសន៍ជាច្រើនបន្តបន្ទាប់ ដូចជាពួកសាសន៍ភីលីស្ទីន ម៉ូអាប់ អាំម៉ូន និងអេដំម។ ក្នុងគ្រាដែលពួកហេព្រើរបានត្រូវបែកចេញជាពីររាជាណាចក្រ ចក្រភពអាសស៊ើរដ៏កំណាចបានកំទេចរាជាណាចក្រខាងជើងចោលអស់ ហើយពួកសាសន៍បាប៊ីឡូនក៏បានបំផ្លាញរាជាណាចក្រខាងត្បូង ទាំងធ្វើនិរទេសដល់ពួករាស្ត្រផង។ អស់រយៈ៧០ឆ្នាំក្រោយមក មានសល់តែរាស្ត្រមួយចំនួនតូចប៉ុណ្ណោះ ដែលបានវិលត្រឡប់មកវិញ។
៥, ៦. តើការប៉ុនប៉ងអ្វីដែលបានធ្វើឡើង ដែលគំរាមកំហែងដល់ការគង់វង់នៃពួកហេព្រើរ ដែលជារាស្ត្រដ៏ប្លែកពីគេ?
៥ មានសេចក្ដីរាយការណ៍អំពីការប៉ុនប៉ងចង់ធ្វើជនឃាតដល់ពួកសាសន៍អ៊ីស្រាអែលផង។ កាលនៅជំនាន់លោកម៉ូសេ ស្តេចផារ៉ោនបានបញ្ជាឲ្យគេសម្លាប់ទារកប្រុសទាំងអស់ របស់ពួកអ៊ីស្រាអែលដែលទើបនឹងកើតមក។ ប្រសិនបើគេបានអនុវត្តតាមបញ្ជារបស់ទ្រង់ នោះពួកហេព្រើរនឹងច្បាស់ជាបានត្រូវវិនាសអស់ទៅហើយ។ (និក្ខមនំ ១:១៥-២២) ជាយូរក្រោយមកទៀត ពេលដែលពួកយូដានៅក្រោមការកាន់កាប់របស់សាសន៍ពើស៊ី ពួកសត្រូវរបស់គេបានធ្វើគម្រោងការណ៍សម្ងាត់ ដើម្បីឲ្យមានច្បាប់សម្លាប់ពួកគេទាំងអស់ចោល។ (នាងអេសធើរ ៣:១-១៥) រហូតមកដល់សព្វថ្ងៃនេះ ពិធីបុណ្យពោររបស់យូដា នៅតែមានគេធ្វើឡើងដើម្បីអបអរចំពោះបរាជ័យនៃគម្រោងការណ៍នោះ។
៦ ក្រោយមកទៀត កាលដែលពួកយូដានៅក្រោមអំណាចសាសន៍ស៊ីរី ស្តេចអាន់ទីយ៉ូកឹសទី៤បានខំយ៉ាងខ្លាំង ដើម្បីធ្វើឲ្យពួកគេយកលំនាំរបស់សាសន៍ក្រិក ដោយបង្ខំគេឲ្យធ្វើតាមទំនៀមទំលាប់ និងថ្វាយបង្គំព្រះរបស់ពួកក្រិកផង។ តែទ្រង់ក៏មិនបានជោគជ័យដែរ។ ផ្ទុយទៅវិញ ពួកយូដាមិនបានត្រូវវិនាស ឬជ្រួតជ្រាបតាមលំនាំសាសន៍ដទៃទេ តែបាននៅគង់វង់វិញ។ រីឯក្រុមជនជាតិឯទៀតជាច្រើននៅជុំវិញគេនោះ បានត្រូវបាត់បង់បន្តបន្ទាប់គ្នា ពីឆាកពិភពលោក។ ហើយបទគម្ពីរភាសាហេព្រើរ ក៏បាននៅគង់វង់ជាប់ជាមួយនឹងពួកគេដែរ។
៧, ៨. តើតាមរបៀបណាដែលការនៅគង់វង់នៃព្រះគម្ពីរ បានត្រូវគំរាមកំហែងដោយទុក្ខវេទនារបស់ពួកគ្រីស្ទាន?
៧ ពួកគ្រីស្ទានដែលបង្កើតចំណែកទីពីរនៃព្រះគម្ពីរ(«សញ្ញាថ្មី») ក៏ជាក្រុមមួយដែលបានត្រូវគេជិះជាន់ដែរ។ ព្រះយេស៊ូ ជាអ្នកដឹកនាំរបស់ពួកគេ បានត្រូវមនុស្សធ្វើគុត ដូចឧក្រិដ្ឋជនទូទៅ។ នៅជំនាន់ដើម ក្រោយពីពេលដែលទ្រង់បានសោយទិវង្គតហើយ អាជ្ញាធរសាសន៍យូដានៅប្រទេសប៉ាឡាស្តែនបានខិតខំបង្ក្រាបពួកគេ។ ពេលសាសនាគ្រីស្ទានបានរីកចម្រើនដល់ប្រទេសផ្សេងៗទៀត ពួកយូដាបានតាមធ្វើទុក្ខដល់ពួកគេ ដោយរារាំងកិច្ចការសាសនទូតរបស់ពួកគេ។—កិច្ចការ ៥:២៧, ២៨; ៧:៥៨-៦០ ព.ថ.; ១១:១៩-២១; ១៣:៤៥; ១៤:១៩; ១៨:៥, ៦
៨ នៅជំនាន់អធិរាជនីរ៉ូ អាកប្បកិរិយាដែលអត់ឱនដំបូងនៃពួកអាជ្ញាធរសាសន៍រ៉ូមបានផ្លាស់ប្ដូរ។ លោកថាស៊ីទឹសបានអួតអំពី«ទារុណកម្មដ៏ល្អឆើត»ដែលអធិរាជដ៏កំណាចនេះ បានធ្វើដល់ពួកគ្រីស្ទាន ហើយចាប់តាំងពីជំនាន់ទ្រង់មក ការធ្វើជាគ្រីស្ទានម្នាក់គឺជាការល្មើសច្បាប់នឹងត្រូវទោសប្រហារជីវិត។2 នៅឆ្នាំ៣០៣ស.យ. អធិរាជដែអូគ្លីសៀនបានធ្វើការប្រឆាំងត្រង់ៗនឹងព្រះគម្ពីរ។ a ក្នុងការខិតខំចង់កំចាត់សាសនាគ្រីស្ទានចោល ទ្រង់បានបញ្ជាឲ្យយកព្រះគម្ពីរគ្រីស្ទានទៅដុតចោលទាំងអស់។3
៩. តើអ្វីនឹងកើតឡើង បើប្រតិបត្ដិការដើម្បីសម្លាប់រង្គាលពួកសាសន៍យូដានិងពួកគ្រីស្ទានបានសម្រេច?
៩ ប្រតិបត្ដិការដើម្បីជិះជាន់និងសម្លាប់រង្គាលទាំងនេះ គឺពិតជាគំរាមកំហែងដល់ការនៅគង់វង់នៃព្រះគម្ពីរ។ ប្រសិនបើពួកយូដាបានវិនាសទៅដូចជាពួកភីលីស្ទីននិងពួកម៉ូអាប់ ឬប្រសិនបើពួកអាជ្ញាធរនៃសាសន៍យូដា ហើយបន្ទាប់មកនៃសាសន៍រ៉ូម បានសម្រេចក្នុងការខិតខំកំចាត់សាសនាគ្រីស្ទានចោលនោះ តើមានអ្នកណានឹងសរសេរ ហើយរក្សាទុកព្រះគម្ពីរ? ប៉ុន្តែជាការគួរឲ្យត្រេកអរណាស់ ដែលពួកអ្នកការពារព្រះគម្ពីរ—ពួកយូដាហើយបន្ទាប់មកពួកគ្រីស្ទានមិនបានត្រូវវិនាស—ដូច្នេះព្រះគម្ពីរក៏បាននៅគង់វង់ដែរ។ ប៉ុន្តែមានការមួយទៀត ដែលគំរាមកំហែងយ៉ាងហោចណាស់ ក៏ដល់បូរណភាពនៃព្រះគម្ពីរដែរ បើមិនដល់ការគង់វង់នៃព្រះគម្ពីរទេនោះ។
សេចក្ដីចម្លងដែលអាចមានខុស
១០. តើព្រះគម្ពីរបានត្រូវរក្សាទុកយ៉ាងដូចម្ដេច កាលពីដើមដំបូង?
១០ សេចក្ដីសរសេរពីបុរាណជាច្រើនដែលគេបានភ្លេច ដូចបានរៀបរាប់ពីមុននេះ បានត្រូវចារលើថ្ម ឬផ្ទាំងដីឥដ្ឋដ៏មាំស្ថិតស្ថេរ។ ឯព្រះគម្ពីរវិញគឺមិនសរសេរលើរបស់ដូច្នោះទេ។ ដំបូងព្រះគម្ពីរបានត្រូវសរសេរលើក្រដាសផែបផាយរ៉ុសឬលើស្បែកសត្វ—ជារបស់ដែលងាយខូចបាត់បង់លឿនជាង។ ដូច្នេះហើយ ហត្ថឯកសាររបស់អ្នកសរសេរដំបូង បានបាត់បង់យូរយារណាស់មកហើយ។ អញ្ចឹង តើព្រះគម្ពីរបានត្រូវរក្សាទុកយ៉ាងដូចម្ដេច? សេចក្ដីចម្លងរាប់ពាន់ បានត្រូវធ្វើឡើងដោយដៃយ៉ាងផ្ចិតផ្ចង់។ នេះជារបៀបចម្លងសៀវភៅជាធម្មតា មុនពេលមានប្រដាប់បោះពុម្ព។
១១. តើអ្វីនឹងប្រាកដជាកើតឡើង ពេលហត្ថឯកសារបានត្រូវចម្លងដោយដៃ?
១១ ប៉ុន្តែ ការចម្លងដោយដៃគឺអាចមានផលអាក្រក់កើតឡើង។ លោកហ្វ្រេដេរិក ខេនយ៉ុនដែលជាបុរាណវត្ថុវិទូដ៏ល្បីម្នាក់ ហើយជាបណ្ណារក្សនៃសារមន្ទីរអង់គ្លេស បានពន្យល់ថា៖ «ដៃនិងខួរក្បាលមនុស្សមិនបានបង្កើត មក ដែលនឹងអាចចម្លងតាមឯកសារដ៏វែងមួយទាំងមូល ដោយគ្មានខុសនោះឡើយ . . . ការសរសេរខុសប្រាកដជាមានកើតឡើង»។4 ពេលមានអ្វីខុសមួយក្នុងហត្ថឯកសារ នោះវានឹងត្រូវកើតឡើងទៀត កាលដែលហត្ថឯកសារនោះបានក្លាយជាមូលដ្ឋានសម្រាប់ចម្លងតាមនៅពេលអនាគត។ នៅពេលមានសេចក្ដីចម្លងជាច្រើនក្នុងកំឡុងពេលដ៏វែង នោះការសរសេរខុសជាច្រើននៃមនុស្សបានកើតឡើង។
១២, ១៣. តើអ្នកណាដែលទទួលភារកិច្ចថែរក្សាទុកឯកសារនៃបទគម្ពីរហេព្រើរ?
១២ ដោយមានសេចក្ដីចម្លងនៃព្រះគម្ពីរជាច្រើនពាន់ដូច្នេះ តើដូចម្ដេចបានជាយើងដឹងថា វិធីចម្លងនោះពុំបានប្រែព្រះគម្ពីរឲ្យខុសឆ្ងាយពីភាពដើម? សូមពិនិត្យមើលព្រះគម្ពីរភាសាហេព្រើរជា«សញ្ញាចាស់»។ នៅចុងពាក់កណ្ដាលសតវត្សទី៦ម.ស.យ. ពេលពួកសាសន៍យូដាត្រឡប់ពីនិរទេសនៅប្រទេសបាប៊ីឡូនវិញ អ្នកប្រាជ្ញហេព្រើរមួយក្រុម ដែលហៅថា សូភេរីម ជា«ពួកស្មៀន» គេក៏បានក្លាយទៅជាអ្នកថែរក្សាបទគម្ពីរភាសាហេព្រើរ ហើយភារកិច្ចរបស់ពួកគេគឺចម្លងបទគម្ពីរ សម្រាប់ប្រើក្នុងការថ្វាយបង្គំតាមសាធារណៈ និងតាមឯកជនផង។ ពួកគេជាបុរសខាងវិជ្ជាជីវៈដែលយកចិត្តទុកដាក់ណាស់ក្នុងការងាររបស់គេ ហើយកិច្ចការរបស់ពួកគេក៏មានគុណភាពល្អបំផុតដែរ។
១៣ ពីសតវត្សទី៧ដល់ទី១០នៃសករាជយើង ពួកម៉ាសូរីតជាអ្នកបន្តមុខតំណែងរបស់ពួកសូភេរីម។ ឈ្មោះគេនេះគឺមកពីពាក្យហេព្រើរដែលមានន័យថា«ប្រពៃណី» ហើយពួកគេក៏ជាស្មៀនដែលទទួលភារកិច្ចថែរក្សាទុកឯកសារដើមនៃបទគម្ពីរហេព្រើរ។ ពួកម៉ាសូរីតបានធ្វើកិច្ចការយ៉ាងផ្ចិតផ្ចង់។ ជាឧទាហរណ៍ ពួកស្មៀនត្រូវតែប្រើឯកសារដែលបានត្រូវបញ្ជាក់ថា ជាឯកសារពិតប្រាកដត្រឹមត្រូវ មកធ្វើជាឯកសារដើមសម្រាប់ចម្លងតាមរបស់គេ ហើយគេមិនត្រូវសរសេរអ្វីតាមតែសេចក្ដីនឹកចាំរបស់គេឡើយ។ គេត្រូវតែពិនិត្យតួអក្សរនិមួយៗ មុននឹងសរសេរផង។5 សាស្ដ្រាចារ្យឈ្មោះ នរមែនហ្គតវ៉ាល្ដរាយការណ៍ថា៖ «ការប្រយ័ត្នផ្ចិតផ្ចង់ក្នុងកិច្ចការរបស់គេ គឺឃើញក្នុងសេចក្ដីតម្រូវរបស់គ្រូអាចារ្យច្បាប់យូដា ថាឲ្យពិនិត្យផ្ទៀងមើលហត្ថឯកសារថ្មី ហើយសេចក្ដីចម្លងណាដែលខុសនោះ ត្រូវតែយកបោះចោលភ្លាម»។6
១៤. ការរកឃើញអ្វីដែលអាចបញ្ជាក់នូវភាពត្រឹមត្រូវក្នុងការចម្លងព្រះគម្ពីរដោយពួកសូភេរីម និង ម៉ាសូរីត?
១៤ តើការចម្លងឯកសារ ដោយពួកសូភេរីមនិងពួកម៉ាសូរីតមានភាពត្រឹមត្រូវយ៉ាងណា? មុនឆ្នាំ១៩៤៧ សំនួរនេះគឺពិបាកឆ្លើយ ពីព្រោះហត្ថឯកសារហេព្រើរទាំងមូល ដែលមានមុនគេបង្អស់នោះ គឺពីសតវត្សទី១០នៃសករាជយើង។ ប៉ុន្តែនៅឆ្នាំ១៩៤៧ ចំណែកខ្លះនៃហត្ថឯកសារដ៏បុរាណបានត្រូវរកឃើញក្នុងរូងក្បែរសមុទ្រស្លាប់ ដែលមានរួមទាំងចំណែកនៃសៀវភៅពីព្រះគម្ពីរហេព្រើរផង។ មួយចំនួននៃចំណែកទាំងនោះ បានកំណត់ពេលតាំងពីជំនាន់មុនព្រះគ្រីស្ទទៅទៀត។ ពួកអ្នកប្រាជ្ញបានប្រៀបធៀបមើលចំណែកទាំងនេះ ជាមួយនឹងហត្ថឯកសារហេព្រើរដែលមានហើយនោះ ដើម្បីបញ្ជាក់នូវភាពត្រឹមត្រូវក្នុងការចម្លង។ តើមានលទ្ធផលយ៉ាងណា?
១៥. (ក) តើមានលទ្ធផលអ្វី ពេលប្រៀបធៀបហត្ថឯកសារអេសាយនៃក្រាំងសមុទ្រស្លាប់ ជាមួយនឹងឯកសារម៉ាសូរីត? (ខ) តើយើងគួរសន្និដ្ឋានយ៉ាងណា ពីហេតុដែលហត្ថឯកសារខ្លះដែលរកឃើញនៅសមុទ្រស្លាប់ មានអត្ថបទមិនស្របគ្នាមួយចំនួន? (សូមមើលន័យលក្ខណៈ)
១៥ សេចក្ដីសរសេរដ៏ចាស់បំផុតដែលបានរកឃើញនោះ គឺសៀវភៅអេសាយទាំងមូល ហើយភាពដូចគ្នាគឺអស្ចារ្យណាស់ រវាងឯកសារនេះនិងព្រះគម្ពីរម៉ាសូរីតដែលយើងមានសព្វថ្ងៃនេះ។ សាស្ដ្រាចារ្យឈ្មោះមីលឡារ បឺរ៉ូសសរសេរដូច្នេះថា៖ «ភាពខុសគ្នាច្រើនរវាងក្រាំងអេសាយ[ដែលទើបរកឃើញថ្មីៗ]នៃសន្តម៉ាកុស និងឯកសារម៉ាសូរីត គឺជាការខុសក្នុងការចម្លងតែប៉ុណ្ណោះ។ ក្រៅពីនេះ គឺមានសេចក្ដីស្របគ្នាដ៏ល្អអស្ចារ្យជាទូទៅ ជាមួយនឹងសេចក្ដីក្នុងហត្ថឯកសារពីមជ្ឈិមសម័យ។ សេចក្ដីស្របគ្នាក្នុង ហត្ថឯកសារដ៏ចាស់បុរាណដូចនេះ ផ្ដល់ភស្តុតាងឲ្យយើងទុកចិត្តថា ឯកសារដើមនេះមានភាពត្រឹមត្រូវជាទូទៅ»។7 លោកបឺរ៉ូសមានប្រសាសន៍បន្ថែមទៀតថា៖ «គឺជារឿងដ៏អស្ចារ្យមួយ ដែលក្នុងកំឡុងពេលប្រមាណមួយពាន់ឆ្នាំ ឯកសារនេះមានការកែប្រែតិចតួចយ៉ាងដូច្នេះ»។ b
១៦, ១៧. (ក) ហេតុអ្វីបានជាយើងអាចប្រាកដថា ឯកសារនៃបទគម្ពីរគ្រីស្ទានភាសាក្រិកគឺត្រឹមត្រូវ? (ខ) តើលោកហ្វ្រេដេរិក ខេនយ៉ុនបញ្ជាក់យ៉ាងដូចម្ដេច អំពីឯកសារនៃបទគម្ពីរភាសាក្រិក?
១៦ ឯចំពោះចំណែកនៃព្រះគម្ពីរដែលហៅថាសញ្ញាថ្មី សរសេរជាភាសាក្រិក ដោយពួកគ្រីស្ទានវិញ អ្នកចម្លងគឺជាអ្នកប៉ិនប្រសប់ខាងកិច្ចការចម្លង តែមិនមាន ចំណេះខ្ពស់ ដូចពួកសូភេរីម ដែលបានទទួលការហាត់រៀនដ៏ជ្រៅជ្រះនោះទេ។ ប៉ុន្តែ ពីព្រោះពួកគេធ្វើការចម្លងទាំងខ្លាចត្រូវទារុណកម្មពីពួកអាជ្ញាធរ ពួកគេយកចិត្តទុកដាក់ណាស់ចំពោះកិច្ចការនេះ។ មានសេចក្ដីពីរយ៉ាងដែលនាំឲ្យយើងទុកចិត្តថា សៀវភៅដែលយើងមានសព្វថ្ងៃនេះ គឺដូចគ្នានឹងសៀវភៅដែលសរសេរដោយពួកអ្នកមុនដំបូង។ ទី១ យើងមានហត្ថឯកសារ ដែលបានកំណត់ពីជំនាន់ជិតពីពេលបានសរសេរមក បើប្រៀបនឹងចំណែកព្រះគម្ពីរភាសាហេព្រើរនោះ។ ជាប្រាកដ មួយចំណែកនៃដំណឹងល្អរបស់លោកយ៉ូហាន បានត្រូវគេរកឃើញនៅដើមពាក់កណ្ដាលសតវត្សទីពីរ គឺតិចជាង៥០ឆ្នាំក្រោយពីពេលដែលលោកយ៉ូហាន ប្រហែលជាបានសរសេរដំណឹងល្អនោះ។ ទី២ ហត្ថឯកសារដែលនៅគង់វង់ទាំងប៉ុន្មាន ក៏បានបង្ហាញឲ្យឃើញយ៉ាងអស្ចារ្យ នូវភាពត្រឹមត្រូវនៃឯកសារទាំងនេះ។
១៧ ចំពោះចំណុចនេះ លោក ហ្វ្រេដេរិក ខេនយ៉ុន បានបញ្ជាក់ថា៖ «សាច់រឿងនៃឯកសារនៃព្រះគម្ពីរ គឺអាចធានាអះអាងជាប្រាកដត្រឹមត្រូវមែន ហើយជាពិសេស គឺសញ្ញាថ្មី។ មានហត្ថឯកសារជាច្រើននៃសញ្ញាថ្មី ព្រមទាំងនៃសេចក្ដីបកប្រែពីដើមពីសញ្ញាថ្មី និងនៃសេចក្ដីស្រង់ពីសញ្ញាថ្មី ដែលបានសរសេរជាយូរយារពីបុរាណដោយអ្នកនិពន្ធនៃសាសនាគ្រីស្ទ។ ដូច្នេះហើយបានជាយើងអាចប្រាកដថា ភាពពិតនៃឃ្លាណាដែលមិនច្បាស់លាស់ គឺអាចរកឃើញក្នុងប្រភពដ៏បុរាណទាំងនេះ។ សៀវភៅបុរាណឯទៀតក្នុងពិភពលោកនេះ គឺមិនអាចអះអាងដូច្នោះឡើយ»។10
ប្រជារាស្ត្រនិងភាសារបស់គេ
១៨, ១៩. តើយ៉ាងដូចម្ដេច ដែលព្រះគម្ពីរមិនបានកំរិតតែជាភាសា ដែលប្រើសម្រាប់សរសេរព្រះគម្ពីរពីដើមដំបូងនោះ?
១៨ ភាសាដើមដំបូង ដែលប្រើសម្រាប់សរសេរព្រះគម្ពីរនោះ ក៏ជាឧបសគ្គលើការគង់វង់នៃព្រះគម្ពីរដែរ ក្នុងរយៈពេលយូរទៅ។ សៀវភៅ៣៩ក្បាលដំបូងគឺសរសេរក្នុងភាសាហេព្រើរជាភាគច្រើន ដែលជាភាសានៃសាសន៍អ៊ីស្រាអែល។ ប៉ុន្តែ ភាសាហេព្រើរមិនដែលមានមនុស្សច្រើនចេះនិយាយទេ។ បើព្រះគម្ពីរនៅតែជាភាសានេះដដែល នោះព្រះគម្ពីរនឹងគ្មាន អានុភាពលើសាសន៍ឯទៀត ក្រៅពីសាសន៍យូដានិងពួកជនបរទេសខ្លះដែលចេះអានភាសាហេព្រើរប៉ុណ្ណោះ។ ប៉ុន្តែ នៅសតវត្សទី៣ម.ស.យ. ក៏មានការចាប់ផ្ដើមបកប្រែចំណែកហេព្រើរនៃព្រះគម្ពីរជាភាសាក្រិក ដើម្បីផលប្រយោជន៍ដល់ពួកហេព្រើរ ដែលរស់នៅក្រុងអ័ឡេក្សានទ្រាក្នុងប្រទេសអេស៊ីប។ នៅជំនាន់នោះ ភាសាក្រិកជាភាសាអន្តរជាតិ។ ដូច្នេះ ព្រះគម្ពីរហេព្រើរក៏អាចអានបានដោយពួកសាសន៍ឯទៀត ក្រៅពីសាសន៍យូដា។
១៩ កាលដែលពេលមកដល់ក្នុងការសរសេរចំណែកទីពីរនៃព្រះគម្ពីរនោះ ភាសាក្រិកជាភាសាដែលគេនៅតែនិយមប្រើទូទៅ។ ដូច្នេះ សៀវភៅ២៧ក្បាលចុងក្រោយនៃព្រះគម្ពីរ ក៏បានត្រូវសរសេរជាភាសានោះទៅ។ ប៉ុន្តែ មិនមែនមនុស្សគ្រប់ៗគ្នាចេះភាសាក្រិកទេ។ ម្ល៉ោះហើយ ព្រះគម្ពីរចំណែកភាសាហេព្រើរនិងចំណែកភាសាក្រិក មិនយូរក៏បានត្រូវបកប្រែចេញជាភាសាសាមញ្ញនៃដើមសតវត្សនោះ ដូចជាភាសាស៊ីរីអិក កោបធិក អារ៍មេនី ហ្សកហ្សីយ៉ា ហ្គោថិក និងអេស្យូពី។ ភាសាខាងផ្លូវការនៃចក្រភពរ៉ូមគឺឡាតាំង ហើយព្រះគម្ពីរបានត្រូវបកប្រែជាភាសាឡាតាំងជាច្រើន ម្ល៉ោះហើយបានជា«សេចក្ដីបកប្រែតាមច្បាប់អនុញ្ញាត»ត្រូវតែមានទទួលច្បាប់ត្រឹមត្រូវ។ ការបកប្រែនេះបានបញ្ចប់នៅប្រហែលឆ្នាំ៤០៥ស.យ ហើយក៏ត្រូវល្បីហៅថា វឹលហ្គេត(មានន័យថា«និយម»ឬ«ទូទៅ»)។
២០, ២១. តើមានឧបសគ្គអ្វីលើការនៅគង់វង់នៃព្រះគម្ពីរ ហើយហេតុអ្វីបានជាព្រះគម្ពីរអាចឆ្លងផុតពីឧបសគ្គទាំងនោះបាន?
២០ ទោះជាមានឧបសគ្គជាច្រើនក៏ដោយ ព្រះគម្ពីរក៏បាននៅគង់វង់រហូតមកដល់សតវត្សដំបូងនៃសករាជយើងនេះ។ អ្នកដែលផលិតព្រះគម្ពីរគឺជាជនមួយចំនួនតូច ដែលត្រូវគេស្អប់ហើយធ្វើទុក្ខបៀតបៀន ដោយរស់នៅយ៉ាង ពិបាកក្នុងលោកីយ៍ដ៏កាចសាហាវ។ ព្រះគម្ពីរអាចក្លាយទៅជាខុសឆ្ងាយពីភាពដើមយ៉ាងងាយតាមវិធីចម្លងនោះ ប៉ុន្តែមិនបានដូច្នោះទេ។ ម្យ៉ាងទៀត ព្រះគម្ពីរបានចៀសផុតពីគ្រោះថ្នាក់ ដែលនឹងបណ្ដាលឲ្យមានតែមនុស្សដែលចេះភាសាខ្លះប៉ុណ្ណោះមានព្រះគម្ពីរ។
២១ ហេតុអ្វីក៏ព្រះគម្ពីរមានការពិបាកនៅគង់វង់យ៉ាងដូច្នេះ? ព្រះគម្ពីរថ្លែងដោយផ្ទាល់ថា៖ «លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាច»។ (យ៉ូហានទី១ ៥:១៩) ដោយដឹងនូវសេចក្ដីនេះ យើងនឹងទន្ទឹងថា លោកីយ៍នឹងត្រូវជាកាចសាហាវចំពោះសេចក្ដីពិតដែលសរសេរចេញមក ហើយនេះបានបង្ហាញឲ្យឃើញថាដូច្នោះមែន។ បើដូច្នោះ ហេតុអ្វីក៏ព្រះគម្ពីរនៅគង់វង់ កាលដែលអក្សរសាស្ត្រដ៏ច្រើនទៀត ដែលមិនបានជួបប្រទះការពិបាកដូចព្រះគម្ពីរផង បានត្រូវគេបំភ្លេចអស់ទៅ? ព្រះគម្ពីរក៏ឆ្លើយនឹងសំនួរនេះដោយចែងថា៖ «តែឯព្រះបន្ទូលនៃព្រះអម្ចាស់[ព្រះយេហូវ៉ា] នោះនៅជាប់អស់កល្បជានិច្ចវិញ»។ (ពេត្រុសទី១ ១:២៥) បើព្រះគម្ពីរគឺពិតជាបន្ទូលនៃព្រះមែន នោះគ្មានអំណាចនៃមនុស្សណា អាចមកបំផ្លាញបានឡើយ។ ហើយមកទល់នឹងសតវត្សទី២០នេះ គឺឃើញថាពិតជាដូច្នេះមែន។
២២. តើការប្រែប្រួលអ្វីបានកើតឡើងនៅដើមសតវត្សទីបួននៃសករាជយើងនេះ?
២២ ប៉ុន្តែ នៅសតវត្សទីបួននៃសករាជយើង រឿងមួយទៀតបានកើតឡើង ដែលបណ្ដាលឲ្យមានការទាស់ប្រឆាំងថ្មីនឹងព្រះគម្ពីរ ហើយធ្វើឲ្យមានការប្រែប្រួលយ៉ាងជ្រាលជ្រៅដល់ប្រវត្ដិសាស្ត្រអឺរ៉ុប។ ទើបតែដប់ឆ្នាំក្រោយពេលអធិរាជដែអូគ្លីសៀនចង់បំផ្លាញព្រះគម្ពីរទាំងអស់ចោល នោះច្បាប់អធិរាជក៏បានត្រូវប្រែ ហើយ«សាសនាគ្រីស្ទាន»ក៏បានទទួលឡាក់ឋានពេញច្បាប់។ ដប់ពីរឆ្នាំក្រោយមកនៅឆ្នាំ៣២៥ស.យ. អធិរាជរ៉ូមបានធ្វើជាប្រធានកាន់អំណាចលើក្រុមប្រឹក្សា«គ្រីស្ទាន»នៃក្រុងណៃស៊ា។ ហេតុអ្វីក៏ស្ថានការណ៍ដែលហាក់ដូចជាមានប្រយោជន៍ល្អ បែរទៅជាមានការគ្រោះថ្នាក់ដល់ព្រះគម្ពីរទៅវិញ? យើងនឹងឃើញចម្លើយនេះនៅជំពូកជាបន្ទាប់។
[កំណត់សម្គាល់]
a សៀវភៅនេះប្រើ«ស.យ.»(សករាជយើង)និង«ម.ស.យ.»(មុនសករាជយើង) ដែលត្រឹមត្រូវជាង«គ.ស.»(គ្រីស្ទសករាជ)និង«ម.គ.ស.»(មុនគ្រីស្ទសករាជ)ដែលបានប្រើតាមប្រពៃណី។
b មិនមែនហត្ថឯកសារទាំងអស់ ដែលបានរកឃើញនៅសមុទ្រស្លាប់នោះ ស្របគ្នាយ៉ាងចំៗនឹងឯកសារព្រះគម្ពីរដែលនៅគង់វង់នេះទេ។ ឯកសារខ្លះនេះមានអត្ថបទមិនស្របគ្នាជាច្រើន។ ប៉ុន្តែ ការមិនស្របគ្នានេះមិនមែនបានសេចក្ដីថា ន័យសំខាន់របស់ឯកសារបានត្រូវកែប្រែនោះឡើយ។ យោងទៅតាមលោកប៉ាទ្រីកស្គិហានពីសកលវិទ្យាល័យកាតូលិកអាមេរិក ការមិនស្របគ្នាភាគច្រើនគឺតំណាង«ការសរសេរ[ឯកសារព្រះគម្ពីរ]សាឡើងវិញ ដោយយកសេចក្ដីសមហេតុទាំងស្រុងនៃឯកសារទុកជាមូលដ្ឋាន ដូច្នេះឯកសារក៏ទៅជាមានសណ្ឋានវែងឡើង ប៉ុន្តែសាច់រឿងគឺនៅដដែលឥតប្រែប្រួលឡើយ . . . អាកប្បកិរិយាដ៏ជាមូលដ្ឋាននោះគឺចង់សម្ដែងសេចក្ដីគោរពដ៏ខ្លាំងចំពោះឯកសារមួយដែលរាប់ជាពិសិទ្ឋ ជាអាកប្បកិរិយាដែលពន្យល់(តាមដែលយើងនិយាយ)អំពីព្រះគម្ពីរដោយប្រើព្រះគម្ពីរ ក្នុងសេចក្ដីថ្លែងប្រាប់ឯកសារនោះឯង»។ អ្នកធ្វើអត្ថាធិប្បាយម្នាក់ទៀតមានប្រសាសន៍បន្ថែមថា៖ «ថ្វីបើមានការមិនប្រាកដទាំងប៉ុន្មាននេះក៏ដោយ ឯកសារដូចដែលយើងមានសព្វថ្ងៃនេះ បើគិតឲ្យសព្វគ្រប់ទៅគឺពិតជាសម្ដែងឲ្យឃើញយ៉ាងត្រឹមត្រូវនូវពាក្យសំដីមែនទែនរបស់ពួកអ្នកនិពន្ធ ដែលខ្លះបានរស់នៅជិត៣ពាន់ឆ្នាំមកហើយ ហើយយើងមិនចាំបាច់មានការសង្ស័យខ្លាំងលើការកែពាក្យជាច្រើន ថាក្រែងសេចក្ដីដែលសញ្ញាចាស់ចែងប្រាប់យើងគឺមិនប្រែប្រួលបាននោះឡើយ»។9
[សំណួរសម្រាប់អត្ថបទសិក្សា]
[ប្រអប់នៅទំព័រ១៩]
ឯកសារព្រះគម្ពីរដែលបានត្រូវបញ្ជាក់ថាជាពិតត្រឹមត្រូវ
ដើម្បីឲ្យយល់ច្បាស់ថា ឯកសារព្រះគម្ពីរបានត្រូវបញ្ជាក់ជាពិតត្រឹមត្រូវយ៉ាងណានោះ យើងគ្រាន់តែប្រៀបឯកសារនោះនឹងសេចក្ដីសរសេរឯទៀត ដែលយើងបានពីបុរាណកាលមក គឺ៖ អក្សរសាស្ត្រនៃសម័យបុរាណសាសន៍ក្រិក និងសាសន៍រ៉ូម។ តាមពិតសេចក្ដីសរសេរភាគច្រើននេះ គឺបានត្រូវសរសេរឡើង ក្រោយពីពេលបទគម្ពីរហេព្រើរបានត្រូវសរសេររួចមកហើយ។ ថែមទៅទៀត ឥតមានសេចក្ដីកត់ទុកណាដែលបង្ហាញអំពីការប៉ុនប៉ងរកធ្វើជនឃាតដល់ជនជាតិក្រិក ឬរ៉ូមឡើយ តែអក្សរសាស្ត្ររបស់ពួកគេនឹងមិនបាននៅគង់វង់ទេ បើទទួលការលំបាកវេទនានោះ។ តែសូមសម្គាល់មើលយោបល់នៃសាស្ដ្រាចារ្យប៊្រូស ដូចខាងក្រោមនេះ៖
«ចំពោះសង្គ្រាមហ្គាលីក នៃអធិរាជសេសារ (ដែលតែងរវាងឆ្នាំ៥៨និង៥០ម.គ.ស.) នោះមានហត្ថឯកសារផ្សេងៗគ្នាដែលនៅគង់វង់ ប៉ុន្តែមានតែប្រាំបួនឬដប់ដែលថាជាល្អនោះ ហើយមួយដែលចាស់បំផុតនោះ គឺប្រហែលជា៩០០ឆ្នាំក្រោយជំនាន់អធិរាជសេសារ។
«ក្នុងចំណោមសៀវភៅ១៤២ក្បាលអំពីប្រវត្ដិសាស្ត្ររ៉ូម ដោយលោកលីវី (ឆ្នាំ៥៩ម.គ.ស.-ឆ្នាំ១៧គ.ស.) នោះមានតែ៣៥ក្បាលដែលបាននៅគង់វង់ យើងដឹងអំពីហត្ថឯកសារទាំងនេះតាមលំដាប់ផ្សេងៗ ដែលមានមិនលើសពីម្ភៃក្បាល ហើយមានតែមួយទេ ដែលមានចំណែកនៃសៀវភៅទី៣-៦ ដែលមានអាយុពីសតវត្សទីបួន។
«ក្នុងចំណោមសៀវភៅដប់បួនក្បាល អំពីប្រវត្ដិសាស្ត្រ នៃលោកថាស៊ីទឹស (ប្រហែលឆ្នាំ១០០គ.ស.) នោះមានតែបួនក្បាលកន្លះទេដែលនៅគង់វង់។ ចំណោមសៀវភៅដប់ប្រាំមួយក្បាល អំពីកំណត់ប្រវត្ដិសាស្ត្រ របស់លោក នោះមានតែដប់ក្បាលដែលនៅគង់វង់ទាំងមូល ហើយមានពីរក្បាលដែលនៅគង់វង់ជាចំណែក។ ឯកសារពីចំណែកដែលនៅគង់វង់នៃសៀវភៅពីរដ៏អស្ចារ្យខាងប្រវត្ដិសាស្ត្ររបស់លោក គឺពឹងពាក់ទាំងស្រុងលើហត្ថឯកសារពីរ គឺមួយពីសតវត្សទីប្រាំបួន ហើយមួយទៀតពីសតវត្សទីដប់មួយ។ . . .
«ប្រវត្ដិសាស្ត្រនៃធូកស៊ីឌីដែស (ប្រហែលឆ្នាំ៤៦០ម.គ.ស.-៤០០ម.គ.ស.) បានដឹងដល់យើងពីហត្ថឯកសារប្រាំបី ហើយឯកសារមុនគេបង្អស់មួយនោះ គឺប្រហែលពីឆ្នាំ៩០០គ.ស. ហើយនិងក្រដាសផែបផាយរ៉ុសតិចតួច ដែលនៅសល់ពីប្រហែលដើមគ្រីស្ទសករាជ។
«ក៏ដូចគ្នាចំពោះប្រវត្ដិសាស្ត្រនៃលោកហេរ៉ូដូតឺស (ប្រហែលឆ្នាំ៤៨៨-៤២៨ម.គ.ស.)។ ប៉ុន្តែ គ្មានអ្នកប្រាជ្ញនៃសម័យបុរាណរ៉ូមនិងក្រិកណា ជឿការអះអាងថា យថាភាពនៃលោកហេរ៉ូដូតឺស ឬធូកស៊ីឌីដែសគឺមិនប្រាកដនោះទេ ពីព្រោះហត្ថឯកសារមុនបង្អស់នៃសៀវភៅរបស់ពួកគេ ដែលយើងអាចប្រើបាន គឺជាង១.៣០០ឆ្នាំក្រោយសេចក្ដីសរសេរដើម»។—សៀវភៅនិងស្បែកសរសេរ ទំព័រ ១៨០
សូមប្រៀបនេះជាមួយនឹងហត្ថឯកសារដែលមានជាច្រើនពាន់ នៃចំណែកផ្សេងៗនៃព្រះគម្ពីរ។ ហើយហត្ថឯកសារនៃបទគម្ពីរគ្រីស្ទានភាសាក្រិកវិញ គឺតិចជាង១០០ឆ្នាំ ពីពេលដែលគេបានសរសេរសៀវភៅដើមនោះផង។
[រូបភាពនៅទំព័រ១៣]
ពួកហេព្រើរគឺជាសាសន៍តូចមួយ ដែលត្រូវពួកសាសន៍ដែលមានអំណាចខ្លាំង គំរាមកំហែងជាញឹក ញយ។ រូបឆ្លាក់ពីបុរាណនេះពិពណ៌នាអំពីពួកហេព្រើរខ្លះ ដែលត្រូវពួកអាសស៊ើរចាប់យកទៅជាឈ្លើយ
[រូបភាពនៅទំព័រ១៤]
មុនពេលមានប្រដាប់បោះពុម្ព បទគម្ពីរគឺត្រូវចម្លងដោយដៃ
[រូបភាពនៅទំព័រ១៦]
អធិរាជនីរ៉ូដាក់បញ្ជាថា ការធ្វើជាគ្រីស្ទានគឺជាការល្មើសច្បាប់ដែលត្រូវទោសប្រហារជីវិត
[រូបភាពនៅទំព័រ២១]
ការពិនិត្យមើលក្រាំងអេសាយ ដែលរកឃើញនៅសមុទ្រស្លាប់នោះ បង្ហាញឲ្យឃើញថា សៀវភៅនេះឥតមានប្រែប្រួលទេ ក្នុងរយៈពេល១.០០០ឆ្នាំ
[រូបភាពនៅទំព័រ២៣]
អធិរាជដែអូគ្លីសៀនមិនបានសម្រេចក្នុងការខិតខំចង់បំផ្លាញព្រះគម្ពីរចោល