លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មិត្តសំឡាញ់មិនស្មោះនៃព្រះគម្ពីរ

មិត្តសំឡាញ់មិនស្មោះនៃព្រះគម្ពីរ

ជំពូក​ទី​៣

មិត្ត​សំឡាញ់​មិន​ស្មោះ​នៃ​ព្រះ​គម្ពីរ

ក្នុង​ជំពូក​នេះ យើង​នឹង​ពិគ្រោះ​ហេតុ​ដ៏​សំខាន់​ៗ​ដែល​មនុស្ស​ជា​ច្រើន ពី​ប្រទេស​ដែល​មិន​មែន​ជា​គ្រីស្ទាន ពុំ​ព្រម​ទទួល​ស្គាល់​ថា ព្រះ​គម្ពីរ​ជា​បន្ទូល​នៃ​ព្រះ​ទេ។ តាម​ប្រវត្ដិសាស្ត្រ ពិភព​គ្រីស្ទ​សាសនា​បាន​អះអាង​ថា​គេ​ជឿ​តាម​ព្រះ​គម្ពីរ ហើយ​ជា​អ្នក​ការ​ពារ​ព្រះ​គម្ពីរ​ផង។ ប៉ុន្តែ អង្គការ​ខាង​សាសនា​នៃ​ពិភព​គ្រីស្ទ​សាសនា បាន​រួប​រួម​ក្នុង​អំពើ​ខ្លះ​ដ៏​អាក្រក់​ក្រៃ​លែង​ក្នុង​ប្រវត្ដិសាស្ត្រ តាំង​ពី​សង្គ្រាម​សាសនា និង​ការ​ប្រល័យ​ពូជ​សាសន៍​នៅ​មជ្ឈិម​សម័យ ដល់​ហាយនភាព​ក្នុង​សម័យ​យើង​នេះ។ តើ​មារយាទ​នៃ​ពិភព​គ្រីស្ទ​សាសនា​គឺ​ជា​ហេតុ​ត្រឹម​ត្រូវ​មួយ ក្នុង​ការ​បដិសេធ​មិន​ជឿ​ព្រះ​គម្ពីរ​ឬ? តាម​ការ​ពិត ពិភព​គ្រីស្ទ​សាសនា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជា​មិត្ត​សំឡាញ់​មិន​ស្មោះ​នៃ​ព្រះ​គម្ពីរ​វិញ។ ជា​ប្រាកដ ពេល​ពិភព​គ្រីស្ទ​សាសនា​បាន​លេច​ឡើង​មក​នៅ​សតវត្ស​ទី​បួន​ស.យ. ការ​ខំ​ប្រឹង​ពុះ​ពារ​នៃ​ព្រះ​គម្ពីរ​ដើម្បី​ឲ្យ​បាន​នៅ​គង់​វង់ នោះ​មិន​ទាន់​បាន​ផុត​នៅ​ឡើយ​ទេ។

១, ២. (​រួម​បុព្វយោគ​) (​ក​) ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​មិន​ព្រម​ទទួល​ស្គាល់​ថា ព្រះ​គម្ពីរ​ជា​បន្ទូល​នៃ​ព្រះ? (​ខ​) តើ​កិច្ច​ការ​ដ៏​ល្អ​អ្វី​ដែល​បាន​សម្រេច​ក្នុង​សតវត្ស​ទី​មួយ​និង​ទី​ពីរ ប៉ុន្តែ​គ្រោះ​ថ្នាក់​អ្វី​ដែល​នឹង​កើត​មាន​ឡើង?

 នៅ​ចុង​សតវត្ស​ទី​មួយ សៀវភៅ​នៃ​ព្រះ​គម្ពីរ​ទាំង​អស់​បាន​ត្រូវ​សរសេរ​ចប់​ហើយ។ ចាប់​ពី​ពេល​នោះ​មក ពួក​គ្រីស្ទាន​ជា​អ្នក​ចេញ​មុខ​ជាង​គេ​ក្នុង​ការ​ចម្លង​និង​ចែក​ចាយ​ព្រះ​គម្ពីរ​ទាំង​មូល។ នៅ​គ្រា​ជា​មួយ​គ្នា​នោះ ពួក​គេ​ក៏​រវល់​បក​ប្រែ​ព្រះ​គម្ពីរ ជា​ភាសា​សាមញ្ញ​នៃ​ជំនាន់​នោះ។ ប៉ុន្តែ ពេល​ដែល​ក្រុម​ជំនុំ​គ្រីស្ទាន​កំពុង​តែ​រវល់​នឹង​កិច្ច​ការ​ដ៏​ថ្លៃ​ថ្នូរ​នេះ មាន​រឿង​មួយ​ចាប់​ផ្ដើម​កើត​ឡើង ដែល​នឹង​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ការ​នៅ​គង់​វង់​នៃ​ព្រះ​គម្ពីរ។

រឿង​កើត​ឡើង​នេះ​បាន​ត្រូវ​ទាយ​ដោយ​ព្រះ​គម្ពីរ​ផ្ទាល់។ នៅ​គ្រា​មួយ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​រឿង​ប្រៀប​ប្រដូច​មួយ អំពី​មនុស្ស​ម្នាក់ ដែល​បាន​ព្រោះ​គ្រាប់​ពូជ​ស្រូវ​សាលី​ល្អ​នៅ​ក្នុង​ស្រែ​ខ្លួន។ ប៉ុន្តែ ​«​កាល​មនុស្ស​ទាំង​អស់​កំពុង​ដេក​លក់​»​ នោះ​សត្រូវ​ម្នាក់​ក៏​ព្រោះ​គ្រាប់​ពូជ​ដែល​នឹង​បង្កើត​ស្រងែ​វិញ។ គ្រាប់​ពូជ​ទាំង​ពីរ​យ៉ាង​នេះ​ក៏​បាន​ដុះ​ពន្លក​ឡើង ហើយ​ស្រងែ​ក៏​បាន​បិទ​បាំង​មិន​ឲ្យ​ឃើញ​ស្រូវ​សាលី​អស់​មួយ​រយៈ។ ដោយ​ប្រើ​រឿង​ប្រៀប​ប្រដូច​នេះ ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា ផល​ផ្លែ​នៃ​កិច្ច​ការ​របស់​ទ្រង់​គឺ​ជា​ពួក​គ្រីស្ទាន​ពិត ប៉ុន្តែ​ក្រោយ​ពេល​ទ្រង់​បាន​សោយ​ទិវង្គត​ទៅ ពួក​គ្រីស្ទាន​ក្លែង​ក្លាយ​នឹង​ជ្រាប​ចូល​ក្នុង​ក្រុម​ជំនុំ។ ក្រោយ​មក គ្រីស្ទាន​ពិត​និង​គ្រីស្ទាន​ក្លែង​ក្លាយ​នឹង​ត្រូវ​ពិបាក​សម្គាល់​ពី​គ្នា​ណាស់។—ម៉ាថាយ ១៣:២៤​-​៣០, ៣៦​-​៤៣

៣. តាម​សាវ័ក​ពេត្រុស ពួក​«​គ្រីស្ទាន​»​ដូច​ស្រងែ​មាន​អានុភាព​អ្វី លើ​ការ​ជឿ​ដល់​ព្រះ​គម្ពីរ?

សាវ័ក​ពេត្រុស​បាន​ព្រមាន​យ៉ាង​ត្រង់​ៗ​អំពី​អានុភាព​នៃ​ពួក​«​គ្រីស្ទាន​»​ដូច​ស្រងែ​នេះ នឹង​មាន​ឥទ្ធិពល​លើ​ទស្សនៈ​នៃ​មនុស្ស ចំពោះ​សាសនា​គ្រីស្ទាន​និង​ព្រះ​គម្ពីរ។ លោក​បាន​ព្រមាន​ថា​៖ ​«​នឹង​មាន​គ្រូ​ក្លែង​ក្លាយ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​លួច​នាំ​បញ្ចូល​បក្ស​ពួក​ដែល​បង្ខូច​បំផ្លាញ គេ​មិន​ព្រម​ស្គាល់​ព្រះ​ដ៏​ជា​ម្ចាស់ ដែល​បាន​លោះ​គេ​នោះ​ឡើយ ក៏​នាំ​សេចក្ដី​វិនាស​ដ៏​ឆាប់​រហ័ស​ឲ្យ​មក​លើ​ខ្លួន​ផង នឹង​មាន​មនុស្ស​ជា​ច្រើន​ទៅ​តាម​ផ្លូវ​វិនាស​របស់​គេ។ នោះ​ផ្លូវ​ពិត​នឹង​ត្រូវ​សេចក្ដី​ប្រមាថ​មើល​ងាយ ដោយ​ព្រោះ​គេ​ដែរ​»។—ពេត្រុស​ទី​២ ២:១, ២

៤. សូម្បី​តែ​ក្នុង​សតវត្ស​ទី​មួយ ទំនាយ​នៃ​ព្រះ​យេស៊ូ​និង​ពេត្រុស​បាន​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច?

សូម្បី​តែ​ក្នុង​សតវត្ស​ទី​មួយ ទំនាយ​នៃ​ព្រះ​យេស៊ូ​និង​ពេត្រុស​ក៏​ត្រូវ​សម្រេច​ដែរ។ លុទ្ធបុគ្គល​បាន​ជ្រាប​ចូល​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន ហើយ​ក៏​សាបព្រោះ​ការ​ទាស់​ប្រឆាំង​គ្នា។ (​ធីម៉ូថេ​ទី​២ ២:១៦​-​១៨; ពេត្រុស​ទី​២ ២:២១, ២២; យ៉ូហាន​ទី​៣ ៩, ១០​) ក្នុង​រយៈ​ពីរ​សតវត្ស​បន្ទាប់​មក សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ​បាន​ត្រូវ​បង្ខូច​ដោយ​ទស្សនៈ​ក្រិក ហើយ​មនុស្ស​ជា​ច្រើន​ក៏​បាន​ទទួល​លទ្ធិ​ពាហិរជន​ដោយ​ច្រឡំ ថា​ជា​សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ​វិញ។

៥. តើ​មាន​ការ​ប្រែ​ប្រួល​ស្ថានការណ៍​អ្វី ដែល​«​សាសនា​គ្រីស្ទាន​»​បាន​ពិសោធ​ក្នុង​សតវត្ស​ទី​បួន?

នៅ​សតវត្ស​ទី​បួន បែប​បទ​មួយ​នៃ​«​សាសនា​គ្រីស្ទាន​»​បាន​ក្លាយ​ទៅ​ជា​សាសនា​តាម​ផ្លូវ​ការ​នៃ​ចក្រភព​រ៉ូម។ ប៉ុន្តែ​«​សាសនា​គ្រីស្ទាន​»​នោះ គឺ​ខុស​ឆ្ងាយ​ណាស់​ពី​សាសនា​ដែល​ព្រះ​យេស៊ូ​បាន​សម្ដែង​ប្រាប់។ មក​ដល់​គ្រា​នោះ​«​ស្រងែ​»​កំពុង​តែ​ដុះ​លូត​លាស់ ដូច​ព្រះ​យេស៊ូ​បាន​ទាយ​មក​មែន។ ប៉ុន្តែ យើង​អាច​ប្រាកដ​ថា​ក្នុង​គ្រា​ទាំង​នោះ មាន​មនុស្ស​ខ្លះ​ដែល​ជា​តំណាង​សាសនា​គ្រីស្ទាន​ពិត ហើយ​ខិត​ខំ​កាន់​តាម​ព្រះ​គម្ពីរ ជា​បន្ទូល​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​តែង​មក។—ម៉ាថាយ ២៨:១៩, ២០

សេចក្ដី​ប្រឆាំង​ចំពោះ​ការ​បក​ប្រែ​ព្រះ​គម្ពីរ

៦. តើ​នៅ​ពេល​ណា​ដែល​ពិភព​គ្រីស្ទ​សាសនា​បាន​ចាប់​ផ្ដើម​ឡើង ហើយ​អ្វី​ជា​ការ​ខុស​គ្នា​មួយ រវាង​និកាយ​នៃ​ពិភព​គ្រីស្ទ​សាសនា និង​សាសនា​គ្រីស្ទាន​តាម​ព្រះ​គម្ពីរ?

ពិភព​គ្រីស្ទ​សាសនា​ដែល​យើង​ស្គាល់​សព្វ​ថ្ងៃ​នេះ បាន​ចាប់​ផ្ដើម​ឡើង នៅ​ជំនាន់​អធិរាជ​ខនស្ទែនធីន។ ពី​ពេល​នោះ​មក លក្ខណៈ​ឱនថយ​នៃ​សាសនា​គ្រីស្ទាន ដែល​បាន​ចាប់​ឫស​នោះ មិន​មែន​គ្រាន់​តែ​ជា​អង្គការ​មួយ​ខាង​សាសនា​ប៉ុណ្ណោះ​ទៀត​ទេ តែ​ជា​ចំណែក​នៃ​រដ្ឋ ហើយ​អ្នក​ដឹក​នាំ​របស់​គេ​ក៏​មាន​មុខ​ងារ​ដ៏​សំខាន់​ក្នុង​រឿង​នយោបាយ​ដែរ។ ក្រោយ​មក សាសនា​នៃ​ពួក​អ្នក​បះ​បោរ​ជំនឿ​នេះ​បាន​ប្រើ​អំណាច​ខាង​នយោបាយ​របស់​គេ ក្នុង​របៀប​ដែល​ផ្ទុយ​ស្រឡះ​ពី​សាសនា​គ្រីស្ទាន​តាម​ព្រះ​គម្ពីរ ហើយ​នេះ​ក៏​នាំ​ឲ្យ​មាន​ការ​គំរាម​កំហែង​ដ៏​គ្រោះ​ថ្នាក់​មួយ​ទៀត ដល់​ព្រះ​គម្ពីរ។ តើ​តាម​របៀប​ណា?

៧, ៨. តើ​នៅ​ពេល​ណា​ដែល​សម្ដេច​ប៉ាប​បាន​ប្រឆាំង​មិន​ឲ្យ​បក​ប្រែ​ព្រះ​គម្ពីរ ហើយ​ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ដូច្នេះ?

ពេល​ភាសា​ឡាតាំង​ដែល​ជា​ភាសា​សាមញ្ញ​បាន​សាប​សូន្យ​ទៅ នោះ​គេ​ក៏ត្រូវ​ការ​បក​ប្រែ​ព្រះ​គម្ពីរ​ជា​ភាសា​ថ្មី​ៗ​វិញ។ ប៉ុន្តែ សាសនា​កាតូលិក​មិន​ចូល​ចិត្ត​ការ​នេះ​ទេ។ នៅ​ឆ្នាំ​១០៧៩​លោក​វ្រ៉ាទីស្លាស ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​ស្តេច​នៃ​ស្រុក​បូហេមា បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​សម្ដេច​ប៉ាប ក្រេកួរី​ទី​៧ ដើម្បី​បក​ប្រែ​ព្រះ​គម្ពីរ​ជា​ភាសា​អនុ​រាស្ត្រ​របស់​ទ្រង់។ សម្ដេច​ប៉ាប​បាន​បដិសេធ ទាំង​មាន​ប្រសាសន៍​ថា​៖ ​«​គឺ​ជា​ការ​ច្បាស់​លាស់​ចំពោះ​អ្នក​ដែល​ជញ្ជឹង​គិត​ជា​ញឹក​ញាប់​អំពី​នេះ ថា​មិន​មែន​គ្មាន​ហេតុ​នោះ​ទេ ដែល​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​បាន​សព្វ​ព្រះ​ហឫទ័យ បើ​ទុក​បទ​គម្ពីរ​បរិសុទ្ធ​ជា​អាថ៌​កំបាំង​នៅ​កន្លែង​ណា​មួយ។ ខ្លាច​ក្រែង បើ​បាន​ត្រូវ​យល់​ដោយ​អស់​ទាំង​មនុស្ស នោះ​ប្រហែល​ជា​វា​នឹង​ទៅ​ជា​មាន​តម្លៃ​តិច​តួច ហើយ​និង​ត្រូវ​គ្មាន​ការ​គោរព​ផង ឬ​អ្នក​ដែល​មាន​ចំណេះ​តិច​តួច នឹង​យល់​ព្រះ​គម្ពីរ​ដោយ​ខុស​ច្រឡំ នោះ​នាំ​ឲ្យ​មាន​សេចក្ដី​ខុស​ផង​»។1

សម្ដេច​ប៉ាប​នោះ​ចង់​ទុក​ព្រះ​គម្ពីរ​ជា​ភាសា​ឡាតាំង ជា​ភាសា​ដែល​ឥត​មាន​គេ​ប្រើ​ទៀត​នៅ​ជំនាន់​នោះ។ សេចក្ដី​ក្នុង​ព្រះ​គម្ពីរ​ត្រូវ​តែ​ទុក​ជា​«​អាថ៌​កំបាំង​»​មិន​ត្រូវ​បក​ប្រែ​ជា​ភាសា​នៃ​ពួក​ជន​សាមញ្ញ​ទេ។ a សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​វ័លហ្គេត ភាសា​ឡាតាំង​នៃ​លោក​យេរ៉ូម ដែល​ផលិត​នៅ​សតវត្ស​ទី​៥ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ព្រះ​គម្ពីរ ពេល​នោះ​ក៏​បាន​ក្លាយ​ជា​របស់​ដែល​រក្សា​ព្រះ​គម្ពីរ​ទុក​ជា​សម្ងាត់​ទៅ​វិញ។

៩, ១០. (​ក​) តើ​ការ​ប្រឆាំង​នៃ​សាសនា​កាតូលិក​រ៉ូម ដល់​ការ​បក​ប្រែ​ព្រះ​គម្ពីរ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? (​ខ​) អ្វី​ជា​គោល​បំណង​នៃ​សាសនា​កាតូលិក ក្នុង​ការ​ប្រឆាំង​នឹង​ព្រះ​គម្ពីរ?

ពេល​ដែល​មជ្ឈិម​សម័យ​កំពុង​តែ​មាន​ដំណើរ​ទៅ​មុខ សាសនា​កាតូលិក ក៏​មាន​ជំហរ​ប្រឆាំង​រឹត​តែ​ខ្លាំង​ឡើង​នឹង​ព្រះ​គម្ពីរ​នៃ​ភាសា​ផ្សេង​ៗ។ នៅ​ឆ្នាំ​១១៩៩ សម្ដេច​ប៉ាប អ៊ីណូសែន្ត​ទី​៣ បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ដ៏​មាន​អានុភាព ទៅ​មេ​អេវ៉ែក​នៅ​ក្រុង​ម៉ែស្ស​នៃ​ប្រទេស​អាល្លឺម៉ង់ ឲ្យ​មេ​អេវ៉ែក​នោះ​ដុត​ចោល​ព្រះ​គម្ពីរ​ភាសា​អាល្លឺម៉ង់​ទាំង​ប៉ុន្មាន ដែល​លោក​បាន​រក​ឃើញ។3 នៅ​ឆ្នាំ​១២២៩​ក្រុម​ប្រឹក្សា​នៅ​ក្រុង​ទូ​លូស​នៃ​ប្រទេស​បារាំង បាន​ដាក់​បញ្ជា​ហាម​មិន​ឲ្យ​«​មនុស្ស​ធម្មតា​»​មាន​សៀវភៅ​គម្ពីរ​ភាសា​សាមញ្ញ​ឡើយ។4 នៅ​ឆ្នាំ​១២៣៣ ក្រុម​ប្រឹក្សា​នៃ​ខេត្ត​នៅ​ក្រុង​តារាហ្គូណា​នៃ​ប្រទេស​អេស្បាញ បាន​បញ្ជា​ឲ្យ​យក​សៀវភៅ​«​សញ្ញា​ចាស់​ឬ​សញ្ញា​ថ្មី​»​ទាំង​អស់​មក​ដុត​ចោល។5 នៅ​ឆ្នាំ​១៤០៧ ក្រុម​ប្រឹក្សា​នៃ​បព្វជិត ដែល​មក​ប្រជុំ​នៅ​ក្រុង​អុក្សហ្វដ​នៃ​ប្រទេស​អង់គ្លេស តាម​បញ្ជា​នៃ​មេ​អេវ៉ែក ថូម៉ាស អារ៉ូនដេល បាន​ហាម​យ៉ាង​ច្បាស់​ថា មិន​ឲ្យ​បក​ប្រែ​ព្រះ​គម្ពីរ​ជា​ភាសា​អង់គ្លេស​ឬ​ជា​ភាសា​ថ្មី​ឯ​ទៀត​ឡើយ។6 ក្នុង​ឆ្នាំ​១៤៣១ នៅ​ប្រទេស​អង់គ្លេស​ដដែល អេវ៉ែក ស្ដាសហ្វដ នៅ​ក្រុង​វ៉ែល្ស បាន​ហាម​មិន​ឲ្យ​បក​ប្រែ​ព្រះ​គម្ពីរ​ជា​ភាសា​អង់គ្លេស ហើយ​មិន​ឲ្យ​គេ​មាន​ព្រះ​គម្ពីរ​ជា​ភាសា​នេះ​ផង។7

១០ អ្នក​កាន់​អំណាច​ខាង​សាសនា​ទាំង​នេះ មិន​មែន​ខិត​ខំ​បំផ្លាញ​ព្រះ​គម្ពីរ​ទេ។ ពួក​គេ​ចង់​ធ្វើ​ឲ្យ​ព្រះ​គម្ពីរ​អស់​អានុភាព ដោយ​ទុក​ព្រះ​គម្ពីរ​ជា​ភាសា​ដែល​មាន​មនុស្ស​តិច​តួច​អាច​អាន​បាន។ គេ​បាន​សង្ឃឹម​ថា​ដោយ​ប្រើ​វិធី​នេះ គេ​នឹង​ការ​ពារ​អ្វី​ដែល​គេ​ហៅ​ថា​អ​ញ្ញ​មតិ ប៉ុន្តែ​តាម​ពិត​គឺ​គេ​ចង់​ការ​ពារ មិន​ឲ្យ​មាន​ការ​ប្រឆាំង​ដល់​អំណាច​នៃ​ខ្លួន​គេ​វិញ។ បើ​គេ​បាន​សម្រេច នោះ​ព្រះ​គម្ពីរ​នឹង​អាច​ទៅ​ជា​វត្ថុ​ចម្លែក​មួយ​តែ​ប៉ុណ្ណោះ និង​មាន​អានុភាព​តិច​តួច​ឬ​ក៏​គ្មាន​សោះ​ឡើយ​លើ​ជីវិត​មនុស្ស​ធម្មតា។

អ្នក​ជ្រោម​ជ្រែង​ព្រះ​គម្ពីរ

១១. តើ​រឿង​អ្វី​បាន​កើត​ឡើង ពេល​លោក​ហ៊ូលីយ៉ាន់ អេណាន់ដេហ្ស​បាន​យក​ព្រះ​គម្ពីរ​ភាសា​អេស្ប៉ាញ៉ុល​ចូល ទៅ​ប្រទេស​អេស្បាញ​ដោយ​សម្ងាត់?

១១ ប៉ុន្តែ គួរ​ឲ្យ​ត្រេក​អរ ដ្បិត​មនុស្ស​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​មិន​ព្រម​ធ្វើ​តាមបញ្ញត្ត​ទាំង​នេះ​ឡើយ។ ប៉ុន្តែ​ការ​មិន​ព្រម​ធ្វើ​តាម​ដូច​នេះ គឺ​មាន​គ្រោះ​ថ្នាក់​ណាស់។ មនុស្ស​ជា​ច្រើន​បាន​ត្រូវ​រង​ទុក្ខ​យ៉ាង​ខ្លាំង ដោយ​ព្រោះ​«​បទ​ឧក្រិដ្ឋ​»​ដែល​មក​ពី​គេ​មាន​ព្រះ​គម្ពីរ។ ជា​ឧទាហរណ៍ សូម​ពិចារណា​រឿង​របស់​ជន​ជាតិ​អេស្ប៉ាញ៉ុល​ម្នាក់​ឈ្មោះ ហ៊ូលីយ៉ាន់ អេណាន់ដេហ្ស។ តាម​សៀវភៅ​ប្រវត្ដិសាស្ត្រ​នៃ​ទុក្ករកម្ម​គ្រីស្ទាន ដោយ​លោក​ហ្វក្ស ហ៊ូលីយ៉ាន់ (​ឬ​ហ៊ូលីយ៉ាណូ​)បាន​«​ទទួល​យក​ព្រះ​គម្ពីរ​មួយ​ចំនួន​ធំ ពី​ប្រទេស​អាល្លឺម៉ង់​ទៅ​ប្រទេស​លោក ដោយ​លាក់​ក្នុង​ធុង​ឈើ ហើយ​ខ្ចប់​ដូច​ជា​ស្រា​រិននីស្ស​»។ ប៉ុន្តែ មាន​គេ​ធ្វើ​ឲ្យ​បែក​ការ ហើយ​គាត់​បាន​ត្រូវ​សាលា​ក្ដី​សាសនា​កាតូលិក​រ៉ូម​ចាប់​យក​ទៅ។ ពួក​អ្នក​ដែល​គាត់​នឹង​យក​ព្រះ​គម្ពីរ​ទៅ​ឲ្យ បាន​«​ត្រូវ​ទារុណកម្ម​ដោយ​ឥត​រើស​មុខ ហើយ​រួច​មក ពួក​គេ​ភាគ​ច្រើន​បាន​ជាប់​ទោស ទទួល​ទណ្ឌកម្ម​ផ្សេង​ៗ។ លោក​ហ៊ូលីយ៉ាណូ​បាន​ត្រូវ​គេ​យក​ភ្លើង​ដុត ហើយ​ម្ភៃ​នាក់​ទៀត​បាន​ត្រូវ​គេ​ដុត​លើ​ឈើ​ច្រនួច ជា​ច្រើន​នាក់​បាន​ត្រូវ​ជាប់​ឃុំ​ឃាំង​មួយ​ជីវិត អ្នក​ខ្លះ​បាន​ត្រូវ​គេ​វាយ​ដោយ​រំពាត់​តាម​សាធារណៈ ឯ​ជា​ច្រើន​នាក់​ទៀត​បាន​ទទួល​ទណ្ឌកម្ម​ឲ្យ​ធ្វើ​ជា​បាវ​នៅ​សំពៅ​»។8

១២. តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា អ្នក​កាន់​អំណាច​ខាង​សាសនា​នៅ​មជ្ឈិម​សម័យ មិន​មែន​ជា​តំណាង​នៃ​សាសនា​គ្រីស្ទាន​តាម​ព្រះ​គម្ពីរ?

១២ នេះ​ជា​ការ​ប្រើ​អំណាច​ដ៏​ឃោរ​ឃៅ​ម្ល៉េះ​ហ្ន៎! ជា​ប្រាកដ អ្នក​កាន់​អំណាច​ខាង​សាសនា​ទាំង​នេះ មិន​មែន​ជា​តំណាង​សាសនា​គ្រីស្ទាន​តាម​ព្រះ​គម្ពីរ​ឡើយ! ព្រះ​គម្ពីរ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​ជា​របស់​ផង​អ្នក​ណា ដោយ​ចែង​ប្រាប់​ថា​៖ ​«​គឺ​យ៉ាង​នោះ​ហើយ ដែល​នឹង​សំគាល់​ថា​ជា​ពួក​កូន​ព្រះ ឬ​ពួក​កូន​អារក្ស​ទៅ​បាន ឯ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​សេចក្ដី​សុចរិត ហើយ​មិន​ស្រឡាញ់​ដល់​បង​ប្អូន នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ដ្បិត​នេះ​ឯង​ជា​សេចក្ដី ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​រៀង​មក គឺ​ថា ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មិន​មែន​ដូច​ជា​កាអ៊ីន ដែល​កើត​ពី​មេ​កំណាច​មក ហើយ​បាន​សំឡាប់​ប្អូន​ខ្លួន​នោះ​ឡើយ​»។—យ៉ូហាន​ទី​១ ៣:១០​-​១២

១៣, ១៤. (​ក​) កាល​នៅ​មជ្ឈិម​សម័យ តើ​មាន​ការណ៍​ពិត​អ្វី​ដ៏​អស្ចារ្យ​ដែល​បង្ហាញ​ថា ព្រះ​គម្ពីរ​គឺ​មាន​ដើម​កំណើត​ពី​ព្រះ? (​ខ​) តើ​ស្ថានការណ៍​បាន​ប្រែ​ប្រួល​យ៉ាង​ដូច​ម្ដេច អំពី​ព្រះ​គម្ពីរ​នៅ​ទ្វីប​អឺរ៉ុប?

១៣ ប៉ុន្តែ គួរ​ឲ្យ​អស្ចារ្យ​ណាស់ ដែល​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី បាន​សុខ​ចិត្ត​ប្រថុយ​នឹង​ប្រព្រឹត្ត​កម្ម​ដ៏​គួរ​ឲ្យ​តក់​ស្លុត​បែប​នេះ ដើម្បី​ឲ្យ​បាន​ព្រះ​គម្ពីរ​ប៉ុណ្ណោះ! ហើយ​ឧទាហរណ៍​ដូច​នេះ គឺ​មាន​ច្រើន​ណាស់​មក​ដល់​សម័យ​យើង​នេះ។ ភក្ដី​ភាព​ដ៏​ជ្រាល​ជ្រៅ​ដែល​ព្រះ​គម្ពីរ​បាន​បញ្ចុះ​បញ្ចូល​ក្នុង​ចិត្ត​បុគ្គល​ទាំង​នេះ និង​ការ​សុខ​ចិត្ត​ទ្រាំ​រង​ទុក្ខ​យ៉ាង​អត់​ធ្មត់ ហើយ​ការ​ដាក់​ខ្លួន​ចំពោះ​សេចក្ដី​ស្លាប់​ដ៏​វេទនា ដោយ​ឥត​ត​ដៃ​ដល់​ពួក​ធ្វើ​ទារុណកម្ម​ទាំង​នោះ ជា​ទី​សំអាង​ដ៏​មាំ​មួន​មួយ ដែល​បញ្ជាក់​ថា​ព្រះ​គម្ពីរ​គឺ​ពិត​ជា​បន្ទូល​នៃ​ព្រះ​មែន។—ពេត្រុស​ទី​១ ២:២១

១៤ ដល់​ទី​បំផុត ក្រោយ​ពី​ការ​បះ​បោរ​នៃ​សាសនា​ប្រូតេស្តង់ ប្រឆាំង​នឹង​អំណាច​សាសនា​កាតូលិក​រ៉ូម​នៅ​សតវត្ស​ទី​១៦ សាសនា​កាតូលិក​រ៉ូម​ក៏​បាន​ត្រូវ​បង្ខំ​ឲ្យ​បក​ប្រែ​ព្រះ​គម្ពីរ​ជា​ភាសា​សាមញ្ញ​នៃ​អឺរ៉ុប។ ប៉ុន្តែ សូម្បី​តែ​ដូច្នេះ​ក៏​ដោយ ព្រះ​គម្ពីរ​គឺ​មាន​ជាប់​ទាក់​ទង​ជា​មួយ​សាសនា​ប្រូតេស្តង់ ជា​ជាង​សាសនា​កាតូលិក។ ដូច​បព្វជិត​កាតូលិក​រ៉ូម​ឈ្មោះ អេឌវ៉ាដ​ស៊ីយុបា​បាន​សរសេរ​ថា​៖ ​«​គេ​អាច​យល់​ស្រប​យ៉ាង​ស្មោះ​ថា លទ្ធផល​ដ៏​អាក្រក់​បំផុត​មួយ នៃ​ការ​បែក​ចេញ​នៃ​សាសនា​ប្រូតេស្តង់ គឺ​ការ​ឥត​យក​ចិត្ត​ទុក​ដាក់​លើ​ព្រះ​គម្ពីរ​ក្នុង​ចំណោម​ពួក​អ្នក​កាន់​សាសនា​កាតូលិក។ ថ្វី​បើ​ពួក​កាតូលិក​មិន​ដែល​បាន​ភ្លេច​ព្រះ​គម្ពីរ​ទាំង​ស្រុង​ក៏​ដោយ ចំពោះ​ពួក​គេ​ព្រះ​គម្ពីរ​គឺ​ជា​សៀវភៅ​មួយ​ដែល​ត្រូវ​បិទ​ជិត​»។9

វិវេចនា​ជាន់​ខ្ពស់

១៥, ១៦. ហេតុ​អ្វី​សាសនា​ប្រូតេស្តង់​ក៏​មិន​មែន​ឥត​ខុស​ដែរ បើ​និយាយ​អំពី​ការ​ប្រឆាំង​នឹង​ព្រះ​គម្ពីរ?

១៥ ប៉ុន្តែ សាសនា​ប្រូតេស្តង់​ក៏​មិន​មែន​ឥត​ខុស​ដែរ បើ​និយាយ​អំពី​ការ​ប្រឆាំង​នឹង​ព្រះ​គម្ពីរ​នោះ។ ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ ពួក​អ្នក​ប្រាជ្ញ​ប្រូតេស្តង់​មួយ​ចំនួន បាន​លើក​ការ​ប្រឆាំង​ម្យ៉ាង​ទៀត​ដល់​សៀវភៅ​គម្ពីរ គឺ​៖ ការ​ប្រឆាំងដោយ​ប្រាជ្ញា។ ក្នុង​សតវត្ស​ទី​១៨​និង​១៩ ពួក​គេ​បាន​បង្កើត​វិធី​មួយ​សម្រាប់​ពិចារណា​ព្រះ​គម្ពីរ ដែល​ហៅ​ថា វិវេចនា​ជាន់​ខ្ពស់។ អ្នក​ធ្វើ​វិវេចនា​ជាន់​ខ្ពស់​បាន​បង្រៀន​ថា ព្រះ​គម្ពីរ​ភាគ​ច្រើន​គឺ​ប្រកប​ដោយ​រឿង​ព្រេង និង​រឿង​តាម​ប្រពៃណី។ អ្នក​ខ្លះ​បាន​ទាំង​និយាយ​ថា ឥត​ដែល​មាន​ព្រះ​យេស៊ូ​ផង។ អ្នក​ប្រាជ្ញ​ប្រូតេស្តង់​ទាំង​នេះ​មិន​រាប់​ព្រះ​គម្ពីរ​ថា​ជា​បន្ទូល​នៃ​ព្រះ​ទេ តែ​ជា​ពាក្យ​សំដី​នៃ​មនុស្ស​វិញ ហើយ​ជា​ពាក្យ​សំដី​ដ៏​ច្របូក​ច្របល់​ផង។

១៦ ថ្វី​បើ​មតិ​ដ៏​ហួស​ហេតុ​ទាំង​នេះ ឥត​មាន​គេ​ជឿ​ទៀត​ក៏​ដោយ វិវេចនា​ជាន់​ខ្ពស់​ក៏​នៅ​តែ​មាន​គេ​បង្រៀន​ក្នុង​សិក្ខាសាលា ហើយ​ក៏​ជា​ការ​ធម្មតា​ដែរ ដែល​ពួក​បព្វជិត​ប្រូតេស្តង់​បដិសេធ​តាម​សាធារណៈ មិន​ព្រម​ទទួល​ស្គាល់​ព្រះ​គម្ពីរ​ជា​ច្រើន​ចំណែក។ ម្ល៉ោះ​ហើយ សារ​ពត៌មាន​មួយ​នៅ​ប្រទេស​អូស្ដ្រាលី បាន​ស្រង់​សំដី​របស់​បព្វជិត​សាសនា​អង់គ្លេស​ម្នាក់ ដែល​ថា រឿង​ចែង​ក្នុង​ព្រះ​គម្ពីរ​«​គឺ​ជា​រឿង​ខុស ប្រវត្ដិសាស្ត្រ​ខ្លះ​ក៏​ខុស សេចក្ដី​ល្អិត​ល្អន់​ខ្លះ​គឺ​ឃើញ​ថា មិន​ច្បាស់​លាស់​សោះ​»។ គំនិត​នេះ​គឺ​ជា​លទ្ធផល​នៃ​វិវេចនា​ជាន់​ខ្ពស់។

«​ត្រូវ​សេចក្ដី​ប្រមាថ​មើល​ងាយ​»​

១៧, ១៨. តើ​តាម​របៀប​ណា​ដែល​មារយាទ​នៃ​ពិភព​គ្រីស្ទ​សាសនា បាន​ធ្វើ​ឲ្យ​ខូច​កិត្ដិយស​ព្រះ​គម្ពីរ?

១៧ ប៉ុន្តែ​ប្រហែល​ជា​មារយាទ​នៃ​ពិភព​គ្រីស្ទ​សាសនា ដែល​បាន​បង្កើត​ឧបសគ្គ​ដ៏​ធំ​បំផុត ដែល​រា​រាំង​មិន​ឲ្យ​ចិត្ត​មនុស្ស​ជឿ​ថា ព្រះ​គម្ពីរ​ជា​បន្ទូល​នៃ​ព្រះ។ ពិភព​គ្រីស្ទ​សាសនា​អះអាង​ថា គេ​កាន់​តាម​ព្រះ​គម្ពីរ ប៉ុន្តែ​មារយាទ​របស់​គេ​បាន​ធ្វើ​ឲ្យ​ខូច​កិត្ដិយស​ព្រះ​គម្ពីរ និង​ខូច​ឈ្មោះ​គ្រីស្ទាន​ផង។ ដូច​សាវ័ក​ពេត្រុស​បាន​ទាយ ថា​ផ្លូវ​ពិត​នឹង​«​ត្រូវ​សេចក្ដី​ប្រមាថ​មើល​ងាយ​»។—ពេត្រុស​ទី​២ ២:២

១៨ ជា​ឧទាហរណ៍ ពេល​ដែល​សាសនា​កាតូលិក​កំពុង​ហាម​មិន​ឲ្យ​បក​ប្រែ​ព្រះ​គម្ពីរ សម្ដេច​ប៉ាប​ក៏​ទទួល​ធានា​ពល​យោធា​ដ៏​ធំ ឲ្យ​ប្រឆាំង​នឹង​ពួក​ឥស្លាម​នៅ​មជ្ឈិមបូព៌ា។ សង្គ្រាម​នេះ​ហៅ​ថា—សង្គ្រាម​សាសនា​«​បរិសុទ្ធ​»​—ប៉ុន្តែ​គឺ​គ្មាន​លក្ខណៈ​បរិសុទ្ធ​សោះ​ឡើយ។ សង្គ្រាម​ទី​មួយ​នោះ—ដែល​ហៅ​ថា​«​សង្គ្រាម​សាសនា​នៃ​រាស្ត្រ​»​—បាន​ធ្វើ​គំរូ​សម្រាប់​ការ​ដែល​នឹងកើត​ឡើង​តាម​ក្រោយ។ មុន​នឹង​ចាក​ចេញ​ពី​អឺរ៉ុប កង​ទ័ព​ដ៏​ឥត​រៀប​រយ ដែល​បាន​ត្រូវ​ចាក់​រុក​ដោយ​ពួក​បព្វជិត បែរ​ទៅ​ពួក​សាសន៍​យូដា​នៅ​ប្រទេស​អាល្លឺម៉ង់ សម្លាប់​ប្រហារ​ពួក​គេ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ។ ហេតុ​អ្វី? អ្នក​ប្រវត្ដិសាស្ត្រ​ឈ្មោះ ហាន្ស​អេបើហាដ​មេយើ​មាន​ប្រសាសន៍​ថា​៖ ​«​ការ​អះអាង​ថា​ពួក​សាសន៍​យូដា ជា​សត្រូវ​នៃ​ព្រះ​គ្រីស្ទ គួរ​តែ​ត្រូវ​ទោស​នោះ គឺ​គ្រាន់​តែ​ជា​ការ​ខិត​ខំ​បន្ដិច​បន្តួច ដើម្បី​លាក់​បាំង​ហេតុ​ដ៏​ពិត​ប្រាកដ គឺ​៖ សេចក្ដី​លោភ​លន់​»។10

១៩​-​២១. តើ​តាម​របៀប​ណា​ដែល​សង្គ្រាម​សាមសិប​ឆ្នាំ ព្រម​ទាំង​ការ​ប្រឹង​ប្រែង​នៃ​សាសនទូត និង​ការ​ពង្រីក​អាណានិគម​នៃ​អឺរ៉ុប បាន​ធ្វើ​ឲ្យ​ខូច​កិត្ដិយស​ព្រះ​គម្ពីរ?

១៩ ការ​បះ​បោរ​នៃ​ប្រូតេស្តង់​នៅ​សតវត្ស​ទី​១៦ បាន​ធ្វើ​ឲ្យ​សាសនា​កាតូលិក​រ៉ូម បាត់​បង់​អំណាច​នៅ​ប្រទេស​ជា​ច្រើន​នៃ​ទ្វីប​អឺរ៉ុប។ លទ្ធផល​មួយ​គឺ​សង្គ្រាម​សាមសិប​ឆ្នាំ (​១៦១៨​-​៤៨​)—​«​ជា​សង្គ្រាម​ដ៏​ឃោរ​ឃៅ​ជាង​គេ​មួយ​ក្នុង​ប្រវត្ដិសាស្ត្រ​អឺរ៉ុប​»​ យោង​ទៅ​តាម​សៀវភៅ​ប្រវត្ដិសាស្ត្រ​សកល​នៃ​ពិភព​លោក។ អ្វី​ជា​មូលហេតុ​នៃ​សង្គ្រាម​នេះ? គឺ​«​ការ​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក រវាង​សាសនា​កាតូលិក​និង​សាសនា​ប្រូតេស្តង់​»។11

២០ ដល់​ពេល​នោះ ពិភព​គ្រីស្ទ​សាសនា​ក៏​បាន​ចាប់​តាំង​ពង្រីក​ដល់​ក្រៅ​អឺរ៉ុប ទាំង​នាំ​យក​អារ្យធម៌​«​គ្រីស្ទាន​»​ទៅ​តំបន់​ឯ​ទៀត​លើ​ផែនដី។ ការ​ពង្រីក​ខាង​យោធា​នេះ​គឺ​ត្រូវ​កត់​សម្គាល់​ដោយ​សេចក្ដី​ឃោរ​ឃៅ​និង​លោភ​លន់។ នៅ​ទ្វីប​អាមេរិក អ្នក​ច្បាំង​ដណ្ដើម​សាសន៍​អេស្ប៉ាញ៉ុល​បាន​បំផ្លាញ​អារ្យធម៌​អន្ដោគ្រាម​នៃ​អាមេរិក​ភ្លាម​ៗ។ សៀវភៅ​ប្រវត្ដិសាស្ត្រ​មួយ​បាន​ចែង​ថា​៖ ​«​តាម​ធម្មតា អ្នក​គ្រប់​គ្រង​អេស្ប៉ាញ៉ុល​បំផ្លាញ​អារ្យធម៌​អន្ដោគ្រាម ហើយ​គ្មាន​នាំ​យក​អារ្យធម៌​អឺរ៉ុប​ចូល​ទេ។ ការ​ស្រេក​ឃ្លាន​ចង់​បាន​មាស​គឺ​ជា​ហេតុ​ដ៏​សំខាន់ ដែល​ទាក់​ទាញ​ពួក​គេ​ឲ្យ​មក​ឯ​ពិភព​លោក​ថ្មី​នេះ​»។12

២១ សាសនទូត​ប្រូតេស្តង់​ក៏​បាន​ចាក​ចេញ​ពី​អឺរ៉ុប ទៅ​កាន់​ទ្វីប​ឯ​ទៀត​ដែរ។ លទ្ធផល​មួយ​នៃ​កិច្ច​ការ​របស់​គេ​គឺ​ការ​ពង្រីក​អាណានិគម​ឲ្យ​ធំ​ឡើង។ ទស្សនៈ​ទូទៅ​មួយ​សព្វ​ថ្ងៃ​នេះ អំពី​ការ​ខិត​ខំ​នៃ​សាសនទូត​ប្រូតេស្តង់ គឺ​ថា​៖ ​«​ក្នុង​គ្រា​ជា​ច្រើន កិច្ច​ការ​នៃ​សាសនទូត​បាន​ត្រូវ​ប្រើ​ធ្វើ​ជា​ការ​ដោះ​សា​និង​ការ​បិទ​បាំង សម្រាប់​អំពើ​គ្រប​សង្កត់​លើ​រាស្ត្រ។ ការ​ទាក់​ទង​គ្នា​រវាង​កិច្ច​ការ​សាសនា ប​ច្ចេ​ក​សាស្ត្រ និង​ចក្រពត្ដិ​និយម គឺ​ល្បី​ល្បាញ​ណាស់​»។13

២២. តើ​តាម​របៀប​ណា​ដែល​ពិភព​គ្រីស្ទ​សាសនា បាន​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​សាសនា​គ្រីស្ទាន​ក្នុង​សតវត្ស​ទី​២០?

២២ ការ​រួប​រួម​ជិត​ស្និទ្ធ​រវាង​និកាយ​នៃ​ពិភព​គ្រីស្ទ​សាសនា​និង​រដ្ឋ គឺ​នៅ​មាន​រហូត​ដល់​សម័យ​យើង​នេះ។ សង្គ្រាម​លោក​ចុង​ក្រោយ​ទាំង​ពីរ ភាគ​ច្រើន​គឺ​បាន​ត្រូវ​ច្បាំង​រវាង​សាសន៍​«​គ្រីស្ទាន​»។ ពួក​បព្វជិត​ទាំង​សង​ខាង​បាន​ជំរុញ​យុវជន​របស់​គេ ឲ្យ​ប្រយុទ្ធ​សម្លាប់​ខ្មាំង​សត្រូវ—ដែល​តែង​តែ​ជា​អ្នក​កាន់​សាសនា​ដូច​គ្នា។ ដូច​សៀវភៅ បើសាសនា​ចង់​បាន​សន្ដិភាព​ក្នុង​ពិភព​លោក បាន​ចែង​ថា​៖ ​«​គឺ​ពិត​ជា​គ្មាន​កិត្ដិយស​ដល់[​សាសនា​]ទេ ដែល​ប្រព័ន្ធ​នៃ​សង្គ្រាម​សព្វ​ថ្ងៃ​នេះ បាន​លូត​លាស់​ឡើង ធ្វើ​ឲ្យ​វិនាស​ច្រើន​បំផុត​ដល់​រដ្ឋ​ដែល​ខំ​ព្យាយាម ដើម្បី​ផល​ប្រយោជន៍​សាសនា​គ្រីស្ទាន​»។14

បន្ទូល​នៃ​ព្រះ​នៅ​គង់​វង់

២៣. តើ​តាម​របៀប​ណា​ដែល​ប្រវត្ដិសាស្ត្រ​នៃ​ពិភព​គ្រីស្ទ​សាសនា​បាន​បង្ហាញ​ថា ព្រះ​គម្ពីរ​គឺ​ពិត​ជា​បន្ទូល​នៃ​ព្រះ?

២៣ យើង​អធិប្បាយ​ប្រវត្ដិសាស្ត្រ​ដ៏​វែង​និង​ដ៏​គួរ​ឲ្យ​ស្ដាយ​នៃ​ពិភព​គ្រីស្ទ​សាសនា គឺ​ដើម្បី​បញ្ជាក់​ចំណុច​ពីរ។ ទី​មួយ ព្រឹត្ដិការណ៍​ទាំង​នេះ​គឺ​សម្រេច​ទំនាយ​នៃ​ព្រះ​គម្ពីរ។ មាន​ទំនាយ​ថា​មនុស្ស​ជា​ច្រើន ដែល​អះអាង​ថា​ខ្លួន​ជា​គ្រីស្ទាន នឹង​បង្ខូច​កិត្ដិយស​ព្រះ​គម្ពីរ ព្រម​ទាំង​បង្ខូច​ឈ្មោះ​សាសនា​គ្រីស្ទាន​ផង ហើយ​ដែល​ការ​នេះ​បាន​កើត​ឡើង គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា​ព្រះ​គម្ពីរ​បាន​ចែង​ត្រូវ​មែន។ យ៉ាង​ណា​ក៏​ដោយ យើង​មិនគួរ​ភ្លេច​អំពី​ការណ៍​ពិត​ដែល​ថា មារយាទ​នៃ​ពិភព​គ្រីស្ទ​សាសនា មិន​មែន​តំណាង​សាសនា​គ្រីស្ទាន ដែល​សំអាង​លើ​ព្រះ​គម្ពីរ​នោះ​ឡើយ។

២៤. តើ​អ្វី​កត់​សម្គាល់​ពួក​គ្រីស្ទាន​ពិត ហើយ​ដូច្នេះ​ក៏​បន្ទោស​ពិភព​គ្រីស្ទ​សាសនា​យ៉ាង​ច្បាស់​ថា ពួក​គេ​មិន​មែន​ជា​គ្រីស្ទាន​វិញ?

២៤ របៀប​ដែល​ពួក​គ្រីស្ទាន​ពិត​អាច​កត់​សម្គាល់​បាន គឺ​ដោយ​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ផ្ទាល់​ថា​៖ ​«​គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​យ៉ូហាន ១៣:៣៥​) ម្យ៉ាង​ទៀត ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ ​«​គេ​មិន​មែន​ជា​របស់​ផង​លោកីយ ដូច​ជា​ទូល​បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ​»។ (​យ៉ូហាន ១៧:១៦​) ក្នុង​សេចក្ដី​ទាំង​ពីរ​នេះ ពិភព​គ្រីស្ទ​សាសនា​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា គេ​មិន​មែន​ជា​តំណាង​នៃ​សាសនា​គ្រីស្ទាន​តាម​ព្រះ​គម្ពីរ​ឡើយ។ គេ​អះអាង​ថា​ខ្លួន​ជា​មិត្ត​សំឡាញ់​នៃ​ព្រះ​គម្ពីរ ប៉ុន្តែ​ជា​មិត្ត​សំឡាញ់​មិន​ស្មោះ​ទៅ​វិញ។

២៥. តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​គម្ពីរ​បាន​ឆ្លង​ផុត​ពី​គ្រប់​ទាំង​ឧបសគ្គ ហើយ​បាន​នៅ​គង់​វង់​រហូត​មក​ដល់​សម័យ​យើង​នេះ?

២៥ ចំណុច​ទី​ពីរ​គឺ​ដូច​នេះ​៖ ដោយ​ឃើញ​ថា ពិភព​គ្រីស្ទ​សាសនា​ទាំង​មូល​បាន​ខំ​ប្រព្រឹត្ត​យ៉ាង​ខ្លាំង ប្រឆាំង​នឹង​ផល​ប្រយោជន៍​នៃ​ព្រះ​គម្ពីរ គឺ​ជា​ការ​គួរ​ឲ្យ​អស្ចារ្យ​ណាស់​ដែល​សៀវភៅ​ព្រះ​គម្ពីរ​បាន​នៅ​គង់​វង់​ដល់​សព្វ​ថ្ងៃ​នេះ ហើយ​នៅ​មាន​ឥទ្ធិពល​ខ្លាំង​លើ​ជីវិត​មនុស្ស​ជា​ច្រើន​ផង។ ព្រះ​គម្ពីរ​បាន​ជៀស​ផុត​ពី​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​មិន​ឲ្យ​បក​ប្រែ ពី​ការ​ទិតៀន​ដោយ​ពួក​អ្នក​ប្រាជ្ញ​សម័យ និង​ពី​មារយាទ​ដែល​ខុស​ពី​គ្រីស្ទាន នៃ​មិត្ត​សំឡាញ់​មិន​ស្មោះ គឺ​ពិភព​គ្រីស្ទ​សាសនា។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​គម្ពីរ​មិន​ដូច​សៀវភៅ​សរសេរ​ឯ​ទៀត​ឡើយ។ ព្រះ​គម្ពីរ​មិន​អាច​សាប​សូន្យ​ទេ។ ព្រះ​គម្ពីរ​ជា​បន្ទូល​នៃ​ព្រះ ហើយ​ព្រះ​គម្ពីរ​ផ្ទាល់​ចែង​ប្រាប់​យើង​ថា​៖ ​«​ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះ​ចុះ តែ​ព្រះ​បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​វិញ នោះ​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប​»។—អេសាយ ៤០:៨

[​កំណត់​សម្គាល់​]

a មាន​សេចក្ដី​បក​ប្រែ​ខ្លះ​ៗ​ជា​ភាសា​ផ្សេង​ៗ។ ប៉ុន្តែ សេចក្ដី​បក​ប្រែ​ទាំង​នោះ​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​ដៃ​យ៉ាង​ផ្ចិត​ផ្ចង់ ជា​ឯកសារ​ដ៏​ក្បាច់​ក្បូរ ហើយ​ច្បាស់​ជា​មិន​មែន​សម្រាប់​ការ​ប្រើ​ទូទៅ​ទេ។2

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៣៤​]

សាសនា​ប្រូតេស្តង់​តាម​លក្ខណៈ​សំខាន់​ៗ បាន​ចូល​រួម​ក្នុង​ការ​ទិតៀន​ធ្ងន់​ធ្ងរ​ដោយ​ប្រាជ្ញា​ប្រឆាំង​នឹង​ព្រះ​គម្ពីរ

[​រូប​ភាព​នៅ​ទំព័រ​២៦​]

ប្រវត្ដិសាស្ត្រ​នៃ​ពិភព​គ្រីស្ទ​សាសនា ពិត​ជា​បាន​ចាប់​ផ្ដើម​ឡើង​នៅ​ពេល​អធិរាជ​ខនស្ទែនធីន​បាន​ឲ្យ​«​សាសនា​គ្រីស្ទាន​»​នៅ​សម័យ​របស់​ទ្រង់​មាន​ឡាក់​ឋាន​ពេញ​ច្បាប់

[​រូប​ភាព​នៅ​ទំព័រ​២៩​]

សម្ដេច​ប៉ាប​ក្រេកូរី​ទី​៧ និង​អ៊ីណូសែន្ត​ទី​៣ ជា​អ្នក​ដ៏​ធំ​ដុំ​ក្នុង​សាសនា​កាតូលិក​ដែល​ខំ​ប្រឹង​ការ​ពារ​មិន​ឲ្យ​បក​ប្រែ​ព្រះ​គម្ពីរ​ជា​ភាសា​សាមញ្ញ​របស់​មនុស្ស

[​រូប​ភាព​នៅ​ទំព័រ​៣៣​]

មារយាទ​ដ៏​គួរ​ឲ្យ​តក់​ស្លុត​របស់​ពិភព​គ្រីស្ទ​សាសនា បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា ព្រះ​គម្ពីរ​គឺ​ពិត​ជា​បន្ទូល​នៃ​ព្រះ

[​រូប​ភាព​នៅ​ទំព័រ​៣៥​]

ពេល​សង្គ្រាម​លោក​លើក​ទី​១ ពួក​ទាហាន​រុស្ស៊ី​ទាំង​នេះ​ក្រាប​ថ្វាយ​បង្គំ​បដិមា​នៃ​សាសនា​របស់​គេ មុន​នឹង​ទៅ​សម្លាប់​«​ពួក​គ្រីស្ទាន​»​គ្នី​គ្នា​គេ