លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៦

របៀប​ជ្រើស​រើស​ការ​កម្សាន្ដ​ល្អ

របៀប​ជ្រើស​រើស​ការ​កម្សាន្ដ​ល្អ

​«​ចូរ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង​»។—កូរិនថូសទី១ ១០:៣១

១, ២​. ពេល​ដែល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​ស្ដី​អំពី​ការ​កម្សាន្ដ តើ​យើង​មាន​ជម្រើស​អ្វី​ខ្លះ?

សូម​ស្រមៃ​គិត​ថា​អ្នក​ហៀបនឹង​បរិភោគ​ផ្លែ​ឈើ​មួយ ស្រាប់​តែ​ឃើញ​ថា​មួយ​ផ្នែក​គឺ​ខូច។ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា? អ្នក​អាច​បរិភោគ​ផ្លែ​ទាំង​មូល​នោះ ទាំង​ផ្នែក​ដែល​ខូច ឬ​បោះចោល​ផ្លែ​ទាំង​មូល​នោះ រួម​ទាំង​ផ្នែក​ដែល​ខូច ឬ​មួយ​ចិត​ផ្នែក​ដែល​ខូច​នោះ​ចោល ហើយ​បរិភោគ​ផ្នែក​ដែល​នៅ​ល្អ។ តើ​អ្នក​នឹង​ជ្រើស​រើស​មួយ​ណា?

ក្នុង​ន័យ​មួយ ការ​កម្សាន្ដ​គឺ​ដូច​ផ្លែ​ឈើ​នោះ។ ជួនកាល​អ្នក​ចង់​មាន​ការ​កម្សាន្ដ​សប្បាយ ប៉ុន្ដែ​អ្នក​ទទួល​ស្គាល់​ថា​ការ​កម្សាន្ដ​ភាគ​ច្រើន​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ប្រៀប​ដូច​ជា​ផ្លែ​ដែល​ខូច​នោះ ពីព្រោះ​វា​ប្រាសចាក​សីលធម៌។ ដូច្នេះ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា? អ្នក​ខ្លះ​ប្រហែលជា​សុខ​ចិត្ដ​ទទួល​យក​ការ​កម្សាន្ដ​ទាំង​អស់ ទាំង​ល្អ ទាំង​អាក្រក់​ដែល​ពិភព​លោក​នេះ​ផ្ដល់​ឲ្យ។ អ្នក​ឯ​ទៀត​ប្រហែលជា​ជៀស​វាង​ការ​កម្សាន្ដ​ទាំង​អស់​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​អ្វី​ដែល​អាក្រក់ រីឯ​អ្នក​ផ្សេង​ទៀត ប្រហែលជា​ប្រុង​ប្រយ័ត្ន ជៀស​វាង​អ្វី​ដែល​អាច​មាន​ឥទ្ធិពល​អាក្រក់ តែ​ម្ដង​ម្កាល​ចូល​រួម​ការ​កម្សាន្ដ​ដែល​ល្អ។ តើ​អ្នក​គួរ​សម្រេច​ចិត្ដ​ដូច​ម្ដេច​ដើម្បី​អាច​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់?

៣​. តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​មុន​បង្អស់?

យើង​ភាគ​ច្រើន​នឹង​យក​ជម្រើស​ទី​៣។ យើង​ទទួល​ស្គាល់​ថា​យើង​ត្រូវ​ការ​ការ​កម្សាន្ដ​ដែរ ប៉ុន្ដែ​យើង​ចង់​បាន​តែ​ការ​កម្សាន្ដ​ដែល​មិន​ប្រាសចាក​សីលធម៌។ ដូច្នេះ យើង​ត្រូវ​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​កំណត់​ថា​ការ​កម្សាន្ដ​មួយ​ណា​ល្អ​ហើយ​មួយ​ណា​អាក្រក់។ ប៉ុន្ដែ​មុន​បង្អស់ យើង​នឹង​ពិចារណា​អំពី​ឥទ្ធិពល​ដែល​ការ​កម្សាន្ដ​របស់​យើង​អាច​មាន​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។

«​ចូរ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង​»

៤​. តើ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ការ​កម្សាន្ដ​របស់​យើង?

សាក្សី​ព្រះ​យេហូវ៉ា​វ័យ​ចាស់​ម្នាក់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៤៦ បាន​និយាយ​តាំង​ពី​យូរ​ហើយ​ថា​៖ ​«​ខ្ញុំ​បាន​តាំង​ចិត្ដ​មាន​វត្ដមាន​រាល់​ដង​ដែល​មាន​សុន្ទរកថា​សម្រាប់​ពិធី​ជ្រមុជ​ទឹក ហើយ​ខ្ញុំ​ស្តាប់​ដោយ​យក​ចិត្ដ​ទុក​ដាក់ ហាក់​ដូច​ជា​ខ្ញុំ​នឹង​ទទួល​ការ​ជ្រមុជ​ទឹក​ដែរ​»។ ហេតុ​អ្វី? គាត់​ពន្យល់​ថា​៖ ​«​ការ​ចាំ​ជា​និច្ច​ថា​ខ្ញុំ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ ជា​អ្វី​ដ៏​សំខាន់​មួយ​ដែល​បាន​ជួយ​ខ្ញុំ​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ​»។ អ្នក​ច្បាស់​ជា​នឹង​យល់​ស្រប​នឹង​ទស្សនៈ​របស់​គាត់។ ពេល​ដែល​អ្នក​រំលឹក​ខ្លួន​ថា អ្នក​បាន​សន្យា​នឹង​ព្រះ​យេហូវ៉ា​ថា​អ្នក​នឹង​បម្រើ​លោក​អស់​មួយ​ជីវិត នោះ​ជំរុញ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ។ (សូម​អាន សាស្តា ៥:៤) តាម​ពិត ការ​រំពឹង​គិត​អំពី​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ មិន​គ្រាន់តែ​មាន​ឥទ្ធិពល​ទៅ​លើ​ទស្សនៈ​របស់​អ្នក​ចំពោះ​កិច្ច​បម្រើ​របស់​គ្រិស្ដ​សាសនិក​ប៉ុណ្ណោះ​ទេ តែ​មាន​ឥទ្ធិពល​ទៅ​លើ​ទស្សនៈ​របស់​អ្នក​ចំពោះ​រឿង​ឯ​ទៀត​ដែរ ដូច​ជា​ការ​កម្សាន្ដ​ជា​ដើម។ សាវ័ក​ប៉ូល​បាន​លើក​បញ្ជាក់​ចំណុច​នោះ ពេល​គាត់​សរសេរ​ទៅ​កាន់​គ្រិស្ដ​សាសនិក​នៅ​សម័យ​គាត់​ថា​៖ ​«​ទោះ​ជា​អ្នក​ផឹក បរិភោគ ឬ​ធ្វើ​អ្វី​ទៀត​ក៏​ដោយ ចូរ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង​»។—កូរិនថូស​ទី​១ ១០:៣១

៥​. តើ​លេវីវិន័យ ២២:១៨​-​២០​ជួយ​យើង​យល់​ការ​ព្រមាន​ក្នុង​រ៉ូម ១២:១​យ៉ាង​ដូច​ម្ដេច?

ក្នុង​ជីវិត​អ្នក អ្វី​ៗ​ទាំង​អស់​ដែល​អ្នក​ធ្វើ​មាន​ឥទ្ធិពល​លើ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ក្នុង​សំបុត្រ​ដែល​ប៉ូល​សរសេរ​ទៅ​កាន់​គ្រិស្ដ​សាសនិក​នៅ​ក្រុង​រ៉ូម គាត់​ប្រើ​ពាក្យ​ដែល​ដាស់​ស្មារតី​អ្នក​រួម​ជំនឿ​ដើម្បី​ធ្វើ​ឲ្យ​ការ​ពិត​នេះ​ដក់​ជាប់​ក្នុង​គំនិត​របស់​ពួក​គេ។ គាត់​ដាស់​តឿន​ពួក​គេ​ថា​៖ ​«​[​ចូរ​]​ប្រគល់​រូប​កាយ​របស់​ខ្លួន​ជា​គ្រឿង​បូជា​ដែល​មាន​ជីវិត ក៏​បរិសុទ្ធ ហើយ​គាប់​ចិត្ដ​ព្រះ ធ្វើ​ដូច្នេះ​អ្នក​រាល់​គ្នា​នឹង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ដោយ​ប្រើ​សមត្ថភាព​រិះ​គិត​»។ (​រ៉ូម ១២:១​) រូប​កាយ​របស់​អ្នក​រួម​បញ្ចូល​គំនិត ចិត្ដ និង​កម្លាំង។ អ្នក​ប្រើ​អ្វី​ៗ​ទាំង​នេះ​ដើម្បី​បម្រើ​ព្រះ។ (​ម៉ាកុស ១២:​៣០​) ប៉ូល​បញ្ជាក់​ថា​កិច្ច​បម្រើ​ដែល​យើង​បំពេញ​ជូន​ព្រះ​ដោយ​អស់ពី​ព្រលឹង​ដូច្នេះ គឺជា​គ្រឿង​បូជា​មួយ។ ពាក្យ​នោះ​រួម​បញ្ចូល​ការ​ព្រមាន​មួយ​ដែរ។ ក្រោម​ច្បាប់​ម៉ូសេ ព្រះ​មិន​ព្រម​ទទួល​គ្រឿង​បូជា​ណា​ដែល​មាន​ខ្ចោះ​ទេ។ (​លេវីវិន័យ ២២:១៨​-​២០​) ស្រដៀង​គ្នា​ដែរ បើ​គ្រឿង​បូជា ឬ​កិច្ច​បម្រើ​របស់​គ្រិស្ដ​សាសនិក​ពិត​ម្នាក់​មាន​ខ្ចោះ នោះ​ព្រះ​នឹង​មិន​ព្រម​ទទួល​ទេ។ ប៉ុន្ដែ តើ​អ្វី​អាច​ធ្វើ​ឲ្យ​គ្រឿង​បូជា​របស់​យើង​មាន​ខ្ចោះ?

៦, ៧​. តើ​គ្រិស្ដ​សាសនិក​ម្នាក់​អាច​ធ្វើ​ឲ្យ​រូប​កាយ​របស់​គាត់​ទៅ​ជា​សៅហ្មង​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​នោះ​អាច​នាំ​ឲ្យ​គាត់​ទទួល​ផល​វិបាក​អ្វី?

ប៉ូល​ទូន្មាន​គ្រិស្ដ​សាសនិក​នៅ​ក្រុង​រ៉ូម​ថា​៖ ​«​ឈប់​ប្រគល់​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ភាព​ខុស​ឆ្គង​»។ ប៉ូល​ក៏​បាន​ប្រាប់​ពួក​គេ​ថា​ត្រូវ​«​លះ​ចោល​ឲ្យ​ជ្រះ​ស្រឡះ​នូវ​អំពើ​របស់​រូប​កាយ​»។ (​រ៉ូម ៦:១២​-​១៤; ៨:១៣​) នៅ​ជំពូក​មុន​ក្នុង​សំបុត្រ​របស់​គាត់ ប៉ូល​បាន​ឲ្យ​ឧទាហរណ៍​ខ្លះ​អំពី​«​អំពើ​របស់​រូប​កាយ​»។ នៅ​ទី​នោះ​យើង​អាន​អំពី​មនុស្ស​មាន​ភាព​ខុស​ឆ្គង​ថា​៖ ​«​មាត់​របស់​ពួក​គេ​ពោរ​ពេញ​ទៅ​ដោយ​ពាក្យ​ជេរ​ប្រមាថ​»។ ​«​ជើង​របស់​ពួក​គេ​រហ័ស​ទៅ​កម្ចាយ​ឈាម​»។ ​«​ពួក​គេ​មិន​កោត​ខ្លាច​ព្រះ​សោះ​»។ * (​រ៉ូម ៣:១៣​-​១៨​) គ្រិស្ដ​សាសនិក​នឹង​ធ្វើ​ឲ្យ​រូប​កាយ​របស់​គាត់​មាន​ខ្ចោះ បើ​គាត់​ប្រើ​«​អវយវៈ​»​នៃ​រូប​កាយ​របស់​គាត់​ដើម្បី​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង។ ជា​ឧទាហរណ៍ បើ​គ្រិស្ដ​សាសនិក​ម្នាក់​មើល​ដោយ​ចេតនា​នូវ​អ្វី​ដែល​ថោក​ទាប ដូច​ជា​រូប​អាសអាភាស ឬ​អំពើ​ឃោរឃៅ​ព្រៃផ្សៃ​ជា​ដើម នោះ​គាត់​កំពុង​«​ប្រគល់​[​ភ្នែក​របស់​គាត់​]​ទៅ​ភាព​ខុស​ឆ្គង​»។ ដោយ​ធ្វើ​ដូច្នេះ គាត់​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​របស់​គាត់​ទៅ​ជា​សៅហ្មង​វិញ។ ការ​គោរព​ប្រណិប័តន៍​របស់​គាត់​គឺ​ប្រៀប​ដូច​ជា​គ្រឿង​បូជា​ដែល​លែង​បរិសុទ្ធ ហើយ​ព្រះ​នឹង​មិន​ព្រម​ទទួល​ទេ។ (​ចោទិយកថា ១៥:២១; ពេត្រុសទី១ ១:១៤​-​១៦; ពេត្រុសទី២ ៣:១១​) នេះ​ជា​ផល​វិបាក​ធ្ងន់ធ្ងរ​ណាស់​ដែល​មក​ពី​ការ​ជ្រើស​រើស​ការ​កម្សាន្ដ​ដែល​មិន​ល្អ!

យើង​អាច​ឃើញ​ច្បាស់​ថា ការ​កម្សាន្ដ​ដែល​គ្រិស្ដ​សាសនិក​ម្នាក់​ជ្រើស​រើស​នាំ​ឲ្យ​គាត់​ទទួល​ផល​វិបាក​ធ្ងន់ធ្ងរ។ បើ​ដូច្នេះ យើង​ប្រាកដជា​ចង់​ជ្រើស​រើស​ការ​កម្សាន្ដ​ដែល​នឹង​ធ្វើ​ឲ្យ​គ្រឿង​បូជា​ដែល​យើង​ជូន​ព្រះ​កាន់​តែ​ប្រសើរ មិន​មែន​ធ្វើ​ឲ្យ​សៅហ្មង​ទេ។ ឥឡូវ​យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​កំណត់​ថា​ការ​កម្សាន្ដ​មួយ​ណា​ល្អ​ហើយ​មួយ​ណា​អាក្រក់។

«​ចូរ​ស្អប់ខ្ពើម​អ្វី​ៗ​ដែល​ទុច្ចរិត​»

៨, ៩​. (​ក​) តើ​យើង​អាច​បែងចែក​ការ​កម្សាន្ដ​ជា​ពីរ​ប្រភេទ​ណាខ្លះ? (​ខ​) តើ​យើង​គួរ​ជៀស​វាង​ការ​កម្សាន្ដ​ប្រភេទ​ណាខ្លះ? ហើយ​ហេតុ​អ្វី?

បើ​និយាយ​ឲ្យ​ទូលាយ យើង​អាច​បែងចែក​ការ​កម្សាន្ដ​ជា​ពីរ​ប្រភេទ។ ប្រភេទ​ទី​១​គឺ​ការ​កម្សាន្ដ​ដែល​គ្រិស្ដ​សាសនិក​គួរ​ជៀស​វាង​ជា​ដាច់​ខាត។ ប្រភេទ​ទី​២​គឺ​ការ​កម្សាន្ដ​ដែល​តម្រូវ​ឲ្យ​គ្រិស្ដ​សាសនិក​គិត​ពិចារណា​មុន​សម្រេច​ចិត្ដ​ទទួល​យក​ឬ​មិន​ទទួល។ មុន​បង្អស់ យើង​នឹង​ពិចារណា​អំពី​ប្រភេទ​ទី​១ គឺ​ការ​កម្សាន្ដ​ដែល​គ្រិស្ដ​សាសនិក​គួរ​ជៀស​វាង។

ដូច​យើង​បាន​រៀន​នៅ​ជំពូក​ទី​១ ការ​កម្សាន្ដ​ខ្លះ​បង្ហាញ​ពី​ការ​ប្រព្រឹត្ដ​ដែល​គម្ពីរ​ផ្ដន្ទា​ទោស​ដោយ​ចំ​ៗ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ចម្រៀង គេហទំព័រ ភាពយន្ដ និង​កម្មវិធី​ទូរទស្សន៍​ដែល​មាន​អំពើ​ឃោរឃៅ​ព្រៃផ្សៃ ការ​ទាក់​ទង​ពួក​វិញ្ញាណ​កំណាច រូប​អាសអាភាស ឬ​ដែល​លើក​តម្កើង​អំពើ​ថោក​ទាប​ដែល​ប្រាសចាក​សីលធម៌។ របៀប​ដែល​ការ​កម្សាន្ដ​ដ៏​ថោក​ទាប​បែប​នេះ​បង្ហាញ​នូវ​អំពើ​ដែល​ខុស​គោលការណ៍​ឬ​ច្បាប់​ក្នុង​គម្ពីរ ធ្វើ​ឲ្យ​មនុស្ស​គិត​ថា​អំពើ​នោះ​ជា​អ្វី​ដែល​ធម្មតា គ្មាន​អ្វី​គួរ​ឲ្យ​ទាស់​ចិត្ដ​ទេ។ ដូច្នេះ​គ្រិស្ដ​សាសនិក​ពិត​គួរ​ជៀស​វាង​ជា​ដាច់​ខាត​ពី​ការ​កម្សាន្ដ​បែប​នោះ។ (​សកម្មភាព ១៥:២៨, ២៩; កូរិនថូសទី១ ៦:៩, ១០; ការ​បើក​បង្ហាញ ២១:៨​) បើ​អ្នក​មិន​ព្រម​ទទួល​យក​ការ​កម្សាន្ដ​អាក្រក់​បែប​នេះ អ្នក​បង្ហាញ​យ៉ាង​ច្បាស់​ឲ្យ​ព្រះ​យេហូវ៉ា​ឃើញ​ថា​អ្នក​ពិត​ជា​«​ស្អប់ខ្ពើម​អ្វី​ៗ​ដែល​ទុច្ចរិត​»​ ហើយ​តែង​តែ​«​ថយ​ចេញ​ពី​ការ​អាក្រក់​»។ ដោយ​ធ្វើ​ដូច្នេះ អ្នក​មាន​«​ជំនឿ​ដែល​គ្មាន​ពុត​ត្បុត​»។—រ៉ូម ១២:៩; ទំនុកតម្កើង ៣៤:១៤; ធីម៉ូថេទី១ ១:៥

១០​. ស្ដី​អំពី​ការ​កម្សាន្ដ តើ​ការ​វែក​ញែក​បែប​ណា​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់? ហើយ​ហេតុ​អ្វី?

១០ ប៉ុន្ដែ អ្នក​ខ្លះ​ប្រហែលជា​គិត​ថា បើ​មើល​ការ​កម្សាន្ដ​ដែល​បង្ហាញ​ជាក់​ស្ដែង​អំពី​អំពើ​ប្រាសចាក​សីលធម៌ នោះ​មិន​នាំ​ឲ្យ​មាន​បញ្ហា​អ្វី​ទេ។ ពួក​គេ​វែក​ញែក​ថា​‹ខ្ញុំ​គ្រាន់តែ​មើល​អំពើ​នោះ​ក្នុង​ភាពយន្ដ​ឬ​កម្មវិធី​ទូរទស្សន៍​ប៉ុណ្ណោះ តែ​ខ្ញុំ​នឹង​មិន​ប្រព្រឹត្ដ​អំពើ​នោះ​ឡើយ›។ អ្នក​ដែល​វែក​ញែក​ដូច្នេះ​កំពុង​បញ្ឆោត​ខ្លួន ហើយ​គំនិត​បែប​នេះ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ (សូម​អាន យេរេមា ១៧:៩) បើ​យើង​ចូល​ចិត្ដ​មើល​អំពើ​ដែល​ព្រះ​យេហូវ៉ា​ផ្ដន្ទា​ទោស តើ​យើង​ពិត​ជា​«​ស្អប់ខ្ពើម​អ្វី​ៗ​ដែល​ទុច្ចរិត​»​ឬ? បើ​យើង​អាន ស្តាប់ ឬ​មើល​អំពើ​ទុច្ចរិត​ម្ដង​ហើយ​ម្ដង​ទៀត​ដូច្នេះ នោះ​នឹង​ធ្វើ​ឲ្យ​ចិត្ដ​យើង​ទៅ​ជា​ស្ពឹក​វិញ។ (​ទំនុកតម្កើង ១១៩:៧០; ធីម៉ូថេទី១ ៤:១, ២​) ទម្លាប់​នេះ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ប្រព្រឹត្ដ​របស់​យើង ឬ​ទស្សនៈ​ដែល​យើង​មាន​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​អ្នក​ឯ​ទៀត។

១១​. ស្ដី​អំពី​ការ​កម្សាន្ដ ហេតុ​អ្វី​យើង​ដឹង​ថា​អ្វី​ដែល​កាឡាទី ៦:៧​ចែង​គឺ​ពិត​មែន?

១១ នេះ​ធ្លាប់​កើត​ឡើង។ គ្រិស្ដ​សាសនិក​ខ្លះ​បាន​ប្រព្រឹត្ដ​អំពើ​ប្រាសចាក​សីលធម៌ ដោយ​សារ​ឥទ្ធិពល​នៃ​ការ​កម្សាន្ដ​ដែល​ពួក​គេ​មាន​ទម្លាប់​មើល។ ពួក​គេ​មាន​បទ​ពិសោធន៍​ល្វីង​ជូរ​ចត់​ទើប​ដឹង​ខ្លួន​ថា ​«​មនុស្ស​ទទួល​ផល​តាម​តែ​អ្វី​ដែល​គេ​សាប​ព្រោះ​»។ (​កាឡាទី ៦:៧​) ប៉ុន្ដែ​យើង​មិន​ចាំ​បាច់​ទទួល​ផល​ដ៏​គួរ​ឲ្យ​ស្តាយ​នោះ​ទេ។ បើ​យើង​យក​ចិត្ដ​ទុក​ដាក់​សាប​ព្រោះ​ក្នុង​ចិត្ដ​គំនិត​យើង​នូវ​អ្វី​ដែល​ប្រកប​ដោយ​សីលធម៌ នោះ​យើង​នឹង​សប្បាយ​ដោយ​សារ​ទទួល​បាន​ផល​ល្អ​ក្នុង​ជីវិត (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​ តើ​ខ្ញុំ​គួរ​ជ្រើស​រើស​ការ​កម្សាន្ដ​បែប​ណា?​»​)។

ការ​សម្រេច​ចិត្ដ​ផ្ទាល់​ខ្លួន​ដែល​ផ្អែក​លើ​គោលការណ៍​គម្ពីរ

១២​. តើ​កាឡាទី ៦:៥​ទាក់​ទង​នឹង​ការ​កម្សាន្ដ​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​មាន​ការ​ណែនាំ​ណា​ដែល​ជួយ​យើង​ធ្វើ​ការ​សម្រេច​ចិត្ដ​ផ្ទាល់​ខ្លួន?

១២ ឥឡូវ​យើង​នឹង​ពិចារណា​អំពី​ការ​កម្សាន្ដ​ប្រភេទ​ទី​២ គឺ​ការ​កម្សាន្ដ​ដែល​បង្ហាញ​អំពើ​ដែល​បណ្ដាំ​របស់​ព្រះ​មិន​ផ្ដន្ទា​ទោស​ដោយ​ចំ​ៗ ក៏​មិន​ចែង​ដោយ​ចំ​ៗ​ថា​អំពើ​នោះ​គឺ​ល្អ​ដែរ។ ពេល​ដែល​យើង​ជ្រើស​រើស​ការ​កម្សាន្ដ​ពី​ក្នុង​ចំណោម​ការ​កម្សាន្ដ​បែប​នោះ គ្រិស្ដ​សាសនិក​ពិត​ម្នាក់​ៗ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដោយ​ខ្លួន​ឯង ថា​ការ​កម្សាន្ដ​ណា​ល្អ​ហើយ​ការ​កម្សាន្ដ​ណា​មិន​ល្អ។ (សូម​អាន កាឡាទី ៦:៥) ប៉ុន្ដែ​យើង​មាន​ការ​ណែនាំ​ដែល​អាច​ជួយ​យើង​ធ្វើ​ការ​សម្រេច​ចិត្ដ។ គម្ពីរ​បញ្ជាក់​ហេតុ​ការណ៍​ពិត​ដែល​អាចយ​កម​ក​ធ្វើ​ជា​គោល ដែល​ហៅ​ថា​គោលការណ៍ ហើយ​គោលការណ៍​ទាំង​នេះ​ជួយ​យើង​យល់​អំពី​គំនិត​របស់​ព្រះ​យេហូវ៉ា។ បើ​យើង​យក​ចិត្ដ​ទុក​ដាក់​នឹង​គោលការណ៍​ទាំង​នេះ នោះ​យើង​នឹង​អាច​យល់​«​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​»​ក្នុង​គ្រប់​ការ​ទាំង​អស់ រួម​ទាំង​ការ​កម្សាន្ដ​របស់​យើង​ដែរ។—អេភេសូរ ៥:១៧

១៣​. តើ​អ្វី​នឹង​ជំរុញ​យើង​ឲ្យ​ជៀស​វាង​ការ​កម្សាន្ដ​ដែល​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ដ?

១៣ យើង​យល់​ថា មិន​មែន​គ្រិស្ដ​សាសនិក​ទាំង​អស់​បាន​អប់រំ​សមត្ថភាព​យល់​ដឹង​ឬ​សមត្ថភាព​វែក​ញែក​អំពី​រឿង​សីលធម៌​ដល់​កម្រិត​ស្មើ​គ្នា​នោះ​ទេ។ (​ភីលីព ១:៩​) ម្យ៉ាង​ទៀត គ្រិស្ដ​សាសនិក​ទទួល​ស្គាល់​ថា មនុស្ស​មាន​ចំណង់​ចំណូល​ចិត្ដ​ខុស​ៗ​គ្នា​អំពី​ការ​កម្សាន្ដ។ ដូច្នេះ យើង​មិន​សង្ឃឹម​ថា​គ្រិស្ដ​សាសនិក​ទាំង​អស់​នឹង​ធ្វើ​ការ​សម្រេច​ចិត្ដ​ដូច​គ្នា​ទាំង​ស្រុង​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពេល​ដែល​យើង​ឲ្យ​គោលការណ៍​របស់​ព្រះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​មក​លើ​ចិត្ដ​គំនិត​របស់​យើង នោះ​យើង​នឹង​ចង់​ព្យាយាម​កាន់​តែ​ខ្លាំង​ឡើង ដើម្បី​ជៀស​វាង​ការ​កម្សាន្ដ​ណា​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ដ។—ទំនុកតម្កើង ១១៩:១១, ១២៩; ពេត្រុសទី១ ២:១៦

១៤​. (​ក​) តើ​យើង​គួរ​គិត​អំពី​ចំណុច​អ្វី​ពេល​ដែល​ជ្រើស​រើស​ការ​កម្សាន្ដ? (​ខ​)​ តើ​យើង​អាច​ធ្វើ​ដូច​ម្ដេច​ដើម្បី​រក្សា​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត?

១៤ ពេល​ដែល​អ្នក​ជ្រើស​រើស​ការ​កម្សាន្ដ មាន​ចំណុច​សំខាន់​មួយ​ទៀត​ដែល​អ្នក​ត្រូវ​ពិចារណា គឺ​ពេល​វេលា​របស់​អ្នក។ អ្វី​ដែល​គេ​បង្ហាញ​ឬ​រៀប​រាប់​ក្នុង​ការ​កម្សាន្ដ​ដែល​អ្នក​ជ្រើស​រើស ស​ឲ្យ​ឃើញ​ទស្សនៈ​របស់​អ្នក​ស្ដី​អំពី​អ្វី​ដែល​អ្នក​គិត​ថា​អាច​ទទួល​យក​បាន។ ចំណែក​ពេល​វេលា​ដែល​យើង​ចំណាយ​ទៅ​លើ​ការ​កម្សាន្ដ​វិញ នោះ​ស​ឲ្យ​ឃើញ​ថា​យើង​ចាត់​ទុក​ការ​កម្សាន្ដ​ថា​សំខាន់​ប៉ុណ្ណា។ ចំពោះ​គ្រិស្ដ​សាសនិក រឿង​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​គឺ​សំខាន់​បំផុត។ (សូម​អាន ម៉ាថាយ ៦:៣៣) បើ​ដូច្នេះ តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត? សាវ័ក​ប៉ូល​សរសេរ​ថា​៖ ​«​ចូរ​យក​ចិត្ដ​ទុក​ដាក់​ឲ្យ​ដិត​ដល់​ចំពោះ​ការ​ប្រព្រឹត្ដ​របស់​ខ្លួន កុំ​ឲ្យ​ប្រព្រឹត្ដ​ដូច​មនុស្ស​ឥត​ប្រាជ្ញា តែ​ដូច​មនុស្ស​ដែល​ប្រកប​ដោយ​ប្រាជ្ញា​វិញ ដោយ​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត ព្រោះ​យើង​រស់​នៅ​សម័យ​ដ៏​ទុច្ចរិត​»។ (​អេភេសូរ ៥:១៥, ១៦​) បើ​អ្នក​ដាក់​កម្រិត​ទៅ​លើ​ពេល​វេលា​ដែល​អ្នក​លៃ​ទុក​សម្រាប់​ការ​កម្សាន្ដ នោះ​នឹង​ជួយ​អ្នក​មាន​ពេល​វេលា​ដែល​ចាំ​បាច់​សម្រាប់​«​ការ​អ្វី​ដែល​សំខាន់​ជាង​»​ ពោល​គឺ​ការ​អ្វី​ដែល​ពង្រឹង​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ។—ភីលីព ១:១០

១៥​. ហេតុ​អ្វី​អ្នក​គួរ​ប្រុង​ប្រយ័ត្ន​លើស​ពី​អ្វី​ដែល​ចាំ​បាច់​ពេល​ជ្រើស​រើស​ការ​កម្សាន្ដ?

១៥ ជា​ការ​ល្អ​ដែរ បើ​យើង​ប្រុង​ប្រយ័ត្ន​ឲ្យ​លើស​ពី​អ្វី​ដែល​ចាំ​បាច់​ពេល​ជ្រើស​រើស​ការ​កម្សាន្ដ។ តើ​នេះ​មាន​ន័យ​ដូច​ម្ដេច? សូម​គិត​ម្ដង​ទៀត​អំពី​ឧទាហរណ៍​ស្ដី​អំពី​ផ្លែ​ឈើ។ ដើម្បី​ការពារ​កុំ​ឲ្យ​ច្រឡំ​បរិភោគ​ផ្នែក​ដែល​ខូច អ្នក​មិន​ត្រឹម​តែ​ចិត​កន្លែង​ដែល​ខូច​ចោល​ប៉ុណ្ណោះ​ទេ តែ​ក៏​ចិត​សាច់​ល្អ​នៅ​ជុំ​វិញ​វា​ខ្លះ​ៗ​ដែរ។ ស្រដៀង​គ្នា​ដែរ អ្នក​គប្បី​ប្រុង​ប្រយ័ត្ន​ពេល​ជ្រើស​រើស​ការ​កម្សាន្ដ។ គ្រិស្ដ​សាសនិក​ដែល​មាន​ប្រាជ្ញា មិន​គ្រាន់តែ​មិន​ព្រម​ទទួល​យក​ការ​កម្សាន្ដ​ដែល​ច្បាស់​ជា​ខុស​គោលការណ៍​គម្ពីរ​ទេ តែ​គាត់​ក៏​ជៀស​វាង​ការ​កម្សាន្ដ​ប្រភេទ​ណា​ដែល​គួរ​ឲ្យ​សង្ស័យ ឬ​ដែល​មើល​ទៅ​ដូច​ជា​មាន​លក្ខណៈ​ដែល​អាច​ប៉ះពាល់​ដល់​ចំណង​មិត្ដភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែរ។ (​សុភាសិត ៤:២៥​-​២៧​) បើ​អ្នក​កាន់​ខ្ជាប់​តាម​ឱវាទ​ក្នុង​បណ្ដាំ​របស់​ព្រះ នោះ​នឹង​ជួយ​អ្នក​ឲ្យ​ជៀស​វាង​ការ​កម្សាន្ដ​ដែល​មាន​លក្ខណៈ​បែប​នោះ។

«​អ្វី​ៗ​ដែល​បរិសុទ្ធ​»

អ្នក​អាច​ការពារ​ចំណង​មិត្ដភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ ដោយ​ធ្វើ​តាម​គោលការណ៍​របស់​ព្រះ​ពេល​ជ្រើស​រើស​ការ​កម្សាន្ដ

១៦​. (​ក​) តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ស្ដី​អំពី​សីលធម៌? (​ខ​) តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​មាន​ទម្លាប់​ធ្វើ​តាម​គោលការណ៍​គម្ពីរ?

១៦ អ្វី​ដែល​គ្រិស្ដ​សាសនិក​ពិត​ពិចារណា​មុន​បង្អស់​ពេល​ជ្រើស​រើស​ការ​កម្សាន្ដ គឺ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា។ គម្ពីរ​បញ្ជាក់​អំពី​អារម្មណ៍​និង​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ស្ដេច​សាឡូម៉ូន​រៀប​រាប់​អំពី​អ្វី​ៗ​មួយ​ចំនួន​ដែល​ព្រះ​យេហូវ៉ា​ស្អប់ ដូច​ជា​«​អណ្ដាត​ភូតភរ​១ ដៃ​ដែល​កំចាយ​ឈាម​មនុស្ស​ឥត​ទោស​១ ចិត្ដ​ដែល​គិត​គូរ​បង្កើត​អំពើ​អាក្រក់​១ ជើង​ដែល​រហ័ស​រត់​ទៅ​ប្រព្រឹត្ដ​អាក្រក់​១​»។ (​សុភាសិត ៦:១៦​-​១៩​) តើ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ទស្សនៈ​របស់​អ្នក? អ្នក​សរសេរ​ទំនុកតម្កើង​ដាស់​តឿន​ថា​៖ ​«​ឱ​ពួក​អ្នក​ដែល​ស្រឡាញ់​ដល់​ព្រះ​យេហូវ៉ា​អើយ ចូរ​ស្អប់​ការ​អាក្រក់​ចុះ​»។ (​ទំនុកតម្កើង ៩៧:១០​) ការ​កម្សាន្ដ​ដែល​អ្នក​ជ្រើស​រើស​ត្រូវ​ស​ឲ្យ​ឃើញ​ថា​អ្នក​ពិត​ជា​ស្អប់​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់។ (​កាឡាទី ៥:១៩​-​២១​) សូម​ចាំ​ដែរ​ថា អ្វី​ដែល​ស​ឲ្យ​ឃើញ​ធាតុ​ពិត​របស់​អ្នក គឺ​អ្វី​ដែល​អ្នក​ធ្វើ​ពេល​គ្មាន​អ្នក​ណា​មើល​ឃើញ មិន​មែន​អ្វី​ដែល​អ្នក​ធ្វើ​ពេល​នៅ​ជា​មួយ​អ្នក​ឯ​ទៀត​ទេ។ (​ទំនុកតម្កើង ១១:៤; ១៦:៨​) ដូច្នេះ បើ​អ្នក​ពិត​ជា​ចង់​បង្ហាញ​ថា​អ្នក​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ស្ដី​អំពី​សីលធម៌​ក្នុង​គ្រប់​ការ​ទាំង​អស់ នោះ​អ្នក​នឹង​ធ្វើ​ការ​សម្រេច​ចិត្ដ​ដែល​ស្រប​តាម​គោលការណ៍​គម្ពីរ​ជា​និច្ច។ ជា​លទ្ធផល អ្នក​នឹង​ចាប់​ផ្ដើម​មាន​ទម្លាប់​ធ្វើ​ការ​សម្រេច​ចិត្ដ​បែប​នេះ។—កូរិនថូសទី២ ៣:១៨

១៧​. មុន​ជ្រើស​រើស​ការ​កម្សាន្ដ តើ​យើង​គួរ​សួរ​សំណួរ​អ្វី​ខ្លះ?

១៧ តើ​អ្នក​អាច​ធ្វើ​អ្វី​ទៀត​ដើម្បី​ប្រាកដ​ថា​អ្នក​នឹង​ធ្វើ​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ពេល​ជ្រើស​រើស​ការ​កម្សាន្ដ? សូម​គិត​អំពី​សំណួរ​ថា​‹តើ​ការ​កម្សាន្ដ​នេះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​ខ្ញុំ​និង​ចំណង​មិត្ដភាព​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ?›។ ជា​ឧទាហរណ៍ មុន​សម្រេច​ចិត្ដ​មើល​ភាពយន្ដ​ណា​មួយ សូម​សួរ​ខ្លួន​អ្នក​ថា​‹តើ​អ្វី​ដែល​គេ​បង្ហាញ​ក្នុង​ភាពយន្ដ​នេះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​សមត្ថភាព​វិនិច្ឆ័យ​របស់​ខ្ញុំ?›។ ឥឡូវ​សូម​គិត​អំពី​គោលការណ៍​ដែល​ទាក់​ទង​នឹង​រឿង​នេះ។

១៨, ១៩​. (​ក​) តើ​គោលការណ៍​នៅ​ភីលីព ៤:៨​អាច​ជួយ​យើង​សម្រេច​ចិត្ដ​យ៉ាង​ដូច​ម្ដេច​ថា​ការ​កម្សាន្ដ​របស់​យើង​ល្អ​ឬ​មិន​ល្អ​នោះ? (​ខ​) តើ​គោលការណ៍​អ្វី​ទៀត​អាច​ជួយ​អ្នក​ឲ្យ​ជ្រើស​រើស​ការ​កម្សាន្ដ​ល្អ? (​សូម​មើល​កំណត់​សម្គាល់​)

១៨ គោលការណ៍​សំខាន់​ចម្បង​មួយ​មាន​នៅ​ភីលីព ៤:៨ ដែល​ចែង​ថា​៖ ​«​អ្វី​ៗ​ដែល​ពិត អ្វី​ៗ​ដែល​ថ្លៃ​ថ្នូរ អ្វី​ៗ​ដែល​សុចរិត អ្វី​ៗ​ដែល​បរិសុទ្ធ អ្វី​ៗ​ដែល​គួរ​ឲ្យ​ស្រឡាញ់ អ្វី​ៗ​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ អ្វី​ដែល​ប្រកប​ដោយ​គុណធម៌ និង​អ្វី​ដែល​គួរ​ឲ្យ​សរសើរ ចូរ​បន្ដ​ពិចារណា​អ្វី​ៗ​ទាំង​នោះ​»។ ពិត​មែន​តែ​ក្នុង​ខ​នេះ​ប៉ូល​មិន​សំដៅ​ទៅ​លើ​ការ​កម្សាន្ដ​ទេ ប៉ុន្ដែ​គាត់​សំដៅ​ទៅ​លើ​អ្វី​ដែល​យើង​ត្រូវ​រំពឹង​គិត​ក្នុង​ចិត្ដ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ។ (​ទំនុកតម្កើង ១៩:១៤​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​អាច​ធ្វើ​តាម​ពាក្យ​របស់​ប៉ូល​ពេល​ជ្រើស​រើស​ការ​កម្សាន្ដ។ តើ​តាម​របៀប​ណា?

១៩ សូម​សួរ​ខ្លួន​អ្នក​ថា​‹តើ​ភាពយន្ដ ហ្គេម និង​ចម្រៀង​ដែល​ខ្ញុំ​ជ្រើស​រើស ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​«​អ្វី​ៗ​ដែល​បរិសុទ្ធ​»​ឬ?›។ ជា​ឧទាហរណ៍ ក្រោយ​ពី​អ្នក​មើល​ភាពយន្ដ​ណា​មួយ តើ​ភាពយន្ដ​នោះ​បន្សល់​ទុក​រូបភាព​បែប​ណា​ក្នុង​គំនិត​របស់​អ្នក? បើ​រូបភាព​ទាំង​នោះ​បរិសុទ្ធ ធ្វើ​ឲ្យ​អ្នក​សប្បាយ ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ដ​ឡើង​វិញ នោះ​អ្នក​ដឹង​ថា​ការ​កម្សាន្ដ​របស់​អ្នក​គឺ​ល្អ។ ក៏​ប៉ុន្ដែ​បើ​ភាពយន្ដ​ណា​មួយ​ធ្វើ​ឲ្យ​អ្នក​គិត​អំពី​អ្វី​ដែល​មិន​បរិសុទ្ធ នោះ​មាន​ន័យ​ថា​ការ​កម្សាន្ដ​របស់​អ្នក​គឺ​មិន​ល្អ ព្រម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​ផល​វិបាក​ទៀត​ផង។ (​ម៉ាថាយ ១២:៣៣; ម៉ាកុស ៧:២០​-​២៣​) ហេតុ​អ្វី? គឺ​ពីព្រោះ​ការ​គិត​អំពី​អ្វី​ដែល​ប្រាសចាក​សីលធម៌​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រួល ធ្វើ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ទៅ​ជា​សៅហ្មង​វិញ ហើយ​អាច​បង្ខូច​ចំណង​មិត្ដភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ។ (​អេភេសូរ ៥:៥; ធីម៉ូថេទី១ ១:៥, ១៩​) ដោយ​សារ​ការ​កម្សាន្ដ​បែប​នោះ​មាន​ឥទ្ធិ​ល​អាក្រក់​ទៅ​លើ​រូប​អ្នក​ផ្ទាល់ ចូរ​តាំង​ចិត្ដ​ជៀស​វាង។ * (​រ៉ូម ១២:២​) ចូរ​ធ្វើ​តាម​គំរូ​របស់​អ្នក​តែង​ទំនុកតម្កើង​ដែល​បាន​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​បង្វែរ​ភ្នែក​ទូល​បង្គំ​មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍​»។—ទំនុក​តម្កើង ១១៩:៣៧

លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​ប្រយោជន៍​អ្នក​ឯ​ទៀត

២០, ២១​. តើ​កូរិនថូសទី១ ១០:២៣, ២៤ ទាក់​ទង​នឹង​ការ​ជ្រើស​រើស​ការ​កម្សាន្ដ​យ៉ាង​ដូច​ម្ដេច?

២០ ប៉ូល​បាន​ប្រាប់​គោលការណ៍​គម្ពីរ​សំខាន់​មួយ​ដែល​យើង​ត្រូវ​យក​មក​ពិចារណា​ពេល​ដែល​ធ្វើ​ការ​សម្រេច​ចិត្ដ​អំពី​រឿង​ផ្ទាល់​ខ្លួន។ គាត់​និយាយ​ថា​៖ ​«​មាន​ច្បាប់​ឲ្យ​ធ្វើ​អ្វី​ៗ​ទាំង​អស់ ប៉ុន្ដែ​អ្វី​ៗ​ទាំង​អស់​មិន​មែន​សុទ្ធតែ​លើក​ទឹក​ចិត្ដ​ឡើយ។ ចូរ​ឲ្យ​គ្រប់​គ្នា​សុខ​ចិត្ដ​លះ​បង់​ប្រយោជន៍​ខ្លួន ដើម្បី​ប្រយោជន៍​អ្នក​ឯ​ទៀត​»។ (​កូរិនថូសទី១ ១០:២៣, ២៤​) ពេល​ដែល​ជ្រើស​រើស​ការ​កម្សាន្ដ តើ​គោលការណ៍​នេះ​ទាក់​ទង​យ៉ាង​ដូច​ម្ដេច? អ្នក​ត្រូវ​សួរ​ខ្លួន​អ្នក​ថា​‹តើ​ការ​កម្សាន្ដ​ដែល​ខ្ញុំ​ជ្រើស​រើស​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​ឯ​ទៀត?›។

២១ សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ប្រហែលជា​អនុញ្ញាត​ឲ្យ​អ្នក​ចូល​រួម​ការ​កម្សាន្ដ​ណា​មួយ​ដែល​អ្នក​គិត​ថា​អ្នក​«​មាន​ច្បាប់​»​ចូល​រួម ឬ​អាច​ទទួល​យក​បាន។ ក៏​ប៉ុន្ដែ បើ​អ្នក​ឃើញ​ថា​អ្នក​រួម​ជំនឿ​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យ​តឹង​តែង​ជាង ទាស់​ចិត្ដ​នឹង​ការ​កម្សាន្ដ​នោះ អ្នក​ប្រហែលជា​សម្រេច​ចិត្ដ​មិន​ចូល​រួម​ការ​កម្សាន្ដ​នោះ​ទេ។ ហេតុ​អ្វី? គឺ​ពីព្រោះ​អ្នក​មិន​ចង់​«​ធ្វើ​ខុស​ចំពោះ​បង​ប្អូន​របស់​អ្នក​»​ ឬ​រហូត​ដល់​«​ធ្វើ​ខុស​ចំពោះ​គ្រិស្ដ​»​ដូច​ប៉ូល​បាន​និយាយ ដោយ​ធ្វើ​ឲ្យ​បង​ប្អូន​រួម​ជំនឿ​របស់​អ្នក​ពិបាក​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ។ អ្នក​អនុវត្ដ​ដំបូន្មាន​ដែល​ថា​៖ ​«​កុំ​បង្ក​ហេតុ​ឲ្យ . . . ជំពប់​ដួល​»។ (​កូរិនថូសទី១ ៨:១២; ១០:៣២​) ឱវាទ​របស់​ប៉ូល​បង្ហាញ​ថា​គាត់​មាន​សមត្ថភាព​យល់​ដឹង ហើយ​គិត​ដល់​ប្រយោជន៍​អ្នក​ឯ​ទៀត។ សព្វ​ថ្ងៃ​នេះ គ្រិស្ដ​សាសនិក​ពិត​ធ្វើ​តាម​ឱវាទ​របស់​ប៉ូល​ដោយ​ជៀស​វាង​ការ​កម្សាន្ដ​ណា​ដែល​ពួក​គេ​«​មាន​ច្បាប់​»​ចូល​រួម តែ​ជា​ការ​កម្សាន្ដ​ដែល​មិន​«​លើក​ទឹក​ចិត្ដ​»​ទេ។—រ៉ូម ១៤:១; ១៥:១

២២​. ស្ដី​អំពី​រឿង​ផ្ទាល់​ខ្លួន ហេតុ​អ្វី​គ្រិស្ដ​សាសនិក​ពិត​ម្នាក់​មិន​បង្ខំ​អ្នក​ឯ​ទៀត​ឲ្យ​មាន​ទស្សនៈ​ដូច​គាត់?

២២ ប៉ុន្ដែ មាន​ចំណុច​មួយ​ទៀត​ដែល​ទាក់​ទង​នឹង​ការ​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​ប្រយោជន៍​អ្នក​ឯ​ទៀត។ គ្រិស្ដ​សាសនិក​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​តឹង​តែង​ជាង​អ្នក​ឯ​ទៀត​ស្ដី​អំពី​ការ​កម្សាន្ដ​ដែល​ត្រឹម​ត្រូវ មិន​គួរ​បង្ខំ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ឲ្យ​ធ្វើ​តាម​ទស្សនៈ​របស់​គាត់​ទាំង​អស់​គ្នា​ឡើយ។ បើ​គាត់​ធ្វើ​ដូច្នេះ នោះ​គាត់​គឺ​ដូច​ជា​មនុស្ស​ដែល​បើក​ឡាន​តាម​ផ្លូវ ហើយ​ចង់​បង្ខំ​អ្នក​បើក​បរ​ទាំង​អស់​នៅ​ផ្លូវ​ជា​មួយ​គាត់ ឲ្យ​បើក​តាម​ល្បឿន​ដែល​គាត់​បើក​ដែរ។ ការ​ទាម​ទារ​ដូច្នេះ​គឺ​មិន​សម​ហេតុ​ផល​ទេ។ ក្នុង​នាម​ជា​គ្រិស្ដ​សាសនិក​ពិត អ្នក​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យ​តឹង​តែង​ជាង ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​គោរព​អ្នក​រួម​ជំនឿ​ដែល​មាន​ទស្សនៈ​ខុស​ពី​គាត់​ស្ដី​អំពី​ការ​កម្សាន្ដ ប៉ុន្ដែ​នៅ​តែ​ស្រប​តាម​គោលការណ៍​របស់​គ្រិស្ដ​សាសនិក។ ធ្វើ​ដូច្នេះ គាត់​«​ឲ្យ​មនុស្ស​ទាំង​អស់​គ្នា​ឃើញ​ថា​[​គាត់​]​ជា​មនុស្ស​សម​ហេតុ​ផល​»។—ភីលីព ៤:​៥; សាស្តា ៧:១៦

២៣​. តើ​អ្នក​អាច​ធ្វើ​ដូច​ម្ដេច​ដើម្បី​ប្រាកដ​ថា​ការ​កម្សាន្ដ​ដែល​អ្នក​ជ្រើស​រើស​ជា​ការ​កម្សាន្ដ​ដ៏​ល្អ?

២៣ សរុប​សេចក្ដី តើ​អ្នក​អាច​ធ្វើ​ដូច​ម្ដេច​ដើម្បី​ប្រាកដ​ថា​ការ​កម្សាន្ដ​ដែល​អ្នក​ជ្រើស​រើស​ជា​ការ​កម្សាន្ដ​ដ៏​ល្អ? អ្នក​មិន​ត្រូវ​ទទួល​យក​ការ​កម្សាន្ដ​ណា​ដែល​បង្ហាញ​ជាក់​ស្ដែង​អំពី​ការ​ប្រព្រឹត្ដ​ដែល​ថោក​ទាប ប្រាសចាក​សីលធម៌ និង​ជា​អ្វី​ដែល​បណ្ដាំ​របស់​ព្រះ​បាន​ផ្ដន្ទា​ទោស​ទេ។ ចូរ​ធ្វើ​តាម​គោលការណ៍​គម្ពីរ​ដែល​អាចយ​កម​ក​អនុវត្ដ​ស្ដី​អំពី​ការ​កម្សាន្ដ​ដែល​គម្ពីរ​មិន​រៀប​រាប់​ដោយ​ចំ​ៗ​ទេ។ ចូរ​ជៀស​វាង​ការ​កម្សាន្ដ​ណា​ដែល​ធ្វើ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​សៅហ្មង ហើយ​អ្នក​ត្រូវ​សុខ​ចិត្ដ​លះ​បង់​ការ​កម្សាន្ដ​ណា​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ទាស់​ចិត្ដ ជា​ពិសេស​អ្នក​រួម​ជំនឿ។ សូម​ឲ្យ​ការ​តាំង​ចិត្ដ​របស់​អ្នក​ក្នុង​រឿង​នេះ​នាំ​ឲ្យ​ព្រះ​ទទួល​នូវ​ការ​លើក​តម្កើង ហើយ​ជួយ​អ្នក​នឹង​ក្រុម​គ្រួសារ​របស់​អ្នក​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់។

^ វគ្គ 6 តាម​ភាសា​ក្រិច ពាក្យ​នេះ​មាន​ន័យ​ត្រង់​ថា​«​ក្នុង​ភ្នែក​របស់​ពួក​គេ​គ្មាន​ការ​កោត​ខ្លាច​ព្រះ​»។

^ វគ្គ 19 គោលការណ៍​ខ្លះ​ទៀត​ដែល​អាចយ​កម​ក​អនុវត្ដ​ពេល​ជ្រើស​រើស​ការ​កម្សាន្ដ​គឺ សុភាសិត ៣:​៣១; ១៣:២០; អេភេសូរ ៥:៣, ៤; និង​កូឡុស ៣:៥, ៨, ២០