លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៦

ចូរ​តស៊ូ​នឹង​មេ​កំណាច​និង​កលល្បិច​ទាំង​ប៉ុន្មាន​របស់​វា

ចូរ​តស៊ូ​នឹង​មេ​កំណាច​និង​កលល្បិច​ទាំង​ប៉ុន្មាន​របស់​វា

​«​ចូរ​តស៊ូ​នឹង​មេកំណាច រួច​វា​នឹង​រត់​ចេញ​»។—យ៉ាកុប ៤:៧

១, ២​. តើ​ពិធី​ជ្រមុជ​ទឹក​ធ្វើ​ឲ្យ​អ្នក​ណាខ្លះ​មាន​អំណរ?

បើ​អ្នក​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ​ហើយ អ្នក​ទំនង​ជា​ធ្លាប់​ស្តាប់​ច្រើន​ដង​នូវ​សុន្ទរកថា​សម្រាប់​ពិធី​ជ្រមុជ​ទឹក​នៅ​សន្និបាត​និង​មហាសន្និបាត​របស់​សាក្សី​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ ទោះ​ជា​អ្នក​ធ្លាប់​ស្តាប់​ច្រើន​ដង​ក៏​ដោយ អ្នក​ប្រហែលជា​នៅ​តែ​រំជួល​ចិត្ដ​រាល់​ដង​ដែល​អ្នក​ឃើញ​មនុស្ស​ដែល​អង្គុយ​នៅ​ជួរ​ខាង​មុខ​ក្រោកឈរ​ឡើង ហើយ​ត្រៀម​ខ្លួន​ទទួល​ការ​ជ្រមុជ​ទឹក។ រំពេច​នោះ អស់​អ្នក​ដែល​មាន​វត្ដមាន​នៅ​សន្និបាត​រំភើប​ចិត្ដ​ខ្លាំង ហើយ​ទះ​ដៃ​អបអរសាទរ។ អ្នក​ប្រហែលជា​មាន​ទឹក​ភ្នែក​រលីងរលោង​ដោយ​ឃើញ​បុគ្គល​មួយ​ក្រុម​ទៀត​ចូល​គាំទ្រ​ខាង​ព្រះ​យេហូវ៉ា។ នៅ​គ្រា​បែប​នេះ​ធ្វើ​ឲ្យ យើង​មាន​អំណរ​ខ្លាំង​ណាស់!

នៅ​តំបន់​របស់​អ្នក អ្នក​ប្រហែលជា​ឃើញ​ពិធី​ជ្រមុជ​ទឹក​ពីរ​បី​ដង​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្ដែ​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌​មាន​ឱកាស​មើល​ពិធី​ជ្រមុជ​ទឹក​ច្រើន​ជាង​យើង​ឆ្ងាយ​ណាស់។ ប្រាកដជា​‹នៅ​ស្ថាន​សួគ៌​មាន​អំណរ›​ខ្លាំង​ណាស់ ពេល​ដែល​បណ្ដា​ទេវតា​ឃើញ​មនុស្ស​រាប់​ពាន់​នាក់​រៀង​រាល់​សប្ដាហ៍​ទូ​ទាំង​ពិភព​លោក​ក្លាយ​ទៅ​ជា​សមាជិក​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា។ (​លូកា ១៥:៧,១០​) ទេវតា​ច្បាស់​ជា​រំភើប​ចិត្ដ​ណាស់​ពេល​ដែល​ឃើញ​ការ​រីក​ចម្រើន​នេះ!—ហាកាយ ២:៧

មេកំណាច​«​ដើរ​ក្រវែល​ដូច​តោ​ដែល​កំពុង​គ្រហឹម​»

៣​. ហេតុ​អ្វី​សាថាន​«​ដើរ​ក្រវែល​ដូច​តោ​ដែល​កំពុង​គ្រហឹម​»​? ហើយ​តើ​វា​ចង់​ធ្វើ​អ្វី?

ក៏​ប៉ុន្ដែ អ្វី​ដែល​ផ្ទុយ​ស្រឡះ​ពី​នោះ​គឺ មាន​បុគ្គល​វិញ្ញាណ​ឯ​ទៀត​ដែល​ក្ដៅ​ចិត្ដ​ខ្លាំង​ណាស់​ពេល​ដែល​ឃើញ​ពិធី​ជ្រមុជ​ទឹក។ ពេល​ដែល​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ឃើញ​មនុស្ស​រាប់​ពាន់​នាក់​បដិសេធ​ចោល​ពិភព​លោក​ខូច​អាក្រក់​នេះ ពួក​វា​ខឹង​យ៉ាង​ខ្លាំង។ យ៉ាង​ណា​មិញ សាថាន​បាន​អួត​ថា​គ្មាន​មនុស្ស​ណា​ម្នាក់​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​សារ​មាន​សេចក្ដី​ស្រឡាញ់​ស្មោះ​នោះ​ទេ ហើយ​វា​ក៏​បាន​អួត​ដែរ​ថា​គ្មាន​អ្នក​ណា​នឹង​នៅ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ទេ បើ​ពួក​គេ​ជួប​នឹង​ទុក្ខ​លំបាក​ដ៏​ខ្លាំង។ (​សូម​អាន យ៉ូប ២:៤, ៥) រាល់​ដង​ដែល​មនុស្ស​ម្នាក់​សម្រេច​ចិត្ដ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា នោះ​ស​ឲ្យ​ឃើញ​ថា​សាថាន​និយាយ​ខុស​ហើយ។ ដូច្នេះ រៀង​រាល់​សប្ដាហ៍​វា​បាក់មុខ​រាប់​ពាន់​ដង។ ហេតុ​នេះ​គឺ​មិន​មែន​ជា​ការ​ចម្លែក​ឡើយ ដែល​វា​«​ដើរ​ក្រវែល​ដូច​តោ​ដែល​កំពុង​គ្រហឹម​រក​លេប​ត្របាក់​អ្នក​ណា​ម្នាក់​»។ (​ពេត្រុសទី១ ៥:៨​) ​«​តោ​»​នេះ​ចង់​តែ​លេប​ត្របាក់​យើង​ក្នុង​ន័យ​ថា​វា​ចង់​បណ្ដាល​ឲ្យ​យើង​បង្ខូច​ឬ​បំផ្លាញ​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ។—ទំនុកតម្កើង ៧:១, ២; ធីម៉ូថេទី២ ៣:១២

រាល់​ដង​ដែល​មនុស្ស​ម្នាក់​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក នោះ​បង្ហាញ​ថា​សាថាន​និយាយ​ខុស

៤, ៥​. (​ក​) តើ​ព្រះ​យេហូវ៉ា​បាន​ដាក់​កម្រិត​ទៅ​លើ​អំណាច​របស់​សាថាន​តាម​វិធី​សំខាន់​ពីរ​យ៉ាង​អ្វី? (​ខ​) តើ​គ្រិស្ដ​សាសនិក​ពិត​ទទួល​ការ​ធានា​អ្វី?

ទោះ​ជាស​ត្រូវ​របស់​យើង​កាច​សាហាវ​ក៏​ដោយ គ្មាន​ហេតុ​ឲ្យ​យើង​ភ័យ​ខ្លាច​ហួស​ហេតុ​ពេក​ទេ។ ហេតុ​អ្វី? គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​ដាក់​កម្រិត​ទៅ​លើ​អំណាច​របស់​«​តោ​ដែល​កំពុង​គ្រហឹម​»​នេះ តាម​វិធី​ពីរ​យ៉ាង​ដ៏​សំខាន់។ តើ​មាន​អ្វី​ខ្លះ? ទី​១ ព្រះ​យេហូវ៉ា​បាន​ទាយ​ថា គ្រិស្ដ​សាសនិក​ពិត​«​មួយ​ក្រុម​ធំ​»​នឹង​រួច​ជីវិត​នៅ​«​គ្រា​ទុក្ខវេទនា​ដ៏​ខ្លាំង​»​ដែល​ជិត​មក​ដល់​នោះ។ (​ការ​បើក​បង្ហាញ ៧:៩, ១៤​) ទំនាយ​របស់​ព្រះ​មិន​ដែល​ខុស​ទេ។ ដូច្នេះ សាថាន​ច្បាស់​ជា​ដឹង​ថា​វា​នឹង​មិន​អាច​លេប​ត្របាក់​រាស្ដ្រ​ទាំង​អស់​របស់​ព្រះ​បាន​ឡើយ។

យើង​អាច​ស្វែង​យល់​វិធី​ទី​២​ដោយ​គិត​អំពី​សេចក្ដី​ពិត​ជា​មូលដ្ឋាន​មួយ​ដែល​បុរស​ស្មោះ​ត្រង់​ម្នាក់​របស់​ព្រះ​នៅ​សម័យ​បុរាណ​បាន​ប្រាប់។ អ័សារា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ បាន​ប្រាប់​ស្ដេច​អេសា​ថា​៖ ​«​កំពុង​ដែល​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា នោះ​ទ្រង់​ក៏​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ​»។ (​របាក្សត្រទី២ ១៥:​២; សូម​អាន កូរិនថូស​ទី១ ១០:១៣) មាន​កំណត់​ហេតុ​ច្រើន​ណាស់​អំពី​ព្រឹត្ដិការណ៍​នៅ​អតីត​កាល​ដែល​បញ្ជាក់​ថា​សាថាន​តែង​តែ​បរាជ័យ​ពេល​វា​ខំ​លេប​ត្របាក់​រាស្ដ្រ​ណា​ម្នាក់​របស់​ព្រះ​យេហូវ៉ា​ដែល​នៅ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ (​ហេប្រឺ ១១:៤​-​៤០​) សព្វ​ថ្ងៃ​នេះ គ្រិស្ដ​សាសនិក​ដែល​នៅ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​អាច​តស៊ូ​នឹង​មេកំណាច ហើយ​ឈ្នះ​វា​ទៀត​ផង។ តាម​ពិត បណ្ដាំ​របស់​ព្រះ​ធានា​ថា​៖ ​«​ចូរ​តស៊ូ​នឹង​មេកំណាច រួច​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​»។—យ៉ាកុប ៤:៧

‹យើង​មាន​ការ​ប្រយុទ្ធ​នឹង​ពួក​វិញ្ញាណ​ទុច្ចរិត​នៅ​ស្ថាន​សួគ៌›

៦​. តើ​សាថាន​ប្រយុទ្ធ​ប្រឆាំង​គ្រិស្ដ​សាសនិក​ម្នាក់​ៗ​យ៉ាង​ដូច​ម្ដេច?

ក្នុង​ន័យ​ធៀប យើង​កំពុង​ចូល​រួម​ក្នុង​ចម្បាំង​មួយ​ប្រឆាំង​សាថាន។ វា​ពុំ​អាច​ឈ្នះ​ចម្បាំង​នេះ​បាន​ឡើយ តែ​វា​អាច​លេប​ត្របាក់​យើង​ម្នាក់​ៗ​បាន បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ជា​និច្ច។ សាថាន​ដឹង​ថា​វា​អាច​លេប​ត្របាក់​យើង​បាន​បើ​វា​អាច​ធ្វើ​ឲ្យ​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ទៅ​ជា​ខ្សោយ។ តើ​សាថាន​ខំ​ធ្វើ​ដូច្នេះ​តាម​វិធី​ណា? វា​វាយ​ប្រហារ​មក​លើ​យើង​ដោយ​ប្រើ​យុទ្ធសាស្ដ្រ​បី ពោល​គឺ: វាយ​ប្រហារ​យើង​យ៉ាង​ខ្លាំង វាយ​ប្រហារ​មក​លើ​រូប​យើង​ផ្ទាល់ ហើយ​វាយ​ប្រហារ​ដោយ​ប្រើ​កលល្បិច​ផ្សេង​ៗ។ ឥឡូវ​យើង​នឹង​ពិចារណា​យុទ្ធសាស្ដ្រ​សំខាន់​ៗ​របស់​សាថាន។

៧​. ហេតុ​អ្វី​សាថាន​កំពុង​វាយ​ប្រហារ​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​សាហាវ?

ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង។ សាវ័ក​យ៉ូហាន​ប្រាប់​ថា​៖ ​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេកំណាច​»។ (​យ៉ូហានទី១ ៥:១៩​) ពាក្យ​នោះ​ព្រមាន​គ្រិស្ដ​សាសនិក​ពិត​ទាំង​ឡាយ។ ដោយ​សារ​សាថាន​បាន​លេប​ត្របាក់​ពិភព​លោក​ទុច្ចរិត​ទាំង​មូល​នេះ​ហើយ វា​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​អ្នក​ដែល​បាន​គេច​ផុត​ពី​ក្រញាំ​របស់​វា ពោល​គឺ រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា។ (​មីកា ៤:​១; យ៉ូហាន ១៥:១៩; ការ​បើក​បង្ហាញ ១២:១២, ១៧​) វា​ក្ដៅ​ចិត្ដ​ខ្លាំង​ណាស់​ដោយ​សារ​វា​ដឹង​ថា​ពេល​វេលា​របស់​វា​នៅ​សល់​តែ​បន្ដិច​ទេ។ ដូច្នេះ​វា​កំពុង​ខំ​ប្រឹង​លើស​ជាង​ធម្មតា។ សព្វ​ថ្ងៃ​នេះ យើង​កំពុង​រស់​នៅ​គ្រា​ដែល​វា​ខំ​ប្រឹង​យ៉ាង​សាហាវ​ព្រៃផ្សៃ​ជា​ចុង​ក្រោយ ដើម្បី​បំផ្លាញ​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ។

៨​. ពេល​ដែល​ប៉ូល​និយាយ​ថា​យើង​មាន​«​ការ​ប្រយុទ្ធ​»​ជា​មួយ​នឹង​ពួក​វិញ្ញាណ​អាក្រក់ តើ​នោះ​មាន​ន័យ​ដូច​ម្ដេច?

ការ​វាយ​ប្រហារ​មក​លើ​រូប​យើង​ផ្ទាល់។ សាវ័ក​ប៉ូល​បាន​ព្រមាន​គ្រិស្ដ​សាសនិក​រួម​ជំនឿ​ថា​៖ ​«​យើង​មាន​ការ​ប្រយុទ្ធ . . . [​នឹង​]​ពួក​វិញ្ញាណ​ទុច្ចរិត​នៅ​ស្ថាន​សួគ៌​»។ (​អេភេសូរ ៦:១២​) ហេតុ​អ្វី​ប៉ូល​ប្រើ​ពាក្យ​«​ប្រយុទ្ធ​»​? ពីព្រោះ​ពាក្យ​«​ប្រយុទ្ធ​»​សំដៅ​ទៅ​លើ​ការ​ប្រឈម​មុខ​គ្នា​តយុទ្ធ។ ដូច្នេះ ដោយ​ប្រើ​ពាក្យ​នេះ ប៉ូល​សង្កត់​ធ្ងន់​ថា​យើង​ម្នាក់​ៗ​ត្រូវ​តយុទ្ធ​នឹង​ពួក​វិញ្ញាណ​អាក្រក់​ដោយ​ផ្ទាល់។ ទោះ​ជា​យើង​រស់​នៅ​ប្រទេស​ដែល​មនុស្ស​ទូទៅ​ជឿ​ឬ​មិន​ជឿ​វិញ្ញាណ​អាក្រក់​ក៏​ដោយ យើង​មិន​ត្រូវ​ភ្លេច​ថា ពេល​ដែល​យើង​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា គឺ​ប្រៀប​ដូច​ជា​យើង​ចូល​សង្វៀន​បោក​ចំបាប់​ហើយ។ ចាប់​តាំង​ពី​គ្រិស្ដ​សាសនិក​ម្នាក់​ប្រគល់​ខ្លួន​ជូន​ព្រះ នោះ​គាត់​ត្រូវ​ប្រយុទ្ធ​ជាប់​រហូត។ ហេតុ​នេះ​ហើយ​បាន​ជា​ប៉ូល​យល់​ឃើញ​ថា គាត់​ត្រូវ​ដាស់​តឿន​គ្រិស្ដ​សាសនិក​នៅ​ក្រុង​អេភេសូរ​បី​ដង​ឲ្យ​«​កាន់​ជំហរ​មាំ​មួន​»។—អេភេសូរ ៦:​១១, ១៣, ១៤

៩​. (​ក​) ហេតុ​អ្វី​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ប្រើ​«​កលល្បិច​»​ផ្សេង​ៗ​? (​ខ​) ហេតុ​អ្វី​សាថាន​ខំ​បង្ខូច​គំនិត​របស់​យើង? ហើយ​តើ​យើង​អាច​ការពារ​ខ្លួន​កុំ​ឲ្យ​ចាញ់​ឥទ្ធិពល​របស់​វា​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​ ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ការ​បោក​បញ្ឆោត​របស់​សាថាន!​»​) (​គ​) តើ​យើង​នឹង​ពិចារណា​អំពី​កលល្បិច​មួយ​ណា​ឥឡូវ​នេះ?

កលល្បិច​ផ្សេង​ៗ។ ប៉ូល​ដាស់​តឿន​គ្រិស្ដ​សាសនិក​ឲ្យ​កាន់​ជំហរ​មាំ​មួន​នៅ​ចំពោះ​«​កលល្បិច​ទាំង​ប៉ុន្មាន​»​របស់​សាថាន។ (​អេភេសូរ ៦:១១​) សូម​កត់​សម្គាល់​ប៉ូល​ប្រើ​ពាក្យ​ថា​«​ទាំង​ប៉ុន្មាន​»។ ពួក​វិញ្ញាណ​អាក្រក់​មិន​ប្រើ​កលល្បិច​តែ​មួយ​ទេ គឺ​ពួក​វា​ប្រើ​កលល្បិច​ផ្សេង​ៗ។ ពួក​វា​ធ្វើ​ដូច្នេះ​ដោយ​មាន​មូលហេតុ។ តើ​មាន​មូលហេតុ​អ្វី? គឺ​ដោយ​សារ​បង​ប្អូន​ខ្លះ​បាន​កាន់​ជំហរ​មាំ​មួន​នៅ​ចំពោះ​មុខ​ឧបាយ​កល​ម្យ៉ាង តែ​បាន​ចាញ់​ឧបាយ​កល​ផ្សេង​ទៀត​ក្រោយ​មក។ ដូច្នេះ សាថាន​និង​ពួក​វិញ្ញាណ​កំណាច​សង្កេត​មើល​ការ​ប្រព្រឹត្ដ​របស់​យើង​យ៉ាង​ដិត​ដល់ ដើម្បី​ស្វែង​យល់​អំពី​ចំណុច​ខ្សោយ​បំផុត​របស់​យើង។ លុះ​ឃើញ​ចំណុច​ខ្សោយ​ហើយ ពួក​វា​វាយ​ប្រហារ​ចំ​ចំណុច​នោះ​តែ​ម្ដង។ ប៉ុន្ដែ​យើង​អាច​កត់​សម្គាល់​កលល្បិច​ជា​ច្រើន​របស់​សាថាន​បាន ដោយ​សារ​គម្ពីរ​ជួយ​បក​អាក្រាត​កលល្បិច​ទាំង​នោះ។ (​កូរិនថូសទី២ ២:១១​) នៅ​ជំពូក​មុន​ៗ​យើង​បាន​ពិចារណា​អំពី​កលល្បិច​ខ្លះ​ដូច​ជា ការ​ទាក់​ទាញ​ខាង​សម្ភារៈ ការ​សេពគប់​អាក្រក់ និង​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ ឥឡូវ​យើង​នឹង​ពិចារណា​អំពី​កលល្បិច​មួយ​ទៀត​របស់​សាថាន គឺ​ការ​ទាក់​ទង​ពួក​វិញ្ញាណ​អាក្រក់។

ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​ជា​ការ​ក្បត់

១០​. (​ក​) តើ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​រួម​បញ្ចូល​អ្វី​ខ្លះ? (​ខ​) តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់? តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា?

១០ វិធី​ខ្លះ​ដែល​មនុស្ស​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​គឺ​ដោយ​ទាយ​គន់​គូរ ប្រើ​វេទមន្ដ ដាក់​អំពើ ពាក់​ខ្សែ​គាថា​ឬ​យ័ន្ដ ស្វែងរក​ប្រផ្នូល​តាម​រយៈ​ការ​យល់សប្ដិ ប្រើ​តារាសាស្ដ្រ និង​ខំ​ទាក់​ទង​នឹង​មនុស្ស​ស្លាប់​ជា​ដើម។ យើង​ដឹង​ច្បាស់​ហើយ​ថា ព្រះ​យេហូវ៉ា​ចាត់​ទុក​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​«​ជា​ទី​ស្អប់ខ្ពើម​»។ (​ចោទិយកថា ១៨:​១០​-​១២; ការ​បើក​បង្ហាញ ២១:៨​) ដោយ​សារ​យើង​ក៏​ត្រូវ​«​ស្អប់ខ្ពើម​អ្វី​ៗ​ដែល​ទុច្ចរិត​»​ដែរ នោះ​យើង​មិន​ត្រូវ​សេពគប់​ជា​មួយ​នឹង​ពួក​វិញ្ញាណ​អាក្រក់​ឡើយ។ (​រ៉ូម ១២:៩​) បើ​យើង​ធ្វើ​ដូច្នេះ នោះ​ជា​ការ​ក្បត់​ព្រះ​យេហូវ៉ា ដែល​ជា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​តាម​របៀប​គួរ​ឲ្យ​ខ្ពើម​ឆ្អើម!

១១​. បើ​សាថាន​អាច​ទាក់​ទាញ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ជា​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ ហេតុ​អ្វី​នោះ​ជា​ជ័យ​ជម្នះ​អស្ចារ្យ​សម្រាប់​វា? សូម​ឲ្យ​ឧទាហរណ៍។

១១ ក៏​ប៉ុន្ដែ ដោយ​សារ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​ជា​ការ​ក្បត់​ព្រះ​យេហូវ៉ា​យ៉ាង​គួរ​ស្អប់ខ្ពើម នោះ​ជា​ហេតុ​ដែល​សាថាន​បាន​តាំង​ចិត្ដ​ទាក់​ទាញ​យើង​ខ្លះ​ឲ្យ​ចូល​រួម​ធ្វើ​អំពើ​នេះ។ កាល​ណា​សាថាន​អាច​ល្បួង​គ្រិស្ដ​សាសនិក​ណា​ម្នាក់​ឲ្យ​ចាប់​ផ្ដើម​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច​បាន នោះ​រាប់​ជា​ជ័យ​ជម្នះ​យ៉ាង​អស្ចារ្យ​មួយ។ ហេតុ​អ្វី? សូម​គិត​អំពី​ឧទាហរណ៍​ដូច​ត​ទៅ​នេះ: បើ​មេ​បញ្ជាការ​ខាង​ទ័ព​សត្រូវ​អាច​ល្បួង​លួង​លោម​កូន​ទាហាន​នៃ​ទ័ព​ម្ខាង​ទៀត​ឲ្យ​ក្បត់ ហើយ​រត់​ចោល​កង​ទ័ព​របស់​ខ្លួន រួច​ចូល​ខាង​ទ័ព​របស់​គាត់​វិញ មេ​បញ្ជាការ​នោះ​នឹង​អរ​ខ្លាំង​ណាស់។ គាត់​ក៏​ប្រហែលជា​ដង្ហែ​អ្នក​ក្បត់​នោះ​នៅ​មុខ​មេ​បញ្ជាការ​នៃ​ទ័ព​ម្ខាង​ទៀត​ដូច​ជា​ជ័យ​ភណ្ឌ ដើម្បី​បង្អាប់​មើល​ងាយ​អតីត​មេ​បញ្ជាការ​របស់​អ្នក​ក្បត់​នោះ។ ស្រដៀង​គ្នា​ដែរ បើ​គ្រិស្ដ​សាសនិក​ម្នាក់​ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​ជា​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ នោះ​គាត់​កំពុង​ក្បត់​ហើយ​រត់​ចោល​ព្រះ​យេហូវ៉ា រួច​ដាក់​ខ្លួន​ក្រោម​បង្គាប់​របស់​សាថាន​ផ្ទាល់។ សូម​គិត​ថា​សាថាន​អរ​យ៉ាង​ណា​ពេល​វា​ដង្ហែ​អ្នក​ក្បត់​នោះ​ដូច​ជា​ជ័យ​ភណ្ឌ! តើ​យើង​ចង់​ជួយ​មេកំណាច​ឲ្យ​ទទួល​បាន​ជ័យ​ជម្នះ​ដូច្នេះ​ឬ​ទេ? ច្បាស់​ជា​មិន​ចង់​ទេ! យើង​មិន​មែន​ជា​អ្នក​ក្បត់​ឡើយ។

ការ​ប្រើ​សំណួរ​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ

១២​. តើ​សាថាន​ប្រើ​វិធី​ណា​ដើម្បី​ធ្វើ​ឲ្យ​យើង​ផ្លាស់​ប្ដូរ​ទស្សនៈ​ចំពោះ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់?

១២ ដរាប​ណា​ដែល​យើង​ស្អប់ខ្ពើម​នូវ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ ដរាប​នោះ​សាថាន​មិន​អាច​ឈ្នះ​យើង​ដោយ​ប្រើ​កលល្បិច​មួយ​នោះ​បាន​ឡើយ។ ដូច្នេះ វាទ​ទួល​ស្គាល់​ថា​វា​ត្រូវ​ធ្វើ​ឲ្យ​យើង​ផ្លាស់​ប្ដូរ​គំនិត។ តើ​តាម​របៀប​ណា? វារ​ក​វិធី​បំភាន់​គ្រិស្ដ​សាសនិក​រហូត​ដល់​ពួក​គេ​ខ្លះ​ចាប់​ផ្ដើម​ចាត់​ទុក​«​សេចក្ដី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្ដី​ល្អ​ថា​ជា​អាក្រក់​»។ (​អេសាយ ៥:២០​) ច្រើន​ដង ដើម្បី​សម្រេច​គោលដៅ​នេះ សាថាន​ផ្អែក​លើ​វិធី​មួយ​ដែល​វា​ធ្លាប់​ប្រើ​ដោយ​ជោគជ័យ​តាំង​ពី​យូរ​យារ​មក​ហើយ គឺ​វា​ប្រើ​សំណួរ​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ។

១៣​. តើ​សាថាន​ធ្លាប់​ប្រើ​សំណួរ​យ៉ាង​ដូច​ម្ដេច​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ?

១៣ សូម​កត់​សម្គាល់​នូវ​របៀប​ផ្សេង​ៗ​ដែល​សាថាន​ធ្លាប់​ប្រើ​សំណួរ​នៅ​អតីតកាល។ នៅ​សួន​អេដែន​វា​សួរ​អេវ៉ា​ថា​៖ ​«​តើ​ព្រះ​មាន​បន្ទូល​ហាម​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួន​ច្បារ​មែន​ឬ?​»។ នៅ​សម័យ​យ៉ូប ក្នុង​អំឡុង​ពេល​មាន​ប្រជុំ​នៅ​ស្ថាន​សួគ៌ សាថាន​បាន​លើក​សំណួរ​ថា​៖ ​«​ដែល​យ៉ូប​កោត​ខ្លាច​ដល់​ព្រះ​អង្គ តើ​ឥត​មាន​ប្រយោជន៍​ទេ​ឬ?​»។ ម្យ៉ាង​ទៀត ពេល​ដែល​លោក​យេស៊ូ​ទើប​តែ​ចាប់​ផ្ដើម​កិច្ច​បម្រើ​នៅ​ផែនដី សាថាន​បាន​សួរ​គ្រិស្ដ​ថា​៖ ​«​បើ​អ្នក​ជា​កូន​របស់​ព្រះ​មែន ចូរ​បង្គាប់​ឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ក្លាយ​ជា​នំ​ប៉័ង​ទៅ​»។ សូម​គិត​ទៅ​មើល ក្នុង​ករណី​លោក​យេស៊ូ សាថាន​ហ៊ាន​ចំអក​ឲ្យ​ព្រះ​យេហូវ៉ា ដោយ​ប្រើ​ពាក្យ​ដដែល​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​៦​អាទិត្យ​មុន​នោះ ពេល​ថា​៖ ​«​នេះ​ជា​បុត្រ​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ជា​ទី​ពេញ​ចិត្ដ​ខ្ញុំ​ណាស់​»។លោកុប្បត្ដិ ៣:១, យើង​កែ​ជា​អក្សរ​ទ្រេត; យ៉ូប ១:៩, យើង​កែ​ជា​អក្សរ​ទ្រេត; ម៉ាថាយ ៣:១៧; ៤:៣

១៤​. (​ក​) តើ​សាថាន​ប្រើ​ឧបាយ​កល​យ៉ាង​ដូច​ម្ដេច​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ថា ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច​មិន​សូវ​អាក្រក់​ប៉ុន្មាន​ទេ? (​ខ​) តើ​យើង​នឹង​ពិចារណា​អំពី​រឿង​អ្វី​ឥឡូវ​នេះ?

១៤ សព្វ​ថ្ងៃ​នេះ​មេកំណាច​ប្រើ​វិធី​ស្រដៀង​គ្នា​ដែរ ក្នុង​ការ​ព្យាយាម​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ថា ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច​មិន​សូវ​អាក្រក់​ប៉ុន្មាន​ទេ។ គួរ​ឲ្យ​ស្តាយ វា​បាន​ធ្វើ​ឲ្យ​អ្នក​ជឿ​មួយ​ចំនួន​មាន​ការ​សង្ស័យ​មែន។ ពួក​គេ​បាន​ចាប់​ផ្ដើម​ឆ្ងល់​ថា ‹តើ​ការ​ប្រព្រឹត្ដ​ខ្លះ​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​ពិត​ជា​អាក្រក់​មែន​ឬ?›។ (​កូរិនថូសទី២ ១១:​៣​) តើ​តាម​របៀប​ណា​ដែល​យើង​អាច​ជួយ​បង​ប្អូន​ដែល​មាន​ការ​សង្ស័យ​បែប​នេះ​ឲ្យ​កែប្រែ​គំនិត​របស់​ពួក​គេ? ហើយ​តើ​យើង​អាច​ធ្វើ​ដូច​ម្ដេច​ដើម្បី​កុំ​ឲ្យ​ឧបាយ​កល​របស់​សាថាន​មាន​ឥទ្ធិពល​មក​លើ​យើង? ដើម្បី​ឆ្លើយ​សំណួរ​ទាំង​នេះ យើង​នឹង​ពិចារណា​អ្វី​ពីរ​យ៉ាង​ដែល​សាថាន​បាន​បំពុល​យ៉ាង​ប៉ិនប្រសប់​ដើម្បី​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់។ អ្វី​ពីរ​យ៉ាង​នោះ​គឺ​ការ​កម្សាន្ដ​និង​ការ​ថែ​ទាំ​សុខភាព។

វា​ប្រើ​សេចក្ដី​ប៉ង​ប្រាថ្នា​និង​សេចក្ដី​ត្រូវ​ការ​របស់​យើង​ជា​អន្ទាក់

១៥​. (​ក​) តើ​មនុស្ស​ជា​ច្រើន​នៅ​បស្ចិម​ប្រទេស មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់? (​ខ​) តើ​គ្រិស្ដ​សាសនិក​ខ្លះ​បាន​ទទួល​ឥទ្ធិពល​យ៉ាង​ណា​ពី​ទស្សនៈ​របស់​ពិភព​លោក​នេះ​ស្ដី​អំពី​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់?

១៥ ជា​ពិសេស​នៅ​បស្ចិម​ប្រទេស មនុស្ស​កាន់​តែ​ចាត់​ទុក​ថា​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ ការ​ធ្វើ​មន្ដអាគម និង​ការ​ប្រព្រឹត្ដ​ឯ​ទៀត​បែប​នេះ​គឺជា​រឿង​ស្រាល។ ភាពយន្ដ សៀវភៅ កម្មវិធី​ទូរទស្សន៍ និង​ហ្គេម​កុំព្យូទ័រ​កាន់​តែ​ច្រើន​បង្ហាញ​អំពី​ការ​ប្រព្រឹត្ដ​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច​ឲ្យ​គិត​ថា​នោះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​សប្បាយ ជា​អ្វី​ដែល​ឆ្លៀវឆ្លាត និង​គ្មាន​គ្រោះ​ថ្នាក់​ទេ។ ភាពយន្ដ​និង​សៀវភៅ​ខ្លះ​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច បាន​ទៅ​ជា​ល្បី​រន្ទឺ រហូត​ដល់​អ្នក​និយម​បាន​រៀបចំ​ក្រុម​គាំទ្រ​ទៀត​ផង។ យើង​ឃើញ​ច្បាស់​ថា ពួក​វិញ្ញាណ​កំណាច​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​គិត​ថា​ការ​ទាក់​ទង​នឹង​ពួក​វា​ជា​រឿង​ស្រាល។ តើ​គំនិត​ដែល​ចាត់​ទុក​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​ថា​ជា​រឿង​ស្រាល​បាន​មាន​ឥទ្ធិពល​ទៅ​លើ​គ្រិស្ដ​សាសនិក​ខ្លះ​ឬ​ទេ? បង​ប្អូន​ខ្លះ​បាន​ទទួល​ឥទ្ធិពល​មែន។ តើ​តាម​វិធី​ណា? ជា​ឧទាហរណ៍ គ្រិស្ដ​សាសនិក​ម្នាក់​បាន​មើល​ភាពយន្ដ​ដែល​មាន​មូលដ្ឋាន​លើ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ រួច​និយាយ​ថា​«​ខ្ញុំ​បាន​មើល​កុន​នោះ​មែន ប៉ុន្ដែ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ដ​អំពើ​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​ទេ​»។ ហេតុ​អ្វី​ការ​គិត​បែប​នេះ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់?

១៦​. ហេតុ​អ្វី​ការ​ជ្រើស​រើស​ការ​កម្សាន្ដ​ដែល​ផ្ដោត​ទៅ​លើ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់?

១៦ ពិត​មែន​តែ​ការ​មើល​អ្វី​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ និង​ការ​ប្រព្រឹត្ដ​អំពើ​នោះ​គឺ​ខុស​គ្នា ប៉ុន្ដែ​នោះ​មិន​មាន​ន័យ​ថា​ការ​មើល​ភាពយន្ដ​បែប​នោះ​គ្មាន​គ្រោះ​ថ្នាក់​ទេ។ ហេតុ​អ្វី? សូម​គិត​អំពី​ចំណុច​ដូច​ត​ទៅ: បណ្ដាំ​របស់​ព្រះ​ឲ្យ​ដឹង​ថា​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​មិន​អាច​មើល​ធ្លុះ​ចិត្ដ​គំនិត​របស់​យើង​បាន​ទេ។ * ដូច្នេះ ដូច​យើង​បាន​បញ្ជាក់​ហើយ ដើម្បី​ដឹង​ថា​យើង​កំពុង​គិត​អ្វី ឬ​ដើម្បី​ដឹង​អំពី​ចំណុច​ខ្សោយ​របស់​យើង ពួក​វិញ្ញាណ​អាក្រក់​ត្រូវ​មើល​ការ​ប្រព្រឹត្ដ​របស់​យើង​យ៉ាង​ដិត​ដល់ រួម​ទាំង​ការ​កម្សាន្ដ​ដែល​យើង​ជ្រើស​រើស។ ពេល​ដែល​ការ​ប្រព្រឹត្ដ​របស់​គ្រិស្ដ​សាសនិក​បង្ហាញ​ថា​គាត់​ចូល​ចិត្ដ​ភាពយន្ដ​ឬ​សៀវភៅ​ដែល​មាន​គ្រូ​ខាប​ព្រលឹង​មនុស្ស​ស្លាប់ ការ​ដាក់​អំពើ ខ្មោច​ចូល​មនុស្ស ឬ​រឿង​ឯ​ទៀត​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច បង្ហាញ​ថា​គ្រិស្ដ​សាសនិក​នោះ​កំពុង​ផ្ដល់​ព័ត៌មាន​ឲ្យ​ពួក​វិញ្ញាណ​កំណាច។ តាម​ពិត គាត់​កំពុង​បញ្ជាក់​ប្រាប់​ពួក​វា​អំពី​ចំណុច​ខ្សោយ​របស់​គាត់​តែ​ម្ដង! ជា​លទ្ធផល ពួក​វា​អាច​បង្កើន​ការ​ប្រយុទ្ធ​របស់​ពួក​វា​ជា​មួយ​នឹង​គ្រិស្ដ​សាសនិក​ម្នាក់​នោះ ដើម្បី​វាយ​ប្រហារ​ចំ​ចំណុច​ខ្សោយ​ដែល​គាត់​បាន​បង្ហាញ​ពួក​វា រហូត​ដល់​ពួក​វា​បាន​បោកចំបាប់​ឈ្នះ​គាត់។ ការ​ពិត បង​ប្អូន​ខ្លះ​ដែល​ចាប់​ផ្ដើម​មាន​ចំណាប់​អារម្មណ៍​ចំពោះ​អ្វី​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ ដោយ​សារ​ពួក​គេ​បាន​អាន​សៀវភៅ​ឬ​មើល​ភាពយន្ដ​អំពី​រឿង​នោះ នៅ​ទី​បំផុត​បាន​ចាប់​ផ្ដើម​ប្រព្រឹត្ដ​អំពើ​នោះ​តែ​ម្ដង។—សូម​អាន កាឡាទី ៦:៧

ចូរ​ទទួល​ប្រយោជន៍​ពី​ការ​គាំទ្រ​របស់​ព្រះ​យេហូវ៉ា​ពេល​អ្នក​ឈឺ

១៧​. តើ​សាថាន​អាច​ប្រើ​កលល្បិច​អ្វី​ដើម្បី​ឆ្លៀត​យក​ប្រយោជន៍​ពី​អារម្មណ៍​ទាល់​ច្រក​របស់​អ្នក​ដែល​ឈឺ?

១៧ សាថាន​មិន​គ្រាន់តែ​ខំ​យក​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​យើង​ចំពោះ​ការ​កម្សាន្ដ​មក​ប្រើ​ជា​អន្ទាក់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ខំ​ឆ្លៀត​យក​ប្រយោជន៍​ពី​សេចក្ដី​ត្រូវ​ការ​របស់​យើង​ចំពោះ​ការ​ថែ​ទាំ​សុខភាព​ដែរ។ តើ​តាម​របៀប​ណា? ប្រហែលជា​គ្រិស្ដ​សាសនិក​ម្នាក់ឈឺ ហើយ​ខំ​រក​វិធី​ព្យាបាល​នៅ​គ្រប់​កន្លែង។ តែ​ដោយ​សារ​សុខភាព​របស់​គាត់​នៅ​តែ​អន់​ថយ នោះ​អាច​ធ្វើ​ឲ្យ​គាត់​ធ្លាក់​ទឹក​ចិត្ដ។ (ម៉ាកុស ៥:២៥, ២៦) នោះ​អាច​បើក​ឱកាស​ឲ្យ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ឆ្លៀត​យក​ប្រយោជន៍​ពី​អារម្មណ៍​ទាល់​ច្រក​នោះ។ ពួក​វិញ្ញាណ​កំណាច​ប្រហែលជា​ល្បួង​អ្នក​ឈឺ​ដែល​ទាល់​ច្រក​ឲ្យ​បែរ​ជា​ពឹង​វិធី​ព្យាបាល​ដែល​រួម​បញ្ចូល​«វេទមន្ដ»ឬ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់។ (អេសាយ ១:១៣, ព.ថ.) បើ​ពួក​វិញ្ញាណ​កំណាច​ទទួល​បាន​ជោគជ័យ​ដោយ​ប្រើ​កលល្បិច​នេះ នោះ​អាច​ធ្វើ​ឲ្យ​ចំណង​មិត្ដភាព​រវាង​អ្នក​ឈឺ​និង​ព្រះ​យេហូវ៉ា​ទៅ​ជា​ខ្សោយ។ តើ​តាម​របៀប​ណា?

១៨​. តើ​គ្រិស្ដ​សាសនិក​មិន​ព្រម​ទទួល​វិធី​ព្យាបាល​បែប​ណា? ហើយ​ហេតុ​អ្វី?

១៨ ព្រះ​យេហូវ៉ា​បាន​ព្រមាន​ជន​ជាតិ​អ៊ីស្រាអែល​ដែល​បាន​ពឹង​«​វេទមន្ដ​»​ថា៖ ​«​កាល​ណា​ឯង​រាល់​គ្នា​ប្រ​ទូល​ដៃ​ឡើង នោះ​អញ​នឹង​បែរ​ភ្នែក​ពី​ឯង​ចេញ អើ បើ​កាល​ណា​ឯង​អធិស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្តាប់​ឡើយ​»។ (​អេសាយ ១:១៥​) យើង​តែង​តែ​ចង់​ជៀស​ចេញ​ពី​អ្វី​ក៏​ដោយ​ដែល​អាច​រារាំង​សេចក្ដី​អធិដ្ឋាន​របស់​យើង និង​ដែល​កាត់​បន្ថយ​នូវ​ការ​គាំទ្រ​ដែល​យើង​ទទួល​ពី​ព្រះ​យេហូវ៉ា ជា​ពិសេស​នៅ​ពេល​ដែល​យើង​ឈឺ។ (​ទំនុកតម្កើង ៤១:៣​) ដូច្នេះ បើ​មាន​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​ថា​វិធី​ព្យាបាល​មួយ​មាន​លក្ខណៈ​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ នោះ​គ្រិស្ដ​សាសនិក​ពិត​មិន​ព្រម​ទទួល​ទេ។ * (​ម៉ាថាយ ៦:១៣​) ដោយ​ធ្វើ​ដូច្នេះ គាត់​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​គាំទ្រ​គាត់ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ តើ​នោះ​ពិត​ជា​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​ឬ​ទេ?​»​)។

ពេល​មាន​គេ​និយាយ​រឿង​ជា​ច្រើន​អំពី​ពួក​វិញ្ញាណ​កំណាច

១៩​. (​ក​) តើ​មេកំណាច​បាន​បញ្ឆោត​មនុស្ស​ជា​ច្រើន​ឲ្យ​ជឿ​អ្វី​អំពី​អំណាច​របស់​វា? (​ខ​) តើ​គ្រិស្ដ​សាសនិក​ពិត ត្រូវ​ជៀស​វាង​ពី​ការ​និយាយ​រឿង​បែប​ណា?

១៩ មនុស្ស​ជា​ច្រើន​នៅ​បស្ចិម​ប្រទេស​ចាត់​ទុក​គ្រោះ​ថ្នាក់​ដែល​មក​ពី​អំណាច​របស់​សាថាន​ថា​ជា​រឿង​លេង​សើច តែ​នៅ​ប្រទេស​ផ្សេង​ទៀត​មនុស្ស​មាន​គំនិត​ផ្ទុយ​ពី​នោះ។ នៅ​ប្រទេស​ទាំង​នោះ មេកំណាច​បាន​បញ្ឆោត​មនុស្ស​ជា​ច្រើន​ឲ្យ​គិត​ថា​វា​មាន​ឫទ្ធានុភាព​ខ្លាំង​ជាង​ការ​ពិត។ មនុស្ស​ខ្លះ​ខ្លាច​វិញ្ញាណ​កំណាច​ខ្លាំង​ណាស់​គ្រប់​ពេល​វេលា។ មាន​គេ​និយាយ​រឿង​ជា​ច្រើន​អំពី​ការ​អស្ចារ្យ​ដែល​ពួក​វិញ្ញាណ​កំណាច​ធ្លាប់​ធ្វើ។ មនុស្ស​ច្រើន​តែ​និទានរឿង​បែប​នេះ​ដោយ​រំភើប​ចិត្ដ ហើយ​អ្នក​ស្តាប់​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​រឿង​បែប​នោះ។ តើ​យើង​គួរ​ចូល​រួម​ផ្សាយ​រឿង​បែប​នោះ​ដែរ​ឬ​ទេ? មិន​គួរ​ទេ អ្នក​បម្រើ​របស់​ព្រះ​ពិត មិន​ធ្វើ​ដូច្នេះ​ដោយ​មូលហេតុ​សំខាន់​ពីរ​យ៉ាង។

២០​. ដោយ​មិន​ដឹង​ខ្លួន​តើ​គ្រិស្ដ​សាសនិក​ម្នាក់​អាច​ជួយ​ឃោសនា​ឲ្យ​សាថាន​យ៉ាង​ដូច​ម្ដេច?

២០ ទី​១ ពេល​ដែល​យើង​និយាយ​ប្រាប់​ត​ៗ​គ្នា​អំពី​អ្វី​ដែល​ពួក​វិញ្ញាណ​កំណាច​បាន​ធ្វើ យើង​ជួយ​គាំទ្រ​សាថាន។ តើ​តាម​របៀប​ណា? បណ្ដាំ​របស់​ព្រះ​បញ្ជាក់​ថា​សាថាន​មាន​សមត្ថភាព​ធ្វើ​ការ​អស្ចារ្យ​មែន ប៉ុន្ដែ​គម្ពីរ​ក៏​ព្រមាន​ដែរ​ថា វា​ប្រើ​«​សញ្ញា​សម្គាល់​ក្លែង​ក្លាយ​»​និង​ការ​«​បោក​បញ្ឆោត​»។ (​ថែស្សាឡូនិច​ទី​២ ២:៩, ១០​) ដោយ​សារ​សាថាន​ជា​អ្នក​ពូកែ​បញ្ឆោត​ជាង​គេ​បំផុត វា​ចេះ​បំភាន់​គំនិត​របស់​មនុស្ស​ដែល​មាន​ភាព​ទោរ​ទន់​ទៅ​រក​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ ឲ្យ​ពួក​គេ​ជឿ​អ្វី​ដែល​មិន​មែន​ជា​ការ​ពិត។ ពួក​គេ​ប្រហែលជា​ជឿ​ជាក់​ថា​អ្វី​ដែល​ពួក​គេ​បាន​ឃើញ​និង​ឮ​ជា​ការ​ពិត ហើយ​ប្រហែលជា​រៀប​រាប់​ប្រាប់​អ្នក​ឯ​ទៀត​អំពី​រឿង​នោះ​ផង​ដែរ។ ពី​មាត់​មួយ​ទៅ​មាត់​មួយ​រឿង​នោះ​មាន​លក្ខណៈ​បញ្ចេញបញ្ចូល​ខ្លះ។ បើ​គ្រិស្ដ​សាសនិក​ម្នាក់​ផ្សាយ​រឿង​បែប​នេះ គាត់​កំពុង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​មេកំណាច​ដែល​ជា​«​ឪពុក​នៃ​ការ​ភូតភរ​»។ គាត់​កំពុង​ជួយ​ឃោសនា​ឲ្យ​សាថាន។—យ៉ូហាន ៨:៤៤; ធីម៉ូថេទី២ ២:១៦

២១​. តើ​យើង​ចង់​សន្ទនា​អំពី​អ្វី?

២១ ទី​២ សូម្បី​តែ​គ្រិស្ដ​សាសនិក​ម្នាក់​ធ្លាប់​ជួប​ប្រទះ​នឹង​ពួក​វិញ្ញាណ​អាក្រក់​នៅ​អតីតកាល​ក៏​ដោយ ក៏​គាត់​មិន​ត្រូវ​តំណាល​រឿង​នោះ​ប្រាប់​បង​ប្អូន​រួម​ជំនឿ​ជា​ការ​កម្សាន្ដ​នោះ​ដែរ។ ហេតុ​អ្វី? យើង​បាន​ត្រូវ​ដាស់​តឿន​ឲ្យ​«​សម្លឹង​មើល​ទៅ​លោក​យេស៊ូ ជា​មេ​ដឹក​នាំ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ជំនឿ​ហើយ​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​បាន​ពេញ​លក្ខណៈ​»។ (​ហេប្រឺ ១២:២​) យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គ្រិស្ដ មិន​មែន​សាថាន​ទេ។ គួរ​ឲ្យ​កត់​សម្គាល់​ថា កាល​ដែល​លោក​យេស៊ូ​នៅ​ផែនដី លោក​មិន​បាន​កម្សាន្ដ​ចិត្ដ​ពួក​អ្នក​កាន់​តាម​លោក​ដោយ​រៀប​រាប់​អំពី​ពួក​វិញ្ញាណ​អាក្រក់​ទេ ទោះ​ជា​លោក​អាច​ប្រាប់​រឿង​ច្រើន​អំពី​អ្វី​ដែល​សាថាន​អាច​ធ្វើ​ឬ​មិន​អាច​ធ្វើ​ក្ដី។ ផ្ទុយ​ទៅ​វិញ​លោក​យេស៊ូ​បាន​ផ្ចង់​អារម្មណ៍​ទៅ​លើ​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ។ ដូច្នេះ តាម​គំរូ​របស់​លោក​យេស៊ូ​និង​ពួក​សាវ័ក យើង​ចង់​សន្ទនា​អំពី​«​ការ​ដ៏​រុងរឿង​របស់​ព្រះ​»។—សកម្មភាព ២:១១; លូកា ៨:១; រ៉ូម ១:១១, ១២

២២​. តើ​យើង​អាច​ជួយ​ឲ្យ​មាន​‹អំណរ​នៅ​ស្ថាន​សួគ៌›​ដោយ​ធ្វើ​អ្វី?

២២ ពិត​មែន​តែ​សាថាន​ខំ​ប្រើ​កលល្បិច​ផ្សេង​ៗ ដែល​ក្នុង​នោះ​មាន​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ ដើម្បី​បំផ្លាញ​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ប៉ុន្ដែ​បើ​យើង​ស្អប់​អ្វី​ដែល​ទុច្ចរិត ហើយ​កាន់​ខ្ជាប់​តាម​អ្វី​ដែល​ល្អ នោះ​យើង​នឹង​មិន​បើក​ឱកាស​ឲ្យ​មេកំណាច​ធ្វើ​ឲ្យ​យើង​លែង​បដិសេធ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ ទោះ​ជា​តាម​វិធី​ណា​ក៏​ដោយ។ (​សូម​អាន អេភេសូរ ៤:២៧) សូម​គិត​ថា​«​នៅ​ស្ថាន​សួគ៌​នឹង​មាន​អំណរ​»​ដ៏​ខ្លាំង​យ៉ាង​ណា បើ​យើង​បន្ដ​«​កាន់​ជំហរ​មាំ​មួន​នៅ​ចំពោះ​មុខ​កលល្បិច​ទាំង​ប៉ុន្មាន​របស់​មេកំណាច​»​ រហូត​ដល់​វា​លែង​មាន​ទៀត!—លូកា ១៥:៧; អេភេសូរ ៦:១១

^ វគ្គ 16 ងារ​ផ្សេង​ៗ​របស់​សាថាន​ដូច​ជា អ្នក​ប្រឆាំង អ្នក​បង្កាច់​បង្ខូច អ្នក​បោក​បញ្ឆោត អ្នក​ល្បួង អ្នក​ភូតភរ​ជា​ដើម មិន​បង្កប់​អត្ថន័យ​ថា​វា​ចេះ​មើល​ធ្លុះ​ចិត្ដ​គំនិត​របស់​យើង​ទេ។ ក៏​ប៉ុន្ដែ ចំណែក​ព្រះ​យេហូវ៉ា​វិញ លោក​បាន​ត្រូវ​រៀប​រាប់​ជា​អ្នក​ដែល​«​ល​មើល​ចិត្ដ​»​ ហើយ​លោក​យេស៊ូ​ជា​អ្នក​«​ស្ទង់​មើល​ចិត្ដ​និង​ថ្លើម​»។—សុភាសិត ១៧:៣; ការ​បើក​បង្ហាញ ២:២៣

^ វគ្គ 18 ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ចូរ​មាន​ទស្សនៈ​ដូច​គម្ពីរ​ស្ដី​អំពី​ការ​ថែ​ទាំ​សុខភាព​»​ ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ ទំព័រ​២៥​-​២៧ វគ្គ​១០​-​១៦