លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៣

ពិធី​បុណ្យ​ផ្សេងៗដែល​ព្រះ​មិន​ពេញ​ចិត្ដ

ពិធី​បុណ្យ​ផ្សេងៗដែល​ព្រះ​មិន​ពេញ​ចិត្ដ

​«​ចូរ​ពិចារណា​ជា​និច្ច​ដើម្បី​ឲ្យ​ដឹង​ប្រាកដ​អំពី​អ្វី​ដែល​លោក​ម្ចាស់​ពេញ​ចិត្ដ​»។—អេភេសូរ ៥:១០

១​. តើ​ព្រះ​យេហូវ៉ា​ទាញ​នាំ​មនុស្ស​បែប​ណា​មក​ឯ​លោក? ហេតុ​អ្វី​មនុស្ស​ទាំង​នោះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ស្ដី​អំពី​អ្វី​ដែល​ព្រះ​ពេញ​ចិត្ដ?

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ពិត​នឹង​គោរព​ប្រណិប័តន៍​បិតា​នៅ​ស្ថាន​សួគ៌​ដោយ​មាន​ការ​ដឹក​នាំ​ពី​សកម្មពល​របស់​លោក​និង​ដោយ​សេចក្ដី​ពិត ព្រោះ​បិតា​នៅ​ស្ថាន​សួគ៌​កំពុង​រក​មនុស្ស​បែប​នេះ​ដើម្បី​គោរព​ប្រណិប័តន៍​លោក​»។ (​យ៉ូហាន ៤:២៣​) ពេល​ដែល​ព្រះ​យេហូវ៉ា​រក​ឃើញ​មនុស្ស​បែប​នេះ ដូច​លោក​បាន​រក​ឃើញ​អ្នក​ជា​ដើម នោះ​ព្រះ​យេហូវ៉ា​ទាញ​នាំ​ពួក​គេ​មក​ឯ​លោក​និង​បុត្រ​របស់​លោក។ (​យ៉ូហាន ៦:៤៤​) បើ​ព្រះ​ទាញ​នាំ​យើង​មក​ឯ​លោក នោះ​ជា​ឯកសិទ្ធិ​ដ៏​ខ្ពង់​ខ្ពស់​ណាស់! ក៏​ប៉ុន្ដែ​ពួក​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​ពិត​ពី​គម្ពីរ​ត្រូវ​«​ពិចារណា​ជា​និច្ច​ដើម្បី​ឲ្យ​ដឹង​ប្រាកដ​អំពី​អ្វី​ដែល​លោក​ម្ចាស់​ពេញ​ចិត្ដ​»​ ពីព្រោះ​សាថាន​គឺ​ប៉ិនប្រសប់​ណាស់​ខាង​ការ​បោក​បញ្ឆោត។—អេភេសូរ ៥:១០; ការ​បើក​បង្ហាញ ១២:៩

២​. តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​មនុស្ស​ដែល​ខំ​យក​សាសនា​មិន​ពិត​មក​លាយ​ជា​មួយ​នឹង​សាសនា​ពិត?

សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ជិត​ភ្នំ​ស៊ីណាយ ពេល​ដែល​ជន​ជាតិ​អ៊ី​ស្រា​អែ​ល​សុំ​អេរ៉ុន​ធ្វើ​ព្រះ​មួយ​សម្រាប់​ពួក​គេ។ អេរ៉ុន​បណ្ដោយ​ខ្លួន​តាម​ការ​បង្ខិត​បង្ខំ​របស់​ពួក​គេ ហើយ​ធ្វើ​រូប​កូន​គោ​មាស តែ​គាត់​បាន​និយាយ​ថា​រូប​នោះ​ជា​តំណាង​ព្រះ​យេហូវ៉ា ដោយ​ប្រាប់​ថា​៖ ​«​នៅ​ថ្ងៃ​ស្អែក​នេះ នឹង​មាន​បុណ្យ​ថ្វាយ​ព្រះ​យេហូវ៉ា​»។ តើ​ព្រះ​យេហូវ៉ា​បាន​គិត​ថា​ការ​យក​សាសនា​ពិត​មក​លាយ​ជា​មួយ​នឹង​សាសនា​មិន​ពិត​មិន​មែន​ជា​បញ្ហា​ទេ​ឬ? លោក​មិន​បាន​គិត​ដូច្នេះ​ទេ។ ដោយ​សារ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ នោះ​លោក​បាន​សម្លាប់​ពួក​អ្នក​គោរព​បូជា​រូប​ព្រះ​ប្រហែលជា​៣.០០០​នាក់។ (​និក្ខមនំ ៣២:១​-​៦, ១០, ២៨​) តើ​មាន​មេរៀន​អ្វី​សម្រាប់​យើង? បើ​យើង​ចង់​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ យើង​មិន​ត្រូវ​«​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ​»​ ហើយ​យើង​ត្រូវ​ខំ​ខ្នះខ្នែង​ការពារ​សេចក្ដី​ពិត​ពី​អ្វី​ក៏​ដោយ​ដែល​អាច​បង្ខូច​វា។—អេសាយ ៥២:១១; អេសេគាល ៤៤:២៣; កាឡាទី ៥:៩

៣, ៤​. ហេតុ​អ្វី​យើង​គួរ​យក​ចិត្ដ​ទុក​ដាក់​ឲ្យ​បាន​ដិត​ដល់​ចំពោះ​គោលការណ៍​គម្ពីរ ពេល​ដែល​ពិចារណា​អំពី​ទំនៀម​ទម្លាប់​និង​បុណ្យ​ដែល​មនុស្ស​ធ្វើ​ជា​ទូទៅ?

គួរ​ឲ្យ​ស្តាយ​ណាស់ អ្នក​ដែល​មិន​បាន​ស្រឡាញ់​សេចក្ដី​ពិត​សោះ​នោះ បាន​ចាប់​ផ្ដើម​ផ្សាយ​ទំនៀម​ទម្លាប់ និង​បុណ្យ​ផ្សេង​ៗ​ដែល​តាម​ពិត​ព្រះ​មិន​ពេញ​ចិត្ដ​ទេ។ (​ថែស្សាឡូនិច​ទី​២ ២:៧, ១០​) កាល​ដែល​អ្នក​ពិចារណា​អំពី​បុណ្យ​បែប​នេះ ព្រម​ទាំង​បុណ្យ​ប្រភេទ​ផ្សេង​ៗ​ទៀត សូម​កត់​សម្គាល់​នូវ​របៀប​ដែល​បុណ្យ​ទាំង​នោះ​បង្ហាញ​នូវ​ឥទ្ធិពល​នៃ​ចិត្ដ​គំនិត​របស់​ពិភព​លោក​នេះ មិន​មែន​ឥទ្ធិពល​នៃ​សកម្មពល​របស់​ព្រះ​ទេ។ ជា​ទូទៅ បុណ្យ​ផ្សេង​ៗ​របស់​ពិភព​លោក​នេះ​មាន​លក្ខណៈ​ដូច​គ្នា​ទាំង​អស់ ពោល​គឺ​បុណ្យ​ទាំង​នោះ​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង ហើយ​គាំទ្រ​ជំនឿ​ខាង​សាសនា​មិន​ពិត ព្រម​ទាំង​លើក​ទឹក​ចិត្ដ​មនុស្ស​ឲ្យ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់។ លក្ខណៈ​ទាំង​នេះ​ជា​សញ្ញា​សម្គាល់​នៃ​«​បាប៊ីឡូន​ដ៏​ខ្លាំងក្លា​»។ * (​ការ​បើក​បង្ហាញ ១៨:២​-​៤, ២៣​) សូម​ចាំ​ដែរ​ថា ព្រះ​យេហូវ៉ា​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ទំនៀម​ទម្លាប់​ដ៏​គួរ​ឲ្យ​ខ្ពើម​ឆ្អើម​របស់​សាសនា​មិន​ពិត ដែល​ជា​ឫសគល់​នៃ​ទំនៀម​ទម្លាប់​ជា​ច្រើន​ដែល​មនុស្ស​ធ្វើ​តាម​ជា​ទូទៅ​នៅ​សព្វ​ថ្ងៃ​នេះ។ សព្វ​ថ្ងៃ​នេះ លោក​ក៏​ប្រាកដជា​ទាស់​ចិត្ដ​នឹង​បុណ្យ​ទាំង​នោះ​ដែរ។ ទស្សនៈ​របស់​លោក​ត្រូវ​ជា​ទស្សនៈ​ដ៏​សំខាន់​បំផុត​ចំពោះ​យើង មែន​ទេ?—យ៉ូហាន​ទី​២ ៦, ៧

ដោយ​សារ​យើង​ជា​គ្រិស្ដ​សាសនិក​ពិត យើង​ដឹង​ថា​មាន​បុណ្យ​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ដ។ ប៉ុន្ដែ​យើង​ត្រូវ​តាំង​ចិត្ដ​យ៉ាង​រឹង​មាំ​ថា​យើង​នឹង​មិន​ចូល​រួម​បុណ្យ​ទាំង​នេះ​សោះ​ឡើយ សូម្បី​តែ​បន្ដិច​ក៏​ដោយ។ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ដ​នឹង​បុណ្យ​ទាំង​នេះ ហើយ​ព័ត៌មាន​នោះ​នឹង​ពង្រឹង​ការ​តាំង​ចិត្ដ​របស់​យើង​ឲ្យ​ជៀស​ចេញ​ពី​អ្វី​ក៏​ដោយ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់។

ការ​គោរព​បូជា​ព្រះអាទិត្យ​ដែល​គេ​ឲ្យ​ឈ្មោះ​ថ្មី​ថា​បុណ្យ​ណូអែល

៥​. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​លោក​យេស៊ូ​មិន​បាន​កើត​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ?

គម្ពីរ​មិន​ចែង​អំពី​ការ​ធ្វើ​បុណ្យ​ខួប​កំណើត​របស់​លោក​យេស៊ូ​ទេ។ តាម​ពិត គ្មាន​អ្នក​ណា​ដឹង​ច្បាស់​អំពី​ថ្ងៃ​ខែ​នៃ​កំណើត​របស់​លោក​យេស៊ូ​ឡើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្វី​ដែល​ប្រាកដ​គឺថា លោក​មិន​បាន​កើត​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​ដែល​ជា​ខែត្រ​ជាក់​ខ្លាំង​នៃ​រដូវ​រងា​នៅ​ប្រទេស​នោះ​ទេ។ * មូលហេតុ​មួយ​ដែល​យើង​ដឹង​ប្រាកដ គឺ​ដោយ​សារ​លូកា​បាន​សរសេរ​ថា ពេល​ដែល​លោក​យេស៊ូ​កើត​មក ‹ពួក​គង្វាល​កំពុង​រស់​នៅ​កណ្ដាល​វាល›​ដើម្បី​មើល​ថែ​ហ្វូង​សត្វ​របស់​ពួក​គេ។ (​លូកា ២:៨​-​១១​) បើ​គង្វាល​ទាំង​នោះ​មាន​ទម្លាប់​«​រស់​នៅ​កណ្ដាល​វាល​»​រាល់​ខែ ចំណុច​នេះ​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ។ ក៏​ប៉ុន្ដែ នៅ​រដូវ​រងា ភូមិ​បេថ្លេហិម​មាន​ភ្លៀង​ត្រជាក់​ខ្លាំង ហើយ​ធ្លាក់​ទឹក​កក​ទៀត​ផង ដូច្នេះ​ពួក​គង្វាល​មិន​បាន​«​រស់​នៅ​កណ្ដាល​វាល​»​នៅ​រដូវ​រងា​ទេ គឺ​ពួក​គេ​បាន​យក​ហ្វូង​សត្វ​ចូល​ក្នុង​ជម្រក​វិញ។ ម្យ៉ាង​ទៀត សេសារ​អូគូស​បាន​ចេញ​បញ្ជា​ឲ្យ​ជំរឿន​ប្រជាជន ដូច្នេះ​យ៉ូសែប​និង​ម៉ារៀ​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម​ដើម្បី​ឲ្យ​គេ​ជំរឿន។ (​លូកា ២:១​-​៧​) សេសារ​ទំនង​ជា​មិន​បាន​បង្គាប់​ប្រជាជន​ដែល​ស្អប់​រដ្ឋាភិបាល​រ៉ូម ឲ្យ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​នៅ​ចំ​ខែ​រងា​ខ្លាំង​នោះ​ទេ។

៦, ៧​. (​ក​) តើ​ទំនៀម​ទម្លាប់​ជា​ច្រើន​ក្នុង​បុណ្យ​ណូអែល​មាន​ដើម​កំណើត​ពី​ណា? (​ខ​) ពេល​ដែល​មនុស្ស​ឲ្យ​អំណោយ​នៅ​បុណ្យ​ណូអែល និង​ពេល​ដែល​គ្រិស្ដ​សាសនិក​ឲ្យ​អំណោយ តើ​នោះ​ខុស​គ្នា​យ៉ាង​ណា?

បុណ្យ​ណូអែល​មិន​មាន​ដើម​កំណើត​ពី​បទ​គម្ពីរ​ទេ តែ​ពី​បុណ្យ​បុរាណ​មួយ​ចំនួន​របស់​សាសនា​មិន​ពិត ដូច​ជា​បុណ្យ​ព្រះ​សៅរ៍​របស់​ជន​ជាតិ​រ៉ូម ដែល​ជា​បុណ្យ​មួយ​សម្រាប់​គោរព​បូជា​ព្រះ​សៅរ៍​ដែល​ជា​ព្រះ​នៃ​កសិកម្ម។ ស្រដៀង​គ្នា​ដែរ បើ​យោង​ទៅ​តាម​ឯកសារ​យោង​មួយ អ្នក​ដែល​គោរព​បូជា​ព្រះ​មិត្រា បាន​ធ្វើ​បុណ្យ​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ដែល​តាម​ការ​ប៉ាន​ស្មាន​របស់​ពួក​គេ​ជា​«​ខួប​កំណើត​នៃ​ព្រះអាទិត្យ​ដែល​គ្មាន​អ្នក​ណា​អាច​ផ្ដួល​រលំ​បាន​ឡើយ​»។ (​New Catholic Encyclopedia​) ​«​ចាប់​ផ្ដើម​មាន​បុណ្យ​ណូអែល​នៅ​ពេល​ដែល​ការ​គោរព​បូជា​ព្រះអាទិត្យ​បាន​ពេញ​និយម​បំផុត​នៅ​ក្រុង​រ៉ូម​»​ ប្រហែល​បី​រយ​ឆ្នាំ​បន្ទាប់​ពី​គ្រិស្ដ​ទទួល​មរណភាព។

គ្រិស្ដ​សាសនិក​ពិត​ឲ្យ​អំណោយ​ដោយ​សារ​ក្ដី​ស្រឡាញ់

ពេល​ពួក​គេ​ធ្វើ​បុណ្យ​នោះ ពួក​គេ​ជូន​អំណោយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ជប់​លៀង​បរិភោគ​អាហារ​ប្រណីត​ៗ។ ទំនៀម​ទម្លាប់​ទាំង​នេះ​នៅ​តែ​ជា​ផ្នែក​នៃ​បុណ្យ​ណូអែល​សព្វ​ថ្ងៃ​នេះ។ ក៏​ប៉ុន្ដែ​នៅ​សម័យ​បុរាណ​និង​នៅ​សព្វ​ថ្ងៃ​នេះ ពេល​មនុស្ស​ឲ្យ​អំណោយ នោះ​ពួក​គេ​ឲ្យ​ដោយ​មាន​មូលហេតុ​ផ្សេង​ពី​អ្វី​ដែល​បាន​ត្រូវ​សរសេរ​នៅ​កូរិនថូសទី២ ៩:៧ ដែល​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ធ្វើ​តាម​ការ​សម្រេច​ចិត្ដ​របស់​ខ្លួន​ចុះ មិន​មែន​ដោយ​ទើស​ទាល់​ឬ​ដោយ​មាន​គេ​បង្ខំ​ឡើយ ព្រោះ​ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ដ​សប្បាយ​»។ គ្រិស្ដ​សាសនិក​ពិត​ឲ្យ​អំណោយ​ដោយ​សារ​ពួក​គេ​មាន​សេចក្ដី​ស្រឡាញ់ មិន​មែន​ដោយ​សារ​មាន​ថ្ងៃ​ពិសេស​ណា​មួយ​ទេ។ ម្យ៉ាង​ទៀត ពេល​គ្រិស្ដ​សាសនិក​ឲ្យ​អំណោយ ពួក​គេ​មិន​សង្ឃឹម​ថា​នឹង​បាន​ទទួល​អំណោយ​មួយ​មក​វិញ​ទេ។ (​លូកា ១៤:​១២​-​១៤; សូម​អាន សកម្មភាព ២០:៣៥) មិន​ត្រឹម​តែ​ប៉ុណ្ណោះ គ្រិស្ដ​សាសនិក​សប្បាយ​ចិត្ដ​ណាស់ ដោយ​សារ​ពួក​គេ​បាន​រួច​ពី​ការ​តាន​តឹង​ចិត្ដ​និង​ការ​ម្នីម្នា​ធ្វើ​នេះ​ធ្វើ​នោះ​ដើម្បី​រៀបចំ​សម្រាប់​បុណ្យ​ណូអែល ហើយ​ក៏​រួច​ពី​ការ​មាន​បំណុល​វ័ណ្ឌ​ក ដែល​មនុស្ស​ជា​ច្រើន​មាន​ដោយ​សារ​ខ្ចី​ប្រាក់​នៅ​ពេល​មាន​បុណ្យ​ណូអែល។—ម៉ាថាយ ១១:​២៨​-​៣០; យ៉ូហាន ៨:៣២

៨​. តើ​ពួក​អ្នក​ចេះ​ហោរាសាស្ដ្រ​បាន​ជូន​អំណោយ​សម្រាប់​ខួប​កំណើត​លោក​យេស៊ូ​ឬ​ទេ? សូម​ពន្យល់។

ប៉ុន្ដែ​មនុស្ស​ខ្លះ​ប្រហែលជា​ប្រកែក​ថា​‹ចុះ​ពួក​អ្នក​ចេះ​ហោរាសាស្ដ្រ ពួក​គេ​បាន​ឲ្យ​អំណោយ​សម្រាប់​ខួប​កំណើត​លោក​យេស៊ូ មែន​ទេ?›។ មិន​មែន​ទេ។ ពួក​គេ​ឲ្យ​អំណោយ​គ្រាន់តែ​ដើម្បី​សម្ដែង​ការ​គួរ​សម​ចំពោះ​បុគ្គល​ដ៏​សំខាន់​មួយ​រូប តាម​ទំនៀម​ទម្លាប់​ធម្មតា​របស់​មនុស្ស​នៅ​សម័យ​គម្ពីរ។ (​ពង្សាវតារក្សត្រទី១ ១០:១, ២, ១០, ១៣; ម៉ាថាយ ២:២, ១១​) ម្យ៉ាង​ទៀត ពួក​គេ​មិន​បាន​មក​នៅ​យប់​ដែល​លោក​យេស៊ូ​កើត​ទេ។ ពេល​ដែល​ពួក​គេ​មក​ដល់ លោក​យេស៊ូ​មិន​មែន​ជា​កូន​ខ្ចី​នៅ​ក្នុង​ស្នូក​ទៀត​ទេ តែ​លោក​ជា​ទារក​ដែល​មាន​អាយុ​ច្រើន​ខែ ហើយ​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​មួយ។

បទ​គម្ពីរ​បំភ្លឺ​អំពី​បុណ្យ​ខួប​កំណើត

៩​. តើ​អ្វី​បាន​កើត​ឡើង​នៅ​បុណ្យ​ខួប​កំណើត​ពីរ​ដែល​គម្ពីរ​បាន​រៀប​រាប់?

ពេល​មាន​កូន​ខ្ចី​កើត​មក នោះ​ជា​ពេល​ដែល​គួរ​ឲ្យ​រីករាយ​ខ្លាំង​ណាស់។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គម្ពីរ​មិន​ចែង​សោះ​ថា​អ្នក​បម្រើ​ណា​ម្នាក់​របស់​ព្រះ​យេហូវ៉ា ធ្លាប់​ធ្វើ​បុណ្យ​ខួប​កំណើត​របស់​ខ្លួន​ទេ។ (​ទំនុកតម្កើង ១២៧:៣​) តើ​នេះ​មក​ពី​អ្នក​សរសេរ​គម្ពីរ​ភ្លេច​សរសេរ​ឬ? មិន​មែន​ទេ ពីព្រោះ​គម្ពីរ​បញ្ជាក់​អំពី​ខួប​កំណើត​ពីរ គឺ​ខួប​កំណើត​របស់​ផារ៉ូ​នៃ​ស្រុក​អេស៊ីប និង​ខួប​កំណើត​របស់​ហេរ៉ូឌ​អាន់ទីប៉ាស។ (​សូម​អាន លោកុប្បត្ដិ ៤០:២០​-​២២; ម៉ាកុស ៦:២១​-​២៩) ក៏​ប៉ុន្ដែ​របៀប​ដែល​គម្ពីរ​រៀប​រាប់​អំពី​បុណ្យ​ខួប​កំណើត​ទាំង​ពីរ​នេះ​ធ្វើ​ឲ្យ​យើង​ដឹង​ថា​នោះ​គឺ​មិន​ល្អ ជា​ពិសេស​បុណ្យ​ខួប​កំណើត​របស់​ហេរ៉ូឌ ដែល​ពេល​នោះ​យ៉ូហាន​ជា​អ្នក​ជ្រមុជ​ទឹក​បាន​ត្រូវ​គេ​កាត់​ក្បាល។

១០, ១១​. តើ​គ្រិស្ដ​សាសនិក​សម័យ​ដើម​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​បុណ្យ​ខួប​កំណើត? ហើយ​ហេតុ​អ្វី?

១០ ឯកសារ​យោង​មួយ​ពន្យល់​ថា​៖ ​«​គ្រិស្ដ​សាសនិក​សម័យ​ដើម​បាន​ចាត់​ទុក​ថា​បុណ្យ​ខួប​កំណើត​ជា​ទម្លាប់​មួយ​របស់​សាសនា​មិន​ពិត ទោះ​ជា​ខួប​កំណើត​របស់​អ្នក​ណា​ក៏​ដោយ​»។ (​The World Book Encyclopedia​) ជា​ឧទាហរណ៍ ជន​ជាតិ​ក្រិច​នៅ​សម័យ​បុរាណ​ធ្លាប់​ជឿ​ថា មនុស្ស​ម្នាក់​ៗ​មាន​បុគ្គល​វិញ្ញាណ​មួយ​មាន​វត្ដមាន​នៅ​ពេល​ដែល​គាត់​កើត​មក ហើយ​បុគ្គល​វិញ្ញាណ​នោះ​តាម​ថែ​រក្សា​គាត់​ចាប់​ពី​ពេល​នោះ​ត​ទៅ។ យោង​ទៅ​តាម​សៀវភៅ​មួយ បុគ្គល​វិញ្ញាណ​នោះ​«​មាន​ទំនាក់​ទំនង​អាថ៌​កំបាំង​ជា​មួយ​នឹង​ព្រះ​ដែល​មាន​ថ្ងៃ​កំណើត​ដូច​គ្នា​នឹង​មនុស្ស​ម្នាក់​នោះ​ដែល​ទើប​នឹង​កើត​ដែរ​»។ (​The Lore of Birthdays​) ម្យ៉ាង​ទៀត តាំង​ពី​យូរ​ហើយ បុណ្យ​ខួប​កំណើត​ជាប់​ទាក់​ទង​យ៉ាង​ជិត​ស្និទ្ធ​នឹង​ហោរាសាស្ដ្រ។

១១ អ្នក​បម្រើ​របស់​ព្រះ​នៅ​សម័យ​បុរាណ​មិន​ព្រម​ធ្វើ​បុណ្យ​ខួប​កំណើត​ឡើយ មិន​គ្រាន់តែ​ដោយ​សារ​បុណ្យ​នោះ​មាន​ដើម​កំណើត​ពី​សាសនា​មិន​ពិត ហើយ​ជាប់​ទាក់​ទង​នឹង​វិញ្ញាណ​អាក្រក់​ប៉ុណ្ណោះ​ទេ តែ​ទំនង​ជា​ដោយ​សារ​ទស្សនៈ​របស់​ពួក​គេ​ចំពោះ​កំណើត​របស់​មនុស្ស​និង​ជីវិត។ ហេតុ​អ្វី​អាច​និយាយ​ដូច្នេះ? អ្នក​បម្រើ​របស់​ព្រះ​នៅ​សម័យ​បុរាណ​មាន​ចិត្ដ​រាប​ទាប ហើយ​មិន​ចាត់​ទុក​ថា​កំណើត​របស់​ពួក​គេ​ក្នុង​ពិភព​លោក​នេះ​ជា​អ្វី​ដែល​សំខាន់​ដល់​ម៉្លេះ​បាន​ជា​ពួក​គេ​ត្រូវ​ជប់​លៀង​អបអរ​នោះ​ទេ។ * (​មីកា ៦:​៨; លូកា ៩:៤៨​) ផ្ទុយ​ទៅ​វិញ ពួក​គេ​លើក​តម្កើង​ព្រះ​យេហូវ៉ា ហើយ​អរគុណ​លោក​ដែល​បាន​ផ្ដល់​ជីវិត​ជា​អំណោយ​ដ៏​ថ្លៃ​វិសេស។ *ទំនុកតម្កើង ៨:៣, ៤; ៣៦:​៩; ការ​បើក​បង្ហាញ ៤:១១

១២​. តើ​ថ្ងៃ​ដែល​យើង​ស្លាប់​អាច​ប្រសើរ​ជាង​ថ្ងៃ​ដែល​យើង​កើត​ក្នុង​ន័យ​អ្វី?

១២ ពេល​ដែល​មនុស្ស​ស្មោះ​ត្រង់​នឹង​ព្រះ​ស្លាប់​ទៅ ព្រះ​នឹក​ចាំ​អំពី​ពួក​គេ ហើយ​នេះ​ធានា​ថា​ពួក​គេ​នឹង​ទទួល​ជីវិត​ឡើង​វិញ​នៅ​អនាគត។ (​យ៉ូប ១៤:១៤, ១៥​) សាស្តា ៧:១​ចែង​ថា​៖ ​«​ឈ្មោះ​ល្អ នោះ​វិសេស​ជាង​ប្រេង​ក្រអូប​ដ៏​មាន​ដំឡៃ ហើយ​ថ្ងៃ​មរណៈ​ក៏​វិសេស​ជាង​ថ្ងៃ​កើត​ដែរ​»។ ​«​ឈ្មោះ​ល្អ​»​របស់​យើង​ជា​កេរ្ដិ៍​ឈ្មោះ​ល្អ​ដែល​យើង​មាន​ជា​មួយ​នឹង​ព្រះ ដោយ​សារ​យើង​បាន​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់។ គួរ​ឲ្យ​កត់​សម្គាល់​ថា មាន​បុណ្យ​រំលឹក​តែ​មួយ​គត់​ដែល​គ្រិស្ដ​សាសនិក​បាន​ត្រូវ​បង្គាប់​ឲ្យ​ធ្វើ។ បុណ្យ​នោះ​មិន​ទាក់​ទង​នឹង​កំណើត​ទេ តែ​ទាក់​ទង​នឹង​មរណភាព​វិញ ពោល​គឺ​មរណភាព​របស់​លោក​យេស៊ូ ដែល​«​ឈ្មោះ​»​របស់​លោក​គឺ​ចាំ​បាច់​ដើម្បី​ឲ្យ​យើង​ទទួល​សេចក្ដី​សង្គ្រោះ។—ហេប្រឺ ១:៣, ៤; លូកា ២២:១៧​-​២០

តើ​បុណ្យ​ចូល​ឆ្នាំ​គ្រាន់តែ​ជា​ពិធី​ជប់​លៀង​សប្បាយ​ប៉ុណ្ណោះ​ឬ?

១៣, ១៤​. ហេតុ​អ្វី​គ្រិស្ដ​សាសនិក​ពិត​មិន​ព្រម​រួម​ចំណែក​ក្នុង​បុណ្យ​ចូល​ឆ្នាំ?

១៣ បុណ្យ​ចូល​ឆ្នាំ​ផ្សេង​ៗ​មាន​មូលដ្ឋាន​លើ​ទំនៀម​ទម្លាប់​សាសនា​មិន​ពិត។ ស្ដី​អំពី​ដើម​កំណើត​នៃ​បុណ្យ​ចូល​ឆ្នាំ​សកល សព្វវចនាធិប្បាយ​មួយ​ចែង​ថា​៖ ​«​នៅ​ឆ្នាំ​៤៦​មុន​គ.ស. ស្ដេច​ជូលសេសា អ្នក​គ្រប់​គ្រង​ទី​ក្រុង​រ៉ូម​បាន​កំណត់​ថ្ងៃ​ទី​១ ខែ​មករា​ជា​ថ្ងៃ​ចូល​ឆ្នាំ។ ជន​ជាតិ​រ៉ូម​បាន​ធ្វើ​បុណ្យ​នេះ​ជូន​ព្រះ​យ៉ានុស​[​Janus​]​ដែល​ជា​ព្រះ​នៃ​របង ទ្វារ និង​ការ​ចាប់​ផ្ដើម។ ឈ្មោះ​ខែ​មករា​[​January​]​ជា​ឈ្មោះ​ក្លាយ​មក​ពី​ឈ្មោះ​ព្រះ​យ៉ានុស ដែល​ជា​ព្រះ​មួយ​មាន​មុខ​ពីរ មួយ​មើល​ទៅ​មុខ មួយ​មើល​ទៅ​ក្រោយ​»​ (​The World Book Encyclopedia​)។

១៤ ថ្ងៃ​ខែ​និង​ទំនៀម​ទម្លាប់​បុណ្យ​ចូល​ឆ្នាំ​គឺ​ខុស​ៗ​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។ ស្ដី​អំពី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ សៀវភៅ​ភាសា​ខ្មែរ ថ្នាក់​ទី​៦ បោះពុម្ព​ដោយ​នាយកដ្ឋាន​ស្រាវជ្រាវ​គរុកោសល្យ រៀប​រាប់​ថា​៖ ​«​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ប្រារព្ធ​ឡើង​រយៈ​ពេល​បី​ថ្ងៃ . . . ប្រជាជន​តែង​តែ​ត្រៀម​រៀបចំ​តុបតែង​លំនៅ​ស្ថាន និង​ទី​កន្លែង​ជុំ​វិញ​ផ្ទះ​សំ​បែង​អោយ​បាន​ស្អាត​បាត​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី។ នៅ​មុខ​ផ្ទះ​នីមួយ​ៗ​មាន​កន្លែង​ទទួល​ទេវតា​ដោយ​មាន​រៀប​រណ្ដាប់​សំខាន់​ៗ​ដូច​ជា​ផ្កា​ស្រស់ . . . ទឹក​អប់ . . . ម្លូ​ស្លា បារី . . . ផ្លែ​ឈើ​ផ្សេង​ៗ​ . . . ព្រម​ទាំង​នំ​នែក​យ៉ាង​ច្រើន រួម​នឹង​ភេសជ្ជៈ​ខ្លះ​ៗ​ . . . ប្រជាពលរដ្ឋ​យើង​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ និង​និមន្ដ​ព្រះសង្ឃ​បង្សុកូល​ឧទ្ទិស​កុសល​ជូន​បុព្វការី​ជន​ទាំង​ឡាយ​ដែល​បាន​ចែក​ឋាន​ទៅ​»។ បើ​ដូច្នេះ តើ​គ្រិស្ដ​សាសនិក​ពិត​អាច​រួម​ចំណែក​ក្នុង​បុណ្យ​នោះ​ដែល​ប្រាកដជា​មាន​ដើម​កំណើត​ពី​សាសនា​មិន​ពិត​ឬ​ទេ? គម្ពីរ​ដាស់​តឿន​ថា​៖ ​«​ឈប់​ពាល់​អ្វី​ដែល​មិន​ស្អាត​»។ (​កូរិនថូស​ទី​២ ៦:១៤​-​១៧​) ចុះ​យ៉ាង​ណា​វិញ​ការ​ជប់​លៀង​ពិសា​ស្រា ហើយ​លេង​សប្បាយ​ដែល​មនុស្ស​ធ្វើ​នៅ​ពេល​នោះ? ម្ដង​ទៀត រ៉ូម ១៣:១៣​ដាស់​តឿន​ថា​៖ ​«​ចូរ​យើង​ដើរ​ដូច​នៅ​ពេល​ថ្ងៃ គឺ​ដោយ​ប្រព្រឹត្ដ​សមរម្យ មិន​មែន​ដោយ​ជប់​លៀង​សប្បាយ​ឥត​បើ​គិត ឬ​ដោយ​ផឹក​ស្រា​ឲ្យ​ស្រវឹង មិន​មែន​ដោយ​ប្រព្រឹត្ដ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ឬ​ដោយ​មាន​សីលធម៌​ធូរ​រលុង មិន​មែន​ដោយ​ឈ្លោះ​ប្រកែក​គ្នា ឬ​ច្រណែន​គ្នា​ឡើយ​»។

បុណ្យ​ភ្ជុំ​បិណ្ឌ​មិន​មែន​សម្រាប់​គ្រិស្ដ​សាសនិក​ពិត​ទេ

១៥​. តើ​បុណ្យ​ភ្ជុំ​បិណ្ឌ​ជា​ពិធី​សម្រាប់​អ្វី?

១៥ សៀវភៅ​ពិធី​ប្រចាំ​ដប់​ពីរ​ខែ​បោះពុម្ព​ដោយ​ពុទ្ធ​សាសន​បណ្ឌិត្យ រៀប​រាប់​អំពី​បុណ្យ​កាន់​បិណ្ឌ​ថា​៖ ​«​ជា​ពិធី . . . ដើម្បី​ឧទ្ទិស​ផលានិសង្ស​ដល់​ជន​ដែល​ធ្វើ​មរណកាល​ទៅ​កាន់​បរលោក។ . . . នៅ​ខែ​ភទ្របទ . . . រនោច​ព្រះ​ច័ន្ទ​ដែល​បញ្ចេញ​រស្មី​នៅ​វេលា​យប់ ក៏​កាន់​តែ​ហោចទៅ​ៗ ធ្វើ​ឲ្យ​វេលា​យប់​កាន់​តែ​ងងឹត​បន្ដិច​ម្ដង​ៗ។ នៅ​ពេល​នោះ​ហើយ​ដែល​យមរាជ​‹ស្ដេច​មច្ចុរាជ›​ដោះ​លែង​ពួក​សត្វ​នរក​ទាំង​ឡាយ​ក្នុង[​មួយ​]ឆ្នាំ​ម្ដង ឲ្យ​ឡើង​ទៅ​រក​បង​ប្អូន​កូន​ចៅ ដើម្បី​នឹង​ទទួល​កុសលផល​បុណ្យ​ដែល​គេ​ធ្វើ​ឧទ្ទិស​ឲ្យ។ . . . អ្នក​ខ្លះ​និយាយ​ថា: តែ​ដល់​រដូវ​ហើយ សត្វ​នរក​ដែល​គេ​ដោះ​លែង​មក​ខំ​ដើរ​រក​បង​ប្អូន​កូន​ចៅ​គ្រប់​៧​វត្ដ បើ​មិន​ឃើញ​អ្នក​ណា​ធ្វើ​បុណ្យ​ឧទ្ទិស​បញ្ជូន​ឲ្យ​ទេ នោះ​នឹង​កើត​ក្ដី​ស្រេក​ឃ្លាន​ហើយ​នឹង​ប្រទេច​ផ្ដាសា​ដល់​ញាតិ​មិត្ដ​មិន​លែង​ឡើយ​»។

កុំ​ឲ្យ​អាពាហ៍ពិពាហ៍​របស់​អ្នក​ទៅ​ជា​សៅហ្មង

១៦, ១៧​. (​ក​) ហេតុ​អ្វី​បាន​ជា​គ្រិស្ដ​សាសនិក​ដែល​នឹង​រៀប​ការ​គួរ​ពិចារណា​អំពី​ទំនៀម​ទម្លាប់​សម្រាប់​ពិធី​មង្គល​ការ​នៅ​ប្រទេស​របស់​ពួក​គេ​ហើយ​ប្រៀប​ធៀប​ជា​មួយ​នឹង​គោលការណ៍​គម្ពីរ? (​ខ​) ស្ដី​អំពី​ទំនៀម​ទម្លាប់​ដូច​ជា​ពិធី​បង្វិល​ពពិល​ជា​ដើម តើ​គ្រិស្ដ​សាសនិក​ត្រូវ​គិត​អំពី​អ្វី?

១៦ មិន​យូរ​ទៀត​«​នឹង​លែង​មាន​សំឡេង​កូន​កំលោះ កូនក្រមុំ​ក្នុង​[​បាប៊ីឡូន​ដ៏​ខ្លាំងក្លា​]​ទៀត​»។ (​ការ​បើក​បង្ហាញ ១៨:២៣​) ហេតុ​អ្វី? មូលហេតុ​មួយ​គឺ​ដោយ​សារ​ទំនៀម​ទម្លាប់​របស់​បាប៊ីឡូន​ដ៏​ខ្លាំងក្លា​រួម​បញ្ចូល​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ ហើយ​ទំនៀម​ទម្លាប់​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​សៅហ្មង​ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​ម៉្លេះ។—ម៉ាកុស ១០:៦​-​៩

១៧ ទំនៀម​ទម្លាប់​នៅ​ឯ​ពិធី​រៀប​អាពាហ៍ពិពាហ៍​គឺ​ខុស​គ្នា​តាម​ប្រទេស។ ទំនៀម​ទម្លាប់​ប្រពៃណី​ខ្លះ​ដែល​ប្រហែលជា​មើល​ទៅ​ដូច​ជា​មិន​ខុស​ទេ អាច​មាន​ដើម​កំណើត​ពី​បាប៊ីឡូន​ដ៏​ខ្លាំងក្លា ហើយ​មនុស្ស​ចាត់​ទុក​ថា​ទំនៀម​ទម្លាប់​ទាំង​នោះ​នាំ​ឲ្យ​គូ​ស្វាមីភរិយា​ថ្មី​ឬ​ភ្ញៀវ​របស់​ពួក​គេ​«​មាន​លាភ​»។ (​អេសាយ ៦៥:១១​) ទំនៀម​ទម្លាប់​មួយ​បែប​នេះ គឺ​ពិធី​បង្វិល​ពពិល។ ក្នុង​ពិធី​នេះ​គេ​សុំ​ប្ដី​ប្រពន្ធ​មួយ​ចំនួន​ឲ្យ​អង្គុយ​ជា​រង្វង់​ជុំ​វិញ​គូ​ស្វាមីភរិយា​ថ្មី។ ពួក​គេ​អុជ​ទៀន​ហើយ​ហុច​ពី​ម្នាក់​ទៅ​ម្នាក់​ថែម​ទាំង​បក់​ផ្សែង​ភ្លើង​ទៅ​គូ​ថ្មី រហូត​ដល់​បាន​បង្វិល​ភ្លើង​នោះ​៧​ជុំ។ ពួក​គេ​ចាត់​ទុក​ថា​ផ្សែង​ពី​ភ្លើង​ទាន​គឺ​ពិសិដ្ឋ ហើយ​នឹង​ការពារ​គូ​ថ្មី​នោះ​ពី​ពួក​បិសាច ព្រម​ទាំង​ជួយ​ឲ្យ​នៅ​ស្មោះ​ជា​មួយ​គ្នា​អស់​មួយ​ជីវិត។ អ្នក​ដែល​ចង់​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ ប្រាកដជា​នឹង​មិន​ព្រម​ចូល​រួម​ក្នុង​ទំនៀម​ទម្លាប់​បែប​នេះ​ដែល​ប្រៀប​ដូច​ជា​អ្វី​ដែល​ស្មោកគ្រោក​ទេ។—សូម​អាន កូរិនថូស​ទី២ ៦:១៤​-​១៨

១៨​. តើ​គោលការណ៍​អ្វី​ខ្លះ​ក្នុង​គម្ពីរ​គួរ​មាន​ឥទ្ធិពល​ទៅ​លើ​បុរស​ស្ដ្រី​ដែល​កំពុង​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ និង​ទៅ​លើ​ភ្ញៀវ​របស់​ពួក​គេ?

១៨ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ក៏​មិន​ធ្វើ​តាម​ទំនៀម​ទម្លាប់​ណា​របស់​ពិភព​លោក​នេះ​ដែល​អាច​ធ្វើ​ឲ្យ​ពិធី​មង្គល​ការ​គ្មាន​ភាព​ថ្លៃ​ថ្នូរ​ដែល​សម​នឹង​គ្រិស្ដ​សាសនិក ឬ​ដែល​អាច​ធ្វើ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​របស់​មនុស្ស​ខ្លះ​ផ្ដន្ទា​ទោស​នោះ​ទេ។ ជា​ឧទាហរណ៍ បើ​ពួក​គេ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​និយាយ​យ៉ាង​ខ្លី​នៅ​ពិធី​នោះ ពួក​គេ​មិន​និយាយ​អ្វី​ដែល​នាំ​ឲ្យ​គូ​ស្វាមីភរិយា​ថ្មី​នោះ​ឬ​អ្នក​ឯ​ទៀត​អាម៉ាស់​មុខ​ឡើយ ហើយ​ក៏​មិន​ជូន​ពរ​ដែល​បង្ហាញ​ពី​ចិត្ដ​គំនិត​របស់​ពិភព​លោក​នេះ​ដែរ ដូច​ជា​ការ​ជូន​ពរ​ឲ្យ​មាន​ភាព​ចម្រុងចម្រើន​ខាង​ទ្រព្យ​សម្បត្ដិ​ជា​ដើម។ (​លូកា ៦:៣១; ១០:២៧; កូរិនថូសទី១ ២:១២​) ម្យ៉ាង​ទៀត ពួក​គេ​មិន​រៀបចំ​ពិធី​ដ៏​អធិកអធម ដែល​ជា​«​ការ​អួត​សម្ញែង​ភាព​មាន​បាន​របស់​ខ្លួន​»​ ហើយ​ដែល​មិន​ផុស​ចេញ​ពី​ចិត្ដ​រាប​ទាប​ទេ។ (​យ៉ូហានទី១ ២:១៦​) បើ​អ្នក​កំពុង​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ សូម​ចាំ​មិន​ភ្លេច​ថា ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ថ្ងៃ​ដ៏​ពិសេស​នោះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​នឹក​ឃើញ​ដោយ​អារម្មណ៍​សប្បាយ មិន​មែន​ដោយ​មាន​ការ​ស្តាយ​ទេ។ *

តើ​ការ​លើក​កែវ​ជូន​ពរ​ជាប់​ទាក់​ទង​នឹង​សាសនា​ឬ​ទេ?

១៩, ២០​. តើ​សៀវភៅ​មួយ​ពន្យល់​យ៉ាង​ណា​អំពី​ដើម​កំណើត​នៃ​ការ​លើក​កែវ​ជូន​ពរ? ហើយ​ហេតុ​អ្វី​គ្រិស្ដ​សាសនិក​មិន​ព្រម​ធ្វើ​តាម​ទម្លាប់​នេះ?

១៩ តាម​ធម្មតា នៅ​ឯ​ពិធី​មង្គល​ការ​ឬ​ពិធី​ជប់​លៀង​ឯ​ទៀត មនុស្ស​ចូល​ចិត្ដ​លើក​កែវ​ជូន​ពរ។ សៀវភៅ​មួយ​ដែល​បោះពុម្ព​នៅ​ឆ្នាំ​១៩៩៥​ចែង​ថា​៖ ​«​[​ទម្លាប់​លើក​កែវ​ជូន​ពរ​]ប្រហែលជា​សល់​មក​ពី​ការ​ជូន​ស្រា​ជា​គ្រឿង​បូជា​នៅ​សម័យ​បុរាណ ដែល​នៅ​ពេល​នោះ​គេ​ជូន​ទឹក​ពិសិដ្ឋ​ទៅ​ព្រះ​ផ្សេង​ៗ​ . . . ដើម្បី​ឲ្យ​អ្នក​ជូន​អាច​ធ្វើ​សំណូម​ពរ​ឬ​អធិដ្ឋាន​ដោយ​ពោល​ពាក្យ​ដូច​ជា​‹សូម​ឲ្យ​បាន​អាយុ​វែង!› ឬ​‹សូម​ឲ្យ​មាន​សុខភាព​ល្អ!›​ជា​ដើម​»​ (​International Handbook on Alcohol and Culture​)។

២០ ពិត​មែន​តែ​មនុស្ស​ជា​ច្រើន​ប្រហែលជា​មិន​គិត​ថា ការ​លើក​កែវ​ជូន​ពរ​ជាប់​ទាក់​ទង​នឹង​សាសនា​និង​អបិយជំនឿ​ទេ ប៉ុន្ដែ​ទម្លាប់​លើក​កែវ​ស្រា​ឡើង​អាច​ត្រូវ​ចាត់​ទុក​ជា​ការ​សុំ​ពរ​ពី​«​ស្ថាន​សួគ៌​»​ គឺថា​សុំ​ពរ​ពី​បុគ្គល​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​លើស​ពី​មនុស្ស​ធម្មតា។ ការ​សូម​ពរ​ដូច្នេះ​គឺ​មិន​ស្រប​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ​ស្ដី​អំពី​ការ​សុំ​ពរ​នោះ​ទេ។—យ៉ូហាន ១៤:៦; ១៦:២៣ *

«​ឱ​ពួក​អ្នក​ដែល​ស្រឡាញ់​ដល់​ព្រះ​យេហូវ៉ា​អើយ ចូរ​ស្អប់​ការ​អាក្រក់​»

២១​. តើ​គ្រិស្ដ​សាសនិក​មិន​ព្រម​ចូល​រួម​ពិធី​បែប​ណា ទោះ​ជា​ពិធី​ទាំង​នោះ​មិន​ជាប់​ទាក់​ទង​នឹង​សាសនា​ក៏​ដោយ? ហើយ​ហេតុ​អ្វី?

២១ នៅ​ប្រទេស​ខ្លះ​រដ្ឋ​ឧបត្ថម្ភ​ពិធី​កម្សាន្ដ​ប្រចាំ​ឆ្នាំ​សម្រាប់​សាធារណជន ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​អាប់​ឱន​កាន់​តែ​ខ្លាំង​ខាង​ខ្នាត​តម្រា​សីលធម៌​របស់​ពិភព​លោក​នេះ ដែល​បណ្ដាល​មក​ពី​ការ​ទទួល​ឥទ្ធិពល​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ពី​បាប៊ីឡូន​ដ៏​ខ្លាំងក្លា។ ក្នុង​ពិធី​នោះ​មាន​របាំ​សម្រាប់​ធ្វើ​ឲ្យ​ស្រើប​ស្រាល ហើយ​ប្រហែលជា​អបអរ​នឹង​ជីវិត​របស់​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ទៀត​ផង។ តើ​ជា​ការ​សមរម្យ​ឬ​ទេ បើ​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ចូល​រួម​ឬ​ទស្សនា​ពិធី បែប​នេះ? បើ​ពួក​គេ​ធ្វើ​ដូច្នេះ តើ​នេះ​បង្ហាញ​ថា​គាត់​ពិត​ជា​ស្អប់​អ្វី​ដែល​អាក្រក់​ឬ​ទេ? (​ទំនុកតម្កើង ១:១, ២; ៩៧:១០​) គឺ​ល្អ​ជាង​បើ​មាន​ចិត្ដ​គំនិត​ដូច​អ្នក​តែង​ទំនុកតម្កើង​ដែល​បាន​អធិដ្ឋាន​ថា​៖ ​«​សូម​បង្វែរ​ភ្នែក​ទូល​បង្គំ​មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍​»។—ទំនុកតម្កើង ១១៩:៣៧

២២​. តើ​នៅ​ពេល​ណា ដែល​គ្រិស្ដ​សាសនិក​ម្នាក់​អាច​សម្រេច​ចិត្ដ​ដោយ​ផ្អែក​លើ​សមត្ថភាព​វិនិច្ឆ័យ​របស់​ខ្លួន​ថា​គាត់​នឹង​ចូល​រួម​ឬ​មិន​ចូល​រួម​ក្នុង​ពិធី​ណា​មួយ?

២២ នៅ​ថ្ងៃ​ដែល​មាន​បុណ្យ​ឬ​ពិធី​ណា​មួយ​របស់​ពិភព​លោក​នេះ គ្រិស្ដ​សាសនិក​ពិត​ត្រូវ​ប្រុង​ប្រយ័ត្ន កុំ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​ឯ​ទៀត​នឹក​ស្មានថា​គាត់​កំពុង​ចូល​រួម។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ទោះ​ជា​អ្នក​ផឹក បរិភោគ ឬ​ធ្វើ​អ្វី​ទៀត​ក៏​ដោយ ចូរ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង​»។ (​កូរិនថូសទី១ ១០:៣១; សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ របៀប​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​វាង​វៃ​»​) ក៏​ប៉ុន្ដែ បើ​ទំនៀម​ទម្លាប់​ឬ​ពិធី​ណា​មួយ​មិន​ជាប់​ទាក់​ទង​នឹង​សាសនា​មិន​ពិត នយោបាយ ឬ​ការ​ស្នេហា​ជាតិ ហើយ​មិន​បំពាន​គោលការណ៍​ណា​មួយ​ក្នុង​គម្ពីរ​ទេ នោះ​គ្រិស្ដ​សាសនិក​ម្នាក់​ៗ​អាច​សម្រេច​ចិត្ដ​ដោយ​ខ្លួន​ឯង​ថា គាត់​នឹង​ចូល​រួម​ឬ​មិន​ចូល​រួម។ ទន្ទឹម​គ្នា​នឹង​ចំណុច​នេះ គាត់​ក៏​គិត​អំពី​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​ដែរ ដើម្បី​មិន​ធ្វើ​ឲ្យ​ពួក​គេ​ជំពប់​ដួល។

ចូរ​សរសើរ​តម្កើង​ព្រះ​ដោយ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ដ

២៣, ២៤​. តើ​យើង​អាច​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​ល្អ​អំពី​គោលការណ៍​សុចរិត​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

២៣ មនុស្ស​ជា​ច្រើន​ចាត់​ទុក​ថា​ថ្ងៃ​ដែល​មាន​បុណ្យ​ប្រពៃណី​គ្រាន់តែ​ជា​គ្រា​សម្រាប់​ជួប​ជុំ​គ្នា​ជា​មួយ​នឹង​ក្រុម​គ្រួសារ​និង​មិត្ដ​ភក្ដិ។ ដូច្នេះ បើ​មាន​អ្នក​ណា​យល់​ច្រឡំ​ថា​គោល​ជំហរ​របស់​យើង​គឺ​តឹង​តែង​ហួស​ហេតុ​ពេក​ឬ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​យើង​អាច​ពន្យល់​ដោយ​ស្លូតបូត​ថា សាក្សី​ព្រះ​យេហូវ៉ា​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​ការ​ជួប​ជុំ​គ្នា​ជា​មួយ​នឹង​ក្រុម​គ្រួសារ​និង​មិត្ដ​ភក្ដិ។ (​សុភាសិត ១១:២៥; សាស្តា ៣:១២, ១៣; កូរិនថូស​ទី​២ ៩:៧​) យើង​រីករាយ​នឹង​សេពគប់​សំណេះសំណាល​ជា​មួយ​នឹង​មនុស្ស​ជា​ទី​ស្រឡាញ់​នៅ​ពេល​ផ្សេង​ៗ​ក្នុង​មួយ​ឆ្នាំ​ៗ។ ប៉ុន្ដែ​ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​និង​គោលការណ៍​សុចរិត​របស់​លោក យើង​មិន​ចង់​ធ្វើ​ឲ្យ​ឱកាស​ដែល​យើង​ជួប​ជុំ​គ្នា​នោះ​ទៅ​ជា​ល្អក់​កករ​ដោយ​សារ​ទំនៀម​ទម្លាប់​ដែល​ធ្វើ​ឲ្យ​ព្រះ​ទាស់​ចិត្ដ​ទេ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ការ​គោរព​ប្រណិប័តន៍​ពិត នាំ​ឲ្យ​មាន​អំណរ​ខ្លាំង​បំផុត​»​)។

២៤ សាក្សី​ខ្លះ​បាន​លទ្ធផល​ល្អ​ដោយ​បង្ហាញ​មនុស្ស​ដែល​សួរ​ចង់​ដឹង​ដោយ​ស្មោះ​នូវ​ចំណុច​ផ្សេង​ៗ​ពី​ជំពូក​ទី​១៦​ក្នុង​សៀវភៅ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី? * ប៉ុន្ដែ​សូម​ចាំ​ថា​គោលដៅ​របស់​យើង​គឺ​ដើម្បី​ទាក់​ទាញ​ចិត្ដ​របស់​ពួក​គេ មិន​មែន​ប្រកែក​យក​ឈ្នះ​ទេ។ ដូច្នេះ សូម​និយាយ​ដោយ​គោរព ដោយ​ស្លូតបូត ហើយ​«​ចូរ​ឲ្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ភាព​សប្បុរស ប្រៀប​ដូច​ជា​បាន​ត្រូវ​បង់​អំបិល​»។—កូឡុស ៤:៦

២៥, ២៦​. តើ​ឪពុក​ម្ដាយ​អាច​ជួយ​កូន​យ៉ាង​ដូច​ម្ដេច​ឲ្យ​ពង្រឹង​ជំនឿ​និង​បង្កើន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា?

២៥ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ទទួល​ការ​អប់រំ​ល្អ។ ហេតុ​នេះ​យើង​ដឹង​អំពី​មូលហេតុ​ដែល​យើង​ជឿ​អ្វី​មួយ ធ្វើ​អ្វី​មួយ ឬ​មិន​ធ្វើ​អ្វី​មួយ។ (​ហេប្រឺ ៥:១៤​) ដូច្នេះ​ឪពុក​ម្ដាយ​ទាំង​ឡាយ សូម​បង្រៀន​កូន​ឲ្យ​ចេះ​លើក​ហេតុ​ផល​ដោយ​ផ្អែក​លើ​គោលការណ៍​គម្ពីរ។ ដោយ​ធ្វើ​ដូច្នេះ អ្នក​ពង្រឹង​ជំនឿ​របស់​ពួក​គេ ក៏​ជួយ​កូន​ឲ្យ​ចេះ​ឆ្លើយ​ពី​បទ​គម្ពីរ​ពេល​មនុស្ស​សួរ​អំពី​ជំនឿ​របស់​ពួក​គេ ហើយ​អ្នក​ពង្រឹង​ទំនុក​ចិត្ដ​របស់​ពួក​គេ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គេ។—អេសាយ ៤៨:១៧, ១៨; ពេត្រុសទី១ ៣:១៥

២៦ អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​«​ដោយ​មាន​ការ​ដឹក​នាំ​ពី​សកម្មពល​របស់​លោក​និង​ដោយ​សេចក្ដី​ពិត​»​ មិន​ត្រឹម​តែ​ព្យាយាម​ជៀស​ចេញ​ពី​ពិធី​ឬ​បុណ្យ​ដែល​ខុស​គោលការណ៍​គម្ពីរ​ប៉ុណ្ណោះ​ទេ តែ​ក៏​ខំ​ប្រឹង​ប្រព្រឹត្ដ​ដោយ​ទៀង​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់​ដែរ។ (យ៉ូហាន ៤:២៣) សព្វ​ថ្ងៃ​នេះ​មនុស្ស​ជា​ច្រើន​គិត​ថា​ការ​ប្រព្រឹត្ដ​ទៀង​ត្រង់​គឺ​គ្មាន​ប្រយោជន៍​ឡើយ។ ប៉ុន្ដែ​ក្នុង​ជំពូក​បន្ទាប់​យើង​នឹង​ឃើញ​ថា​ផ្លូវ​របស់​ព្រះ​តែង​តែ​ជា​ផ្លូវ​ល្អ​បំផុត។

^ វគ្គ 3 សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​ តើ​ខ្ញុំ​គួរ​ចូល​រួម​ពិធី​បុណ្យ​ឬ​ទេ?​»​។

^ វគ្គ 5 យោង​ទៅ​តាម​ឯកសារ​ប្រវត្ដិសាស្ដ្រ​ផ្សេង​ៗ​និង​កាលប្រវត្ដិវិជ្ជា​ក្នុង​គម្ពីរ លោក​យេស៊ូ​ទំនង​ជា​កើត​នៅ​ឆ្នាំ​ទី​២ មុន​គ.ស. ក្នុង​ខែ​អេថានីម​របស់​ជន​ជាតិ​យូដា ដែល​រាប់​បញ្ចូល​ពាក់​កណ្ដាល​ខែ​កញ្ញា​ដល់​ពាក់​កណ្ដាល​ខែ​តុលា​នៅ​ប្រតិទិន​របស់​យើង​សព្វ​ថ្ងៃ​នេះ។

^ វគ្គ 11 សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​ បុណ្យ​ខួប​កំណើត​និង​ការ​គោរព​ប្រណិប័តន៍​សាថាន​»។

^ វគ្គ 11 តាម​កិច្ច​ព្រមព្រៀង​ខាង​ច្បាប់ ស្ដ្រី​ត្រូវ​ផ្ដល់​គ្រឿង​បូជា​សម្រាប់​ជម្រះ​ការ​ខុស​ឆ្គង​ជូន​ព្រះ​បន្ទាប់​ពី​បាន​សម្រាល​កូន។ (​លេវីវិន័យ ១២:១​-​៨​) ច្បាប់​នេះ​រំលឹក​ជន​ជាតិ​អ៊ីស្រាអែល​អំពី​ហេតុ​ការណ៍​ដ៏​គួរ​ឲ្យ​ស្តាយ​ថា កូន​ឆ្លង​ភាព​ខុស​ឆ្គង​ពី​ឪពុក​ម្ដាយ ហើយ​ចំណុច​នេះ​បាន​ជួយ​ពួក​គេ​មាន​ទស្សនៈ​ដែល​ប្រកប​ដោយ​តុល្យ​ភាព​ស្ដី​អំពី​កំណើត​កូន ក៏​ប្រហែលជា​បាន​ជួយ​រារាំង​ពួក​គេ​កុំ​ឲ្យ​ធ្វើ​តាម​ទំនៀម​ទម្លាប់​បុណ្យ​ខួប​កំណើត​របស់​សាសនា​មិន​ពិត​ដែរ។—ទំនុកតម្កើង ៥១:៥

^ វគ្គ 18 សូម​មើល​អត្ថបទ​បី​ស្ដី​អំពី​ពិធី​រៀប​អាពាហ៍ពិពាហ៍​និង​ពិធី​ជប់​លៀង​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០០៦ ទំព័រ​១៤​-​២៣; ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០០៧ ទំព័រ​៨​-​១១

^ វគ្គ 24 បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។