លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៨

ព្រះ​ស្រឡាញ់​មនុស្ស​ស្អាត​ស្អំ

ព្រះ​ស្រឡាញ់​មនុស្ស​ស្អាត​ស្អំ

​«​នៅ​ចំពោះ​អ្នក​បរិសុទ្ធ នោះ​ទ្រង់​នឹង​សំ​ដែង​អង្គ​ទ្រង់​ជា​អ្នក​បរិសុទ្ធ​ដូច​គ្នា​»។—ទំនុកតម្កើង ១៨:២៦

១​-​៣​. (​ក​) ហេតុ​អ្វី​ម្ដាយ​យក​ចិត្ដ​ទុក​ដាក់​ដើម្បី​ឲ្យ​ប្រាកដ​ថា​កូន​របស់​នាង​ស្អាត​បាត? (​ខ​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក​មាន​ភាព​ស្អាត​ស្អំ? ហើយ​តើ​អ្វី​ជំរុញ​យើង​ឲ្យ​ចង់​មាន​ភាព​ស្អាត​ស្អំ​ជា​និច្ច?

ម្ដាយ​ម្នាក់​រៀប​ចំ​ខ្លួន​ឲ្យ​កូន​ប្រុស​តូច ដើម្បី​ចេញ​ទៅ​ក្រៅ។ នាង​យក​ចិត្ដ​ទុក​ដាក់​ងូត​ទឹក​ឲ្យ​កូន ហើយ​ស្លៀក​ពាក់​ស្អាត​បាត​ឲ្យ​កូន​ដែរ។ នាង​ដឹង​ថា​ភាព​ស្អាត​ស្អំ​គឺ​ចាំ​បាច់​ណាស់​ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ ហើយ​ថា​អាការ​ក្រៅ​របស់​កូន​អាច​នាំ​ឲ្យ​ឪពុក​ម្ដាយ​ទទួល​នូវ​សេចក្ដី​សរសើរ​ឬ​ការ​រិះ​គន់។

ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ ចង់​ឲ្យ​អ្នក​បម្រើ​របស់​លោក​មាន​ភាព​ស្អាត​ស្អំ​ឬ​បរិសុទ្ធ។ បណ្ដាំ​របស់​លោក​ចែង​ថា⁠៖ «នៅ​ចំពោះ​អ្នក​បរិសុទ្ធ នោះ​ទ្រង់​នឹង​សំ​ដែង​អង្គ​ទ្រង់​ជា​អ្នក​បរិសុទ្ធ​ដូច​គ្នា»។ * (ទំនុកតម្កើង ១៨:២៦) ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង ហើយ​ជ្រាប​ថា​ភាព​ស្អាត​ស្អំ​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​ច្រើន​បំផុត។ ម្យ៉ាង​ទៀត ដោយ​សារ​យើង​ជា​សាក្សី​របស់​ព្រះ​យេហូវ៉ា លោក​តម្រូវ​ឲ្យ​យើង​មាន​លក្ខណៈ​ដែល​នាំ​ឲ្យ​អ្នក​ឯ​ទៀត​សរសើរ​លោក។ ជា​ការ​ពិត​ណាស់​ថា អាការ​ក្រៅ​ស្អាត​ស្អំ​និង​ការ​ប្រព្រឹត្ដ​ដ៏​ល្អ​របស់​យើង​នឹង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​និង​នាម​បរិសុទ្ធ​របស់​លោក​ទទួល​នូវ​ការ​លើក​តម្កើង មិន​មែន​ការ​ដៀល​ត្មះ​ទេ។—អេសេគាល ៣៦:២២; សូម​អាន ពេត្រុសទី១ ២:១២

ពេល​យើង​ដឹង​ថា​ព្រះ​ស្រឡាញ់​មនុស្ស​ស្អាត​ស្អំ នោះ​ជំរុញ​យើង​ឲ្យ​រក្សា​ភាព​ស្អាត​ស្អំ​ដែរ។ ដោយ​សារ​យើង​ស្រឡាញ់​លោក យើង​ចង់​ឲ្យ​របៀប​រស់​នៅ​របស់​យើង​នាំ​ឲ្យ​លោក​ទទួល​នូវ​ការ​លើក​តម្កើង។ យើង​ក៏​ចង់​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​ដែរ។ ដូច្នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​ស្អាត​ស្អំ​ជា​និច្ច អំពី​អត្ថន័យ​នៃ​ភាព​ស្អាត​ស្អំ និង​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​មាន​ភាព​ស្អាត​ស្អំ​ជា​និច្ច។ ដោយ​ពិចារណា​អំពី​ចំណុច​ទាំង​នេះ យើង​នឹង​អាច​ដឹង​អំពី​ចំណុច​ណា​ដែល​យើង​ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត។

ហេតុ​អ្វី​យើង​ត្រូវ​ស្អាត​ស្អំ​ជា​និច្ច?

៤, ៥​. (​ក​) តើ​អ្វី​ជា​មូលហេតុ​សំខាន់​បំផុត​ដែល​យើង​ត្រូវ​ស្អាត​ស្អំ​ជា​និច្ច? (​ខ​) តើ​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​បង្ហាញ​ឲ្យ​ឃើញ​ភាព​ស្អាត​ស្អំ​របស់​លោក​យ៉ាង​ដូច​ម្ដេច?

វិធី​មួយ​ដែល​ព្រះ​យេហូវ៉ា​ដឹក​នាំ​យើង គឺ​ដោយ​គំរូ​របស់​លោក។ ហេតុ​នេះ បណ្ដាំ​របស់​លោក​ដាស់​តឿន​យើង​ឲ្យ​«យក​តម្រាប់​តាម​ព្រះ»។ (អេភេសូរ ៥:១) ដូច្នេះ មូលហេតុ​សំខាន់​បំផុត​ដែល​យើង​ត្រូវ​ស្អាត​ស្អំ​ជា​និច្ច គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​យើង​គោរព​ប្រណិប័តន៍ លោក​ស្អាត​ស្អំ​និង​បរិសុទ្ធ​គ្រប់​វិស័យ។—សូម​អាន លេវីវិន័យ ១១:៤៤, ៤៥

យើង​អាច​ឃើញ​ការ​ប្រព្រឹត្ដ​និង​គុណ​សម្បត្ដិ​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា​ដោយ​មើល​អ្វី​ៗ​ដែល​លោក​បាន​បង្កើត។ ភាព​ស្អាត​ស្អំ​របស់​លោក​ក៏​ដូច្នេះ​ដែរ។ (​រ៉ូម ១:​២០​) ផែនដី​បាន​ត្រូវ​បង្កើត​ជា​លំនៅ​ស្អាត​ស្អំ​សម្រាប់​មនុស្ស​ជាតិ។ ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ឡើង​នូវ​វដ្ដ​ធម្មជាតិ​ផ្សេង​ៗ​ដែល​ច្រោះ​សម្អាត​ទឹក​និង​ខ្យល់។ មីក្រុប​ផ្សេង​ៗ​បំពេញ​តួនាទី​ដូច​បុគ្គលិក​ខាង​ផ្នែក​អនាម័យ ដោយ​ធ្វើ​ឲ្យ​កាក​សំណល់​ទៅ​ជា​ធាតុ​ផ្សេង​ៗ​ដែល​មិន​បង្ក​គ្រោះ​ថ្នាក់​ទេ។ អ្នក​វិទ្យាសាស្ដ្រ​បាន​ប្រើ​មីក្រូសាព៌ាង្គកាយ​ខ្លះ​ដើម្បី​សម្អាត​ការ​លេច​ធ្លាយ​ប្រេង និង​ធាតុ​កខ្វក់​ឯ​ទៀត​ដែល​បណ្ដាល​មក​ពី​មនុស្ស​ដែល​គិតតែ​ពី​ប្រយោជន៍​ខ្លួន ហើយ​មាន​ចិត្ដ​លោភ​លន់។ បើ​ដូច្នេះ ភាព​ស្អាត​ស្អំ​ច្បាស់​ជា​សំខាន់​ចំពោះ​‹ព្រះ​ដែល​បាន​បង្កើត​ផែនដី›។ (​យេរេមា ១០:១២​) ភាព​ស្អាត​ស្អំ​ក៏​ត្រូវ​សំខាន់​ចំពោះ​យើង​ដែរ។

៦, ៧​. តើ​ច្បាប់​ម៉ូសេ​បញ្ជាក់​យ៉ាង​ដូច​ម្ដេច​ថា អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ត្រូវ​ស្អាត​ស្អំ?

មូលហេតុ​មួយ​ទៀត​ដែល​យើង​ត្រូវ​ស្អាត​ស្អំ​ជា​និច្ច គឺ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​គ្រប់​គ្រង​ខ្ពង់​ខ្ពស់​បំផុត​របស់​យើង តម្រូវ​ឲ្យ​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក​មាន​ភាព​ស្អាត​ស្អំ។ ក្នុង​ច្បាប់​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល ភាព​ស្អាត​ស្អំ​និង​ការ​គោរព​ប្រណិប័តន៍​គឺ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​កាត់​ផ្ដាច់​ពុំ​បាន​ឡើយ។ ច្បាប់​បញ្ជាក់​ថា នៅ​ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង សម្ដេច​សង្ឃ​ត្រូវ​ងូត​ទឹក មិន​មែន​មួយ​ដង​ទេ ប៉ុន្ដែ​ពីរ​ដង។ (​លេវីវិន័យ ១៦:៤, ២៣, ២៤​) សង្ឃ​ណា​ដែល​កំពុង​បំពេញ​ការងារ ត្រូវ​លាង​ដៃ​និង​ជើង​មុន​ដុត​គ្រឿង​បូជា​ជូន​ព្រះ​យេហូវ៉ា។ (​និក្ខមនំ ៣០:១៧​-​២១; របាក្សត្រទី២ ៤:៦​) ច្បាប់​នោះ​បាន​បញ្ជាក់​អំពី​ហេតុ​ការណ៍​៧០​យ៉ាង​ដែល​បណ្ដាល​ឲ្យ​ស្មោកគ្រោក និង​មិន​បរិសុទ្ធ​សម្រាប់​ការ​គោរព​ប្រណិប័តន៍។ ក្នុង​អំឡុង​ពេល​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​មិន​ស្អាត​បរិសុទ្ធ គាត់​មិន​អាច​ចូល​រួម​ក្នុង​ផ្នែក​ណា​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍​បាន​ទេ។ បើ​នៅ​តែ​ចូល​រួម គាត់​អាច​ទទួល​ទោស​ជា​ការ​ប្រហារ​ជីវិត។ (​លេវីវិន័យ ១៥:៣១​) អ្នក​ណា​ដែល​មិន​ព្រម​ធ្វើ​ឲ្យ​ខ្លួន​ស្អាត​បរិសុទ្ធ​តាម​វិធី​ដែល​ច្បាប់​កំណត់​ឲ្យ ដូច​ជា​ងូត​ទឹក​និង​បោក​សម្លៀក​បំពាក់​ជា​ដើម អ្នក​នោះ​នឹង​ត្រូវ​«​កាត់​កាល់​ពី​ពួក​ជំនុំ​ចេញ​»។—ជនគណនា ១៩:១៧​-​២០

សព្វ​ថ្ងៃ​នេះ ទោះ​ជា​យើង​មិន​នៅ​ក្រោម​ច្បាប់​ម៉ូសេ​ក៏​ដោយ ច្បាប់​នោះ​ជួយ​យើង​យល់​អំពី​ទស្សនៈ​របស់​ព្រះ។ មាត្រា​ច្បាប់​នោះ​បាន​សង្កត់​ធ្ងន់​ថា អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​ត្រូវ​ស្អាត​ស្អំ។ ព្រះ​យេហូវ៉ា​មិន​បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​លោក​ឡើយ។ (​ម៉ាឡាគី ៣:៦​) លោក​មិន​ពេញ​ចិត្ដ​នឹង​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ទេ បើ​ការ​គោរព​ប្រណិប័តន៍​នោះ​មិន​«​ស្អាត​ស្អំ​និង​ឥត​សៅហ្មង​»។ (​យ៉ាកុប ១:២៧​) ដូច្នេះ យើង​ត្រូវ​ដឹង​អ្វី​ដែល​លោក​តម្រូវ​ពី​យើង​ក្នុង​រឿង​នេះ។

តើ​ភាព​ស្អាត​ស្អំ​តាម​ទស្សនៈ​របស់​ព្រះ​មាន​ន័យ​ដូច​ម្ដេច?

៨​. តើ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ស្អាត​ស្អំ​ក្នុង​រឿង​អ្វី​ខ្លះ?

ក្នុង​គម្ពីរ អត្ថន័យ​នៃ​ភាព​ស្អាត​ស្អំ​មិន​សំដៅ​ទៅ​លើ​អនាម័យ​ប៉ុណ្ណោះ​ទេ។ ភាព​ស្អាត​ស្អំ​តាម​ទស្សនៈ​របស់​ព្រះ​ទាក់​ទង​នឹង​អ្វី​ៗ​ទាំង​អស់​ក្នុង​ជីវិត​យើង។ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​មាន​ភាព​ស្អាត​ស្អំ​ក្នុង​រឿង​បួន​យ៉ាង គឺ​ស្អាត​ស្អំ​ខាង​ការ​គោរព​ប្រណិប័តន៍ ខាង​សីលធម៌ ខាង​ចិត្ដ​គំនិត និង​ខាង​ខ្លួន​ប្រាណ​ព្រម​ទាំង​សម្ភារៈ​របស់​យើង។ ឥឡូវ​យើង​នឹង​រៀន​ថា​ចំណុច​នីមួយ​ៗ​រួម​បញ្ចូល​អ្វី​ខ្លះ។

៩, ១០​. តើ​ការ​រក្សា​ខ្លួន​ឲ្យ​ស្អាត​ស្អំ​ខាង​ការ​គោរព​ប្រណិប័តន៍​មាន​ន័យ​ដូច​ម្ដេច? ហើយ​តើ​គ្រិស្ដ​សាសនិក​ពិត​ជៀស​ចេញ​ពី​អ្វី​ខ្លះ?

ភាព​ស្អាត​ស្អំ​ខាង​ការ​គោរព​ប្រណិប័តន៍។ បើ​និយាយ​ឲ្យ​ស្រួល​យល់ យើង​រក្សា​ខ្លួន​ឲ្យ​ស្អាត​ស្អំ​ខាង​ការ​គោរព​ប្រណិប័តន៍ ដោយ​មិន​លាយ​ការ​គោរព​ប្រណិប័តន៍​ពិត​ជា​មួយ​នឹង​ការ​គោរព​ប្រណិប័តន៍​មិន​ពិត។ ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ក្រុង​បាប៊ីឡូន​ដើម្បី​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ពួក​គេ​ត្រូវ​ធ្វើ​តាម​ការ​ដាស់​តឿន​ពី​ព្រះ​ដែល​ថា​៖ ​«​ចូរ​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ​ចុះ កុំ​ឲ្យ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ! . . . ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​ចុះ​»។ (​អេសាយ ៥២:១១​) មូលហេតុ​សំខាន់​បំផុត​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ត្រឡប់​ទៅ​ស្រុក គឺ​ដើម្បី​រៀប​ចំ​ឡើង​វិញ​នូវ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ការ​គោរព​ប្រណិប័តន៍​នោះ​ត្រូវ​ស្អាត​ស្អំ មិន​សៅហ្មង​ដោយ​សេចក្ដី​បង្រៀន ដោយ​ការ​ប្រព្រឹត្ដ និង​ទំនៀម​ទម្លាប់​របស់​សាសនា​បាប៊ីឡូន​ដែល​នាំ​ឲ្យ​ព្រះ​អាប់​កិត្ដិយស។

១០ សព្វ​ថ្ងៃ​នេះ ដោយ​សារ​យើង​ជា​គ្រិស្ដ​សាសនិក​ពិត យើង​ត្រូវ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​សាសនា​មិន​ពិត​ធ្វើ​ឲ្យ​យើង​ទៅ​ជា​មិន​ស្អាត​ស្អំ​ឡើយ។ (សូម​អាន កូរិនថូស​ទី១ ១០:២១) ជា​ការ​សំខាន់​ណាស់​ដែល​យើង​ប្រុង​ប្រយ័ត្ន​ក្នុង​រឿង​នេះ ដោយ​សារ​ឥទ្ធិពល​នៃ​សាសនា​មិន​ពិត​មាន​គ្រប់​កន្លែង​នៅ​ជុំ​វិញ​យើង។ នៅ​ប្រទេស​ជា​ច្រើន ទំនៀម​ទម្លាប់ ប្រពៃណី និង​សកម្មភាព​ជា​ច្រើន​ជាប់​ទាក់​ទង​នឹង​សេចក្ដី​បង្រៀន​ពី​សាសនា​មិន​ពិត ដូច​ជា​គំនិត​ថា​មាន​អ្វី​មួយ​ក្នុង​រូប​កាយ​យើង​ដែល​បន្ដ​រស់​ក្រោយ​យើង​ស្លាប់​ជា​ដើម។ (​សាស្តា ៩:៥, ៦, ១០​) គ្រិស្ដ​សាសនិក​ពិត​ជៀស​វាង​ពី​ទំនៀម​ទម្លាប់​ណា​ដែល​ជាប់​ទាក់​ទង​នឹង​ជំនឿ​សាសនា​មិន​ពិត។ * យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ឯ​ទៀត​បង្ខំ​យើង​ឲ្យ​ធ្វើ​ខុស​ខ្នាត​តម្រា​ក្នុង​គម្ពីរ​ស្ដី​អំពី​ការ​គោរព​ប្រណិប័តន៍​ដ៏​ស្អាត​ស្អំ​ឡើយ។—សកម្មភាព ៥:២៩

១១​. តើ​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​រួម​បញ្ចូល​អ្វី? ហើយ​ហេតុ​អ្វី​ជា​ការ​ចាំ​បាច់​ដែល​យើង​មាន​ភាព​ស្អាត​ស្អំ​ជា​និច្ច​ក្នុង​រឿង​នេះ?

១១ ភាព​ស្អាត​ស្អំ​ខាង​សីលធម៌។ ដើម្បី​មាន​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ជា​និច្ច យើង​ត្រូវ​ជៀស​វាង​អំពើ​ប្រាសចាក​សីលធម៌​សព្វ​បែប​យ៉ាង​ខាង​ផ្លូវ​ភេទ។ (សូម​អាន អេភេសូរ ៥:៥) ជា​ការ​ចាំ​បាច់​ណាស់​ដែល​យើង​មាន​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ជា​និច្ច។ ក្នុង​ជំពូក​បន្ទាប់​ក្នុង​សៀវភៅ​នេះ យើង​នឹង​រៀន​ថា​យើង​ត្រូវ​«​រត់​ចេញ​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​ ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់។ មនុស្ស​ដែល​ប្រព្រឹត្ដ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ដោយ​មិន​ប្រែ​ចិត្ដ​«​នឹង​មិន​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​ឡើយ​»។ (​កូរិនថូសទី១ ៦:៩, ១០, ១៨​) តាម​ទស្សនៈ​របស់​ព្រះ អ្នក​ធ្វើ​អំពើ​នោះ​គឺ​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​«​កខ្វក់​និង​គួរ​ឲ្យ​ស្អប់ខ្ពើម​»។ បើ​ពួក​គេ​មិន​ទៅ​ជា​ស្អាត​ស្អំ​ខាង​សីលធម៌ នោះ​«​ពួក​គេ​នឹង​ទទួល​ចំណែក​ក្នុង . . . សេចក្ដី​ស្លាប់​ទី​ពីរ​»។—ការ​បើក​បង្ហាញ ២១:៨

១២, ១៣​. តើ​គំនិត​និង​ការ​ប្រព្រឹត្ដ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​អាច​រក្សា​គំនិត​ឲ្យ​ស្អាត​ស្អំ​យ៉ាង​ដូច​ម្ដេច?

១២ គំនិត​ស្អាត​ស្អំ។ ការ​ប្រព្រឹត្ដ​គឺ​ផុស​ចេញ​ពី​គំនិត។ បើ​យើង​ឲ្យ​គំនិត​អាក្រក់​ដក់​ជាប់​ក្នុង​ចិត្ដ​របស់​យើង នោះ​មិន​យូរ​មិន​ឆាប់​យើង​គង់តែ​នឹង​ប្រព្រឹត្ដ​អ្វី​ដែល​មិន​ស្អាត​ស្អំ។ (​ម៉ាថាយ ៥:២៨; ១៥:១៨​-​២០​) ប៉ុន្ដែ​បើ​យើង​ធ្វើ​ឲ្យ​គំនិត​របស់​យើង​ពេញ​ទៅ​ដោយ​អ្វី​ដែល​បរិសុទ្ធ​និង​ស្អាត​ស្អំ នោះ​អាច​ជំរុញ​យើង​ឲ្យ​ប្រព្រឹត្ដ​អ្វី​ដែល​ស្អាត​ស្អំ​ជា​និច្ច។ (សូម​អាន ភីលីព ៤:៨) តើ​យើង​អាច​រក្សា​គំនិត​យើង​ឲ្យ​ស្អាត​ស្អំ​យ៉ាង​ដូច​ម្ដេច? កត្ដា​មួយ​គឺ យើង​ត្រូវ​ជៀស​វាង​ការ​កម្សាន្ដ​ណា​ដែល​អាច​បង្ខូច​គំនិត​របស់​យើង។ * ម្យ៉ាង​ទៀត យើង​អាច​ធ្វើ​ឲ្យ​គំនិត​របស់​យើង​ពេញ​ទៅ​ដោយ​អ្វី​ដែល​ស្អាត​ស្អំ ដោយ​សិក្សា​បណ្ដាំ​របស់​ព្រះ​ឲ្យ​បាន​ទៀង​ទាត់។—ទំនុកតម្កើង ១៩:៨, ៩

១៣ ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ ជា​ការ​សំខាន់​ចាំ​បាច់​ដែល​យើង​មាន​ភាព​ស្អាត​ស្អំ​ជា​និច្ច ខាង​ការ​គោរព​ប្រណិប័តន៍ ខាង​សីលធម៌ និង​ខាង​គំនិត។ លក្ខណៈ​ទាំង​នេះ​នឹង​ត្រូវ​ពន្យល់​យ៉ាង​ស៊ី​ជម្រៅ​ក្នុង​ជំពូក​ឯ​ទៀត​នៃ​សៀវភៅ​នេះ។ ក្នុង​ជំពូក​នេះ យើង​នឹង​រៀន​អំពី​លក្ខណៈ​ទី​៤ ពោល​គឺ​អនាម័យ។

របៀប​រក្សា​អនាម័យ​ក្នុង​ជីវភាព​រស់​នៅ

១៤​. ហេតុ​អ្វី​អនាម័យ​ក្នុង​ជីវភាព​រស់​នៅ​មិន​មែន​ជា​រឿង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ?

១៤ អនាម័យ​ក្នុង​ជីវភាព​រស់​នៅ​រួម​បញ្ចូល​ការ​រក្សា​ខ្លួន​ប្រាណ​និង​កន្លែង​រស់​នៅ​ឲ្យ​បាន​ស្អាត​បាត។ តើ​នោះ​ជា​រឿង​ផ្ទាល់​ខ្លួន​ដែល​អ្នក​ឯ​ទៀត​មិន​គួរ​រវីរវល់​ឬ​ទេ? ចំពោះ​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ច្បាស់​ជា​មិន​ដូច្នេះ​ទេ។ ដូច​យើង​បាន​រៀន​ហើយ ភាព​ស្អាត​ស្អំ​របស់​យើង​គឺ​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា មិន​គ្រាន់តែ​ដោយ​សារ​នោះ​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​នោះ​នាំ​ឲ្យ​លោក​ទទួល​សេចក្ដី​សរសើរ។ សូម​គិត​អំពី​ឧទាហរណ៍​នៅ​ដើម​ជំពូក​នេះ។ ពេល​ឃើញ​កូន​ក្មេង​ដែល​តែង​តែ​កខ្វក់ ហើយ​ស្លៀក​ពាក់​ឥត​របៀប នោះ​ធ្វើ​ឲ្យ​យើង​ឆ្ងល់​ថា​ឪពុក​ម្ដាយ​របស់​កូន​ក្មេង​នោះ​ជា​មនុស្ស​បែប​ណា មែន​ទេ? យើង​មិន​ចង់​ឲ្យ​អាការ​ក្រៅ​ឬ​របៀប​រស់​នៅ​របស់​យើង​នាំ​ឲ្យ​មនុស្ស​ដៀល​ត្មះ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ ឬ​ធ្វើ​ឲ្យ​ពួក​គេ​មិន​ចង់​ស្តាប់​អ្វី​ដែល​យើង​ផ្សព្វ​ផ្សាយ​ឡើយ។ បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​យើង​មិន​ធ្វើ​អ្វី​សោះ​ដែល​បណ្ដាល​ឲ្យ​អ្នក​ឯ​ទៀត​ជំពប់​ដួល ដើម្បី​កុំ​ឲ្យ​គេ​រិះ​គន់​កិច្ច​បម្រើ​របស់​យើង តែ​ក្នុង​គ្រប់​ការ​ទាំង​អស់ យើង​បង្ហាញ​ឲ្យ​ឃើញ​ថា​យើង​ជា​អ្នក​បម្រើ​របស់​ព្រះ ដោយ​ស៊ូ​ទ្រាំ​អ្វី​ៗ​ជា​ច្រើន ដោយ​មាន​សេចក្ដី​វេទនា ដោយ​ខ្វះ​ខាត ដោយ​មាន​ទុក្ខ​លំបាក​»។ (​កូរិនថូសទី២ ៦:៣, ៤​) បើ​ដូច្នេះ តើ​យើង​អាច​រក្សា​អនាម័យ​ក្នុង​ជីវភាព​រស់​នៅ​យ៉ាង​ដូច​ម្ដេច?

១៥, ១៦​. តើ​អនាម័យ​រួម​បញ្ចូល​អ្វី​ខ្លះ? ហើយ​តើ​យើង​គួរ​មាន​សម្លៀក​បំពាក់​បែប​ណា?

១៥ អនាម័យ​ខ្លួន​ប្រាណ​និង​អាការ​ក្រៅ។ ទោះ​ជា​វប្បធម៌​និង​ជីវភាព​របស់​មនុស្ស​គឺ​ខុស​ៗ​គ្នា​តាម​ប្រទេស​នីមួយ​ៗ​ក៏​ដោយ តាម​ធម្មតា​យើង​អាច​រក​បាន​សាប៊ូ​និង​ទឹក​គ្រប់​គ្រាន់​ដើម្បី​ងូត​ទឹក​ជា​ទៀង​ទាត់ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​ប្រាណ​របស់​យើង​និង​កូន​របស់​យើង​ស្អាត​បាត។ អនាម័យ​ល្អ​រួម​បញ្ចូល​ការ​លាង​ដៃ​នឹង​ទឹក​ថែម​ទាំង​សាប៊ូ​ផង​ដែរ​មុន​នឹង​បរិភោគ​ឬ​ប៉ះពាល់​អាហារ ក្រោយ​ប្រើ​បង្គន់ ហើយ​ក្រោយ​លាង​សម្អាត​ឬ​ដូរ​កន្ទប​ទារក។ ការ​លាង​ដៃ​នឹង​ទឹក​ថែម​ទាំង​សាប៊ូ​អាច​បង្ការ​រោគ ហើយ​អាច​សង្គ្រោះ​ជីវិត​ទៀត​ផង។ ការ​លាង​ដៃ​ជួយ​ការពារ​កុំ​ឲ្យ​វីរុស​និង​បាក់តេរី​ដែល​បង្ក​គ្រោះ​ថ្នាក់ ឆ្លង​រាលដាល ហើយ​យ៉ាង​នេះ​ជួយ​បង្ការ​រោគ​រាករូស។ នៅ​ប្រទេស​ដែល​គ្មាន​ប្រព័ន្ធ​លូជាប់​នឹង​ផ្ទះ នោះ​យើង​ប្រហែលជា​អាច​កប់​លុប​លាមក​ដូច​នៅ​អ៊ីស្រាអែល​នា​សម័យ​បុរាណ។—ចោទិយកថា ២៣:១២, ១៣

១៦ យើង​ត្រូវ​បោក​ខោ​អាវ​របស់​យើង​ជា​ទៀង​ទាត់​ដើម្បី​ឲ្យ​វា​ស្អាត​បាត​និង​សមរម្យ។ សម្លៀក​បំពាក់​របស់​គ្រិស្ដ​សាសនិក​ពិត​មិន​ចាំ​បាច់​ថ្លៃ​ៗ ឬ​ជា​ម៉ូដ​ទំនើប​ៗ​ទេ ប៉ុន្ដែ​ត្រូវ​ស្អាត​បាត រៀប​រយ និង​សមរម្យ។ (សូម​អាន ធីម៉ូថេទី១ ២:៩, ១០) ទោះ​ជា​យើង​នៅ​កន្លែង​ណា​ក៏​ដោយ យើង​ចង់​ឲ្យ​អាការ​ក្រៅ​របស់​យើង​«​ធ្វើ​ឲ្យ​សេចក្ដី​បង្រៀន​របស់​ព្រះ​ដែល​ជា​អ្នក​សង្គ្រោះ​យើង​មាន​លម្អ​»។—ទីតុស ២:១០

១៧​. ហេតុ​អ្វី​ផ្ទះ​របស់​យើង​និង​បរិវេណ​ផ្ទះ​គួរ​ស្អាត​និង​សមរម្យ?

១៧ ផ្ទះ​របស់​យើង​និង​បរិវេណ​ផ្ទះ។ យើង​មិន​ចាំ​បាច់​មាន​ផ្ទះ​ល្អ​ប្រណីត​នោះ​ទេ ប៉ុន្ដែ​ផ្ទះ​របស់​យើង​ត្រូវ​ស្អាត​បាត​និង​សមរម្យ​បំផុត​តាម​លទ្ធភាព​របស់​យើង។ ដូច​គ្នា​ដែរ បើ​យើង​ជិះ​ឡាន​ទៅ​ប្រជុំ​និង​ចូល​រួម​កិច្ច​ផ្សព្វ​ផ្សាយ យើង​អាច​ខំ​អស់ពី​សមត្ថភាព​ដើម្បី​រក្សា​វា​ឲ្យ​ស្អាត​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ។ បើ​យើង​មាន​ម៉ូតូ នោះ​ត្រូវ​រក្សា​វា​ឲ្យ​ស្អាត​ដែរ។ កុំ​ភ្លេច​ថា បើ​ផ្ទះ​របស់​យើង​និង​បរិវេណ​ផ្ទះ​គឺ​ស្អាត នោះ​បញ្ជាក់​អំពី​ព្រះ​ដែល​យើង​គោរព​ប្រណិប័តន៍។ យ៉ាង​ណា​មិញ យើង​បង្រៀន​មនុស្ស​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​ស្អាត​ស្អំ លោក​នឹង​«​បំផ្លាញ​ពួក​អ្នក​ដែល​កំពុង​បង្ខូច​ផែនដី​»​ ហើយ​រាជាណាចក្រ​របស់​លោក​នឹង​ធ្វើ​ឲ្យ​ផែនដី​ដែល​ជា​លំនៅ​របស់​យើង​ទៅ​ជា​សួន​ឧទ្យាន។ (​ការ​បើក​បង្ហាញ ១១:១៨; លូកា ២៣:៤៣​) យើង​ប្រាកដជា​ចង់​ឲ្យ​ផ្ទះ​និង​ទ្រព្យ​សម្បត្ដិ​របស់​យើង​បង្ហាញ​ថា​សូម្បី​តែ​ឥឡូវ​នេះ​យើង​កំពុង​អប់រំ​ខ្លួន​ឲ្យ​មាន​ទម្លាប់​រក្សា​ភាព​ស្អាត​ស្អំ​ដែល​សម​នឹង​ពិភព​លោក​ថ្មី។

អនាម័យ​ក្នុង​ជីវភាព​រស់​នៅ​រួម​បញ្ចូល​ការ​រក្សា​ខ្លួន​ប្រាណ​និង​កន្លែង​រស់​នៅ​ឲ្យ​បាន​ស្អាត​បាត

១៨​. តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​សាល​ប្រជុំ​របស់​យើង​មាន​តម្លៃ​ចំពោះ​យើង?

១៨ កន្លែង​យើង​ប្រជុំ​ដើម្បី​គោរព​ប្រណិប័តន៍។ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​ជំរុញ​យើង​ឲ្យ​ចាត់​ទុក​ថា​សាល​ប្រជុំ​របស់​យើង ដែល​ជា​មណ្ឌល​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត ជា​កន្លែង​ដែល​មាន​តម្លៃ។ ពេល​អ្នក​ថ្មី​មក​សាល​ប្រជុំ យើង​ចង់​ឲ្យ​ពួក​គេ​សរសើរ​កន្លែង​ប្រជុំ​របស់​យើង។ យើង​ត្រូវ​សម្អាត ហើយ​ថែ​ទាំ​សាល​ប្រជុំ​ជា​ទៀង​ទាត់ ដើម្បី​ឲ្យ​កន្លែង​ប្រជុំ​របស់​យើង​ស្អាត​បាត​ជា​និច្ច។ យើង​បង្ហាញ​ថា​យើង​ចាត់​ទុក​សាល​ប្រជុំ​របស់​យើង​ថា​មាន​តម្លៃ ដោយ​ខំ​អស់ពី​សមត្ថភាព​ដើម្បី​ថែ​ទាំ​ឲ្យ​បាន​ស្អាត​បាត។ ការ​លះ​បង់​ពេល​វេលា​ដើម្បី​ជួយ​សម្អាត ​«​ជួស​ជុល ហើយ​រៀប​ចំ​»​កន្លែង​គោរព​ប្រណិប័តន៍​របស់​យើង គឺជា​ឯកសិទ្ធិ​មួយ។ (​របាក្សត្រទី២ ៣៤:១០​) យើង​ក៏​អនុវត្ដ​តាម​គោលការណ៍​ទាំង​នេះ​ដែរ ពេល​យើង​ជួប​ជុំ​គ្នា​នៅ​សាល​សន្និបាត​ឬ​កន្លែង​មួយ​ផ្សេង​ទៀត​សម្រាប់​សន្និបាត​ឬ​មហាសន្និបាត។

ចូរ​ជៀស​វាង​ទម្លាប់​និង​ការ​ប្រព្រឹត្ដ​ដែល​ធ្វើ​ឲ្យ​ស្មោកគ្រោក

១៩​. ដើម្បី​រក្សា​ខ្លួន​ឲ្យ​ស្អាត​ស្អំ​ជា​និច្ច តើ​យើង​ត្រូវ​ជៀស​វាង​អ្វី​ខ្លះ? ហើយ​តើ​គម្ពីរ​ជួយ​យើង​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

១៩ ដើម្បី​រក្សា​ខ្លួន​ឲ្យ​ស្អាត​ស្អំ​ជា​និច្ច យើង​ត្រូវ​ជៀស​វាង​ទម្លាប់​និង​ការ​ប្រព្រឹត្ដ​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​ស្មោកគ្រោក ដូច​ជា​ការ​ជក់​បារី ការ​ផឹក​ស្រា​ហួស​ប្រមាណ និង​ការ​ប្រើ​ថ្នាំ​ដែល​ប៉ះពាល់​ដល់​សតិអារម្មណ៍​និង​ថ្នាំ​ញៀន ដោយ​គ្មាន​វេជ្ជបញ្ជា។ គម្ពីរ​មិន​ចែង​ចំ​ៗ​អំពី​ទម្លាប់​និង​ការ​ប្រព្រឹត្ដ​ទាំង​អស់​ដ៏​ស្មោកគ្រោក​និង​គួរ​ឲ្យ​ខ្ពើម​ឆ្អើម​ដែល​មនុស្ស​ជា​ច្រើន​ធ្វើ​សព្វ​ថ្ងៃ​នេះ​ទេ។ ប៉ុន្ដែ​ក្នុង​គម្ពីរ​មាន​គោលការណ៍​ដែល​ផ្ដល់​សមត្ថភាព​ឲ្យ​យើង​យល់​ថា​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ៗ​ទាំង​នេះ។ ដោយ​សារ​យើង​ស្គាល់​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ទាំង​នេះ សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​លោក​ជំរុញ​យើង​ឲ្យ​ប្រព្រឹត្ដ​អ្វី​ដែល​នាំ​ឲ្យ​លោក​ពេញ​ចិត្ដ។ ឥឡូវ​យើង​នឹង​ពិចារណា​គោលការណ៍​គម្ពីរ​ប្រាំ​យ៉ាង។

២០, ២១​. តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ជៀស​ចេញ​ពី​ការ​ប្រព្រឹត្ដ​បែប​ណា? ហើយ​តើ​មាន​មូលហេតុ​សំខាន់​អ្វី​បាន​ជា​យើង​គួរ​ធ្វើ​ដូច្នេះ?

២០ ​«​មិត្ដ​ជា​ទី​ស្រឡាញ់​អើយ ដោយ​សារ​យើង​មាន​សេចក្ដី​សន្យា​ទាំង​នេះ ចូរ​យើង​សម្អាត​ចិត្ដ​និង​កាយ​របស់​យើង​ឲ្យ​ស្អាត​ពី​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ស្មោកគ្រោក ហើយ​ដោយ​កោត​ខ្លាច​ព្រះ ចូរ​យើង​ធ្វើ​ឲ្យ​សេចក្ដី​បរិសុទ្ធ​របស់​យើង​ឈាន​ទៅ​រក​ភាព​ល្អ​ឥត​ខ្ចោះ​»។ (​កូរិនថូសទី២ ៧:១​) ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​យើង​ប្រព្រឹត្ដ​អ្វី​ដែល​នាំ​ឲ្យ​រូប​កាយ​របស់​យើង​ស្មោកគ្រោក ហើយ​បង្ខូច​ចិត្ដ​គំនិត​របស់​យើង​ទេ។ ដូច្នេះ យើង​ត្រូវ​ជៀស​វាង​ការ​ប្រព្រឹត្ដ​ណា​ដែល​នាំ​ឲ្យ​ញៀន ហើយ​ដែល​គេ​យល់​ថា​បង្ខូច​សុខភាព​របស់​រូប​កាយ​ឬ​ធ្វើ​ទុក្ខ​ដល់​សតិអារម្មណ៍។

២១ គម្ពីរ​ប្រាប់​មូលហេតុ​សំខាន់​មួយ​ដែល​យើង​គួរ​«​សម្អាត​ចិត្ដ​និង​កាយ​របស់​យើង​ឲ្យ​ស្អាត​ពី​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ស្មោកគ្រោក​»។ សូម​កត់​សម្គាល់​ថា​កូរិនថូសទី២ ៧:​១​ចាប់​ផ្ដើម​ដោយ​ពាក្យ​ថា​៖ ​«​ដោយ​សារ​យើង​មាន​សេចក្ដី​សន្យា​ទាំង​នេះ​»។ តើ​ជា​សេចក្ដី​សន្យា​អ្វី? ដូច​បាន​ត្រូវ​បញ្ជាក់​ក្នុង​ខ​មុន​ៗ​នោះ ព្រះ​យេហូវ៉ា​សន្យា​ថា​៖ ​«​ខ្ញុំ​នឹង​ទទួល​អ្នក​រាល់​គ្នា។ ហើយ​ខ្ញុំ​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​»។ (​កូរិនថូសទី២ ៦:​១៧, ១៨​) សូម​គិត​ថា ព្រះ​យេហូវ៉ា​បាន​សន្យា​ការពារ​អ្នក ហើយ​ស្រឡាញ់​អ្នក​ដូច​ឪពុក​ស្រឡាញ់​កូន។ ប៉ុន្ដែ​អ្នក​ត្រូវ​ជៀស​វាង​ពី​អ្វី​ដែល​នាំ​ឲ្យ​«​ចិត្ដ​និង​កាយ​»​ស្មោក​គ្រោក ទើប​ព្រះ​យេហូវ៉ា​នឹង​បំពេញ​សេចក្ដី​សន្យា​នោះ។ បើ​ដូច្នេះ ពិត​ជា​ការ​ល្ងង់​ខ្លៅ​ណាស់ បើ​ប្រព្រឹត្ដ​អ្វី​ឬ​មាន​ទម្លាប់​ណា​ដ៏​គួរ​ឲ្យ​ខ្ពើម​ឆ្អើម​ដែល​នាំ​ឲ្យ​អ្នក​បាត់បង់​ចំណង​មិត្ដ​ភាព​ដ៏​ជិត​ស្និទ្ធ​និង​ល្អ​វិសេស​នេះ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា!

២២​-​២៥​. តើ​គោលការណ៍​គម្ពីរ​អ្វី​ខ្លះ​អាច​ជួយ​យើង​ឲ្យ​ជៀស​វាង​ការ​ប្រព្រឹត្ដ​និង​ទម្លាប់​ដែល​ស្មោកគ្រោក?

២២ ​«​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់ពី​ដួង​ចិត្ដ អស់ពី​ព្រលឹង ហើយ​អស់ពី​សមត្ថភាព​រិះ​គិត​»។ (​ម៉ាថាយ ២២:៣៧​) លោក​យេស៊ូ​បាន​លើក​បញ្ជាក់​ថា​បញ្ញត្ដិ​នេះ​ជា​បញ្ញត្ដិ​សំខាន់​បំផុត។ (​ម៉ាថាយ ២២:៣៨​) ព្រះ​យេហូវ៉ា​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​បែប​នេះ​ពី​យើង។ ដើម្បី​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់ពី​ដួង​ចិត្ដ ព្រលឹង និង​សមត្ថភាព​រិះ​គិត យើង​ត្រូវ​តែ​ជៀស​ចេញ​ពី​ការ​ប្រព្រឹត្ដ​ណា​ដែល​អាច​កាត់​បន្ថយ​អាយុ​ជីវិត​របស់​យើង​ឬ​ប៉ះពាល់​ដល់​សមត្ថភាព​រិះ​គិត​ដែល​ព្រះ​បាន​ឲ្យ​យើង។

២៣ ​«​[​ព្រះ​យេហូវ៉ា​]​ផ្ដល់​ជីវិត ដង្ហើម និង​អ្វី​ៗ​ទាំង​អស់​ដល់​មនុស្ស​គ្រប់​រូប​»។ (​សកម្មភាព ១៧:២៤, ២៥​) ជីវិត​ជា​អំណោយ​ពី​ព្រះ។ យើង​ស្រឡាញ់​លោក​ដែល​ឲ្យ​អំណោយ​នោះ ដូច្នេះ​យើង​ចង់​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ទៅ​លើ​អំណោយ​នោះ។ យើង​ជៀស​ចេញ​ពី​ទម្លាប់​ឬ​ការ​ប្រព្រឹត្ដ​ណា​ដែល​បង្ខូច​សុខភាព​របស់​យើង ពីព្រោះ​យើង​ទទួល​ស្គាល់​ថា ការ​ប្រព្រឹត្ដ​បែប​នោះ​បង្ហាញ​ថា​យើង​មិន​ឲ្យ​តម្លៃ​ទាល់​តែ​សោះ​ចំពោះ​ជីវិត​ដែល​ជា​អំណោយ។—ទំនុកតម្កើង ៣៦:៩

២៤ ​«​អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»។ (​ម៉ាថាយ ២២:​៣៩​) ការ​ប្រព្រឹត្ដ​និង​ទម្លាប់​ដែល​ស្មោកគ្រោក​មិន​គ្រាន់តែ​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​អ្នក​ដែល​ធ្វើ​អំពើ​នោះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ប៉ះពាល់​ដល់​អ្នក​ដែល​នៅ​ជុំ​វិញ​គាត់​ដែរ។ ជា​ឧទាហរណ៍ ផ្សែង​បារី​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស​ដែល​មិន​ជក់​បារី។ មនុស្ស​ណា​ដែល​ធ្វើ​បាប​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន កំពុង​បំពាន​បញ្ញត្ដិ​របស់​ព្រះ​ដែល​ថា​យើង​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង។ អ្នក​នោះ​ក៏​បង្ហាញ​ដែរ​ថា គាត់​មិន​និយាយ​ពិត​ទេ ពេល​ដែល​ប្រាប់​ថា​គាត់​ស្រឡាញ់​ព្រះ។—យ៉ូហានទី១ ៤:២០, ២១

២៥ «ចូរ​បន្ដ​រំលឹក​ពួក​គេ​ឲ្យ​ចុះ​ចូល​ស្តាប់​បង្គាប់​រដ្ឋាភិបាល​និង​ពួក​អាជ្ញាធរ»។ (​ទីតុស ៣:១​) នៅ​ប្រទេស​ជា​ច្រើន បើ​យើង​មាន​ថ្នាំ​ប្រភេទ​ខ្លះ​ឬ​ប្រើ​វា នោះ​ខុស​ច្បាប់។ ដោយ​សារ​យើង​ជា​គ្រិស្ដ​សាសនិក​ពិត យើង​មិន​មាន​ថ្នាំ​ខុស​ច្បាប់​ហើយ​យើង​ក៏​មិន​ប្រើ​វា​ដែរ។—រ៉ូម ១៣:១

២៦​. (​ក​) ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ តើ​យើង​ត្រូវ​ធ្វើ​អ្វី? (​ខ​)​ បើ​យើង​រក្សា​ខ្លួន​ជា​មនុស្ស​ស្អាត​ស្អំ​ជា​និច្ច​តាម​ទស្សនៈ​របស់​ព្រះ ហេតុ​អ្វី​នេះ​នាំ​ឲ្យ​យើង​មាន​របៀប​រស់​នៅ​ដ៏​ល្អ​បំផុត?

២៦ ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ យើង​ត្រូវ​រក្សា​ខ្លួន​ឲ្យ​ស្អាត​ស្អំ​ក្នុង​គ្រប់​ការ​ទាំង​អស់ មិន​មែន​ក្នុង​រឿង​មួយ​ឬ​ពីរ​ប៉ុណ្ណោះ​ទេ។ ការ​លះ​ចោល​ជ្រះ​ស្រឡះ​និង​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​ការ​ប្រព្រឹត្ដ​និង​ទម្លាប់​ដែល​នាំ​ឲ្យ​ស្មោកគ្រោក ប្រហែលជា​មិន​ស្រួល​ទេ ប៉ុន្ដែ​យើង​អាច​ធ្វើ​បាន។ * តាម​ពិត គ្មាន​របៀប​រស់​នៅ​ណា​ដែល​ល្អ​ជាង​នេះ​ទេ ពីព្រោះ​ព្រះ​យេហូវ៉ា​តែង​តែ​បង្រៀន​យើង​ឲ្យ​ទទួល​ប្រយោជន៍។ (សូម​អាន អេសាយ ៤៨:១៧) សំខាន់​បំផុត ដោយ​រក្សា​ខ្លួន​ឲ្យ​ស្អាត​ស្អំ យើង​អាច​មាន​ចិត្ដ​រីករាយ​ដោយ​ដឹង​ថា យើង​កំពុង​ធ្វើ​ឲ្យ​ព្រះ​ជា​ទី​ស្រឡាញ់​របស់​យើង​ទទួល​ការ​សរសើរ ហើយ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​លោក​ស្រឡាញ់។

^ វគ្គ 2 ជួនកាល​ពាក្យ​ភាសា​ដើម​ដែល​ត្រូវ​បក​ប្រែ​ថា​«បរិសុទ្ធ»​ឬ​«ស្អាត​ស្អំ»​សំដៅ​ទៅ​លើ​អនាម័យ។ ក៏ប៉ុន្ដែ​ភាគ​ច្រើន ពាក្យ​ទាំង​នោះ សំដៅ​ទៅ​លើ​ភាព​ស្អាត​បរិសុទ្ធ​ខាង​សីលធម៌​និង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ដែរ។

^ វគ្គ 26 សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​ តើ​ខ្ញុំ​ខំ​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ឬ​ទេ?​»​ ហើយ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ព្រះ​អាច​សម្រេច​គ្រប់​ការ​ទាំង​អស់​បាន​»។

^ វគ្គ 67 ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។